ចិន បាន​បាញ់​បង្ហោះ​ផ្កាយរណប ខណៈដែលការបោះឆ្នោតនៅ កោះតៃវ៉ាន់ កាន់តែខិតជិតមកដល់

ប្រទេសចិនបានបាញ់គ្រាប់រ៉ុក្កែតនៅក្បែរកោះតៃវ៉ាន់ដើម្បីជាការប្រមាន ខណៈដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅកោះមួយនេះនឹងប្រព្រឹត្តិទៅនៅសៅរ៍ នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រកាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៤។

កាលពីថ្ងៃអង្គារ រដ្ឋាភិបាលរបស់កោះតៃវ៉ាន់បានជូនដំណឹងដល់ប្រជាពលរដ្ឋរបស់ខ្លួន អំពីការវាយឆ្មក់តាមអាកាសរបស់ទីក្រុងប៉េងកាំង គឺបន្ទាប់ពីគ្រាប់រ៉ុក្កែតរបស់ចិនដែលផ្ទុកនូវផ្កាយរណបវិទ្យាសាស្ត្របានបាញ់បង្ហោះទៅលើភាគខាងត្បូងនៃកោះតៃវ៉ាន់ក្នុងរយៈកម្ពស់ជាង 500 គីឡូម៉ែត្រ ។

          គួរបញ្ជាក់ថា ការបាញ់គ្រាប់រ៉ុក្កែតរបស់ចិន កាលពីយប់ថ្ងៃអង្គារ វាត្រូវបានរដ្ឋាភិបាលរបស់កោះតៃវ៉ាន់បានចាត់ទុក្ខថា ជាគឺជាការវាយឆ្មក់តាមផ្លូវអាកាសមកលើអធិតេយ្យភាពរបស់តៃវ៉ាន់ រដ្ឋាភិបាលក្នុងទីក្រុងតៃប៉ិបាននិយាយទៀតថា ចេតនារបស់ទីក្រុងប៉េកាំងមកលើទឹកដីខ្លួនម្តងហើយម្តងទៀតបែបនេះ វាមានន័យថា ចិនបានព្យាយាមជ្រៀតជ្រែកក្នុងការបោះឆ្នោតខ្លួន។ ចិនបានប្រើគ្រប់មធ្យោបាយទាំងអស់ មិនថាតាមរយៈយោធា នយោបាយ សេដ្ឋកិច្ច ឬវិធីសាស្ត្រីណាក៏ដោយ គឺចិនតែងតែប្រើ “ល្បិចកខ្វក់” ដើម្បីគម្រាងកំហែងមកលើកោះមួយនេះ។ 

យ៉ាងណាមិញ បើយោងតាមរយៈការិយាល័យកិច្ចការតៃវ៉ាន់របស់ចិនបាននិយាយនៅក្នុងការឆ្លើយតបជាលាយលក្ខណ៍អក្សរទៅកាន់ Reuters កាលពីថ្ងៃពុធថា ការបាញ់បង្ហោះផ្កាយរណបរបស់ខ្លួននាពេលនោះ វាគ្រាន់តែជាការរៀបចំជាប្រចាំឆ្នាំតែប៉ុណ្ណោះ ហើយយើងក៏មិនមានបំណងអ្វីផ្សេងដើម្បីទៅពាក់ព័ន្ធជាមួយនឹងការបោះឆ្នោតរបស់កោះតៃវ៉ាន់នោះឡើយ។

បើយោងតាមរយៈអ្នកនាំពាក្យរបស់ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បានបញ្ជាក់ទៀតថា ប្រទេស​ចិន​បាន​បាញ់​បង្ហោះ​ផ្កាយរណបបែបនេះចំនួន​ពីរ​ថ្ងៃ​ជាប់​គ្នា ចាប់តាំង​នៅ​ដើមខែ​ធ្នូមកម្ល៉េះ គឺពួកគេបានបាញ់ចេញ​ពី​ទីតាំង​មួយដែលស្ថិតនៅក្បែរប្រទេស​ម៉ុងហ្គោលី​។ ហើយចំពោះយន្តហោះ​ចម្បាំង​ពីរគ្រឿងផ្សេងទៀត គឺ​មិន​បាន​ហោះហើរ​លើ​កោះ​តៃវ៉ាន់ដែល​​បង្ករជា​ការ​ប្រកាស​អាសន្នណាមួយនោះ​ទេ។

