ក្រុមហ៊ុនផលិតពេជ្រដ៏ធំជាងគេនៅក្នុងពិភពលោក បានប្រកាសឲ្យបុគ្គលិករបស់ខ្លួនប្រមាណ៥០,០០០នាក់ ឈប់សម្រាក១០ថ្ងៃ

ស្របពេលដែលតម្រូវការនៃការទិញពេជ្របានធ្លាក់ចុះទូទាំងពិភពលោក ស្រាប់តែដើមខែសីហានេះក្រុមហ៊ុនចែកចាពេជ្រដ៏ធំមួយរបស់ឥណ្ឌាបានប្រកាសថា ខ្លួនបានសម្រេចចិត្តឲ្យបុគ្គលិករបស់ខ្លួនប្រមាណជាង50,000 នាក់ឈប់សម្រាកចំនួន 10 ថ្ងៃ។

Indianexpress បានចុះផ្សាយកាលពីព្រឹកថ្ងៃទី 06 ខែសីហា ឆ្នាំ 2024 នេះថា Kiran Gems ដែលជាក្រុមផលិតពេជ្រធម្មជាតិដ៏ធំបំផុតរបស់ពិភពលោក’ ហើយក៏ជាអ្នកនាំចេញពេជ្រដ៏ធំបំផុតផងដែរនោះ បានប្រកាសក្នុងគេហទំព័រផ្លូវការរបស់ខ្លួនថា ក្រុមហ៊ុននិងចាប់ផ្តើមវិស្សមកាលចាប់ពីថ្ងៃទី 17-27 ខែសីហា។

បើយោងតាមការសង្កេតនិងតាមដានពីយ៉ាងយកចិត្តទុកដាក់ពីក្រុមអ្នកសារព័ត៌មាន ពួកគេបានឲ្យដឹងទៀតថា បច្ចុប្បន្នក្រុមហ៊ុនផលិតពេជ្រជាច្រើននៅក្នុងពិភពលោកគឺកំពុងតែប្រឈមមុខនឹងឧបសគ្គជាច្រើន ជាពិសេសជាងគេនោះគឺបន្ទាប់ពីការដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកលើត្បូងពេជ្រទាំងឡាយណាដែលមានដើមកំណើតពីប្រទេសរុស្ស៊ី។ កិច្ចព្រមព្រាងមួយដែលធ្វើឡើងដោយក្រុមបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំរបស់ G-7 ពួកគេបានប្រកាសហាមប្រាមយ៉ាងមឺងម៉ាត់គឺមិនឲ្យប្រជាជនខ្លួនបញ្ជាទិញវត្ថុធាតុដើមណាមួយដែលមកពីរុស្ស៊ីជាដាច់ខាត ពោលគឺបន្ទាប់ពីការវាយលុករបស់សង្គ្រាមរុស្ស៊ីមកលើ- អ៊ុយក្រែន ក្នុងឆ្នាំ 2022 មកម្ល៉េះ។

យ៉ាងណាមិញបើយោងទៅតាមការរៀបរាប់ពីប្រធានក្រុមហ៊ុន Kiran Gems លោក Vallabhbhai Lakhani បានប្រាប់ កាសែត The Indian Express ថា “បច្ចុប្បន្ន ឧស្សាហកម្មពេជ្រកំពុងឆ្លងកាត់បញ្ហាកាន់តែច្រើនឡើងៗ ហើយបញ្ហាដែលអាក្រក់ជាងគេបំផុតនោះគឺដោយសារតែពួកយើងមិនមានតម្រូវការពីដេប៉ូលលក់ពេជ្រទូទាំងពិភពលោកតែម្តង។ លោកបានបន្ថែមទៀតថា ចំពោះការ​ប្រកាសនៅថ្ងៃ​ឈប់​សម្រាកចំនួន​១០​ថ្ងៃ គឺដើម្បី​ឲ្យរាល់ថ្នាក់ដឹកនាំរបស់យើងអាចកាត់បន្ថយនូវភាពតានតឹងនិងមានពេលអាចបង្កើតនិង​គ្រប់គ្រងផលិតកម្មមួយនេះក្នុងវិធីសាស្ត្រថ្មី​បាន។ ហើយសម្រាប់ការ​សម្រេច​ចិត្ត​បែប​នេះ វាក៏​ជា​លើក​ដំបូងហើយនៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន»។

