ខណៈដែលទីផ្សាអចលនទ្រព្យកំពុងតែជួបព្យុះភ្លៀង ប៉ុន្តែនៅ ឌូបៃ កំពុងតែរីកចម្រើន

ខណៈដែលទីផ្សាអចលនទ្រព្យបាននឹងទ្រឹងស្ទើតែពាសពេញពិភពលោកទៅហើយនោះ តែក្នុងនោះEmaar Properties ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំបំផុតនៅក្នុងទីក្រុងឌូបៃ បានរាយការណ៍ថា នៅក្នុងឆមាសទីមួយនៃឆ្នាំ 2024 ប្រាក់ចំណេញសុទ្ធរបស់ខ្លួនដែលទទួលបានគឺមានប្រហែលជា AED5.3 ពាន់លាន (1.4 ពាន់លានដុល្លារសហរដ្ឋអាមេរិក) នេះបើយោងតាមការរាយការណ៍ពី AGBI កាលពីថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២៤។

          តើមានកក្តាអ្វីខ្លះដែលធ្វើឲ្យក្រុមហ៊ុន Emaar Properties នៅតែរលូនក្នុងអាជីវកម្មមួយនេះ?

Emaar Properties គឺជាក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយព្រះមហាក្សត្ររបស់ AUE ដោយផ្ទាល់តែម្តង។ ស្របពេលដែលទីផ្សាអចលនទ្រព្យកំពុងតែជួបព្យុះភ្លៀង តែផ្ទុយទៅវិញ Emaar Properties បែរជាមានការកើនឡើងប្រមាណ 8 ភាគរយជារៀងរាល់ឆ្នាំ។

គួរឲ្យកត់សម្គាល់ថា ការលក់អចលនទ្រព្យនៅក្នុងទីក្រុងឌូបៃទាំងមូលគឺវាមិនមែនមានតែក្រុមហ៊ុន Emaar តែមួយនោះទេដែលលូតលាស់នោះ។ ប្រភពខាងលើបាននិយាយទៀតថា ទីផ្សាអចលនទ្រព្យក្នុងទីក្រុងឌូបៃគឺបានកើនឡើងដល់កម្រិតខ្ពស់បំផុតដែលមានតម្លៃជាទឹកប្រាក់ប្រមាណ 31.5 ពាន់លាន AED ​​ហើយវាក៏ជាកំណើនមួយដែលបានកើនឡើងប្រហែលជា 56 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំថែមទៀតផង។

AGBI បានសរសេរទៀតថា បច្ចុប្បន្នចំពោះប្រាក់ចំណូលដែលបានមកពីការលក់អចលនទ្រព្យនៅក្នុងឌូបៃគឺបានកើនឡើងរហូតដល់ទៅ 90 ពាន់លាន AED ​ឯណោះ ហើយតួរលេខនេះគឺយើង​គិតត្រឹមខែមិថុនា ឆ្នាំ 2024 ប៉ុណ្ណោះ។

យ៉ាងណាមិញមួយក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍជាច្រើន យើងបានលើកយកការលក់អចលនទ្រព្យរបស់ Emaar Development មកនិយាយ។ Emaar គឺជាក្រុមហ៊ុនមួយដែលបានដណ្តើមយកទីផ្សាបានច្រើនជាងគេ ហើយការលក់នោះគឺវាបានធ្វើឲ្យក្រុមហ៊ុនកាន់តែរីកចម្រើនជាបន្តបន្ទាប់  រហូតដល់ក្រុមហ៊ុន Emaar មួយនេះបានក្លាយទៅជាក្រុមហ៊ុនមួយដែលមានប្រាក់ចំណូលបានឈានមុខគេនៅក្នុងឌូបៃ។

