អង្គការណាតូបានសន្យាថា ខ្លួននឹងផ្តល់ជំនួយយ៉ាងតិច 43 ពាន់លានដុល្លារដល់អ៊ុយក្រែន

ប្រធានរបស់អង្គការណាតូបានសន្យាថា ខ្លួននឹងផ្តល់ជំនួយយោធាដល់អ៊ុយក្រែនយ៉ាងតិចបំផុតក៏ 43 ពាន់លានដុល្លារដែរ ហើយកញ្ចប់ជំនួយមួយនេះពួកគេនឹងផ្តល់ជូននៅដើមឆ្នាំ 2025។

បើយោងទៅតាមការចុះផ្សាយពី Aljazeera កាលពីថ្ងៃទី 11 ខែកក្កដា ឆ្នាំ2024 បានឲ្យដឹងថា ដើម្បីពង្រឹងការការពាររបស់ទីក្រុងគាវ និងដើម្បីបង្ហាញពីឆន្ទះរបស់ថ្នាក់ដឹកនាំកំពូលនៃអង្គការណាតូដែលកំពុងតែរង់ចាំឲ្យអ៊ុយក្រែនបានចូលជាសមាជិកក្នុងសម្ព័ន្ធមិត្តយោធាលោកខាងលិច។

គួរបញ្ជាក់ថា ចំពោះកញ្ចប់ជំនួយដែលអង្គការណាតូត្រៀមនឹងផ្តល់ជូនដល់អ៊ុយក្រែននោះ យើងអាចចាត់ទុកថាវាគឺជាការឈានទៅមុខបន្តិចទៀតហើយ ដែលបង្ហាញឲ្យយើងដឹងថា សហភាពអឺរ៉ុបនៅតែគាំទ្រដល់ប្រទេសអ៊ុយក្រែនជានិច្ច។ ទន្ទឹមនឹងនោះ ផ្នែកយោធារបស់សហរដ្ឋអាមេរិក ហូឡង់ និងដាណឺម៉ាក ពួកគេបានប្រកាសបន្ថែមទៀតថា យន្តហោះចម្បាំង F-16 ដែលផ្តល់ដោយអង្គការណាតូដំបូងគេ វានឹងទៅដល់ដៃអ្នកបើកយន្តហោះយោធាអ៊ុយក្រែននៅរដូវក្តៅនេះថែមទៀត។

បើទោះបីជានៅក្នុងសភារបស់សហរដ្ឋអាមេរិកមិនភាពប្រាកដប្រជាក្នុងការជួយដល់អ៊ុយក្រែនក៏ពិតមែន តែមេដឹកនាំរបស់ប្រទេសមហាលអំណាចមួយនេះបានមានប្រសាសន៍ថា ខ្លួននឹងដាក់ពង្រាយកាំជ្រួចរយៈចម្ងាយឆ្ងាយនៅក្នុងប្រទេសអាឡឺម៉ង់យ៉ាងយូបំផុតត្រឹមឆ្នាំ 2026។ ហើយផែនការមួយនេះ វាគឺជាជំហានដ៏សំខាន់មួយ ដើម្បីទប់ទល់នឹងអ្វីដែលពួកលោកខាងលិចតែងតែនិយាយថា ការគំរាមកំហែងរបស់រុស្ស៊ីចំពោះអឺរ៉ុបគឺកាន់តែខ្លាំងឡើង។

គួររំលឹកថា ការផ្តួចផ្តើមឲ្យមានចំណាត់មួយនេះនៅក្នុងប្រទេសអាឡឺម៉ង់ គឺដោយសារតែ វាមានជាប់ពាក់ព័ន្ធជាមួយនឹងរឿងជាច្រើនដែលបានកើតឡើងកាលពីនៅក្នុងសង្គ្រាមលោកលើកទី ២។ ហើយបច្ចុប្បន្នពួកគេក៏នៅតែមានគំនិតដូចពីមុនដដែលថា អាឡឺម៉ង់គឺជាប្រទេសដែលមានឥទ្ធិពលខ្លាំងជាងគេ ដែលអាចនឹងធ្វើឲ្យរុស្ស៊ីមានភាពខ្លាចរអាល។

ចិន​និយាយ៖ ឥណ្ឌា​គ្មាន​សិទ្ធិ​អភិវឌ្ឍ​តំបន់​ព្រំដែនដែលកំពុងតែ​មាន​ជម្លោះនោះទេ

ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃពុធថា ប្រទេសឥណ្ឌាមិនមានសិទ្ធិអនុវត្ត ឬ អភិវឌ្ឍន៍ណាមួយឡើយ ប្រសិនទីនោះវាគឺជាតំបន់ដែលចិនហៅថា ទីបេខាងត្បូងនោះ។

