កប៉ាល់ដឹកទំនិញ របស់ប្រទេសសិង្ហបុរីបានបើកបុកស្ពាន Baltimore របស់សហរដ្ឋអាមេរិក

ស្ពាន Francis Scott Key  វាគឺជាស្ពានដែកមួយដែលគេសាងសង់ឡើងដើម្បីឆ្លងកាត់ទន្លេ Patapsco Baltimore វាក៏បានដួលរលំកាលពីព្រឹកថ្ងៃអង្គារ គឺបន្ទាប់ពីវាត្រូវបានបុកដោយកប៉ាល់ដ៏ធំមួយរបស់ប្រទេសសឹង្ហបុរី នេះបើយោងតាមវីដេអូដែលទទួលបានដោយ CNN កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤។

គួរបញ្ជាក់ថា ស្ពាន Francis Scott Key គឺបានបើកសម្ភោធជាផ្លូវការកាលពីខែមីនា ឆ្នាំ 1977 ដែលមានប្រវែងប្រមាណ  1,200 ហ្វីត (366 ម៉ែត្រ) ម្យ៉ាងវិញទៀតស្ពានខាងលើនេះគឺត្រូវបានគេបានចាត់ទុកថា វាជាស្ពានដែលវែងជាងគេនៅក្នុងតំបន់ទីក្រុង Baltimore ដែលស្ថិតក្នុងរដ្ឋ Maryland នៃសហរដ្ឋអាមេរិក។

បើយោងទៅតាមការរាយការពីទីភ្នាក់ងាររបស់ CNN បាននិយាយថា កាលពីថ្ងៃទី 26 ខែមីនា ឆ្នាំ 2024 គឺវេលាម៉ោង 01:28 ព្រឹក EDT ( UTC–4 ) ស្ពាន Francis Scott Key បានដួលរលំបន្ទាប់ពីកប៉ាល់ដឹកកុងតឺន័រ Dali របស់សិង្ហបុរី បានបុកជាមួយនឹងសសរស្តម្ភ ទើបវាអាចបង្ករឲ្យស្ពានមួយនេះត្រូវដួលរំលំបែបនេះ។ 

បច្ចុប្បន្នខាងអាជ្ញាធរដឹកជញ្ជូនរដ្ឋ Maryland បានប្រកាសជាបណ្តោះអាសន្នថា រាល់ការចរាចរណ៍ផ្លូវគោកដែលត្រូវឆ្លងកាត់ស្ពានមួយនេះទាំងអស់គឺត្រូវផ្អាកជាបណ្តុះអាសន្ន តែក្រុមការងាររបស់ CNN ក៏មិនទាន់ដឹងថា តើមាននរណាម្នាក់បានរងរបួសក្នុងកំឡុងពេលមានឧប្បត្តិហេតុនោះទេ។ 

បើយោងតាមការរៀបរាប់ពីអភិបាលក្រុង Baltimore លោក Brandon Scott បាននិយាយនៅក្នុង ការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម នៅម៉ោងប្រហែល 3 ព្រឹកថា លោកកំពុងធ្វើដំណើរទៅកាន់តំបន់ដែលជួប “ឧប្បត្តិហេតុ”។ ក្នុងនោះលោកបានបន្ថែមថា “បុគ្គលិកសង្គ្រោះបន្ទាន់កំពុងស្ថិតនៅកន្លែងកើតហេតុ ហើយកិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការ។ បើយោងតាមរយៈវីដេអូដែលបង្ហាញបន្ទាប់ពីការបុកវិញបានឲ្យដឹងថា  គឺមានទូកជាច្រើនកំពុងតែមមាញឹកដើម្បីធ្វើដំណើរឆ្ពោះទៅកាន់បង្គោលជំនួយរបស់ស្ពាន។ ក្នុងវីដេអូនោះបានបង្ហាញទៀតថា នៅសរសរស្ពានដែលបានបាក់គឺមានវផ្សែង និងមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅទៅលើអាកាសអស់ជាច្រើននាទី ហើយចំពោះផ្នែកខ្លះនៃស្ពានវិញគឺហាក់ដូចជាត្រូវបានដួលរលំពីខាងមកផ្នែកខាងមុខនៃកប៉ាល់ដែលបានបង្កហេតុនោះថែមទៀតផង។ 

