ការលក់ iPhone  នៅ​ក្នុងប្រទេស​ចិន​បាន​កើន​ឡើង 52% មកវិញ

តួលេខចុងក្រោយបំផុតដែលបានមកពីក្រសួងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងរបស់ប្រទេសចិន បានបង្ហាញថា ការលក់ទូរស័ព្ទដៃប្រភេទស្មាតហ្វូននៅក្នុងប្រទេសរបស់ខ្លួនគឺបានកើនឡើងគួរឲ្យកត់សម្គាល់ ដោយក្នុងនោះគឺមានជាប្រហែល 3.5 លានគ្រឿង វាគឺជាម៉ាកទូរស័ព្ទរបស់បរទេស នេះបើយោងតាមការគណនាពីក្រុមអ្នកជំនាញរបស់ Bloomberg កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៤ ។

ទូរសព្ទដៃ iPhone ដែលភាគច្រើននៃឧបករណ៍បង្គុំគឺផលិតនៅក្នុងប្រទេសចិនក៏ពិតមែន តែបើទោះជាយ៉ាងនេះក្តីក៏រាជរដ្ឋាភិបាលនៃប្រទេសចិនមិនបានគាំទ្រឲ្យប្រជាជនរបស់ខ្លួនប្រើប្រាស់នូវម៉ូឌែលទូរស័ព្ទមួយប្រភេទនេះដែរ។ យ៉ាងណាមិញ ចាប់តាំងពីមានការហាមឃាត់ដោយប្រធានាធិបតីចិន ដែលមិនអនុញ្ញាឲ្យបុគ្គលិកដែលបម្រើការក្នុងជួររាជរដ្ឋាភិបាលមិនឲ្យប្រើប្រាស់នូវទូរស័ព្ទដៃ iPhone ក៏ដូចជាបញ្ហាសេដ្ឋកិច្ចដែលបានញាំញីនៅក្នុងប្រទេសចិនកន្លងមកនោះ វាបានធ្វើឲ្យការលក់នូវទូរស័ព្ទ iPhone 15 នៅក្នុងប្រទេសចិនបានធ្លាក់ចុះជាគំហក់។

ប៉ុន្តែបើទោះជាយ៉ាងនេះក្តី នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple មិនបានរាថយនោះឡើយ ហើយក្រុមហ៊ុនគឺតែងតែជុំរុញឲ្យមានតម្រូវការជានិច្ច ដោយពួកគេបានទាក់ទាញចិត្តអ្នកប្រើប្រាស់ ដោយធ្វើការបញ្ចុះតម្លៃ ជាហូរហែរ។ ដូចជាពាក្យចាស់មួយតែងពោលថា ការព្យាយាមរមែងនាំមកនូវជ័យជំនះ  ការត្រលប់មកវិញរបស់ទូរស័ព្ទ iPhone វាកើតឡើងម្តងទៀត បន្ទាប់ពីវាបានចុះបញ្ជីកំណើននៅក្នុងខែមីនា ពោលគឺបន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៤ ។

Apple និងអ្នកលក់បន្តនៅចិនរបស់ខ្លួនគឺកំពុងតែបន្តការកាត់បន្ថយតម្លៃ ដោយយើងគិតត្រឹមដើមឆ្នាំ 2024 មក ហើយកិច្ចខិតខំប្រឹងប្រែងមួយនេះ វាក៏កំពុងតែហុចជាផ្លែផ្កាមកបណ្តើរៗផងដែរ បច្ចុប្បន្នប្រទេសចិនកំពុងតែរៀបសារទរនូវពិធីបុណ្យទិញទំនិញដ៏ធំមួយនាថ្ងៃទី 18 ខែមិថុនាខាងមុខនេះ។ ឪកាសមួយដែលក្រុមហ៊ុន Apple កំពុងតែសម្លឹងឃើញនោះ គឺធ្វើយ៉ាងណាមិនត្រូវឲ្យទូរស័ព្ទ iPhone បាត់បង់នូវចំណែកទីផ្សាដោយសារតែ Huawei នោះទេ។

