ប្រទេសជប៉ុនបានចាប់ផ្តើមស៊ើបអង្កេត  ទៅលើគ្រោះថ្នាក់នៃការប៉ះទង្គិចគ្នារវាងយន្តហោះនៅក្នុងទីក្រុងតូក្យូ

បើទោះបីជាអាជ្ញាធររបស់ប្រទេសជប៉ុនកំពុងតែមមាញឹកនឹងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយការរញ្ជួយដីយ៉ាងណាក៏ដោយ តែមន្ត្រីដែលពាក់ព័ន្ធរបស់ប្រទេសមួយនេះគឺនៅតែបើកការប្រជុំយ៉ាងប្រញ៉ាប់ប្រញ៉ាល់មួយផ្សេងទៀតកាលពីរសៀលថ្ងៃពុធនេះ បន្ទាប់ពីមានឧប្បតិ្តវហេតុមួយបានកើតឡើងនៅអាកាសយានដ្ឋាននៃទីក្រុងតូក្យូ ដោយក្នុងនោះមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនបាននិយាយថា ប៉ូលីសក៏កំពុងស៊ើបអង្កេតការធ្វេសប្រហែសរបស់អ្នកបើកយន្តហោះនាពេលនោះដែរ នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រកាលពីថ្ងៃទី ០៣​ ខែមករា ឆ្នាំ២០២៤។

មនុស្សចំនួន 379 នាក់ ដែលបានស្ថិតនៅក្នុងយន្តហោះ Japan Airlines វាជាយន្តហោះ Airbus A350 បាន ប៉ះទង្គិចជាមួយនឹងយន្តហោះ De Havilland Dash-8 Coast Guard turboprop ភ្លាមៗបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន Haneda  ហើយវាក៏បានសម្លាប់មនុស្សប្រមាណ ៥ នាក់។

បើយោងតាមការរៀបរាប់ពីអ្នកជំនាញអាកាសចរណ៍បានឲ្យដឹងថា ការប៉ះទង្គិចគ្នានៅលើផ្លូវរត់ បែបនេះ វាហាក់ដូចជាមានភាពញឹកញាប់បន្តិចហើយតែគ្រាន់តែលើកនេះ​ គឺវាធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់។ អ្នកជំនាញអាកាសចរណ៍បាននិយាយថា យើងនឹងបើកការស៊ើបអង្កេតដោយបច្ចេកវិទ្យា និងនីតិវិធីតាមដានដ៏ទំនើបបំផុត។

ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនរបស់ប្រទេសជប៉ុន (JTSB) គឺកំពុង ស៊ើបអង្កេតលើ ឧបទ្ទវហេតុនេះ ដោយមានការចូលរួមពីទីភ្នាក់ងារនៅក្នុងប្រទេសបារាំង ដែលមានមូលដ្ឋាននៅក្រុមហ៊ុនផលិតយន្តហោះ Airbus ផ្ទាល់តែម្តង ហើយជាពិសេសជាងនេះទៅទៀត វាក៏មានការចូលរួមពីជនជាតិអង់គ្លេស ដែលមានមូលដ្ឋាននៅកន្លែងផលិតម៉ាស៊ីន Rolls-Royce នៃយន្តហោះប្រភេទនេះថែមទៀតផង។

នៅក្នុងសន្និសីទសារព័ត៌មានជាបន្តបន្ទាប់ចាប់តាំងពីការធ្លាក់យន្តហោះនេះ មន្ត្រី និងនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ត្រូវបានគេសួរថា តើបុគ្គលិកទទួលបានព័ត៌មានអ្វីខ្លះពីការគ្រប់គ្រងចរាចរណ៍ និងហេតុអ្វីបានជាយន្តហោះទាំងពីរបានរត់នៅលើផ្លូវរត់ដូចគ្នាបែបនេះ?

