សហរដ្ឋអាមេរិកអាចនឹងដើរចេញពីសម្ព័ន្ធ NATO ប្រសិនបើលោក Donald Trump ឈ្នះឆ្នោត

អតីតទីប្រឹក្សារបស់លោក Donald Trump ជាច្រើននាក់បានព្រមានថា អតីតប្រធានាធិបតីរបស់សហរដ្ឋអាមេរិកនឹងព្យាយាមដកសហរដ្ឋអាមេរិកចេញពីសម្ព័ន្ធភាពណាតូជាផ្លូវការនៅថ្ងៃណាមួយ ប្រសិនបើគាត់ជាប់ឆ្នោតជាប្រធានាធិបតីនាអាណត្តិទីពីរ នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៤។

        យ៉ាងណាមិញការប្រកាសរបស់លោក Trump ទៅលើផ្នែកការពារសន្តិសុខរបស់សហរដ្ឋអាមេរិក វាក៏ជះឥទ្ធិពលទៅដល់កិច្ចព្រមព្រៀងត្រីភាគីមួយផ្សេងទៀតដូចគ្នា គឺនៅក្នុងកិច្ចព្រមព្រៀងដែលស្តីអំពីការការពារទៅវិញទៅមករបស់ខ្លួនជាមួយកូរ៉េខាងត្បូង និងជប៉ុន។

គួរបញ្ជាក់ថា ថ្វីត្បិតតែការលើកឡើងខាងលើនេះមិនបានចេញពីមាត់របស់លោក Trump ដោយផ្ទាល់ក៏ដោយ ប៉ុន្តែវាគឺជាការអះអាងរបស់ឧត្តមសេនីយ៍ដែលបានចូលនិវត្តន៍ម្នាក់ John Kelly ដែលគ្រប់បានស្គាល់រូបលោកយ៉ាងច្បាស់ថា គាត់គឺជាអ្នកបម្រើការជាប្រធានបុគ្គលិកសេតវិមានយ៉ាងជិតដិតម្នាក់របស់លោក Trump ។

លោក Kelly បាននិយាយទៀតថា វាហាក់ដូចជាមិនមានប្រយោជន៍ណាមួយទាល់តែសោះរវាងសហរដ្ឋអាមេរិក នឹងអង្គការណាតូ។  លោកបាននិយាយបន្តទៀតថា បើទោះបីជាសហរដ្ឋអាមេរិកដើរចេញពីអង្គការណាតូក៏ពិតមែន តែលោកជឿជាក់ថា លោកពូទីនក៏នៅតែមិនហ៊ានបន្តការឈ្លានពានរបស់លោកតទៅទៀតដែរ ម្យ៉ាងទៀត មេដឹកនាំកូរ៉េងខាងជើងក៏មិនមានលទ្ធិភាពគ្រប់គ្រាន់ក្នុងការឈ្លានពានកូរ៉េងខាងត្បូងនោះដែរ។ ហេតុដូច្នេះហើយ សហរដ្ឋអាមេរិកមិនគួរណាបង្កើនការចំណាយទៅលើសម្ព័ន្ធមិត្ត​ និងអង្គការណាតូតទៅទៀតឡើយ។ លោកបាននិយាយរៀបរាប់ថា ការទាមទាររបស់ប្រធានាធិបតី Joe Biden កន្លងមក វាគឺគ្មានប្រយោជន៍អ្វីក្រៅពីការបង្កឲ្យប្រជាជនអាមេរិកបន្ថែមការបង់ពន្ធ ហើយពិភពលោកគឺមានតែសង្រ្គាមមិនចេះចប់។

ប្រសិនបើយើងរំលឹកឡើងមកបន្តិច  នៅក្នុងស្នូលនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង គឺបានបែងចែកនៅក្នុងមាត្រាទាំង 5 នៃសន្ធិសញ្ញា គឺមានន័យថា ការសន្យានៃការការពារសមូហភាព -ប្រសិនបើមានការវាយប្រហារណាមួយដែលជាសមាជិក នោះវានឹងក្លាយទៅជាការវាយប្រហារលើប្រជាជាតិទាំងអស់នៅក្នុងសម្ព័ន្ធភាព។

ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ លោក Trump បានត្អូញត្អែរជាយូរណាស់មកហើយថា ចំនួនទឹកប្រាក់ដែលសមាជិកណាតូចំណាយលើវិស័យការពារជាតិ គឺមិនអាចធៀបនឹងសហរដ្ឋអាមេរិកបានឡើយ។

មានក្រុមអ្នកជំនាញជាច្រើនបាននិយាយថា ប្រសិនបើលោក Donald Trump ជាប់ឆ្នោត ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់ ក៏នឹងស្ថិតនៅក្នុងគ្រោះថ្នាក់ដូចគ្នាដែរ។

ប្រសិនបើយើងរំឮកឡើងមកវិញពីស្ទីល Trump នឹងអនុវត្តនៅក្នុងការិយាល័យ Oval គាត់បាននិយាយថា តៃវ៉ាន់ពិតជាតូចពេកហើយក្នុងការការពារខ្លួនដោយជោគជ័យដើម្បីប្រឆាំងនឹងការឈ្លានពានរបស់ចិន ហើយតៃវ៉ាន់ក៏តូចពេកដែរសម្រាប់សហរដ្ឋអាមេរិកក្នុងការធ្វើឲ្យយើងទៅយកចិត្តទុកដាក់នោះ។

លោក ថាក់ស៊ីន អាចនឹងត្រូវបាន​ដោះលែងពីពន្ធធនាគារ​មុនកាលកំណត់

នាយកដ្ឋានកែតម្រូវរបស់ប្រទេសថៃ (DoC) បាននិយាយកាលពីថ្ងៃអង្គារថា អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចនឹងបញ្ចប់ការជាប់ពន្ធនាគារត្រឹមពាក់កណ្តាលខែនេះ គឺនៅថ្ងៃទី 18 ខែកុម្ភៈ បន្ទាប់ពីមានការរាយការណ៍មួយបានលើកឡើងថា លោក ថាក់ស៊ីន គឺមានសិទ្ធិទទួលបាននូវការលើកលែងទោសជាពិសេស នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រភពខាងលើបាននិយាយទៀតថា DoC ខាងនាយកដ្ឋានរបស់ខ្លួនបានចងក្រងបញ្ជីអ្នកទោសដែលមានសិទ្ធិសម្រាប់ការដោះលែង និងការលើកលែងទោសពិសេស ដោយក្នុងនោះក៏មានឈ្មោះរបស់លោក ថាក់ស៊ីន ផងដែរ។ ប្រភពមួយនេះបាននិយាយបន្តទៀតថា ការទទួលបាននូវការលើកលែងទោសពិសេស ពួកគេនឹងផ្តល់ជូនដល់អ្នកទោសទាំងអស់ដែលមានអាយុលើសពី 70 ឆ្នាំ ឬអ្នកដែលមានជំងឺធ្ងន់ធ្ងរ និងពិការភាពជាដើម ។

គួររំលឹកថា បន្ទាប់ពីការនិរទេសខ្លួនឯងអស់រយៈពេល 15 ឆ្នាំកន្លងមក លោក ថាក់ស៊ីន បានវិលត្រឡប់មកប្រទេសថៃវិញនៅថ្ងៃទី 22 ខែសីហា ឆ្នាំ 2023 ដែលកាលនោះតុលាការកំពូលរបស់ថៃ បានកាត់ទោសគាត់ឱ្យជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំ ប៉ុន្តែក្រោយ​មកអ្នក​ទោសរូប​នោះ​ត្រូវ​បានព្រះមហាលក្សត្រទ្រង់ព្រះរាជទានទោសមកសល់ត្រឹមមួយឆ្នាំវិញ។

ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ នៅយប់ដំបូងក្នុងពន្ធនាគារបាងកករបស់លោក ថាក់ស៊ីន ដែលជាអតីតនាយករដ្ឋមន្ត្រីរូបនេះក៏ត្រូវបានគេផ្ទេរទៅកាន់មន្ទីរពេទ្យទូទៅប៉ូលីសនៅយប់ថ្ងៃដដែល ដោយលើកពីហេតុផលមួយថា គាត់មានជំងឺធ្ងន់ធ្ងរ។

