រថភ្លើងល្បឿនលឿនរបស់ប្រទេសឥណ្ឌូនេស៊ី បានដឹកអ្នកដំណើរ ច្រើនជាង 2 លាននាក់ រយៈពេល 139 ថ្ងៃ

រថភ្លើងល្បឿនលឿន Jakarta-Bandung (HSR)  ដែលជាប្រភេទផ្លូវដែកដំបូងគេ នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងនៅក្នុងអាស៊ីអាគ្នេយ៍ បានដឹកជញ្ជូនអ្នកដំណើរសរុបច្រើនជាង ២លាននាក់ទៅទៀត នេះបើយោងតាមសារព័ត៌មាន China Railway International Limited កាលពីថ្ងៃអាទិត្យ។

បើយោងតាមក្រុមហ៊ុន HSR បាននិយាយប្រាប់កាសែតស៊ិនហួរថា ការធ្វើដំណើររបស់ពួកយើងក្នុងរយៈពេល 139 ថ្ងៃកន្លងមកនេះ យើងអាចនិយាយបានថា វាគឺជាដំណើរការមួយដែលរលូន និងមានសុវត្តិភាពបំផុត ហើយក្រុមហ៊ុនរបស់យើងក៏បានដឹកអ្នកដំណើរជាសរុបរហូតដល់ 2,008,387 នាក់ឯណោះ ដោយយើងគិតចាប់តាំងពីប្រតិបត្តិការជាផ្លូវការដំបូងកាលពីថ្ងៃទី 17 ខែតុលា ឆ្នាំ 2023។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ការធ្វើដំណើរតាមរថភ្លើងប្រចាំថ្ងៃរបស់ HSR ត្រូវបានកើនឡើងចន្លោះពី 14 ទៅ 40 កៅអី ហើយប្រសិនបើយើងគិតពីចំនួននៃអ្នកដំណើរដែលបានកើនឡើងវិញ គឺប្រហែលជាបីដង គឺក្នុងចន្លោះពី 8,400 រហូតទៅដល់ជាង 24,000នាក់។  ក្នុងនោះផងដែរ ប្រសិនបើយើងគិតលើចំនួនអ្នកដំណើរដែលបានកើនឡើងខ្ពស់បំផុតក្នុងមួយថ្ងៃ គឺអាចមានចាប់ពី 21,537 ខណៈអត្រាកាន់កាប់កៅអីប្រចាំថ្ងៃខ្ពស់បំផុតដែលត្រូវបានកត់ត្រាគឺស្មើនឹង 99.6 ភាគរយ។

ក្រុមហ៊ុនបាននិយាយទៀតថា ដើម្បីបំពេញតម្រូវការរបស់អ្នកដំណើរដែលចេះតែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវឲ្យកាន់តែមានភាពល្អប្រសើរឡើង ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរខាងលើនេះ បានរៀបចំនូវវិភាគប្រតិបត្តិការរបស់ខ្លួនឲ្យកាន់តែទូលំទូលាយជាងមុន ហើយក្រុមហ៊ុននិងបន្ថែមការធ្វើដំណើរតាមរថភ្លើងឲ្យកាន់តែច្រើនជាងមុនទៀតគឺនៅថ្ងៃបុណ្យសាធារណៈ។

ការធ្វើដំណើរជាមួយនឹងរថភ្លើងល្បឿនលឿនដែលត្រូវបានគេរចនាឡើងក្នុងល្បឿន 350 គីឡូម៉ែត្រក្នុងមួយម៉ោង HSRបានជួយកាត់បន្ថយការធ្វើដំណើររវាងរដ្ឋធានីហ្សាកាតារបស់ឥណ្ឌូនេស៊ីទៅកាន់ Bandung ក្នុងខេត្ត West Java រហូតជិត៤ ម៉ោង ដែលជាការធ្វើដំណើរមួយដែលមានភាពងាយស្រួលនិងឆាប់រហ័ស ទាំងសុវត្ថិភាពនិងសន្សំសំចៃបានច្រើនជាងមុន។

អ្នក​វិទ្យាសាស្ត្រ៖ បានស្រាយ​អាថ៌កំបាំង​នៅ​ពីក្រោយ​​វាលខ្សាច់​ដ៏ធំ​បំផុត​របស់​ផែនដី

មានក្រុមអ្នកវិទ្យាសាស្ត្រមួយចំនួនបាននិយាយថា​ វាលខ្សាច់ Lala Lallia នៅ​ប្រទេស​ម៉ារ៉ុក គឺមានអាយុកាលច្រើនជាង ១៣០០០ឆ្នាំ ទៅទៀត នេះបើយោងតាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៤។

