វៀតណាម៖ បានកំណត់​គោលដៅ​នាំ​ចេញ​គ្រឿង​សមុទ្រ យ៉ាងតិចត្រឹម 10 ​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៤

តាមរយៈទីក្រុងហាណយកាលពីថ្ងៃទី ០9 ខែកក្កដា ឆ្នាំ 2024 បានឲ្យដឹងថា ការនាំចេញគ្រឿងសមុទ្រនៅឆមាសទីពីរនៃឆ្នាំនេះវានឹងមានការកើនឡើងប្រមាណជា 15 ភាគរយ ឬស្មើរនឹង 5.5 ពាន់លានដុល្លារ។ ចំពោះលទ្ធផលទាំងនេះបានគូសបញ្ជាក់ឲ្យយើងឃើញថា ការនាំចេញគ្រឿងសមុទ្ររបស់ប្រទេសវៀតណាមគឺបានឈានជិតទៅដល់ 10 ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះ។

បើយោងទៅតាមការរៀបរាប់ពី ប្រធានក្រុមប្រឹក្សា សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (VASEP) បាននិយាយថា ការនាំចេញគ្រឿងសមុទ្ររបស់ខ្លួនគឺបានកើនឡើងប្រហែលជា 12 ភាគរយ ប្រសិនបើយើងធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ 2023។

យ៉ាងណាមិញ ចំពោះសមទ្ធផលដែលមានការកើនឡើងនេះ វាក៏នៅតែបង្ករជាក្តីព្រួយបារម្មណ៍របស់រដ្ឋាភិបាលរបស់ប្រទេសវៀតណាមនៅឡើយ។ ទន្ទឹម​នឹងការកើនឡើងត្រឹមរយៈពេលខ្លីវាមិនមែនជាអ្វីដែលថ្នាក់ដឹកនាំរបស់ប្រទេសមួយនេះបានរំពឹងទុកនោះទេ។ ផ្ទុយទៅវិញ ចំពោះលទ្ធផលដែលសម្រេចបានក្នុងឆមាសទី 1 នៃឆ្នាំ 2024 វាគ្រាន់តែជាដំណើរការមួយដើម្បីឲ្យខ្លួន​អាច​សម្លឹងមើល និងស្វែង​រក​ការ​លក់បន្ថែមទៀតដោយនាំយកវា​ទៅ​កាន់​ទីផ្សារ​ផ្សេងៗជាច្រើន​ទៀត ជា​ពិសេស​គឺបណ្តាលប្រទេសនៅក្នុង​អាស៊ី និង​អាមេរិក​ឡាទីនជាដើម។

ដើម្បីសម្រេចបានជាយុទ្ធសាស្ត្រ ដែលថ្នាក់ដឹកនាំបានកំណត់ ក្នុងនោះខាងសារព័ត៌មានក្នុងស្រុកដែលមានឈ្មោះថា vietnamnews បានធ្វើការដកស្រង់សម្តីពីក្រុមហ៊ុននាំចេញគ្រឿងសមុទ្រធំៗមួយចំនួនថា ឥឡូវនេះគឺពួកគេកំពុងតែគិតគូយ៉ាងយកចិត្តទុកដាក់លើវត្ថុធាតុដើមនៃបង្គា និងផលិតកម្ម ដើម្បីបង្កើតផលិតផលនាំចេញដែលប្រកបដោយគុណភាព ជាមួយនឹងការប្រកួតប្រជែងខ្ពស់ និងដើម្បីបំពេញតាមស្តង់ដារដ៏តឹងរឹងនៅក្នុងទីផ្សារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

ហេតុដូច្នេះហើយ សម្រាប់គោលនយោបាយនៃការនាំចេញគ្រឿងសមុទ្រនាពេលនេះ វានិងជំរុញឲ្យមានកិច្ចសហប្រតិបត្តិការជាមួយកសិករ និងសហករណ៍ តាមរយៈកិច្ចសន្យាប្រើប្រាស់ផលិតផលរបស់ពួកគេជាមួយនឹងឈ្មួញឲ្យបានច្បាស់លាស់ជាមុនសិន។