គួរបញ្ជាក់ថា Emaar Properties Dubai បានក្លាយទៅជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនៈទ្រព្យដ៏ធំបំផុតមួយនៅក្នុង UAE គឺបន្ទាប់ពីក្រុមហ៊ុនមួយនេះបានសម្រេចនូវស្នាដៃជាច្រើនតួរយ៉ាងដូជា ការសាងសង់អគារ Burj Khalifa ដែលជា អគារខ្ពស់ជាងគេក្នុងពិភពលោក ។ សមទ្ធផលមួយដែលធ្វើឲ្យពិភពលោកកោតសរសើរអំពីស្នាដៃ Emaar ក៏បានក្លាយទៅជាអ្នកសាងសង់មួយដែលជាទីទុកចិត្តបំផុតរបស់អតិថិជន។

ជប៉ុនបាននូវការរញ្ជួយដីដ៏ខ្លាំងមួយ គឺរហូតដល់ទៅ 7.1 វិចទ័រ

តាមរយៈទីក្រុងតូក្យូបានឲ្យដឹងថា នៅភាគនិរតីនៃប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍នេះ បានរងនូវការរញ្ជួយដីរហូតដល់ទៅ៧.១ រ៉ិចទ័រ នេះបើយោងតាមការរៀបរាប់ពីទីភ្នាក់ងារឧតុនិយមជប៉ុន (JMA)។

បើយោងតាមការចុះផ្សាយពីJapannews  បានឲ្យដឹងថា ការរញ្ជួយដីដែលបានកើតឡើងកាលពីម្សិលមិញនេះ វាអាចនឹងបង្ករឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិថែមទៀតផង។

JMA បាននិយាយប្រាប់Japannews ថា គ្រោះរញ្ជួយដីបានកើតឡើងនៅវេលាម៉ោងប្រហែល 4:43 ល្ងាច (0743 GMT) គឺនៅក្នុងខេត្ត Miyazaki ដែលជាខេត្តនៅស្ថិតនៅលើកោះ Kyushu ភាគខាងលិច។

ប្រភពដដែលបានឲ្យដឹងទៀតថា រាល់ប្រជុំកោះនៃភាគនិរតីរបស់ជប៉ុន វាអាចនឹងត្រូវរងនូវការរញ្ជួយដីកាន់តែញឹកញាប់ ព្រោះបើយោងតាមការព្យាការណ៍ពីមន្ត្រីជំនាញពួកគេបានជឿជាក់ថា នាពេលខាងមុខរាល់តំបន់ខាងលើនេះវានឹងមានការរញ្ជួយដីដ៏ធំមួយទៀតកើតឡើង ជាពិសេសគឺនៅតំបន់ដែលគាកតឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងលិចនៃប្រទេសជប៉ុនតែម្តង។

គួរបញ្ជាក់ថា ជប៉ុនគឺ​ជា​ប្រទេស​មួយដែលស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​ងាយ​នឹង​រញ្ជួយ​ដី​ខ្លាំង​បំផុត​ក្នុង​ពិភពលោក។ បើយើងរំលឹកឡើងមកវិញបន្តិច គឺកាលពីឆ្នាំ 2011 ប្រជាជនជប៉ុនប្រមាណជាង15,000 នាក់ត្រូវបានបាត់បង់ជីវិតដោយសារការរញ្ជួយដីក្នុងកម្រិត 9 រិចទ័រ ថែមទៀតផង។ ក្នុងឆ្នាំដដែលនោះ បន្ទាប់ពីការរញ្ជួយដ៏គួរភ័យខ្លាចនោះហើយ ជប៉ុនក៏បានជួបរលកយក្សស៊ូណាមិបន្តទៀត។ យ៉ាងណាមិញ រាល់កំណត់ត្រានីមួយៗ វាអាចនឹងកើតឡើងម្តងហើយម្តងទៀត ដែលប្រៀបបានដូចជាវដ្តមួយដែលកើតឡើងមិនចេះចប់ដូច្នោះដែរ។