ទីបំផុត អ្នកដែលអាចឈ្នះការបោះឆ្នោតនៅរុស្ស៊ីគឺនៅតែជាលោក ពូទីន ដដែល ព្រោះគ្មាននរណាម្នាក់ហ៊ានប្រកួតប្រជែងនឹងលោកឡើយ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឈ្នះការបោះឆ្នោតម្តងទៀតហើយកាលពីថ្ងៃអាទិត្យ  ហើយវាពិតជារឿងមួយដែលរលូនទៅតាមផែនការរបស់មេដឹកនាំវិមានក្រឹមឡាំងដែលបាននិយាយថា ទីក្រុងមូស្គូនឹងបញ្ជូនទាហ៊ានចូលទៅប្រទេសអ៊ុយក្រែនបន្ថែមទៀត នេះបើយោងទៅតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤។

លោក ពូទីន គាត់គឺជាអតីតវរសេនីយ៍ទោ KGB ដែលបានឡើងកាន់អំណាចដំបូងក្នុងឆ្នាំ 1999 លោកបានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា លទ្ធផលរវាងសង្គ្រាមអ៊ុយក្រែនិងរុស្ស៊ីនាពេលនេះ វាក៏គួរតែធ្វើឲ្យពួកលោកខាងលិចអាចយល់រួចទៅហើយថា មេដឹកនាំរបស់រុស្ស៊ីគឺមនុស្សដែលមានភាពក្លាហាន មិនថាទាំងនៅក្នុងសង្រ្គាម ឬសន្តិភាពទេ គឺលោកអាចធ្វើបានទាំងអស់។

បើទោះបីជាបច្ចុប្បន្នលោក លោក ពូទីន មានអាយុ ៧១ឆ្នាំ ក៏ពិតមែន តែមហិច្ចតារបស់លោក គឺគាត់មានគម្រោងចង់វ៉ាឲ្យដាច់មេដឹកនាំ លោក ចូសេហ្វ ស្តាលីន ក្នុងរយៈពេល៦ឆ្នាំខាងមុខ  ហើយលោកនិងបើកទំព័រថ្មីក្នុងនាមជាមេដឹកនាំដែលកាន់អំណាចយូរជាងគេបំផុតរនៅក្នុងប្រទេសរុស្ស៊ីផងដែរ។

គួរបញ្ជាក់ថា លោកពូទីន បានប្រាប់អ្នកសារព័ត៌មានថា លោកបានចាត់ទុកការបោះឆ្នោតរបស់រុស្ស៊ីមួយនេះ វាគឺជាការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យទៅវិញទេ ដោយលោកបាននិយាយបន្តថា ព្រោះការតវ៉ាដែលបំផុសគំនិតដោយ Alexei Navalny ប្រឆាំងនឹងលោក មិនមានផលប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតនោះឡើយ។

យើងខ្ញុំសូមបញ្ជាក់សារជាថ្មីថា Alexei Navalny ជាស្ថាបនិកនៃ មូលនិធិប្រឆាំងអំពើពុករលួយ (FBK) ។ គាត់ត្រូវបាន ទទួលស្គាល់ ដោយ អង្គការលើកលែងទោសអន្តរជាតិ ថាជា អ្នកទោសមនសិការ ហើយលោកក៏បានទទួលនូវពានរង្វាន់ Sakharo ដែលស្តីពីសិទ្ធិមនុស្សថែមទៀតផង។

នៅក្នុងការអត្ថាធិប្បាយដំបូងរបស់គាត់អំពីការស្លាប់របស់គាត់ គាត់ក៏បាននិយាយថាការស្លាប់របស់ Navalny គឺជា “ព្រឹត្តិការណ៍សោកសៅ” ហើយបានបញ្ជាក់ថាគាត់បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការផ្លាស់ប្តូរអ្នកទោសពាក់ព័ន្ធនឹងអ្នកនយោបាយប្រឆាំង។

តាមពិតទៅការបោះឆ្នោតនៅក្នុងប្រទេស​រុស្ស៊ីគឺបាន​កើតឡើងប្រហែលជា​ពីរ​ឆ្នាំ ប្រសិនបើយើងគិត​ចាប់តាំងពីលោក​ពូ​ទីនបាន​បង្ក​ជម្លោះជាមួយនិងសហភាព​អឺរ៉ុប ពោលគឺនៅពេលដែលលោកពូទីន បានបញ្ជា​ឱ្យ ​ឈ្លានពាន​អ៊ុយក្រែន ​។

មិនខ្វល់ថា ការបោះឆ្នោតនៅប្រទេសរុស្ស៊ី មានត្រឹមតែនាមឬក៏បន្លំភ្លែកយ៉ាងណាក៏ដោយ តែអ្វីដែលធ្វើឲ្យអ្នករាយការណ៍របស់រ៉យទ័របានលើកឡើងនោះ គឺនៅក្នុងប្រទេសរុស្ស៊ីមានអ្នកគាំទ្រជាច្រើនបានស្រែកថា “ពូទីន ពូទីន ពូទីន” ជាពិសេសគឺនៅពេលដែលគាត់បង្ហាញខ្លួននៅលើឆាក ដើម្បីថ្លែងសុន្ទរកថាទៅកាន់ជនរួមជាតិ។