លោក​បាន​មាន​ប្រសាសន៍​បន្តថា​៖ «​តម្លៃ​ពេជ្រ​​បាន​ធ្លាក់​ចុះ​នៅ​ទូទាំង​ពិភពលោក ហើយ​វា​បាន​ក្លាយ​ជា​ការ​លំបាក​សម្រាប់​អ្នក​ផលិត​ពេជ្រ​ក្នុង​ការ​ដំណើរការ​អាជីវកម្ម​របស់​ពួកគេខ្លាំងណាស់។ ជាធម្មតា រោងចក្រផលិតពេជ្រ Kiran Gems របស់លោកគឺមានចំណូលប្រចាំឆ្នាំយ៉ាងតិចក៏ 17,000 crore Rs ដែរ ហេតុដូច្នេះហើយទើបធ្វើឲ្យក្រុមហ៊ុនរបស់លោកក្លាយទៅជាក្រុមហ៊ុននាំចេញពេជ្រដែលឈានមុខគេមួយនៅទូទាំងពិភពលោក។ តែបើទោះជាយ៉ាងណាក៏ដោយ ការលក់របស់ក្រុមហ៊ុនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺបានធ្លាក់ចុះជាបន្តបន្ទាប់ រហូតដល់ក្រុមហ៊ុនបានសម្រេចចិត្តជាបណ្តុះអាសន្នដែលឲ្យបុគ្គលិកទាំងអស់ទទួលបានការឈប់សម្រាប់ក្នុងរយៈពេលយូបែបនេះ។

ក្រុមហ៊ុន Meta បានកើនប្រាក់ចំណូល បន្ទាប់ពីខ្លួនបានចំណាយលើ AI

ភាគហ៊ុនរបស់ក្រុមហ៊ុន Meta បានកើនឡើងប្រមាណជា 6.8% គឺបន្ទាប់ពីស្ថាបនិករបស់ក្រុមហ៊ុនមួយនេះបាននិយាយថាប្រាក់ចំណូលនៅក្នុងត្រីមាសទីពីរខ្លួនគឺបានកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់។

Meta ដែលពិភពលោកបានស្គាល់យ៉ាងច្បាស់ថា វាគឺជាក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានដ៏ធំមួយរបស់អាមេរិក បានរំពឹងទុកថា សាជីវកម្មរបស់ខ្លួនដែលមានដូចជា Facebook និង Instagram នៅក្នុងត្រីមាសទីបីនេះ គឺអាចទទួលបាននូវប្រាក់ចំណូលចន្លោះពី 38.5 ពាន់លានដុល្លារទៅ 41 ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះ។ បើយោងទៅតាមអ្នកជំនាញរបស់ LSEG ពួកគេបានធ្វើការប៉ាន់ប្រមាណថា ប្រាក់ចំណូលជាមធ្យមរបស់ក្រុមហ៊ុន Meta គឺអាចនៅក្នុងចន្លោះកណ្តាលនៃការប៉ានស្មានខាងលើ ពោលគឺវាអាចមានចំនួនប្រមាណ 39.1 ពាន់លានដុល្លារ ។

គួរបញ្ជាក់ថា ក្រុមហ៊ុនMeta ធ្លាប់បានប្រកាសថា ប្រាក់ចំណូលរបស់ខ្លួនគឺបានកើនឡើងប្រហែលជា 22% ឬស្មើរនឹង $39.1 ពាន់លានដុល្លារ ហើយតួរលេខនេះគឺសម្រាប់តែក្នុងរយៈពេលបីខែតែប៉ុណ្ណោះ គឺចាប់ពីខែមេសាដល់ខែមិថុនា។

តាមពិតទៅយើងអាចនិយាយបានថា ប្រាក់ចំណូលរបស់ Meta បានកើតឡើងជាថ្មី បន្ទាប់ពីក្រុមហ៊ុនយក្សមួយនេះធ្លាប់ទទួលបាននូវលទ្ធផលដ៏ខកចិត្តមួយ គឺនៅពេលដែលលោក Mark Zuckerberg  បានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីអភិវឌ្ឍលើមុខងារ AI ដោយកាលនោះលោកបាននិយាយទៀតថា ការចំនាយទាំងនោះវានឹងជំរុញឲ្យមានកំណើនក្នុងរយៈពេល 2 ឆ្នាំខាងមុខ។

យ៉ាងណាមិញ បើយោងទៅតាមការវិភាគពីខាង Wall Street ពួកគេបានរំពឹងទុកថា Meta មិនអាចទាន់ទទួលបានប្រាក់ចំណេញភ្លាមៗពីការនិយោគនៅក្នុងបច្ចេកវិទ្យា AI នោះទេ ហេតុដូច្នេះហើយប្រាក់ចំណេញដែលបានមកពី AI វាមិនអាចទទួលបានត្រឹមតែរយៈពេលពីរឆ្នាំខាងមុខ ដូចការរំពឹងទុករបស់លោក Mark នោះទេ។

