វាសនារបស់អតីតមេដឹកនាំ គណបក្សប្រឆាំង កៅក្រៃ លោក Pita គឺអាស្រ័យលើការកាត់ក្តីរបស់តុលា នៅពុធសប្តាហ៍នេះ

រាល់ក្រសែភ្នែកទាំងអស់របស់ប្រជាជនថៃនៅពេលនេះ កំពុងតែរង់ចាំមើលថា តើសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញនៅថ្ងៃពុធនេះលទ្ធផលទៅជាយ៉ាងណា? គឺជុំវិញសំណុំរឿងកាន់កាប់ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់អតីតមេដឹកនាំគណបក្សប្រឆាំងចលនាឆ្ពោះទៅមុខ(MFP) គឺលោក Pita Limjaroenrat  នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤។

នៅពេលនេះរាល់អ្នកវិភាគនយោបាយទាំងអស់នៅក្នុងប្រទេសថៃ បានបញ្ចេញមតិដូចៗគ្នាថា ប្រសិនបើតុលាការរកឃើញថា លោក Pita មានចេតនាគេចវេសពីកាពិត ខណៈពេលដែលតុលាការបានដឹងថា គាត់ពិតជាបានកាន់កាប់ភាគហ៊ុននៅក្នុងអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ iTV នោះលោកអាចនឹងបាត់បង់ឋានៈជាសមាជិកសភា។

ហើយប្រសិនបើ តុលាការបានរកឃើញថា លោក Pita មិនមានកំហុសណាមួយវិញ នោះលោក  Pita នឹងត្រូវបានគេអនុញ្ញាតិឲ្យចូលជាសមាជិកសភាឡើងវិញ មិនត្រឹមតែប៉ុណ្ណោះលោកក៏អាចទទួលបានសិទ្ធិតែងតាំងជាថ្មីក្នុងនាមជាបេក្ខជននាយករដ្ឋមន្ត្រីម្តងទៀត។

គួរបញ្ជាក់ថា គណបក្សចលនាឆ្ពោះទៅមុខ (MFP) កាលពីថ្ងៃអង្គារបានចេញផ្សាយឃ្លីបវីដេអូមួយដែលបញ្ជាក់ថា លោក Pita នាពេលឥឡូវនេះ គាត់គឺជាប្រធានទីប្រឹក្សារបស់គណបក្សចលនាឆ្ពោះទៅមុខ រួមជាមួយមេដឹកនាំគណបក្សមួយនេះនាពេលបច្ចុប្បន្ន បានបញ្ជាក់ប្រាប់មហាលជនទៀតថា លោក Pita មិនមានជាប់ពាក់ព័ន្ធនឹងការកាន់កាប់ភាគហ៊ុននៃប្រព័ន្ធផ្សព្វផ្សាយនោះទេ។ ហេតុដូច្នេះហើយ លោក Pita នឹងរួចផុតពីករណីដែលតុលាកំពុងតែស៊ើបអង្កេត ម្យ៉ាងទៀតលោកនឹងចូលទៅបម្រើឆន្ទៈប្រជាជនក្នុងនាមជាសមាជិកសភាថែមទៀតផង។

យ៉ាងណាមិញនៅក្នុងឃ្លីបដែលជាវេទិកានៃការស្រាយចម្ងល់ ដែលមានលោក Pita និង ប្រធានគណបក្ស ចលនាឆ្ពោះទៅមុខជាវាលគ្មិននោះ បើយោងតាមអ្នកជំនាញបាននិយាយថា ចំនួននៃអ្នកដែលចូលទៅទស្សនាពីដើមដល់ចប់គឺមានចំនួនច្រើនជាងគណបក្សផ្សេងៗ។ ប្រសិនបើយើងនិយាយពីលទ្ធផលនៃការស្ទង់មតិវិញបាបង្ហាញថា លោក Pita និង MFP គឺនៅតែមានប្រជាប្រិយភាពខ្លាំងជាងគេ។ ជាពិសេសជាងនេះទៅទៀត ស្ទើរតែគ្រប់អ្នកវិភាគនយោបាយបានអះអាងទៀតថា ប្រសិនបើគ្មានផែនការណាមួយ ដែលត្រូវបានរារាំងដោយសភាជាន់ខ្ពស់ លោក Pita គឺនៅតែជាមនុស្សដែលទទួលបានការពេញចិត្តពីប្រជាជនថៃច្រើនជាងគេ។

