ក្រុមហ៊ុនបច្ចេកវិទ្យា Apple បានវិនិយោគជាទឹកប្រាក់រាប់ពាន់លានដុល្លា នៅ​ក្នុង​ប្រទេស​វៀតណាម

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple Inc លោក Tim Cook បានប្រកាសថា ក្រុមហ៊ុនរបស់ខ្លួនមានគម្រោងទិញយកគ្រឿងបន្លាស់ពីប្រទេសវៀតណាមបន្ថែមទៀត ដើម្បីបង្ហាញសញ្ញាថា វៀតណាមគឺជាខ្សែសង្វាក់ផ្គត់ផ្គង់យ៉ាងល្អរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន CNN​ កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា នាយកប្រតិបត្តិ Tim Cook បានសន្យាបែបនេះ នៅពេលដែលលោកបានជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ដែលជាជំនួបមួយបានធ្វើឡើងនៅក្នុងទីក្រុងហាណូយ កាលពីថ្ងៃអង្គារ នេះបើយោងតាម សេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាលនៃប្រទេសវៀតណាម។

ប្រភពដដែលបាននិយាយទៀតថា ចាប់តាំងពីក្រុមបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះបានចាប់ផ្តើមសហការជាមួយនឹងប្រទេសវៀតណាមកាលពីឆ្នាំ ២០១៩ កន្លងមក ក្រុមហ៊ុន Apple គឺបានចំណាយជាសាច់ប្រាក់ប្រមាណ16 ពាន់លានដុល្លាររួចទៅហើយ មិនត្រឹមប៉ុណ្ណោះក្រុមហ៊ុនយក្សខាងលើក៏បានបង្កើតការងារសម្រាប់ប្រជាជនវៀតណាមច្រើនជាង 200,000 នាក់ថែមទៀតផង។

 បើយោងតាមសេចក្តីថ្លែងការណ៍ដោយផ្ទាល់ពីលោក Tim Cook បានឲ្យដឹងបន្ថែមថា Apple “បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងសកម្មភាពវិនិយោគជាច្រើនទៀតនៅក្នុងបណ្តាលប្រទេសអាស៊ីអាគ្នេយ៍។ យ៉ាងណាមិញ ចំពោះដំណើរទស្សនកិច្ចរបស់លោក Tim Cook បានបង្ហាញឲ្យយើងដឹងថា ឥឡូវនេះមួយក្នុងចំណោមសមាជិកអាស៊ាន វៀតណាមបានក្លាយទៅជាប្រទេសមួយដែលមានសក្តានុពល និងមានសារៈសំខាន់ខ្លាំងជាងគេចំពោះក្រុមហ៊ុនធំៗជាច្រើននៅក្នុងពិភពលោក ខណៈដែលពួកគេទាំងនោះកំពុងស្វែងរកជម្រើសថ្មីក្រៅពីប្រទេសចិន។

បើយោងទៅតាមការរៀបរាប់ពីក្រសួងផែនការ និងវិនិយោគរបស់ប្រទេសវៀតណាម បានឱ្យដឹងបន្ថែមថា វៀតណាមបានទាញយកការវិនិយោគដោយផ្ទាល់ពីបរទេសច្រើនជាង 4.29 ពាន់លានដុល្លារ ហើយទិន្នន័យនេះគឺយើងគិតត្រឹមក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ។​ យ៉ាងណាមិញចំពោះការកើនឡើងនេះទៀតសោត ប្រសិនបើយើងយកទៅធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2023 គឺវាមានកំណើនរហូតដល់ទៅ 39% ឯណោះ។ ការកើនឡើងដ៏ច្រើនលើសលប់នេះ​ ខាងក្រុមការងាររបស់ CNN គិតលើតែការវិនិយោគថ្មីនិងលុយថ្មីតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ប្រទេសវៀតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វៀតណាមបានក្លាយទៅជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកលូតលាស់ឆាប់រហ័សជាងគេបំផុតនៅក្នុងអាស៊ីអាគ្នេយ៍។ មិនត្រឹមតែប៉ុណ្ណោះប្រទេសវៀតណាមក៏បានដើរតួរយ៉ាងសំខាន់ ក្នុងនាមជាផ្គត់ផ្គង់ដល់ក្រុមហ៊ុនផលិតធំៗនៅក្នុងពិភពលោក មិនចាញ់ប្រទេសឥណ្ឌាប៉ុន្មាននោះទេ ហើយការរីកចំរើនមួយនេះ វាក៏ព្រោះតែបច្ចុប្បន្នទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងលោកខាងលិចកំពុងតែមានភាពប្រេះស្រាំ។

