តើអ្នកណាវ៉ាដាច់លោក Elon Musk គឺជានរណា?

លោក Bernard Arnault គឺជាពាណិជ្ជករជនជាតិបារាំងម្នាក់ ដែលមនុស្សភាគច្រើននៅក្នុងពិភពលោកតែងហៅលោក ថាប្រធាន LVMH​ ។ LVMH (Louis Vuitton Moët Hennessy) វាគឺជាអង្គភាពរបស់អឺរ៉ុបដំបូងគេដែលមានតម្លៃលើសពី ៥០០ ពាន់លានដុល្លាសហរដ្ឋអាមេរិកទៅទៀត។ LVMH គឺជាក្រុមហ៊ុនយក្សមួយដែលបានគ្រប់គ្រង ក្រុមហ៊ុនបុត្រសម្ព័ន្ធប្រហែល 60 ព្រមទាំងគ្រប់គ្រងលើម៉ាកយីហោល្បីៗនៅក្នុងពិភពលោកប្រមាណ 75 មុខ។ យ៉ាងណាមិញ ក្រៅពី Louis Vuitton និង Moët Hennessy ក្នុងនោះក៏មាន Christian Dior  Sephora និងCeline ជាដើម។

បើយោងតាមការចុះផ្សាយរបស់ ទស្សនាវដ្តី Forbes នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា នៅក្នុងតារាងនៃមហាលសេដ្ឋីនៅក្នុងពិភពលោករបស់ខ្លួននាពេលនេះមិនមែនជាលោកElon Musk នោះទេ តែគឺអតីតអ្នកឈរលំដាប់ទី១ មុន ស្ថាបនិក Tesla នោះគឺជាលោក  Bernard Arnault ព្រោះពេលនេះលោកគឺជាមនុស្សម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធច្រើនជាង 207 ពាន់លានដុល្លារឯណោះ។ 

គួរបញ្ជាក់ថាដំណឹងមួយនេះផងដែរ វាបានកើតឡើងនៅពេលដែល Arnault បានតែងតាំងកូនប្រុសរបស់លោកចំនួន ពីរនាក់ឱ្យអង្គុយនៅក្នុងក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជាមួយនឹងកូនពីរនាក់ផ្សេងទៀត គឺក្នុងគោលបំណងដើម្បីទទួលបាននូវការផ្លាស់ប្តូរគំនិត និងដើម្បីឲ្យមានការគ្រប់គ្រងជាក្រុមគ្រួសារក្នុងរយៈពេលវែង។

តាមពិតទៅ លោក Arnault និងគ្រួសាររបស់គាត់គឺមានទ្រព្យសម្បត្តិសរុបច្រើនជាង 240. ពាន់លានដុល្លារអាមេរិកទៅទៀត ប្រសិនបើយើងគិតត្រឹមចុងខែមេសា ឆ្នាំ 2023។ ប៉ុន្តែបន្ទាប់ពីខែមិថុនា ឆ្នាំដដែលនោះមក ទ្រព្យសម្បត្តិរបស់លោកបានថយចុះមកនៅត្រឹម ១៩០ ពាន់លានដុល្លា ទើបធ្វើឲ្យចំណាត់ថ្នាក់លេខមួយនៅក្នុងពិភពលោកក៏ធ្លាក់ទៅលើ លោក Elon Musk ។ 

យ៉ាងណាមិញបើយោងទៅតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់របស់ Forbes នៅថ្ងៃទី ២៩ ខែមករា បានឲ្យទៀតថា លោក Bernard Arnault បានដណ្តើមយកតំណែងលេខមួយមកវិញហើយ គឺជាមួយនឹងទ្រព្យសម្បត្តិសុទ្ធប្រមាណ 207.6 ពាន់លានដុល្លារ ខណៈដែលលោក Elon Musk មានទ្រព្យសមប្បត្តិសុទ្ធត្រឹម 204.7 ពាន់លានដុល្លាសហរដ្ឋអាមេរិក។

