លោក ពូទីន បានជូនអំណោយរថយន្តដល់ គីម ជុងអ៊ុន ដើម្បីបញ្ជាក់ពីទំនាក់ទំនងផ្ទាល់ខ្លួនពិសេស

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើងបាននិយាយនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រគល់រថយន្តសេរីថ្មីAurus ដល់សមភាគីកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដើម្បីបញ្ជាក់ពីភក្តីភាពចំពោះទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពួកគេទាំងពីឲ្យកាន់តែមានភាពកក់ក្តៅ នេះបើយោងតាមការចុះផ្សាយរបស់​ CNN កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

យោងទៅតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា រថយន្តទំនើបដែលផលិតដោយជនជាតិរុស្ស៊ី គឺត្រូវបានគេរចនាឡើងម្រាប់លោក គីម ជុងអ៊ុន ជាពិសេសតែម្តង ហើយរថយន្តនោះបានបញ្ជូនទៅកាន់កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ ដោយគណៈប្រតិភូរុស្ស៊ីរួចរាល់ហើយផងដែរ។

មន្ត្រីស៊ើបការណ៍ដោយសម្ងាត់របស់អាមេរិកវិញ បានសម្តែងអំពីការព្រួយបារម្ភរបស់ខ្លួនជាខ្លាំង ព្រោះថាប្រសិនបើការសហការរវាងប្រទេសកុំម្មុយនីសទាំងពីរនេះកាន់តែស៊ីជម្រៅ នោះផលប៉ះពាល់រយៈពេលវែងក្នុងកម្រិតថ្មីមួយទៀតរបស់ពួកគេមកលើពួកសេរីគឺកាន់តែមានការកើនឡើងដូចគ្នា នេះបើតាមមន្ត្រីជាច្រើននាក់ដែលធ្លាប់ស្គាល់ពីគំនិតរបស់មេដឹកនាំទាំងពីរ បាននិយាយប្រាប់ CNN ។

គួរបញ្ជាក់ថា រុស្ស៊ីបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីដែលផ្គត់ផ្គង់ដោយកូរ៉េខាងជើងទៅកាន់គោលដៅរបស់អ៊ុយក្រែនជាញឹកញាប់គឺនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ទន្ទឹមនឹងនេះ ខាងមន្ត្រីរបស់អាមេរិកបានលើកឡើងថា កូរ៉េខាងជើងអាចប្រើប្រាស់ទំនាក់ទំនងថ្វេរភាគីនេះ ដើម្បីបង្ហាញពីសក្តានុពលនុយក្លេអ៊ែរបស់ទីក្រុងព្យុងយ៉ាងដើម្បីទៅបន្ធូរបន្ថយឥទ្ធិពលរបស់ចិនថែមទៀតផង។

ប្រសិនបើយើងរំលឹកឡើងមកវិញបន្តិច គឺកាលពីខែមករា មានមន្ត្រីការទូតជាន់ខ្ពស់របស់កូរ៉េខាងជើង និងរុស្ស៊ីបានជួបប្រជុំគ្នានៅទីក្រុងមូស្គូ គឺមុនពេលដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនិយាយថា វាគឺជាដំណើរទស្សនកិច្ចនាពេលខាងមុខ ដោយក្នុងនោះយើងអាចចាប់អារម្មណ៍ដឹងថា ការធ្វើដំណើររបស់លោក ពូទីន ទៅកាន់ទីក្រុងព្យុងយ៉ាង វាគឺជាដំណើរទស្សនកិច្ចលើកដំបូងហើយសម្រាប់លោក។

តែបើទោះជាយើងដឹងថា លោក ពូទីន ពិតជាកម្រេចាកចេញពីប្រទេសរបស់លោកក៏ពិតមែន តែចំពោះវត្តមានរបស់មេដឹកនាំវិមានក្រឹមឡាំងលើកនេះ គឺកើតឡើងបន្ទាប់ពី លោក គីម បានទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី សម្រាប់ កិច្ចប្រជុំកំពូលជាមួយលោកពូទីន កាលពីក្នុងខែកញ្ញា។  មេដឹកនាំកូរ៉េខាងជើង បានគាំទ្រចំពោះសង្គ្រាមរបស់វិមានក្រឹមឡាំងលើអ៊ុយក្រែនយ៉ាងពេញទំហឹង ហើយលោកបាននិយាយថា “ខ្ញុំនឹងឈរជាមួយរុស្ស៊ីជានិច្ច”។

