ជនជាតិកូរ៉េ​ខាងត្បូង មានប្រតិកម្មយ៉ាងខ្លាំង បន្ទាប់ពីឃើញនាវា​ពិឃាត​ ជប៉ុន​ បានដាក់ទង់ជាតិ Rising Sun ដើម្បី​ធ្វើ​សមយុទ្ធ​រួមគ្នា​

នាវាចម្បាំងរបស់ប្រទេសជប៉ុនបានមកដល់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃច័ន្ទ ការមកដល់របស់នាវាមួយនេះគឺសម្រាប់ធ្វើសមយុទ្ធកងទ័ពជើងទឹកពហុជាតិនៅក្នុងចុងសប្តាហ៍នេះ។ នៅលើកប៉ាល់នោះផងដែរ គឺមានទង់ជាតិមួយដែល ប្រជាជនកូរ៉េជាច្រើនបានតំណាងវាឱ្យការពង្រីកអាណានិគមយោធា កាលពីអតីតកាលរបស់ប្រទេសជប៉ុន។ 

JS Hamagiri ដែលជានាវាពិឃាត Asagiri នៃកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុន បានធ្វើដំណើរទៅកាន់កំពង់ផែ Busan ជាមួយនឹងទង់ជាតិ Rising Sun ដែលត្រូវបានដាក់នៅខាងមុខ Eastern Endeavor 23 ក្នុងគោលបំណងមួយដើម្បីពង្រឹងសមត្ថភាពយុទ្ធសាស្ត្រការពារ និងទប់ស្កាត់ការរីកដុះដាលនៃអាវុធប្រល័យលោក (WMD) ។ 

ប្រទេសជប៉ុនបានចូលរួមយ៉ាងជិតស្និតជាមួយនឹងសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា សិង្ហបុរី និងកូរ៉េខាងត្បូងសម្រាប់ការធ្វើសមយុទ្ធហ្វឹកហ្វឺនរួមគ្នាមួយនេះ ដែលគ្រោងធ្វើឡើងនៅថ្ងៃពុធក្នុងដែនទឹកអន្តរជាតិក្បែរកោះ Jeju។ ការបើកវេទិកាកម្រិតខ្ពស់នេះត្រូវចំនាយរយៈពេលបួនថ្ងៃ គឺនូវមួយថ្ងៃបន្ទាប់ពីមានការផ្តួចផ្តើមសន្តិសុខ(PSI)។
 គួររំលឹកឡើងវិញថា ជនជាតិកូរ៉េខាងត្បូងជាច្រើនបានភ្ជាប់ទង់ជាតិ Rising Sun ជាមួយនឹងជាមួយនិងការចងចាំមួយដែលមិនអាចបំភ្លេចបាន នោះគឺបញ្ជីឧក្រិដ្ឋកម្មសង្រ្គាមដ៏សាហាវយង់ឃ្នងដែលបានប្រព្រឹត្តឡើងដោយប្រទេសជប៉ុនក្នុងអំឡុងពេលដែលប្រទេសមួយនេះបានដាក់អាណានិគមឆ្នាំ 1910-45 នៅប្រទេសកូរ៉េ។ ហើយជនជាតិកូរ៉េចាត់ទុកទង់ជាតិ Rising Sun ជាសញ្ញាដ៏អាក្រក់មួយដែលទីក្រុងតូក្យូមិនព្រមដោះស្រាយបញ្ហាអតីតកាលរបស់ខ្លួនឲ្យបានត្រឹមត្រូវ។
 ទង់ជាតិមួយនេះគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាការទូតដ៏រសើបជាច្រើន រវាងប្រទេសទាំងពីរនេះ។ នៅពេលដែលកងទ័ពជើងទឹកក្រោមការគ្រប់គ្រងរបស់លោក Moon Jae-in​ (ប្រធានាធិបតីទី១២ នៃកូរ៉េខាងត្បូង) ពីមុនបានស្នើសុំរដ្ឋាភិ  បាលជប៉ុន កុំលើកទង់ជាតិមួយនេះ ក្នុងអំឡុងពេលត្រួតពិនិត្យកងនាវាអន្តរជាតិ Jeju ក្នុងឆ្នាំ 2018 ហើយពួកគេក៏បានដកវាចេញពីព្រឹត្តិការណ៍មួយនោះផងដែរ។ 

តាមរយៈអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនបានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិជប៉ុនលោក Jeon Ha-kyu បាននិយាយថា ក្រសួងនឹងមិនមានបញ្ហាជាមួយនឹងទង់ជាតិនៅពេលនេះទេ វាគ្រាន់តែជាការកត់សម្គាល់ថាការលើកទង់សម្គាល់នេះ គឺសម្រាប់នាវារបស់ខ្លួននៅពេលចូលកំពង់ផែបរទេសទាំងអស់គឺត្រូវបាន”អនុវត្តន៍ទូទៅ” តែប៉ុណ្នោះ។