ការឆ្លើយតបរបស់ក្រសួងការបរទេសចិនបានកើតឡើង នៅមួយថ្ងៃបន្ទាប់ពី ទីភ្នាក់ងាររបស់ Reuters បានលើកឡើងថា ទីក្រុងញូវដែលី នាពេលនេះគឺកំពុងតែពន្លឿនគម្រោងវារីអគ្គីសនីនៅក្នុងរដ្ឋដែលជាប់ជាមួយព្រំដែនរបស់ចិន ហើយគម្រោងដ៏ធំមួយនេះ រដ្ឋាភិបាលរបស់ឥណ្ឌាគ្រោងនឹងចំណាយជាទឹកប្រាក់ប្រមាណជា ១ ពាន់លានដុល្លារ។

បើយោងទៅតាមការរៀបរាប់ពីអ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ”ទីបេខាងត្បូងវាគឺជាទឹកដីរបស់ប្រទេសចិនតែម្នាក់គត់” ។ ហេតុដូច្នេះហើយប្រទេសឥណ្ឌាមិនមានសិទ្ធិណាមួយដើម្បីអភិវឌ្ឍន៍តំបន់ខាងលើនេះជាដាច់ខាត។

តែបើទោះជាការប្រកាសមួយនេះបានរងនូវប្រតិកម្មពីចិនយ៉ាងណាក្តី តែក្នុងនោះខាងក្រសួងការបរទេសឥណ្ឌាមិនបានធ្វើការឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់ចិននោះឡើយ។

តាមពិតទៅចំពោះតំបន់ហិម៉ាឡៃយ៉ានដែលស្ថិតនៅភាគឦសាននៃប្រទេសឥណ្ឌា វាគឺជារដ្ឋមួយដែលដាច់ស្រយ៉ាលជាងគេ តែទន្ទឹមនឹងនោះ ចិនតែងតែនិយាយថា វាគឺជាផ្នែកមួយនៃភាគខាងត្បូងរបស់ទីបេ មិនត្រឹមតែប៉ុនណ្ណោះចិនបានជំទាស់ម្តងហើយម្តងទៀតលើគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ឥណ្ឌាថែមទៀតផង។

គួររំលឹកថា កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានជួបសមភាគីចិន លោក Wang Yi នៅក្នុងប្រទេសកាហ្សាក់ស្ថាន ដែលជាកន្លែងសម្រាប់អ្នកទាំងពីរបានព្រមព្រៀងគ្នាក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បី  ដោះស្រាយបញ្ហា  នៅតាមព្រំដែនរបស់ពួកគេផងដែរ តែដោយឡែក អ្វីៗគឺនៅមិនទាន់មានអ្វីដែលច្បាស់លាស់នៅឡើយ។

រោងចក្រផលិតរថយន្ត Audi នៅក្នុងទីក្រុងប្រ៊ុចសែលអាចនឹងត្រូវបិទទ្វា

បន្ទាប់ពីតម្រូវការនៃរថយន្តម៉ាក Audi កាន់តែធ្លាក់ចុះ វាក៏បានគម្រាមកំហែងដល់រោងចក្រផលិតឡានមួយនេះកាន់តែខ្លាំងឡើង។ យ៉ាងណាមិញ បន្ទាប់ពីនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Volkswagen បានព្រមានកាលពីថ្ងៃអង្គារនេះថា ខ្លួនអាចនឹងបិទគេហទំព័រប្រ៊ុចសែលនៃម៉ាកយីហោប្រណីតរបស់ខ្លួនដែលមានឈ្មោះថា Audi នោះ វាក៏បានធ្វើឲ្យយើងដឹងពីគោលបំណងមួយនេះរួចទៅហើយថា រោងចក្រផលិតរថយន្ត Audi នៅទីនោះអាចនឹងត្រូវបិទទ្វានាពេលបន្តិចទៀតនេះ។

បើយោងទៅតាមក្រុមអ្នកជំនាញរបស់រ៉យទ័របានរកឃើញថា តម្រូវការសម្រាប់រថយន្ត Audi Q8 e-tron ដែលចេញលក់កាលពីក្នុងឆ្នាំ 2018 គឺបានធ្លាក់ចុះយ៉ាងខ្លាំង ហើយជាក់ស្តែងនាពេលនោះក្រុមហ៊ុនផលិតដ៏ធំមួយនេះ បានពិចារណាទៅលើការបញ្ចប់នូវម៉ាករថយន្តមួយនេះទាំងស្រុងផងដែរ។ បើយោងទៅតាមរៀបរាប់ពីប្រភពជិតស្និទ្ធនឹងក្រុមហ៊ុនមួយនេះបាននិយាយប្រាប់រ៉យទ័រទៀតថា ឥឡូវនេះគម្រោងនៃការបិទទ្វារោងចក្រផលិតរថយន្ត Audi វាជិតកើតឡើងខ្លាំងមែនទែនហើយ បើយូបំផុតក៏ក្នុងឆ្នាំ 2025 នេះដែរ។