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ JAL បាននិយាយថា យន្តហោះរបស់យើងបានទទួលស្គាល់ និងបានអនុញ្ញាតការចុះចតម្តងទៀតពីការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស មុនពេលខិតជិត និងប៉ះ។

ខាងក្រុមហ៊ុនអាកាសចរណ៍បាននិយាយទៀតថា អ្នកដំណើរ និងនាវិកទាំងអស់ត្រូវបានជម្លៀសចេញក្នុងរយៈពេល 20 នាទីបន្ទាប់ពីការធ្លាក់ ប៉ុន្តែយន្តហោះដែលឆាបឆេះដោយអណ្តាតភ្លើងបានឆេះអស់រយៈពេលជាង 6 ម៉ោង។

យន្តហោះ JAL – ជើងហោះហើរ 516 – ត្រូវបានគេប្រាប់ឱ្យបន្តដំណើរឆ្ពោះទៅកាន់ផ្លូវរត់លេខ 34R នៅម៉ោង 5:43 ល្ងាច (0843GMT) ហើយត្រូវបានផ្តល់ឲ្យមានការចុះចតនៅម៉ោង 5:45 ល្ងាច។

មានន័យថា រឿងមួយនោះគឺបានកើតឡើងមុនពីរនាទីមុនពេលអាជ្ញាធរនិយាយថា ការបុកគ្នាបានកើតឡើងនៅលើផ្លូវរត់ដូចគ្នានៅម៉ោង 5:47 ល្ងាច នេះបើយោងតាមការកត់ត្រាការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសដែលបានបង្ហោះនៅលើ liveATC.net ។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NHK ដែលស្ថិតក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយដែលបាននិយាយថា ខាងយន្តហោះរបស់ឆ្មាំឆ្នេរសមុទ្របានបដិសេធមិនធ្វើអត្ថាធិប្បាយលើកាលៈទេសៈនៃការធ្លាក់យន្តហោះនោះទេ។

យ៉ាងណាមិញខាងរ៉យទ័រ ក៏មិនអាចធ្វើផ្ទៀងផ្ទាត់ដោយឯករាជនោះដែរ។ យន្តហោះដែលជាយន្តហោះមួយក្នុងចំណោមយន្តហោះឆ្មាំឆ្នេរសមុទ្រចំនួនប្រាំមួយ ដែលមានមូលដ្ឋាននៅអាកាសយានដ្ឋានគឺត្រូវរដ្ឋាភិបាលរបស់ប្រទេសមួយនេះ គ្រោងធ្វើដំណើរដើម្បីផ្តល់ជំនួយដល់តំបន់ដែលរងគ្រោះដោយការរញ្ជួយដីកម្រិត 7.6 រិចទ័រកាលពីថ្ងៃច័ន្ទ ខណៈដែលផ្លូវជាច្រើនត្រូវបានកាត់ផ្តាច់ ហើយជាពិសេសគឺដើម្បីទៅជួយដល់អ្នកនៅរស់រានមានជីវិត ដែលកំពុងប្រឈមនឹងសីតុណ្ហភាពត្រជាក់ នឹងមានភ្លៀងធ្លាក់ខ្លាំង។

ខាងរដ្ឋាភិបាលបាននិយាយថា គ្រោះថ្នាក់នេះបានបង្ខំឱ្យលុបចោលជើងហោះហើរក្នុងស្រុកចំនួន 116 និងជើងហោះហើរអន្តរជាតិចំនួន 4 កាលពីថ្ងៃពុធ។

បើទោះជាយ៉ាងណាក្តីខាងទីភ្នាក់ងាររបស់រ៉យទ័រ កំពុងរង់ចាំការធ្វើបច្ចុប្បន្នភាពជុំវិញការស៊ើបអង្កេតនៃគ្រោះថ្នាក់ខាងលើនេះជាបន្តទៀត។

អ្នកនៅរស់រានមានជីវិតនៅក្នុងគ្រោះថ្នាក់នៃប្រទេសជប៉ុន កំពុងតែប្រឈមមុខនឹងភ្លៀងធ្លាក់ ជាមួយអាកាសធាតុត្រជាក់ ការគំរាមកំហែងនៃការបាក់ដី បូករួមទាំងការខ្វះខាតចំណីអាហារ និងអគ្គិសនី

