យន្តហោះ​របស់​ក្រុមហ៊ុន Korean Air បានប៉ះទង្គិចគ្នាជាមួយយន្តហោះ Cathay នៅ​ប្រទេស​ជប៉ុន

មន្ត្រីអាកាសចរណ៍ Korean Air បាននិយាយថា យន្តហោះពីរដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Korean Air Lines និង Cathay Pacific Airways បានប៉ះគ្នានៅក្នុងអាកាសយានដ្ឋាន New Chitose នៃលើកោះ Hokkaido ភាគខាងជើងរបស់ប្រទេសជប៉ុនកាលពីថ្ងៃអង្គារ ខណៈពេលដែលអាកាសធាតុនៅទីនោះកាន់តែត្រជាក់ នេះបើយោងតាមការចុះផ្សាយរបស់ koreantimes កាលពីថ្ងៃទី ១៦​ ខែមករា ឆ្នាំ២០២៤។

ថ្វីត្បិតតែគ្រោះថ្នាក់លើកនេះមិនមាន ការស្លាប់និងរងរបួសក៏ពិតមែន តែឧប្បត្តិហេតុបែបនេះវាបានកើតឡើងជាលើកទីពីរហើយ បន្ទាប់ពី ការប៉ះទង្គិចគ្នាយ៉ាងរន្ធត់មួយនៅឯអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ កាលពី ពីរសប្តាហ៍មុន គឺរវាងក្រុមហ៊ុនអាកាសចរណ៍ Japan Airlines និងយន្តហោះឆ្មាំឆ្នេរសមុទ្ររបស់ខ្លួននោះ។

គួរបញ្ជាក់ថា ជុំវិញការប៉ះទង្គិចគ្នារវាងយន្តទេសចរណ៍ទាំងពីរខាងលើនេះផងដែរ ខាងមន្ត្រីអាកាសចរណ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការមួយថា ជើងហោះហើរ Korean Air គឺមានអ្នកដំណើរ 289 នាក់ បូករួមទាំងសមាជិកនាវិកនៅលើយន្តហោះ។ មន្ត្រីអាជ្ញាធររបស់ជប៉ុនបានឲ្យដឹងទៀតថា ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលមានរថយន្តសណ្តោងមួយ ដែលកំពុងតែព្យាយាមរុញយន្តហោះ Korean Air មុនពេលចេញដំណើរ តែវាបានរអិលដោយសារតែមានព្រិលធ្លាក់មកលើដីច្រើនពេក ដែលនាំឱ្យស្លាបខាងឆ្វេងរបស់យន្តហោះមួយនេះ ទៅខ្ទប់ស្លាបកន្ទុយខាងស្តាំរបស់យន្តហោះ Cathay Pacific ។

យ៉ាងណាមិញ បើយោងតាមការបកស្រាយរបស់ Cathay Pacific បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាសំណាងល្អហើយដែល”យន្តហោះរបស់យើង បានចតស្ងៀមហើយក៏មិនមានផ្ទុកអតិថិជន ឬនាវិកនៅលើយន្តហោះនោះដែរ ខណៈដែលវាក៏បានបុកដោយយន្តហោះ Korean Air A330 ដែលកំពុងតែសន្តោងឆ្លងកាត់ព្រិល” ។

យើងខ្ញុំសូមបញ្ជាក់ថា កោះហុកកៃដូ បានរងការវាយប្រហារដោយភាពត្រជាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ជាមួយនឹងការព្រមានអំពីព្រិលធ្លាក់ខ្លាំងនៅក្នុងទីក្រុងមួយចំនួនថែមទៀតផង។ បើយោងតាមរបាយការណ៍របស់អាកាសយាន្តប្រទេសជប៉ុនបានឲ្យដឹងទៀតថា ជើងហោះហើរចំនួន 46 គឺត្រូវបានលុបចោលកាលពីថ្ងៃអង្គារ ដោយសារព្រិលធ្លាក់ខ្លាំងពេក។

ប៉ុន្តែបើទោះបីជារឿងនេះបានកើតឡើងដោយសារតែបញ្ហាអាកាសធាតុក៏ដោយ តែចំពោះរដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​កាលពី​សប្តាហ៍​មុន​ថា​ខ្លួន​បាន​រឹតបន្តឹង​ពិធីការ​គ្រប់គ្រង​ចរាចរណ៍​ផ្លូវ​អាកាស​បន្ថែមទៀត ដើម្បីបញ្ជៀសការកើតឡើងបែបនេះបន្តទៀត។

