បារាំងបាន​ផ្អាក​យន្តហោះ​រ៉ូម៉ានី​មួយគ្រឿង ដែលបានដឹកអ្នកដំណើរ​ជនជាតិ​ឥណ្ឌា​ប្រមាណ ៣០៣ ​នាក់ ដោយរ​សង្ស័យថា ពួកគេបាន​ជួញ​ដូរ​មនុស្ស

ការិយាល័យរដ្ឋអាជ្ញានៅទីក្រុងប៉ារីសបានប្រាប់ CNN កាលពីថ្ងៃសៅរ៍ថា អាជ្ញាធរបារាំងបានបញ្ឈប់យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ដែលបានដឹកពលរដ្ឋជនជាតិឥណ្ឌាចំនួន 303 នាក់ រួមទាំងអនីតិជនចំនួន 11 នាក់ ដោយមានការសង្ស័យថា វាជាសកម្មភាពដែលជាទាក់ទងនឹងការជួញដូរមនុស្ស។

យន្តហោះដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Legend Airlines ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសរ៉ូម៉ានី បានធ្វើដំណើរពីប្រទេសអារ៉ាប់រួមទៅកាន់ប្រទេស Nicaragua ហើយបានឈប់នៅអាកាសយានដ្ឋាន Vatry ចម្ងាយប្រហែល 150 គីឡូម៉ែត្រភាគខាងកើតនៃទីក្រុងប៉ារីស នេះបើយោងតាមការិយាល័យព្រះរាជអាជ្ញារបស់ប្រទេសបារាំង។

អាជ្ញាធរ​បារាំង​បានសម្រេចចិត្ត​រឹបអូស​យន្តហោះ​មួយគ្រឿងនេះ​កាលពី​ថ្ងៃទី ២១ ខែធ្នូ បន្ទាប់ពី​ទទួលបាន​ព័ត៌មានមួយដែលសំមិនបញ្ចេញប្រភព។ បើយោងតាមរយៈមេធាវីរបស់ក្រុមហ៊ុនអាកាសចរណ៍ Liliana Bakayoko បានប្រាប់ CNN សាខា BFMTV កាលពីថ្ងៃសៅរ៍ថា យន្តហោះមួយនេះគឺត្រូវបានជួលដោយក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្រៅសហភាពអឺរ៉ុប ហើយក្រុមហ៊ុនអាកាសចរណ៍ Legend Airlines មិនបានចូលរួមក្នុងការលក់សំបុត្រសម្រាប់ជើងហោះហើរមួយនេះទេ។

បើទោះបីជាមានការអះអាងតាមរយៈក្រុមមេធាវីរបស់ក្រុមហ៊ុនហោះហើរមួយនេះយ៉ាងណាក៏សោយ តែបើយោងទៅតាមច្បាប់របស់បារាំង ការជួញដូរមនុស្សដែលមានការរៀបចំឡើងដោយបុគ្គល ឬក្រុមហ៊ុនណាមួយនោះ ពួកគេត្រូវទទួលការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ 20 ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ 3.3 លានដុល្លារសហរដ្ឋអាមេរិក (3 លានអឺរ៉ូ) ។