បច្ចុប្បន្នបើយោងតាមរយៈក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ជប៉ុន ពួកគេបានបញ្ជាក់ឱ្យដឹងថា ផ្លូវជាតិលេខ 20 នៅទីក្រុង Nichinan ខេត្ត Miyazaki ត្រូវបានបិទជាបណ្តោះអាសន្ន ដោយសារតែទីនោះមានថ្មធ្លាក់មកលើផ្លូវជាហូរហែរ ហើយចំណែកឯផ្ទះរបស់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងក្រុង Osaki ខេត្ត Kagoshima វិញបានរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ តួរយ៉ាងដូចជាជញ្ជាំងបេតុងបានបាក់រលំ។ 

កាធ្វើកំណែទម្រង់នៅក្នុងទីក្រុងកំពង់ផែដ៏ធំបំផុតនៅភាគខាងជើងប្រទេសចិន វាកំពុងតែជួយបង្កើនល្បឿននៃការអភិវឌ្ឍ

កំពង់ផែដ៏ធំបំផុតនៅភាគខាងជើងប្រទេសចិន បានក្លាយទៅជាកំពង់ផែមួយដែលមមាញឹកមិនចាញ់កំពុងផែនៃទីក្រុងសៀងហៃប៉ុន្មាននោះទេ។ គោលនយោបាយថ្មី ដែលស្ថិតនៅក្រោមការដឹកនាំដោយ លោក Xi Jinping វាគឺជាការវអនុវត្តមួយដើម្បីគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍន៍ដែលប្រកបដោយគុណភាពខ្ពស់នៅក្នុងតំបន់ថ្មីនៃទឹកដី Binhai របស់ទីក្រុង Tianjin នេះបើយោងតាមកិច្ចប្រជុំប្រតិបត្តិក្រុមប្រឹក្សារដ្ឋនាពេលថ្មីៗនេះ។

បើយោងតាមការចុះផ្សាយពីសារព័ត៌មានស៊ិនហួរ កាលពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៤ នេះបានឲ្យដឹងបន្ថែមថា កំពង់ផែ Binhai New Area បានស្វាគមន៍កប៉ាល់ទេសចរណ៍អន្តរជាតិសរុបចំនួន 49 និងអាចផ្ទុកអ្នកដំណើរបានចំនួន 168,000 នាក់ឯណោះកាលពីក្នុងឆមាសទីមួយឆ្នាំ 2024។ ការងាកទៅអភិវឌ្ឍនៅក្នុងតំបន់ខាងលើនេះផងដែរ វាត្រូវបានលោក Li Qiang បានលើកឡើងថា នៅក្នុងកំណែទម្រង់មួយដែលមានលក្ខណៈច្នៃប្រឌិតនឹងប្រកដទៅដោយស្តង់ដាខ្ពស់ វាគឺជាកិច្ចការមួយដែលខាងរាជរដ្ឋាភិបាលបានគិតគូរយ៉ាងហ្មតចត់។

កំពង់ផែ Binhai New Area វាគឺជាកំពង់ផែមួយដែលមានចម្ងាយប្រហែលជា 120 គីឡូម៉ែត្រពីភាគខាងកើតទីក្រុងប៉េកាំង ម្យ៉ាងវិញទៀតទីតាំងមួយនេះវាក៏សាក្សីនៃប្រវត្តិសាស្រ្តទំនើបរបស់ប្រទេសចិនដ៏សំខាន់ផងដែរ។

ទីក្រុង Tianjin វាគឺជាទីតាំងប្រសព្វមួយដែលរដ្ឋាភិបាលបានជ្រើសរើសយកមកដំឡើងខ្សែចុងក្រោយនៃយន្តហោះស៊ីវិល Airbus ប្រចាំក្នុងទ្វីបអាស៊ីថែមទៀតផង។ ជើងហោះហើរមួយដែលមានទីតាំងក្នុងក្រុងជាមួយគ្នានឹងកំពង់ផែ វាពិតជាសក្តិសមបំផុតសម្រាប់ការប្រមូលផ្តុំនៃការមកដល់គ្រប់ជាតិសាសន៍ ជាពិសេសគឺជនជាតិអាស៊ី និងអឺរ៉ុប។

