រុស្ស៊ី​​ បាន​បាត់​បង់​យន្តហោះ​ចម្បាំងចំនួន ​ពីរ ​គ្រឿង​ នៅ​ក្នុងថ្ងៃ​ណូអែល

មន្ត្រីអ៊ុយក្រែនបានអះអាងថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបានបំផ្លាញយន្តហោះចម្បាំងរុស្ស៊ីចំនួន ពីរគ្រឿង នៅក្នុងថ្ងៃណូអែល នេះបើយោងតាមការចុះផ្សាយរបស់ newsweek កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣។

បើយោងទៅតាមការរៀបរាប់ពីអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយនៅក្នុងថ្ងៃបុណ្យណូអែលថា ការការពារដែនអាកាសរបស់ខ្លួន បានបំផ្លាញយន្តហោះចម្បាំងរបស់រុស្ស៊ីចំនួន ២ គឺ Su-34 និង Su-30 ។

តែបើយោងតាម ការបង្ហោះ ហ្វេសប៊ុករបស់ អគ្គសេនាធិការកាលពីថ្ងៃទី 25 ខែធ្នូ បានសរសេររៀបរាប់ថា យន្តហោះរុស្ស៊ីចំនួន 329 គ្រឿងត្រូវបានបំផ្លាញ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមនៅក្នុងខែកុម្ភៈ ឆ្នាំ 2022។

យ៉ាងណាមិញចំពោះទីភ្នាក់ងាររបស់ Newsweek មិន​អាច​ផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ​លើ​ការ​អះអាង​របស់​អ៊ុយក្រែន​ដែល​ថា ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ពីរ​គ្រឿង​ត្រូវ​បានខ្លួន​បាញ់​ទម្លាក់នោះឡើយ។ ហើយចំណែកឯខាងរុស្ស៊ីក៏កម្រធ្វើអត្ថាធិប្បាយលើការខាតបង់ក្នុងចំណោមកងកម្លាំងរបស់ខ្លួនខ្លាំងណាស់។

មេបញ្ជាការកងទ័ពអាកាសនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ឧត្តមសេនីយ៍ឯក Mykola Oleshchuk បានអះអាងថា យន្តហោះទម្លាក់គ្រាប់បែកត្រូវបានបាញ់ទម្លាក់លើរណសិរ្ស Odesa និង Mariupol នៅភាគខាងត្បូង និងខាងកើតនៃប្រទេសរៀងៗខ្លួន។

លោកបាននិយាយនៅក្នុងការបង្ហោះ Telegram នៅថ្ងៃទី 24 ខែធ្នូថា “នៅក្នុងទិសដៅ Odesa មានការងារប្រយុទ្ធនៅលើ Su-30 របស់រុស្ស៊ីនៅក្នុងសមុទ្រខ្មៅ” ។ ហើយបច្ចុប្បន្នពួកយើងកំពុងសិក្សាសម្ភារៈនៃការគ្រប់គ្រងគោលបំណងរបស់សត្រូវ ដើម្បីឲ្យដឹងច្បាស់ថា តើគោលដៅត្រូវបានវាយប្រហារដែរឬអត់។

បើយោងទៅតាមការសិក្សារបស់មន្ត្រីជំនាញអ៊ុយក្រែនបានបញ្ជាក់ថា ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះរបស់យើងបានវាយប្រហារយន្តហោះទម្លាក់គ្រាប់បែក Su-34 ក្នុងទិសដៅទៅ Mariupol ប៉ុន្តែប្រព័ន្ធការពារដែនអាកាសរបស់យើងអាចគ្រប់គ្រងបាន ដោយផ្តល់ការដូរនៃការកម្ទេចនៃយន្តហោះចម្បាំងនោះ ទៅឲ្យរុស្ស៊ីវិញ ។ ខាងអគ្គសេនាធិការបាននិយាយនៅក្នុងការអាប់ដេតថ្ងៃបុណ្យណូអែលរបស់ខ្លួនថា យន្តហោះអ៊ុយក្រែនបានវាយប្រហារគោលដៅរុស្ស៊ីជាច្រើនកន្លែង។ គួរបញ្ជាក់ថា នៅក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ កងកំលាំងការពារអាកាសចរណ៍បានវាយលុកតំបន់ចំនួន 12 ដែលផ្តោតទៅលើបុគ្គលិក អាវុធ និងឧបករណ៍យោធា ឃ្លាំងរំសេវ និងកន្លែងប្រឆាំងយន្តហោះរបស់សត្រូវថែមទៀតផង។