​លោក ​ស្រេតថា ថាវីស៊ីន ​បាន​ត្រៀម​ខ្លួន​ចាក​ចេញ​ពីទួនាទីជារដ្ឋមន្ត្រីហិរញ្ញវត្ថុ

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃបានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ស្រេតថា ថាវីស៊ីន នឹងលាលែងពីតួនាទីក្នុងនាមជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ហើយការផ្លាស់ប្តូរនោះលោកបានសង្ឈឹមថា វាអាចជួយបន្ធូរបន្ថយនូវភាពតានតឹងមួយចំនួនជាមួយធនាគារកណ្តាលថៃ (BoT) គឺជុំវិញគោលនយោបាយរូបិយវត្ថុ។

តាមរយៈកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ១៣ ខែមីនាបានសរសេរថា Krungthep Turakij បានលើកឡើងថា ចំពោះមុខតំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ វាអាចជាអតីតមហាសេដ្ឋីអចលនទ្រព្យម្នាក់នោះគឺលោក Pichai Chunhavajira។ ការសែតខាងលើបានសរសេរទៀតថា  លោក Pichai Chunhavajira គាត់គឺជាមនុស្សម្នាក់ដែលមានស្និទ្ធស្នាលខ្លាំងជាមួយនឹងនាយករដ្ឋមន្ត្រីបច្ចុប្បន្នថែមទៀតផង។

គួរបញ្ជាក់ថា ការផ្លាស់ប្តូរតួនាទីរដ្ឋមន្ត្រីហិរញ្ញវត្ថុនេះផងដែរ គឺកើតឡើងបន្ទាប់ពី លោក ស្រេតថា ថាវីស៊ីតែងតែមមាញឹកជាការងារក៏ដូចជាទួនាទីកំពូលរបស់លោក ដែលជាហេតុធ្វើឲ្យលោកគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីមកអនុវត្តគោលនយោបាយសេដ្ឋកិច្ចជាមួយក្រសួងដែលជាប់ពាក់ព័ន្ធជាពិសេសគឺធនាគារកណ្តាល។

តើភាពចាស់ទុំរបស់លោក Pichai ខាងទីផ្សារមូលធន ដែលទើបទទួលបានជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ពិតជាអាចជួយបន្ធូរបន្ថយភាពតានតឹងរវាងរដ្ឋបាលថៃបច្ចុប្បន្ន និងធនាគារកណ្តាល បានដែរឬអត់? ព្រោះថាក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ លោកស្រេតថា ថាវីស៊ីន បានប៉ះទង្គិចគ្នាជាញឹកញាប់ជាមួយធនាគារកណ្តាលរបស់ខ្លួន ជុំវិញវិធីសាស្រ្តក្នុងការស្តារសេដ្ឋកិច្ចដ៏ធំទីពីររបស់អាស៊ីអាគ្នេយ៍ឡើងមកវិញនោះ។

យើងខ្ញុំសូមរំលឹកថា កាលពីពេលថ្មីៗនេះ ទេសាភិបាលរបស់ធនាគារថៃ BoT បាននិយាយថា លោកសូមច្រានចោលចំពោះការអំពាវនាវរបស់នាយករដ្ឋមន្ត្រី ដែលមានបំណងចង់កាត់បន្ថយអត្រាការប្រាក់ ដើម្បីជាថ្នូរនិងការជួសជុលសេដ្ឋកិច្ចឲ្យមានកំណើនឆាប់រហ័ស ក៏ដូចជាដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចឡើងមកវិញ ខណៈដែលពិភពលោកកំពុងតែជួបប្រទះនៅការកើនឡើងនៃអតិផរណា។

បញ្ហាប្រឈមនៅក្នុងប្រទេសថៃ ដែលកំពុងរង់ចាំរដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មី មកបង្កើតផែនការ និងយុទ្ធសាស្ត្រ គឺធ្វើយ៉ាងណាដើម្បីឲ្យមានកំណើននៃអ្នកប្រើប្រាស់។ ការអនុវត្តមួយដែលផ្ទុយពីការសន្យាមុនពេលបោះឆ្នោតសកល គណបក្សភឿថៃ ដែលជាអ្នកដឹកនាំក្រុមចម្រុះ គឺកំពុងរងនូវការរិះគន់ពីក្រុមអ្នកសេដ្ឋកិច្ច និងធនាគារកណ្តាលរបស់ខ្លួនថា អតិផរណាមួយនេះគឺកើតឡើងដោយសារតែមេដឹកនាំ។