យ៉ាងណាមិញ ចំពោះអំណោយរបស់លោក ពូទីន អាចនឹងបំពានលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលដាក់លើប្រទេសកូរ៉េខាងជើង សម្រាប់ការប្រើប្រាស់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។ តើរុស្ស៊ីអាចខ្វល់ខ្វាយនឹងទណ្ឌកម្មនោះដែរឬអត់? ព្រោះបើយោងតាមរបាយការណ៍ជាច្រើនបានបង្ហាញថា រុស្ស៊ីបានលក់រថយន្តប្រណីតៗជាហូរហែរទៅកាន់ប្រទេសមួយនេះ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។

ក្រុមការងាររបស់ CNN បានរាយការទៀតថា មេដឹកនាំកូរ៉េខាងជើង បានប្រើប្រាស់រថយន្តទំនើបៗដែលផ្គត់ផ្គង់ដោយរុស្ស៊ីដូចជា Limousine  Mercedes-Maybach Pullman Guard ប្រសិនបើយើងគិតជាទឹកប្រាក់វិញ រថយន្តខ្លះគឺវាមានតម្លៃលើសពី 1 លានដុល្លារក៏មានដែរ។

ប្រភពខាងលើបាននិយាយទៀតថា ទីក្រុងព្យុងយ៉ាងបាននាំចូលរថយន្តប្រណីត ដែលមកពីប្រទេសរុស្ស៊ីច្រើនជាង 800 គ្រឿងឯណោះ គឺចន្លោះឆ្នាំ 2015 ដល់ 2017 ហើយរថយន្តទាំងនោះទៀតសោតវាត្រូវបានគេរាយការណ៍ថា គឺសម្រាប់តែមេដឹកនាំ គីម ជុងអ៊ុន តែម្នាក់ប៉ុណ្ណោះ។

ប្រទេសថៃ បានហាមឃាត់លើការនាំចូល ‘សម្លៀកបំពាក់រូបដំរី’ ជាបន្ទាន់

ប្រជាជនថៃ បានទាមទាឲ្យអាជ្ញធរជួយថែរក្សាសិទ្ធរបស់ប្រទេសខ្លួន ចំពោះការបោះពុម្ភសម្លៀកបំពាក់ដែលមានរូបដំរី ដោយពួកគេបានអះអាងថា រូបភាពមួយនេះវាគឺជាកម្មសិទ្ធរបស់ខ្លួនតែមួយគត់។

ប្រទេសថៃបានបញ្ជាឱ្យគ្រប់កំពង់ផែអន្តរជាតិរបស់ខ្លួនទាំងអស់ត្រូវតែឃ្លាំមើលយ៉ាងដិតដល់ចំពោះ “ខោអាវរូបដំរី” ព្រោះរាជរដ្ឋាភិបាលថៃ បានហាមឃាត់មិនឲ្យមានការនាំចូលនូវ សម្លៀកបំពាក់ណាមួយដែលមានរូបដំរីចូលមកទឹកដីរបស់ខ្លួនជាដាច់ខាត។

ខោ​កប្បាស​ស្តើង​ដែលជា​សម្លៀកបំពាក់ដ៏ពេញនិយមមួយ​របស់ជនបរទេស ជាពិសេសគឺពួក​អឺរ៉ុប ដោយក្នុងនោះជនជាតិថៃតែងតែធ្វើការកម្គាល់ថា វាគឺជាដំណើរកំសាន្តមួយដែលបាន​ឆ្លង​កាត់​អាស៊ីអាគ្នេយ៍។

យ៉ាងណាមិញនៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ មានជនជាតិថៃជាច្រើនបានលើកឡើងអំពីការលក់សម្លៀកបំពាក់រូបដំរីដែលមិនមែនជាផលិតផលក្នុងស្រុក។

ការហូរចូលនៃខោអាវដែលផលិតដោយប្រទេសចិន គឺវាពិតជាមានតំលៃថោកជាងផលិតផលនៅក្នុងស្រុក ហើយវាក៏បានធ្វើឱ្យមានការព្រួយបារម្ភជាខ្លាំងសម្រាប់អ្នកលក់ និងអ្នកផលិតជាដើម។