សាលក្រមរបស់តុលាការថៃ និងកោះហៅអតីតីប្រធានគណបក្សចលនាឆ្ពោះទៅមុខ លោក Pita នៅថ្ងៃទី 31 ខែមករា

តុលាការធម្មនុញ្ញរបស់ប្រទេសថៃបានកំណត់ថ្ងៃទី 31 ខែមករា ឆ្នាំ២០២៤ មកធ្វើសេចក្តីសម្រេចលើញត្តិប្រឆាំង របស់អតីតមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ គឺ លោក Pita Limjaroenrat ព្រមទាំងគណបក្សមួយនេះ គឺបន្ទាប់ពីមានការចោទប្រកាន់ថា ក្នុងកំឡុងពេលដែលលោកដឹកនាំបក្សប្រឆាំងលោក Pita បានប៉ុនប៉ងស្វែងរកការបញ្ចប់លទ្ធិប្រជាធិបតេយ្យតាមរយៈរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ ដែលមានព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ ដោយកាលនោះ លោក Pita បានធ្វើវាតាមរយៈយុទ្ធនាការបោះឆ្នោតរបស់បក្ស គឺដើម្បីធ្វើវិសោធនកម្មច្បាប់ស្តីពីច្បាប់ប្រមាថព្រះមហាក្សត្រ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣។

គួរបញ្ជាក់ថាញត្តិមួយ​នេះត្រូវបាន​ប្តឹង​ដោយ​លោក Teerayut Suwankesorn អតីត​មេធាវី​របស់​អតីត​ព្រះសង្ឃ Suwit Thongprasert ដែល​គេ​ស្គាល់​ច្បាស់​ថា Buddha Issara។ លោក​បាន​ចោទប្រកាន់លោក Pita ​ថា យុទ្ធនានៃការបោះឆ្នោតដោយលើកយកការ​កែប្រែ​មាត្រា ១១២ នៃ​ក្រម​ព្រហ្មទណ្ឌ ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ គឺ​រំលោភ​លើ​មាត្រា ៤៩ នៃ​រដ្ឋធម្មនុញ្ញ។

កាល​ពី​ថ្ងៃ​ច័ន្ទដើមសប្តាហ៍នេះផងដែរ លោក Pita ដែលមានមុខតំណែងនាពេលបច្ចុប្បន្នជាប្រធាន​ទីប្រឹក្សា​នៃ​ MFP បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ​ដើម្បី​ពិនិត្យ​ការឆ្លង​កាត់។

យ៉ាងណាមិញខាងតុលាការ​បាន​កំណត់ការ​សម្រេចទៅ​លើ​សំណុំរឿង​នេះ នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២ រសៀល។

បើទោះបីជាលោក Pita បានរងនូវការចោទប្រកាន់យ៉ាងណាក៏ដោយ តែលោកនៅតែនិយាយទៅកាន់តុលាការថា គោលនយោបាយរបស់គណបក្សរបស់លោកពីមុន គឺមានចេតនាធ្វើវិសោធនកម្មមាត្រា 112 ក៏ពិតមែនតែលោកធ្វើដោយស្របច្បាប់ និងស្របតាមរដ្ឋធម្មនុញ្ញ។