ថ្វីត្បិតតែសេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​បាន​កើន​ឡើងប្រមាណជិត ២ ភាគរយ​កាល​ពី​ឆ្នាំ​មុនក៏ពិតមែន តែវាគឺនៅតែ​យឺត ប្រសិនបើយើងធៀបទៅ​នឹង​អត្រា​កំណើន​នៃ​ដៃគូ​ក្នុង​តំបន់។ លោក ស្រេត ថា ចង់​បង្កើន​ល្បឿន​នៃ​ការ​ពង្រីក​ដល់ ៥% ជា​រៀង​រាល់​ឆ្នាំ ដោយជាការអនុវត្តតាមរយៈ​វិធានការ​នៃ​ការ​លើកលែង​ទិដ្ឋាការ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍ និង​អ្នក​វិនិយោគ​ជុំវិញ​ពិភពលោក ដើម្បី​ទាក់ទាញ​ការ​វិនិយោគដោយ​ផ្ទាល់​ពី​បរទេស។

ទស្សនវិស័យមួយដែលមានកំណើនយឺតយ៉ាងជាងការរំពឹងទុក វាក៏បានធ្វើឲ្យមានការប៉ះទង្គិចគ្នារវាងធនាគារកណ្តាល និងរដ្ឋាភិបាល។ ប្រាក់បាតនៅតែបន្តធ្លាក់ចុះមិនឈប់ឈរ ហើយការធ្លាក់ចុះនោះគឺកើតឡើងដោយសារថៃមានគោលនយោបាយរូបិយវត្ថុមិនត្រឹមត្រូវ ទើបធ្វើឲ្យប្រាក់បាតមានសញ្ញាអាក្រក់បើធៀបនិងការរក្សាទុកជាប្រាក់ជាដុល្លា។

រដ្ឋបាលរបស់លោក Joe Biden បានប្រកាសកញ្ចប់ជំនួយសព្វាវុធថ្មីសម្រាប់ប្រទេសអ៊ុយក្រែន

រដ្ឋបាលរបស់លោក  Biden បានប្រកាសកញ្ចប់ ជំនួយយោធាមួយផ្សេងទៀតដល់អ៊ុយក្រែន  ដែលមានតម្លៃរហូតដល់ 300 លានដុល្លារសហរដ្ឋអាមេរិក។ អស់រយៈពេលជាច្រើនខែកន្លងមកនេះ ខាងមន្ទីបញ្ចកោណមិនមានប្រាក់នៅសល់ដើម្បីផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែននោះទេ ប៉ុន្តែកាលពីថ្ងៃអង្គារសប្តាហ៍នេះ គឺមានក្រុមមន្ត្រីរបស់សហរដ្ឋអាមេរិកបាននិយាយថា មូលនិធិថ្មីដែលបានមកពីការសន្សំ យើងនឹងធ្វើឡើងដើម្បីបំពេញនូវកិច្ចសន្យាសព្វវុធ នេះបើយោងតាមការចុះផ្សាយពីភ្នាក់ងារសារព័ត៌មាន CNN កាលពីថ្ងៃទី ១២​ ខែមីនា ឆ្នាំ ២០២៤។

បើយោងតាមរយៈទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានប្រកាសអំពីកញ្ចប់ថវិកាខាងលើនេះនៅក្នុងសន្និសីទមួយដែលធ្វើឡើងនៅឯសេតវិមានកាលពីរសៀលថ្ងៃអង្គារ។ ដោយក្នុងនោះលោកបានលើកឡើងថា “នៅពេលដែលកងទ័ពរុស្ស៊ីកំពុងតែរុលទៅមុខ ដោយប្រើកាំភ្លើងនោះ  តែអ៊ុយក្រែនគឺមិនមានលទ្ធភាពគ្រាប់គ្រាន់ក្នុងការបាញ់តបតវិញឡើយ។

ការបាត់បង់ទឹកដី និងអាយុជីវិតរបស់ប្រជាជនអ៊ុយក្រែន វាក៏បានធ្វើឱ្យអាមេរិក និងសម្ព័ន្ធមិត្តណាតូ បានខាតបង់ដូចគ្នាដែរ។