បើយោងតាម កាសែតអឺរ៉ុបបានសរសេរថា ការវិលត្រលប់របស់លោក Bernard Arnault នាពេលនេះគឺវាបានគូសបញ្ជាក់ពីភាពខុសគ្នានៃចក្រភពអាជីវកម្មរបស់ពួកគេទាំងពីរ ដោយផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយរបស់ពួកគេ។

Euronews បានបង្ហាញទៀតថា កាលពីចុងឆ្នាំ២០២៣ LVMH ដែលជាមហាអំណាចនៃអ្នកដែលលក់ទំនិញប្រណីតជាងគេបំផុតនៅក្នុងពិភពលោក បានបំបែកកំណត់ត្រានៃការលក់យ៉ាងច្រើនលើសលប់ ដែលធ្វើឲ្យ LVMH អាចបានទទួលនូវប្រាក់ចំណូលច្រើនជាង 86.2 ពាន់លានអឺរ៉ូទៅទៀត។ Euronews បានធ្វើរង្វាស់នៃការកើនឡើងរបស់ក្រុមហ៊ុនយក្សនេះទៀតថា ការលក់នៅក្នុងឆ្នាំ២០២៣ គឺបានកើនឡើងប្រមាណ១៣% បើយើងធៀបនិងឆ្នាំ២០២២។ ហើយចំពោះកំណើននៃប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងក្រុម LVMH គឺត្រូវបានគេសង្កេតឃើញថា ការរីកចម្រើននេះគឺកើតឡើងបន្ទាប់ពីស្ថាបនិករបស់ LVMH បានប្តូរចក្ខុវិស័យដោយផ្តោតទៅការលក់រាយដោយផ្ទាល់វិញម្តង ហើយលទ្ធផលវាពិតជាបានកើនឡើងគួរឱ្យកត់សម្គាល់។

លោក Bernard Arnault តែងតែរក្សានូវទស្សនវិស័យដែលប្រកបដោយសុទិដ្ឋិនិយម មានន័យថាលោកគឺជាជើងចាស់ម្នាក់ដែលមានការប្រុងប្រយ័ត្នខ្ពស់។​ ដោយក្នុងនោះខាងទស្សនាវដ្តីForbes បានដកស្រង់សម្តីរបស់លោកថា ” ទីផ្សានៅក្នុងឆ្នាំ២០២៤ យើងត្រូវតែមានការប្រុងប្រយ័ត្នឲ្យកាន់តែខ្ពស់ជាងមុន ដោយលោក Bernard បានសង្កត់ធ្ងន់ថា ទំនុកចិត្ត និងការគាំទ្រទៅលើម៉ាកយីហោ វាគឺជាអ្វីដែលអ្នកលក់តែងតែចង់បានបំផុត”។ 

មហាសេដ្ឋីបារាំងរូបនេះក៏បានបង្ហាញពីការរំពឹងទុករបស់លោកសម្រាប់ឆ្នាំ 2024 ថា ឆ្នាំថ្មីវាគឺជាឆ្នាំដែលបានបំផុសគំនិតយ៉ាងពិសេសចំពោះលោក ព្រោះ LVMH និងរៀបចំនូវអ្វីដែលកាន់តែពិសេស និងអស្ចារ្យជាទីបំផុត សម្រាប់ការអបអរសាទរនៅក្នុងការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ខណៈដែលទីក្រុងប៉ារីសធ្វើជាម្ចាស់ផ្ទះ។

យ៉ាងណាមិញ ការគិតបែបវិជ្ជមានជុំវិញ LVMH វាបានឆ្លុះបញ្ចាំងឲ្យយើងដឹងថា វាគឺជាជ័យជំនះមួយដ៏ធំធេងរបស់លោក Bernard ហើយវាក៏ជាកកំលាំងចលករមួយដែលជំរុញឲ្យទីផ្សារភាគហ៊ុននៅក្នុងពិភពលោករបស់លោក បានកើនឡើងរហូត 12.81% ឬស្មើនឹង 773.10 អឺរ៉ូ គឺបន្ទាប់ពីការប្រកាសរបស់លោក។ ការកើនឡើងរបស់ LVMH នេះទៀតសោត វាក៏បានជំរុញឲ្យលោក Arnault ឈានដល់ចំណុចកំពូលនៃចំណាត់ថ្នាក់ទ្រព្យសម្បត្តិសកលផងដែរ។