លោកបាននិយាយបន្តទៀតថា គណបក្សMFP មិនមានគោលបំណងស្វែងរកការផ្តួលរំលំរដ្ឋបាលរបស់ប្រទេសនោះទេ ហើយលោកនឹងពន្យល់អំពីគោលនយោបាយនេះយ៉ាងលម្អិតនៅក្នុងតុលាការ ដោយក្នុងនោះលោកបន្ថែមថា ចំណាត់ការនេះគឺមានបំណងដើម្បីរំងាប់វិបត្តិនយោបាយជាចម្បង។ លោក Pita បាន​និយាយ​ទៀតថា លោកបានស្នើរ​ឲ្យ​គណបក្ស​ឈប់​ស្វែងរក​ការកែប្រែ​មាត្រា​១១២នេះតទៅទៀតដែរ​ ព្រោះលោកមិនចង់ឲ្យអ្នកនយោបាយផ្សេងទៀត យល់ច្រលំមកលើរូបលោកតទៀតនោះទេ »។

រថភ្លើងល្បឿនលឿនដំបូងគេបង្អស់របស់ឥណ្ឌូនេស៊ីបានទទួលអ្នកដំណើរ ច្រើនជាង 1 លាននាក់ ទៅទៀត

រថភ្លើងល្បឿនលឿនដំបូងគេបង្អស់នៅក្នុងក្នុងប្រទេសឥណ្ឌូនេស៊ី និងអាស៊ីអាគ្នេយ៍ ដែលធ្វើដំណើរពី Jakarta-Bandung នាពេលឥឡូវនេះបានគ្រប់គ្រងការធ្វើដំណើររបស់អ្នកដំណើរជាង 1 លាននាក់ បើយើងគិតចាប់តាំងពីការប្រតិបត្តិការពាណិជ្ជកម្មរបស់ខ្លួនបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី 17 ខែតុលា។ នេះបើយោងតាមក្រុមហ៊ុន China State Railway Group Co. Ltd. កាលពីថ្ងៃចន្ទ ទី ២៥ ខែធ្នូ ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ការធ្វើដំណើររបស់អ្នកដំណើរតាមផ្លូវរថភ្លើងមួយនេះ បានឈានដល់ចំនួន 1 លាននាក់កាលពីថ្ងៃអាទិត្យ ខណៈដែលនៅចុងឆ្នាំនេះ គឺមានលំហូរអ្នកដំណើរកំពុងតែកើនឡើងយ៉ាងឆាប់រហ័ស ហើយវាក៏បានជំរុញឱ្យក្រុមហ៊ុន PT Kereta Cepat Indonesia-China (KCIC) ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនឥណ្ឌូនេស៊ី និងចិន ហើយក៏ជាអ្នកផ្តួចគំនិតនៃការសាងសង់ និងដំណើរការ HSR នោះ បានបង្កើនសេវាកម្មរថភ្លើងរហូតដល់ 48 លើកក្នុងមួយថ្ងៃ បើធៀបនិងកាលពីមុនការធ្វើដំណើរមានត្រឹមតែ 14 លើកប៉ុណ្ណោះ។

ប្រភពដដែលបានឲ្យដឹងទៀតថា ចាប់តាំងពីពាក់កណ្តាលខែតុលាកន្លងមក ក្រុមការងារដែលមកពីប្រទេសចិន និងឥណ្ឌូនេស៊ីបានរួមគ្នាជំរុញឱ្យមានប្រតិបត្តិការប្រកបដោយគុណភាពខ្ពស់នៃ HSR ដោយបំពេញតាមតម្រូវការរបស់អ្នកដំណើរ រួមទាំងការលើកកម្ពស់ការលក់សំបុត្រតាមអ៊ីនធឺណិត ការកែលម្អសេវាឡើងជិះនៃអ្នកដំណើរ និងការចុះចតដើម្បីបង្កើនប្រសិទ្ធភាព និងការរួមបញ្ចូលប្រព័ន្ធដឹកជញ្ជូនផ្សេងទៀត ជាមួយ HSR ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ក្នុងចំណោមអ្នកធ្វើដំណើរយ៉ាងច្រើនកោះករ។