យ៉ាងណាមិញ បើយោងទៅតាមការចុះផ្សាយពីគេហទំព័រ Brussels ដោយផ្ទាល់វិញនោះ បានឲ្យដឹងបន្ថែមថា ចំពោះរោងចក្រផលិតរថយន្តខាងលើនេះ គឺវាបានប្រឈមនិងបញ្ហាថ្លៃដើមច្រើនជ្រុលពេក តួរយ៉ាងដូចជា ការបង់ពន្ធទីតាំងដែលនៅក្បែរទីក្រុងគឺមានតម្លៃខ្ពស់ ការចំណាយលើការដឹកជញ្ជូនក៏ថ្លៃ ហើយចំពោះកំលាំងពលកម្មនៅក្នុងប្រទេសដែលជាសមាជិកអឺរ៉ុបក៏ច្រើន ទាំងអស់នេះហើយគឺជាមូលហេតុដែលនាំឲ្យតម្លៃនៃរថយន្តរបស់យើងខ្ពស់ ដែលជាហេតុពិបាកក្នុងការប្រកួតប្រជែង។

តែបើទោះជាយ៉ាងនេះក្តី  អ្នកសង្កេតការណ៍របស់រ៉យទ័របានលើកឡើងថា ក្រុមហ៊ុនយក្ស Volkswagen គឺកំពុងតែស្វែងរកការកាត់បន្ថយចំណាយ ជាពិសេសគឺបន្ទាប់ពីការលក់រថយន្តអគ្គិសនីរបស់ខ្លួនទាបជាងការរំពឹងទុក។ ថ្វីត្បិតតែរថយន្តអគ្គិសនីវាកំពុងតែពេញនិយមពីអ្នកប្រើប្រាស់ តែទន្ទឹមនឹងនោះការជ្រៀតចូលនៃរថយន្តអគ្គិសនី VW​ វាមិនបានរលូនដូចដែលខ្លួនបានគិតទុកនោះទេ ហើយការកើតឡើងនេះ គឺវាស្របពេលដែលយីហោម៉ាក  Audi មិនសូវមានតម្រូវការទៀតនោះ ទើបត្រូវបានក្រុមអ្នកជំនាញជាច្រើនបានទស្សទាយថា រោងចក្រផលិតរថយន្ត Audi អាចនឹងត្រូវបិទទ្វានាពេលឆាប់ៗនេះ។

យើងខ្ញុំសូមបញ្ជាក់ថា ក្រុមហ៊ុនយក្ស Volkswagen Group គឺជាក្រុមហ៊ុនដែលធំជាងគេរបស់អឺរ៉ុប ហើយបច្ចុប្បន្ន Volkswagen គឺមាន​ក្រុមហ៊ុនផលិតឡានចំនួន 10 ម៉ាក​ ដោយក្នុងនោះរួមមាន៖ រថយន្ត Volkswagen, Volkswagen Commercial Vehicles, ŠKODA, SEAT, CUPRA, Audi, Lamborghini, Bentley, Porsche និង Ducati ជាដើម។

សិង្ហបុរីបាន​អនុម័តឲ្យមានការទទួលទាន​សត្វ​ល្អិត​ជា​អាហារ

ទីភ្នាក់ងារអាហាររដ្ឋរបស់ប្រទេសសិង្ហបុរី (SFA) បានអនុម័តទៅលើសត្វល្អិតមួយចំនួន ដែលអាចឲ្យប្រជាជនរបស់ខ្លួនបរិភោគបាននោះគឺមានចំនួនប្រមាណជា 16 ប្រភេទ ហើយការអនុញ្ញាតនេះគឺពួកគេបានផ្តល់សិទ្ធសម្រាប់ទាំងការលក់ជាសាធារណៈថែមទៀតផង នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន CNN កាលពីថ្ងៃទី 9 ខែកក្កដា ឆ្នាំ ២០២៤។

ទីភ្នាក់ងារអាហាររដ្ឋរបស់សិង្ហបុរី បានចេញជាសារាចរណ៍ណែនាំមួយ គឺពួកគេមានគោលបំណងដើម្បីផ្ញើជូនពាណិជ្ជករអាហារជាពិសេស ហើយខ្លឹមសារនៅក្នុងនោះមានន័យថា SFA បានអនុញ្ញាតឱ្យមានការនាំចូលសត្វល្អិត និងផលិតផលសត្វល្អិតដែលជាពពួកមានប្រូតេអ៊ីនខ្ពស់តែប៉ុណ្ណោះ ហើយសត្វល្អិតដែលត្រូវបានអនុម័តដោយ SFA ទាំងនោះរួមមាន ចង្រឹត កណ្តូប ដង្កូវនាង និងពពួកសត្វល្អិតជាច្រើនប្រភេទទៀត។ SFA បានបញ្ជាក់ទៀតថា “សត្វល្អិត និងផលិតផលសត្វល្អិតខាងលើនេះ វាអាចជាប្រយោជន៍ប្រើប្រាស់សម្រាប់មនុស្ស ហើយក៏ជាចំណីសត្វសម្រាប់សត្វដែលផលិតជាអាហារ តែបច្ចុប្បន្នយើងបានរកឃើញទៀតថា វាក៏ជាអាហារសម្រុនដ៏មានរសជាតិសម្រាប់មនុស្សថែមទៀតផង។