បើទោះជាយ៉ាងណាក៏ដោយ លោក Pita Limjaroenrat បានបដិសេធ​ការ​ចោទ​ប្រកាន់​នេះ ដោយ​និយាយ​ថា លោក​គ្រាន់​តែ​ជា​អ្នក​ប្រតិបត្តិ​លើ​ចំណែក​មរតក​របស់​គ្រួសារ​តែប៉ុណ្ណោះ។ លោក Pita បាន​និយាយទៀត​ថា​ពាក្យ​បណ្តឹង​នេះគឺគេមានបំណងរៀបចំឡើង ព្រោះវាជា​ហេតុផល​នយោបាយ។

ក្រុមហ៊ុន Greenland និងនាំចេញទឹកកកពីតំបន់ប៉ូល ទៅកាន់បារស្រាក្រឡុក នៅឌូបៃ

ប្រសិនបើអ្នកធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ លោកអ្នកក៏អាចក្រេបរសជានៃស្រាក្រឡុកមួយប្រភេទ ដែលផ្សំឡើងពីទឹកកកធម្មជាតិពិតៗ។ ដោយខាងក្រុមហ៊ុន Arctic Ice ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅហ្គ្រីនលែន បានអះអាងថា ខ្លួនបានជ្រើសយកទឹកកកដែលល្អឥតខ្ចោះ ព្រោះវាបានមកពីការបំបែកចេញពីផ្ទាំងទឹកកកបុរាណធំៗនៃមហាលសមុទ្រអាក់ទិច ដើម្បីបញ្ជូនទៅកាន់ប្រទេសអារ៉ាប់រួម តាមរយៈប្រទេសដាណឺម៉ាក នេះបើយោងតាមការចុះផ្សាយរបស់កាសែតបារាំងកាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៤។

វាជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើរជាខ្លាំង ដែលតាមបាមួយចំនួននៅក្នុងទីក្រុងឌូបៃ បានប្តូរទំលាប់ពីការប្រើប្រាស់ទឹកកកដែលផលិតដោយរោងចក្រ ហើយទៅស្វែងរកអ្វីផ្សេងដែលកាន់តែអស្ចារ្យជាងប្រទេសផ្សេងៗនៅក្នុងពិភពលោកទៅទៀតនោះ។ យ៉ាងណាមិញបើយោងតាមគេហទំព័ររបស់ Artic Ice គឺបានសរសេរថា ខ្លួនគឺជាក្រុមហ៊ុនដែលអាចផ្តល់ជូនលោកអ្នកនូវ ” ទឹកកកដែលបរិសុទ្ធជាងគេបំផុតក្នុងពិភពលោក ” ហើយទឹកកកទាំងនោះគឺបានមកពីផ្ទាំងទឹកកកធម្មជាតិដែលបានកកក្នុងមហាលសមុទ្រអាក់ទិចអស់រយៈពេលជាង 100,000 ឆ្នាំកន្លងមកហើយ។ 

គេហទំព័ររបស់ក្រុមហ៊ុនមួយនេះបានសរសេរទៀតថា “ផ្នែកនៃផ្ទាំងទឹកកករបស់យើងដែលផ្តល់ជូនអ្នក គឺមិនមានទំនាក់ទំនងជាមួយដីសូម្បីតែបន្តិច ជាពិសេសគឺគ្មានសារធាតុបំពុលណាមួយដែលបង្ករឡើងដោយសកម្មភាពរបស់មនុស្សជាដាច់ខាត។ ម្យ៉ាងវិញទៀតរាល់ដំទឹកកកដែលក្រុមហ៊ុនយើងបានជ្រើសរើស យើងសូមធានាថា វាសុទ្ធសឹងតែជាទឹកកកអាកទិក ដែលអាចប្រែក្លាយទៅជា H20 ដែលស្អាតបំផុតនៅលើផែនដី”។

បើយោងតាមអ្នកជំនាញផ្នែកទឹកកកជនជាតិបារាំង Heïdi Sevestre ដែលធ្វើការនៅ AMAP  ដែលជាកម្មវិធីត្រួតពិនិត្យ និងវាយតម្លៃតំបន់អាក់ទិកអន្តរជាតិ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា “ទឹកកកដែលយើងយកមកជូនអ្នក វាគឺជាទឹកកកវេទមន្ត ព្រោះថាទឹកកកដែលមានអាយុកាលជាយូយាណាស់មកហើយនោះ វារលាយក្នុងកម្រឹតយឺតៗបំផុត។