បើយោងតាម អ្នកវិភាគ Steven Tseng និង Sean Chen បានសរសេរថា “ការធ្លាក់ចុះចំណែកទីផ្សាររបស់ iPhone របស់ប្រទេសចិនអាចនឹងមានស្ថេរភាពក្នុងពេលឆាប់ៗនេះ។ ការស្ទង់មតិចុងក្រោយរបស់យើងបានបង្ហាញពីការត្រលប់មកវិញរបស់ Apple ដោយក្នុងនោះទិន្ន័យបានបង្ហាញថា Apple វាគឺជាម៉ាកដ៏ល្បី ដែលតំណាងថា Apple គឺជាស្មាតហ្វូនដែលអតិថិជនចិនចូលចិត្តជាងគេបំផុត បើទោះជា Huawei ជាផលិតផលក្នុងស្រុកក៏ដោយ”។

ពួកគេ​បាន​សរសេរ​ថា​៖ «​យើង​ជឿ​ថា​ការ​បញ្ច្រាស​ផលប្រយោជន៍​អ្នក​ប្រើ​អាច​បណ្ដាល​មក​ពី​និន្នាការ​បុព្វលាភ​ក្នុង​ប្រទេស​ចិន​»។ “ជាងពាក់កណ្តាលនៃអ្នកឆ្លើយតបការស្ទង់មតិនិយាយថា ពួកគេសុខចិត្តចំណាយច្រើនជាង 4,000 យន់ (550 ដុល្លារ) លើទូរស័ព្ទដែលខ្លួនពេញចិត្ត និងជាទីទុកចិត្ត។

ក្រុមហ៊ុន Boeing៖ បានផលិតយន្តហោះ X-ល្បឿនលឿន ដែលអាចជាជំនួយក្នុងការធ្វើសង្គ្រាម

ក្រុមហ៊ុន Boeing និងក្រុមហ៊ុនបុត្រសម្ព័ន្ធស្រាវជ្រាវ Aurora Flight Sciences បានដាក់បង្ហាញនូវយន្តហោះល្បឿនលឿនមួយប្រភេទ ដែលមានឈ្មោះថា X ។ ហើយយន្តហោះមួយនេះផងដែរ គឺត្រូវបានគេផលិតឡើងសម្រាប់ជាជំនួយក្នុងការធ្វើសង្គ្រាមថែមទៀតផង។

បើយោងតាមរយៈអ្នកនាំពាក្យរបស់ Aurora បាននិយាយប្រាប់ Newsweek ថា យន្តហោះ X គឺត្រូវបានក្រុមអ្នកជំនាញរបស់ខ្លួនធ្វើឡើង ដោយមានការរួមបញ្ចូលនូវភាពរហ័សរហួន ដែលបានមកពីយន្តហោះ Vertical Take-Off and Landing (VTOL) ព្រមទាំងបានបូករួមជាមួយនឹងល្បឿនដែលបានមកពីយន្តហោះ 747 ថែមទៀតនោះ វាបានធ្វើឲ្យយន្តហោះស៊េរីថ្មីមួយនេះ មានល្បឿនលឿនរហ័រសដូចជានៅក្នុងហ្គេមដូច្នោះដែរ ។

បើយោងតាមរយៈការរៀបរាប់ពីក្រុមវិស្វ័ករដោយផ្ទាល់បានបន្តឲ្យដឹងទៀតថា នៅក្នុងគំនិត X-plane របស់យើងគឺពួកគេធ្វើឡើងសម្រាប់កម្មវិធី DARPA SPRINT ព្រោះក្នុងនោះពួកយើងមានគោលបំណងដើម្បីបង្ហាញពីបច្ចេកវិទ្យាដែលនឹងអនុញ្ញាតឱ្យមានការផ្លាស់ប្តូរនៃការហោះហើរ ក៏ដូចជាសមត្ថភាពក្នុងការហោះឡើង និងចុះចតក្នុងបរិយាកាស ដោយមិនមានការស្ទាក់ស្ទើរនោះឡើយ។