តើមានមូលហេតុអ្វីខ្លះទើបធ្វើឲ្យលោក Elon Musk ធ្លាក់ចេញពីតារាងកំពូលទីមួយ? បើយោងតាមអ្នកជំនាញរបស់ Forbes បានបង្ហាញថា នៅផ្នែកម្ខាងនៃសមីការទ្រព្យសម្បត្តិរបស់លោក Elon Musk  វាគឺជា Tesla ។ ក្រុមហ៊ុនយក្សរថយន្តអគ្គិសនី Tesla បានរាយការណ៍ថា ថ្វីត្បិតតែការលក់វាមិនបានធ្លាក់ចុះក៏ពិតមែន តែវាមាការកើនឡើងតិចតួចបំផុតគឺប្រហែល 3.5% នៃប្រាក់ចំណូលត្រីមាសទី 4 ក្នុងឆ្នាំ 2023 ដែលមានតម្លៃជាសាច់ប្រាក់ប្រមាណ 25.2 ពាន់លានដុល្លារ ។

នៅក្នុងទស្សនៈវិស័យរបស់ ស្ថាបនិករបស់ក្រុមហ៊ុន Tesla បានសម្លឹងទៅមុខថា ឆ្នាំ 2024 គឺជាឆ្នាំដែលមាន “បញ្ហាប្រឈម” ជាច្រើសម្រាប់ឧស្សាហកម្មរថយន្តអគ្គិសនីសកល។ បើយោងតាមការព្យាករណ៍របស់ជំនាញរបស់ Wall Street វិញបានរំពឹងទុកថា ភាគហ៊ុនរបស់ Tesla និងមានការធ្លាក់ចុះ ខណៈដែលគូរប្រកួតប្រជែងគឺមានកាន់តែច្រើន។

ខាង Wall Street បានសរសេរទៀតថា បន្ទាប់ពីការចេញផ្សាយនូវប្រាក់ចំណូលភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះប្រហែល 12% វាក៏បានរួមចំណែកដល់ទ្រព្យសម្បត្តិរបស់ Elon Musk ឲ្យធ្លាក់ទៅកាន់ចំណាត់ថ្នាក់ទីពីរក្នុងចំណោមបុគ្គលដែលមានបំផុតរបស់ពិភពលោក។ ភាពផ្ទុយគ្នាស្រឡះនៅក្នុងទ្រព្យសម្បត្តិហិរញ្ញវត្ថុរបស់លោក Bernard Arnault និង លោក Elon Musk គឺបានបង្ហាញពីភាពប្រែប្រួលនៃទ្រព្យសម្បត្តិរបស់ពាណិជ្ជករទាំងពីរនេះ នៅក្រោមលក្ខខណ្ឌ និងទិដ្ឋភាពអាជីវកម្មផ្សេងគ្នា ប៉ុន្តែការប្រែប្រួលទាំងនោះវាក៏បានចូលទៅផ្លាស់ប្តូរចំណាត់ថ្នាក់របស់អ្នកទាំងពីរយ៉ាងឆាប់រហ័ស គឺតាមរយៈទ្រព្យសម្បត្តិសុទ្ធដែលបានអាចកើតឡើងក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោង។

ក្រុមហ៊ុនអចលនទ្រព្យ Evergrandeរបស់ចិន អាចនឹងត្រូវបានគេរំលាយនាពេលឆាប់ៗនេះ

ចៅក្រមរបស់ទីក្រុងហុងកុងបាននិយាយថា វាល្មមគ្រប់គ្រាន់ហើយ សម្រាប់ក្រុមអ្នកអភិវឌ្ឍន៍ Evergrandeដែលតែងតែបរាជ័យក្នុងការដោះស្រាយបំណុលរបស់ខ្លួនម្តងហើយម្តងទៀតនោះ នេះបើយោងតាមការចុះផ្សាយរបស់ bbc កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤។