ចំនួនអ្នកស្លាប់ដោយសារ ការរញ្ជួយដីដ៏ធំ មួយ ដែលបានវាយប្រហារប្រទេសជប៉ុននៅថ្ងៃបុណ្យចូលឆ្នាំថ្មីបានកើនឡើងរហូតដល់ 64 នាក់ ខណៈដែលអ្នកនៅរស់រានមានជីវិតកំពុងតែប្រឈមនឹងសីតុណ្ហភាពត្រជាក់ខ្លាំង ភ្លៀងធ្លាក់ខ្លាំង បូករួមទាំងការរញ្ជួយដីថែមទៀតនោះ អាជ្ញាធរប្រទេសមួយនេះ ពិតជាមានការព្រួយបារម្មណ៍ខ្ពស់ ចំពោះការជម្លៀសប្រជាជនឲ្យទាន់ពេលវេលា នេះបើយោងតាមការចុះផ្សាយរបស់ រ៉យទ័រ កាលពីថ្ងៃទី ០៣ ​ខែមករា ឆ្នាំ២០២៤។

គ្រោះរញ្ជួយដីកម្រិតបឋមត្រូវបានអ្នកជំនាញរាយការណ៍ថា វាមានកម្រិតប្រមាណ ៧.៦ រ៉ិចទ័រ ហើយវាក៏បានវាយប្រហារឧបទ្វីប Noto កាលពីរសៀលថ្ងៃច័ន្ទម្សិលមិញនេះយ៉ាងធ្ងន់ធ្ងរបំផុត ។ ក្រុមអ្នកជំនាញបាននិយាយទៀតថា តំបន់ខាងលើនេះអាចប្រឈមនឹងភ្លៀងធ្លាក់ខ្លាំង ហើយវានឹងបង្កើនហានិភ័យនៃការរញ្ជួយដីបន្ថែមទៀត។

បើយើងគិតមកទល់ពេលនេះ អាជ្ញាធរបានបញ្ជាក់ពីការស្លាប់ចំនួន 64 នាក់ ក៏ពិតមែន ប៉ុន្តែការស្លាប់វាអាចនឹងមានការកើនឡើងបន្ថែមទៀតផងដែរ។ យ៉ាងណាមិញកាលពីល្ងាចថ្ងៃអង្គារ អាជ្ញាធរបាននិយាយថា គ្រោះរញ្ជួយដីលើកនេះ វាគឺជាគ្រោះថ្នាក់ដែលបានសម្លាប់មនុស្សស្លាប់ច្រើនជាងគេបំផុតនៅក្នុងប្រទេសជប៉ុន បើពួកគេរាប់ចាប់តាំងពីឆ្នាំ 2016 មក។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅក្នុងខេត្ត Ishikawa គឺមានមនុស្សជាង 33,000 នាក់ ត្រូវបានអាជ្ញាធរឲ្យជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ហើយនៅក្នុងតំបន់មួយចំនួនទៀត គឺមិនមានទឹក ឬអគ្គិសនីសម្រាប់ប្រើប្រាស់នោះទេ។ ដោយក្នុងនោះគេបានសង្កេតឃើញថា អភិបាលក្រុងនៃទីក្រុងដែលរងគ្រោះខ្លាំងបំផុតបានទាមទារឱ្យរដ្ឋាភិបាលជួសជុលផ្លូវ និងផ្តល់ជំនួយឲ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន។

លោក Masuhiro Izumiya អភិបាលក្រុង Suzu បាននិយាយរៀបរាប់នៅក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃពុធថា នៅទីប្រជុំជនគឺមានប្រជាពលរដ្ឋប្រហែល 13,000 នាក់នៅជិតចំណុចកណ្តាលនៃការរញ្ជួយដីបាននិយាយថា “បើទោះបីជាពួកគេអាចរួចផុតពីសេចក្តីស្លាប់ក៏ដោយ តែពួកគេក៏អាចនឹងស្លាប់ដោយគ្មានអាហារ និងទឹកដែរម្តងទៀតដែរ” ។

