តុលាការអាមេរិកបង្គាប់ឱ្យក្រុមហ៊ុន Meta បង់ប្រាក់ ៥៦៧ លានដុល្លារ ជុំវិញការធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តវ័យជំទង់

សានតា ហ្វេ (Santa Fe)៖ តុលាការរដ្ឋ New Mexico សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានបង្គាប់ឱ្យក្រុមហ៊ុន Meta បង់ប្រាក់ចំនួន ៥៦៧ លានដុល្លារអាមេរិក ចូលទៅក្នុងមូលនិធិសុខភាពផ្លូវចិត្តវ័យជំទង់ និងត្រូវផ្លាស់ប្តូររបៀបដំណើរការបណ្តាញសង្គមរបស់ខ្លួនសម្រាប់អ្នកប្រើប្រាស់វ័យក្មេង បន្ទាប់ពីតុលាការរកឃើញថា ក្រុមហ៊ុនមួយនេះមានកំហុសក្នុងការធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពរបស់កុមារ។

តាមដានយើងតាមរយៈ Telegram CPN Daily

ចៅក្រម Bryan Biedscheid នៅទីក្រុង Santa Fe បានសម្រេចថា ក្រុមហ៊ុន Meta បានបង្កើតផលប៉ះពាល់ជាសាធារណៈនៅក្នុងរដ្ឋ New Mexico ដោយបានយល់ស្របតាមការចោទប្រកាន់របស់អគ្គរដ្ឋអាជ្ញារដ្ឋ លោក Raúl Torrez។ លោក Torrez បានចោទប្រកាន់ក្រុមហ៊ុនបណ្តាញសង្គមយក្សមួយនេះថា បានរចនាផលិតផលដែលធ្វើឱ្យអ្នកប្រើប្រាស់វ័យក្មេង “ញៀន” និងបានបរាជ័យក្នុងការការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទនៅលើផ្លែតហ្វម (Platform) របស់ខ្លួន។

ក្រោមសេចក្តីសម្រេចដែលមានរយៈពេល ៥ ឆ្នាំ ចៅក្រមបានបង្គាប់ឱ្យ Meta អនុវត្តវិធានការសុវត្ថិភាពសម្រាប់យុវជនជាច្រើន រួមមាន៖

  • កំណត់កម្រិតនៃការប្រើប្រាស់ Facebook និង Instagram របស់វ័យជំទង់ប្រចាំខែ
  • រឹតបន្តឹងការជូនដំណឹង (Notifications)
  • គ្រប់គ្រងយ៉ាងម៉ឺងម៉ាត់លើការទំនាក់ទំនងរវាងមនុស្សពេញវ័យ និងអនីតិជន
  • ការពារលើប្រព័ន្ធ AI Chatbots ដើម្បីបង្ការកុំឱ្យកុមារសន្ទនាក្នុងរូបភាពស្នេហា ឬផ្លូវភេទជាមួយ AI
  • បង្កើនការពិនិត្យមើលរបាយការណ៍ស្តីពីការរំលោភបំពានផ្លូវភេទលើកុមារ

សេចក្តីសម្រេចនេះកើតឡើង ៥ ខែ បន្ទាប់ពីគណៈវិនិច្ឆ័យក្នុងរដ្ឋ New Mexico បានបង្គាប់ឱ្យ Meta បង់ប្រាក់ចំនួន ៣៧៥ លានដុល្លាររួចមកហើយ ក្នុងករណីរំលោភច្បាប់ការពារអ្នកប្រើប្រាស់។ បច្ចុប្បន្ន រដ្ឋជាង ៤០ និងមណ្ឌលសិក្សាជាង ១.៣០០ នៅក្នុងសហរដ្ឋអាមេរិក ក៏បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនបណ្តាញសង្គម ដើម្បីទាមទារសំណង និងទាមទារឱ្យមានការផ្លាស់ប្តូរផលិតផល ព្រមទាំងប្រតិបត្តិការដូចគ្នាផងដែរ។

លោក Raúl Torrez អគ្គរដ្ឋអាជ្ញារដ្ឋ New Mexico បានថ្លែងថា Meta បានជ្រើសរើសយកប្រាក់ចំណេញជាជាងសុវត្ថិភាពកុមារ ហើយសេចក្តីសម្រេចនេះគឺជា “ផែនទីចង្អុលផ្លូវ” សម្រាប់រដ្ឋ និងប្រទេសផ្សេងទៀតដែលកំពុងប្រឈមមុខនឹងវិបត្តិដូចគ្នា។

ដោយឡែក ក្រុមហ៊ុន Meta បានបញ្ជាក់ថានឹងប្តឹងតវ៉ាទាស់ទៅនឹងសេចក្តីសម្រេចនេះ ដោយអះអាងថាខ្លួនតែងតែខិតខំលុបបំបាត់មាតិកាគ្រោះថ្នាក់ និងការពារសុវត្ថិភាពវ័យជំទង់នៅលើអ៊ីនធឺណិតជានិច្ច។

scroll to top