ធនាគារកណ្តាលវៀតណាម៖ បានដាក់ចេញនូវផែនការលក់ប្រាក់ដុល្លារ ដើម្បីជួយឲ្យប្រាក់ដុងមានតម្លៃ

អាជ្ញាធររូបិយវត្ថុរបស់ប្រទេសវៀតណាមបានរំលឹកឡើងវិញនូវផែនការរបស់ខ្លួន ក្នុងការបន្តលក់ប្រាក់ដុល្លារទៅឱ្យធនាគារធំៗមួយចំនួន ដើម្បីជាមធ្យោបាយនៃការធ្វើអន្តរាគមន៍នៅក្នុងទីផ្សារប្តូរប្រាក់បរទេស ពោលគឺធ្វើយ៉ាងណាដើម្បីគាំទ្រដល់រូបិយប័ណ្ណក្នុងស្រុកដែលបានធ្លាក់ចុះដល់កម្រិតទាបបំផុត។

ធនាគាររដ្ឋវៀតណាមបាននិយាយថា ខ្លួននឹងគ្រប់គ្រងអត្រាប្តូរប្រាក់ដោយភាពបត់បែន និងស្របតាមការអភិវឌ្ឍន៍​នៃទីផ្សារដោយធ្វើតាមរយៈឧបករណ៍គោលនយោបាយរូបិយវត្ថុ ក៏ដូចជាការលក់ប្រាក់ដុល្លារជាដើម នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់និយតកររបស់ប្រទេសវៀតណាម។

ប្រាក់ដុងរបស់វៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតគឺ 25,470 ដុងក្នុងមួយដុល្លារកាលពីដើមសប្តាហ៍នេះ ហើយការធ្លាក់នេះគឺមានតម្លៃស្មើរនឹងជិត 5% ទៅហើយសម្រាប់ឆ្នាំ 2024។ ប្រាក់ដុងនៅតែបន្តធ្លាក់ចុះជាបន្តបន្ទាប់ បើទោះបីជាធនាគារកណ្តាលកាលពីខែមុនបានលក់ប្រាក់ដុល្លារក្នុង “តម្លៃអន្តរាគមន៍” គឺ 25,450 ដុងក្នុងមួយដុល្លាររួចក៏ដោយ។ 

បច្ចុប្បន្នខាងនិយតកររបស់ប្រទេសវៀតណាមបានព្យាយាមបង្កើនអត្រាការទិញបញ្ច្រាសរហូតដល់ 4.5% នៅសប្តាហ៍នេះ ដោយផ្តល់នូវការដំឡើងពិន្ទុប្រចាំត្រីមាសទីពីររបស់ខ្លួននៅក្នុងខែមុននៅក្នុងការផ្លាស់ប្តូរដែលត្រូវបានគេមើលឃើញថាជាកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យមានស្ថិរភាពប្រាក់ដុង។

បើយោងតាមការរៀបរាប់ពីធនាគារកណ្តាលបាននិយាយថា ទីផ្សារប្តូរប្រាក់បរទេសបានស្ថិតនៅក្រោមសម្ពាធពី “ការប្រែប្រួលដែលមិនអាចទាយទុកជាមុនបាន” នៅទូទាំងពិភពលោក រួមផ្សំជាមួយនឹងបញ្ហាប្រឈម និងការលំបាកផ្សេងៗទៀតដែលមាននៅក្នុងស្រុក។ តែបើទោះជាយ៉ាងនេះក្តី ធនាគារកណ្តាលនៅតែសង្ឃឹមថា ប្រាក់ដុងនឹងមានតម្លៃឡើងមកវិញ ហើយការកើនឡើងនោះគឺដោយសារតែការងើបឡើងវិញនៃការនាំចេញរបស់ប្រទេសខ្លួន។ 

លោកស្រី Paetongtarn និយាយ​ថា លោកស្រី​មិន​ទាន់​ត្រៀម​ខ្លួន​ធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់នៅឡើយ

កូនស្រីពៅរបស់ អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា គឺលោកស្រី Paetongtarn Shinawatra ដែលជាមេដឹកនាំគណបក្សភឿថៃ បាននិយាយទៅកាន់មហាលជនថា លោកស្រីមិនទាន់ត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់នោះទេ បើទោះបីជាលោក  ស្រេតថា ថាវីស៊ីន ត្រូវបានដកចេញពីតំណែងក្នុងករណីដែលពាក់ព័ន្ធនឹងការតែងតាំងគណរដ្ឋមន្ត្រីដែលមានកំណត់ត្រាជាប់ពន្ធនាគារក៏ដោយ។

