កាលពីព្រឹកមិញនេះ មានករណីបំផ្ទុះគ្រាប់បែកក្នុងឡានមួយបានកើតឡើង នៅក្នុងប្រទេសថៃ (មានវីដេអូ)

មានករណីបំផ្ទុះគ្រាប់បែកមួយបានកើតឡើងនៅភាគខាងត្បូងនៃប្រទេសថៃ ដែលបណ្តាលឲ្យមានមនុស្សម្នាក់បានបាត់បង់ជីវិតនិង 16 នាក់ផ្សេងទៀតបានរងរបួស។

គួរបញ្ជាក់ថា គ្រោះថ្នាក់ខាងលើនេះបានកើតឡើងកាលពីថ្ងៃអាទិត្យ នៅវេលាម៉ោង 10 និង 30 នាទីព្រឹក គឺស្ថិតនៅក្នុង​ក្រុង​បាន​ណា​ង​សា​តា ដែលមានចំងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សាលាស្រុក​បាណង​សត នៃខេត្តព្រំដែនភាគខាងត្បូងប្រទេសថៃនោះទេ។

បើយោងតាមការរៀបរាប់ពីលោកឧត្តមសេនីយ៍ទោ Piyawat Chalermsri ស្នងការនគរបាលខេត្ត ភូមិភាគទី៩ បាននិយាយប្រាប់កាសែតបាងកកប៉ុស្តិ៍ថា គ្រាប់បែកដែលផ្ទុះនោះ វាគឺជាប្រភេទស៊ីឡាំងហ្គាស ដោយក្នុងនោះជនបង្កហេតុបានលួចពីភ្នាក់ងាររដ្ឋាភិបាលរបស់លោកកាលពីថ្ងៃសៅរ៍ តែនៅថ្ងៃអាទិត្យជនមិនស្គាល់សញ្ញាណនោះបានយកវាទៅដាក់នៅក្នុងរថយន្ត Toyota ពណ៌ខៀវមួយគ្រឿង ម្ល៉ោះហើយទើបធ្វើឲ្យការផ្ទុះនោះមានសភាពធ្ងន់ធ្ងរ។

គួររំលឹកថា នៅថ្ងៃដដែលនោះ ខាងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកTawee Sodsong បានធ្វើការកំណត់អត្តសញ្ញាណថា អ្នកដែលបានបាត់បង់ជីវិតនោះ គាត់គឺជាគ្រូបង្រៀនម្នាក់ គឺឈ្មោះ Rokiyoh Sarana ភេទស្រី អាយុ 45 ឆ្នាំ ហើយក្នុងកំឡុងពេលនោះ គាត់កំពុងតែធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ តែជាអកុសលនៅភ្លាមៗនោះគ្រាប់បែកក៏បានបំផ្ទុះឡើង។

លោក Tawee Sodsong បានបន្តទៀតថា ក្នុង​ចំណោម​អ្នក​របួសទាំង​១៦​នាក់ គឺមាន​៦​នាក់​ជា​មន្ត្រី​ប៉ូលិស និង​១០​នាក់​ជា​អ្នក​ស្រុក ហើយក្នុងចំណោមអ្នករបួសទាំងអស់គឺមាន ៥ ​នាក់​បាន​រង​របួស​ធ្ងន់។ បច្ចុប្បន្នខាងក្រុមការងាររបស់លោកបានបញ្ជូនពួកគាត់ទៅកាន់បន្ទីពេទ្យដែលជិតជាងគេ គឺ​មន្ទីរ​ពេទ្យ​ Bannangsata ។

ឧបទ្ទវហេតុ​នេះ​ជា​ការ​បំផ្ទុះ​រថយន្ត​លើក​ដំបូង​នៅ​ភាគ​ខាង​ត្បូង​ឆ្ងាយ​នៅ​ឆ្នាំ​នេះ។

ក្រុមហ៊ុន Ford មានគម្រោងបង្កើតរយន្តអគ្គិសនីមួយប្រភេទ ដែលមានតម្លៃប្រមាណជា 30,000 ដុល្លា