តែបើទោះជាយ៉ាងនេះក្តី ចំពោះការងាកទៅរកអ្នកផ្គត់ផ្គង់ថ្មី ក្រៅពីប្រទេសចិន គឺមានក្រុមអ្នកជំនាញដូចជាលោក Dan Ives ដែលមានមូលដ្ឋាននៅក្នុងក្រុមហ៊ុន Wedbush Securities បានលើកឡើងថា ទាំងទំហំទីផ្សា និង វត្ថុធាតុដើមដែលមាននៅក្នុងប្រទេសវៀតណាម គឺវានៅតែមិនអាចប្រៀបស្មើនឹងប្រទេសចិនបាននោះឡើយ។

រលកកំដៅបានធ្វើឲ្យប្រទេសម៉ាលី បានជួបនៅសីតុណ្ហភាពរហូតដល់ 48C

នៅក្នុងប្រទេសម៉ាលីកាលពីខែមុន សីតុណ្ហភាពបានកើនឡើងលើសពី 48C ទៅទៀត ដែលជាមូលហេតុបង្ករឲ្យមានប្រជាជនរាប់រយនាក់បានស្លាប់ដោយសារតែការឡើងកំដៅខ្លាំងក្នុងភពផែនដី នេះយោងទៅតាមការចុះផ្សាយពី BBC កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤។

មានក្រុមអ្នកស្រាវជ្រាវជាច្រើនបានលើកឡើងថា រាល់សកម្មភាពរបស់មនុស្សដូចជាការដុតឥន្ធនៈហ្វូស៊ីល វាក៏ជាកក្តាដែលនាំឱ្យសីតុណ្ហភាពឡើងខ្ពស់ជាងធម្មតារហូតដល់ទៅ 1.4C រួចទៅហើយ។​ តែទន្ទឹមនឹងនោះសម្រាប់ការសិក្សាដាច់ដោយឡែកមួយផ្សេងទៀត ដោយស្តីពីគ្រោះរាំងស្ងួតនៅអាហ្វ្រិកខាងត្បូងបាននិយាយថា El Niño ដែលជាខ្យល់បក់នាំមកនូវកំដៅពីមហាលសមុទ្រប៉ាស៊ីហ្វិកមកកាន់បរិយាកាស គឺមានកម្រឹតធ្ងន់ធ្ងរជាងការប្រែប្រួលអាកាសធាតុទៅទៀត។

ប្រទេសមួយចំនួននៅក្នុងតំបន់ Sahel និងនៅទូទាំងទ្វីបអាហ្រ្វិកខាងលិចគឺត្រូវបានវាយប្រហារដោយរលកកំដៅយ៉ាងខ្លាំងខ្លា ដែលបានវាយប្រហារលើឧបទ្វីបមួយនេះចាប់តាំងពីចុងខែមីនា និងបន្តរហូតដល់ដើមខែមេសានេះ។

ប្រសិនបើយើងនិយាយពីរលកកំដៅ ចំពោះប្រទេសដែលមានអាកាសធាតុក្តៅជាងគេ​បំផុត​នៅ​ក្នុងទ្វីបអាហ្វ្រីកវិញ នោះគឺជា​ប្រទេស​ម៉ាលី និង​ប៊ូគីណាហ្វាសូ។