ក្រុមហ៊ុនលក់អចលនទ្រព្យធំជាងគេទីពីរនៅក្នុងប្រទេសចិន Evergrande​ នាពេលនេះ បាន​ប្រែខ្លួនទៅ​ជាអ្នក​តំណាងនៃ​វិបត្តិ​អចលនទ្រព្យ​ដ៏ធំជាងគេរបស់​ប្រទេស​ចិនវិញ ដោយក្រុមហ៊ុនមួយនេះបានជំពាក់​បំណុល​ច្រើនជាង ៣០០ ពាន់​លាន​ដុល្លារសហរដ្ឋអាមេរិកទៅទៀត។

អស់រយៈពេល ២ ឆ្នាំកន្លងមកនេះ មេដឹកនាំរបស់ទីក្រុងប៉េកាំងតែងតែបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនជាសាធារណៈជុំវិញវិបត្តិអចលនទ្រព្យនៅក្នុងប្រទេសរបស់ខ្លួនកាន់ដែលកាន់តែស៊ីជម្រៅ។

យ៉ាងណាមិញ ចំពោះវិស័យអចលនទ្រព្យរបស់ប្រទេសចិន វាក៏បានរួមចំណែកប្រហែលមួយភាគបួននៃសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក។ ភាគហ៊ុន Evergrande បានធ្លាក់ចុះជាង 20% នៅក្នុងទីក្រុងហុងកុង គឺបន្ទាប់ពីមានការប្រកាសកាលពីថ្ងៃចន្ទថា  ការជួញដូរភាគហ៊ុនEvergrande ត្រូវបានផ្អាកជាបណ្តោះអាសន្ន ។

តែបើទោះជាយ៉ាងណាក៏ដោយ សម្រាប់ព័ត៌មានលំអិត គឺយើងមិនទាន់ដឹងច្បាស់ទេថា ក្រុមហ៊ុនEvergrande អាចនឹងដួលរលំឬអត់នោះ ព្រោះរឿងនេះវាអាស្រ័យទៅលើរាជរដ្ឋាភិបាលចិនជាអ្នកសម្រេចចិត្ត។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃច័ន្ទ ខាងតុលាការកំពូលរបស់ប្រទេសចិន និងនាយកដ្ឋានយុត្តិធម៌របស់ហុងកុងបានចុះហត្ថលេខាលើការរៀបចំមួយដើម្បីទទួលស្គាល់គ្នាទៅវិញទៅមក និងអនុវត្តសាលក្រមរដ្ឋប្បវេណី និងពាណិជ្ជកម្មរវាងចិនដីគោក និងហុងកុងរួមគ្នា។

ប៉ុន្តែចំពោះការសម្រេចចិត្ត វាត្រូវបានក្រុមអ្នកជំនាញនិយាយថា គ្រប់យ៉ាងវាអាចនឹងមានការផ្លាស់ប្តូរ ដ៏រាបណាការប្រកាស់រំលាយក្រុមហ៊ុនEvergrande មិនទាន់ចូលជាធរមាន។

បើយោងឯកសាររបស់តុលាការ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទដដែល បាននិយាយថា ក្រុមហ៊ុនបានស្នើសុំរយៈពេលបីខែបន្ថែមទៀត ដើម្បីរៀបចំផែនក្នុងការរៀបចំរចនាសម្ព័ន្ធថ្មី ។

យ៉ាងណាមិញសម្រាប់សំណើរមួយនេះ វាត្រូវបាន ចៅក្រមរបស់ហុងកុងបានពណ៌នាថា វាគឺគ្រាន់តែជាផែនការថ្មីតែប៉ុណ្ណោះ ព្រោះវា”មិនមែនជាសំណើក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញនោះឡើយ  ។