បើយោងតាមរយៈលោកឧបនាយករដ្ឋមន្ត្រី Phumtham Wechayachai បានប្រាប់អ្នកយកព័ត៌មានកាលពីដើមខែកុម្ភៈថា “យើងបានបញ្ជាឱ្យមានការឃ្លាំមើលទៅលើខោដំរីជាពិសេស គឺនៅរាល់កំពង់ផែតែម្តង” ។

លោក Phumtham ដែលជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មផងដែរនោះ បាននិយាយទៀតថា ការរចនាដំរីដែលហើរពាសពេញខោរឹបរាងគឺមិនត្រូវបានអនុញ្ញាតនោះទេ។

លោក​បាន​ថ្លែង​ថា​៖ «​ប្រសិន​បើ​យើង​អនុញ្ញាត​ឱ្យ​ផលិតករ​បរទេស​ផលិតខោមួយប្រភេទនេះបន្តទៀត ​វា​អាច​នឹង​ប៉ះពាល់​ដល់​ផលិតផល​ថៃ​ក្នុង​ស្រុកកាន់តែខ្លាំងឡើង​» ហើយម្យ៉ាងវិញទៀត ចំពោះផលិតផលដែលនាំចូលគឺវាមាន​គុណភាព​អន់​ជាងរបស់ក្នុងស្រុកខ្លាំងណាស់​។

លោកបាន​បន្ត​ថា​៖ «​ផលិតផល​ថៃ​គឺជាផលិតផលដែលមាន​ស្តង់ដារ​ វាមិនមែនជាខោដែលផុយ និងងាយ​រហែកដូចផលិតផលនាំចូលនោះឡើយ​។

លោក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​៖ «​អ្វីទាំងនេះវា​មិន​មាន​អ្វី​ថ្មី​ទេ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ ព្រោះកន្លែង​ណាដែល​មាន​ឱកាស ក្នុងនោះវាត្រូវតែមាន​អ្នក​ឆ្លៀត​ឱកាស។

ហេតុដូច្នេះហើយ «​ប្រសិន​បើ​យើង​មិនអន្តរាគមនរឿងនេះឲ្យបាន​លឿននោះ​ទេ យើង​នឹងធ្វើឲ្យយើងដែលជាម្ចាស់ផ្ទះ​បាត់​បង់​ឱកាសជាមិនខាន»។

ក្រុមហ៊ុនលក់សម្លៀកបំពាក់កីឡា  Nike បានប្រកាសពីគម្រោងនៃការបន្ថយបុគ្គលិក

ក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡា Nike បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងកាត់បន្ថយកំលាំងពលកម្មការងាររបស់ខ្លួនសរុបប្រហែលជា 2% ឬក៏ច្រើនជាង 1,600នាក់ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នាថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤។

តើមានមូលហេតុអ្វីខ្លះទើបបានជា ក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិកមួយនេះបានប្រឈមមុខនឹងការកាត់បន្ថយបុគ្គលិក?

ការធ្លាក់ចុះនៃសេដ្ឋកិច្ច វាអាចជាកក្តាចម្បងនៃការកាត់បន្ថយចំណាយរបស់ក្រុមហ៊ុន បើទោះបីវាគឺជាក្រុមហ៊ុនយក្សមួយនេះវាគឺជាក្រុមហ៊ុនមួយដែលកំពុងតែនាំមុខគេនៅក្នុងពិភពលោកយ៉ាងណាក៏ដោយ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Nike  បានប្រកាសពីផែនការរបស់ខ្លួន គឺបន្ទាប់ពីក្រុមហ៊ុនថយចុះនៃប្រាក់ចំនេញកាលពីឆ្នាំ២០២៣។

យ៉ាងណាមិញការធ្លាក់ចុះនៃប្រាក់ចំណេញ ថ្វីត្បិតតែនៅពេលនេះវាមានតែក្រុមហ៊ុន Nike បានប្រកាសពីការកាត់បន្ថយបុគ្គលិកក៏ពិតមែន ប៉ុន្តែបើយោងទៅតាមអ្នកជំនាញខាងផ្នែកសេដ្ឋកិច្ចជាច្រើននៅក្នុងពិភពលោកបានទស្សទាយទៀតថា​ ការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ វាបានប៉ះពាល់ទៅដល់ក្រុមហ៊ុនដៃគូរសកលរបស់ Nike រួចទៅហើយ ហេតុដូច្នេះហើយ ការកាត់បន្ថយចំនាយនាថ្ងៃមុខវាក៏អាចជា Adidas, Puma និង JD Sports ផងដែរ។