Wall Street បានលើកឡើងទៀតថា ប្រាក់ចំនេញដែលក្រុមហ៊ុន Meta បានបង្ហាញខាងលើ គឺវាបានមកពីការកេងចំណេញរាប់ពាន់លានដុល្លារពីមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន ពោលគឺធ្វើយ៉ាងណាដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាបនិករូបនេះ​ ដើម្បីសម្រេចបាននូវគោលដៅពីការទាញយកផលប្រយោជន៍ពីការរីកចម្រើន AI ជំនាន់ថ្មីនាពេលខាងមុខ។

មេដឹកនាំរបស់កូរ៉េខាងជើង បានទៅពិនិត្យមើលតំបន់លិចទឹកដោយផ្ទាល់

ឥទ្ធិពលនៃព្យុះត្រូពិចវាបានធ្វើឲ្យផ្ទះរបស់ប្រជាជនកូរ៉េខាងជើងបានជន់លិចទឹកច្រើនជាង 4,000 ខ្នងទៅទៀត ។ ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាកាលពីដើមសប្តាហ៍នេះ វាបានបង្ករឲ្យទីក្រុង Sinuiju និងខោនធី Uiju ដែលមានព្រំដែនជាមួយប្រទេសចិន បានរងគ្រោះយ៉ាងធ្ងន់ធ្ងរ។

បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បាននិយាយនៅថ្ងៃ ថ្ងៃពុធថា ដីស្រែប្រហែល 7,400 ហិចតា រួមជាមួយនឹងអគារសាធារណៈ សម្ភារៈបរិក្ខារ និងផ្លូវថ្នល់ជាច្រើនត្រូវបានជន់លិចគ្មានសល់ ហើយវាក៏ជាកក្តាជំរុញឱ្យមេដឹកនាំ គីម បើកកិច្ចប្រជុំបន្ទាន់មួយ គឺធ្វើយ៉ាងណាដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ចំពោះតំបន់រងគ្រោះទាំងពីរខាងលើនេះ វាបានរងផលប៉ះពាល់ដោយសារតែនៅទីនោះគឺមានភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃជាប់ៗគ្នា ដែលកើតឡើងពីព្យុះត្រូពិច Gaemi។ ឥទ្ធិពលនៃព្យុះត្រូពិចមួយនេះវាបានធ្វើឱ្យមានការរអិលបាក់ដី ដែលបានបណ្តាលឲ្យមានមនុស្ស 12 នាក់ បានបាត់បង់ជីវិត បើយោងតាមប្រភពខាងលើដដែលបានដឹងបន្ថែមថា ហេតុការទាំងនេះគឺវាបានកើតឡើងដំបូងនៅភាគខាងត្បូងប្រទេសចិន បន្ទាប់មកវាក៏បន្តដល់ប្រទេសកូរ៉េខាងជើង ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានសរសេរបន្តថា ខែ​កក្កដាវាជា​រដូវ​មូសុង​ប្រចាំ​ឆ្នាំ​នៅ​ឧបទ្វីប​កូរ៉េ ប៉ុន្តែ​តំបន់​នេះ​បាន​ជួប​ប្រទះ​នឹង​អាកាសធាតុ​ខ្លាំង​ក្នុង​ខែ​រដូវក្តៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ គឺក៏ព្រោះតែការប្រែប្រួលនៃអាកាសធាតុ។ តែបើទោះជាយ៉ាងនេះក្តី ក្នុងនោះនៅក្នុងតំបន់មួយចំនួននៃប្រទេសកូរ៉េខាងត្បូង វាក៏មានភ្លៀងធ្លាក់ខ្លាំងមិនធម្មតាដែរ ហើយគ្រោះធម្មជាតិមួយនេះវាបានបង្កឲ្យមានការបាក់ដី ដែលបង្ករឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធកាលពីដើមខែនេះថែមទៀតផង។