សហរដ្ឋអាមេរិក បានលុបជើងហោះហើរក្នុងរយៈពេលមួយសប្តាហ៍ ដោយសារខ្យល់ព្យុះអាក់ទិកត្រជាក់

ភាគខាងលិច និងភាគឦសាននៃសហរដ្ឋអាមេរិក បានរងនូវការវាយប្រហារដោយព្យុះអាកទិក ដែលបណ្តាលឲ្យតំបន់ទាំងពីរនេះមានសីតុណ្ហភាពត្រជាក់ខុសពីធម្មតា នេះបើយោងតាមការចុះផ្សាយរបស់ euronews​ កាលពីថ្ងៃទី ១៥​ ខែមករា ឆ្នាំ២០២៤។

បើយោងតាមប្រភពដដែលមួយនេះបានឲ្យដឹងទៀតថា ប្រជាជនប្រមាណ ៩៥ លាននាក់នៅទូទាំងប្រទេសបានប្រឈមមុខនឹងការព្រមានអំពីអាកាសធាតុត្រជាក់ខ្លាំងកាលពីថ្ងៃអាទិត្យ ខណៈដែលព្យុះបានបក់បោកមកជាមួយ ខ្យល់ព្រិលក្នុង សីតុណ្ហភាព -១៧ អង្សាសេ។

បើយោងតាមរយៈក្រសួងឧតុនិយមបានព្រមានថា តំបន់មួយចំនួននៃភាគឦសានអាចនឹងមានការធ្លាក់ព្រិលខ្លាំង ព្រមទាំងមានខ្យល់បក់ខ្លាំងរហូតដល់ 89 គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាក៏អាចកើតមានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

បច្ចុប្បន្នខាងមន្ត្រី និងអាជ្ញាធរនៃអាកាសយានដ្ឋាននៅទូទាំងប្រទេស បានរាយការណ៍ថា ព្យុះអាក់ទិកបានរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាសជាបណ្តើរៗហើយ ព្រោះថាចាប់តាំងពីថ្ងៃអាទិត្យមក អាកាសធាតុក៏ចាប់ផ្តើមត្រជាក់ខ្លាំងខុសពីធម្មតា ហេតុដូច្នេះទើបពួកយើងបង្ខំចិត្តពន្យារពេល ឬក៏អាចឈានដល់ការលុបចោលថែមទៀតផង។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រភពដដែលខាងលើបានសរសេររៀបរាប់ទៀតថា ជើងហោះហើររាប់ពាន់នៅទូទាំងសហរដ្ឋអាមេរិកត្រូវបានលុបចោល ឬពន្យារពេលដោយសារតែព្យុះរដូវរងា Gerri ប្រភពមួយនេះបានឲ្យដឹងទៀតថា ចំពោះការរំខានដោយសារតែព្យុះរងារវាត្រូវបានរំពឹងទុកថា ការហោះហើរអាចត្រូវបានគេពន្យាពេញរហូតដល់មួយសប្តាហ៍។

យ៉ាងណាមិញកាលពីចុងសប្តាហ៍មុន ជើងហោះហើរជាងពាក់កណ្តាលដែលចូល និងចេញពីអាកាសយានដ្ឋានអន្តរជាតិ Buffalo Niagara ក្នុងរដ្ឋញូវយ៉ក វាក៏ត្រូវបានគេលុបចោលដូចគ្នា។ រហូតមកដល់ព្រឹកថ្ងៃច័ន្ទ ជើងហោះហើរជិត 1,500 ត្រូវបានលុបចោល ហើយជិត 500 ជើងផ្សេងទៀតគឺត្រូវបានពន្យារពេល នេះ បើយោងតាមគេហទំព័រស្ថិតិ FlightAware ។

គួរបញ្ជាក់ថា ចំពោះអាកាសយានដ្ឋាន ដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺ Denver International, Chicago Midway និង Chicago O’Hare ។ ខាងអាជ្ញាធរក្នុងតំបន់បានរាយការណ៍ផងដែរថា នៅទីក្រុងឈីកាហ្គោបានរងការវាយប្រហារដោយព្រិលធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍ជាមួយនឹងកម្រិត 17 សង់ទីម៉ែត្រនៅអាកាសយានដ្ឋាន O’Hare ។