បើទោះបីជាមានការអះអាងយ៉ាងនេះក្តី តែខាងរដ្ឋមន្ត្រីការបរទេសរបស់កោះតៃវ៉ាន់នៅតែនិយាយទៅកាន់អ្នកសារព័ត៌មានបរទេសតាមរយៈទូរស័ព្ទថា  រាល់សកម្មភាពរបស់ចិនដែលបានធ្វើកន្លងមក វាបានបង្ហាញឲ្យយើងដឹងថា ចិនគឺមានបំណងជ្រៀតជ្រែកមកលើកិច្ចការរបស់រដ្ឋាភិបាលកោះតៃវ៉ាន់។

តែទន្ទឹមនឹងនោះខាងក្រសួងការពារជាតិរបស់តៃវ៉ាន់បាននិយាយរៀបរាប់ទៀតថា ប្រទេសចិនតែងតែបាញ់បង្ហោះផ្កាយរណបនៅក្បែរដែនអាកាសរបស់ខ្លួនជានិច្ច បើទោះបីមិនមែនពីលើកោះតៃវ៉ាន់កោះតៃវ៉ាន់ក៏ពិតមែន តែទង្វេលនេះវាហាក់ដូចជាមានចេតនាយ៉ាងច្បាស់ថា ពួកគេចង់គម្រាមកំហែងដល់ប្រជាជនរបស់កោះតៃវ៉ាន់។

ខាងក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយបានបង្ហាញទៀតថា រាល់កម្ទេចកម្ទីគ្រាប់រ៉ុក្កែតវាបានធ្លាក់ទៅលើទឹកដីប្រទេសចិនក៏ដោយ តែបើយើងពិនិត្យមើលគ្រាប់រ៉ុក្កែតដែលពួកគេបានបាញ់នោះ វាហាក់ដូចជាដើរលើផ្លូវមួយដែល “មិនប្រក្រតី”។ យ៉ាងណាមិញចំពោះស្ថានភាពរវាងទីក្រុងប៉េកាំង និងក្រុងតៃប៉ិនៅពេលនេះ វាបានធ្វើឲ្យអ្នកវិភាគនយោបាយជាច្រើនបានយល់ថា បើទោះជាចិនប្រកាសថាខ្លួនមិនមានបំណងដណ្តើមយកទឹកដីតៃវ៉ាន់ក៏ពិតមែន តែច្រកឆ្លងកាត់សមុទ្ររវាងចិន និងតៃវ៉ាន់ វាគង់តែកើតចេញជាជម្លោះដោយចៃដន្យនៅថ្ងៃណាមួយជាមិនខាន។

ការតាំងពិព័ណ៌គ្រឿងអេឡិចត្រូនិច (CES) នៅឆ្នាំ 2024 នឹងប្រព្រឹត្តិនៅក្នុងទីក្រុង Las Vegas

CES គឺមកពីពាក្យពេញថា Consumer Electronics Show វាគឺជាការតាំងពិព័ណ៌នៅគ្រឿងអេឡិចត្រូនិចដែលធំជាងគេនៅក្នុងពិភពលោក។  ដំបូងឡើយ CES វា​ត្រូវ​បានគេ​ប្រារព្ធ​ធ្វើ​នៅ​ខែ​មិថុនា ឆ្នាំ 1967 គឺនៅក្នុង​ទីក្រុង​ញូវយ៉ក ។

ជាធម្មតាការពិព័រណ៍ CES វាត្រូវបានគេធ្វើឡើងពីរដងក្នុងមួយឆ្នាំគឺ ទីមួយនៅក្នុង ទីក្រុងឡាសវេហ្គាស ដែលមហាលជនទូទៅតែងហៅវាថា ជាការពិព័រណ៍គ្រឿងអេឡិចត្រូនិកនារដូវរងា (WCES) ហើយការតាំងពិព័ណ៌លើកទី២ គឺប្រព្រឹត្តិទៅនៅក្នុងខែមិថុនា គឺក្នុង ទីក្រុងឈីកាហ្គោ ដែលមនុស្សគ្រប់គ្នាតែងហៅវា ថាជាការតាមងពិព័រណ៍គ្រឿងអេឡិចត្រូនិកក្នុងរដូវក្តៅ (SCES)។