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford លោក Jim Farley បាននិយាយពីថ្ងៃសុក្រថា ក្រុមហ៊ុនរបស់លោកនិងដាក់បង្ហាញនូវរថយន្តអគ្គិសនីមួយប្រភេទដែលមានតម្លៃប្រមាណជា $30,000 ហើយចំពោះផែនការមួយនេះផងដែរ វាប្រហែលជាត្រូវចំណាយពេលវេលាប្រហែលជា 2 ឆ្នាំកន្លះ។

បើទោះបីជាលោក Farley បានប្រកាសនូវគម្រោងខាងលើនេះជាសាធារណៈក៏ពិមែន ប៉ុន្តែលោកក៏មិន​បានបញ្ចេញពី​ព័ត៌មាន​លម្អិតជាក់លាក់ណាមួយនោះឡើយ។ ​ហើយបើយោងទៅតាមពាក្យចចាមរ៉ាមជាច្រើនដែលត្រូវបានក្រុមងាររបស់ cnbc ទទួលបានវិញនោះបានឲ្យដឹងថា ចំពោះរថយន្តអគ្គិសនីជំនាន់ថ្មី ដែលខាងក្រុមហ៊ុន Ford ត្រៀមផលិតនោះ គឺវានឹងត្រូវបង្កើតឡើងដោយក្រុមជំនាញរបស់ខ្លួនមួយដែលមានឈ្មោះថា “skunkworks” ហើយការត្រៀមខ្លួននេះផងដែរ វាត្រូវបានក្រុមអ្នកវិភាគជាច្រើនបានទស្សទាយថា ក្រុមហ៊ុន Ford កំពុងតែចង់ប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន BYD និង Tesla ជាដើម ។

យ៉ាងណាមិញ បើយោងទៅតាមការថ្លែងលោក Farley ទៅកាន់អតិថិជន Ford វិញនោះលោកបានបង្ហាញថា គម្រោងដំបូងរបស់ក្រុមហ៊ុន គឺក្រុមការងាររបស់លោកនឹងចាប់ផ្តើមធ្វើការផលិតរថយន្តអគ្គិសនី EV តូចៗ ជាមុនសិន ដែលមានដូចជារថយន្តដឹកទំនិញអគ្គិសនី និងរថយន្ត SUV តែប៉ុណ្ណោះ។

លោកបាននិយាយបន្តទៀតថា ក្រុមហ៊ុនមួយដែលគួរជាទីទុកចិត្តសម្រាប់អតិថិជនបាន លុះត្រាតែក្រុមហ៊ុននោះអាចផ្តល់ជូនដល់អ្នកប្រើប្រាស់លើសពីការរំពឹងទុក។ ការបន្ថែមនូវផលិតផលថ្មី ក៏ដូចជាបច្ចេកវិទ្យាថ្មីៗ វាគួរតែជាអ្វីដែលយើងត្រូវតែធ្វើ។ នៅបរិបថនៃសង្គមរមែងតែមានការផ្លាស់ប្តូរ តែទន្ទឹមនឹងនោះយើងអាចធ្វើការបន្ថែមឬក៏ផ្លាស់ប្តូរទៅបានលុះត្រាតែវាមានផលវិជ្ជមានតែប៉ុណ្ណោះ។

លោកបានបន្តទៀតថា ចំពោះហេតុផលចម្បងដែលក្រុមហ៊ុនរបស់លោកចង់ផលិតរថយន្តអគ្គិសនី គឺលោកចង់ឲ្យអ្នកប្រើប្រាស់ទាំងអស់អាចទទួលបាននូវរថយន្តអគ្គិសនីមួយដ៏ល្អ និងមានតម្លៃយ៉ាងសមរម្យយកទៅប្រើប្រាស់។

គួររំលឹកថា ក្រុមហ៊ុន Ford គឺជាក្រុមហ៊ុនផលិតឡានមួយដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក ហើយចំពោះប្រាក់ចំនេញដែលក្រុមហ៊ុនខាងលើនេះ តែងតែទទួលបាននោះគឺបានមកពីការលក់ឡានដឹកទំនិញច្រើនជាងគេ។ ក្រុមអ្នកជំនាញរបស់ CNBC បានលើកឡើងទៀតថា ក្រុមហ៊ុន Ford គឺជាក្រុមហ៊ុនមួយដែលមិនសូវជាមានអំណោយផលក្នុងការលក់ជាមួយនឹងរថយន្តតូចៗប៉ុន្មាននោះទេ។