ម្យ៉ាងវិញទៀតខាងក្រុមអ្នកជំនាញក៏បានព្រមានថា ភាគខាងកើតរដ្ឋ Pennsylvania និងផ្នែកខ្លះនៃភាគខាងជើងរដ្ឋ New Jersey និង Delaware នឹងរងផលប៉ះពាល់នៃព្យុះព្រិលខ្លាំងជាងគេ។ ប៉ុន្តែបើយើងនិយាយពីផលប៉ះពាល់ជារួមវិញ វាបានធ្វើឲ្យការធ្វើដំណើរតាមផ្លូវអាកាសនៅទូទាំងសហរដ្ឋអាមេរិកបានបិទជាបណ្តោះអាសន្ន គឺរាល់អាកាសយានដ្ឋានអន្តរជាតិតែម្តង ជាឧទាហរណ៍ ដូចជារដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ បានចាប់ផ្តើមបិទការហោះហើរចាប់ពីថ្ងៃទី 16 ខែមករានេះតទៅតែម្តង។

ការ​លក់​ផ្ទះ​ថ្មី​របស់​សិង្ហបុរី​បាន​ធ្លាក់​ចុះ​ទាប​ក្នុង​រយៈពេល 15 ឆ្នាំ ចុងក្រោយនេះ

ការលក់អចលនទ្រព្យនៅក្នុងប្រទេសសិង្ហបុរី បានធ្លាក់ចុះដល់កម្រឹតមួយដែលទាបបំផុត បើយើងគិតចាប់តាំងពីនៅឆ្នាំ 2023 មក។ ហើយចំពោះការធ្លាក់ចុះនេះគឺត្រូវបានរដ្ឋាភិបាលនៃប្រទេសសិង្ហបុរីមានប្រសាសន៍ថា វាគឺជាទួរលេខមួយដែលទាបខ្លាំង បើយើងធៀបនៅក្នុងរយៈពេល 15 ឆ្នាំក្រោយ។ ប៉ុន្តែរឿងនេះ វាមិនមែនបានកើតឡើងតែក្នុងប្រទេសយើងប៉ុណ្ណោះទេ គឺដោយសារតែលក្ខខណ្ឌនៃសេដ្ឋកិច្ចរបស់ពិភពលោកវាបានចុះខ្សោយរួចទៅហើយ នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤។

យ៉ាងណាមិញចំពោះតួលេខ​ ដែល​ចេញ​ផ្សាយ​ដោយ​អាជ្ញាធរ​អភិវឌ្ឍន៍​ទីក្រុង​សិង្ហបុរីបាន​បង្ហាញ​កាល​ពី​ថ្ងៃ​ចន្ទទៀត​ថា ខុនដូរថ្មីដែលដាក់លក់គឺនៅសល់​តែ​ ៦ ៦៧១ យូនីត​តែប៉ុណ្ណោះ​ ដែលត្រូវ​បានដាក់​លក់​ដោយ​ក្រុមអ្នក​អភិវឌ្ឍន៍​កាលពី​ឆ្នាំ​មុន។ 

ចំពោះតួលេខប្រចាំឆ្នាំជាស្តែងបើយើងគិតត្រឹមដើម្បីឆ្នាំ២០២៤ គឺបានបង្ហាញថា វាគឺជាលក់ដែលមានកម្រិតទាបបំផុតបើគិតចាប់តាំងពីឆ្នាំ 2008។ ការធ្លាក់ចុះនេះទៀតសោត វាក៏ជាសញ្ញាមួយផ្សេងទៀតដែលបង្ហាញថា នៅក្នុងទីផ្សារត្រជាក់មួយនេះ វានឹងកាន់តែអូបន្លាយ ហើយវានឹងជះឥទ្ធិលទៅលើតម្លៃលំនៅដ្ឋានទូទាំងពិភពលោកទាំងមូល ប្រសិនបើរដ្ឋាភិបាលមិនមាននិន្នាការទប់ស្កាត់។

ការកើតឡើងនៃផលប៉ះពាល់ដំបូងរបស់ប្រទេសសិង្ហបុរី គឺដោយសារតែតម្រូវ​ការ​ខាង​ក្រៅ​បាន​រង​ផល​ប៉ះ​ពាល់ខ្លាំង គឺ​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ដំឡើង​ពន្ធ​ទិញ​ផ្ទះ​សម្រាប់​ជន​បរទេស​ទ្វេដងគឺរហូត​ដល់ ៦០ ភាគរយ​កាល​ពី​ខែ​មេសា ឆ្នាំ២០២៣។ បើយោងតាមអ្នកជំនាញរបស់ក្រុមហ៊ុន Citigroup Inc. បានរំពឹងទុកថា ប្រាក់ចំណេញរបស់អ្នកអភិវឌ្ឍន៍ពីគម្រោងលំនៅដ្ឋាននឹងកាន់តែធ្លាក់ចុះបន្ថែមទៀតនៅឆ្នាំ២០២៤នេះ។