គួរបញ្ជាក់ថា ប្រាក់ភាគច្រើនដែល Evergrande បានជំពាក់ គឺដោយសារតែលុយទាំងនោះក្រុមហ៊ុនខ្លួនបានយកទៅបង្វិលឱ្យអ្នកខ្ចីនៅឯចិនដីគោក បើតាមផ្លូវច្បាប់ Evergrande មានទួនាទីត្រូវតែបំពេញកាតព្វកិច្ចឲ្យម្ចាស់បំណុលរបស់ខ្លួនជាមុនសិន។ តែផ្ទុយទៅវិញ ម្ចាស់បំណុលដែលជាជនបរទេសភាគច្រើន បានជ្រើសរើសយកតុលាការនៅក្នុងទីក្រុងហុងកុងមកកាត់ក្តី ហេតុដូច្នេះហើយទើបសុំណំរឿងនេះមានលក្ខណៈស្មុគស្មាញខ្លាំង។

បើយោងតាមប្រភពជាច្រើននៅក្នុងស្រុកបានឲ្យដឹងថា ទ្រព្យសម្បត្តិរបស់ Evergrande ភាគច្រើនគឺនៅក្នុងប្រទេសចិនដីគោក ហើយខាងទីក្រុងប៉េកាំង និង ហុងកុងបានប្រកាន់ភ្ជាប់នូវពាក្យស្លោកមួយឃ្លាថា  “ប្រទេសមួយ ប្រព័ន្ធពីរ” នេះហើយ ទើបធ្វើឲ្យបញ្ហានេះកាន់តែពិបាកក្នុងការដោះស្រាយ។

ការអន្តរាគមពីអ្នកជំនាញរបស់ទីក្រុងហុងកុង វាបានធ្វើឲ្យបក្សកុម្មុយនិស្តចិនហាក់បីដូចជាចង់រក្សាអ្នកអភិវឌ្ឍន៍ខាងលើនេះ ​មាន​ន័យ​ថា ខាងទីក្រុង​ប៉េកាំង​អាចនឹង​ជ្រើស​រើសការ​ដក​ចេញនូវ​ដីកា​របស់​តុលាការ​ហុងកុង។ តែបើទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Evergrande គឺកំពុងតែរៀបចំផែនការក្នុងសងប្រាក់ផងដែរ ប៉ុន្តែ កាលពីខែសីហាឆ្នាំមុន ក្រុមហ៊ុនមួយនេះបានដាក់ពាក្យសុំក្ស័យធននៅសហរដ្ឋអាមេរិក រួចទៅហើយ។ តើខាងទីក្រុងអាចនឹងធ្វើការស្រោចស្រង់រឿងនេះដោយរបៀណាខ្លះនោះ លទ្ធផលយើងអាចនឹងត្រូវបានដឹងនៅខែបន្ទាប់។

លោក Pita បានស្នើរសុំឲ្យមានការបកស្រាយពីរាជរដ្ឋាភិបាល ជុំវិញបញ្ហាធំៗចំនួន ៣

គណបក្សប្រឆាំងដែលធំបំផុតនៅក្នុងប្រទេសថៃ គឺគណបក្សចលនាឆ្ពោះទៅមុខ (MFP) កំពុងតែមានគោលបំណងស្វែងរកការប្រឆាំងនឹងការដឹកនាំរបស់រដ្ឋាភិបាលចម្រុះនៃគណបក្សភឿថៃក្នុងនៅក្នុងខែមេសា នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៤។

ការដឹកនាំដោយរដ្ឋាភិបាលដែលមកពីគណបក្សភឿថៃ គឺផ្តោតលើវិស័យចំនួនបីធំៗ ប៉ុន្តែចំពោះការបរាជ័យនៃរដ្ឋបាលសាធារណៈ ការប្រព្រឹត្តខុសទូទៅ និងការពន្យារពេលក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗរបស់ប្រទេសនៅពេលនេះ វាត្រូវបានលើកឡើងដោយសមាជិកសភារបស់គណបក្ស MFP លោក Pita Limjaroenrat បានលើកយកមកធ្វើជាប្រធានបទនៃកិច្ចប្រជុំសភា។

