ចិន​ខាងជើង បាន​គ្រប់គ្រង​ការធ្វើដំណើរ​តាម​រថភ្លើងរវាង​ចិន​-​អឺរ៉ុប​ ជាសរុបនៅចំនួន​៣.២៩៤​គ្រឿង ​ក្នុង​ឆ្នាំ​២០២៣

ស្ថានីយ Erenhot ដែលស្ថិតនៅក្នុងតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុងនៃប្រទេសចិនភាគខាងជើង បានគ្រប់គ្រងការធ្វើដំណើរតាមរយៈរថភ្លើងល្បឿនពីចិន – អឺរ៉ុប បានរហូតដល់ទៅ 3,294 គ្រឿង កាលពីក្នុងឆ្នាំ 2023។ គួរបញ្ជាក់ថា តួរលេខនេះវាជាចំនួនដែលបានកើនឡើងប្រហែល 30.8 ភាគរយ បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើយោងតាមអភិបាលតំបន់ដែលគ្រប់គ្រងលើច្រកព្រំដែនច្រកចេញចូល បាននិយាយប្រាប់សារព័ត៌មានស៊ិនហួរ កាលពីថ្ងៃសៅរ៍ ទី ០៦ ខែមករា ឆ្នាំ២០២៤។

ការនាំចូល និងនាំចេញទំនិញដែលឆ្លងកាត់ការគ្រប់គ្រងដោយស្ថានីយមួយនេះ គឺមានចំនួនសរុប 4.08 លានតោន ហើយវាក៏ជាការកើនឡើងប្រមាណ 34.5 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅត្រង់ច្រកចេញចូលមួយនេះ។ ការឆ្លងកាត់ស្ថានីយភាគខាងជើងនៃប្រទេស វាបានជំរុញឲ្យចិនកាន់តែមានឥទ្ធិពលលើការគ្រប់គ្រងទំនិញច្រើនជាង 375,000 ប្រភេទ ហើយវាក៏ជាតួរលេខនៃការរីកចម្រើនក្នុងការទទួលបានចំនូលពីការដឹកទំនិញឆ្លងកាត់  ដែលស្មើរនឹង 39.4 ភាគរយ នៃស្ថានីយសរុប។

ស្ថានីយ Erenhot គឺជាស្ថានីយដ៏ធំបំផុតរវាងប្រទេសចិន និងម៉ុងហ្គោលី ហើយវាក៏ជាស្ថានីយតែមួយគត់សម្រាប់ច្រកចូល និងចេញនៅលើច្រករបៀងកណ្តាលនៃសេវារថភ្លើងដឹកទំនិញចិន-អឺរ៉ុបផងដែរ។

យ៉ាងណាមិញរាល់ទំនិញដែលដឹកជញ្ជូនដោយរថភ្លើងដឹកទំនិញចិន-អឺរ៉ុបឆ្លងកាត់ស្ថានីយ Erenhot រួមមានស្បែកជើង និងសំលៀកបំពាក់ ផលិតផលគ្រឿងម៉ាស៊ីន និងអគ្គិសនី យានយន្ត និងគ្រឿងបន្លាស់រថយន្ត ហើយក្នុងចំណោមទំនិញប្រហែល 1,000 ប្រភេទ វាសុទ្ធសឹងតែជាទំនិញត្រូវឆ្លងកាត់តំបន់នេះញឹកញាប់ជាងគេ។ 

តើយន្តហោះ Boeing ពិជាមានសុវត្ថិភាពមែនទេ? 

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) កាលពីថ្ងៃសៅរ៍ បានបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍នៅក្នុងសហរដ្ឋអាមេរិកទាំងអស់ឲ្យចុះចតនៅយន្តហោះ Boeing 737 Max 9 ប្រមាណជាង 170 គ្រឿង ដើម្បីត្រួតពិនិត្យឡើងវិញទាំងអស់ គឺបន្ទាប់ពីជើងហោះហើររបស់ Alaska Airlines បានរាយការណ៍ថា យន្តហោះប្រភេទនេះគឺមានផ្នែកនៃតួយន្តហោះបានដាច់ក្នុងកំឡុងពេលហោះហើរបានពាក់កណ្តាលផ្លូវ នេះបើយោងតាមការចុះផ្សាយរបស់newsweek កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា Alaska Airlines បានផ្អាកដំណើរការនូវ យន្តហោះ Boeing 737 MAX-9 ទាំងអស់របស់ខ្លួន បន្ទាប់ពីផ្នែកនៃតួយន្តហោះបានបំបែកចេញភ្លាមៗនៅពេលហោះហើរ។ Alaska Airlines នៅក្នុងជើងហោះហើរលេខ 1282 ឆ្ពោះទៅកាន់ទីក្រុង Ontario ប្រទេសកាណាដា បានចុះចតជាបន្ទាន់ដោយជោគជ័យនៅអាកាសយានដ្ឋានអន្តរជាតិ Portland ក្នុងរដ្ឋ Oregon ។

