រុស្ស៊ី បាន​ប្រើ​អ័ព្ទ ​ដើម្បី​បិទបាំង​គ្រីមៀ​ ពី​ការ​វាយ​ប្រហារ​របស់​អ៊ុយក្រែន

តំបន់គ្រីមៀកាលពីថ្ងៃពុធត្រូវបានគ្របដណ្តប់ដោយអ័ព្ទយ៉ាងក្រាស់ក្រែល ខណៈដែល យោធារុស្ស៊ីកំពុងតែស្វែងរកមធ្យោបាយជាច្រើនវិធី ដើម្បីការពារឧបទ្វីបសមុទ្រខ្មៅពីការវាយប្រហារតាមអាកាសរបស់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ newsweek កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៤។

បើយោងតាមការរៀបរាប់ពីអ្នកស្រុកដែលរស់នៅក្នុង ឧបទ្វីប Crimean បាននិយាយជាមួយប៉ុស្តិ៍ទូរទស្សន៍អ៊ុយក្រែន Suspilne ថា ការផ្ទុះត្រូវបានគេឮនៅក្នុងផ្នែកខ្លះនៃឧបទ្វីបកាលពីព្រឹកថ្ងៃពុធ រួមជាមួយនឹងការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសដែលបានផ្ទុះឡើងនៅក្នុងទីក្រុងកំពង់ផែ Sevastopol អស់រយៈពេលប្រហែលជាកន្លះម៉ោង។ ហើយចំណែកឯស្ពាន Kerch Straight ដែលគេស្គាល់ថា វាជាសរសៃឈាមរបស់រុស្ស៊ីដែលបានតភ្ជាប់ពី Crimea ទៅកាន់រុស្ស៊ីដីគោកវិញ វាត្រូវបានអាជ្ញាធរបិទចរាចរណ៍ក្នុងអំឡុងពេលនោះទាំងស្រុង។

បើយោងតាមអ្នកយកការណ៍របស់newsweek បានឲ្យដឹងថា បច្ចុប្បន្នអ៊ុយក្រែនមានគោលដៅក្នុងការវាយប្រហារចំនួនពីរធំៗ  ដោយក្នុងនោះខាងទីក្រុង Kyiv បាននិយាយថា ខ្លួនបានផ្តោតទៅកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ីជាចម្បង ហើយបន្ទាប់មកគឺមជ្ឈមណ្ឌលយោធាយុទ្ធសាស្ត្រដែលមានទីតាំងស្ថិតនៅក្នុងឧបទ្វីបគ្រីមៀ។

គួររំលឹកថា តំបន់ Crimea វាត្រូវបានបញ្ចូលដោយខុសច្បាប់ពីសំណាក់ប្រទេសរុស្ស៊ីកាលពីក្នុងឆ្នាំ 2014 ចំពោះតំបន់មួយនេះផងដែរ វាត្រូវបានមេដឹកនាំវិមានក្រឹមឡាំង បានយកមកធ្វើជាមជ្ឈមណ្ឌលយោធាយុទ្ធសាស្ត្រសម្រាប់ទីក្រុងមូស្គូក្នុងការផ្គត់ផ្គង់កងទ័ពរបស់ខ្លួន ដើម្បីប្រយុទ្ធនៅតាមខ្សែបន្ទាត់ជួរមុខក្នុងប្រទេសអ៊ុយក្រែនតាំងពីថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2022 មកម្ល៉េះ។

ចាប់តាំងពីពេលនោះមក ឧបទ្វីបមួយនេះវាបានក្លាយជាចំណុចគោលដៅកំពូលមួយសម្រាប់យោធារបស់ទីក្រុង Kyiv ដោយក្នុងនោះប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយនៅដើមឆ្នាំថ្មីនេះថា  Crimea គឺជា អាទិភាពកំពូល សម្រាប់កងទ័ពរបស់យើងក្នុងការវាយលុកនាឆ្នាំ 2024 ។

យ៉ាងណាមិញយោធារបស់ទីក្រុងគីវ បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សជាច្រើនគ្រឿង បូករួមទាំងគ្រាប់រំសេវរាប់ពាន់គ្រាប់។ អ៊ុយក្រែនបានកំណត់គោលដៅដោយជោគជ័យនៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទូទាំងឧបទ្វីប រួមទាំងការវាយលុកចំនួនពីរលើកគឺលើស្ពាន Kerch Strait  ព្រមទាំងកងនាវាសមុទ្រខ្មៅរបស់ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថែមទៀតផង ។

