យោងតាមការចុះផ្សាយពីសារព័ត៌មានរ៉យទ័រនៅថ្ងៃទី ១០ ខែសីហា បានឲ្យដឹងថា បើទោះបីជាអ៊ីរ៉ង់ និងអូម៉ង់ជិតឈានដល់កិច្ចព្រមព្រៀងកំណត់ផ្លូវដឹកជញ្ជូនថ្មីក៏ដោយ តែអ៊ីរ៉ង់បានបញ្ជាក់បន្ថែមថា ច្រកសមុទ្រនេះនឹងមិនត្រូវបើកឡើងវិញជាទូទៅឡើយ ដរាបណាសហរដ្ឋអាមេរិកមិនទាន់បំពេញតាមលក្ខខណ្ឌដែលខ្លួនចង់បាន។
តាមដានយើងតាមរយៈ Telegram CPN Daily
បច្ចុប្បន្នអ៊ីរ៉ង់កំពុងប្រើប្រាស់ការបិទខ្ទប់ច្រកសមុទ្រ Hormuz ហើយវាក៌ជាកលល្បិច និងជាឧបករណ៍មួយដាក់សម្ពាធផ្នែកនយោបាយ និងសេដ្ឋកិច្ចដើម្បីសម្រេចបានគោលដៅធំៗ៖
- ទាមទារសំណង និងលុបបំបាត់ទណ្ឌកម្ម៖ ទីក្រុងតេអេរ៉ង់ទាមទារឲ្យសហរដ្ឋអាមេរិកបង់ប្រាក់សំណងចំពោះការខូចខាតពីការវាយប្រហារតាមអាកាស ព្រមទាំងលុបចោលទណ្ឌកម្មសេដ្ឋកិច្ច និងរំដោះទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលត្រូវ បានបង្កក។
- បញ្ឈប់ការគំរាមកំហែងផ្នែកយោធា៖ ស្ថាប័នសន្តិសុខជាតិអ៊ីរ៉ង់ទាមទារឲ្យអាមេរិកបញ្ចប់ការបិទផ្លូវកងទ័ពជើងទឹកនៅឈូងសមុទ្រ និងបញ្ឈប់ការវាយប្រហារលើអ៊ីរ៉ង់ រួមទាំងសម្ព័ន្ធមិត្តរបស់ខ្លួននៅលីបង់ ប៉ាឡេស្ទីន យេម៉ែន និងអ៊ីរ៉ាក់ជាដើម។
- ក្តោបក្តាប់ការគ្រប់គ្រងផ្លូវទឹក៖ អ៊ីរ៉ង់ស្វែងរកការគ្រប់គ្រងលើចរាចរណ៍នាវាដែលឆ្លងកាត់ច្រកសមុទ្រនេះ ដោយបានវាយប្រហារលើនាវាទាំងឡាយណាដែលឆ្លងកាត់ដោយគ្មានការអនុញ្ញាត។
យ៉ាងណាមិញ ការបិទច្រកសមុទ្រ Hormuz ត្រូវបានក្រុមអ្នកវិភាគមើលឃើញថា វាជាផ្នែកមួយដែលនាំឲ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ៖
- វិបត្តិថាមពល និងការឡើងថ្លៃទំនិញ (អតិផរណា)៖ ច្រកសមុទ្រ Hormuz ជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នដ៏សំខាន់បំផុតមួយក្នុងលោក។ ការរាំងស្ទះនេះបណ្តាលឲ្យតម្លៃប្រេងឥន្ធនៈសកលហក់ឡើងខ្ពស់ ជំរុញឲ្យកើតមានអតិផរណា និងដំឡើងថ្លៃដើមនៃការរស់នៅរបស់ប្រជាជននៅគ្រប់ទ្វីប។
- ការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល៖ ការវាយប្រហារបន្ថែមពីសំណាក់ក្រុមហ៊ូធី (Houthi) នៅយេម៉ែនទៅលើនាវាពាណិជ្ជកម្មក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden បានធ្វើឲ្យផ្លូវពាណិជ្ជកម្មជុំវិញឧបទ្វីបអារ៉ាប់ត្រូវកកស្ទះ ដែលនាំឲ្យទំនិញប្រើប្រាស់ជាច្រើនត្រូវពន្យារពេល និងឡើងថ្លៃដឹកជញ្ជូន។
- ហានិភ័យនៃសង្គ្រាមរីករាលដាល៖ អស្ថិរភាពនេះបានបង្ខំឲ្យប្រទេសក្នុងតំបន់ដូចជា អារ៉ាប៊ីសាអូឌីត ចុះកតិកាសញ្ញាការពារជាតិជាមួយទួរគី និងប៉ាគីស្ថាន។ ការផ្លោងប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល (ដូចជារោងចក្រចម្រាញ់ប្រេង Aramco) និងតំបន់ស៊ីវិលក្នុងប្រទេសយេម៉ែន បង្កការគំរាមកំហែងផ្ទាល់ដល់ជីវិតប្រជាជនក្នុងតំបន់ និងបង្កើនហានិភ័យនៃអសន្តិសុខសកល។

ប្រភពដើម៖
reuters.com