គួរបញ្ជាក់ថា ក្រោយពីប្រធានាធិបតីអាមេរិកលោក Joe Biden បានបង្ហាញថា កញ្ចប់ជំនួយសម្រាប់អ៊ុយក្រែនគឺ “មិនគ្រប់គ្រាន់នោះទេ” លោកក៏បានស្នើរឲ្យសភាគួរតែអនុម័តថវិកាបន្ថែមទៀតផងដែរ។

លោក Biden បាននិយាយថា យើងត្រូវធ្វើសកម្មភាពឲ្យបានមុនពេលវាមិនទាន់យឺតពេល ព្រោះថារុស្ស៊ីមិនអាចបញ្ឈប់មហិចតារបស់ខ្លួនត្រឹមតែប្រទេសអ៊ុយក្រែននោះទេ។ លោកបានមានប្រសាសន៍បន្តទៀតថា មេដឹកនាំវិមានក្រឹមឡាំង លោកពូទីននឹងបន្តទៅមុខមិនចេះចប់ ដោយជាការដាក់អឺរ៉ុប សហរដ្ឋអាមេរិក និងពិភពលោកសេរីទាំងមូលឲ្យប្រឈមនឹងហានិភ័យ តាមរយៈរបបផ្តាច់ការដ៏ឃោឃៅមួយនេះជាមិនខាន។

បើយោងតាមរយៈអ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ Pat Ryder បាននិយាយកាលពីថ្ងៃអង្គារថា កញ្ចប់ជំនួយខាងលើនេះគឺមានរួមបញ្ចូល “កាំជ្រួចប្រឆាំងយន្តហោះ Stinger គ្រាប់រំសេវសម្រាប់ប្រើជាមួយ HIMARS កាំភ្លើងធំ រួមទាំងគ្រាប់រំសេវបំផ្ទុះរយៈកំពស់ខ្ពស់  និងកាំភ្លើងប្រឆាំង AT4 ផងដែរ ។ ម្យ៉ាងទៀតក្នុងកញ្ចប់ជំនួយនោះគឺមានរថពាសដែក គ្រាប់រំសេវអាវុធធុនតូច  គ្រាប់រំសេវសម្រាប់បោសសម្អាតឧបសគ្គ ក៏ដូចជាគ្រឿងបន្លាស់ និងឧបករណ៍ផ្សេងៗជាច្រើនទៀត”។

លោកបាននិយាយទៀតថា បច្ចុប្បន្នខាងមន្ទីរបញ្ចកោណមាន សិទ្ធិដកប្រាក់ប្រមាណ ៤ពាន់លានដុល្លារ ដែលចំនួននៅសេសសល់គឺដើម្បីបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។ ប៉ុន្តែទន្ទឹមនឹងនោះមន្ទីរបញ្ចកោណក៏មានការស្ទាក់ស្ទើរក្នុងការប្រើប្រាស់មូលនិធិរបស់ខ្លួនផងដែរ ពីព្រោះនៅពេលនេះខ្លួនមិនមានលទ្ធភាពបំពេញចន្លោះដែលខ្វះខាតខាងសារពើភ័ណ្ឌរបស់សហរដ្ឋអាមេរិកនៅឡើយ។

គួរបញ្ជាក់ថា “ការបន្ថែមលើកនេះគឺមានសារៈសំខាន់ណាស់សម្រាប់ការត្រៀមខ្លួនរបស់អ៊ុយក្រែន ថ្វីត្បិតតែកញ្ចប់ជំនួយលើកនេះគឺមានទំហំតូចក៏ពិតមែន តែវាក៏អាចជួយឲ្យអ៊ុយក្រែនបន្តដំណើរទៅមុខបើទោះជា​ក្នុង​រយៈ​ពេល​ខ្លីក៏ដោយ។ ជាការពិតណាស់ចំពោះសង្គ្រាមកូនកាត់ដែលកំពុងតែកើតឡើងនៅក្នុងប្រទេសអ៊ុយ ប្រសិនបើវាគ្មានការគាំទ្រ និងការផ្គត់ផ្គង់អាវុធពីសហរដ្ឋអាមេរិកវិញនោះ ម្ល៉េះអ៊ុយក្រែនបានបាត់បង់ទឹកដីដោយសារតែរុស្ស៊ីតាំងពីដំបូងមកម្ល៉េះ។ បើយើងរំលឹកពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅអ៊ុយកាល​ពី​ខែ​មុនវិញ គឺកងកម្លាំង​រុស្ស៊ី​បាន​លើក​ទង់ជាតិ​របស់​ខ្លួន​នៅ​ក្រុង Avdiivka ភាគ​ខាង​កើត​អ៊ុយក្រែនរួចទៅហើយ ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​អស់​រយៈពេល​ជាច្រើន​ខែកន្លងមក។

scroll to top