មានរូបភាព និងវីដេអូជាច្រើនដែលបានបង្ហោះតាមអ៊ីនធឺណិត បានបង្ហាញពីផ្នែកចតុកោណនៃយន្តហោះដែលបែកចេញ យ៉ាងណាមិញបើទោះបីជារូបភាពទាំងនោះបានបង្ហាញផ្ទៃមេឃនៅពេលយប់ក៏ដោយ តែសម្ភារៈអ៊ីសូឡង់ដែលស្ថិតនៅជុំវិញតំបន់ដែលញែកចេញនោះវាបានរងការខូចខាតគួរឲ្យកត់សម្គាល់។ ក្នុងរូបភាពនោះគេសង្កេតឃើញថា មានអ្នកធ្វើដំណើរមួយចំនួនបានអង្គុយជិតកន្លែងដែលឧបទ្ទវហេតុបានកើតឡើងផងដែរ នេះ​បើ​តាម​មន្ត្រី​សុវត្ថិភាព​សហព័ន្ធបានរាយការណ៍។

បន្ទាប់ពីឧបទ្ទវហេតុនេះបានកើតឡើង ខាង FAA បាន ទាក់ទងទៅក្រុមហ៊ុនផលិតយន្តហោះភ្លាមៗ។

ដោយក្នុងនោះ FAA ក៏បញ្ជាឱ្យគ្រប់អាកាសចរណ៍ទាំងអស់ដែលប្រើយន្តហោះមួយប្រភេទនេះឲ្យចុះចតជាបណ្តោះអាសន្នថែមទៀតផង។ យន្តហោះ Boeing 737 Max 9 ភាគច្រើនគឺតែងតែដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍របស់សហរដ្ឋអាមេរិក ជាពិសេសសម្រាប់ការហោះហើរនៅក្នុងទឹកដីសហរដ្ឋអាមេរិកផ្ទាល់តែម្តង។

បើទោះជាយ៉ាងនេះក្តីចំពោះសេចក្តីណែនាំដែលស្តីពីអាកាសយានដ្ឋានសង្គ្រោះបន្ទាន់ (EAD បានតម្រូវឱ្យប្រតិបត្តិករនៃក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ត្រូវតែត្រួតពិនិត្យយន្តហោះមុនពេលហោះហើរបន្ថែមទៀត។ បើទោះជាយើងត្រូវចំណាយពេលប្រហែល 4 ទៅ 8 ម៉ោងក្នុងមួយយន្តហោះក៏ដោយ។ ខាង EAD បាននិយាយទៀតថា “សុវត្ថិភាពនឹងបន្តជំរុញការសម្រេចចិត្តរបស់យើង ហើយយើងក៏អាចជួយដល់ការស៊ើបអង្កេតរបស់ @NTSB ទៅលើយន្តហោះដែលជួបឧបត្តិវហេតុ ក្នុងកំឡុងពេលដែលក្រុមហ៊ុនអាកាសចណ៍ Alaska Airlines បានជួបប្រទះផងដែរ។

គួររំលឹកថា ចំពោះផលប៉ះពាល់នៃគ្រោះថ្នាក់បែបនេះ វាមិនមែនជាលើកទី១នោះទេ។ ខាងសង្គ្រោះបន្ទាន់EAD សូមប្រកាសការគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់ FAA ក្នុងការទាមទារឱ្យមានការត្រួតពិនិត្យជាបន្ទាន់នូវយន្តហោះ 737-9 ជាមួយនឹងការកំណត់រចនាសម្ព័ន្ធដូចគ្នានឹងយន្តហោះដែលរងផលប៉ះពាល់។