តែផ្ទុយទៅវិញនៅពេលនេះ នាយកប្រតិបត្តិរបស់ Ford បែរជាប្រកាសថា  “ពួកយើង​ត្រូវ​តែ​ចាប់​ផ្តើម​ស្រលាញ់​រថយន្ត​ធុន​តូចឡើង​វិញ។ ដោយក្នុងនោះលោកបានបន្ថែមថា ការប្រើប្រាស់នូវរថយន្តអគ្គិសនី (EV) វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះសង្គម គឺដើម្បីឲ្យពិភពលោកឈានទៅរកការកាត់បន្ថយ និងការលុបបំបាត់ការបំភាយឧស្ម័ន។

WHO៖ គ្រឿងស្រវឹងបានបំផ្លាញជីវិតមនុស្សយ៉ាងតិចជិត 3 លាននាក់ក្នុង 1 ឆ្នាំ

តាមរយៈទីក្រុងហ្សឺណែវ បានឲ្យដឹងថា អង្គការសុខភាពពិភពលោកបានប្រកាសកាលពីថ្ងៃអង្គារថា គ្រឿងស្រវឹងបានសម្លាប់មនុស្សទូទាំងពិភពលោកយ៉ាងតិចជិតបីលាននាក់ជារៀងរាល់ឆ្នាំ។

របាយការណ៍មួយដែលស្តីពីកំនើននៃអត្រាមរណភាពដោយសារការសេបគ្រឿងស្រវឹង បានសរសេរថា ថ្វីត្បិតតែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួននៃអ្នកស្លាប់ដោយសារការប្រើប្រាស់គ្រឿងស្រវឹងវាបានធ្លាក់ចុះបន្តិចក៏ពិតមែន ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ចំនួនអ្នករងគ្រោះដ៏ច្រើនលើសលប់នេះ ខាងអង្គការសុខភាពពិភពពិតជាមិនអាចទទួលយកបាននោះទេ” ។

ក្រុមអ្នកអង្កេតរបស់ WHO នៅតែបន្តរកឃើញថា ការទទួលទានគ្រឿងស្រវឹងវាបានសម្លាប់មនុស្សយ៉ាងតិចក៏ម្នាក់ ក្នុងចំណោមអ្នកស្លាប់ 20 នាក់ ទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយរូបភាពទាំងនោះវាបានបង្ហាញឲ្យយើងដឹងតាមរយៈការបើកបរដែលស្ថិតនៅក្រោមឥទ្ធិពលនៃក្នុងគ្រឿងស្រវឹង ការប្រើប្រាស់អំពើហិង្សា និងការរំលោភបំពានផ្សេងៗជាច្រើនទៀត ជាពិសេសគឺជំងឺដែលបង្ករឡើងដោយសារពិសារគ្រឿងស្រវឹងជាដើម។

អង្គការសុខភាពពិភពលោកបាននិយាយរៀបរាប់ទៀតថា មនុស្សប្រមាណជា 2.6 លាននាក់ គឺត្រូវបានពួកគេសន្មតថា វាសុទ្ធសឹងតែបង្ករឡើងដោយការប្រើប្រាស់គ្រឿងស្រវឹង។ គួរបញ្ជាក់ថា នៅក្នុងទិន្នន័យស្ថិតិចុងក្រោយគេបង្អស់របស់ខ្លួនគឺកាលពីឆ្នាំ 2019 បានសរសេរថា ចំនួនអ្នកស្លាប់ដោយគ្រឿងស្រវឹងគឺមានប្រមាណជា 4.7 ភាគរយនៃចំនួនអ្នកស្លាប់ទាំងអស់ គឺនៅទូទាំងពិភពលោក។

អង្គការសុខភាពពិភពលោកបានបន្តទៀតថា ចំពោះសមាមាត្រដែលខ្ពស់ជាងគេបំផុតនៃការស្លាប់ដោយសារគ្រឿងស្រវឹងគឺជាឆ្នាំ 2019 ដោយក្នុងនោះមាន 13 ភាគរយនៃចំនួនសរុប ហើយរាល់អ្នកដែលបានបង់ជីវិតនាឆ្នាំនោះគឺពួកគេមានអាយុចន្លោះពី 20 ទៅ 39 ឆ្នាំ។