ចំពោះការតាំងពិព័រណ៍គ្រឿងអេឡិចត្រូនិក(CES) ក្នុងឆ្នាំ 2024 នឹងចាប់ផ្តើមនៅក្នុងទីក្រុង Las Vegas នៃ សហរដ្ឋអាមេរិកនៅថ្ងៃអង្គារទី ០៩ រហូតដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៤។

យ៉ាងណាមិញនៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំលើកនេះ វាបានទាក់ទាញអ្នកចូលរួមជាង 130,000 និងអ្នកតាំងពិព័រណ៍ជាង 4,000 ក្រុមហ៊ុន ដែលមកពីជាង 150 ប្រទេស នេះបើយោងតាមសមាគមបច្ចេកវិទ្យាអ្នកប្រើប្រាស់ (CTA) ដែលជាអ្នករៀបចំ CES ។

ចំពោះចំនួនអ្នកចូលរួមគឺត្រូវបានខាងសមាគមន៍(CTA) និយាយថា វាបានកើនឡើងប្រហែល 115,000 បើធៀបនឹងឆ្នាំមុន និង 45,000 នាក់ បើធៀបនឹងឆ្នាំ 2022  ។

(CTA) ដដែលបាននិយាយទៀតថា រាល់អ្នកចូលរួមត្រូវបានគេរំពឹងថា ពួកគេទាំងនោះនឹងទទួលបានបទពិសោធន៍បច្ចេកវិទ្យាថ្មីៗពីម៉ាកល្បីៗទូទាំងពិភពលោក ដោយជាការស្តាប់អំពីអនាគតនៃបច្ចេកវិទ្យា ដែលជាជំនួយដល់ការគិតរបស់អ្នកឲ្យកាន់តែយល់ច្បាស់ពីថ្ងៃខាងមុខនៃបច្ចេកវិទ្យាជាដើម។

 នៅក្នុងប្រធានបទកំពូលនៃកម្មវិធីដែលបានរៀបចំឡើងដោយ (CTA) នៅឆ្នាំនេះរួមមាន ភាពវៃឆ្លាតសិប្បនិម្មិត ការចល័ត និរន្តរភាព និងការច្នៃប្រឌិត គឺដើម្បីដោះស្រាយបញ្ហាប្រឈមធំៗមួយចំនួនរបស់ពិភពលោក នេះបើយោងតាមការរៀបរាប់ពីក្រុមអ្នកជំនាញ ​​CTA ។

ប្រជាជនឥណ្ឌា បានធ្វើពហិការលើវិស័យទេសចរណ៍នៅកោះ ម៉ាល់ឌីវ

ភ្ញៀវទេសចរជនជាតិឥណ្ឌាបានធ្វើដំណើរទៅកាន់ម៉ាល់ឌីវ ច្រើនជាង 209,000 ទៅទៀតកាលពីក្នុងឆ្នាំ 2023 ដែលស្មើនឹង 11% ហើយក៏ជាតួរលេខមួយដែលដូចគ្នាទៅនឹង ភ្ញៀវទេសចរណ៍ជនជាតិរុស្សីដែរ។ ទន្ទឹមនឹងនោះ ចំនែកឯភ្ញៀវដែលមកពីប្រទេសចិនវិញ គឺនូវមិនឆ្ងាយពីតួរលេខខាងលើនេះប៉ុន្មានទេ ដោយក្នុងនោះចំនួនអ្នកមកទស្សនាកោះម៉ាល់ឌីវគឺមានចំនួន 187,118 ឬស្មើរនឹង 10% នៃចំនួនសរុប នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៤។

យ៉ាងណាមិញជុំវិញការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់របស់ប្រទេសឥណ្ឌា បានសម្តែងការខឹងសម្បារចំពោះប្រជាជនរបស់ខ្លួនជាខ្លាំង ដោយការឈប់សម្រាកនៃជនជាតិឥណ្ឌាមួយចំនួន បានបង្ហោះរូបថតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញថាពួកគេបានទៅលេងនៅកោះម៉ាឌីវនោះ។

តើមានមូលហេតុអ្វីខ្លះដែលធ្វើឲ្យប្រទេសឥណ្ឌា លើកឡើងពីការប្រកាន់ពូជសាសន៍ ទៅលើប្រទេសម៉ាល់ឌីវ?