          ការយល់ដឹងពីអាយុកាលនៃវាលខ្សាច់ វាក៏បានជួយឲ្យក្រុមអ្នកវិទ្យាសាស្ត្រអាចយល់ដឹងបន្ថែមទៀតអំពីខ្សល់ដែលនៅទីនោះផងដែរ។  ម្យ៉ាងទៀតវាក៏បានជួយឲ្យយើងយល់ដឹងអំពីមូលហេតុនៃការកើតនៃវាលខ្សាច់ទាំងនោះថែមទៀតផង។ បើយោងតាមរយៈលោកសាស្ត្រាចារ្យ Geoff Duller នៅសាកលវិទ្យាល័យ Aberystwyth ដែលបានបោះពុម្ពផ្សាយការស្រាវជ្រាវជាមួយសាស្រ្តាចារ្យ Charles Bristow នៅសាកលវិទ្យាល័យ Birkbeck មានប្រសាសន៍ថា៖ ភ្នំវាលខ្សាច់ Lala Lallia (ឈ្មោះជនជាតិដើម Amazigh វាមានន័យថា វាគឺជាចំណុចដ៏ពិសិដ្ឋមួយដែលមានកំពស់ខ្ពស់បំផុត) ហើយវាគឺមានទីតាំងស្ថិតនៅសមុទ្រខ្សាច់ Erg Chebbi នៃភាគអាគ្នេយ៍របស់ប្រទេសម៉ារ៉ុក ដែលមានកំពស់ប្រមាណ 100 ម និងមានទទឹង 700 ម៉ែត្រ។

បើយោងទៅតាមការសិក្សាស្រាវជ្រាវពីក្រុមអ្នកជំនាញរបស់លោកបានឲ្យដឹងទៀតថា ភ្នំវាលខ្សាច់មួយនេះ គឺវាបានឈប់លូតលាស់ប្រហែលជានៅ 8,000 ឆ្នាំដំបូង ហើយបន្ទាប់មកទៀតវាក៏បានពង្រីកខ្លួនម្តងទៀតយ៉ាងឆាប់រហ័ស គឺក្នុងរយៈប្រហែលជាប៉ុន្មានពាន់ឆ្នាំមុន។

លោកបានបន្ថែមថា “ការរកឃើញទាំងនេះ ប្រហែលជានឹងធ្វើឱ្យមានមនុស្សជាច្រើនបានភ្ញាក់ផ្អើល នៅពេលដែលយើងអាចមើលឃើញពីរបៀបដែលភ្នំដ៏ធំសម្បើមនេះបានកកើតយ៉ាងឆាប់រហ័ស ម្យ៉ាងទៀតវាក៏កំពុងតែធ្វើដំណើរឆ្លងកាត់វាលខ្សាច់ប្រហែល 50 សង់ទីម៉ែត្រក្នុងមួយឆ្នាំថែមទៀតផង” ។

ការពង្រីខ្លួននៃភ្នំខ្សាច់ដ៏ធំនេះផងដែរ ក្រុមអ្នកវិទ្យាសាស្ត្របានប្រើវិធីសាស្រ្តគណនា ដោយជ្រើរើសយកគ្រាប់ខ្សាច់នៃភ្នំដែលកកើតចុងក្រោយគេ ព្រោះវាជាគ្រាប់ខ្សាច់ដែលបានប៉ះពាល់នឹងពន្លឺថ្ងៃចុងក្រោយ។

លោកសាស្រ្តាចារ្យ Duller បានពិពណ៌នាអំពីខ្សាច់ប្រភេទនោះថាជា “ថ្មដែលអាចមានសមត្ថភាពសាកថ្មបានតិចតួច” ។ ព្រោះថាពួកវាអាចរក្សាទុកថាមពលនៅក្នុងគ្រីស្តាល់ដែលកើតចេញពីវិទ្យុសកម្មនៅក្នុងបរិយាកាសធម្មជាតិបានដោយខ្លួនឯង។

លោកសាស្ត្រាចារ្យបានមានប្រសាសន៍បន្ថែមទៀតថា កាលណាខ្សាច់ត្រូវបានកប់នៅក្រោមដីកាន់តែយូរ នោះកម្រឹតនៃវិទ្យុសកម្មរបស់និងកាន់តែមានផលប៉ះពាល់ តែចំពោះថាមពលរបស់វាវិញនិងមានកាន់តែច្រើន។

នៅពេលដែលខ្សាច់មួយប្រភេទនោះត្រូវបានគេលាតត្រដាងនៅក្នុងមន្ទីរពិសោធន៍ ពួកវាក៏បញ្ចេញថាមពលក្នុងទម្រង់មួយដែលស្រាលបំផុត ហើយនៅពេលនោះអ្នកវិទ្យាសាស្ត្រគឺពិតជាអាចគណនាអាយុរបស់វាបាន។