នៅក្នុងអត្ថបទរបស់ BBC បានសរសេររៀបរាប់ទៀតថា នៅទីក្រុង Bamako រដ្ឋធានីនៃប្រទេសម៉ាលី មានមន្ទីរពេទ្យ Gabriel Toure បាននិយាយថា ខ្លួនបានកត់ត្រាចំនួនអ្នកស្លាប់ដោយសារការឡើងកំដៅគឺមានរហូតដល់ទៅ 102 នាក់ ដោយយើងគិតត្រឹមថ្ងៃដំបូងនៃខែមេសាតែប៉ុណ្ណោះ។

ចំពោះតួរលេខខាងលើនេះផងដែរ វាត្រូវបានក្រុមអ្នកជំនាញរបស់BBC សរសេរទៀតថា ទិន្នន័យនេះគឺមានប្រហែលពាក់កណ្តាលនៃអ្នកស្លាប់ ពួកគេភាគច្រើនគឺមានអាយុច្រើនជាង 60 ឆ្នាំ ។

តែបើយើងនិយាយពីក្រុមអ្នកស្រាវជ្រាវវិញបានជឿថា ការប្រែប្រួលអាកាសធាតុនៅក្នុងពិភពលោក គឺបានចូលរួមយ៉ាងសកម្មនៅក្នុងរលកកំដៅនារយៈពេលប្រាំថ្ងៃកន្លងមកនេះ។ ការវិភាគថ្មីមួយពីអ្នកវិទ្យាសាស្ត្រដែលជាប់ពាក់ព័ន្ធជាមួយក្រុម World Weather Attribution បង្ហាញទៀតថា សីតុណ្ហភាពខ្ពស់គឺបានកើតឡើងទាំងពេលថ្ងៃ និងពេលយប់ វាពិតជាមិនអាចទៅរួចបែបនេះទេ ប្រសិនបើមនុស្សគ្មានការប្រើប្រាស់ធ្យូងថ្ម ប្រេង ឧស្ម័ន និងការកាប់បំផ្លាញព្រៃឈើទេនោះ ម្ល៉េះរឿងទាំងនេះវាក៏មិនអាចកើតឡើងបានដែរ។

ការប្រែប្រួលអាកាសធាតុបានបង្ហាញឲ្យយើងដឹងថា កំដៅបានកើនឡើងរហូតដល់ 1.5C វាគឺក្តៅជាងធម្មតាច្រើនណាស់ តែទន្ទឹមនឹងនោះនៅក្នុងប្រទេសម៉ាលី និងប៊ូគីណាហ្វាសូ កំថាឡើយក្តៅនៅពេលថ្ងៃ សូម្បីតែសីតុណ្ហភាពនៅពេលយប់សោះវាបែរកាន់តែក្តៅទៅវិញគឺលើសពីធម្មតាច្រើនជាង 2C ហើយប្រសិនបើយើងនិយាយពីតំបន់ទាំងមូលនៃទ្វីបអាហ្វ្រិក សីតុណ្ហភាពរយៈពេលប្រាំថ្ងៃមុនបានកើនឡើងជាមធ្យមគឺខ្ពស់ជាងធម្មតា 1.4C ។

ក្នុងករណី​សីតុណ្ហភាព​ជា​មធ្យមនៅក្នុង​ពិភពលោក​នៅពេលនេះ​ គឺប្រហែលជា 1.2C មានន័យថា វាមានកម្រឹតក្តៅ​ជាង​មុនកក្តាដែលបង្កឡើងដោយសារមនុស្ស។ ករណីមួយនេះ បើយោងទៅតាមការលើកឡើងដោយអ្នកវិទ្យាសាស្ត្រ​និយាយថា រលកកំដៅដែលខ្ពស់បំផុតមិនធ្លាប់មានពីមុនមក​ក្នុង​ប្រទេស​ម៉ាលី នឹង​កើតឡើង​ម្តងទៀត​ក្នុង​រយៈពេល 200 ឆ្នាំទៀត។ ប៉ុន្តែប្រសិនបើសីតុណ្ហភាពរួមនៅទូទាំងពិភពលោកនៅតែបន្តកើនឡើងលើសពី 2C នោះរលកកំដៅខ្លាំងបែបនេះនឹងកើតឡើងរៀងរាល់ 20 ឆ្នាំម្តងជាមិនខាន។