ទន្ទឹមនឹងនោះលោកឧត្តមសេនីយឯក Kyrylo Budanov របស់អ៊ុយក្រែនបានព្រមានលោក Putin ក្នុងអំឡុងពេលបទសម្ភាសន៍ជាមួយកាសែតបារាំង Le Monde  ថា ការវាយប្រហាររបស់ប្រទេសគាត់នៅលើឧបទ្វីបគ្រីមៀ វាគ្រាន់តែជាជំហ៊ានដំបូងរបស់ខ្លួនតែប៉ុណ្ណោះ។

បើទោះជាយ៉ាងណាក៏ដោយចំពោះវិធីសាស្ត្រការពារដំបូងរបស់ប្រទេសរុស្ស៊ី គឺត្រូវបានអភិបាលក្រុង Sevastopol លោក Mikhail Razvozhaev បានសរសេរនៅក្នុងសារបង្ហោះទៅកាន់ Telegram ថា អ័ព្ទខ្មៅដែលយើងប្រើដើម្បីទៅគ្រប់ដណ្តប់តំបន់ឈូងសមុទ្ររបស់ទីក្រុងកំពង់ផែ Feodosia វាគឺជាមធ្យោបាយបណ្តោះអាសន្ន ហើយ “មធ្យោបាយបែបនេះ វាប្រហែលជាមិនមានស្តង់ដារ” ក្នុងការការពារឧបទ្វីបគ្រីមៀពីការវាយប្រហារបានដែរ។

ទស្សនៈ៖ យើងអាចស្វែងយល់ពីមូលហេតុ ដែលជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅតែអូសបន្លាយ

នៅពេលដែលការប្រយុទ្ធគ្នានៅតែបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ មនុស្សជាច្រើនប្រហែលជាឆ្ងល់ថា ហេតុអ្វីបានជាសង្រ្គាមរវាងប្រទេសទាំងពីរនេះត្រូវបានអូសបន្លាយជាច្រើនទសវត្សរ៍មកហើយ តែវាក៏នៅតែមិនអាចដោះស្រាយបាននោះ?

ប្រសិនបើយើងនិយាយទាក់ទងនឹងសង្រ្គាមបច្ចុប្បន្ន បើទោះបីជាមានភាគីទីបីដូចជា UN របស់អាមេរិក ក៏ពិតមែន តែយុទ្ធសាស្ត្រក្នុងការដោះស្រាយគឺមានតិចតួចបំផុត។

ប្រសិនបើយើងមកយល់ពីជម្លោះដំបូងរវាង អ៊ីស្រាអែល និង ប៉ាឡេស្ទីន វាបានកើតឡើងចាប់តាំងពីឆ្នាំ 1948 មកម្ល៉េះ។ ក្នុងរយៈប្រមាណ ៧៥ ឆ្នាំកន្លងមកនេះ ពួកគេក៏នៅតែមិនអាចសាងសន្តិភាពចំពោះគ្នា ក្នុងនាមជាប្រទេសជិតខាងបាននោះដែរ។ តើហេតុអ្វី​បានបញ្ហារបស់ពួកគេទាំងពីរ ជា​ពិបាក​ដោះស្រាយម្ល៉េះ? 

រឿងរ៉ាវគ្រប់យ៉ាងវាសុទ្ធសឹងតែមានចម្លើយ ហើយចម្លើយដែលពិភពលោកទទួលស្គាល់ថា វាជារឿងពិតនោះ គឺដោយសារតែកក្តាភូមិសាស្ត្រនយោបាយ។

ហេតុអ្វីបានជាអ្នកជំនាញជាច្រើននៅក្នុងពិភពលោក និយាយថា វាជារឿងភូមិសាស្ត្រនយោបាយ? ភូមិសាស្ត្រនយោបាយវាពិតជាមានសារៈសំខាន់ខ្លាំង ៖ វាជាកក្តាតស៊ូចម្បងក្នុងចំណោមមេដឹកនាំគ្រប់បណ្តាលប្រទេសនៅក្នុងពិភពលោក ហើយហេតុផលបន្ទាប់វាគឺកក្តាសេដ្ឋកិច្ច និងមនោគមវិជ្ជា ចំពោះចំនុចសំខាន់ទាំងនេះ វាសុទ្ធតែជាមូលហេតុដែលជម្រុញឲ្យមានការរើបម្រាស់ ។