បើទោះជាការធ្វើដំណើរកំពុងតែស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយយ៉ាងណាក៏ដោយ តែអ្នកដំណើរមិនមានការព្រួយបារម្មណ៍ទៅលើចំណីអាហារនោះទេ ព្រោះថានៅលើរថភ្លើងដ៏ទំនើបមួយនេះ មានទាំងអាហារដ្ឋាននិងភេសជ្ជៈស្ទើរតែគ្រប់ប្រភេពនៅក្នុងរថភ្លើង។

បើយោងតាមការសម្ភាសដោយផ្ទាល់ពីអ្នកធ្វើដំណើរជាមួយនឹងអ្នកកាសែតចិនសិនហួរបានឲ្យដឹងថា ការធ្វើដំណើរជាមួយនឹងល្បឿន 350 គីឡូម៉ែត្រក្នុងមួយម៉ោងនៃ HSR វាអាចជួយកាត់បន្ថយការចំណាយពេលវេលាក្នុងការធ្វើដំណើររវាងរដ្ឋធានីហ្សាកាតារបស់ឥណ្ឌូនេស៊ីទៅកាន់ Bandung ក្នុងខេត្ត West Java ជិត ៤ ម៉ោងឯនោះ តែវាក៏ជាជម្រើសមួយដ៏មានសុវត្តិភាពថែមទៀតផង។

នាវាទេសចរណ៍ខ្នាតធំដំបូងគេបង្អស់របស់ប្រទេសចិន បានចាប់ផ្តើមដំណើរការសាកល្បង

នាវាទេសចរណ៍ដ៏ធំមួយ ដែលផលិតក្នុងស្រុកដំបូងគេបង្អស់របស់ប្រទេសចិនគឺ “Adora Magic City” វាបានចាកចេញពីកំពង់ផែក្នុងទីក្រុងសៀងហៃកាលពីថ្ងៃអាទិត្យ ដោយចាប់ផ្តើមជាមួយនឹងប្រតិបត្តិការសាកល្បងរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់កាសែតចិនសិនហួរ កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៣។

កប៉ាល់ទេសចរណ៍ Adora Magic City វាមានប្រវែង 323.6 ម៉ែត្រឬស្មើរនឹង(1,061 ហ្វីត) ដែលមានទម្ងន់សរុប 135,500 តោន គឺនៅក្នុងល្បឿន 43 គីឡូម៉ែត្រ ឬស្មើ 26 ម៉ាយក្នុងមួយម៉ោង ហើយអាចផ្ទុកអ្នកដំណើរបានរហូតដល់ 5,246 នាក់ ជាមួយនឹងនាវិក 1,400 នាក់។

កប៉ាល់ Adora Magic City បានឲ្យដឹងទៀតថា វាត្រូវបានគេរចនាឡើងជាមួយនឹងបន្ទប់ឯកជនសម្រាប់ភ្ញៀវសរុបចំនួន 2,125 នេះបើយោងតាមអ្នកសាងសង់ CSSC Shanghai Waigaoqiao Shipbuilding Co., Ltd.។

គួរបញ្ជាក់ថា កប៉ាល់ទេសចរណ៍ Adora Magic City វាមានត្រូវបានគេសាងសង់ឡើងចំនួន 16 ជាន់ ជាមួយទំហំសរុបប្រមាណ 40,000 ម៉ែត្រការ៉េ ដែលអំណោយផលទាំងការរស់នៅ ក៏ដូចជាកន្លែងកំសាន្តសាធារណៈ នៅក្នុងការទទួលបាននូវបទពិសោធន៍នៃការឆ្លងកាត់មហាលសមុទ្រជាដើម។

scroll to top