លោក​បាន​បន្ត​ថា​៖ «​មនុស្ស​មួយ​ចំនួន​កំពុងតែត្រជាក់​ខ្លាំង​ ដោយសារគ្មាន​អគ្គិសនី​ប្រើប្រាស់ ​ហេតុដូច្នេះ​នៅក្នុងផ្ទះរបស់ពួកគេគឺមិនមាន​កំដៅប្រើប្រាស់នោះទេ​»​។ លោកបានបន្ថែមថា ផ្លូវជាច្រើនត្រូវបានកាត់ផ្តាច់ ហើយតំបន់ជាច្រើននៅខាងក្រៅកណ្តាលទីក្រុងអាចទៅដល់បាន លុះត្រាតែប្រើឧទ្ធម្ភាគចក្រតែប៉ុណ្ណោះ។

បើទោះជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី Fumio Kishida បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំឆ្លើយតបគ្រោះមហន្តរាយថ្នាក់ជាតិថា “វាមានរយៈពេលជាង 40 ម៉ោងហើយចាប់តាំងពីការរញ្ជួយដីដំបូង។ នេះគឺជាការប្រយុទ្ធប្រឆាំងនឹងពេលវេលា ហើយខ្ញុំជឿថាឥឡូវនេះគឺជាពេលវេលាដ៏សំខាន់មួយនៅក្នុងការប្រយុទ្ធមួយនេះ។

ជាបឋម លោក  Kishida បាននិយាយថា រដ្ឋាភិបាលបានបើកផ្លូវសមុទ្រដើម្បីផ្តល់ជំនួយ ជាមួយនឹងរថយន្តដឹកទំនិញធំៗមួយចំនួនឥឡូវនេះអាចទៅដល់តំបន់ដាច់ស្រយាលមួយចំនួនទៀត។

លោក​បាន​ថ្លែង​ទៀតថា “ខ្ញុំមានចំណាប់អារម្មណ៍ថា មនុស្សភាគច្រើនមិនទាន់មានថាមពលឡើងវិញ ដើម្បីក្រោកឈរឡើងវិញនៅពេលនេះទេ”។

ថ្វីត្បិតតែការរញ្ជួយដីតូចៗនៅតែបន្តវាយប្រហារឧបទ្វីបនេះយ៉ាងណាក្តី តែក្រុមអ្នកពន្លត់អគ្គីភ័យក៏នៅតែស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងគំនរបាក់បែកនៃអគារដែលដួលរលំមួយផ្នែកនៅ Wajima ផងដែរ។ ភាពសកម្មរបស់ពួកគេពិតជាគួរឲ្យស្ញោចសរសើរខ្លាំងណាស់ យើងខ្ញុំសង្ឈឹមថា ពួកយើងនឹងឆ្លងពេលវេលាដ៏ជូចត់នេះឲ្យបានឆាប់បំផុត នេះបើយោងតាមខ្សែវីដេអូដែលផ្សាយដោយទូរទស្សន៍សាធារណៈ NHK ។

លោក ស៊ី ជីនពីង បានទទួលស្គាល់ថា ឆ្នាំ 2024 សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងប្រឈមនឹងបញ្ហា

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បាន​ទទួល​ស្គាល់​ក្នុង​អំឡុង​ពេល​សុន្ទរកថាកាលពី​ថ្ងៃ​ចូល​ឆ្នាំសាកលនៅ​ថ្ងៃ​អាទិត្យ​ថា អាជីវកម្ម​របស់​ប្រទេស​ចិន​កំពុង​ជួប​ការ​លំបាក ហើយវានិងប៉ះពាល់ខ្លាំងដល់​អ្នកកំពុង​ស្វែងរក​ការងារ នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ០២​ ខែមករា​ ឆ្នាំ២០២៤។