លើសពីនេះទៅទៀត ក្រុមបច្ចេកទេស Boeing កំពុងគាំទ្រការស៊ើបអង្កេតរបស់ NTSB លើព្រឹត្តិការណ៍នោះផងដែរ។ បើយោងតាមរយៈអ្នក​នាំពាក្យ​របស់ក្រុមហ៊ុន Boeing ​បាន​ប្រាប់ Newsweek ថា​៖ «​បញ្ហា​ដែល​បាន​កំណត់​អត្តសញ្ញាណ​នៅលើ​យន្តហោះគឺយើង​ត្រូវ​តែ​ដោះស្រាយ​​» ​។ 

គឺដើម្បីបន្ថែមការប្រុងប្រយ័ត្នឲ្យកាន់តែច្រើនជាងមុនទៅទៀត។ ជាដំបូងយើងត្រូវផ្តោតទៅលើការត្រួតពិនិត្យយន្តហោះ 737 MAX ឲ្យបានច្បាស់លាស់ជាមុនសិន។

គួររំលឹកសារជាថ្មីថា ប្រហែល 4 ឆ្នាំមុន បន្ទាប់ពីក្រុមហ៊ុន Boeing បានប្រឈមមុខនឹងការត្រួតពិនិត្យអំពីផ្លូវកាត់មួយដែលគ្មានសុវត្ថិភាព ដោយខាងក្រុមហ៊ុនបានរងនូវការចោទប្រកាន់ថា ក្រុម Boeing បានធ្វើឱ្យយន្តហោះ 737 Max ចំនួនពីរធ្លាក់ ហើយវាបានសម្លាប់មនុស្សជាង 300 នាក់។

យន្តហោះប្រភេទ Boeing MAX បានប្រឈមមុខនឹងការត្រួតពិនិត្យយ៉ាងសំខាន់ បន្ទាប់ពីការធ្លាក់យន្តហោះចំនួនពីរលើកក្នុងឆ្នាំ 2018 និង 2019 ។ ដែលជាហេតុធ្វើឲ្យបណ្តាលប្រទេសទូទាំងពិភពលោក បានផ្អាកការហោះហើរនូវ យន្តហោះ 737 MAX ទាំងអស់ កាលពីក្នុងខែមីនា ឆ្នាំ 2019។ អស់រយៈពេលមួយឆ្នាំកន្លះក្រោយមក

យន្តហោះ​ទាំង​នោះ​បាន​ទទួល​ការ​កែប្រែ​យ៉ាង​សំខាន់ឡើងវិញ ដែលអាចធ្វើឲ្យវាអាចវិល​ត្រឡប់​មក​បម្រើ​ការ​វិញ​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០២០ ម្តងទៀត។

ទីក្រុងប៉េកាំងត្រូវបានផ្តល់រង្វាន់ជា “ទីក្រុងពោពេញទៅដោយព្រៃឈើពីធម្មជាតិ”

 ទីក្រុងប៉េកាំងរបស់ប្រទេសចិនបានទទួលនូវងារថ្មីមួយថាជា “ទីក្រុងដែលពោពេញទៅព្រៃឈើពីធម្មជាតិ” ដោយរដ្ឋបាលព្រៃឈើជាតិ និងវាលស្មៅ។

រាជរដ្ឋាភិបាលរបស់ប្រទេសចិនបានថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ដែលបានធ្វើឱ្យទីក្រុងប៉េកាំងបានក្លាយទៅជាទីក្រុងពណ៌បៃតងមិនផ្លាស់ប្តូរ។ យើងខ្ញុំសូមបញ្ជាក់ថា ទីក្រុងប៉េងកាំងគឺជាទីក្រុងដែលពោពេញទៅដោយធម្មជាតិ ដែលមានអត្រានៃការគ្របដណ្តប់ទៅដោយព្រៃឈើរហូតដល់ 38.6 ភាគរយកាលពីក្នុងឆ្នាំ 2012  ហើយបច្ចុប្បន្នវាក៏បានកើនឡើងរហូតដល់ 44.8 ភាគរយ នេះបើតាមលោក Cheng Jianhua ដែលជាអគ្គលេខាធិការរងនៃរដ្ឋាភិបាលប្រជាជនក្រុងប៉េកាំងបានប្រាប់សន្និសីទសារព័ត៌ស៊ិនហួរកាលពីទី០៥ ខែមករា ឆ្នាំ ២០២៤។