តែបើទោះជាយ៉ាងណាក៏ដោយ ការនាំចេញមួយដែលប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព ក្នុងនោះវាត្រូវតែមានការចុះអន្តារគមន៍ពីក្រសួងដែលពាក់ព័ន្ធទាំងអស់ ពោលគឺធ្វើយ៉ាងណាដើម្បីផ្តល់ជាជំនួយដល់កសិករលើផ្នែកបច្ចេកទេស ការជ្រើសរើសពូជ ចំណីសត្វ វេជ្ជសាស្រ្ដ ការគ្រប់គ្រង និងការព្យាបាលជំងឺ ជាពិសេសគឺវិធីសាស្ត្រថែរក្សាវត្ថុធាតុដើមក្រោយពេលប្រមូលផល។

ខាង VASEP បាននិយាយប្រាប់ vietnamnews បន្ថែមទៀតថា ការកើនឡើងបន្តិចនៃតម្លៃនាំចេញអាហារសមុទ្រនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ វាបានបង្ហាញឲ្យពួកយើងដឹងថា ឧស្សាហកម្មមួយប្រភេទនេះវាពិតជាមានផលចំនេញច្រើន គឺបានទាំងអ្នកផ្គត់ផ្គង់វត្ថុធាតុដើម អ្នកចិញ្ចឹម ឈ្មួញកណ្តាល ជាពិសេសវាបានជួយដល់វស័យសារពើពន្ធថែមទៀតផង។

យុវជននៅក្នុងប្រទេសចិនបច្ចុប្បន្ន បានសង្វាតសន្សំប្រាក់

យុវជនរបស់ប្រទេសចិនជាច្រើនកំពុងតែសម្រុកសន្សំប្រាក់របស់ពួកគេយ៉ាងក្លៀវក្លាណ ខណៈដែលសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះនៅតែស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ។ 

បើយោងតាមរយៈគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសចិន ដែលសរសេរឡើងវិញដោយក្រុមអ្នកសង្កេតការណ៍របស់ CNBC បានឲ្យដឹងថា យុវជនចិននាពេលបច្ចុប្បន្ននេះ គឺពួកគេបានកំណត់គោលដៅសន្សំប្រចាំខែរបស់ខ្លួនយ៉ាងខ្លាំងក្លា។

យ៉ាងណាមិនបើយោងតាមមួយក្នុងចំណោមពួកគេទាំងអស់ គឺត្រូវបានក្រុមការងាររបស់ CNBC ធ្វើការដកស្រង់សម្តីរបស់នារីម្នាក់ដែលមានវ័យ 26 ឆ្នាំ នាងមានឈ្មោះនៅលើគណនី Ticktok ថា ‘Little Zhai Zhai’ នាងបាននិយាយប្រាប់ពីគោលបំណងរបស់នាង និងមិត្តភក្តិរបស់នាងថា នាពេលឥឡូវនេះគឺពួកយើងកំពុងតែរៀបចំផែនការមួយ គឺធ្វើយ៉ាងណាក៏ដោយឲ្យតែពួកយើងអាចសន្សំប្រាក់បានយ៉ាងតិចបំផុតក៏ 300 យ័ន(41.28 ដុល្លារ) ក្នុងមួយខែដែរ។ ដើម្បីសម្រេចបាននូវគោលដៅ ពួកយើងបានចាប់ផ្តើមដោយការកាត់បន្ថយចំណាយលើការជួបជុំមិត្តភក្តិ ការធ្វើដំណើរកំសាន្ត មិនចំណាយលើរបស់របរណាដែលមិនចាំបាច់ ជាពិសេសគឺពួកយើងមិនចំនាយលើការញាំនៅតាមហាងនោះទេ ពួកយើងត្រូវតែអនុវត្តន៍នៅការសន្សំសំចៃលើអាហារប្រចាំថ្ងៃឲ្យបានតិចបំផុត គឺត្រឹមតែគ្រប់គ្រាន់សម្រាប់រាងកាយគឺជាការស្រេច។

ក្រុមការងាររបស់ CNBC បានរកឃើញទៀតថា បរិយាបថរបស់មនុស្សភាគច្រើននៅក្នុងប្រទេសចិន គឺមិនមែនមានតែក្រុមយុវជនដែលរស់នៅដោយភាពសន្សំសំចៃនោះទេ ក្នុងនោះគឺមានទាំងមនុស្សចាស់ផងដែរ ហើយពួកគេទាំងនោះបានបង្ហើបថា ចំពោះចំណីអាហារដែលខ្លួនអាចចំណាយបានលុះត្រាតែវាមានសុវត្តិភាព និង មានតម្លៃថោកសមរម្យតែប៉ុណ្ណោះ។