លោកសាស្ត្រាចារ្យ Duller និយាយថា “នៅក្នុងមន្ទីរពិសោធន៍ងងឹតរបស់យើង យើងឃើញពន្លឺពីគ្រាប់ខ្សាច់ទាំងនេះយ៉ាងច្បាស់។ នៅពេលដែលពន្លឺរបស់វាកាន់តែភ្លឺ នោះមានន័យថាគ្រាប់ខ្សាច់មួយប្រភេទនោះគឺមានអាយុកាន់តែចាស់ ដែលធ្វើឲ្យយើងអាចសន្មត់ថា គ្រាប់ខ្សាច់ប្រភេទនោះគឺធ្លាប់បានកប់ក្រោមដីជាយូយាណាស់មកហើយ”។ លោកសាស្ត្រាចារ្យ Duller ពន្យល់ថា ប្រសិនបើយើងចង់ឡើងទៅលើភ្នំខ្សាច់សាស្ត្រាចារ្យ Geoff Duller វាពិតជារឿងមួយដែលលំបាកខ្លាំងណាស់។ គាត់បាននិយាយទៀតថា “នៅពេលអ្នកឡើង អ្នកប្រាកដជាយល់ថាខ្លួនរបស់អ្នកហាក់ដូចជាមានអ្វីមករុញច្រានឲ្យត្រឡប់មកវិញ។ ប៉ុន្តែប្រសិនបើយើងអាចធ្វើបាន វាពិតជារឿងដែលមានតម្លៃព្រោះថាទេសភាពនៅលើកំពូលភ្នំមានរូបរាងស្រស់ស្អាតនិងប្លែកអារម្មណ៍” ។

វេជ្ជបណ្ឌិត៖ លោក Joe Biden គឺមានសុខភាពល្អគ្រប់គ្រាន់ក្នុងការឈរឈ្មោះអាណត្តិក្រោយ

វេជ្ជបណ្ឌិតរបស់លោក Joe Biden បាននិយាយថា ថ្វីត្បិតតែមេដឹកនាំរបស់អាមេរិកមានវ័យចំណាស់ជាងគេនៅក្នុងប្រវត្តិសាស្ត្រក៏ពិតមែន ប៉ុន្តែលោក គឺនៅតែមានសុខភាពល្អគ្រប់គ្រាន់ក្នុងការបន្តឈរឈ្មោះជាប្រធានាធិបតីក្នុងអាណត្តិក្រោយ នេះបើយោងតាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២៤។

វេជ្ជបណ្ឌិតដែលប្រចាំនៅសេតវិមាន គឺលោកវេជ្ជបណ្ឌិត Kevin O’Connor បាននិយាយថា លោក Biden “តែងតែអនុវត្តទៅតាមវិជ្ជបញ្ជារបស់គ្រូពេទ្យជានិច្ច។ លោក បាននិយាយទៀតថា លោក Biden គឺជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវខ្ពស់ អ្វីដែលលោកបានសន្យា គឺលោកពិតជាធ្វើបានពិតមែន។

គួរបញ្ជាក់ថា បច្ចុប្បន្នលោក Joe Biden គឺមានអាយុ 81 ឆ្នាំ ដោយលោកបានតាំងចិត្តថា លោកនិងបន្តឈរឈ្មោះធ្វើជាប្រធានាធិបតីនៅអាណត្តិបន្ទាប់ទៀត។

លោក Joe Biden ​បាន​និយាយ​ថា លទ្ធផល​ឆ្នាំនេះគឺ​មិន​ខុស​ពី​ឆ្នាំ​មុននោះ​ទេ ហើយលោក​បាន​និយាយ​ទៀតថា បច្ចុប្បន្នគឺគាត់មើលទៅក្មេងជាងមុនទៅទៀត។

លោក Biden តែងតែធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ប្រាំថ្ងៃក្នុងមួយសប្តាហ៍” នេះបើយោងតាមវេជ្ជបណ្ឌិតរបស់គាត់។ នៅក្នុងអនុស្សរណៈមួយ លោកវេជ្ជបណ្ឌិត O’Connor បានកត់សម្គាល់ឃើញថា លោកប្រធានាធិបតីគឺនៅតែបន្តទទួលការព្យាបាលនូវជំងឺបេះដូង (ចង្វាក់បេះដូងមិនទៀងទាត់) ក៏ដូចជាជំងឺច្រាលក្រពះពោះវៀន និងជំងឺលើសជាតិខ្លាញ់ក្នុងឈាមដដែល។