យ៉ាងណាមិញក្នុងករណីខាងលើនេះ គឺមានអនីតិជន​នៅលើ​យន្តហោះចំនួន ១១ នាក់ ពួកគេ​ត្រូវបាន​អាជ្ញាធរបារាំងផ្ទេរ​ទៅកាន់​ភ្នាក់ងារ​រដ្ឋាភិបាល​សមស្រប​សម្រាប់​ការថែទាំរួចរាល់ផងដែរ។ ដោយក្នុងនោះគេសង្កេតឃើញថា រដ្ឋអាជ្ញារបស់ប្រទេសបារាំងបាននិយាយកាលពីថ្ងៃអាទិត្យថា យន្តហោះរបស់ក្រុហ៊ុន Legend Airlines ដែលបានធ្វើដំណើរមកដល់ប្រទេសបារាំង គឺត្រូវបានប៉ូលីសរបស់យើងសង្ស័យហើយក៏បានសាកសួរទៅកាន់អ្នកដំណើរចំនួនពីរនាក់ ហើយបច្ចុប្បន្នអ្នកទាំងពីរនោះកំពុងតែស្ថិតក្នុងការឃុំឃាំង ដែលត្រូវបានត្រួតពិនិត្យដោយការិយាល័យរដ្ឋអាជ្ញារបស់ទីក្រុងប៉ារីស ដើម្បីស្វែងរកអ្នកដែលពាក់ព័ន្ធ”។ តែទន្ទឹមនឹងនោះ ក្រុមហ៊ុនអាកាសចរណ៍ Legend Airlines បានបដិសេធក្នុងការកំណត់អត្តសញ្ញាណក្រុមហ៊ុនដោយលើកឡើងថា ពួកគេគឺមានលិខិតជួលយន្តហោះ។

បើទោះជារឿងមួយនេះត្រូវបានអាជ្ញាធររបស់ប្រទេសបារាំងស៊ើបអង្កេតក៏ពិតមែន តែខាងស្ថានទូតឥណ្ឌាដែលប្រចាំប្រទេសបារាំងបានបញ្ជូនបុគ្គលិកកុងស៊ុលទៅកាន់អាកាសយានដ្ឋាន ដើម្បីផ្តល់ការគាំទ្រ និងសហការជាមួយអាជ្ញាធរក្នុងតំបន់ ដោយខ្លួនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ពួកគេសូមថ្លែងអំណរគុណដល់ចំនាច់ការរបស់ប្រទេសបារាំង។

អតីតនាយករដ្ឋមន្ត្រីថៃ ​លោកស្រី ​យី​ង​ឡាក់ មានគម្រោងត្រឡប់មកប្រទេសវិញ

អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលកំពុងតែរត់គេចខ្លួន អាចនឹងត្រឡប់ទៅប្រទេសថៃវិញនៅឆ្នាំក្រោយ គឺធ្វើតាមគន្លងរបស់បងប្រុសលោកស្រី ដែលជាអតីតនាយករដ្ឋមន្ត្រីដូចគ្នា គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលសព្វថ្ងៃកំពុងតែជាប់ពន្ធនាគារ នេះបើយោងតាមសកម្មជននយោបាយលោក Jatuporn Prompan ដែលបានចុះផ្សាយរដោយកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣។

អតីត​មេដឹកនាំ​អាវ​ក្រហម​ ហើយក៏ជានាយករដ្ឋមន្ត្រីស្រីដំបូងគេ និងជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេផងដែរ លោកស្រី ត្រូវបានអតីតឧបនាយករដ្ឋមន្រ្ដី​ លោក Wissanu Krea-ngam ដែលជាអ្នកជំនាញផ្នែកច្បាប់ទើបត្រូវបានតែងតាំងក្នុងក្រុមប្រឹក្សារដ្ឋ បានថ្លឹងថ្លែងកាលពីថ្ងៃចន្ទថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានសម្រេចចិត្តរួចហើយថា លោកស្រីនឹងស្វែងរកការលើកទោសពីព្រះមហាក្សត្រ នៅពេលលោកស្រីវិលត្រឡប់មកប្រទេសកំណើតវិញ គឺលោកស្រីនឹងយកគំរូតាមបងប្រុសរបស់លោកស្រីដែរ។

លោកស្រី យីងឡាក់ ត្រូវបានគេកាត់ទោសដោយកំបាំងមុខ  ឱ្យជាប់ពន្ធនាគាររយៈពេល 5 ឆ្នាំ ដោយផ្អែកលើរដ្ឋធម្មនុញ្ញថៃ នៅក្នុងឆ្នាំ 2017 លោកស្រីត្រូវបានគេចោទប្រកាន់ថា លោកស្រីបានរំលោភអំណាច និងមិនធ្វើតាមការសន្យារបស់ខ្លួន។