ខណៈពេលនេះផងដែរ ក្រុមការងាររបស់ BBC បានសង្កេតឃើញថា គ្រោះរាំងស្ងួតនៅក្នុងឆ្នាំ២០២៤ គឺពិតជាធ្ងន់ធ្ងរជាងឆ្នាំណាទាំងអស់ ហើយអ្វីដែលសំខាន់គឺវាបានវាយប្រហារលើបណ្តាប្រទេសដែលក្រីក្រខ្លាំងជាងគេ។

រលកកំដៅ និងគ្រោះរាំងស្ងួនវាបានធ្វើឲ្យប្រជាជនប្រមាណ 20 លាននាក់ បានប្រឈមនឹងភាពអត់ឃ្លាន តួរយ៉ាងដូចជា នៅក្នុងប្រទេស Zambia និង Zimbabwe មិនមែនគ្រាន់តែខ្វះខាតចំណីអាហារតែមួយមុខនោះទេ តែក៏ខ្វះទឹក ម្យ៉ាងទៀតខាងអង្គការសុខភាពពិភពលោកបានរកឃើញការផ្ទុះឡើងនៃជំងឺអាសន្នរោគ ជាមួយនឹងគ្រោះមហន្តរាយជាច្រើនទៀត ដែលត្រូវបានប្រកាសនៅក្នុងប្រទេសទាំងពីរ ក៏ដូចជានៅក្នុងប្រទេសម៉ាឡាវីដែលជាអ្នកជិតខាងថែមទៀតផង។

ជារួមមិនថាតែការប្រែប្រួលនៃ​អាកាសធាតុ ឬក៏​បាតុភូតអាកាសធាតុ El Niño ទេ គឺវាសុទ្ធសឹងតែ​មាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​ការភ្លៀង​ធ្លាក់​តិច និងគ្រោះរាំងស្ងួតដូចគ្នា។ ព្រោះបើយោងតាមលោក Joyce Kimutai អ្នកស្រាវជ្រាវនៅមហាវិទ្យាល័យ Imperial College London បាននិយាយថា “ក្នុងរយៈពេលមួយឆ្នាំកន្លងមក ការសិក្សាអំពីអាកាសធាតុបានបង្ហាញថា ព្រឹត្តិការណ៍អាកាសធាតុដែលធ្ងន់ធ្ងរ គឺវាសុទ្ធតែត្រូវបានជំរុញដោយការរួមបញ្ចូលគ្នានៃការប្រែប្រួលអាកាសធាតុ និង El Niño” ។ ជាឧទាហរណ៍ ដូចជា”គ្រោះរាំងស្ងួតនៅអាហ្វ្រិកខាងត្បូង វាគឺកើតឡើងដោយសរតែបាតុភូត El Niño ជាចម្បង”។

ក្រុមហ៊ុនយក្ស Google បានប្រកាសពីការបញ្ឈប់បុគ្គលិក ដើម្បីកាត់បន្ថយចំណាយ

មិននឹកស្មានថា សូម្បីតែក្រុមហ៊ុនដែលស្ថិតក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំង 5 របស់សហរដ្ឋអាមេរិកក៏នៅតែប្រកាសកាត់បន្ថយបុគ្គរបស់ខ្លួនដែរ។ កាលពីល្ងាចថ្ងៃទី 17 ខែមេសា ខាងសារព័ត៌មានដ៏ល្បីនៅក្នុងពិភពលោក Reuters បានសរសេរថា អ្នកនាំពាក្យរបស់ក្រុមហ៊ុន Google (GOOGL.O) បានប្រកាសថា ក្រុមហ៊ុនរបស់ខ្លួនបានសម្រេចចិត្តបញ្ឈប់បុគ្គលិកមួយចំនួន និងមួយចំនួនទៀតត្រូវផ្លាស់ប្តូរទួនាទីដោយទៅធ្វើការនៅឯបរទេស។