គួររំលឹកថា កាលពីរដូវក្តៅមុន លោក Biden បានចាប់ផ្តើមប្រើម៉ាស៊ីន CPAP នៅពេលយប់ដើម្បីដោះស្រាយការដកដង្ហើមរបស់គាត់នៅពេលគេងផងដែរ។ ខាងគ្រូពេទ្យក៏បាននិយាយទៀតថា ជាញឹកញាប់លោក Biden តែងតែមានអាការៈរឹងជើងថែមទៀតផង។

យ៉ាងណាមិញចំពោះសុខភាព​របស់​លោក​ប្រធានាធិបតីសហរដ្ឋអាមេរិក គឺ​ត្រូវ​បានមនុស្សជាច្រើននៅក្នុងពិភពលោកបាន​ចាប់អារម្មណ៍ខ្លាំងជាងគេគឺ​នៅ​ដើម​ខែ​នេះ បន្ទាប់​ពីមាន​ទីប្រឹក្សា​ពិសេស​មួយ​បានលើកឡើងថា  លោក Biden គឺមានជំងឺបាក់ទឹកចិត្ត ​ដោយសារតែលោកមាន​អាយុច្រើនពេក។

នៅក្នុងរបាយការណ៍មួយប្រហែលជា 345 ទំព័របានពណ៌នាថា លោក Biden ជា “បុរសចំណាស់ដែលមានការចងចាំខ្សោយ” ដែលគួរឱ្យអាណិតអាសូរ។

បើទោះជាយ៉ាងណាក៏ដោយ លោក Biden បាន​និយាយ​ជា​ការ​ឆ្លើយ​តបទៅវិញ​ថា ​៖ «​ការ​ចងចាំ​របស់​ខ្ញុំ​គឺ​នៅល្អណាស់ បើទោះជាខ្ញុំ​មាន​វ័យ​ចំណាស់ក៏ពិតមែន​។ លោកបាននិយាយទៀតថា ខ្ញុំ​ដឹងច្បាស់ណាស់​ថា​ខ្ញុំ​កំពុង​ធ្វើ​អ្វី​។           ប៉ុន្តែបើយើងក្រឡែកទៅមើលការស្ទង់មតិក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីវិញបានបង្ហាញថា អាយុរបស់លោក Biden វាគឺជាក្តីបារម្ភខ្លាំងជាងគេសម្រាប់អ្នកបោះឆ្នោត។

ប្រទេសអារ៉ាប៊ីសាអូឌីត បានទទួលនូវភ្ញៀវទេសចរច្រើនជាង 100 លាននាក់

សមិទ្ធិផលមួយដ៏គួរឲ្យភ្ញាក់ផ្អើរបំផុតនៅក្នុងពិភពលោក គឺនៅពេលដែលព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានប្រកាសថា ក្នុងរយៈពេលប្រាំពីរឆ្នាំចុងក្រោយនេះ ខ្លួនបានសម្រេចនូវមហិចតាដ៏ធំមួយ គឺក្នុងនាមជាប្រទេសមហាលអំណាចទេសចរណ៍របស់ពិភពលោក។

យ៉ាងណាមិញការមកដល់នៃភ្ញៀវទេសចរជាង 100 លាននាក់ វាបានក្លាយទៅជាព្រឹត្តិការណ៍មួយដែលអស្ចារ្យបំផុត ព្រោះវាត្រូវបានរៀបឡើងដោយអង្គការទេសចរណ៍ពិភពលោក (UN Tourism)។ 

ជាការពិតណាស់អ្វីដែលមនុស្សជាច្រើននៅក្នុងពិភពលោក បានដឹងនិងស្គាល់កន្លងមក គឺគ្រាន់តែធ្លាប់លឺថា អារ៉ាប៊ីសាអូឌីតគឺជាប្រទេសដែលនាំចេញប្រេងច្រើនជាងគេបំផុតនៅក្នុងពិភពលោកនោះ ប៉ុន្តែនៅពេលនេះ អ្នកអង្គម្ចាស់ Mohammed bin Salman កំពុងតែសម្រេចបាននូវគោលបំណងមួយនៃការធ្វើពិពិធកម្មសេដ្ឋកិច្ចខ្លួនឲ្យឆ្ងាយពីវិស័យប្រេង ដោយទ្រង់បានព្យាយាមជំនួសវាដោយការអភិវឌ្ឍន៍ថ្មីមួយទៀតដែលប្រកបដោយចីរភាពនៃវិស័យទេសចរណ៍វិញម្តង។