ថ្វីបើកិច្ចប្រជុំសភាពទាំងមូលកាលពីថ្ងៃសុក្រ វាមិនត្រូវបានលោក Pita បញ្ជាក់ឲ្យច្បាស់យ៉ាងណាក្តី តែចំពោះចំនុចខ្វះខាតនៃរដ្ឋាភិបាលថៃនាពេលបញ្ចុប្បន្ន វាក៏ត្រូវបានមហាលជនជាច្រើនបាននិយាយដូចគ្នាដែរ ជាពិសេសគឺជុំវិញសំណុំរឿងរបស់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលតែងតែមានការអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីនោះ។

បើយោងតាមការដកស្រង់សម្តីពីលោក Pita បានឲ្យដឹងថា រាល់សកម្មភាពដែលកំពុងតែកើតឡើងនាពេលកន្លងមក គឺវាបានកើតឡើងក្នុងទម្រង់មួយដែលធ្វើឲ្យប្រជាជនគ្មានទំនុកចិត្ត។ លោក Pita បាននិយាយទៀតថា លោក ស្រេតថា​ ថាវីស៊ីន បានព្យាយាមច្រានចោលរាល់ការអត្ថាធិប្បាយចំពោះក្រុមអ្នករិះគន់ ដែលពួកគេទាំងនោះតែងតែនិយាយថា គណបក្សប្រឆាំង MFP មានចេតនាមិនអើពើនឹងទង្វើលរបស់សមាជិកភឿថៃ ក៏ដូចជានាយករដ្ឋមន្ត្រី ដែលតែងតែនៅពីក្រោយលោក ថាក់ស៊ីន ។

គណបក្សចលនាឆ្ពោះទៅមុខ (MFP) និងមេដឹកនាំបក្សប្រឆាំងនាពេលបច្ចុប្បន្នគឺលោក Chaithawat Tulaton បានដាក់ពាក្យស្នើរសុំទៅសភាតំណាងរួចរាល់ ដើម្បីឲ្យរដ្ឋាភិបាលឆ្លើយតបនូវបញ្ហាខាងលើនេះ។

លោក Pita បាននិយាយថា គណបក្សប្រឆាំង MFP មានជំនឿថា ករណីរបស់លោក ថាក់ស៊ីន វាគឺជាភស្តុតាងយ៉ាងរឹងនាំ ដែលអាចធ្វើឲ្យមហាលជនបានមើលឃើញថា អ្នកអនុវត្តច្បាប់នៅក្នុងប្រទេសថៃគឺមិនមានភាពសុក្រឹត្យ។ ហើយអ្វីទាំងអស់នោះហើយ វាគឺជាមូលហេតុដែលធ្វើឲ្យ MFP បានស្នើសុំ តែវាក៏មិនមែនជាការជជែកដេញដោលរកខុសត្រូវនោះដែរ ប៉ុន្តែគឺយើងធ្វើដើម្បីផ្តល់ផលប្រយោជន៍ដល់ឥស្សរជនមួយចំនួនផ្សេងទៀត។ ដោយលោកបានបន្ថែមថា លោកជឿជាក់ថា លោកថាក់ស៊ីន បានទទួលរងគ្រោះនៅក្នុងឧបាយកលនយោបាយពីមុន ប៉ុន្តែលោកក៏ទទួលបានអត្ថប្រយោជន៍ពីការអនុវត្តរបស់ថ្នាក់ដឹកនាំបច្ចុប្បនដូចគ្នាដែរ។

គួរបញ្ជាក់ថា លោក Pita បានវិលត្រឡប់ទៅធ្វើការជាសមាជិកសភាបន្ទាប់ពីការព្យួររយៈពេលប្រាំមួយខែកន្លងមក តែនៅពេលនេះលោក Pita បានប្រកាសពីផែនការថ្មីរបស់លោក ក៏ដូចជាយុទ្ធសាស្ត្ររបស់គណបក្ស MFP សម្រាប់ឆ្នាំ 2024 ថែមទៀតផង។