លោក Cheng Jianhua  បាននិយាយរៀបរាប់ថា ទីក្រុងប៉េកាំងគឺជាទីក្រុងដែលសម្បូរទៅដោយរុក្ខជាតិសរសៃឈាមប្រមាណ 2,088 ប្រភេទ និងសត្វឆ្អឹងកងនៅលើដីចំនួន 608 ប្រភេទ ដែលជាហេតុធ្វើឱ្យវាក្លាយជាទីប្រជុំជននៃជីវចម្រុះដ៏បំផុតមួយនៅក្នុងពិភពលោក។

លោកបាននិយាយថា “ការឈ្នះពានរង្វាន់ ក្នុងនាមជាទីក្រុងដែលពោពេញទៅព្រៃឈើពីធម្មជាតិ បាននោះគឺជាការបញ្ជាក់មួយថា ពួកយើងបានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍របស់ទីក្រុងប៉េកាំង ដោយផ្តោតទៅលើអភិវឌ្ឍន៍បៃតងជាចម្បង” ។ លោក Cheng បានបន្ថែមថា ចំណាត់ថ្នាក់ដែលល្អជាងគេមួយនេះ មិនបានន័យថា ពួកយើងនិងបញ្ចប់ការអភិវឌ្ឍន៍ត្រឹមហ្នឹងនោះដែរ។ លោកបាននិយាយទៀតថា ពួកយើងនឹងខិតខំប្រឹងប្រែងបន្តទៀតដើម្បីឲ្យទីក្រុងប៉េកាំងអាចមានសមត្ថភាពពង្រីកតំបន់អេកូឡូស៊ីច្រើន ព្រោះវាជាការអនុវត្តកម្មវិធីបៃតងលើដីដែលល្អបំផុត ដើម្បីកែលម្អនៅចំណុចខ្វះខាតឲ្យមានស្ថិរភាព និរន្តរភាព និងភាពសម្បូរបែបនៃប្រព័ន្ធអេកូឡូស៊ីរបស់ប្រទេសយើងឲ្យកាន់តែសម្បូរបែបជាងនេះទៅទៀត។

សេតវិមាន៖ រុស្ស៊ី​បាន​ប្រើ​មីស៊ីលរយៈចម្ងាយខ្លី​ពី​កូរ៉េ​ខាងជើង ​ដើម្បី​វាយប្រហារ​អ៊ុយក្រែន

ខាងសេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា  នាពេលថ្មីៗនេះ ប្រទេសរុស្ស៊ីបានប្រើប្រាស់មីស៊ីលផ្លោងរយៈចម្ងាយខ្លី (SRBMs) ដែលមានប្រភពមកពីប្រទេសកូរ៉េខាងជើងមកធ្វើការវាយប្រហារលើប្រទេសអ៊ុយក្រែនជាច្រើនលើក នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រ កាលពីថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២៤។

អ្នកនាំពាក្យសន្តិសុខជាតិលោក John Kirby បានប្រាប់អ្នកសារព័ត៌មានរ៉យទ័រថា សហរដ្ឋអាមេរិកនឹងលើកឡើងពីការអភិវឌ្ឍន៍មួយចំនួនជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជុំវិញការផ្ទេរសព្វាវុធពីកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី និងដើម្បីដាក់ទណ្ឌកម្មទៅលើប្រទេសទាំងពីរនេះបន្ថែមទៀត។

បើទោះបីជាមានការអះអាងពីខាងសេតវិមានយ៉ាងណាក្តី តែទាំងក្រុងម៉ូស្គូ និងក្រុងព្យុងយ៉ាងបានបដិសេធការចោទប្រកាន់មួយនេះ ទាំងដែលពួកគេទាំងពីរធ្លាប់បានប្តេជ្ញាកាលពីឆ្នាំមុនថា ប្រទេសទាំងពីរនឹងធ្វើឱ្យទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅ។

បើយោងតាមការរាយការណ៍ពីក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសកាលពីខែវិច្ឆិកា បានឲ្យដឹងថា