យើងអាចមើលឃើញការប្រឆាំងជាច្រើនបានកើតឡើង រវាងប្រទេសទាំងពីរខាងលើនេះ ជាឧទាហរណ៍ដូចជានៅក្នុងការវាយប្រហារដំបូងដោយពួកហាម៉ាស បានវាយប្រហារមកលើជនស៊ីវិលរបស់អ៊ីស្រាអែល។

 តែបន្ទាប់មកយើងក៏បានឃើញរដ្ឋមន្ត្រីការពារជាតិរបស់អ៊ីស្រាអែល បាននាំប្រជាជន 2.3 លាននាក់នៃតំបន់ហ្កាហ្សាទាំងមូលទៅរក  ភាពអត់ឃ្លាន តាមរយៈការឡោមព័ទ្ធទាំងស្រុង ដោយការបង្ហាញពីភាពត្រឹមត្រូវរបស់ខ្លួនថា កងកម្លាំងការពារអ៊ីស្រាអែលកំពុង “ប្រយុទ្ធជាមួយនិងក្រុមសកម្មប្រយុទ្ធរបស់ហាម៉ាសតែប៉ុណ្ណោះ។

ជាការពិតណាស់ ប្រជាជនអ៊ីស្រាអែល និងប៉ាឡេស្ទីនភាគច្រើនគឺមិនសូវជាមានគំនិតស្អប់គ្នាទៅវិញទៅមកប៉ុន្មានទេ។ ប៉ុន្តែមានកត្តាជាច្រើនដែលធ្វើឱ្យនរណាម្នាក់ទទួលយករបៀបគិតបែបអរិភាព គឺបណ្តាលមកពីមនោគមវិជ្ជាទុច្ចរិតរបស់មេដឹកនាំ ដែលធ្វើឱ្យមានការសម្របសម្រួលមិនអាចទៅរួច។

មនោគមវិជ្ជា​ប្រភេទ​នេះ​ វាចាប់ផ្តើមបង្រៀនឲ្យជានជាតិអ៊ីស្រាអែល និងប៉ាឡេស្ទីនបានភ្ជាប់ខ្លួនទៅនឹង ជម្លោះដោយផ្ទាល់ តួរយ៉ាងដូចជាការទាមទារទឹកដីជាដើម។

នៅចុងបញ្ចប់ក្រុមហាម៉ាសដែលមានមេដឹកនាំរបស់ខ្លួនបានប្រកាន់ខ្ជាប់នៅមនសិការ ដែលមិនព្រមឲ្យទឹកដីរបស់ខ្លួនបាត់បង់សូម្បីតែមួយអ៊ីញ នៃទឹកដីផ្ទះប៉ាឡេស្ទីនជាដាច់ខាត” ។ តែទន្ទឹមនឹងនោះរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich បានដាក់ផែនការកាលពីខែកក្កដាថា លោកនិងសហការជាមួយក្រសួងការពារជាតិដើម្បី ដាក់បញ្ចូលតំបន់ West Bank របស់ប៉ាឡេស្ទីនមកធ្វើជាកម្មសិទ្ធរបស់អ៊ីស្រាអែលថែមទៀតផង ។

គួររំលឹកថា  កាលពីខែមីនា ឆ្នាំ២០២៣ អីស្រាអ៊ែលបានគូរផែនទីថ្មី ដោយដាក់ឈ្មោះថាជា “មហាប្រទេសអ៊ីស្រាអែល” ដែលរួមបញ្ចូលផ្នែកខ្លះនៃហ្ស៊កដានី ខណៈពេលខ្លួនកំពុងតែមានការតវ៉ាប្រឆាំងពីភាពមិនត្រឹមត្រូវនៃផែនទី ពីប្រទេសប៉ាឡេស្ទីនក៏ដោយនោះ “។

