ជើងហោះហើរប្រហែល ៥០០ ជើងត្រូវបានផ្អាក និងលុបចោល ខណៈព្យុះទីហ្វុងដូហ្វីនខិតជិតមកដល់

មនុស្សរាប់សែននាក់នៅភាគនិរតីនៃប្រទេសជប៉ុនត្រូវបានអាជ្ញាធរជំរុញ និងបញ្ជាឱ្យជម្លៀសខ្លួនជាបន្ទាន់ ហើយជើងហោះហើរជាង ៥០០ ត្រូវបានលុបចោលកាលពីថ្ងៃសុក្រ ខណៈដែលព្យុះទីហ្វុង Dolphin (ដូហ្វ៊ីន) កំពុងរំកិលខ្លួនយ៉ាងយឺតៗចូលមកជិតតំបន់នេះ ដោយនាំមកជាមួយនូវខ្យល់បក់បោកយ៉ាងខ្លាំង មេឃភ្លៀងធ្លាក់រហូតដល់កម្រិតធ្ងន់ធ្ងរ និងរលកសមុទ្រធំៗ។

តាមដានយើងតាមរយៈ Telegram CPN Daily

នាយកដ្ឋានឧតុនិយមជប៉ុន (JMA) បានឱ្យដឹងថា ព្យុះទីហ្វុងកម្រិតទី ១ នេះ មានល្បឿនខ្យល់បក់អតិបរមា ១៤៤ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានខ្យល់កន្ត្រាក់ខ្លាំងរហូតដល់ ១៩៨ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបាន និងកំពុងខិតជិតប្រជុំកោះចន្លោះតំបន់ Kyushu និងខេត្ត Okinawa។ អាជ្ញាធរបានចេញបញ្ជាឱ្យជម្លៀសប្រជាជនជិត ២៦០,០០០ នាក់នៅក្នុងខេត្ត Kagoshima និងខេត្ត Okinawa។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនផលិតរថយន្ត Toyota បានសម្រេចផ្អាកសង្វាក់ផលិតកម្មនៅរោងចក្រចំនួន ៩ ក្នុងប្រទេសជប៉ុន ដោយសារការព្រួយបារម្ភពីការរំខានដល់ការដឹកជញ្ជូនរថយន្តតាមផ្លូវសមុទ្រ។

អាជ្ញាធរបានព្រមានថា ព្យុះទីហ្វុង Dolphin ត្រូវបានរំពឹងថានឹងរក្សាកម្លាំងដដែលនៅពេលវារំកិលចូលជិតខេត្ត Okinawa ដែលបង្កឱ្យមានហានិភ័យនៃខ្យល់បក់ខ្លាំង អាចបំផ្លាញ ឬរលំផ្ទះសម្បែង និងសំណង់ផ្សេងៗ។ នាយកដ្ឋានឧតុនិយមក៏បានបន្ថែមថា បាតុភូត “ខ្សែបន្ទាត់ភ្លៀង” (Linear rain band) ឬតំបន់ចង្អៀតនៃភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះ អាចនឹងកើតមានឡើង ដែលអាចបង្កឱ្យមានគ្រោះទឹកជំនន់ភ្លាមៗផងដែរ។

លើសពីនេះ ព្យុះដ៏ធំមួយនេះបានគ្របដណ្តប់ភាគច្រើននៃកោះ Kyushu ដែលជាកោះធំនៅភាគខាងត្បូង រួមទាំងខេត្ត Kumamoto ផងដែរ។ តំបន់ Kumamoto នេះទើបតែរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រ កាលពីសប្តាហ៍មុន ដោយបច្ចុប្បន្នមានប្រជាពលរដ្ឋប្រមាណ ៦,៧០០ នាក់កំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀសខ្លួន បន្ទាប់ពីផ្ទះសម្បែងជាច្រើនបានបាក់រលំ។ ក្រៅពីគំរាមកំហែងនៃព្យុះ ភ្នាក់ងារឧតុនិយមក៏បានព្រមានអំពីហានិភ័យនៃជំងឺស៊កកំដៅ (Heatstroke) ដោយសារសីតុណ្ហភាពអាចកើនឡើងរហូតដល់ ៣៦ អង្សាសេនៅតំបន់មួយចំនួន។

scroll to top