កូរ៉េខាងជើងបានផ្គត់ផ្គង់កាំជ្រួច SRBMs ដល់រុស្ស៊ីជាហូរហែរ ហើយវាក៏ជាផ្នែកមួយនៃកិច្ចព្រមព្រៀងអាវុធផងដែរ។  ដោយក្នុងនោះខាងក្រសួងការពារជាតិអង់គ្លេសបានបង្ហាញថា កិច្ចព្រមព្រៀងសព្វាវុធរបស់ពួកគេរួមមាន មីស៊ីលប្រឆាំងរថក្រោះ និងអាកាស ព្រមទាំងកាំភ្លើងធំ គ្រាប់កាំភ្លើងត្បាល់ និងកាំភ្លើងវែងថែមទៀតផង។

លោក Kirby បាននិយាយបន្ថែមថា កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៣ កងកម្លាំងរុស្ស៊ីបានបាញ់បង្ហោះ កាំជ្រួចផ្លោងរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើងយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបង្ហាញឲ្យយើងដឹងថា អ្វីទាំងអស់នេះ វាគឺជាផ្នែកនៃរលកធំក្នុងការវាយប្រហារតាមផ្លូវអាកាសដ៏ធ្ងន់ធ្ងរ។

បើយោងតាមរយៈការរៀបរាប់ពីខាងទីក្រុង Kyiv កាលពីថ្ងៃអង្គារបាននិយាយថា រុស្ស៊ីបានបាញ់បង្ហោះ យន្តហោះគ្មានមនុស្សបើក និងមីស៊ីលវាយប្រហារ ជាង ៣០០ គ្រឿង បានយ៉ាងល្អឥតខ្ចោះ ព្រោះវាសុទ្ធសឹងតែអាចទៅដល់គោលនៅតាមទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែនចាប់តាំងពីថ្ងៃសុក្រ។ ហេតុដូច្នេះហើយ ទាំងការហ្វឹកហាត់និង ការប្រើប្រាស់អាវុធទាំងអស់នោះ វាមិនមែនជាការរៀនក្នុងរយៈពេលខ្លីនោះទេ។

លោក John Kirby បាននិយាយរៀបរាប់ទៀតថា បើយោងតាមការសិក្សាពីអ្នកជំនាញរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា កាំជ្រួច KN-23 និង KN-25 ដែលផលិតដោយកូរ៉េខាងជើង វាមានសមត្ថភាពបាញ់នៅរយៈចម្ងាយប្រហែល 900 គីឡូម៉ែត្រ (550 ម៉ាយ) ហើយវាក៏ជាអាវុធដែលស្ថិតនៅក្នុងកិច្ចព្រមព្រៀងអាវុធនៃប្រទេសទាំងពីរនោះដែរ។

យ៉ាងណាមិញ សម្រាប់ការហ្វឹកហាត់របស់ទាហ៊ានរុស្ស៊ី ជាមួយនិងកូរ៉េខាងជើង គឺពួកគេបានផ្តោតទៅលើការបាញ់ នឹងរបៀបប្រើប្រាស់មីស៊ីលរបស់កូរ៉េខាងជើងជាចម្បង គឺដើម្បីតម្រង់គោលដៅទៅលើប្រទេសអ៊ុយក្រែន។

លោកបាននិយាយបន្តទៀតថា បើទោះជាប្រទេសអ៊ីរ៉ង់មិនបានបញ្ជូនមីស៊ីលផ្លោងរយៈចម្ងាយខ្លីដល់រុស្ស៊ីក៏ពិតមែន ប៉ុន្តែក្រុងវ៉ាស៊ីនតោនជឿជាក់យ៉ាងមុតមាំថា រុស្ស៊ីប្រាកដជាមានបំណងទិញប្រព័ន្ធមីស៊ីលពីអ៊ីរ៉ង់ជាមិនខាន។ ព្រោះបើយើងក្រឡេកទៅមើលប្រវត្តិនៃការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងសព្វាវុធទំនើបៗជាច្រើនកន្លងមកនេះ គឺទីក្រុងមូស្គូបានពឹងផ្អែកទៅលើអ៊ីរ៉ង់ស្ទើទាំងស្រុង។

scroll to top