យ៉ាងណាមិញ សម្រាប់បញ្ជី​ឈ្មោះ​អ្នក​ទោស​ដែល​មាន​សិទ្ធិអាចទទួលបាននូវ​លើក​លែង​ទោសទាំងអស់នោះ ប្រភពខាងលើបាននិយាយថា ពួកគេត្រូវរង់ចាំការសម្រេចចិត្តចុងក្រោយដោយ​ក្រសួង​យុត្តិធម៌ជាមុនសិន។

ស្មាតហ្វូន Samsung ដំណើរការដោយ AI នាពេលនេះ គឺកំពុងតែមានសន្ទុះឡើងខ្លាំង

ក្រុមហ៊ុន Samsung បានប្រកាសថា ប្រាក់ចំណេញរបស់ខ្លួនធ្លាក់ចុះអស់ប៉ុន្មានត្រីមាសជាប់ៗគ្នា គឺបន្ទាប់ពីការបិទបញ្ជីប្រចាំឆ្នាំកាលពីថ្ងៃពុធ។ ស្ថាបនិករបស់ក្រុមហ៊ុនមួយនេះបានសម្តែងការសោកស្តាយទៀតថា Samsung អាចនឹងបាត់បង់អតិថិជនបន្ថែមទៀត ខណៈដែលទូរស័ព្ទ Iphone  កាន់តែលេចធ្លោ។

គួរបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងបានប្រកាសពីការធ្លាក់ចុះនៃប្រាក់ចំណេញប្រមាណ 35% កាលពីថ្ងៃពុធ ដែលជាសញ្ញាមួយបង្ហាញឲ្យយើងដឹងថា ការលក់ទូរស័ព្ទ Samsung អាចប្រឈមនឹងការធ្លាក់ចុះបន្ថែមទៀត។

យ៉ាងណាមិញ ខាងក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូងមួយនេះបាននិយាយបន្តថា ប្រាក់ចំណេញរបស់ខ្លួនបានបន្តធ្លាក់ចុះរហូតមកនូវត្រឹម 2.8 ពាន់ពាន់លានវ៉ុន (ជិត 2.1 ពាន់លានដុល្លារ) តែប៉ុណ្ណោះកាលពីក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ ប្រសិនបើយើងធៀបទៅនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ២០២២ ក្រុមហ៊ុនបានទទួលនូវប្រាក់ចំនេញប្រមាណ 4.3 ពាន់ពាន់លានវ៉ុន (3.5 ពាន់លានដុល្លារសហរដ្ឋអាមេរិក)ឯណោះ។

បើយោងតាមរយៈអ្នកនាំពាក្យរបស់ក្រុមហ៊ុនស្មាតហ្វូន Samsung បាននិយាយប្រាប់និយោគិនរបស់ខ្លួនថា ទីផ្សារស្មាតហ្វូនរបស់យើងនឹងងើបឡើងវិញនៅឆ្នាំ 2024 ជាពិសេសគឺជាមួយនឹងការចេញលក់ផលិតផលថ្មីៗ ដូចជាស្មាតហ្វូនដែលដំណើរការដោយ AI ជាដើម។

Samsung ដែលជាក្រុមហ៊ុនលក់ស្មាតហ្វូនឈានមុខគេរបស់ពិភពលោកជាយូរមកហើយនោះ ទីបំផុតវាក៏ត្រូវបានក្រុមហ៊ុន Apple វ៉ាដាច់ នៅក្នុងត្រីមាសទី 4 ដែលជាទូទៅមានអតិថិនជនជាច្រើនបានសម្រុកទិញiphone កាលពីពេលចុងឆ្នាំ។

តែប្រសិនបើយោងទៅតាម ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC បានសរសេរថា ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone បានកាន់កាប់ 20.1% នៃចំណែកទីផ្សារនៅក្នុងពិភពលោកកាលពីឆ្នាំ 2023 ខណៈដែល Samsung មានត្រឹម 19.4% តែប៉ុណ្ណោះ ។

តែបើទោះបីជាក្រុមហ៊ុនកូរ៉េខាងត្បូងបានទទួលស្គាល់ការជ្រៀតចូលទៅក្នុងទីផ្សាពិភពលោករបស់ខ្លួន គឺមានកម្រឹតទាបជាង ក្រុមហ៊ុន Apple ក៏ពិតមែន ប៉ុន្តែស្ថាបនិករបស់ក្រុមហ៊ុនមួយនេះបានលើកឡើងថា ក្រុមហ៊ុន Samsung ពិតជាអាចប្រយុទ្ធប្រឆាំងរាល់បញ្ហាដែលកំពុងប្រឈមដោយជោគជ័យជាមិនខាន។