បើយោងតាមការរៀបរាប់ពីលោក Shaun Rein នាយកគ្រប់គ្រងនៃក្រុមស្រាវជ្រាវទីផ្សាររបស់ប្រទេសចិនបាននិយាយថា ”យុវជនចិនមានចិត្តគំនិតសន្សំប្រាក់ដើម្បីជាការសងសឹក” ។ លោក Shaun Rein បាននិយាយប្រាប់ CNBC ថា ”យុវជននាពេលបច្ចុប្បន្ននេះ គឺមិនដូចយុវជនក្នុងទសវត្សរ៍ឆ្នាំ 2010 នោះទេ។

លោកបានបន្តទៀតថា កាលពីក្នុងចន្លោះឆ្នាំ 2010 ដល់ឆ្នាំ 2019 ជារឿយៗពួកគេតែងតែចំណាយច្រើនទៅតាមលទ្ធភាពខ្លួនដែលខ្លួនអាចរកបាន មិនត្រឹមតែប៉ុណ្ណោះពួកគេក៏ហ៊ានប្រើ Credit Card ដើម្បីទិញរបស់របរប្រណិតដូចជាកាបូបប្រណិតដូចជា Gucci  Dior ទូរស័ព្ទដៃ Apple iPhone ថែមទៀតផង ព្រោះថាកាលនោះពួកគេមិនញញើតនិងការចំណាយនោះទេ ដោយសារតែខ្លួនមានចំណូលជាប្រចាំនិងទៀងទាត់។ ប៉ុន្តែបន្ទាប់ពីមានជំងឺរាតត្បាតកូវីដ ១៩ មកយុវជនជនជាតិចិនបានចាប់ផ្តើមផ្លាស់ប្តូរផ្នត់គំនិត គឺចង់តែសន្សំប្រាក់កាន់តែច្រើនឡើងៗតែមួយគត់” ។ 

ហេតុ​អ្វី​បាន​ជាគេនិយាយថា ការសន្សំសំចៃរបស់​យុវជន​ចិនវាគឺជាការសងសឹកខាងផ្នែកសេដ្ឋកិច្ច?

​          បើយោងតាមការរៀបរាប់ពីលោក Christopher Beddor នាយករងផ្នែកស្រាវជ្រាវរបស់ប្រទេសចិននៅក្រុមហ៊ុន Gavekal Dragonomics បាននិយាយថា ”មនុស្សវ័យចិននាពេលនេះគឺពួកគេភាគច្រើនមានគោលបំណងដូចគ្នា និងប្រហាក់ប្រហែលគ្នា។

គួរបញ្ជាក់ថា ចំពោះប្រាក់បញ្ញើលុយយ័ន (RMB) ជាសរុបនៅក្នុងត្រីមាសទី 1 នៃឆ្នាំ 2024 នៅក្នុងប្រទេសចិន គឺមានកំណើនប្រមាណជា 11.8% ពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមរបាយការណ៍ថ្មីៗនេះពីធនាគារប្រជាជននៃប្រទេសចិន នៅក្នុងសេដ្ឋកិច្ចមួយប្រសិនបើការសន្សំបានកើនឡើង នោះការនិយោគនិងធ្លាក់ចុះ។

អ្នកជំនាញរូបនោះបាននិយាយប្រាប់ CNBC ថា នៅក្នុងទីផ្សាមួយដែលជួបនៅការចំណាយដ៏តឹងតែងពីក្រុមយុវវ័យ វាមិនមែនជាផលល្អដល់សេដ្ឋកិច្ចនោះទេ។

ទំនិញដែលប្រណិតនិងមានតម្លៃថ្លៃតួរយ៉ាងដូចជាផលិតផលរបស់ LVMH និង Apple វាសុទ្ធសឹងតែជាផលិតផលរបស់អឺរ៉ុបនិង អាមេរិក​ ហើយប្រសិនបើទំនិញរបស់ពួកគេទាំងនោះគ្មានការគាំទ្រពីជនជាតិចិន នោះហើយវាអ្វីដែលការហៅថា ការសងសឹកខាងផ្នែកសេដ្ឋកិច្ច។

មានមនុស្សប្រមាណ ១១នាក់បានបាត់បង់ជីវិត  និង 8 នាក់បាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង នៅក្នុងនេប៉ាល់

ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានការរអិលបាក់ដីនិងទឹកជំនន់ភ្លាមៗ ដែលបានសម្លាប់មនុស្សយ៉ាងតិចប្រមាណ 11 នាក់។ បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងទៀតថា ភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលត្រឹមតែ 36 ម៉ោងប៉ុណ្ណោះ វាក៏បានធ្វើឲ្យប្រទេសនេប៉ាល់និងបានបិទផ្លូវហាយវេនិងផ្លូវសំខាន់ៗជាច្រើនកន្លែង។

បើយោងតាមការរៀបរាប់ពីអ្នកនាំពាក្យប៉ូលិស Dan Bahadur Karki បាននិយាយប្រាប់អ្នកយកព័ត៌មានរ៉យទ័រថា ទឹកជំនន់ភ្លាមៗដោយសារតែទឹកភ្លៀង វាបានធ្វើឲ្យមានការរអិលបាក់ដី ហើយគ្រោះធម្មជាតិនោះទៀតសោតវាបានសម្លាប់មនុស្សយ៉ាងតិច 12 នាក់ និង 8 នាក់ផ្សេងទៀតបានរងរបួស ។

គាត់បាននិយាយបន្តទៀតថានៅម៉ោង 0900 ម៉ោង (0315 ម៉ោង GMT) លំហូរទឹកនៅក្នុងទន្លេ Koshi គឺ 369,000 cusecs ក្នុងមួយវិនាទី ច្រើនជាងពីរដងនៃលំហូរធម្មតារបស់វាគឺ 150,000 cusecs ។

គួរបញ្ជាក់ថា Cusec គឺជារង្វាស់នៃលំហូរទឹក ហើយមួយ cusec គឺស្មើនឹងមួយហ្វីតគូបក្នុងមួយវិនាទី។  

អាជ្ញាធរបាននិយាយបន្តថា ចំពោះលំហូរនៃទន្លេ Narayani, Rapti និង Mahakali នៅភាគខាងលិចក៏កំពុងកើនឡើងផងដែរ។ ទន្ទឹមនឹងនោះ ចំណែកឯនៅក្នុងតំបន់ភ្នំវិញ គឺគេបានសង្កេតឃើញទៀតថា នៅក្បែរភ្នំ Kathmandu គឺមានទន្លេជាច្រើនបានជន់លិចច្រាំង ផ្លូវក៏ជន់លិច ហើយផ្ទះប្រជាពលរដ្ឋរាប់សិបខ្លងផ្ទះគឺត្រូវបានលិចលង់ថែមទៀតផង។

បើយោងតាមប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​បង្ហាញ​ថា មនុស្ស​ដែល​ដើរ​កាត់​ទឹក​ជ្រៅ គឺពួកគេត្រូវតែ​ប្រើ​ធុង​ដើម្បីធ្វើដំណើរគឺដើម្បីជៀសវាងការរអិល ដែលបណ្តាលឲ្យផុង ឬ ធ្លាក់ចូលក្នុងអន្លង់ជាដើម។ យ៉ាងណាមិញចំពោះករណីទឹកជំនន់មួយនេះផងដែរ ប្រទេសនេប៉ាល់គឺមានមនុស្សមិនតិចជាង 50 នាក់នោះទេដែលបានស្លាប់ដោយសារការរអិលបាក់ដី ទឹកជំនន់ និងរន្ទះបាញ់នោះ ហើយទិន្នន័យនេះគឺយើងគិតចាប់តាំងពីពាក់កណ្តាលខែមិថុនា នេះមកតែម្តង។

គួររំលឹកថា ប្រទេសនេប៉ាល់គឺជាប្រទេសមួយដែលតែងតែមានមនុស្សរាប់រយនាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយការបាក់ដី និងទឹកជំនន់ភ្លាមៗ។ ម្យ៉ាងទៀតចំពោះគ្រោះថ្នាក់ខាងលើនេះគេតែងតែសង្កេតឃើញ វាបានកើតឡើងភាគច្រើនគឺក្នុងរដូវខ្យល់មូសុង ដែលជាធម្មតារដូវនេះគឺចាប់ផ្តើមនៅពាក់កណ្តាលខែមិថុនា និងបន្តរហូតដល់ពាក់កណ្តាលខែកញ្ញា។