អ្នកនាំពាក្យរបស់ Google បាននិយាយបន្តថា ការបញ្ឈប់បុគ្គលិកគឺយើងមិនបានធ្វើទូទាំងក្រុមហ៊ុននោះទេ ហើយចំពោះបុគ្គលិកដែលមានសមត្ថភាព ពួកយើងក៏នៅតែរីករាយក្នុងផ្តល់ឪកាសដល់ពួកគេដើម្បីឡើងតួនាទីដដែល ក៏ប៉ុន្តែក្នុងនោះលោកមិនបានបញ្ជាក់ពីចំនួនបុគ្គលិកដែលត្រូវបញ្ឈប់ឡើយ។

បើយោងតាមក្រុមអ្នកជំនាញជាច្រើនបានយល់ឃើញថា ភាគរយនៃតួនាទីរបស់បុគ្គលិកដែលរងផលប៉ះពាល់គឺមានចំនួនតិចតួច ឬក៏អាចផ្លាស់ទីទៅមជ្ឈមណ្ឌលដែលជាក្រុមហ៊ុនដៃគូសហការច្រើនជាងគេ ព្រោះជាក់ស្តែង ក្រុមហ៊ុន Google បច្ចុប្បន្នកំពុងវិនិយោគជាមួយប្រទេសជាច្រើនដូចជា ប្រទេសឥណ្ឌា ឈីកាហ្គោ អាត្លង់តា និងឌូលីនជាដើម។

តាមពិតទៅចំពោះការបញ្ឈប់ការងារនេះ គឺធ្វើឡើងបន្ទាប់ពី ការកាត់បន្ថយការងារមួយចំនួន នៅទូទាំង Google និងឧស្សាហកម្មបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយនៅឆ្នាំនេះ។ តែអ្វីដែលជាការបន្ថែមនូវភាពភ័យខ្លាចនោះ គឺថាការបញ្ឈប់ការងារអាចបន្តទៅមុខ ដ៏រាបណាខាងក្រុមហ៊ុននៅតែត្រូវដោះស្រាយជាមួយនឹងភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច។

អ្នកនាំពាក្យបាននិយាយបន្ថែមថា “ពេញមួយឆមាសទីពីរនៃឆ្នាំ 2023 និងឆ្នាំ 2024 ក្រុមហ៊ុនរបស់យើងមួយចំនួនបានធ្វើការផ្លាស់ប្តូរដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព និងដើម្បីធ្វើដំណើរការឲ្យកាន់តែប្រសើរឡើង។ យ៉ាងណាមិញចំពោះការដកចេញនូវបុគ្គលិកមួយស្រទាប់ គឺពួកយើងចង់តម្រឹមធនធានរបស់យើងឲ្យកាន់តែមានអាទិភាពនិងដើម្បីទទួលបាននូវផលិតផលខ្ពស់ ។

តែបើយោងតាមរបាយការណ៍របស់ Business Insider កាលពីថ្ងៃពុធបានឱ្យដឹងថា បុគ្គលិកនៅទូទាំងក្រុមហ៊ុន Google ជាច្រើនដែលស្ថិតនៅក្នុងផ្នែកអចលនទ្រព្យ និងផ្នែកហិរញ្ញវត្ថុ គឺនឹងរងផលប៉ះពាល់ខ្លាំងជាងគេ។ បើយោងទៅតាមការរៀបរាប់ពីប្រធានផ្នែកហិរញ្ញវត្ថុរបស់ Google ដោយផ្ទាល់វិញនោះ លោក Ruth Porat បានផ្ញើអ៊ីមែលទៅបុគ្គលិកដោយនិយាយថា ការរៀបចំរចនាសម្ព័ន្ធឡើងវិញរួមមានការពង្រីកកំណើនទៅកាន់ទីក្រុង Bangalore ទីក្រុង Mexico និងទីក្រុង Dublin ។ ក្រុមហ៊ុន Google បានអនុញ្ញាតឱ្យ បុគ្គលិករាប់រយនាក់ ចេញពីក្រុមយ៉ាងច្រើននៅក្នុងខែមករា រួមទាំងក្រុមវិស្វកម្ម ដោយប្រើជំនាញ និងជំនួយការរបស់ខ្លួនជាច្រើននាក់ ខណៈដែលក្រុមហ៊ុន Google កំពុងតែព្យាយាមបង្កើនការវិនិយោគ និងបង្កើតការផ្តល់ជូនបញ្ញាសិប្បនិម្មិត (AI)។

ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ខាងនាយកប្រតិបត្តិក្រុមហ៊ុន Sundar Pichai បានលើកឡើងផងដែរថា ក្រុមយក្ស Google នឹងបន្តកាត់បន្ថយការងារ និងបុគ្គលិកបន្ថែមទៀតនាពេលបន្ទាប់ ប្រសិនបើប្រាក់ចំនេញរបស់ពួកគេនៅតែធ្លាក់ចុះនោះ។

ឥណ្ឌូណេស៊ី៖ ប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីមានបន្ទុះភ្នំភ្លើង

អាជ្ញាធររបស់ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃពុធ បានបញ្ជាឱ្យអ្នកភូមិរាប់រយនាក់ត្រូវចាកចេញទៅទីសុវត្តិភាពបណ្តោះអាសន្ន ព្រោះថាក្នុងកាលៈទេសៈនេះសមុទ្រអាចនិងមានរលកយក្សស៊ូណាមិ។

          បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃទី ១៨ ខែមេសា នេះបានឲ្យដឹងថា ភ្នំភ្លើងមួយបានផ្ទុះក្នុងរយៈកម្ពស់ប្រមាណជា 725 ម៉ែត្រ គឺនៅលើកោះ Ruang ភាគខាងជើង Sulawesi នៃប្រទេសឥណ្ឌូនេស៊ី។ កោះមួយនេះបានរងនូវការផ្ទុះភ្នំភ្លើងយ៉ាងតិចប្រហែលជា 5 ដងរួចទៅហើយ ប្រសិនបើយើងគិតត្រឹមយប់ថ្ងៃអង្គារ។ ប្រភពខាងលើបាននិយាយទៀតថា បន្ទុះភ្នំភ្លើងដែលបានកើតឡើងនេះផងដែរ វាក៏បានបញ្ចេញកម្អែភ្នំភ្លើង និងផេះយ៉ាងសន្ធោសន្ធៅទៅលើផ្ទៃអាកាស ដែលជាហេតុធ្វើឲ្យមានផលប៉ះពាល់ខ្លាំងទៅលើផ្លូវដង្ហើម ប៉ុន្តែអ្វីដែលជាសំណាងល្អនោះ គឺវាបានកើតឡើងនៅ

លើកោះដាច់ស្រយាលដែលជាកន្លែងមានប្រជាជនរស់នៅតិចតួច។

បើយោងទៅតាមការរៀបរាប់ពីប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ លោក Hendra Gunawan បាននិយាយថា ក្រុមមន្ត្រីបានបង្កើនការប្រកាសអាសន្នអំពីការផ្ទុះភ្នំភ្លើងដល់ កម្រិតមួយដែលខ្ពស់បំផុត ដោយក្រុមការរងាររបស់យើងបានព្រមានប្រជាជនមិនឱ្យចូលទៅក្នុងចម្ងាយប្រហែល 6 គីឡូម៉ែត្រ (3.7 ម៉ាយ) នៃកំពូលភ្នំដែលផ្ទុះនោះឡើយ។ លោកបាននិយាយបន្តថា បើយោងតាមការរៀបរាប់ពីក្រុមជំនាញរបស់យើងបានព្យាករណ៍ទុកទៀតថា  ភ្នំ Ruang អាចនឹងត្រូវដួលរលំមួយផ្នែកចូលទៅក្នុងទឹក ហើយនៅពេលនោះវាក៏អាចបង្ករឱ្យមានរលកយក្សស៊ូណាមិគ្រប់ពេលវេលា។