គួរបញ្ជាក់ថា លោកស្រី Paetongtarn គាត់គឺជាបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូបទៀតរបស់បក្សភឿថៃដូចគ្នា តែបើទោះជាយ៉ាងនេះក្តី លោកស្រីនៅតែប្រកាន់ជំហរថា លោកស្រីនៅមិនទាន់បានត្រៀមខ្លួន ដើម្បីក្លាយជានាយករដ្ឋមន្ត្រីនាពេលនេះនៅឡើយ។

ក្នុងនាមខ្លួនគឺជាមេដឹកនាំគណបក្សភឿថៃ លោកស្រី Paetongtarn Shinawatra នៅតែផ្តល់សង្ឃឹមដល់លោកស្រេតថា ថាវីស៊ីនយ៉ាងដូច្នេះថា លោកស្រី​ជឿ​ជាក់​ថា ​តុលាការ​ធម្មនុញ្ញ​របស់ថៃនឹង​កាត់​ក្តី​ដោយ​អនុគ្រោះដល់លោក ស្រេតថា ថាវីស៊ីន។ លោកស្រីបានមានប្រសាសន៍បន្តទៀតថា លោក ស្រេតថា ថាវីស៊ីន គាត់គឺជាមេដឹកនាំម្នាក់ដែលពោលពេញដោយទំនួលខុសត្រូវ និងចិត្តយ៉ាងមុះមុតក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសថៃយ៉ាងពិតប្រាកដ។ យ៉ាងណាមិញទង្វើលល្អរបស់លោក គឺត្រូវបានមហាលជនបានមើលឃើញយ៉ាងទូលំទូលាយ។

សូមរំឮកថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ តុលាការ​ធម្មនុញ្ញ​បាន​ទទួល​យក​ញត្តិ​មួយ​ដែល​ទាមទារ​ឲ្យ​ដក​តំណែង​លោក​ ស្រេថា ថាវីស៊ីន ជុំវិញ​ការ​តែង​តាំង​លោក Pichit Chuenban ជា​រដ្ឋមន្ត្រី​ទីស្តីការ​នាយករដ្ឋមន្ត្រី។ ដោយក្នុងនោះចៅក្រម​បាន​ប្រាប់​លោក ស្រេថា សូមឲ្យ​ផ្តល់​ការ​ពន្យល់​ក្នុង​រយៈពេល ១៥ ថ្ងៃ គឺធ្វើយ៉ាង​ណាដើម្បីឲ្យ តុលាការមានសិទ្ធ​សម្រេចចិត្តក្នុងការ​មិន​ព្យួរឈ្មោះ​របស់លោក ខណៈដែលបច្ចុប្បន្ន​លោក គឺជា​នាយក​រដ្ឋមន្ត្រី​នោះ។

ក្រុមហ៊ុនយក្ស Google គ្រោងនឹងផលិតទូរសព្ទ Pixel នៅក្នុងប្រទេសឥណ្ឌា

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google នឹងចាប់ផ្តើមផលិតនូវទូរស័ព្ទដៃស្មាតហ្វូនមួយប្រភេទដែលមានឈ្មោះថា Pixel នាពេលឆាប់ៗនេះ ពោលគឺសម្រាប់លក់នៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមប្រភពដែលដឹងពីការអភិវឌ្ឍន៍បាននិយាយប្រាប់ BBC កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៤។

ជាការពិតណាស់ក្រុមហ៊ុន Google មានគម្រោងផលិតទូរស័ព្ទមួយប្រភេទនេះ នៅក្នុងរោងចក្រ Foxconn ដែលមានស្រាប់នៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងនៃប្រទេសឥណ្ឌាជាយូយាណាស់មកហើយ។ តែអ្វីដែលក្រុមការងារ BBC ចាប់អារម្មណ៍ជាមួយព័ត៌មានមួយនេះកាន់តែខ្លាំងនោះ គឺដោយសារតែប្រភពដដែលខាងលើបាននិយាយទៀតថា ក្រុមហ៊ុន Google ក៏អាចនឹងធ្វើការផលិតយន្តហោះគ្មានមនុស្សបើកដោយឯករាជ្យនៅក្នុងរដ្ឋមួយនេះថែមទៀតផង។