គួរបញ្ជាក់ថា​​ ចំពោះព្រឹត្តិការណ៍ដ៏សំខាន់មួយនេះផងដែរ វាត្រូវបានក្រុមការងាររបស់ BBC បានរាយការណ៍ថា ប្រទេសអារ៉ាប៊ីសាអូឌីតនិងចំណាយជាទឹកប្រាក់សរុបប្រមាណ 67 ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះ។ ម្យ៉ាងទៀតខាងក្រសួងទេសចរណ៍របស់ប្រទេសមួយនេះបានឲ្យដឹងទៀតថា សម្រាប់ចំនួននៃអ្នកចូលរួមទស្សនាក្នុងកំឡុងពេលប្រារព្ធពិធីនោះ វាត្រូវបានគេរំពឹងទុកថា ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិអាចច្រើនជាង ២៧ លាននាក់ទៅទៀត ហើយចំពោះភ្ញៀវទេចរណ៍ក្នុងស្រុកវិញគឺមិនតិចជាង ៧៩ លាននាក់នោះឡើយ។

ភាពជោគជ័យរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត វាក៏ត្រូវបានប្រទេសជាច្រើននៅក្នុងពិភពលោក បានយកគម្រូតាម។ មិនត្រឹមតែប៉ុណ្ណោះខាងអង្គការសហប្រជាជាតិបានស្នើរឲ្យមានគំនិតផ្តួចផ្តើមទៅលើការបង្កើតមូលដ្ឋាននៃគំនិតរួមជាយុទ្ធសាស្រ្ត ក៏ដូចជាកំណែទម្រង់ដែលពាក់ព័ន្ធនានា ដើម្បីជួយជំរុញឲ្យវិស័យទេសចរណ៍របស់ប្រទេសដ៏ទៃទៀតអាចទទួលបាននូវការអភិវឌ្ឍន៍ផងដែរ។

គួររំលឹកថា សម្រាប់ការកើនឡើងនៃភ្ញៀវទេសចររបស់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីក្នុងឆ្នាំ ២០២៣ ចំនួនភ្ញៀវទេសចរណ៍ជាសរុបគឺបានកើនឡើងរហូតដល់ ៣៩០% ឯណោះ។ ក្រុមការងាររបស់ BBC បានរាយការណ៍បន្តទៀតថា ការរួមចំណែកនៃវិស័យទេសចរណ៍ទៅកាន់ GVA ដែលមិនមែនប្រេងគឺត្រូវបានគេប៉ាន់ស្មានថា គឺមានចំនួនលើសពី 7% ទៅទៀតសម្រាប់ចក្ខុវិស័យរបស់អារ៉ាប៊ីសាអូឌីតនាថ្ងៃអនាគត។ វិស័យទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ផលិតផលក្នុងស្រុកសរុប ដែលបានគេប៉ាន់ប្រមាណថា GDP របស់ប្រទេសមួយនេះគឺមានកំណើនច្រើនជាង 4% ទៅទៀត។

បើទោះជាយ៉ាងណាក៏ដោយ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតបានប្រកាសទៀតថា ចំពោះគោលដៅរបស់ខ្លួននាថ្ងៃបន្ទាប់នោះ គឺពួកគេត្រូវតែទទួលបាននូវភ្ញៀវទេសចរណ៍យ៉ាងតិចចំនួន 150 លាននាក់នៅឆ្នាំ 2030 ។ ហេតុដូច្នេះហើយសម្រាប់សមិទ្ធិផលរបស់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងការស្វាគមន៍ភ្ញៀវទេសចរ ដែលច្រើនជាង 100 លាននាក់ក្នុងឆ្នាំ 2023 គឺជាសញ្ញានៃអ្វីដែលពួកគេចង់បញ្ជាក់ថា វាបានកើតឡើងចេញពីការសហការ ការច្នៃប្រឌិត និងចក្ខុវិស័យមួយដែលមានភាពច្បាស់លាស់។ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតមិនត្រឹមតែសន្យាថាខ្លួននិងផ្តល់ជូនដល់អ្នកមកដល់នូវបទពិសោធន៍ទេសចរណ៍ចម្រុះ និងសម្បូរបែបប៉ុណ្ណោះទេ ប៉ុន្តែខ្លួននឹងផ្តល់គ្រប់អ្វីៗដែលខ្លួនបានសន្យាជានិច្ច ហើយការសបញ្ជាក់នេះ គឺជាការត្រួសត្រាយផ្លូវដ៏ល្អមួសម្រាប់អនាគតដែលស្រស់បំព្រងចំពោះវស័យឧស្សាហកម្មទេសចរណ៍ពិភពលោក។

scroll to top