តែកាល​ពី​ថ្ងៃ​អង្គារដើមសប្តាហ៍នេះ នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​តុលាការ​កំពូល​សម្រាប់​អ្នក​កាន់​តំណែង​នយោបាយ ​បាន​លើក​លែង​ទោស​លោកស្រី​ពី​បទ​ក្លែង​បន្លំ ​ជុំវិញ​ការ​ផ្ទេរ​តំណែង​អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ (NSC) ដោយលោក Thawil Pliensri ​ត្រូវ​បានគេ​ផ្លាស់ឲ្យ​ទៅ​ធ្វើ​ជា​ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រីវិញ។

បើយោងតាមរយៈលោក Jatuporn Prompan ដែលជាអតីតប្រធានរណសិរ្សរួបរួមគាំទ្រ លោក ថាក់ស៊ីន ដើម្បីលទ្ធិប្រជាធិបតេយ្យប្រឆាំងរបបផ្តាច់ការ (UDD) បាននិយាយថា ការរំពឹងទុកសម្រាប់លោកស្រី យីងឡាក់ នាពេលបច្ចុប្បន្នគឺកាន់តែច្បាស់ជាងមុនទៅទៀត ប្រសិនបើយើងគិតពីរបៀបដែលបងប្រុសរបស់លោកស្រីបានវិលត្រឡប់មកប្រទេសថៃវិញកាលពីថ្ងៃទី 22 ខែសីហា វាក៏ជាការបើកផ្លូវមួយបន្ថែមទៀតសម្រាប់លោកស្រីដូច្នោះដែរ។

លោកបាននិយាយទៀតថា “ផ្អែកលើការអនុវត្តនៅក្នុងករណីរបស់ថាក់ស៊ីន ដែលបានស្នើរសុំបន្ធូបន្ថយទោសពីព្រះមហាលក្សត្រ វាគឺជានីតិវិធីល្អតែមួយគត់សម្រាប់លោកស្រី យីងឡាក់ ដូចគ្នា។ ដូច្នេះ​ខ្ញុំ​ជឿ​ជាក់​ថា យើង​នឹង​ឃើញ​លោកស្រី​វិលត្រឡប់​មក​វិញ​ក្រោយ​ចូល​ឆ្នាំ»។

លោកបានបន្ថែមថា បច្ចុប្បន្នគណបក្សភឿថៃគឺកំពុងតែកាន់អំណាច ជាពិសេសជាងនេះទៅទៀត មេដឹកនាំគណបក្សមួយនេះគឺជា កូនស្រីពៅ របស់លោកថាក់ស៊ីនថែមទៀតផង។ ហេតុដូច្នេះហើយ លោកស្រី Paetongtarn នឹងស្វែងរកគ្រប់មធ្យោបាយដើម្បីអន្តរាគមន៍លើរឿងមួយនេះជាមិនខាន។

ធនាគារ​របស់ប្រទេសកូរ៉េ បានព្រមាន​អំពី​ការ​កើនឡើង ការបង់ប្រាក់​កម្ចីគឺកាន់តែមានភា​យឺតយ៉ាវ​ ជាពិសេសគឺក្នុងវិស័យអចលនទ្រព្យ​

អត្រា​មិន​ប្រក្រតី​លើប្រាក់​កម្ចី ដែល​ទាក់​ទង​នឹងការសាងសង់​វាបានបង្កើតជាការព្រួយបារម្មណ៍រឹតតែខ្លាំងសម្រាប់​ធនាគារ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ខណៈ​ដែលកូនបំណុលកាន់តែមានភាព​យឺតយ៉ាវក្នុងការបំពេញកត្តព្វកិច្ចរបស់ខ្លួននោះ។