ប្រសិនបើយើងក៏ឡេកទៅមើលទីផ្សានាឆ្នាំ២០២៤ វាត្រូវបានក្រុមអ្នកជំនាញជាច្រើនបាននិយាយថាតម្រូវការនឹងងើបឡើងមកវិញជាបណ្តើរៗ ហេតុដូច្នេះហើយ Samsung នៅតែមានសង្ឈឹម ។ ម្យ៉ាងទៀតក្រុមអ្នកវិភាគក៏បានសង្កេតឃើញថា នៅដើមឆ្នាំ២០២៤ Samsung ហាក់ដូចជាមានសន្ទុះឡើងមកវិញបន្តិច បន្ទាប់ពីខ្លួនប្រកាសពីមុខងារ AI ថ្មីរបស់ខ្លួននោះ។

 ក្រុមហ៊ុន Samsung បានរំពឹងទុកទៀតថា ប្រាក់ចំណូលនៅក្នុងឆមាសទីមួយនៃឆ្នាំ 2024 អាចនឹងបង្ហាញពីការប្រសើរឡើងក្នុងកម្រិតមធ្យមថែមទៀតផង ហើយការកើនឡើងនោះនឹងបន្តរហូតដល់ឆមាសទីពីរនៃ ឆ្នាំ២០២៤ ផងដែរ។

វ៉ែនតា Apple Vision Pro បានដាក់លក់ជាផ្លូវការហើយ

វ៉ែនតា Apple Vision Pro ដែលជាផលិតផលថ្មីរបស់ Apple ប្រសិនបើយើងគិតត្រឹមរយៈពេលប្រាំពីរឆ្នាំចុងក្រោយ ហើយឥឡូវសារព័ត៌មានរបស់ CNN ចុះផ្សាយថា ក្រុមហ៊ុន Apple បានដាក់លក់ជាផ្លូវការសម្រាប់វ៉ែនតាបច្ចេកវិទ្យាចុងក្រោយរបស់ខ្លួន គឺនៅក្នុងសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ។

វ៉ែនតាដែលគេស្គាល់ថាជា Vision Pro គឺមានលក់នៅទូទាំងហាងរបស់ Apple Stores ទូទាំងប្រទេស ខណៈដែលអ្នកដើរទិញឥវ៉ាន់កំពុងតែអន្ទះសារនិងចង់សាកល្បងនៅផលិតផលថ្មីរបស់ Apple បន្ទាប់ពីស្ថាបនិករបស់ក្រុមហ៊ុនមួយនេះបានសន្យាថា ខ្លួននិងផ្តល់ជូនដល់អតិថិជននូវផលិតផលមួយដែលពោពេញទៅដោយបច្ចេកវិទ្យាច្នៃប្រឌិតចុងក្រោយគេបំផុតក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក Tim Cook ដែលជានាយកប្រតិបត្តិរបស់ Apple បានធ្វើការស្វាគមន៍ដល់អតិថិជនរបស់ខ្លួនដែលកំពុងរង់ចាំចូលហាង ដោយអមជាមួយនឹងការចាប់ដៃ ព្រមទាំងការថតរូប Selfie ជាដើម។ បើយោងតាមអ្នកសង្កេតការរបស់ CNN បានឲ្យដឹងទៀតថា កាលពីព្រឹកថ្ងៃសុក្រ គឺមានអតិថិជនប្រហែល ២០០នាក់បានតម្រុងជួរមុខហាង Flagship Store របស់ Apple មុនពេលហាងបើកដំណើរការថែមទៀតផង។

