ទីក្រុងបាងកក៖ អាជ្ញាធរមូលដ្ឋានប្រទេសថៃបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៧ នាក់បានស្លាប់ និងជាង ១២ នាក់ផ្សេងទៀតបានរងរបួស ក្នុងករណីបាញ់ប្រហារដ៏រន្ធត់មួយ កាលពីព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីសិស្សសាលាម្នាក់បានបាញ់សម្លាប់ជីដូនជីតារបស់ខ្លួននៅឯផ្ទះ រួចបានបន្តទៅបើកការបាញ់ប្រហារនៅក្នុងវិទ្យាល័យមួយ ក្បែររាជធានីបាងកក។
ហេតុការណ៍នេះបានកើតឡើងនៅវិទ្យាល័យ Debsirin Nonthaburi ដែលស្ថិតនៅភាគពាយព្យនៃទីក្រុងបាងកក ហើយបានបញ្ចប់ទៅវិញនៅពេលដែលខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯង។ លោក Polapee Suwunchwee អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានបញ្ជាក់តាមកញ្ចក់ទូរទស្សន៍ថា អ្នកស្លាប់នៅក្នុងបរិវេណសាលាមានចំនួន ៦ នាក់ រួមមានគ្រូបង្រៀន ៥ នាក់ និងខ្លួនខ្មាន់កាំភ្លើងផ្ទាល់ ខណៈដែលជីដូនជីតារបស់គេត្រូវបានបាញ់សម្លាប់នៅឯផ្ទះមុនពេលកើតហេតុ។
វីដេអូដែលត្រូវបានបង្ហោះលើបណ្តាញសង្គមបានបង្ហាញឱ្យឃើញសិស្សសាលាជាច្រើននាក់កំពុងក្រាបពួនក្រោមក្តារខៀន និងតុក្នុងថ្នាក់រៀន ខណៈពេលដែលមានសំឡេងកាំភ្លើងផ្ទុះឡើងយ៉ាងហោចណាស់ ៨ គ្រាប់ក្នុងរយៈពេលត្រឹមតែមួយនាទី។ របាយការណ៍ខ្លះបានឱ្យដឹងថា ខ្មាន់កាំភ្លើងរូបនេះបានបាញ់ប្រហារអស់ប្រមាណ ២៦ គ្រាប់ ដោយប្រើប្រាស់កាំភ្លើងខ្លីស្របច្បាប់របស់ជីតារបស់គេ ដែលជាអតីតគ្រូបង្រៀនរដ្ឋ។
ប្រទេសថៃគឺជាប្រទេសមួយដែលមានអត្រាប្រជាជនកាន់កាប់អាវុធស៊ីវិលខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ករណីបាញ់ប្រហារដ៏រន្ធត់ចុងក្រោយនេះ បានធ្វើឱ្យមានការទាមទារកាន់តែខ្លាំងឡើងពីសាធារណជន ឱ្យមានការរឹតបន្តឹងច្បាប់គ្រប់គ្រងអាវុធកាំភ្លើងនៅក្នុងប្រទេស បន្ទាប់ពីធ្លាប់មានករណីបាញ់ប្រហារជាបន្តបន្ទាប់នាពេលកន្លងមក ដូចជាករណីអតីតប៉ូលីសបាញ់ប្រហារនៅមណ្ឌលកុមារតូចក្នុងឆ្នាំ ២០២២, ករណីក្មេងវ័យ ១៤ ឆ្នាំបាញ់ប្រហារនៅផ្សារទំនើបក្នុងឆ្នាំ ២០២៣ និងករណីបាញ់ប្រហារនៅទីផ្សារក្នុងទីក្រុងបាងកកកាលពីឆ្នាំមុន។