តាមពិតទៅចំពោះទីក្រុង Tianjin វាគឺជាទីក្រុងមួយដែលមានការអភិវឌ្ឍខ្ពស់ខាងផ្នែកវិទ្យាសាស្ត្រនិង ការអប់រំជាយូយាណាស់មកហើយ។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ការបន្តរនិង បន្ថែមលើតំបន់ឈូងសមុទ្រវាគឺជាគោលនយោបាយចម្បងរបស់រដ្ឋាភិបាល។

ទីក្រុង Tianjin បានក្លាយជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់ការចតយន្តហោះដែលធំជាងគេទីពីររបស់ពិភពលោក ដោយយើងអាចនិយាយបានថា ទំហំផ្ទៃដីនៃទីតាំងរបស់យើងគឺវាជិតស្មើនឹងមួយភាគបីនៃឧស្សាហកម្មជួលអាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិនថែមទៀតផង។

ការកើតឡើងនៃកំពង់ផែដ៏ធំបំផុតនៃភាគខាងជើង ដោយបូករួមជាមួយនឹងការកែច្នៃនៃព្រលានយន្តហោះទៀតនោះ យើងបានសង្កេតឃើញថាទីក្រុង Tianjin ហាក់ដូចជាទីក្រុងថ្មីមួយទៀតដែលយើងនឹកស្មានមិនដល់។ កំណែទម្រង់មួយដែលជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដោយជាការបន្ថែមឲ្យមានថាមពលលើសេដ្ឋកិច្ចទីផ្សារ ទីក្រុង Tianjin នឹងសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយគុណភាពយ៉ាងឆាប់រហ័ស។

ដើម្បីជាការសាទរចំពោះការអភិវឌ្ឍន៍នៅក្នុងទីក្រុង Tianjin ថ្នាក់ដឹកនាំរបស់ទីក្រុងប៉េងកាំងបានលើកឡើងថា លោកនិងបើកកិច្ចប្រជុំពេញអង្គលើកទី 3 នៃគណៈកម្មាធិការមជ្ឈិមទី 20 របស់បក្សកុម្មុយនិស្តចិន ដើម្បីធ្វើកំណែទម្រង់ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីសម្រេចបាននូវគោលដៅ “កសាងប្រទេសសង្គមនិយមទំនើបទាន់សម័យដែលមានភាពរឹងមាំគ្រប់វិស័យ។ “

អ្នកបើក taxi នៅ​ប្រទេស​ចិន​ ជាច្រើន​ព្រួយ​បារម្ភពីការបាត់បង់ការងារ ​ខណៈដែលរដ្ឋាភិបាល អនុញ្ញាតឲ្យមាន​ robotaxi

តាមរយៈទីក្រុងវូហាន៖ អ្នកប្រកបរបរជាអ្នកបើកតាក់ស៊ីជាច្រើនបានត្អូញត្អែថា ការងាររបស់ពួកគេគឺបានប្រឈមមុខនឹងការគំរាមកំហែងនៃការបាត់បង់ការងារកាន់តែខ្លាំងឡើងៗ ដោយសារតែវត្តមានរបស់បញ្ញាសិប្បនិមិត្ត (AI)។

ស្របពេលដែលបច្ចេកវិទ្យាកាន់តែអភិវឌ្ឍ ក្រុមអ្នកសេដ្ឋវិទូ និងអ្នកជំនាញឧស្សាហកម្មរបស់ចិនបានសង្កេតឃើញថា នៅតាមដងផ្លូវរបស់ប្រទេសចិននៅពេលនេះគឺមានរថយន្តអគ្គិសនីដែលប្រើប្រព័ន្ធ Self-driving technology ច្រើនគួរឲ្យកត់សម្គាល់។