ទីក្រុងតូក្យូបានអះអាងថា នាវាចម្បាំងរបស់ខ្លួនត្រូវបានទាមទារដោយស្របច្បាប់ក្នុងការលើកទង់ជាតិ Rising Sun រួមជាមួយនឹងទង់ជាតិរបស់ខ្លួន ក្រោមសន្ធិសញ្ញាដែនសមុទ្រអន្តរជាតិ វាត្រូវបានទទួលស្គាល់ថាជាសញ្ញាដើម្បីបង្ហាញពីសញ្ជាតិរបស់ពួកគេ។
 ចំនែកឯនាវាចម្បាំងចំនួនប្រាំពីរគ្រឿង និងយន្តហោះចំនួនប្រាំមួយគ្រឿង ដែលសម្រាប់ធ្វើសមយុទ្ធ នៅក្នុងនោះមានការផ្សព្វផ្សាយព័ត៌មានអំពីនាវាទាំងអស់នោះ ដោយនិយាយថា អាចមានផ្ទុកអាវុធប្រល័យលោក (WMDs)។

មន្ត្រី​ក្រុង​សេអ៊ូល​ម្នាក់​បាន​និយាយ​ថា​ សមយុទ្ធ​នេះ​មិនទាន់​កំណត់​គោលដៅទៅលើ​ប្រទេស​ណា​មួយ​ទេ។ ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ ទីក្រុងព្យុងយ៉ាងគឺស្ថិតក្នុងចំណោមការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុត ហើយកូរ៉េខាងជើងគឺជាអ្នកដែលមានហានិភ័យខ្ពស់ជាងគេ ប្រសិនបើមានការប្រើប្រាស់អាវុធប្រល័យលោកពិតមែននោះ។

អង្គភាពប្រឆាំងនិងការជួញដូរអាវុធប្រល័យលោក(PSI) ដែលចាប់ផ្តើមដោយទីក្រុងវ៉ាស៊ីនតោន ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី George W. Bush ក្នុងឆ្នាំ 2003 គឺមានគោលបំណងបញ្ឈប់ការជួញដូរ WMDs តាមរយៈប្រព័ន្ធដឹកជញ្ជូន និងសម្ភារៈពាក់ព័ន្ធនិងការផលិត។  គោលគំនិត​ផ្តួចផ្តើមមួយ​នេះ​បាន​រីកចម្រើន​ចាប់តាំងពី​ពេលនោះ​មក​ ព្រមទាំងទទួលការយល់ស្រប​ពី​ប្រទេស​ជាង100នៅក្នុងពិភពលោក។
(PSI) បានបើកកិច្ចប្រជុំនយោបាយកម្រិតខ្ពស់រៀងរាល់ប្រាំឆ្នាំម្តង ដើម្បីពិនិត្យ និងកំណត់គោលការណ៍ណែនាំ។ ចំនែកឯ វេទិកា Jeju វិញវាគឺជាវេទិកាលើកដំបូងមួយ ដែលគេប្រារព្ធធ្វើឡើងនៅក្នុងអាស៊ី។

សង្គ្រាមអ៊ុយក្រែនមកដល់ទីក្រុងមូស្គូ ខណៈយន្តហោះគ្មានមនុស្សបើកវាយប្រហាររដ្ឋធានីទាំងពីរ

យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានវាយប្រហារទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ ខណៈដែលទីក្រុង Kyiv ក៏ត្រូវរងនូវការវាយប្រហារតាមផ្លូវអាកាសជាលើកទីបីក្នុងរយៈពេល 24 ម៉ោង។ រុស្ស៊ីបាននិយាយថា នេះជាការវាយប្រហារដ៏ខ្លាំងក្លាបំផុតសម្រាប់ខ្លួន បើគិតចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។

ចាប់តាំងពីរុស្ស៊ីបានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសជិតខាងរបស់ខ្លួនកាលពីខែកុម្ភៈឆ្នាំមុន សង្រ្គាមបានវាយលុក នៅក្នុងប្រទេសអ៊ុយក្រែនគឺកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជាទីក្រុងមូស្គូបានរាយការណ៍ថា មានការវាយប្រហារតបតមួយចំនួនមកលើទឹកដីរបស់ខ្លួនវិញក៏ដោយ។

បើយើងក្រឡេកទៅមើលការវាយឆ្មក់នៅព្រឹកថ្ងៃអង្គាររបស់អ៊ុយក្រែន គឺពួកគេបានផ្តោតទៅលើតំបន់ដែលមានអ្នកមានរស់នៅច្រើនបំផុតក្នុងទីក្រុងមូស្គូ និងលំនៅឋានរបស់ពួកឥស្សរជនជាន់ខ្ពស់របស់រុស្ស៊ី ជាពិសេសគឺកន្លែងដែលលោក   ពូទីនរស់នៅនោះគឺជាតំបន់ភាគខាងលិច។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថាខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន 8 គ្រឿងដែលបញ្ជូនដោយទីក្រុង Kyiv ។