លោកបានបន្ថែមថា ពួកយើងមាន “ហេតុផលគ្រប់គ្រាន់” ក្នុងការបញ្ជូនទឹកកកដែលមានគុណភាពទៅកាន់ ទីក្រុងឌូបៃ បើទោះជាទីនោះវាមានចម្ងាយច្រើនជាង 7,000 គីឡូម៉ែត្រក៏ដោយ។

តែទន្ទឹមនឹងនោះ វាក៏មានអ្នករិៈគន់ជាច្រើនបានលើកឡើងថា៖ «ការបាត់បង់ផ្ទាំងទឹកកក វានឹងធ្វើឲ្យមានផល​ប៉ះពាល់​ដល់​បរិស្ថាន បើ​ទោះ​បី​ជា​ក្រុមហ៊ុន​កំពុង​ព្យាយាម​យ៉ាង​ខ្លាំង​ក្នុង​ការ​ប៉ះប៉ូវ​កាបូនិក​​ក្នុងរយៈ​ពេល​ដំបូង​ក៏​ដោយ»។

បើទោះជាយ៉ាងនេះក្តី ក្រុមហ៊ុន Artic Ice  បានអះអាងថា ពួកគេនឹងផ្តល់ជូននូវកាបូនមួយដ៏ពេញលេញ ដោយផ្អែកលើបច្ចេកទេសស្តុកកាបូនថ្មីពីក្រុមអ្នកជំនាញរបស់ខ្លួន។

ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ក្រុមអ្នកវិទ្យាសាស្ត្រជាច្រើននៅក្នុងប្រទេសបារាំង បាននិយាយថា វាមិនអាចទៅរួចនោះទេ (មិនជឿទេ)។

បើយោងតាមអ្នកវិទ្យាសាស្ត្រម្នាក់ដែលមានមូលដ្ឋាននៅក្នុងប្រទេសបារាំងបានឆ្លើយតបនិងក្រុមហ៊ុន Artic Ice ថា ហ្គ្រីនឡែន គឺជាតំបន់មួយដែលមានកំដៅលឿនបំផុតរបស់ភពផែនដី។ 

ការសិក្សា មួយ  ដោយ Nasa ដែលបានចេញផ្សាយកាលពីថ្ងៃពុធក្នុងទស្សនាវដ្តី Nature បានបង្ហាញថា ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យផ្ទាំងទឹកកកដែលស្ថិតនៅតំបន់ Greenland បានបាត់បង់ប្រមាណ 20 ភាគរយ ហើយប្រសិនបើក្រុមហ៊ុននៅតែចង់បន្តដឹកជញ្ជូនដុំទឹកកកចេញពីទីនេះបន្ថែមទៀតនោះ តើយើងអាចស្រោចស្រង់ការឡើងកំដៅនៃភពផែនដីដោយរបៀបណា?

គួរបញ្ជាក់ថា កាលពីក្នុងឆ្នាំ ២០២៣ ក្រុមហ៊ុន Artic Ice បានដឹកទឹកកកចេញពីមហាលសមុទ្រអាក់ទិក ប្រហែល ២០ តោន ដោយកាលនោះក្រុមហ៊ុនបាននិយាយថា ទីក្រុងឌូបៃនឹងឈ្នះចិត្តរបស់អតិថិជនកាន់តែច្រើន។

កាលពីឆ្នាំ 2023 ក្រសួងទេសចរណ៍អេហ្ស៊ីបបានប្រកាសថា ខ្លួនបានទទួលភ្ញៀបទេសចរប្រមាណ 14.9 លាននាក់

ភ្ញៀវទេសចរប្រមាណ ១៤,៩ លាននាក់ ដែលបានទៅទស្សនាប្រទេសអេហ្ស៊ីបនៅឆ្នាំ 2023 វាគឺជាកំណត់ត្រាមួយដែលបានឡើងប្រហែល 33 ភាគរយ បើធៀបទៅនឹងចំនួនភ្ញៀវសរុបទាំងអស់នៅក្នុងពិភពលោក កាលពីឆ្នាំ២០១៩ នេះបើយោងតាមកាលចុះផ្សាយរបស់ក្រសួងទេសចរណ៍របស់ប្រទេសអេហ្ស៊ីបកាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៤។