គោលដៅចំនួនប្រាំមួយរបស់ MFP៖ ការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញដោយការជំរុញឱ្យមានកំណែទម្រង់យោធានៅក្នុងការសរសេរឡើងវិញនូវធម្មនុញ្ញថ្មីមួយបន្ថែមទៀត។

 ការធ្វើអោយប្រសើរឡើងនូវគុណភាពជីវិតរបស់ប្រជាជន ដោយការកែលម្អសុខុមាលភាពរដ្ឋ និងប្រព័ន្ធដឹកជញ្ជូនសាធារណៈ។ 

គាំទ្រការអភិវឌ្ឍន៍កសិកម្មនៅតំបន់ជនបទ។

 វិមជ្ឈការអំណាចរដ្ឋបាលតាមរយៈការកែទម្រង់ប្រព័ន្ធសេវាស៊ីវិល។ 

ការកម្ចាត់ការគ្រប់គ្រងបែបផ្តាច់ការនៅក្នុងស្ថាប័នអប់រំ។

 និងបង្កើតការងារបន្ថែមតាមរយៈ SMEs ។

តើមានលក្ខខណ្ឌអ្វីខ្លះ ដែលគេអាចចាត់ទុកបុគ្គលណាម្នាក់ថាជាមហាលសេដ្ឋី?

តើមហាសេដ្ឋីជាអ្វី?

ពាក្យមហាសេដ្ឋី គឺគេចង់ពិពណ៌នាអំពីបុគ្គលណាម្នាក់ដែលមាន ទ្រព្យសម្បត្តិសុទ្ធ យ៉ាងហោចណាស់មួយពាន់លានដុល្លា ។ហើយទ្រព្យទាំងនោះវាអាចជាសាច់ប្រាក់ អចលនទ្រព្យ អាជីវកម្ម និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាដើម។

ប្រសិនបើយើងគិតចាប់តាំងពីឆ្នាំ 1987 មកទល់នឹងពេលនេះ ដោយយោងទៅតាម ទស្សនាវដ្ដី Forbes បានសរសេរថា ចំពោះចំណាត់ថ្នាក់នៃមហាលសេដ្ឋីលំដាប់ពិភពលោក គឺយើងគិតទៅលើទ្រព្យសម្បតិ្តសុទ្ធដែលពួកគេកំពុងតែមាននៅក្នុងដៃ។

ទស្សនាវដ្តីខាងលើនេះបានបង្ហាញពីវិធីគណនាតម្លៃសុទ្ធដោយប្រើរូបបន្តងាយៗដើម្បីបកស្រាយផងដែរ

យើងអាចគណនាទៅលើទ្រព្យសម្បត្តិសុទ្ធរបស់មហាលសេដ្ឋីណាម្នាក់ដោយយក Assets – Liabilities= Net Worth (ទ្រព្យសម្បត្តិសុទ្ធ)។

ជាទូទៅនៅក្នុង​សហរដ្ឋ​អាមេរិក គេអាចចាត់ទុកបុគ្គលណាម្នាក់ថាជាមហាលសេដ្ឋីលុះត្រាតែ បុគ្គលរូបនោះ​មាន​ទ្រព្យ​សម្បត្តិ​សុទ្ធយ៉ាងតិច​មួយ​ពាន់​លាន​ដុល្លារ ១,០០០,០០០,០០០​ដុល្លារ។ ប៉ុន្តែទំហំនេះវាអាចខុសគ្នាទៅតាមប្រទេស និងរូបិយប័ណ្ណ។ ជាឧទាហរណ៍ដូចជា មហាសេដ្ឋីនៅក្នុងបណ្តាលប្រទេសសហភាពអឺរ៉ុប គឺគេបានកំណត់ ១ ពាន់​លាន​អឺរ៉ូ ខណៈ​ដែលអ្នក​នៅ​ចក្រភព​អង់គ្លេស​មាន ១ ពាន់​លាន​ផោន ឬ​ច្រើន​ជាង​នេះ។