គួរបញ្ជាក់ថា ចាប់តាំងពីប្រទេសឥណ្ឌាបានប្រឈមមុខដាក់គ្នាជាមួយប្រទេសជិតខាងដីគោកជាច្រើនលើកកន្លងមក ប្រទេសឥណ្ឌាបានចាប់ផ្តើមលេចចេញជាទិសដៅសំខាន់មួយ ក្នុងការស្វែងរកអ្នកផ្គត់ផ្គង់ថ្មីក្រៅប្រទេសចិនឲ្យកាន់តែច្រើន។ ម្យ៉ាងទៀតការស្វែងរកដៃគូរសហការថ្មីលើកនេះ វាហាក់ដូចជាអំណោយផលដល់ប្រទេសឥណ្ឌាព្រោះវាចំពេលដែលចិនកំពុងតែមានភាពតានខាងផ្នែកភូមិសាស្ត្រនយោបាយជាមួយប្រទេសលោកខាងលិច។

យើងខ្ញុំសូមរំឮក កាលពីឆ្នាំមុនក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ធ្លាប់បានប្រកាសពីគម្រោងរបស់ខ្លួនក្នុងការបង្កើតស្មាតហ្វូន Pixel នៅក្នុងប្រទេសឥណ្ឌាម្តងរួចមកហើយ  ដោយពួកគេនឹងចាប់ផ្តើមការលក់ជាមួយនឹងទូរស័ព្ទ Pixel 8។

Google តែងតែចាត់ទុកថា ប្រទេសឥណ្ឌាគឺជាទីផ្សារអាទិភាពមួយសម្រាប់ការលក់ទូរស័ព្ទដៃស្មាតហ្វូន Pixel របស់ខ្លួន ដោយក្នុងនោះខាងក្រុមហ៊ុនបានប្តេជ្ញាទៀតថា ខ្លួននឹងនាំយកនូវ Hardware ដ៏ល្អបំផុតរបស់ខ្លួន ក៏ដូចជាសមត្ថភាពផ្នែកខាងក្នុងយកមកតភ្ជាប់ជាមួយប្រជាជនឥណ្ឌាឲ្យកាន់តែទូលំទូលាយជាងមុនទៅទៀត។

យ៉ាងណាមិញបើយោងទៅប្រភពដែលបាននិយាយប្រាប់ BBC ថា ក្រុមហ៊ុន Google របស់ Alphabet នឹងផលិតស្មាតហ្វូន Pixel ជំនាន់កម្រិតខ្ពស់នៅឯរោងចក្រ Tamil Nadu នោះ មនុស្សមួយក្រុមនោះបានបញ្ជាក់ទៀតថា ពួកគេនឹងដំណើរការផលិតនៅក្នុងឆ្នាំនេះតែម្តង។ ហើយប្រភពដដែលនោះបាននិយាយបន្តថា Google និង Foxconn បានចុះកិច្ចសន្យារួចរាល់ហើយផងដែរ។

បច្ចុប្បន្ន Foxconn មានកន្លែងពីរនៅ Tamil Nadu គឺនៅ​កន្លែង​មួយដែល​នៅ​ជិត​ទីក្រុង Chennai ដែលយើងអាចដឹងយ៉ាងច្បាស់ថា ទីតាំងនោះគឺជាទីតាំងសម្រាប់​ដំឡើង iPhone របស់ Apple។

ការ​សម្រេច​ចិត្ត​របស់ Google ក្នុង​ការ​ផលិត​ទូរសព្ទ Pixel ក្នុង​រដ្ឋ Tamil Nadu គឺដោយសារតែពួកគេបានដឹងច្បាស់ពីកម្រឹតជីវភាពរបស់ប្រជាជនឥណ្ឌា។ យ៉ាងណាមិញ ប្រសិនបើ Google គ្រាន់តែផលិតនូវទូរស័ព្ទស្មាតហ្វូនមួយដែលមានសមត្ថភាពមិនចាញ់ទូរស័ព្ទដែលមានតម្លៃថ្លៃដូចជា iPhone តែទន្ទឹមនឹងនោះ វាបែរជាមានតម្លៃទាបសមរម្យនោះ ប្រាកដណាស់Pixel ពិតសក្តិសមជាមួយនឹងទីផ្សានៅក្នុប្រទេសឥណ្ឌាខ្លាំងជាងគេ។

ក្រុមហ៊ុន SpaceX មានគម្រោងលក់ភាគហ៊ុនរបស់ខ្លួន ក្នុងតម្លៃប្រមាណ 200 ពាន់លានដុល្លារ