តែបើទោះជាយ៉ាងនេះក្តី ភាគីទី៣ ដែលយើងស្គាល់យ៉ាងច្បាស់ថា ជាអង្គការសហប្រជាជាតិ របស់សហរដ្ឋអាមេរិកនោះក៏មិនអាចស្វែងរកកិច្ចព្រមព្រៀងក្នុងដំណោះស្រាយណាមួយ ដែលសមស្របសម្រាប់រដ្ឋទាំងពីរនេះបានដែរ ។

ចំពោះករណីមួយនេះផងដែរ វាត្រូវបានអ្នកវិភាគនយោបាយជាច្រើន បានលើកឡើងថា ការសម្របសម្រួលពីជាភាគីទីបី វាមិនមានជាលទ្ធិផលណាមួយនោះទេ ព្រោះតែខ្លួនបានសម្លឹងឃើញថា ជម្លោះវាគឺជាអាជីវកម្មរបស់ខ្លួន។

ប៉ាគីស្ថាន៖ កុមារ​ពីរ​នាក់​ត្រូវ​បាន​គេ​សម្លាប់​នៅក្នុង​ការ​វាយ​ប្រហាររបស់ប្រទេស​អ៊ីរ៉ង់ ​

រដ្ឋាភិបាលរបស់ប្រទេសប៉ាគីស្ថានបាននិយាយថា កុមារពីរនាក់បានបាត់បង់ជីវិត និងបីនាក់ទៀតរងរបួស គឺបន្ទាប់ពីប្រទេសជិតខាងខ្លួន អ៊ីរ៉ង់បានបើកការវាយប្រហារតាមអាកាស ដែលធ្វើឲ្យទីក្រុងអ៊ីស្លាម៉ាបាដបានចាត់ទុកថា វាគឺជាការរំលោភលើដែនអាកាសរបស់ប្រទេសខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ aljazeera កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៤។

ប្រទេសប៉ាគីស្ថានបាននិយាយថា ខ្លួនបានកោះហៅអ្នកការទូតកំពូលរបស់ទីក្រុង Tehran នៅទីក្រុង Islamabad ជុំវិញឧប្បត្តិហេតុនេះផងដេរ។ គួរបញ្ជាក់ថា បើយោងតាមគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមបានរាយការណ៍ពីការបំផ្ទុះនៅក្នុងខេត្ត Balochistan ដែលជាខេត្តមានភ្នំខណ្ឌចែកប្រទេសទាំងពីរ គឺមានប្រជាជនប៉ាគីស្ថានរស់នៅតាមតំបន់ព្រំដែនដែលមានចំងាយយ៉ាងតិចៗជិត 1,000 គីឡូម៉ែត្រ (620 ម៉ាយ) ។

ខាងក្រសួងការបរទេសប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការរំលោភលើអធិបតេយ្យភាពរបស់ប៉ាគីស្ថាននេះ គឺពួកយើងមិនអាចទទួលយកបាននោះទេ ម្យ៉ាងទៀតប្រសិនបើពួកយើងសម្ងំស្ងៀមនោះ ពួកយើងនឹងកាន់តែមានផលវិបាកយ៉ាងធ្ងន់ធ្ងរ”។ យ៉ាងណាមិញចំពោះគ្រោះថ្នាក់កាលពីល្ងាចថ្ងៃអង្គារ «អ៊ីរ៉ុងបានធ្វើ​ឲ្យ​កុមារ​ស្លូត​ត្រង់​ពីរ​នាក់ត្រូវ​ស្លាប់ ខណៈ​ដែល​បាន​ធ្វើ​ឲ្យ​កុមារី​បី​នាក់​រង​របួស» ហើយរឿងនេះរដ្ឋាភិបាលរបស់ប៉ាគីស្ថានក៏មិននូវស្ងៀមនោះដែរ។