បើយោងទៅតាមគេហទំព័រទេសចរណ៍ក្នុងស្រុកនៃប្រទេសឥណ្ឌា EaseMyTrip បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានផ្អាកការកក់ជើងហោះហើរទៅកាន់ម៉ាល់ឌីវថែមទៀតផង។

បើយើងនិយាយពីសាច់រឿងខ្លះៗដែលទាក់ទងនឹងភាពល្អក់កររវាង ម៉ាឌីវ និងឥណ្ឌានោះ គឺបានកើតឡើងនៅពេលដែល ប្រធានាធិបតីម៉ាល់ឌីវ លោក Mohamed Muizzu ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃទៅកាន់ប្រទេសចិន បន្ទាប់ពីការឈ្នះឆ្នោតកាលពីខែតុលាឆ្នាំមុន។

លោក Muizzu ត្រូវបានគេស្គាល់ថា គឺជាមេដឹកនាំមួយរូបដែលប្រកាន់ជំហរគាំទ្រប្រទេសចិន ហើយក៏បានសន្យានឹងចិនថា ខ្លួននឹងបញ្ចប់គោលនយោបាយជាមួយនឹងប្រទេស “ឥណ្ឌាដំបូងគេ” នៅពេលដែលលោកបានចូលកាន់តំណែង។ ការឆ្លើយតបរបស់នាយករដ្ឋមន្ត្រីម៉ាឌីវ បានបញ្ជាក់យ៉ាងច្បាស់ណាស់ថា លោកគឺជាអ្នកដែលគាំទ្រទីក្រុងប៉េងកាំង ខណៈដែលទំនាក់ទំនងរវាងចិន និងឥណ្ឌាកំពុងតែមានភាពល្អក់ករនោះ។

នៅពេលដែល លោក Muizzu នឹងមានបំណងចង់រឹតចំណងមិត្តភាពជាមួយទីក្រុងប៉េកាំង តែប្រទេសមួយនេះក៏មានប្រជុំកោះតូចមួយចំនួនគឺស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌាផងដែរ។ រាល់ប្រជុំកោះទាំងនោះគេបានសង្កេតឃើញថា មានផ្ទះរបស់មនុស្សប្រហែលកន្លះលាននាក់ មិនអាចមានលទ្ធភាពផ្តាច់ខ្លួនចេញពីឥណ្ឌានៅឡើយ។

ម៉ាល់ឌីវគឺជាប្រទេសមួយដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ ហើយប្រាក់ចំណូលមួយចំណែកធំនៃវិស័យទេសចរណ៍គឺបានមកពីប្រទេសឥណ្ឌា។ គួរបញ្ជាក់ថា កាលពីឆ្នាំមុនភ្ញៀវទេសចរណ៍ជនជាតិឥណ្ឌាគឺមានចំនួនច្រើនជាងគេលើពិភពលោក ដែលបានមកទស្សនាឆ្នេរត្រូពិចរបស់ខ្លួន នេះបើយោងតាមគេហទំព័រទេសចរណ៍របស់ម៉ាល់ឌីវ។

មានប្រភពមួយបានប្រាប់ CNN កាលពីថ្ងៃចន្ទថា គណៈកម្មាការជាន់ខ្ពស់ឥណ្ឌានៅម៉ាល់ឌីវ “បាន សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង” ទៅកាន់ការិយាល័យការបរទេសម៉ាល់ឌីវ។

បើយោងតាមរយៈលោក Michael Kugelman នាយកវិទ្យាស្ថានអាស៊ីខាងត្បូង នៅមជ្ឈមណ្ឌល Wilson ក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថា សកម្មភាពរហ័សរបស់រដ្ឋាភិបាលម៉ាល់ឌីវ គឺបានបង្ហាញថា មេដឹកនាំថ្មីរូបនេះ គឺមិនបានមើលឃើញពីតម្លៃនៃទំនាក់ទំនងជាមួយនឹងឥណ្ឌានោះឡើយ។

លោកបានមានប្រសាសន៍ថា “នៅក្នុងជម្លោះដែលកំពុងតែកើតឡើងនៅរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានបង្ហាញឲ្យយើងដឹងថា ការប្រកួតប្រជែងមួយចំនួននៅថ្ងៃខាងមុខ គឺវាមានជាប់ពាក់ព័ន្ធច្រើនទៅនឹង ប្រទេសឥណ្ឌា និងចិន។