បើយើងរំលឹកឡើងមកវិញបន្តិច គឺមុនពេលការប្រកាសពីការកាត់បន្ថយបុគ្គលិករបស់ក្រុមហ៊ុនលក់សម្លៀកបំពាក់ និងស្បែកជើងកីឡាដែលធំជាងគេនៅក្នុងពិភពលោក ក្រុមការងាររបស់រ៉យទ័របានបង្ហាញទៀតថា កាលពីខែធ្នូ ក្រុមហ៊ុន Nike បានប្រកាសពីយុទ្ធនាការដំបូងរបស់ខ្លួនផងដែរ ហើយវាគឺជាផែនការនៃការសន្សំប្រាក់ឲ្យបានចំនួន 2 ពាន់លានដុល្លារក្នុងរយៈពេល 3 ឆ្នាំខាងមុខ។ ប្រភពដដែលបានឲ្យដឹងទៀតថា ក្រុមហ៊ុន Nike និងផ្តើមចេញពីជំហ៊ាដំបូង ដែលជាការរឹតបន្តឹងទៅលើក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលមួយចំនួនរបស់ខ្លួន ការកែលម្អខ្សែសង្វាក់ផ្គត់ផ្គង់ ការកាត់បន្ថយស្រទាប់គ្រប់គ្រង និងការបង្កើនឲ្យមានការប្រើប្រាស់ឲ្យបានច្រើនជាងមុនជាដើម។

ប៉ុន្តែបើទោះជាយ៉ាងនេះក្តី យុទ្ធសាស្ត្រទាំងនេះវាគ្រាន់តែផែនការមួយដែលត្រូវអនុវត្តន៍ក្នុងរយៈពេលវែងតទៅមុខទៀត។ យ៉ាងណាមិញ អ្វីដែលក្រុមហ៊ុនត្រូវតែគិតគូរសម្រាប់ស្ថានភាពជាក់ស្តែងដែលកំពុងតែកើតឡើងនោះ វាគឺការកាត់បន្ថយចំណាយ។ ក្រុមហ៊ុន Nike មានបុគ្គលិកសរុបប្រហែល 83,700 នាក់ ប្រសិនបើយើងគិតត្រឹមថ្ងៃទី 31 ខែឧសភា ឆ្នាំ 2023 នេះបើយោងតាមឯកសាររបស់ក្រុមហ៊ុន។

បើយោងតាមការរាយការពីខាងកាសែត Wall Street Journal ដែល បានរាយការណ៍ ជាលើកដំបូងថា ការកាត់បន្ថយត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃសុក្រ ហើយដំណាក់កាលទីពីរនឹងត្រូវបញ្ចប់នៅចុងត្រីមាសបច្ចុប្បន្ន។

ប្រភពមួយនេះបានបង្ហាញទៀតថា នៅក្នុងរបាយការណ៍បាននិយាយថា ការបញ្ឈប់បុគ្គលិកមិនត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់បុគ្គលិកនៅក្នុងហាង និងមជ្ឈមណ្ឌលចែកចាយ ឬអ្នកដែលនៅក្នុងរចនាម៉ូដរបស់ខ្លួននោះឡើយ។

Lisa តារារបស់ K-pop BLACKPINK បានចូលរួមសម្តែងក្នុងរឿង ‘White Lotus’ របស់សហរដ្ឋអាមេរិក

Variety បានរាយការណ៍កាលពីថ្ងៃចន្ទទី 12 ខែកុម្ភៈ ថា តារាចម្រៀង និងរ៉េបរបស់ BLACKPINK Lalisa នឹងត្រូវបង្ហាញខ្លួនក្នុងរដូវកាលទី 3 នៃរឿងភាគទូរទស្សន៍ដ៏ល្បីរបស់សហរដ្ឋអាមេរិកមួយរឿងដែលមានចំណងជើងថា “The White Lotus” នេះគឺជាការបង្ហាញខ្លួនលើកទីមួយហើយសម្រាប់តារាចម្រៀងនារី K-pop កូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រកាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