នេះគឺជាលើកទីមួយហើយ ដែលលោក ស៊ី ជីនពីង បានលើកឡើងពីបញ្ហាប្រឈមខាងផ្នែកសេដ្ឋកិច្ចនៅក្នុងសារឆ្នាំថ្មីប្រចាំឆ្នាំរបស់គាត់ ដោយយលោកបានទទួលស្គាល់នូវចំនុចខ្សោយ ដែលលោកមិនទាន់បានដោះស្រាយថែមទៀតផង បើយើងគិតចាប់តាំងពីឆ្នាំ 2013មក។

បញ្ហាប្រឈមដូចជា ភាពអត់ការងារធ្វើ រាល់ពាណិជ្ជករបានបាត់បង់ជំនឿលើរដ្ឋាភិបាល វាក៏ក្លាយទៅជា ដំណាក់កាលដ៏សំខាន់ សម្រាប់សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ។

លោក Xi បាននិយាយ នៅក្នុងសុន្ទរកថា អ្វីដែលជាគំនិតរបស់ខ្ញុំនៅពេលនេះ “យើងត្រូវតែបង្រួបបង្រួម និងពង្រឹងសន្ទុះនៃការងើបឡើងវិញនៃសេដ្ឋកិច្ចជាមុនសិន”។

គួររំលឹកថា ក្នុងវិស័យផលិតកម្មដ៏ធំរបស់ប្រទេសចិនគឺបានធ្លាក់ចុះក្នុងកម្រឹតទាបបំផុត នៅក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ។ បើទោះជាចិនធ្លាប់មានការកើនឡើងត្រឹមតែរយៈពេលខ្លីនៃសកម្មភាពសេដ្ឋកិច្ចនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៣យ៉ាងណាក៏ដោយ។ ព្រោះសេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានញាំញីដោយបញ្ហាជាច្រើនដូចជា ការធ្លាក់ចុះនៃអចលនទ្រព្យ ដែលអូសបន្លាយ អត្រាអត់ការងារធ្វើរបស់យុវជនកាន់តែខ្ពស់។ ដោយកាលនោះគេបានសង្កេតឃើញថា មេដឹកនាំទីក្រុងប៉េកាំងកំពុង ព្យាយាម ស្តារឡើងវិញនូវកំណើន និងជំរុញការងារដោយបានចេញនូវវិធានការគាំទ្រយ៉ាងច្របូកច្របល់កាលពីឆ្នាំមុនស្ទើគ្រប់ជ្រុងជ្រោយក៏ពិតមែន តែចំពោះការដាក់ចេញនូវវិធានការនៃគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុនៅឆ្នាំ 2024 នេះ វាបានធ្វើឲ្យក្រុមអ្នកជំនាញជាច្រើនបានរំពឹងទុកថា សេដ្ឋកិច្ចរបស់ប្រទេសមួយនេះ គឺមិនមានភាពធូស្បើយនោះទេ ។

វិធីសាស្ត្រនៃការគ្រប់គ្រងរបស់ លោក ស៊ី ជីពីង ដែលតែងតែផ្តល់អំណាចដល់បុគ្គលិករបស់រដ្ឋាភិបាល ក្នុងការចុះ​បង្រ្កាប​លើ​អាជីវកម្ម វាគឺជា​បំភ័យដ៏ធំមួយដល់​អ្នក​វិនិយោគទាំងជាតិ និង​អន្តរជាតិ។ ក្នុងនោះផងដែរ ក្រុមអ្នកសង្កេតការណ៍របស់ CNN បានរយការណ៍ថា កាលពីថ្ងៃសៅរ៍ ធនាគារប្រជាជននៃប្រទេសចិនបានប្រកាសថាខ្លួនបានអនុម័តកម្មវិធីមួយដើម្បីដកម្ចាស់ភាគហ៊ុនដែលគ្រប់គ្រងនៅ Alipay ដែលជាវេទិកាទូទាត់ឌីជីថលគ្រប់ទីកន្លែងដែលដំណើរការដោយ Jack Ma’s Ant Groupថែមទៀតផង។ ហេតុដូច្នេះហើយ ការផ្លាស់ប្តូរនេះមានន័យថា លោក Jack Ma បានប្រគល់ការគ្រប់គ្រងជាផ្លូវការនូវក្រុមហ៊ុនដែលគាត់បានបង្កើត ប្រគល់ជូនរដ្ឋកាន់កាប់វិញ។