 ប៉ុន្តែនៅចុងបញ្ចប់ ថ្នាក់ដឹកនាំថ្មីនៅក្នុងប្រទេសម៉ាល់ឌីវ ក៏សោកស្តាយ ព្រោះខ្លួនមិនអាចគ្មានឥណ្ឌា” ។

លោកបាននិយាយទៀត  រដ្ឋាភិបាលរបស់​ម៉ាល់ឌីវ ​នឹងស្វែងរកការ​ទំនាក់ទំនងមួយផ្សេងទៀត ដើម្បីឲ្យមាន​តុល្យភាពមួយ ​ទាំង​ឥណ្ឌា និង​ចិន ជាមិនខាន»។

ភាគហ៊ុនរបស់ក្រុមហ៊ុន Boeing បានធ្លាក់ចុះ 9% បន្ទាប់ពីមានឧបទ្ទវហេតុពាក់ផ្លូវនៃជើងហោះហើរ Alaska

ក្រុមហ៊ុនផលិតយន្តហោះដ៏ធំបំផុតនៅក្នុងពិភពលោក ដែលមានឈ្មោះថា Boeing ហើយក៏ជាក្រុមហ៊ុនមួយដែលមានមហាលជនជាច្រើនបានទទួលស្គាល់ថា វាគឺជាក្រុមហ៊ុនដែលបានគិតគូរទៅលើសុវត្តិភាពជាចម្បង។

យ៉ាងណាមិញបើយោងតាមការចុះផ្សាយរបស់ guardian កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា ភាគហ៊ុននៅក្នុង ក្រុមហ៊ុន Boeing បានធ្លាក់ចុះ 9% នៅពេលបើកដំណើរការនៅឯ Wall Street ខណៈដែលក្រុមហ៊ុនផលិតផលិតយន្តមួយនេះ ត្រូវបានរង្គោះរង្គើដោយការដាច់បំណែកនៃតួរយន្តហោះ កាលពីថ្ងៃសុក្រ សប្តាហ៍មុន គឺនៅជើងហោះហើរលេខ ១២៨២ ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ដែលធំបំផុតនៅក្នុងសហរដ្ឋអាមេរិកគឺ Alaska Airlines ហើយក៏បានចុះចតជាបន្ទាន់នៅឯព្រលានយន្តហោះ Portland ក្នុងរដ្ឋ Oregon ។

ឌុយទ្វារវាគឺជាបន្ទះដែលបំពាក់សម្រាប់ជំនួសទ្វារនាពេលសង្គ្រោះបន្ទាន់ គឺធ្វើឡើងនៅក្នុងកំណែមួយចំនួនដែលបំពាក់ក្នុងយន្តហោះ 737 Max 9 ។ ហើយចំពោះឧប្បតិវហេតុដែលបានកើតឡើងលើយន្ត Boeing 737 MAX-9 វាក៏បានធ្វើឲ្យនិយតកររបស់អាមេរិកបានបញ្ជាឱ្យបញ្ឈប់ជាបណ្តោះអាសន្នរាល់រថយន្ត Max 9 ទាំងអស់ ហើយថែមទាំងត្រូវឲ្យគ្រប់ក្រុមហ៊ុនអាកាសចរណ៍ត្រូវតែ មានអ្នកជំនាញមកត្រួតពិនិត្យយន្តហោះមុនពេលធ្វើដំណើរថែមទៀតផង។

ហេតុដូច្នេះហើយចំពោះការធ្លាក់ចុះនៃភាគហ៊ុនរបស់ក្រុមហ៊ុន Boeing វាត្រូវបានគេមើលឃើញថា គឺដោយសារ​តែ​ឧប្បត្តិហេតុនាពេលថ្មីៗនេះ ហើយវាក៏បានធ្វើឲ្យមានមនុស្សជាច្រើនបាន​ស្តីបន្ទោស​ទៅ​លើ​អ្នក​ផ្គត់ផ្គង់ផងដែរ។ ហើយប្រសិនបើសុវត្ថិភាពនៃយន្តហោះរបស់ក្រុមហ៊ុន Boeing នៅតែស្ថិតក្នុងបញ្ហាទៀតនោះ ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Boeing អាចនិងមានបញ្ហាចំពោះមុខតំណែង។

scroll to top