បើយោងតាមទីភ្នាក់ងារអចលនទ្រព្យ Huttons Group បានឱ្យដឹងថា សំណង់សម្រាប់លំនៅដ្ឋានថ្មីនឹងត្រូវបានគេសាកល្បងបន្ថែមទៀតនៅក្នុងខែមករា ដោយមានការបើកដំណើរការលក់បញ្ចុះតម្លៃយ៉ាងហោចណាស់ 6 ដងនៅដើមឆ្នាំនេះ ។

ម្យ៉ាងទៀតការធ្លាក់ចុះនៃការលក់អចលនទ្រព្យ វាក៏បានទាញយកភាគហ៊ុនរបស់អ្នកអភិវឌ្ឍន៍ឲ្យធ្លាក់ចុះដូចគ្នាដែរ។ Bloomberg បានបង្ហាញទៀតថា ក្រុមហ៊ុន City Developments Ltd. ដែលជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេរបស់ប្រទេសសិង្ហបុរី គឺបានជួបបញ្ហានៃការធ្លាក់ចុះប្រមាណ 19 ភាគរយកាលពីឆ្នាំមុន ដែលលើសពីការធ្លាក់ចុះនៃសន្ទស្សន៍ភាគហ៊ុនគោលរបស់ប្រទេសទៅទៀត។

បើយោងតាមលោក Ken Foong អ្នកវិភាគរបស់ Bloomberg Intelligence បាននិយាយថា “តម្លៃខ្ពស់នៃការបើកដំណើរការថ្មីរួមជាមួយនឹងបរិយាកាសអត្រាការប្រាក់ខ្ពស់អាចជាហេតុផលចម្បងសម្រាប់ការលក់ថ្មីឲ្យមានតម្លៃទាប” ។ ហើយក្រុម”អ្នកអភិវឌ្ឍន៍ប្រហែលជាត្រូវសម្របសម្រួលតម្លៃលក់ឡើងវិញ ដើម្បីបង្កើតឲ្យមានតម្រូវការពីអ្នកប្រើប្រាស់។”

បើទោះជាយ៉ាងណាក៏ដោយការធ្លាក់ចុះនៃប្រតិបត្តិការពីអ្នកទិញនេះ គឺមិនអាចឲ្យយើងអាចថ្លឹងថ្លែងទៅលើតម្លៃជាក់ស្តែងនៅឡើយទេ ព្រោះពេលខ្លះតម្រូវការក្នុងស្រុកវាក៏បានជំរុញតម្លៃនៃអគារលំនៅដ្ឋានឯកជនឲ្យខ្ពស់មកវិញដែរ។

មានន័យថា ប្រសិនបើក្នុងស្រុកអាចទទួលបាននៅ “ឱកាសដែលរដ្ឋាភិបាល បានបង្កើតឲ្យមានការទប់ស្កាត់ថ្មីដើម្បីធានាបាននូវទីផ្សារ ‘ស្ថិរភាព និងនិរន្តរភាព’នោះតម្លៃក៏អាចមានអ្នកគិតគូរឡើងវិញដូចគ្នា។

ដូច្នេះហើយទើបអ្នកជំនាញរបស់ Bloomberg Intelligence បានមើលឃើញថា តម្លៃនៃអចលនទ្រព្យ វាអាចផ្លាស់ប្តូរទៅម្ខាង ប្រសិនបើហានិភ័យនៃទីផ្សាត្រូវបានធ្លាក់ជាមុនសិន។