យ៉ាងណាមិញការដក បំណុល ចេញពីទ្រព្យសកម្ម គឺគេគណនាទៅលើទ្រព្យសម្បត្តិសុទ្ធរបស់បុគ្គលនោះដែលមានជាក់ស្តែង។ ហេតុដូច្នេះហើយទើបទ្រព្យសម្បត្តិរបស់មហាសេដ្ឋី វាត្រូវបានគេរាប់បញ្ចូលទាំងសាច់ប្រាក់ ការវិនិយោគ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនដូចជា៖ អចលនទ្រព្យ គ្រឿងអលង្ការ រថយន្ត និងឧទ្ធមភាគចក្រជាដើម។ ហើយប្រសិនបើគេនិយាយអំពីផលប្រយោជន៍នៃអាជីវកម្មវិញនោះ គេក៏អាចរាប់ទាំងទ្រព្យសម្បត្តិពាណិជ្ជកម្មថែមទៀតផង គឺក្នុងករណីបុគ្គលនោះមានភាគហ៊ុនផ្ទាល់ខ្លួននៅក្នុងសាជីវកម្មណាមួយ។

ជាឧទាហរណ៍ ៖ប្រសិនបើយើងលើកយកមហាលសេដ្ឋីម្នាក់ ដែលកំពុងឈរនៅក្នុងតារាខ្ពស់ជាងគេរបស់Forbes ដោយយើងគិតត្រឹមថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤ នោះគឺជាលោក Elon Musk ។

មានន័យថា Forbes បានរាប់ទ្រព្យសម្បត្តិទាំងអស់ដែលលោក Elon Musk កំពុងតែមានជាក់ស្តែង ទើបធ្វើឲ្យរូបលោកបានជាប់ចំណាត់ថ្នាក់លេខ 1 នៅទូទាំងពិភពលោក និងខ្ពស់ជាងគេនៅសហរដ្ឋអាមេរិក ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ 222 ពាន់លានដុល្លារ។ លោក Elon Musk គឺជាបុគ្គលមួយរូបដែលបានបង្កើតក្រុមហ៊ុនធំៗនិងល្បីឈ្មោះជាច្រើននៅក្នុងពិភពលោក រួមមាន៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla  Neuralink និង SpaceX ជាដើម។ ដោយក្នុងនោះកាលពីខែតុលាឆ្នាំ 2022 លោក Musk បានទិញយក X (អតីត Twitter) ក្នុងតម្លៃ 44 ពាន់លានដុល្លារ។

តើលោកមានចម្ងល់ទេថា ប្រទេសណាខ្លះដែលមានមហាសេដ្ឋីច្រើនជាងគេ?

បើយោងតាមប្រភពខាងលើដដែលបានឲ្យដឹងថា នៅក្នុងប្រទេសមហាលអំណាចសេដ្ឋកិច្ចដែលយើងស្គាល់យ៉ាងច្បាស់ថាជាសហរដ្ឋអាមេរិក នោះគឺជាប្រទេសមួយដែលមានមហាសេដ្ឋីច្រើនជាងគេបំផុតនៅក្នុងពិភពលោក ប្រសិនបើយើងគិតត្រឹមចុងឆ្នាំ 2023: នៅក្នុងប្រទេសមួយនេះគឺមានមហាលសេដ្ឋីរហូតដល់ទៅ 735 នាក់ ខណៈដែលប្រទេសចិនឈរនៅលំដាប់ថ្នាក់លេខ 2  គឺមាន ​​562 នាក់ ហើយចំណែកឯប្រទេសឥណ្ឌាវិញ គឺទទួលបាននូវចំណាត់ថ្នាក់លេខ 3 ដែលមានមហាលសេដ្ឋី 169 នាក់។

scroll to top