ក្រុមហ៊ុន SpaceX របស់មហាលសេដ្ឋីលំដាប់ពិភពលោក Elon Musk បានផ្តួចផ្តើមគំនិតដើម្បីពិភាក្សាអំពីការលក់ភាគហ៊ុនដែលមានស្រាប់របស់ខ្លួន ពោលគឺមានតម្លៃប្រហែលជា 200 ពាន់លានដុល្លារសហរដ្ឋអាមេរិក នេះបើយោងតាមមនុស្សមួយក្រុមដែលដឹងពីបញ្ហានេះ បាននិយាយប្រាប់ Bloomberg កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៤។

មនុស្សមួយក្រុមដែលសុំមិនបញ្ចេញអត្តសញ្ញាណបាននិយាយបន្តទៀតថា ក្រុមហ៊ុន SpaceX កំពុងពិភាក្សាអំពីការផ្តល់ជូននូវតម្លៃមួយដែលអាចឱ្យបុគ្គលិក និងអ្នកខាងក្នុងដូចជាអ្នកវិនិយោគលក់ភាគហ៊ុនអាចមានឪកាសចាប់ផ្តើមមុនគេចាប់ពីខែមិថុនាខាងមុខនេះ។ ប្រភពដដែលបានបន្តថា ថ្វីត្បិតតែព័ត៌មានខាងលើនេះ វាគឺជាការសម្ងាត់ក៏ពិតមែន តែពួកគេអាចដឹងថា គម្រោងនៃការដាក់ភាគហ៊ុនរបស់ក្រុមហ៊ុន SpaceX វាមិនអាចប្រព្រឹត្តិទៅបាននោះទេ ព្រោះបើយោងទៅតាមអ្នកជំនាញរបស់ក្រុមហ៊ុនបានឲ្យដឹងថា ប្រសិនបើក្រុមហ៊ុន SpaceX ចង់លក់ភាគហ៊ុននោះ តម្លៃដែលយើងអាចផ្តល់ក្នុងមួយភាគហ៊ុនគឺត្រូវតែច្រើនជាង ១០៧ ដុល្លា។

តែបើទោះជាយ៉ាងណាក៏ដោយ លោក Elon Musk បានបង្ហោះនៅលើ X ដោយយោងទៅលើការផ្តល់ជូនលោកបានកំណត់ថា “ក្រុមហ៊ុននឹងធ្វើការទូទាត់សាច់ប្រាក់សម្រាប់បុគ្គលិក និងអ្នកវិនិយោគរៀងរាល់  6 ខែម្តង” ។ ដោយលោកបានសង្កត់ធ្ងន់ទៀតថា ក្រុមហ៊ុន SpaceX មិនត្រូវការដើមទុនបន្ថែមទៀតនោះទេ ហេតុដូច្នេះហើយក្រុមហ៊ុនអាចនឹងយកភាគហ៊ុនរបស់ខ្លួនត្រឡប់មកវិញឲ្យបានឆាប់បំផុត។

គួរបញ្ជាក់ថា ចំពោះគម្រោងនៃទឹកប្រាក់ដែលក្រុមហ៊ុនប្រកាសលក់ភាគហ៊ុនក្នុងតម្លៃប្រមាណ 200 ពាន់លានដុល្លារ វានឹងក្លាយជាបុព្វលាភសម្រាប់តម្លៃ 180 ពាន់លានដុល្លារដែលក្រុមហ៊ុនទទួលបានតាមរយៈការដេញថ្លៃចុងក្រោយបំផុតរបស់ខ្លួន។ បន្ទាប់មកក្រុមហ៊ុន SpaceX គឺវានឹងមានតម្លៃស្មើគ្នាជាមួយនឹងក្រុមហ៊ុនធំៗមួយចំនួនរបស់ពិភពលោក ដែលធ្វើការជួញដូរជាសាធារណៈដោយមូលធនប័ត្រទីផ្សារ។

បច្ចុប្បន្ន ចំពោះពត៌មានខាងលើវានៅតែជាពាក្យចចាមរ៉ាមនៅឡើយទេ តែក្រុមការងាររបស់ Bloomberg កំពុងព្យាយាមទាក់ទងទៅកាន់តំណាងក្រុមហ៊ុន SpaceX ដែលត្រូវបានគេស្គាល់ជាផ្លូវការថា Space Exploration Technologies Corp. មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

scroll to top