បើយោងតាមអ្នកឃ្លាំមើលទីផ្សារ និងអាជ្ញាធរហិរញ្ញវត្ថុរបស់ប្រទេសមួយនេះផ្ទាល់បានឲ្យដឹងថា ហានិភ័យដែលរដ្ឋាភិបាលមិនអាចគ្រប់គ្រងបាននោះ គឺបានកើតចេញពីទីផ្សារអចលនទ្រព្យ ដោយក្រុមពាណិជ្ជករទាំងនោះបានដកប្រាក់កម្ចីដើម្បីសាងសង់ផ្ទះនិងដុនដូរ យកទៅពង្រីកវិសាលភាពរបស់ខ្លួនទៅវិញ ហើយវាក៏ជាមូលហេតុនាំឲ្យមានវិបត្តិដល់សេដ្ឋកិច្ចទាំងមូលក្នុងឆ្នាំនេះនិងឆ្នាំក្រោយ នេះបើយោងតាមការចុះផ្សាយរបស់ koreantimes កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៣។

បើយោងតាមឧស្សាហកម្មហិរញ្ញវត្ថុរបស់ធនាគារក្នុងស្រុកធំៗចំនួនប្រាំដូចជា KB Kookmin, Shinhan, Hana, Woori និង NH NongHyup – ពួកគេទាំងនោះបាននិយាយដូចគ្នាថា រាល់ការបង់ប្រាក់ជូនធនាគារគឺមានភាពយឺតយ៉ាងខ្លាំង ហើយពេលខ្លះការទូទាត់វាបានហួសកាលបរិច្ចេទលើពីមួយសប្តាហ៍ក៏មានដែរ ម្យ៉ាងវិញទៀតចំពោះអត្រានៃអ្នកដែលស្នើរឲ្យមានការពន្យាពេលសម្រាប់បង់ប្រាក់កម្ចីដែលយកទៅសាងសង់ គឺបានកើនឡើងទ្វេដងនៅក្នុងឆ្នាំនេះ។

បើយើងនិយាយអំពីសមតុល្យសរុបនៃមូលនិធិដែលធនាគារបានផ្តល់ប្រាក់កម្ចីដល់វិស័យសាងសង់វិញ គឺវាបានកើនឡើងប្រមាណ 14 ភាគរយកាលពីឆ្នាំមុន គឺពី 20.3 ពាន់ពាន់លានវ៉ុននៅចុងឆ្នាំមុន រហូតដល់ 23.2 ពាន់ពាន់លានវ៉ុននៅចុងខែវិច្ឆិការឆ្នាំ២០២៣។ បើទោះបីជាអត្រាប្រាក់កម្ចីមានការកើនឡើងយ៉ាងណាក៏ដោយ តែការកើនឡើងនោះ វាសុទ្ធសឹងតែជាកម្ចីមួយដែលស្ថិតក្នុងហានិភ័យ ខណៈដែលកូនបំណុលមិនអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងបំពេញកត្តព្វកិច្ចនោះ ពួកគេក៏សុខចិត្តឲ្យធនាគារផាកវិន័យលើការយឺតយ៉ាវ ពីលើអត្រាមួយកម្រឹតទៀតផងដែរ។

បើយើងគិតត្រឹមដំណាច់ខែវិច្ឆិកា ចំនួនទឹកប្រាក់ដែលហួសកាលកំណត់ សម្រាប់កម្ចីដែលយកទៅសាងសង់ពីធនាគារកំពូលទាំងប្រាំបានកើនឡើងរហូតដល់ 105.1 ពាន់លានវ៉ុន (81 លានដុល្លារ) ដែលទួរលេខជិតទ្វេដងនៃ 52.4 ពាន់លានវ៉ុនពីចុងឆ្នាំមុន។ ហើយចំណែកឯអត្រាពន្យាពេល គឺបានកើនឡើងជិតទ្វេដងដូចគ្នាដែរ ពី 0.26 ភាគរយនៅចុងឆ្នាំមុនដល់ 0.45 ភាគរយនៅចុងខែវិច្ឆិកាឆ្នាំនេះ។

