ជនជាតិស៊ីរីប្រមាណ1 លាននាក់ កំពុងគ្មានទឹកប្រើប្រាស់ ខណៈដែលតួកគីបានបង្កើនការវាយប្រហារតាមផ្លូវអាកាស

ប្រទេសតួកគីបានធ្វើការវាយប្រហារច្រើនជាង 100 លើកទៅទៀតគឺក្នុងពីចន្លោះខែតុលា ឆ្នាំ 2019 រហូតដល់ខែមករា ឆ្នាំ 2024។

 បើយោងតាមការចុះផ្សាយពី bbc កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា បានឲ្យដឹងបន្ថែមថា ការវាយប្រហារតាមផ្លូវអាកាសចុងក្រោយរបស់តួកគីនាពេលថ្មីៗនេះ វាបានធ្វើឲ្យអណ្តូងប្រេង កន្លែងផលិតឧស្ម័ន និងស្ថានីយ៍ថាមពលនៅក្នុងរដ្ឋបាលស្វយ័តដែលគ្រប់គ្រងដោយជនជាតិឃឺដ  និងស៊ីរីខាងកើតបានរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ប្រទេសស៊ីរី គឺជាប្រទេសមួយដែលក្រីក្រ និងជួបសង្គ្រាមញឹកញាប់ជាងគេបំផុតនៅក្នុងពិភពលោក។ ភាពអត់ឃ្លាន និងកង្វះទឹកបានកើតឡើងនៅលើប្រទេសក្រីក្រមួយនេះជាយូយាណាស់មកហើយ ប៉ុន្តែភាពខ្វះខាតទាំងអស់នោះ វាកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពោលគឺចាប់តាំងពី ប្រទេសតួកគីបានប្រកាសថា ខ្លួននឹងកំណត់គោលដៅ “ប្រភពចំណូល និងការប្រមូលផ្តុំ” នៃក្រុមបំបែកខ្លួនឃឺដ ដែលពួកគេបានចាត់ទុកថាជាភេរវករ។

ការវាយប្រហារដ៏រ៉ាំរ៉ៃពីសំណាក់ប្រទេសទួលគីមកលើភាគខាងកើតនៃប្រទេសស៊ីរី វាបានធ្វើឲ្យមនុស្សយ៉ាងតិច 1 លាននាក់គ្មានទឹកផឹក។ ក្រុមការងាររបស់BBC World Service បានលើកឡើងថា ភាគឦសាននៃប្រទេសស៊ីរីនាពេលនេះ កំពុងតែប្រឈមមុខនឹងគ្រោះមហន្តរាយមនុស្សធម៌ ដែលបង្ករឡើងដោយសកម្មភាពរបស់ប្រទេសតួកគី ។

គួរបញ្ជាក់ថា រដ្ឋាភិបាលទួរគីបានចាត់ទុកកងជីវពលឃឺដ ដែលគ្រប់គ្រងដោយកម្លាំងយោធារបស់ក្រុមឧទ្ទាម Kurdistan Workers’ Party (PKK) អស់ជាច្រើនទសវត្សរ៍មកហើយ ព្រោះថាជនជាតិឃឺដធ្លាប់បានប្រយុទ្ធទាមទារដើម្បីស្វ័យភាពជាជនជាតិឃឺដនៅក្នុងប្រទេសទួរគី។

ដើម្បីការពារហានិភ័យនានា បន្ទាប់ពីលោក Donald Trump ជាប់ឆ្នោត រដ្ឋាភិបាលថៃបានដាក់ចេញនូវគោលការការពារសម្រាប់ឆ្នាំ 2025

ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសថៃ (NESDC) បានព្យាករណ៍ថា សេដ្ឋកិច្ចថៃនឹងកើនឡើងពី 2.3% ទៅ 3.3% នៅឆ្នាំ 2025។

ប្រទសថៃគឺជាប្រទេសមួយដែលបានពឹងផ្អែកទៅលើការនាំចេញច្រើនជាងគេបង្អស់ តែផ្ទុយទៅវិញ​ បន្ទាប់ពីសហរដ្ឋអាមេរិកបានផ្លាស់ប្តូរមេដឹកនាំ រដ្ឋាភិបាលថៃបានលើកឡើងថា មានតែវិស័យទេសចរណ៍ប៉ុណ្ណោះដែលធ្វើសេដ្ឋកិច្ចរបស់ប្រទេសខ្លួនកាន់តែរឹងមាំ។

យ៉ាងណាមិញ សម្រាប់យុទ្ធសាស្ត្រក្នុង2025 NESDC បានរំពឹងទុកថា ចំពោះការប្រើប្រាស់ឯកជន និងការវិនិយោគវានឹងមានការកើនឡើងប្រហែលជា 3% ប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ សម្រាប់ការនាំចេញវិញ វាអាចនឹងកើនឡើងប្រមាណ 2.6% ខណៈពេលដែលអតិផរអាចនឹងស្ថិតក្នុងចន្លោះពី 0.3-1.3%។