គួរបញ្ជាក់ថា Variety គឺជាទស្សនាវដ្តីអាមេរិចដែលគ្រប់គ្រងដោយ Penske Media Corporation ដែលត្រូវបានគេបង្កើតឡើងក្នុងគោលបំណងដើម្បី គ្របដណ្តប់ ឧស្សាហកម្មរូបភាពចលនា ព័ត៌មានកម្សាន្ត ការវាយតម្លៃ លទ្ធផលការរិៈគន់ បូករួមទាំងតារាងផលិតកម្ម និងប្រតិទិនភាពយន្តរបស់សហរដ្ឋអាមេរិកថែមទៀតផង។

យ៉ាងណាមិញខាងអ្នកពាក្យរបស់ Variety បាននិយាយថា Lisa នឹងត្រូវបានក្រុមការងារបញ្ចូលទៅក្នុងកម្មវិធី HBO ក្រោមឈ្មោះពេញរបស់នាង Lalisa Manobal ប៉ុន្តែតួនាទីរបស់នាងនៅក្នុងកម្មវិធីដែលផ្តោតលើការទាក់ទាញនៅរមណីយដ្ឋានកម្រនិងអសកម្មមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ។

ខាង Variety បានរាយការណ៍បន្តទៀតថា រដូវកាលទី 3 ពួកយើងនឹងចាប់ផ្តើមផលិតនៅខែនេះ គឺធ្វើនៅកោះសាមុយ ភូកេត និងបាងកក ប្រទេសថៃដែលអ្នកគាំទ្រជាច្រើនបានដឹងថាជាប្រទេសកំណើតរបស់នាង។

បើទោះជាយ៉ាងណាក៏ដោយ ក្នុង​នាម​ជា​សមាជិក​ក្រុម​ចម្រៀង​ស្រី​ដ៏​មាន​ប្រជាប្រិយ​ភាព​ដ៏​ធំរបស់​ BLACKPINK Lisa គឺ​ជា​នារី​ដ៏​ល្បី​ម្នាក់មិនមែនតែ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូងនោះទេ ព្រោះថាឥឡូវនេះវត្តមានរបស់នាងនៅក្នុងកម្មវិធីលើកនេះ វានឹងអាចបង្កើនកេរ្តិ៍ឈ្មោះរបស់នាងជាមួយនឹងទស្សនិកជនអាមេរិកថែមទៀតផង។

គួររំលឹកថា កាល​ពី​សប្តាហ៍​មុន Lisa បាន​ប្រកាស​ថា ​នាង​បាន​បង្កើត​ក្រុមហ៊ុន​តន្ត្រី និង​កម្សាន្ត​ផ្ទាល់​ខ្លួន​ឈ្មោះ Lloud។ ហើយចំណែកឯJennie ដែលជាមិត្តរួមក្រុមរបស់ Lisa បានសម្តែងជាមួយ Lily-Rose Depp និង The Weeknd ក្នុងរឿង HBO រឿង “The Idol” ក្នុងឆ្នាំ 2023 ក្រោមការហៅកាត់ថា Jennie Ruby Jane ។

សមាជិកទាំងបួនរបស់ BLACKPINK បានបន្តកុងត្រាជាមួយ YG Entertainment Inc របស់កូរ៉េខាងត្បូង យើងអាចនិយាយបានថា វាគឺជាការបើកទំព័រថ្មី និងជោគជ័យថ្មីនៃផលិតកម្ម ព្រោះបើយើងគិតត្រឹមកាលពីចុង​ឆ្នាំ​មុន នារីទាំង៤ដួងនេះបានជួយឲ្យ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ YG ឡើង​រហូតដល់ទៅជិត​មួយ​ភាគ​បីឯណោះ។

ក្រុមចម្រៀង K-pop នារី BLACKPINK គឺជាក្រុមនារីដំបូងគេបង្អស់ដែលបានបង្កើតឯតទគ្គកម្មហ្គីណេសកាលពីដើមឆ្នាំនេះ ជាមួយនឹងការទាក់ទាញឲ្យមានការទស្សនាលើឆានែលតន្ត្រីដែលមិនមែនជាភាសាអង់គ្លេសដំបូងគេ ដោយមានអ្នកចូលមើលច្រើនជាងគេបំផុតនៅលើ YouTube ។

scroll to top