អ្វីដែលជាកំណត់សម្គាល់ខ្ពស់របស់អ្នកសារព័ត៌មាន សម្រាប់ទីផ្សារនាពេលបច្ចុប្បន្នបានចង្អុលបង្ហាញថា  ហានិភ័យនៃប្រាក់កម្ចីសម្រាប់ការសាងសង់គឺកាន់តែខ្ពស់ជាងឧស្សាហកម្មដទៃទៀត ដោយសារតែឥឡូវនេះក្រុមហ៊ុនសំណង់ជាច្រើនកំពុងជួបប្រទះវិបត្តិហិរញ្ញវត្ថុកាន់តែយ៉ាប់យ៉ឺន ទី១គឺការតំឡើងអត្រាការប្រាក់ពីខាងធនាគារ ទី២ តម្រូវការនៃអ្នកទិញអចលនទ្រព្យបានធ្លាក់ចុះ ទី៣ តម្លៃនៃវត្ថុធាតុដើម និងថ្លៃពលកម្មកាន់តែខ្ពស់ ។

ទំនោរនៃកើនឡើងក្នុងការពន្យាពេលដើម្បីសងប្រាក់កម្ចី វាកំពុងក្លាយជាការព្រួយបារម្ភកាន់តែខ្លាំងឡើងសម្រាប់ធនាគារ និងរដ្ឋាភិបាល។ នៅពេលដែលអត្រាយឺតយ៉ាវចំពោះប្រាក់កម្ចីហិរញ្ញប្បទានគម្រោងអចលនទ្រព្យនៅទូទាំងវិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសកូរ៉េទាំងមូលបានស្មើនឹង 2.42 ភាគរយ បើធៀបនឹង 0.24 ភាគរយក្នុងរយៈពេលត្រឹមតែ 3 ខែចុងក្រោយនេះ  ហើយវាក៏បានកើតឡើងស្របពេលដែលអត្រាបំណុលបានកើនឡើងយ៉ាងខ្លាំង ដែលប្រកៀកប្រកិតនឹងអត្រាប្រាក់សន្សំដែលមានចន្លោះពី ( 4.61 ភាគរយទៅ 5.56 ភាគរយ) ហើយចំនែកឯទំហំនៃឥណទានគឺមានចន្លោះពី (3.89 ភាគរយទៅ 4.44 ភាគរយ)។

ទាំងនេះវាគឺជាការឆ្លើយតបទៅនឹង រដ្ឋាភិបាលដែលបានផ្តួចផ្តើលើការផ្តល់ហិរញ្ញប្បទានគម្រោងអចលនទ្រព្យ ខណៈពេលដែលវិធីសាស្រ្តជាចម្បង គឺដើម្បីពង្រីកដល់កាលកំណត់នៃប្រាក់កម្ចី ដោយរំពឹងថានឹងមានការងើបឡើងវិញនៅក្នុងទីផ្សារអចលនទ្រព្យនៅឆ្នាំក្រោយនោះ តែរយៈពេលអូសបន្លាយនៃអត្រាការប្រាក់ខ្ពស់ និងការធ្លាក់ចុះនៃតម្រូវការអចលនទ្រព្យកាន់តែធ្ងន់ធ្ងរឡើង។ ហេតុដូច្នេះហើយថ្នាក់ដឹកនាំគួរតែកែសម្រួលរចនាសម្ព័ន្ធសារជាថ្មី  នេះបើយោងតាមរយៈ (លោក Kim Joo-hyun ប្រធាន FSC បាននិយាយក្នុងកិច្ចប្រជុំជាមួយធនាគារកាលពីដើមខែនេះ)។

បុគ្គលិកក្រុមហ៊ុន Airbus ប្រហែល 100 នាក់បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីពិធីជប់លៀងបុគ្គលិកក្នុងថ្ងៃបុណ្យណូអែល