បើទោះបីជាការព្យាករណ៍ក្នុងឆ្នាំ 2025 សេដ្ឋកិច្ចថៃជារួមមានកំណើនក៏ពិតមែន តែក្នុងនោះលោកស្រី Nattaporn បានកត់សម្គាល់ថា ប្រទេសថៃត្រូវតែប្រុងប្រយ័ត្នខ្ពស់ជានិច្ច ព្រោះថាគោលនយោបាយរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump មិនបានផ្តល់ផលប្រយោជន៍ណាមួយដល់ប្រទេសថៃ និងប្រទេសដទៃទៀតនៅអាស៊ីប៉ាស៊ីហ្វិកនោះឡើយ ។

ការធ្វើពាណិជ្ជកម្មរវាងវៀតណាម និងអង់គ្លេស ក្នុងឆ្នាំ 2024 កាន់តែមានសន្ទុះ

តាមរយៈទីក្រុងហាណយកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា​ បានឲ្យដឹងថា ការនាំចេញទំនិញរបស់វៀតណាមទៅកាន់ចក្រភពអង់គ្លេសបានកើនឡើងជាង 13% ឬស្មើនឹង 687.2លានដុល្លា ប្រសិនបើយើងប្រៀបធៀបកាលពីខែកញ្ញា។

​វៀតណាមញូ បានឲ្យដឹងបន្តថា ក្នុងរយៈពេល 10 ខែចុងក្រោយនេះ ការនាំចេញរបស់ប្រទេសទៅកាន់ចក្រភពអង់គ្លេសគឺមានចំនួនជិត 6.4 ពាន់លានដុល្លារ។ ប្រភពមួយនេះបានឲ្យដឹងទៀតថា ប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺដោយសារតែ ក្នុងនោះវាបានមកពីការលក់ទំនិញដែលមានតម្លៃខ្ពស់ តួរយ៉ាងដូចជា ម៉ាស៊ីន គ្រឿងបន្លាស់ កុំព្យូទ័រ គ្រឿងអេឡិចត្រូនិក ស្បែកជើង និងវាយនភណ្ឌជាដើម។

គួរបញ្ជាក់ថា ការនាំចេញរបស់វៀតណាម ទៅកាន់អង់គ្លេសគឺបានកើនឡើងប្រមាណជា 22% ជារៀងរាល់ឆ្នាំ។  យ៉ាងណាមិញ ការចាប់យកដៃគូរពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និង ពួកលោកខាងលិចវាគឺជាគោលបំណងធំតែមួយគត់របស់រាជរដ្ឋាភិបាល។ វៀតណាមបានព្យាយាមស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលចាប់ផ្តើមពីការបំពេញតាមបទដ្ឋានការងាររបស់អង្គការសិទ្ធមនុស្ស។ ការសម្រេចបានតាមបែបបទដែលពិភពលោកត្រូវការ វាក៏បានធ្វើឲ្យវៀតណាមបានឈានដល់ភាពជាដៃគូរជាមួយនឹងចក្រភពអង់គ្លេស (UKVFTA) ដែលចូលជាធរមានតាំងពីឆ្នាំ 2021។

 យ៉ាងណាមិញ ការក្លាយទៅជាដៃគូរទ្វេភាគីវៀតណាម – អង់គ្លេស វាបានធ្វើឲ្យរដ្ឋាភិបាលវៀតណាមបានរំពឹងទុកថា ប្រាក់ចំណូលរបស់ខ្លួននឹងឈានដល់ 8.5 ទៅ 8.7 ពាន់លានដុល្លាសម្រាប់ឆ្នាំ 2024 នេះជាមិនខាន។

ក្រសួងពាណិជ្ជកម្មថៃ បានចុះបង្រាបរាល់ទំនិញដែលមានគុណភាពអន់ (ទំនិញដែលនាំចូល)

ក្រសួងពាណិជ្ជកម្មថៃ បានដាក់ចេញនូវ​ផែនការទប់ស្កាត់ ការ​ហូរ​ចូល​នៃ​ទំនិញ​ក្រោម​ស្តង់ដារ ពោលគឺរាល់ទំនិញដែលមានតម្លៃ​ថោកជ្រុល​។

ការសែតបាងកកប៉ុស្តិ៍បានចុះផ្សាយកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ថា មានកសិករថៃជាច្រើនបានតវ៉ាជាសាធារណៈ ខណៈដែលនៅក្នុងទីផ្សាមានលក់ទំនិញដែលនាំចូលពាសពេញប្រទេស។

ដំណោះស្រាយជាបណ្តោះអាសន្ន ខាងអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Napintorn Srisunpang បាននិយាយថា លោកនឹងបិទរាល់ការនាំចូល និង​ព្រមទាំងចុះបង្ក្រាបលើទំនិញបរទេសទាំងឡាយណាដែលមានគុណភាពអន់ថែមទៀតផង។

លោក Napintorn បាននិយាយបន្តទៀតថា រាល់អាជ្ញាធរដែលពាក់ព័ន្ធទាំងអស់ ត្រូវតែត្រួតពិនិត្យរាល់មុខទំនិញដែលនាំចូលឲ្យកាន់តែហ្មត់ចត់ ដើម្បីធានាថា វាជាទំនិញដែលសុវត្ថិភាព និងគុណភាពខ្ពស់។

scroll to top