ក្នុងឆ្នាំ 2019 ដដែល ចំនួនអ្នកទទួលទានសុរា គឺត្រូវបានក្រុមការងាររបស់ WHO យកវាទៅផ្សារភ្ជាប់ជាមួយនឹងស្ថានភាពសុខភាពមួយចំនួនផងដែរ ហើយរាល់ជំងឺទាំងនោះ គឺវាកើតឡើងដោយសារតែការពិសារស្រា  ដែលជាមូលហេតុនាំឲ្យកើតជំងឺក្រិនថ្លើម និងមហារីក។

របាយ​ការណ៍ដដែល​បាន​រក​ឃើញទៀត​ថា ការ​ប្រើ​គ្រឿង​ស្រវឹងវា​ក៏បាន​ធ្វើ​ឱ្យ​មនុស្ស​ងាយ​នឹង​ឆ្លង​ជំងឺ​ដូច​ជា​ជំងឺ​របេង មេរោគ​អេដស៍ និង​ជំងឺ​រលាក​សួតថែមទៀតផង។ WHO បានបញ្ជាក់បន្ថែមថា ក្នុងឆ្នាំ 2019 គឺមានមនុស្សប្រហែល 38 ភាគរយ ត្រូវបានគេចាត់ទុកថា ពួកគេទាំងនោះគឺជាអ្នកផឹកស្រាខ្លាំង នឹងញឹកញាប់ខ្លាំងជាងគេ។

យ៉ាងណាមិញដើម្បីជាសារផ្តាំផ្ញើ លោក Vladimir Poznyak ប្រធានអង្គភាពរបស់អង្គការសុខភាពពិភពលោកសម្រាប់គ្រឿងស្រវឹង គ្រឿងញៀន បាននិយាយប្រាប់អ្នកយកព័ត៌មានថា គ្រឿងស្រវឹងវាគឺជាឃាតករលាក់មុខមួយដែលមនុស្សគ្រប់គ្នាតែងមើលរំលង អ្នកត្រូវចងចាំថា ការទទួលទានគ្រឿងស្រវឹងវាមិនមានផលល្អណាមួយសម្រាប់សុខភាពអ្នកនោះទេ តែផ្ទុយទៅវិញនឹងធ្វើឲ្យអ្នកមានវិបដិសារីដោយសារតែការប្រើប្រាស់វាទៅវិញ។

ឌូបៃ៖ គ្រោងចំណាយជាទឹកប្រាក់ប្រមាណ 8 ពាន់លានដុល្លារ ដើម្បីរៀបចំផែនការការពារទឹកជំនន់

បន្ទាប់ពី គ្រោះទឹកជំនន់មួយបានកើតឡើងនៅក្នុងទីក្រុងឌូបៃកាលពីខែមេសារួចមក ប្រធានាធិបតីរបស់ អារ៉ាប់រួម (UAE) បានប្រកាសថា ខ្លួននិងរៀបចំសម្អាតផ្លូវ និងប្រព័ន្ធលូរបស់ខ្លួនទាំងអស់ ដោយគិតជាការចំណាយទាំងអស់ប្រហែលជា30 ពាន់លាន AED ​​(8 ពាន់លានដុល្លារ) ។

បើយោងតាមការចុះផ្សាយពី AGBI កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា ដើម្បីធានាបាននៅគុណភាពប្រព័ន្ធលូ ថ្នាក់ដឹកនាំរបស់អារ៉ាប់រួមបានសង្កត់ធ្ងន់ថា ប្រព័ន្ធលូរបស់អេមីរ៉េតគឺត្រូវតែអាចទប់ទល់នឹងភ្លៀងបានច្រើនជាង 20 លានម៉ែត្រគូបក្នុងមួយថ្ងៃ។

គួរបញ្ជាក់ថា ចំពោះការងារលើគម្រោងការពារទឹកជំនន់ដែលមានឈ្មោះថា Tasreef ពួកគេនឹងចាប់ផ្តើមអនុវត្តភ្លាមៗ ដើម្បីបញ្ចប់ការសាងសង់គម្រោងខាងលើនេះយ៉ាងយូបំផុតត្រឹមរយៈពេល 9 ឆ្នាំ។