បើយើងរំលឹកឡើងមកវិញបន្តិច លោក Jack Ma ដែលជាសហស្ថាបនិក Alibaba Group ក៏ធ្លាប់បាននិយាយកាលពីខែមករាឆ្នាំមុនថា លោកនឹង បោះបង់ការគ្រប់គ្រង ក្រុមហ៊ុន Ant ដែលជាផ្នែកមួយនៃការដកខ្លួនចេញពីអាជីវកម្មអនឡាញរបស់គាត់។ 

សូមបញ្ជាក់សារជាថ្មីថា ក្រុមហ៊ុនរបស់លោក Jack Ma វាគឺជា គោលដៅដំបូងគេរបស់រដ្ឋាភិបាល ហើយបន្ទាប់មកគឺជា ក្រុមហ៊ុន Big Tech Big Tech ដែលត្រូវបានគេស្គាល់ផងដែរថាជា Tech Giants គឺជា ក្រុមហ៊ុន បច្ចេកវិទ្យាព័ត៌មានដ៏ធំបំផុតនៅសហរដ្ឋអាមេរិក​ទាំង៖ Google, Amazon , Apple , Meta , និង Microsoft ជាដើម។ បើយោងតាមអ្នកជំនញបាននិយាយរៀបរាប់ថា ដោយសារតែបណ្តាលក្រុមហ៊ុនខាងលើនេះ វាត្រូវបានគេយល់ថា វាសុទ្ធសឹងតែជាក្រុមហ៊ុនដែលមានអំណាចខ្លាំងពេក ហើយវាក៏ជាមូលហេតុតែមួយគត់ដែលគណបក្សកាន់អំណាចកុម្មុយនិស្តមួយនេះត្រូវតែកំចាត់។

សេដ្ឋកិច្ច​ចិន​នៅក្នុងឆ្នាំ 2024 អាចនឹងកាន់តែអាក្រក់ជាង ឆ្នាំ ២០២៣ នេះទៅទៀត

តាមរយៈទីភ្នាក់ងាររបស់CNN ដែលប្រចាំនៅក្នុងទីក្រុងហុងកុងបានរាយការណ៍កាលពីថ្ងៃពុធថា សេដ្ឋកិច្ចរបស់ប្រទេសចិនដែលត្រូវបាន គេរំពឹងទុកថានឹង ងើបឡើងវិញយ៉ាងឆាប់រហ័សនៅចុងឆ្នាំ 2023 នេះ វាអាចផ្ទុយពីការគិតរបស់អ្នក។ 

ភាពជាប់គាំងដែលបានឈានដល់ចំណុចមួយ ដែលត្រូវបានគេហៅថាជា “ការអូសទាញ” ឲ្យបណ្តាលប្រទេសនៅក្នុងពិភពលោក និងធ្លាក់ចូលទៅក្នុងបញ្ហានោះដូចប្រទេសចិនជាបណ្តើរៗ។

បញ្ហាជាច្រើនដែលកំពុងតែបន្តកើតឡើងនៅក្នុងប្រទេសចិន ដូចជាវិបត្តិអចលនទ្រព្យ ភាពអត់ការងារធ្វើរបស់យុវជនគឺកាន់តែខ្ពស់ ប្រជាជនម្នាក់ៗបានកាត់បន្ថយចំណាយ ដែលជាហេតុនាំឲ្យតម្រូវការបានធ្លាក់ចុះ វាបានធ្វើឲ្យក្រុមអ្នកសេដ្ឋកិច្ចភាគច្រើនបានគិតថា ប្រទេសដែលជាមហាលសេដ្ឋកិច្ចធំទីពីរ របស់ពិភពលោកមួយនេះគឺអាចនឹងធ្លាក់ចុះបន្តទៀត។