យ៉ាងណាមិញ ចំពោះយន្តហោះX ខាងលើនេះ នឹងមិនត្រូវបានប្រើប្រាស់ក្នុងវិស័យទេសចរណ៍នោះទេ ក៏ប៉ុន្តែពួកគេនិងប្រើវាយកមកជំនួសនូវការសាកល្បងបច្ចេកវិទ្យាសម្រាប់យន្តហោះយោធា ជារួមគឺប្រើប្រាស់សម្រាប់បេសកកម្មរបស់កងកម្លាំងពិសេសតែប៉ុណ្ណោះ។ ម្យ៉ាងទៀតគោលបំណងក្នុងការផលិតយន្តហោះ X ខាងអ្នកនាំពាក្យរបស់ Aurora បានបញ្ជាក់បន្ថែមថា គឺយើងធ្វើឡើងដើម្បីកែលម្អ ល្បឿនយន្តហោះ និងសមត្ថភាពរបស់យន្តហោះក្នុងការហោះ ឬរត់នៅលើផ្លូវមិនធម្មតា ពោលគឺវាជាយន្តហោះដែលមានលក្ខណៈពិសេសលើសពីយន្តហោះធម្មតា ដែលជាទូទៅគឺមិនទាន់មានក្រុមហ៊ុនផលិតយន្តហោះទេសចរណ៍ណាមួយអាចធ្វើនោះទេ។

Aurora បានបន្ថែមថា រាល់បច្ចេកវិទ្យាខាងលើនេះនឹងអនុញ្ញាតឱ្យយន្តហោះរបស់យើង ជិះក្នុងល្បឿនពីចន្លោះ 400 ទៅ 450 knots (460 ទៅ 518 ម៉ាយក្នុងមួយម៉ោង) នៅរយៈកម្ពស់ដែលពាក់ព័ន្ធ ហោះក្នុងបរិយាកាសតឹងតែង និងចុះចតក្នុងកន្លែងតូចចង្អៀតបានយ៉ាងល្អឥតខ្ចោះ។

គួរបញ្ជាក់ថា យន្តហោះ X គឺត្រូវបានគេស្ថាបនាឡើងជាមួយនឹងផ្ទៃខាងក្រៅនៃយន្តហោះគឺមានលក្ខណៈក្រាសនិងរលោង ហើយតួខ្លួនរបស់វាវិញគឺត្រូវបានគេយកទៅលាយបញ្ចូលគ្នាជាមួយនឹងស្លាដែលបទាបបំផុតថែមទៀតផង។ យន្តហោះ X ត្រូវបានគេរចនាឡើងជាមួយនឹងកង្ហារបីនៅក្នុងស្លាបតែមួយ  គឺដើម្បីជួយដល់ការហោះហើរបញ្ឈរ បូករួមទាំងការបំពាក់ជាមួយនឹងគម្របរួមបញ្ចូលគ្នា ដែលធានាបាននូវការផ្លាស់ប្តូរល្បឿនមួយយ៉ាងរលូនពោលគឺអាចប្តូរពីការហោះហើរបញ្ឈរទៅផ្ដេកដោយគ្មានបញ្ហា។

យន្តហោះ X គឺមានសមត្ថភាពក្នុងការហោះឡើង និងចុះចតក្នុងរយៈខ្លី ក៏ដូចជាការហោះឡើងធម្មតា ហើយជាពិសេសគឺវាអាចផ្ទុកទម្ងន់បានរហូតដល់ 2 267 គីឡូក្រាម​ (5,000 ផោន) និងធ្វើដំណើរបានដល់ទៅ 833.4 គីឡូម៉ែត្រក្នុងមួយម៉ោង។

យើងខ្ញុំសូមរំឮកថា យន្តហោះ X-plane ថ្មីនេះ ត្រូវបានកំណត់ឱ្យសាកល្បងហោះហើរ ក្នុងល្បឿនមួយដែលបានកំណត់អស់ជាច្រើនលើក គឺដើម្បីកាត់បន្ថយហានិភ័យនាពេលអនុវត្តន៍ជាក់ស្តែង ដោយក្នុងនោះខាងក្រុមហ៊ុនបានតម្រូវឲ្យនាវិករបស់ខ្លួន ធ្វើតេស្តនាពេលខាងមុខនេះយ៉ាងតិច្ច ក៏ 12 ទៅ 36 ខែផងដែរ។