យ៉ាងណាមិញបើយោងតាមការរាយការណ៍ពីក្រុមការងាររបស់ រ៉យទ័រ កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៤ បានឲ្យដឹងទៀតថា បច្ចុប្បន្នប្រទេសចិនកំពុងតែធ្វើការសាកល្បងក្នុងការបើកឲ្យដំណើរការ robotaxi និង robobus នៅក្នុង 19 ទីក្រុងរបស់ខ្លួនជាមុនសិន។ រដ្ឋាភិបាលចិនបានអនុញ្ញាឲ្យក្រុមហ៊ុនផលិតឡានចំនួនប្រាំ ដែលរួមមាន Apollo Go, Pony.ai, WeRide, AutoX និង SAIC Motor បើកដំណើរការសាកល្បងនៅក្នុងតំបន់ទីប្រជំជនមុនគេ ដោយសារតែនៅទីនោះវាភ្លើងស្តុបច្រើនជាងគេ។

បើយោងតាមការរៀបរាប់ពីក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងប្រាំខាងលើ​ក្នុងនោះស្ថាបនិករបស់ Apollo Go បាននិយាយថា ខ្លួនគ្រោងនឹងដាក់ពង្រាយ robotaxi ប្រមាណជា 1,000 គ្រឿងនៅទីក្រុង Wuhan នៅចុងឆ្នាំនេះ ហើយចំពោះទីក្រុងដៃទៃទៀតខ្លួននិងដាក់ដំណើរការប្រហែលជា 100 គ្រឿងប៉ុណ្ណោះ យ៉ាងយូត្រឹមឆ្នាំ 2030។

គួរបញ្ជាក់ថា ក្រុមហ៊ុនជាច្រើនរបស់ចិនបានព្យាយាមស្នើរសុំឲ្យមានការសាកល្បងរថយន្តស្វយ័តនៅក្នុងសហរដ្ឋអាមេរិកជាច្រើនលើកកន្លងមកហើយ ប៉ុន្តែរាល់សំណើរខាងលើនេះគឺត្រូវបានខាងសេតវិមានបដិសេធ។ មិនត្រឹមតែប៉ុណ្ណោះសហរដ្ឋអាមេរិកបានហាមឃាត់មិនឲ្យប្រជាជនរបស់ខ្លួនប្រើប្រាស់នូវរថយន្តដែលមានប្រព័ន្ធស្នូលដែលបង្កើតឡើងដោយប្រទេសចិនថែមទៀតផង។

យ៉ាងណាមិញ បើយោងតាមការរៀបរាប់ពីក្រុមអ្នកសេដ្ឋកិច្ចរបស់ចិនពួកគេបាននិយាយថា ការបើកឲ្យមាន robotaxi វាគឺជាការងារស្វ័យប្រវត្តិមួយដែលផ្តល់អត្ថប្រយោជន៍ដល់ប្រទេសចិនក្នុងរយៈពេលវែង ដោយសារចំនួនប្រជាជនរបស់ខ្លួនកាន់តែធ្លាក់ចុះ។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ចំពោះរយៈខ្លីនាពេលនេះគឺយើងបានសង្កេតឃើញថា ការបង្កើតការងារថ្មី វានឹងចូលទៅបំផ្លាញការងារចាស់ ។

ក្រុមអ្នកជំនាញបានលើកឡើងទៀតថា នៅក្នុងប្រទេសចិនមានសាលាបង្រៀនបើកបរជាច្រើនបានបិទទ្វា ដោយពួកគេបានផ្តើមចេញពីការកាត់បន្ថយចំនួនគ្រូបង្ហាត់ច្រើនជាងពាក់កណ្តាលទៅទៀត ហើយរឿងមួយនេះគឺបានកើតឡើងចាប់តាំងពីឆ្នាំ 2019 មកម្ល៉េះ។

ក្រុមអ្នកជំនាញដដែលបានបន្តទៀតថា រាល់ការអភិវឌ្ឍទាំងអស់វាមិនប្រាកដថា សុទ្ធតែមានផលប្រយោជន៍ ច្រើនជាងផលប៉ះពាល់នោះទេ។

scroll to top