យ៉ាងណាមិញសម្រាប់ការចំណាយពេលវេលាប្រាំបួនឆ្នាំដើម្បីបញ្ចប់គម្រោងដ៏ធំមួយនេះ បើយោងតាមការរៀបរាប់អ្នកគ្រប់គ្រងរបស់អេមីរ៉ាតផ្ទាល់ គឺលោក Sheikh Mohammed បាឲ្យដឹងថា ក្រុមអ្នកសាងសង់នឹងប្រើប្រាស់ម៉ាស៊ីនខួងផ្លូវរូងក្រោមដីដែលថ្មី និងបំផុត ហើយក៏ជាម៉ាស៊ីដែលធំជាងគេបំផុតនៅក្នុងតំបន់មជ្ឈិមបូព៌ាថែមទៀតផង។

បន្ថែមពីការប្រើប្រាស់ឧបករណ៍ ក្នុងនោះមានមន្រ្តីជាន់ខ្ពស់ម្នាក់ដែលមានឈ្មោះថា  Nariba Gittens លោកបាននិយាយប្រាប់ AGBI បន្ថែមថា “ចំពោះគម្រោងខាងលើនេះ គឺយើងបានរំពឹងទុកថា រាល់ហេដ្ឋារចនាសម្ព័ន្ធនៅខាងក្រោមដីទាំងអស់ វាត្រូវបានក្រុមអ្នកជំនាញរបស់យើងបានបង្កប់បំពង់ទឹកគ្រប់ជ្រុងជ្រោយ គឺចេញពីស្ថានីយ៍បូមទឹក រួចក៏បង្ហូរទៅកាន់ស្រះទឹក និងសមុទ្រជាដើម។

 លោកបានមានប្រសាសន៍បន្តទៀតថា ការរៀបចំនូវប្រព័ន្ធទឹកឡើងមកវិញបែបនេះ គឺយើងត្រូវតែជួបនឹងបញ្ហាប្រឈមជាច្រើន តួរយ៉ាងដូចជា៖ ការសង់ត្រលប់ក្រោយនៅក្នុងតំបន់ដែលបានសាងសង់រួចហើយនៃទីក្រុងឌូបៃ ហើយជាពិសេសគឺនៅខាងក្រោមដីតំបន់មួយនេះ គឺវាមានផលលំបាកច្រើន ព្រោះថាការសាសង់ប្រព័ន្ធខាងក្រោមក្នុងតំបន់ទាំងនោះគឺភាគច្រើនពួកយើងនៅមានកម្រិតក្នុងការសាងសង់ផងដែរ។”

គួរបញ្ជាក់ថា ឌូបៃវាគឺជាទីក្រុងមួយដែលបានទាក់ទាញបំផុតបន្ទាប់ពីមានជំងឺរាតត្បាតកូវីដ ១៩ កន្លងមក។ ឌូបៃបានបានក្លាយទៅជាកន្លែងដែលមានការប្រមូលផ្តុំក្រុមអ្នកមានទ្រព្យសម្បត្តិឲ្យមកទស្សនា ក៏ដូចជាការមករស់នៅបានច្រើនជាងគេ។ ជាការពិតណាស់ អ្វីទាំងអស់នេះ វាក៏ព្រោះតែប្រទេសមួយនេះមានថ្នាក់ដឹកនាំមួយដែលពោពេញទៅដោយភាពច្នៃប្រឌិតខ្ពស់ ជាឧទាហរណ៍ដូចជាការបង្កើតឲ្យមានភ្លៀងសិប្បនិមិតដើម្បីជួយដល់តំបន់ដែលបានជួបគ្រោះរាំងស្ងួត ការអនុគ្រោះពន្ធចំពោះអ្នកវិនិយោគថ្មីៗជាដើមនោះ វាក៏បានធ្វើឲ្យមានក្រុមអ្នកវិនិយោគជាច្រើននៅក្នុងពិភពលោក បានសង្វាត់មកបន្តាក់ទុននៅក្នុងប្រទេសមួយនេះកាន់តែច្រើន។

scroll to top