ព្យុះទីហ្វុង Gaemi បោកបក់នៅតៃវ៉ាន់ក្នុងល្បឿន 240 គីឡូម៉ែត្រក្នុងមួយម៉ោង

ព្យុះទីហ្វុង Gaemi បានបោកបក់មកលើឆ្នេរភាគខាងកើតរបស់កោះតៃវ៉ាន់ក្នុងល្បឿនរហូតដល់ទៅ 240 គីឡូម៉ែត្រក្នុងមួយម៉ោង(150mph)។ បើយោងតាមការចុះផ្សាយពី BBC កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា ព្យុះទីហ្វុង Gaemi អាចនឹងក្លាយទៅជាព្យុះដ៏មានខ្លាំងជាងគេបំផុត ប្រសិនបើយើងគិតត្រឹមក្នុងរយៈពេល 8 ឆ្នាំចុងក្រោយនេះ។ ព្យុះទីហ្វុង Gaemi វាអាចបង្កឱ្យមានការបាក់ដី និងទឹកជំនន់ភ្លាមៗ ហើយចំណែកឯតំបន់ជួរភ្នំវិញ វាអាចរងនូវការរញ្ជួយដីគ្រប់ពេលវេលាថែមទៀតផង។

យ៉ាងណាមិញ សម្រាប់ព្យុះទីហ្វុងដែលបានបក់បោកនៅឆ្នេរកោះតៃវ៉ាន់កាលពីថ្ងៃពុធ វាគ្រាន់តែជាព្យុះប្រភេទទី 4 នៅឡើយ ប៉ុន្តែប្រសិនបើយើងនិយាយពីកម្លាំងខ្យល់របស់វាវិញនោះ គឺវាពិតជាព្យុះដែលអាចបំផ្លិចបំផ្លាញកោះមួយនេះបានដោយងាយស្រួល ព្រោះបើយោងតាមការរៀបរាប់ពីមន្ត្រីតៃវ៉ាន់បាននិយាយថា ព្យុះទីហ្វុងបានសម្លាប់មនុស្សពីរនាក់ និងរាប់រយនាក់ទៀតរងរបួស។

ទន្ទឹមនឹងនោះខាងក្រសួងដឹកជញ្ជូនបានឱ្យដឹងបន្ថែមថា សមយុទ្ធយោធាប្រចាំឆ្នាំដ៏ធំបំផុតរបស់កោះនេះត្រូវបានលុបចោល រួមជាមួយនឹងជើងហោះហើរក្នុងស្រុកស្ទើរតែទាំងអស់ និងជើងហោះហើរអន្តរជាតិជាង 200 ជើងថែមទៀតផង ។ រដ្ឋាភិបាលបានប្រកាសថ្ងៃពុធថា ការមកដល់នៃព្យុះទីហ្វុង យើងត្រូវតែផ្អាកការងារ និងថ្នាក់រៀននៅទូទាំងកោះ លើកលែងតែកោះ Kinmen តែប៉ុណ្ណោះ។ តែបើទោះជាយ៉ាងណាក៏ដោយ TSMC ក្រុមហ៊ុនផលិតបន្ទះឈីបយក្សបាននិយាយប្រាប់ BBC ថា រោងចក្ររបស់ពួកគេនឹងរក្សាប្រតិបត្តិការធម្មតា។

គួរបញ្ជាក់ថា ដើមឡើយព្យុះខាងលើនេះត្រូវបានគេរំពឹងថា វានឹងវាយលុកទៅភាគខាងជើងបន្ថែមទៀត ប៉ុន្តែភ្នំនៃភាគខាងជើងនៃកោះតៃវ៉ាន់បានដឹកនាំព្យុះទីហ្វុងទៅភាគខាងត្បូងបន្តិចរួចក៏ឆ្ពោះទៅទីក្រុង Hualien តែម្តង។ បើយោងតាមអ្នកជំនាញបាននិយាយថា ព្យុះទីហ្វុងអាចនឹងចុះខ្សោយ នៅពេលដែលវាធ្វើដំណើរពីលើតំបន់ភ្នំនៃកោះតៃវ៉ាន់ មុនពេលចាប់ផ្តើមឡើងវិញនៅក្នុងច្រកសមុទ្រតៃវ៉ាន់ឆ្ពោះទៅកាន់ប្រទេសចិន។

បើយោងតាមរដ្ឋបាលអាកាសធាតុកណ្តាលរបស់កោះមួយនេះ បានចេញការព្រមានអំពីដីសម្រាប់កោះតៃវ៉ាន់ទាំងអស់ ដោយរំពឹងថា កំលាំងខ្យល់ និងភ្លៀងនិងកាន់តែធ្ងន់ធ្ងរនៅថ្ងៃព្រហស្បតិ៍ ដោយក្នុងនោះអាជ្ញាធរតៃវ៉ាន់កំពុងព្រមានថា ភ្លៀងនឹងធ្លាក់ចន្លោះពីមួយម៉ែត្រទៅពីរម៉ែត្រ ជាពិសេសគឺនៅទូទាំងភ្នំកណ្តាល និងភាគខាងត្បូងនៃកោះក្នុងរយៈពេល 24 ម៉ោងបន្ទាប់។

scroll to top