ទន្ទឹមនឹងប្រតិកម្មរបស់រដ្ឋាភិបាលប៉ាគីស្ថាន តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍មុននេះថា ក្រុងតេអេរ៉ង់បានកំណត់គោលដៅលើមូលដ្ឋានពីរនៃក្រុមប្រដាប់អាវុធ Jaish al-Adl ដែលស្ថិតនៅក្នុងប្រទេសប៉ាគីស្ថាន ដោយក្នុងនោះទីភ្នាក់ងារព័ត៌មាន IRNA និងទូរទស្សន៍រដ្ឋបាននិយាយថា អ៊ីរ៉ុងនិងប្រើ មីស៊ីល ព្រមទាំងយន្តហោះគ្មានមនុស្សបើក ដើម្បីបើកការវាយប្រហារថែមទៀតផង។ បើយោងតាម ទូរទស្សន៍ Press TV ដែលជាប្រព័ន្ធផ្សព្វផ្សាយជាភាសាអង់គ្លេសរបស់អ៊ីរ៉ង់ បានឲ្យដឹងទៀតថា អ៊ីរ៉ុងបានចាត់ទុកការវាយប្រហារនេះថា ជាឆ្មាំបដិវត្តន៍ប៉ារ៉ាយោធារបស់អ៊ីរ៉ង់ ប៉ុន្តែពួកគេក៏មិនបានអត្ថាធិប្បាយជាផ្លូវការនោះទេ។

គួរបញ្ជាក់ថា Jaish al-Adl វាគឺជា “កងទ័ពយុត្តិធម៌” ដែលកំពុងតែបើកការវាយប្រហារយ៉ាងសាហាវប្រឆាំងនឹងឆ្មាំព្រំដែនអ៊ីរ៉ង់ចាប់តាំងពីឆ្នាំ 2013 មកម្ល៉េះ ។

បើយោងតាមសេចក្តីថ្លែងការណ៍របស់ប៉ាគីស្ថានមិនបាននិយាយពីទីតាំងនៃឧបទ្ទវហេតុនេះទេ ប៉ុន្តែមន្ត្រីសន្តិសុខប៉ាគីស្ថានពីរនាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Press ថាការវាយប្រហាររបស់អ៊ីរ៉ង់ ដោយក្នុងនោះពួកគេបានបំផ្លាញវិហារអ៊ីស្លាមមួយនៅក្នុងស្រុក Panjgur របស់ Balochistan ដែលមានចម្ងាយប្រហែល 50 គីឡូម៉ែត្រ (30 ម៉ាយ)ពីព្រំដែនប្រទេសទាំងពីរ។ 

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសប៉ាគីស្ថានដដែលបាននិយាយទៀតថា “រដ្ឋាភិបាលរបស់ប៉ាគីស្ថានតែងតែនិយាយថា អំពើភេរវកម្មគឺជាការគំរាមកំហែងទូទៅចំពោះប្រទេសទាំងអស់នៅក្នុងតំបន់ ដែលទាមទារឱ្យមានសកម្មភាពសម្របសម្រួល” ។ ហើយចំនែកឯ“ទង្វើឯកតោភាគីបែបនេះ វាហាក់ដូចជាមិនសមស្របនឹងទំនាក់ទំនងក្នុងនាមជាអ្នកជិតខាងល្អទេ ព្រោះវាបានបំផ្លាញទំនុកចិត្តរបស់ពួកយើងយ៉ាងធ្ងន់ធ្ងរ”។

ភ្នំទឹកកក នៅក្នុងអង់តាក់ទិចអាចនឹងត្រូវបាត់បង់

នៅទីបំផុតកប៉ាល់របស់ក្រុមហ៊ុន Eyos expeditions បានមកដល់សមុទ្រទឹកកកមួយ ដែលជាតំបន់ដែលមានផ្ទាំងទឹកកក A23a នៅទីនោះ កាលពីថ្ងៃអាទិត្យ គឺបន្ទាប់ពីមានការស្វែងរករូងភ្នំដ៏ធំមួយនេះអស់រយៈពេលជាច្រើនឆ្នាំ ។ ផ្ទាំងទឹកកក A23a វាគឺជា ផ្ទាំងទឹកកកដែល ដុះ ចេញពី Filchner-Ronne Ice Shelf កាលពីក្នុងឆ្នាំ 1986។ ហើយចំពោះផ្ទាំងទឹកកកមួយនះដែរ វាមានទំហំប្រហែល 3,900 គីឡូម៉ែត្រការ៉េ ដែលធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្របានចាត់ទុកវាថា ជាផ្ទាំងទឹកកកដ៏ធំបំផុតនៅក្នុងពិភពលោក។