ព្យុះស៊ីក្លូន បានវាយប្រហារប្រទេសបង់ក្លាដែស និងឥណ្ឌា និងបង្ករឲ្យមានមនុស្ស ១៦នាក់ បានស្លាប់

មានមនុស្សយ៉ាងតិច 16 នាក់បានស្លាប់ បន្ទាប់ពីព្យុះស៊ីក្លូនបានបោកបក់ចូលតំបន់ឆ្នេរនៃប្រទេសឥណ្ឌា និងភាគខាងត្បូងប្រទេសបង់ក្លាដែស។ តំបន់មួយចំនួនដូចជា កំពង់ផែ Mongla ប្រទេសបង់ក្លាដែស និងកោះ Sagar នៃ West Bengal ប្រទេសឥណ្ឌា គឺត្រូវបានវាយលុកដោយខ្យល់បក់បោកខ្លាំងក្នុងល្បឿន 110 គីឡូម៉ែត្រក្នុងមួយម៉ោង បូករួមទាំងភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ វាក៏បានបង្កឱ្យតំបន់ទំនាបរងនូវការលិចទឹកលិចលង់យ៉ាងធ្ងន់ធ្ងរ។

បើយោងតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ប្រជាជនប្រមាណ 8.4 លាននាក់ គឺបានរស់នៅក្នុងផ្លូវនៃការឆ្លងកាត់របស់ព្យុះស៊ីក្លូន រួមទាំងកុមារយ៉ាងហោចណាស់ចំនួន 3.6 លាននាក់។ នៅពេលនេះមនុស្សជិតមួយលាននាក់ត្រូវបានជម្លៀសចេញ ខណៈដែលព្យុះស៊ីក្លូន Remal បានបោកបក់មកលើដីកាលពីល្ងាចថ្ងៃអាទិត្យ។

បើយោងតាមរយៈរដ្ឋមន្ត្រីទទួលបន្ទុកគ្រោះមហន្តរាយរបស់ប្រទេសបង់ក្លាដែសវិញបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា មនុស្សយ៉ាងតិច១០នាក់បានស្លាប់នៅក្នុងព្យុះស៊ីក្លូន ហើយខ្លះទៀតបាន​ស្លាប់​ដោយសារ​លង់ទឹក និង​ខ្លះ​ទៀត​គឺស្លាប់ដោយសារតែ​ផ្ទះបាក់​រលំ​។

គួរបញ្ជាក់ថា ប្រទេសបង់ក្លាដែស គឺជាប្រទេសមួយដែលស្ថិតនៅក្នុងចំនោមប្រទេសដែលងាយរងគ្រោះបំផុតក្នុងពិភពលោកចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជាពិសេសគឺការទទួលរងនូវរលកកំដៅ រហូតដល់មានទឹកជំនន់ជាដើម។

បច្ចុប្បន្នព្យុះស៊ីក្លូន Remal វាក៏កំពុងធ្វើដំណើរឆ្លងកាត់ឈូងសមុទ្រ Bengal ក្នុងរយៈពេលប៉ុន្មានថ្ងៃ ដែលអនុញ្ញាតឱ្យអាជ្ញាធរនៃប្រទេសទាំងពីររៀបចំសម្រាប់ការការពារនៃការមកដល់របស់ព្យុះមួយនេះផងដែរ។ ដោយក្នុងនោះខាងទីក្រុង Kolkata ដែលជារដ្ឋធានីនៃរដ្ឋ West Bengal របស់ប្រទេសឥណ្ឌា បានតម្រូវឲ្យជើងហោះហើរជាង 50 ត្រូវបានលុបចោលកាលពីថ្ងៃអាទិត្យ និងជើងហោះហើរផ្សេងទៀតត្រូវបានពន្យាពេលជាដើម។