បើយោងទៅតាមការរៀបរាប់ពីនាយកប្រតិបត្តិ Tim Cook បាននិយាយជាយូរមកហើយអំពីសក្តានុពលសម្រាប់ការពិតបន្ថែម ដែលជាគោលបំណងនៃការបង្កើត Vision Pro គឺដើម្បីជួយដល់មនុស្សក្នុងការប្រាស្រ័យទាក់ទងគ្នាឲ្យកាន់តែងាយស្រួលជាងមុន។ ប៉ុន្តែឥឡូវនេះ គាត់ក៏បានបញ្ជាក់ទៀតថា Vision Pro វាគឺជាឧបករណ៍ដែលលាយបញ្ចូលទាំងការពិតបែបនិម្មិត និងការពិតបន្ថែមជាច្រើនទៀត ដែលជារឿងពិតនៃអនាគតរបស់កំព្យូទ័រ។

ការចេញលក់នូវផលិតផលថ្មីមួយនេះផងដែរ លោក Tim Cook បានហៅឧបករណ៍នេះថាជា “ឧបករណ៍អេឡិចត្រូនិកដែលទំនើបបំផុត ​និងមិនធ្លាប់មានពីមុនមក” ។

ទន្ទឹមនឹងមនុស្សជាច្រើននៅក្នុងពិភពលោកបានចាប់អារម្មណ៍មកលើផលិតផលថ្មីមួយនេះច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែក្នុងនោះក្រុមអ្នកជំនាញផ្នែកទីផ្សានៅក្នុងពិភពលោកជាច្រើនបានលើកឡើងថា វាមិនមែនផលិតផលដែលងាយស្រួលក្នុងការលក់នោះទេ។

យ៉ាងណាមិញសម្រាប់តែវ៉ែនតាមួយគ្រឿង ដែលពាក់បានសម្រាប់តែមនុស្សម្នាក់ វាបែរជាមានតម្លៃរហូតដល់ទៅ $3,499 ខណៈដែលវ៉ែនតាមួយគ្រឿងវាមានសមត្ថភាពផ្ទុកទិន្នន័យត្រឹមតែ 256 GBតែប៉ុណ្ណោះ។

បើយោងទៅតាមកាសែត The New York Times បានរាយការណ៍ថា ដើម្បីទទួលបានការចាប់អារម្មណ៍ពីអតិថិជនទៅលើការបញ្ជាទិញនូវផលិតថ្មីរបស់ខ្លួនឲ្យកាន់តែច្រើន នាយកប្រតិបត្តិរបស់ក្រុមហ៊ុនមួយនេះបានប្រកាសពីអត្ថប្រយោជន៍ជាច្រើនដែលខ្លួនបានផ្តល់ជូនដល់អ្នកទិញដូចជា ការបញ្ចូលនូវគ្រឿងបន្លាស់បន្ថែមពីលើផលិតផល ការផ្តល់ជូនកាបូបធ្វើដំណើរដែលមានតម្លៃជាទឹកប្រាក់ 200 ដុល្លារ និងប្រអប់ដាក់ថ្មដែលមានតម្លៃស្មើនឹង 50 ដុល្លារ ព្រមទាំងវត្ថុអនុស្សាវរីយ៍ជាច្រើនមុខទៀត ដែលបូកបញ្ចូលទាំងផលិតផលគោលនិងអាចឈានដល់តម្លៃ 4,600 ដុល្លារ ។

បើយោងទៅតាមក្រុមការងាររបស់ CNN ដែលបានទៅសាកល្បងផលិតផលមួយនេះដោយផ្ទាល់បានឲ្យដឹងថា Vision Pro វាប្រៀបបានដូចជាវ៉ែនតាវេទមន្តមួយ ដែលផ្តល់ឲ្យយើងនូវវីដេអូដែលពោរពេញដោយភាពទាក់ទាញនិងរំភើបជាមួយនិងអ្វីដែលយើងកំពុងតែទស្សនា។

ការទទួលបាននូវបទពិសោធន៍ថ្មីជាលក្ខណៈ 3D វាពិតជាបានធ្វើឲ្យយើងទទួលបានអារម្មណ៍ថា យើងដូចជាស្ថិតក្នុងយានជំនិៈដែលតួរអង្គកំពុងតែជិៈ ហើយអ្វីដែលកាន់តែអស្ចារ្យអ្វីគ្រប់យ៉ាងដែលនៅក្នុងនោះ តួរអង្គដែលនៅក្នុងនោះវាហាក់ដូចជារូបយើងផ្ទាល់តែម្តង។

scroll to top