ការលក់ iPhone 15 ​នៅក្នុងប្រទេសចិន កាន់តែលំបាកជាងការគិតទុកទៅទៀត

 ក្រុមហ៊ុន Apple  កំពុងផ្តល់ការបញ្ចុះតម្លៃដ៏កម្រមួយលើទូរស័ព្ទ iPhone របស់ខ្លួននៅក្នុងប្រទេសចិន ដោយកាត់បន្ថយតម្លៃលក់រាយរហូតដល់ 500 យន់ (70 ដុល្លារ) ស្របពេលដែលបច្ចុប្បន្នសម្ពាធនៃការប្រកួតប្រជែងនៅក្នុងទីផ្សារស្មាតហ្វូនកាន់តែតឹងតែង នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកបានកាត់បន្ថយតម្លៃ iPhone ប្រហែលជាន 5% ដោយក្រុមអ្នកសារព័ត៌មានបានរកឃើញនៅគេហទំព័រមួយក្នុងប្រទេសចិនកាលពីថ្ងៃចន្ទ។ ការផ្សព្វផ្សាយដែលមានកំណត់ពេលវេលា ដែលដាក់ស្លាកសញ្ញាថាជាព្រឹត្តិការណ៍បុណ្យចូលឆ្នាំប្រពៃណីជាតិ នឹងមានរយៈពេលចាប់ពីថ្ងៃទី 18 ខែមករា រហូតដល់ថ្ងៃទី 21 ខែមករា ក្នុងការឈានទៅដល់ថ្ងៃឈប់សម្រាកនៅពាក់កណ្តាលខែកុម្ភៈ។

យ៉ាងណាមិញការ​លក់​ទូរស័ព្ទ iPhone 15 ស៊េរី​ចុង​ក្រោយ​របស់ Apple គឺ​កាន់តែធ្លាក់ចុះឡើងៗ ជាង​ម៉ូដែល​មុន​ៗទៅទៀត។ ការលក់ iPhone 15 បានប្រជែងនឹងឧបសគ្គជាច្រើន តួរយ៉ាងដូចជាផលិតក្នុងស្រុកដែលរួមមាន៖ ក្រុមហ៊ុន Huawei Technologies (HWT.UL) និង Xiaomi (1810.HK) បាននិងកំពុងផ្តល់ជូននូវម៉ូដែលទំនើបៗជាច្រើន ខណៈដែលប្រទេសចិនមួយនេះ ត្រូវបានរដ្ឋាភិបាលមិនអនុញ្ញាតឲ្យបុគ្គលិករដ្ឋទាំងអស់ប្រើប្រាស់ iPhone ទៀតនោះ អាចបញ្ជាក់ឲ្យយើងដឹងយ៉ាងច្បាស់ថា ក្រុមហ៊ុន Apple អាចនឹងកាន់តែធ្លាក់ចុះជាងបច្ចុប្បន្ននេះទៅទៀត។

បើយោងតាមអ្នកវិភាគរបស់ Jefferies បាននិយាយនៅក្នុងកំណត់ត្រាអតិថិជនថា ការលក់ iPhone របស់ចិនបានធ្លាក់ចុះ 30% នៅក្នុងសប្តាហ៍ដំបូងនៃឆ្នាំ 2024 បើយើងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះវាក៏ធ្លាប់បានធ្លាក់ចុះ 3% កាលពីឆ្នាំ 2023 ផងដែរ។ អ្នកវិភាគបានរំពឹងទៀតថា ទិដ្ឋភាពប្រកួតប្រជែងនៃការប្រកួតស្មាតហ្វូននឹងកាន់តែតានតឹងចាប់ពីឆ្នាំ២០២៤ នេះតទៅ។

បើទោះជាយ៉ាងនេះក្តីតែចំពោះក្រុមហ៊ុន Apple ក៏មិនអាច​កាត់​បន្ថយ​តម្លៃ​ iPhone ស៊េរី​ចុង​ក្រោយ​របស់​ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំដាក់លក់នេះបានទេ។ ព្រោះគ្រាន់តែក្រុមហ៊ុនមិន​ដំឡើង​តម្លៃ​ទូរស័ព្ទ iPhone 15 ស៊េរីចុងក្រោយ​ក្នុង​ការ​ចេញ​លក់​នៅ​ខែ​កញ្ញានេះ វាបានក្លាយជារឿងដែលគួរឲ្យភ្ញាក់ផ្អើរមួយទៅហើយ។

ការកែច្នៃវិធីសាស្ត្រនៃការលក់របស់ iPhone វាត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយ គឺនៅពេលដែលវាបានតាំងលក់នៅក្នុងវេទិកាទិញទំនិញអនឡាញដូចជា Pinduoduo​ នោះ យើងក៏អាចដឹងទៀតថា  iPhone 15 និង iPhone 15 Pro វាត្រូវបានក្រុមហ៊ុនទម្លាក់តម្លៃរហូតដល់ទៅ 16% ចាប់តាំងពីដើមឆ្នាំនេះតទៅឯណោះ។

តែជុំវិញការបញ្ចុះតម្លៃដ៏កម្រខាងលើនេះ ក្រុមអ្នកយកព័ត៌មានរបស់ រ៉យទ័រ មិនអាចទទួលបានការអត្ថធិប្បាយពីខាង Apple នៅឡើយ។

scroll to top