យ៉ាងណាមិញ បើទោះជាផ្ទាំងទឹកកកមួយនេះ បានកប់ក្នុងចុងសមុទ្រទឹកកកអង់តាក់ទិចនៃភាគខាងត្បូងយ៉ាងណាក្តី តែវាក៏នៅតែរងសម្ពាធដោយសារខ្យល់ និងក្តៅផងដែរ។ ហើយចំពោះសម្ពាធនៃបរិយាកាសទាំងនេះ វាក៏បានធ្វើឲ្យផ្ទៃទឹកទឹកកកតូចៗដែលហ៊ុំព័ទ្ធវា បានចាប់ផ្តើមរលាយបន្តិចម្តងៗ​ នៅទីបំផុតនោះផ្ទាំងទឹកកកយក្សមួយនេះវានឹងរលាយដូចគ្នាដែរ។

បើយោងតាមរយៈលោក Ian Strachan ដែលជាប្រធាន​បេសកកម្ម​បាន​និយាយ​ថា​៖ «​យើង​បាន​ឃើញ​រលក​កម្ពស់​ ៣ ​ម៉ែត្រ​ឬ​៤​ម៉ែត្រ​ ​បាន​បោកបក់​ចូល​ទៅ​ក្នុងរូង​ភ្នំនៃផ្ទាំងទឹកកកយក្ស​។

លោកបាននិយាយប្រាប់ BBC News ថា “បាតុភូតនៃធម្មជាតិទាំងនេះ វាកំពុងតែបង្ករឲ្យដុំទឹកកកនៅខាងត្បូងតំបន់ប៉ូលមានសំណឹក” ។ លោកបានមានប្រសាសន៍ទៀតថា អស់រយៈពេលជាង 30 ឆ្នាំមកហើយ ផ្ទាំងទឹកកកក្នុងតំបន់ប៉ូលទាំងអស់ វាត្រូវបានជាប់គាំងយ៉ាងរឹងមាំនៅក្នុងភក់បាតសមុទ្រ បន្ទាប់មកវាក៏បង្កើតបានជា “កោះទឹកកក” ដែលមានទំហំប្រហែល 4,000 គីឡូម៉ែត្រការ៉េ (1,500 ម៉ាយការ៉េ) ចំពោះទំហំនោះយើងអាចសន្និដ្ឋានបានថា វាមានទំហំធំជាងទីក្រុងឡុងដ៍រហូតដល់ទៅពីរដងឯណោះ។

ប៉ុន្តែបច្ចុប្បន្ន រាល់ដុំទឹកកកដែលនៅទីនោះ វាបានរសាត់ជារង្វង់ដូចទ្រនិចនាឡិកា ហើយចរន្តនោះទៀតសោតវាក៏បានទះទង្គិចនឹង A23a យ៉ាងធ្ងន់ធ្ងរ។ អ្នកវិទ្យារូបនេះបាននិយាយបន្ថែមទៀតថា ការរសាត់ជាប្រចាំបែបនេះ វាអាចធ្វើឲ្យ ភ្នំទឹកកកយក្ស នឹងចាកចេញពីទ្វីបមួយនេះថែមទៀតផង។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ក្រុមអ្នកវិទ្យាសាស្ត្រ Eyos បានចូលទៅជិតផ្ទាំងទឹកកកយក្ស A23a ដើម្បីដាក់ដ្រុនទៅថតយកព័ត៌មានជាមុនសិន។ ហើយចំនែកកម្រងរូបភាព និងវីដេអូររបស់ ដ្រុន ត្រូវបាន លោក Richard Sidey បាននិយាយរៀបរាប់ថា “វាពិតជាអស្ចារ្យ និងស្រស់ស្អាតជាទីបំផុត” ។

“តែបើយោងតាមការថតពីផ្កាយរណបវិញ បានឲ្យដឹងទៀតថា ផ្ទាំងទឹកកកយក្ស វាមានទំហំធំខ្លាំង ជាមួយនឹងកម្ពស់ជាង 300m (980ft) និងមានទម្ងន់ប្រហែល​មួយ​ពាន់​ពាន់​លាន​តោន តែទំហំនេះវា​នឹង​ថយ​ចុះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃដោយសារតែវាបានរងសម្ពាធពី ខ្យល់ និងកម្តៅ។

scroll to top