បើយោងតាមរយៈលោក Ahmed Issa ដែលរដ្ឋមន្ត្រីជាន់ខ្ពស់របស់អេហ្ស៊ីបបាននិយាយថា៖ ចំពោះសមទ្ធផលខាងលើនេះ យើងអាចទទួលបាន​ គឺវាកើតចេញពីកិច្ចខិតខំប្រឹងប្រែងរវាង ក្រសួងទាំងអស់ដែលជាប់ពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន ក៏ដូចជាដៃគូយុទ្ធសាស្ត្រជាដើម។

វិស័យទេសចរណ៍មួយដែលរីកចម្រើនមិនមែនអាស័យទៅលើតែអ្វីដែលប្រទេសយើងមាននោះទេ លោក  Issa បានមានប្រសាសន៍ទៀតថា៖ សម្រាប់សមាសធាតុដែលយើងបានរួមផ្សុំបញ្ចូលគ្នា គឺពួកយើងបានកំណត់ទិសដៅរួមគ្នា ដោយផ្តើមចេញពីការបង្កើនចំនួនកៅអីនៃក្រុមហ៊ុនទេសចរណ៍ ដោយជាការផ្តល់ជូនដល់ជនបរទេសនូវបរិយាកាសវិនិយោគមួយដ៏ល្អជាមុនសិន។ ម្យ៉ាងវិញទៀតខាងក្រសួងទេសចរណ៍បានគិតគូយ៉ាងហ្មត់ចត់ទៅលើសោភ័ណ្ឌភាព និងតម្លៃបន្ទប់សណ្ឋាគារជាចម្បង។ ទាំងក្រសួង និងវិស័យឯកជនទាំងអស់ត្រូវតែផ្តល់ជូនភ្ញៀវទេសចរណ៍នូវបទពិសោធមួយដ៏ល្អ ពោលគឺគុណភាព និងសេវាកម្ម ទើបវាអាចធ្វើឲ្យប្រទេសអេហ្ស៊ីបទទួលបានផ្លែផ្កាមួយនេះ។

លោក Ahmed Issa បានសង្កត់ធ្ងន់ទៀតថា៖ បើទោះបីជាកំណើននៃភ្ញៀវទេចរណ៍កាលពីឆ្នាំ ២០២៣ គឺមានសន្ទុះក៏ពិតមែន ប៉ុន្តែអ្វីដែលយើងចង់បានពិតប្រកដនោះគឺជា ដៃគូវិនិយោគគ្រប់វិស័យឯកជនពោល រាល់លំហូរចូលនៃអ្នកវិនិយោគ ពួកយើងក៏អាចមានឳកាសទទួលបាននូវភ្ញៀវទេចរណ៍ផងដែរ។

ចំពោះចក្ខុវិស័យរបស់រដ្ឋាភិបាលនៃប្រទេសអេហ្ស៊ីប  គឺធ្វើយ៉ាងណាដើម្បីឲ្យប្រទេសរបស់ខ្លួនទទួលបាននៅភ្ញៀវទេសចរយ៉ាងតិច 30 លាននាក់នៅឆ្នាំ 2028។ ហើយចំពោះការចាប់ផ្តើមនៅឆ្នាំ២០២៤ ទៀតសោតគឺរាជរដ្ឋាភិបាលរបស់ប្រទេសមួយនេះបានដាក់ចេញនូវគោលដៅធំៗជាចម្បងដូចជា៖ ការពង្រីកទៅក្នុងទីផ្សារថ្មី បង្កើនជំនាញរបស់បុគ្គលិកក្នុងឧស្សាហកម្មទេចរណ៍ ការលើកកម្ពស់ឲ្យមានទេសចរណ៍ក្នុងស្រុក និងការបង្កើនការយល់ដឹងអំពីទេសចរណ៍ និងបុរាណវិទ្យានៅគ្រប់ផ្នែកទាំងអស់នៃសង្គម ជាពិសេសក្នុងចំណោមកុមារ។ 