លោក Hendra បានប្រាប់ទីភ្នាក់ងារព័ត៌មានជាតិ Antara ទៀតថា “កម្លាំងនៃការផ្ទុះភ្នំ Ruang គឺកាន់តែធំឡើងៗ ហើយវាក៏បានបញ្ចេញកម្តៅកាន់តែខ្លាំងឡើងដូចគ្នា ហើយចំហាយក្តៅនោះវាបានសាយភាយមិនតិចជាង 1.7 គីឡូម៉ែត្រនោះឡើយ។ លោកបាននិយាយបន្ថែមទៀតថា បន្ទុះភ្នំភ្លើងដ៏សកម្មមួយនេះ វានឹងនាំមកនូវការរញ្ជួយដីក្នុងតំបន់មួយចំនួនថែមទៀតផង។

គួរបញ្ជាក់ថា ភ្នំ Ruang វាគឺជា​ភ្នំភ្លើងម្យ៉ាង ដែល​ជា​ធម្មតាវាមាន​រាងដូចជា​សាជី និងមានលក្ខណៈ​ចោត​ខ្លាំង ដែលមនុស្សជាច្រើនតែងហៅវាថា Stratovolcanoes ។ បើយោងតាមអ្នកជំនាញភ្នំភ្លើងបានលើកឡើងថា  Stratovolcanoes  វាតែងតែបង្កើតការផ្ទុះជាញឹកញាប់ ទាំងនោះក៏ព្រោះតែការកកើតនៃឧស្ម័ននៅក្នុង magma មានច្រើនលើសលប់ពេក។

ប្រសិនបើយើងក្រឡែកទៅមើលខ្សែ​វីដេអូ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៃ​ការ​ផ្ទុះ​ភ្នំភ្លើង​កាលពី​ថ្ងៃ​ពុធ រូបភាពបាន​បង្ហាញថា ​កំទេច​ផេះ​ជាច្រើនបានបក់​មក​លើផ្ទៃអាកាស ដោយអមជាមួយនឹង​កម្អែរបស់ភ្នំភ្លើងហើយវាក៏ចូលទៅលាយឡំជាមួយនិងខ្យល់​រន្ទះថែមទៀតផង។

បច្ចុប្បន្នខាងអាជ្ញាធរបានឱ្យដឹងថា កោះ Ruang គឺជាជម្រករបស់អ្នកស្រុកប្រហែល 800 នាក់ បានសម្រេចចិត្តផ្លាស់ទីលំនៅជាបណ្តោះអាសន្នដោយទៅរស់នៅលើកោះ Tagulandang ដែលជាកោះជិតខាង។

ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសមួយដែលមានទីតាំងស្ថិតនៅក្នុង អាស៊ីអាគ្នេយ៍ និង អូសេអានី គឺរវាងមហាសមុទ្រឥណ្ឌា និង ប៉ាស៊ីហ្វិក ។ ប្រទេសឥណ្ឌូនេស៊ីមានកោះច្រើនជាង 17,000 ទៅទៀត។ ឥណ្ឌូណេស៊ី គឺរដ្ឋប្រជុំកោះមួយដែលធំជាងគេបំផុតនៅក្នុងពិភពលោក ជាមួយនឹងប្រជាជនជាង 279 លាននាក់។

 បើយោងទៅតាមមន្ត្រីជំនាញរបស់ CNN បានឲ្យដឹងបន្ថែមថា ប្រទេសឥណ្ឌូនេស៊ីគឺមានភ្នំភ្លើងសកម្មជាង 120 កោះឯណោះ ហើយវាគឺជាចំនួនមួយដែលច្រើនជាងគេនៅក្នុងពិភពលោកដូចគ្នាដែរ។ ប្រទេសឥណ្ឌូនេស៊ី គឺមានទីតាំងស្ថិតនៅតាមបណ្តោយ Ring of Fire ដែលជាធ្នូមួយមានប្រវែងរហូតដល់ 25,000 ម៉ាយ (40,000 គីឡូម៉ែត្រ) នៃបន្ទាត់ដែលរងនូវការរញ្ជួយដី ព្រោះថាវាមានទីតាំងក្បែរមហាសមុទ្រប៉ាស៊ីហ្វិក។

scroll to top