កន្លងមក ចំពោះការទទួលទានសត្វល្អិត គឺមាន​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោកបានទទួលស្គាល់សត្វល្អិតប្រភេទនេះរួចទៅហើយ ប៉ុន្តែឥឡូវនេះវាគឺជារឿងថ្មីសម្រាប់​ប្រទេស​សិង្ហបុរី។

គួរបញ្ជាក់ថា រាល់ការអនុវត្តន៍បទបញ្ញតិ្តថ្មី គឺខាងមន្ត្រីក្រសួងដែលពាក់ព័ន្ធទាំងអស់ បានធ្វើការស្រាវជ្រាវនិងបានកត់ត្រារួមមកហើយថា ប្រភេទសត្វល្អិតដែលអាចបរិភោគបានគឺមានច្រើនជាង 2,100 ប្រភេទឯណោះ ហើយភាគច្រើនគឺវាសំបូរទៅដោយវីតាមីន និងសារធាតុរ៉ែសំខាន់ៗជាច្រើន យើងអាចនិយាយបានថា វាគឺជាប្រភពដែលផ្តល់ឲ្យយើងនូវនិរន្តរភាពនៃប្រូតេអ៊ីន ដែលល្អជាងពពួកបសុសត្វដែលផលិតមេតានទៅទៀត។

បើយោងតាម របាយការណ៍នា ឆ្នាំ 2022 របស់វេទិកាសេដ្ឋកិច្ចពិភពលោក បានឱ្យដឹងថា “សត្វល្អិតវាគឺជាប្រភពនៃប្រូតេអ៊ីនដែលត្រូវបានគេមើលរំលង ម្យ៉ាងទៀតពពួកសត្វល្អិតទាំងនោះវាក៏ជាមធ្យោបាយមួយក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរ”។ 

ប្រភពដដែលបាននិយាយបន្តថា ពពួកសត្វល្អិតដូចជាកណ្តូប ចង្រិត និងដង្កូវនាង វាត្រូវបានបណ្តាលប្រទេសក្នុងអាស៊ីអាគ្នេយ៍និយមទទួលទានខ្លាំងជាងគេ ជាពិសេសគឺ ប្រទេសថៃ និងកម្ពុជា។

ប៉ុន្តែឥឡូវនេះ សត្វល្អិតទាំងនោះវាក៏ត្រូវបានគេនិយមយកមកលក់នៅក្នុងប្រទេសសិង្ហបុរីមិនចាញ់ប្រទេសទាំងពីរខាងលើនេះប៉ុន្មាននោះទេ។ ហើយសត្វល្អិតទាំងនោះ វាត្រូវបានមេចុងភៅនៅតាមភោជនីយដ្ឋាន និងក្រុមហ៊ុនអាហារ និងភេសជ្ជៈក្នុងស្រុក កំពុងតែធ្វើការពិសោធន៍ជាមួយវិធីផ្សេងៗ ដើម្បីបម្រើអាហារដែលមានរសជាតិប្លែក តែមានសុវត្តិភាព ហើយក៏មានប្រូតេអ៊ីនខ្ពស់សម្រាប់ភ្ញៀវទេសចរណ៍ថែមទៀតង។

SFA បាននិយាយថា “ដោយសារឧស្សាហកម្មសត្វល្អិតគឺនៅមានកម្រឹត ទើបពេលខ្លះចុងភៅពិបាកក្នុងការបំផុសឲ្យមានការចាប់អារម្មណ៍មុខម្ហូបថ្មីៗរបស់ខ្លួន។ ប៉ុន្តែបន្ទាប់ពី SFA បានបង្កើតក្របខណ្ឌច្បាប់គ្រប់គ្រងសត្វល្អិតដែលដាក់ចេញនូវគោលការណ៍ណែនាំសម្រាប់សត្វល្អិតរួចមក ពួកគេសង្ឈឹមថា មុខម្ហូបថ្មីទាំងនេះ និងមានការគាំទ្រខ្លាំង ហើយការនាំចូលអាចនិងកាន់តែទូលំទូលាយជាងមុន។

scroll to top