លោកបានសង្កត់ធ្ងន់ទៀតថា រាល់បដិសណ្ឋារកិច្ចគឺត្រូវតែគិតគូរពីបរិស្ថាន ដោយឲ្យពួកគេត្រូវចេះពិចារណាលើកត្តានិរន្តរភាព និងការអភិរក្សរកន្លែងបុរាណជាពិសេសគឺប្រាសាទពីរ៉ាមីត(Giza Necropolis) ព្រោះវាគឺជាកន្លែងអច្ឆរិយៈមួយដែលវ័យចំណាស់ជាងគេបំផុតនៅក្នុងពិភពលោក។ ម្យ៉ាងវិញរាល់សណ្ឋាគារនៅក្នុងប្រទេសអេហ្ស៊ីបទាំងអស់ គឺត្រូវតែមានវិញ្ញាប័ណ្ណប័ត្របៃតង ដើម្បីបង្ហាញឲ្យបរទេសដឹងថា យើងគឺជាមនុស្សដែលគិតគូរពីធម្មជាតិ។ គួរបញ្ជាក់ថា រដ្ឋមន្ត្រីរបស់ក្រសួងទេសចរណ៍របស់អេហ្ស៊ីបបាននិយាយប្រាប់ arabnews ថា បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ ដែលទើបតែស្ងប់ស្ងាត់នោះ យើងក៏មិនអាចទទួលបាននូវភ្ញៀវទេចរណ៍ពីខាងទ្វីបអឺរ៉ុបបានភ្លាមៗនោះដែរ។ យ៉ាងណាមិញ ជំហ៊ានដំបូងតែយើងគួរតែធ្វើនោះគឺ ការទាញយកភ្ញៀវទេចរណ៍ដែលមានព្រុំប្រទល់ជាប់ប្រទេស វាគឺជារឿងមួយដែលជោគជ័យបំផុត។ អេហ្ស៊ីបបានកំណត់គោលដៅជាពិសេសគឺប្រទេសអារ៉ាប៊ីសាអូឌីត ដោយផ្តើមចេញពីការសហការជាមួយក្រុមហ៊ុនទេចរណ៍ល្បីៗនៅក្នុងប្រទេសមួយនេះជាមុនសិន គឺការផ្តល់កិត្តិយសដល់ប្រជាជននៃប្រទេសមួយនេះជាអាទិភាព គឺធ្វើយ៉ាងណាដើម្បីឲ្យពួកគេព្រមទទួលយកនូវបទពិសោធន៍ទេសចរអេហ្ស៊ីបដ៏ទំនើប និងភាពជឿនលឿនដែលអាចធានាបាននូវការបំពេញតម្រូវការ និងចំណូលចិត្តរបស់ពួកគេបានយ៉ាងល្អ។

ការបូប Dior ដែលមានតម្លៃជាង ២ពាន់ដុល្លា វាបានធ្វើឲ្យជំទាវទី១ របស់ប្រទេសកូរ៉េខាងត្បូង ទទួលរងនូវការរិៈគន់ជាបន្តបន្ទាប់

ការរិះគន់គឺកាន់តែកើនឡើងជាលំដាប់ ជាពិសេសគឺសមាជិករបស់គណបក្សដែលកំពុងកាន់អំណាច (PPP) ហើយរឿងទាំងអស់នេះវាបានបង្កើតជាភាពចម្រូងចម្រាសមួយជុំវិញជំទាវទីមួយ Kim Keon Hee តាមរយៈវីដេអូមួយ ដែលត្រូវបានគេយកទៅចែកចាយជាបន្តបន្ទាប់ ព្រោះវាជាសកម្មភាពរបស់ភរិយាប្រធានាធិបតីខាងត្បូង បានទទួលយកកាបូប Dior ពីគ្រូគង្វាលជនជាតិអាមេរិក-កូរ៉េ កាលពីក្នុងខែកញ្ញា ឆ្នាំ 2022 នេះបើយោងតាមការចុះផ្សាយរបស់ koreantimes កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៤។

ការទាមទារពីសមាជិកបក្ស PPPគឺពួកគេចង់បានដំណោះស្រាយពីប្រធានាធិបតីបច្ចុប្បន្នគឺលោក Yoon Suk Yeol​ មកស្រាយបំភ្លឺជុំវិញអារម្មណ៍អវិជ្ជមានរបស់ប្រជាជន ខណៈដែលស្វាមីភរិយាប្រធានាធិបតីបានរក្សាភាពស្ងៀមស្ងាត់។ យ៉ាងណាមិញក្នុងនាមជាម្ចាស់សន្លឹកឆ្នោត និងជាសមាជិករបស់គណបក្ស ពួកគេសូមតំណាងឲ្យប្រជាពលរដ្ឋកូរ៉េខាងត្បូងទាំងអស់ ដោយសូមអំពាវនាវទៅកាន់ការិយាល័យប្រធានាធិបតី Yoon Suk Yeol គួរតែធ្វើសន្និសីទសារព័ត៌មានដើម្បីបកស្រាយរាល់ចម្ងល់ទាំងអស់នោះ។