គួររំឮកថា កាលពីក្នុងខែឧសភា ឆ្នាំ 2023 ឈូងសមុទ្រ Bengal ត្រូវបានវាយប្រហារដោយ ព្យុះស៊ីក្លូនដ៏មានឥទ្ធិពលបំផុតក្នុងតំបន់ ក្នុងរយៈពេលជាងមួយទសវត្សរ៍ ដែលប៉ះពាល់ដល់មនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសបង់ក្លាដែស និងមីយ៉ាន់ម៉ាថែមទៀតផង។

ជប៉ុន បង្កើតផែនទីដើម្បីព្យាករណ៍ពីទឹកជំនន់សម្រាប់ប្រទេសថៃ និងប្រទេសជិតខាង

ប្រទេសជប៉ុនមានគម្រោងចង់បង្កើតផែនទីព្យាករណ៍ទឹកជំនន់ដែលអាចកើតឡើងភ្លាមៗនៅក្នុងប្រទេសថៃ ឥណ្ឌូនេស៊ី កម្ពុជា និងវៀតណាម គឺដើម្បីជួយកាត់បន្ថយការខូចខាតនានា ដែលបណ្តាលមកពីគ្រោះមហន្តរាយទាក់ទងនឹងទឹកជំនន់ដោយសារទឹកភ្លៀង ឬបាតុភូតផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ  នេះបើយោងតាមការចុះផ្សាយពីកាសែតបាងកកប៉ុស្តន៍កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៤។

ចំពោះផែនការដែលជប៉ុនគ្រោងនឹងជួយដល់ប្រទេសកម្ពុជា និងវៀតណាមផងដែរនោះ វាប្រហែលជាកើតឡើងនៅពេលដែលរដ្ឋាភិបាលជប៉ុនព្យាយាមធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសកំពុងតែអភិវឌ្ឍនដែលត្រូវបានគេហៅថាជាសកលខាងត្បូង ពោលគឺស្របពេលលមានការកើនឡើងនៃឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

យ៉ាងណាមិញ សម្រាប់រដ្ឋាភិបាលរបស់ប្រទេសជប៉ុនបានសង្ឃឹមថា ការផ្តល់នូវសញ្ញា ឬផែនទីនៃទីតាំងដល់តំបន់ប្រទេសដែលរងគ្រោះដោយទឹកជំនន់ ពួកគេអាចនឹងចាប់ផ្តើមនៅខែមេសាឆ្នាំ 2025 ដោយជាការរៀបចំឡើងនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធនឹងក្រុមហ៊ុនជប៉ុន។

ខាងមន្ត្រីរបស់ជប៉ុនបាននិយាយថា ការព្យាករណ៍ទឹកជំនន់នឹងផ្អែកលើតំបន់តែមួយដែលក្រសួងកំណត់ថាមានសារៈសំខាន់សម្រាប់សកម្មភាពអាជីវកម្មសម្រាប់ប្រទេសនីមួយៗតែប៉ុណ្ណោះ។ ក្រុមមន្ត្រីបាននិយាយបន្តទៀតថា ប្រទេសទាំងបួនត្រូវបានគេមើលឃើញថា ពួកគេគឺមានសារៈសំខាន់សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ប្រទេសជប៉ុន ដូច្នេះរដ្ឋាភិបាលសង្ឃឹមថា ក្រុមហ៊ុនក្នុងស្រុកដែលមានបំណងបង្កើតផ្លូវចូលទៅក្នុងទីផ្សារនឹងប្រើប្រាស់ផែនទីព្យាករណ៍ក្នុងការសម្រេចចិត្តថា តើត្រូវបង្កើតមូលដ្ឋានរបស់ពួកគេនៅឯណា។

គួរបញ្ជាក់ថា នៅពេលអនាគត ប្រទេសជប៉ុនគ្រោងនឹងផ្តល់អ្នកជំនាញដើម្បីជួយប្រទេសទាំងបួនក្នុងការបង្កើតផែនទីព្យាករណ៍ទឹកជំនន់របស់ពួកគេ និងផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីក្នុងតំបន់ថែមទៀតផង។

scroll to top