លោក Derek Scissors បុគ្គលិកជាន់ខ្ពស់នៅវិទ្យាស្ថានសហគ្រាសអាមេរិក ដែលជាអ្នកវិភាគសេដ្ឋកិច្ចបានមានប្រសាសន៍ថា “បញ្ហាប្រឈមនៅក្នុងឆ្នាំ 2024 សម្រាប់សេដ្ឋកិច្ចចិននឹងមិនមែនជាកំណើន GDP នោះទេ តែបញ្ហាប្រឈមវាទំនងជាទិសដៅនៃប្រទេសមួយនេះផ្ទាល់តែម្តង។

លោកបានព្រមានថា ប្រសិនបើគ្មានការកែទម្រង់ទីផ្សារធំៗទេ ប្រទេសនេះអាចជាប់គាំងនៅក្នុងអ្វីដែលអ្នកសេដ្ឋកិច្ចហៅថា “អន្ទាក់ប្រាក់ចំណូលមធ្យម” ដោយសំដៅទៅលើគំនិតរបស់មេដឹកនាំដែលតែងតែនិយាយថា សេដ្ឋកិច្ចកំពុងរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័ស ប៉ុន្តែមេដឹកនាំរូបនោះបែរជាយល់ច្រឡំថា ប្រជាជនរបស់ខ្លួនបានចាកចេញពីភាពក្រីក្រទាំងអស់ ទាំងដែលមនុស្សមួយចំនួនធំមិនទាន់ឈានដល់ប្រាក់ចំណូលខ្ពស់នៅឡើយ។

អស់រយៈពេលជាច្រើនទស្សវត្សមកហើយ ចាប់តាំងពីប្រទេសចិនបានបើកទ្វារឡើងវិញសម្រាប់ពិភពលោកក្នុងឆ្នាំ 1978 មេដឹកនាំប្រទេសមួយនេះ បាននិយាយថា ប្រទេសខ្លួនមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតទី២នៅលើផែនដី។ ប្រសិនបើយើងក្រឡែកទៅមើលក្នុងចន្លោះឆ្នាំ 1991 និង 2011 វាបានកើនឡើង 10.5% ក្នុងមួយឆ្នាំ។ តែបន្ទាប់ពីឆ្នាំ 2012 នៅពេលដែលលោក Xi Jinping ក្លាយជាប្រធានាធិបតី ការពង្រីកទាំងនោះវាបានថយចុះ ព្រោះបើយើងគិតលើកំណើនជាមធ្យមរបស់ចិនដែលទទួលបានគឺត្រឹមតែ 6.7% ក្នុងទសវត្សរ៍រហូតដល់ឆ្នាំ 2021។

លោក Scissors បាននិយាយថា “ពាក់កណ្តាលទីពីរនៃឆ្នាំ 2020 យើងបានមើលឃើញកំណើនមួយ ដែលយឺតបំផុត” តែក្នុងនោះរដ្ឋាភិបាលចិនបានលើកឡើងតែពីការកែតម្រូវនៅក្នុងវិស័យអចលនទ្រព្យដែលមានបញ្ហា គួបផ្សំនឹងការធ្លាក់ចុះនៃប្រជាសាស្រ្តតែប៉ុណ្ណោះ។

រដ្ឋាភិបាល​ចិន​លោក Xi មានការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្តល់​ប្រាក់កម្ចី ​បន្ទាប់​ពីលោកបាន​ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ 2012​។