បើយោងតាម លោក Han Dong-hoon ដែលជាមេដឹកនាំបណ្ដោះអាសន្នរបស់បក្ស PPP បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី ១៨ នេះ ថា ភាពចម្រូងចម្រាសនៃកាបូបរបស់ស្រ្តីទីមួយ “វាអាចក្លាយជាបញ្ហា នៃការព្រួយបារម្ភរបស់សាធារណៈជន”។ លោក Han បាន​និយាយ​ថា​៖ «​ជា​ទូទៅ បញ្ហា​ដែលបានកើតឡើងនេះផងដែរ វា​គឺ​ជា​ការ​រៀបចំ​ផែនការរបស់បុគ្គលណាមួយ ​ដោយ​ប្រើ​កាមេរ៉ា​ស៊ើបការណ៍ដោយសម្ងាត់។ 

បើយោងតាមរយៈទីភ្នាក់ងារ Voice of Seoul ដែលជាបណ្តាញព័ត៌មានមួយ ដែលមានមូលដ្ឋានលើ YouTube សេរីបានអះអាងកាលពីខែវិច្ឆិកាថា ជំទាវទីមួយរបស់កូរ៉េខាងត្បូង បានទទួលអំណោយកាបូប Christian Dior មួយដែលមានតម្លៃប្រហែល 3 លានវ៉ុន (2,240 ដុល្លារ) ពីគ្រូគង្វាលអាមេរិកម្នាក់កាលពីខែកញ្ញា ឆ្នាំ 2022។ ការផ្សព្វផ្សាយដែលអមជាមួយនិងវីដេអូនៅកន្លែងកើតហេតុ វាក៏បានធ្វើឲ្យវីដេអូមួយនោះត្រូវបានគេយកទៅចែកចាយពីម្នាក់ទៅម្នាក់ស្ទើតែពាសពេញពិភពលោក។​ ម្យ៉ាងទៀតទន្ទឹមនឹងនោះ វាក៏មានព័ត៌មានក្នុងស្រុកមួយចំនួនក៏បានសរសេរទៀតថា ជំទាវទី១ Kim Keon Hee គឺមានជាប់ពាក់ព័ន្ធនឹងរឿងគ្រប់គ្រងភាគហ៊ុន ហើយលោកជំទាវ ក៏ត្រូវបានរងនូវការស៊ើបអង្កេតជាពិសេសដោយក្រុមប្រឹក្សាពិសេសរបស់រដ្ឋសភាថែមទៀតផង ប៉ុន្តែក្នុងករណីមួយនេះ វាត្រូវបានលុបចោលក្រោយមានការអន្តរាគមន៍ពីលោក Yoon ។

រាល់ការរិៈគន់ពីមហាលជនកន្លងមក វាបែរជាធ្វើឲ្យប្រធានរបស់គណបក្ស​ប្រជាជន PPP សង្កត់ធ្ងន់ថា ការចោទប្រកាន់នេះគឺមានហេតុផលនយោបាយ ហើយករណីខាងលើនេះវាសុទ្ធសឹងតែជាចំ​ផែនការ ដែលក្រុមប្រឆាំងមានបំណងធ្វើបាបលោកស្រី Kim។  ហើយចំពោះ​ជនរងគ្រោះពិតប្រាកដនោះ វាគឺជាលោកស្រី Kim ទៅវិញទេ ដូច្នេះយើងក៏​មិនចាំបាច់ត្រូវបកស្រាយនោះដែរ។ 

ប៉ុន្តែប្រសិនបើយើងក្រឡែកទៅមើលលទ្ធផលនៃការបោះឆ្នោតអាណត្តិបន្ទាប់វិញនោះ ប្រាកដណាស់គណបក្សប្រឆាំងគឺកំពុងតែមានប្រៀបជាងគណបក្សដែលកំពុងតែកាន់អំណាច។ តើលោក Yoon អាចទទួលបានការគាំទ្របន្តទៀតដែរឬក៏អត់នោះ?

យ៉ាងណាមិញភាពមិនច្បាស់លាស់វានឹងនៅតែបន្ត ប្រសិនបើមិនមានការបកស្រាយណាមួយឲ្យបានច្បាស់លាស់នោះ។

scroll to top