 ក្រុមហ៊ុនផលិតយន្ត Airbus ដែលយើងស្គាល់ថា ជាក្រុមហ៊ុនផលិតយន្តហោះដ៏ធំបំផុតរបស់ពិភពលោក ក៏ដូចជាក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រឈានមុខគេមួយផងដែរនោះ បានធ្វើកម្មវិធីជប់លៀងបំណាច់ឆ្នាំ និងដើម្បីប្រារព្ធធ្វើពិធីបុណ្យណូអែល រាល់បុគ្គលិកនៃក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់របស់ Airbus គឺនៅក្នុងប្រទេសបារាំង។ តែជាអកុសលកម្មវិធីមួយនោះវាបានប្រែក្លាយទៅជារឿងដ៏ក្រក់មួយទៅវិញ បន្ទាប់ពីកម្មវិធីជប់លៀងត្រូវបានបញ្ចប់ តែទន្ទឹមនឹងនោះវាក៏មានបុគ្គលិករាប់សិបនាក់បានធ្លាក់ខ្លួនឈឺ នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣។

បើយោងតាមរយៈអ្នកនាំពាក្យរបស់ ក្រុមហ៊ុនអាកាសចរណ៍ អ៊ឺរ៉ុបដ៏ធំមួយនេះ បាននិយាយប្រាប់ទីភ្នាក់ងារបស់ CNN ថា “បុគ្គលិក Airbus Atlantic ប្រហែល 100 នាក់បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីបានឆ្លងជំងឺដែលបណ្តាលមកពីការទទួលទានអាហារ ដែលក្រុមហ៊ុនរបស់ពួកយើងបានរៀបចំសម្រប់ការញ៉ាំអាហារថ្ងៃត្រង់ក្នុងថ្ងៃបុណ្យណូអែល ប៉ុន្តែអ្នក​នាំ​ពាក្យរូបនោះ​មិន​បាន​បញ្ជាក់​ពី​ប្រភេទ​អាហារដែលពួកគេបានរៀបចំនោះទេ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Airbus Atlantic ត្រូវបានបង្កើតឡើងក្នុងខែមករា ឆ្នាំ 2022 គឺជា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Airbus ដែលមានឯកទេសខាងកៅអីយន្តហោះ។ ក្រុមហ៊ុន Airbus Atlantic មានបុគ្គលិកសរុបចំនួន 13,000 នាក់ នៅក្នុងប្រទេសចំនួន 5 ។

អ្នកនាំពាក្យក្រុមហ៊ុន Airbus បាននិយាយថា អាជ្ញាធរសុខាភិបាលបារាំងកំពុងដឹកនាំការស៊ើបអង្កេតលើការផ្ទុះជំងឺមួយនេះរួចរាល់ហើយផងដែរ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Airbus បានបន្ថែមទៀតថា “អ្វីៗដែលកើតឡើងនាពេលនោះ វាហាក់ដូចជាព្រឹត្តិការណ៍ដាច់ដោយឡែកមួយដែលយើងមិនដែលបានជួប ហើយបច្ចុប្បន្នបុគ្គលិកទាំងអស់គឺមានភាពធូស្បើយឡើងវិញបណ្តើរៗ” ។ 

អ្នកនាំពាក្យរូបនោះបាននិយាយទៀតថា “សុខភាពរបស់និយោជិតរបស់យើងនៅតែជាកង្វល់ចម្បងរបស់យើង ហើយយើងកំពុងសហការយ៉ាងពេញលេញជាមួយភ្នាក់ងារសុខភាព ARS ដើម្បីកំណត់អត្តសញ្ញាណមូលហេតុនៃជំងឺ ដើម្បីធានាថា រឿងនេះមិនអាចកើតឡើងម្តងទៀតនៅពេលអនាគតជាដាច់ខាត។”

scroll to top