ប្រាក់ចំនេញរបស់ក្រុមហ៊ុន Samsung បានកើនឡើងលើសពីការរំពឹងទុក

បន្ទាប់ពីនាយកប្រតិបត្តិរបស់ Samsung Electronics បានក្លាយទៅជាអ្នកដែលមានជាងគេបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីខែចុងខែមេសានោះ  ឥឡូវនេះក្រុមហ៊ុនទូរស័ព្ទដៃស្មាតហ្វូនមួយនេះត្រូវបានក្រុមអ្នកយកព័ត៌មានរបស់រ៉យទ័របានធ្វើការបានប្រមាណទៀតថា ប្រាក់ចំណេញរបស់ក្រុមហ៊ុន Samsung Electronics និងកើនឡើងច្រើនជាង 15 ដង នៃប្រាក់ចំនេញសរុបទៅទៀត ដោយយើងគិតត្រឹមតែក្នុងត្រីមាសទី 2 នៃឆ្នាំ 2024 តែប៉ុណ្ណោះ។

បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី ០5 ខែកក្កដា បានឲ្យដឹងថា ការស្ទុះងើបឡើងវិញនៃតម្លៃ semiconductor វាបានក្លាយទៅជាកំលាំងចលករមួយដ៏សំខាន់ ដែលធ្វើឲ្យម្ចាស់ក្រុមហ៊ុនរបស់កូរ៉េខាងត្បូងមួយនេះអាចទទួលបាននៅប្រាក់ចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់។

គួរបញ្ជាក់ថា ក្រុមហ៊ុនដែលផលិតបន្ទះឈីប ស្មាតហ្វូន និងទូរទស្សន៍ដ៏ធំបំផុតរបស់ពិភពលោកមួយនេះត្រូវបានគេប៉ាន់ប្រមាណទៀតថា ប្រាក់ចំណេញនៃការប្រតិបត្តិការរបស់ខ្លួនគឺបានកើនឡើងរហូតដល់ទៅ 10.4 ពាន់ពាន់លានវ៉ុន (7.54 ពាន់លានដុល្លារ) ។

បើយោងតាមរយៈអ្នកនាំពាក្យរបស់ ក្រុមហ៊ុន Samsung បាននិយាយថា បន្ទាប់ពីតម្លៃនៃបន្ទះឈីបកាន់តែខ្ពស់ វាក៏បានជួយឲ្យក្រុមហ៊ុនមានការកើនឡើងនៃប្រាក់ចំណេញប្រហែលជា 23% ឬស្មើរនឹង 74 ពាន់ពាន់លានវ៉ុន ចំពោះលទ្ធផលមួយនេះផងដែរវាពិតជាចំនួនមួយដែលខ្ពស់ជាងការរំពឹងទុកទៅទៀត ដោយយើងធ្វើការប្រៀបធៀបទៅនឹងរយៈពេលដូចជាគ្នាកាលពីត្រីមាសទី 2 ឆ្នាំ2023។

គួរបញ្ជាក់សារជាថ្មីថា បច្ចុប្បន្នផ្នែក semiconductor របស់ Samsung បានក្លាយទៅជាចំណែកមួយដ៏សំខាន់សម្រាប់ក្រុមហ៊ុនដែលនូវផលិតគ្រឿងអេឡិចត្រូនិច។ យ៉ាងណាមិញ ប្រសិនបើតម្រូវការនៃអ្នកប្រើប្រាស់កាន់តែកើនឡើង តម្លៃនៃទំនិញនោះវានិងកាន់តែមានកើនឡើងដូចគ្នាដែរ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Samsung បានកើនឡើងប្រមាណជា 1.2% បន្ទាប់ពីការប្រកាសប្រាក់ចំនេញរបស់ក្រុមហ៊ុន ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ការកើនឡើងនេះ គឺមានអ្នកវិភាគជាច្រើនបានរំពឹងទុកថា ភាគហ៊ុនរបស់ក្រុមហ៊ុន Samsung​ និងកើនឡើងបន្តទៀត ជាពិសេសគឺបន្ទាប់ពីក្រុមហ៊ុនដដែលនេះបានប្រកាសថា ខ្លួននឹងចុះផ្សាយលំអិតអំពីប្រាក់ចំណូលរបស់ខ្លួននៅថ្ងៃទី 31 ខែកក្កដា។

scroll to top