ត្រង់ចំនុចនេះផងដែរ លោក Logan Wright នាយកស្រាវជ្រាវទីផ្សាររបស់ប្រទេសចិននៅក្រុមហ៊ុន Rhodium Group បានពន្យល់ថា “ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិន គឺជារចនាសម្ព័ន្ធដែលបណ្តាលមកពីការបញ្ចប់នៃការពង្រីកឥណទាន និងការវិនិយោគដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ”។

គោលនយោបាយបែបនេះ វានឹងធ្វើឲ្យប្រទេសមិនអាចបង្កើតកំណើនឥណទានដូចគ្នាទៅនឹងឆ្នាំមុនៗនោះទេ ដូច្នេះហើយទីក្រុងប៉េកាំងនឹងមានការអភិវឌ្ឍន៍តិចជាងមុន បើធៀបទៅនឹងអតីតកាល។

ហើយចំពោះរឿងដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះ គឺភាពចចេសរឹងរូសរបស់ទីក្រុងប៉េកាំងជុំវិញគោលនយោបាយក្នុងកំឡុងពេលមានជំងឺរាត្បាត Covid-19 ។ ចិនបានចាក់សោរដ៏តឹងរ៉ឹង និងការបង្រ្កាបដ៏ខ្លាំងក្លាលើសពីបណ្តាលប្រទេសទាំងអស់ ហើយវាបានធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ទំនុកចិត្តរបស់អ្នកវិនិយោគ។

យ៉ាងណាមិញចំពោះផលវិបាកនៃគោលនយោបាយទាំងនេះ វាត្រូវបានគេមើលឃើញថា សេដ្ឋកិច្ចចិនវានៅតែបន្តធ្លាក់ចុះទាំងចុងឆ្នាំនេះ ឬក៏អាចបន្តរហូតទៅដល់ឆ្នាំក្រោយ។ 

ជាសរុបក្នុងឆ្នាំ២០២៣ អតិផរណាកាន់តែកើនឡើង វិបត្តិអចលនទ្រព្យកាន់តែស៊ីជម្រៅ អត្រាអត់ការងារធ្វើសម្រាប់យុវជនក៏កាន់តែកើនឡើង ហើយវិបត្តិនេះ វាចាប់ផ្តើមរីករាលដាលដល់ វិស័យធនាគារស្រមោល ដ៏ធំ ដែលបណ្តាលឱ្យមានការខកខាន និងបង្កឱ្យមានការតវ៉ានៅទូទាំងប្រទេស។

បើយើងនិយាយពីការស្ទង់មតិ ដែលធ្វើឡើងដោយសភាពាណិជ្ជកម្មអាមេរិកនៅទីក្រុងសៀងហៃបានបង្ហាញថា មានប្រជាជនចិនតែ 52% នៃអ្នកឆ្លើយតប ដោយសុទិដ្ឋិនិយមអំពីទស្សនវិស័យអាជីវកម្មរយៈពេលប្រាំឆ្នាំរបស់ពួកគេបានឲ្យដឹងថា ស្ថានភាពនៅក្នុងប្រទេសចិននាពេលនេះ វាគឺជាកម្រិតមួយដែលទាបបំផុត បើយើងគិតចាប់តាំងពីការស្ទង់មតិដែលបានចាប់ផ្តើមនៅឆ្នាំ 1999 ។

ប្រសិនបើទីក្រុងប៉េកាំងបានងាកទៅរកសៀវភៅចាស់ៗរបស់ខ្លួន ដូចជាសៀវភៅប្រាក់កម្ចីកាន់តែច្រើននោះ ម៉្លេះវាប្រហែលជាអាចជំរុញឲ្យរដ្ឋាភិបាលគិតគូរសារឡើងវិញ នៅរបៀបធ្វើឲ្យកំណើនឡើងវិញនៅឆ្នាំ 2024។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី វាក៏គ្រាន់តែជា “ថ្នាំបំបាត់ការឈឺចាប់ផ្នែកសេដ្ឋកិច្ចតែប៉ុណ្នោះ ព្រោះវាមិនមែនជាការព្យាបាល” នេះបើយោងតាម លោក ​​Scissors ។

scroll to top