បើយោងតាមអភិបាលក្រុងមូស្គូបានឱ្យដឹងថា ក្នុងកំឡុងពេលនៃការវាយលុករបស់អ៊ុយក្រែន អ្នករស់នៅតំបន់នោះបានថតដ្រុនមួយដែលធ្វើសកម្មភាពបាញ់ និងមានផ្សែងហុយៗ ស្រាប់តែបន្ទាប់មកអ្នកស្រុកក៏ឮ​សំឡេង​ផ្ទុះ​ ហើយ​មាន​ក្លិន​សាំង។ ភ្លាមៗនោះផងដែរ ក៏មានមនុស្សពីរនាក់បានរងរបួស ខណៈដែលប្លុកផ្ទះល្វែងមួយចំនួនត្រូវបានជម្លៀសចេញក្នុងរយៈពេលយ៉ាងខ្លី។   

សមាជិកសភា Maxim Ivanov បានហៅវាថាជាការវាយប្រហារដ៏ធ្ងន់ធ្ងរមួយលើទីក្រុងមូស្គូ បន្ទាប់ពីពួក Nazis។ លោកបាននិយាយថា គ្មានពលរដ្ឋណាអាចគេចផុតពី “ការពិតដែលកំពុងមកដល់” បានទេ។ 

ទន្ទឹមគ្នានោះផងដែររុស្ស៊ីក៏បាន វាយលុកក្រុង Khiv ជាលើកទី១៧ នៅក្នុងខែឧសភា ដោយពួកគេបានប្រើយន្តហោះគ្មានមនុស្សបើក និងកាំជ្រួច ហើយភាគច្រើនពួកគេតែងតែវាយប្រហានៅពេលយប់។ ទីក្រុង Kyiv បាននិយាយថាការវាយប្រហារចុងក្រោយបង្អស់របស់រុស្ស៊ីកាលពីថ្ងៃអង្គារ បានធ្វើឲ្យមនុស្ស ៤ នាក់បាត់បង់ជីវិត ហើយ ៣៤ នាក់ទៀតបានរងរបួស ក្នុងនោះមានកុមារចំនួន២នាក់។ មន្ត្រីកងកម្លាំងប្រដាប់អាវុធបាននិយាយថា កងកម្លាំងការពារដែនអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក 29 គ្រឿងក្នុងចំណោម 31 គ្រឿងរបស់អ៊ីរ៉ង់ Shahed នៅក្នុងទីក្រុង Kyiv ។

 ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាវីដេអូមួយ កាលពីល្ងាចថ្ងៃអង្គារ៍ ដោយរូបលោកហាក់ដូចជាចង់បង្ហាញថា អាជ្ញាធរមួយចំនួនមិនបានធ្វើឲ្យគ្រប់ជ្រុងជ្រោយ ដើម្បីការពារប្រជាពលរដ្ឋក្នុងអំឡុងពេលមានការវាយឆ្មក់តាមអាកាស។ ដោយលោក Zelenskiy បាននិយាយថា “ជម្រកនៅក្នុងទីក្រុង ប្រជាជននៅតែអាចចូលទៅបាន ប្រជាជនគួរតែអាចយល់ដឹងពីលទ្ធភាព និងទំហំនៃជម្រកមួយនោះ”។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតពីបញ្ហានេះទេ។

ទាហ៊ាន​ណាតូ​រង​របួស​នៅ​កូសូវ៉ូ​នៅពេលចុះបង្រ្កាបក្រុមតវ៉ាជនជាតិស៊ែប៊ី

ទាហ៊ានរក្សាសន្តិភាពរបស់ណាតូប្រហែល 25 នាក់ដែលការពារសាលាក្រុងចំនួន 3 នៅភាគខាងជើងកូសូវ៉ូបានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមបាតុករស៊ែប៊ីកាលពីថ្ងៃច័ន្ទ ខណៈដែលប្រធានាធិបតីរបស់ប្រទេសស៊ែប៊ីបានដាសតឿនកងទ័ពរបស់ខ្លួនឱ្យមានការប្រុងប្រយ័ត្នជាងមុន។

KFOR គឺជាបេសកកម្មមួយដើម្បីរក្សាសន្តិភាព ដែលដឹកនាំដោយអង្គការ NATO ទៅកាន់កូសូវ៉ូ បានថ្កោលទោសចំពោះអំពើហឹង្សាមួយនេះថែមទៀតផង។

រដ្ឋមន្ត្រីការពារជាតិហុងគ្រី Kristof Szalay-Bobrovniczky បាននិយាយថា ទាហ៊ានហុងគ្រី ៧នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយពួកគេនឹងត្រូវបញ្ជូនទៅព្យាបាលនៅប្រទេសហុងគ្រី ​ ចំនែកឯទាហ៊ានអ៊ីតាលី​វិញបាន​រង​របួសចំនួន ២០   នាក់។

ករណីនេះគឺកើតឡើងបន្ទាប់ពីទាហ៊ានជាច្រើននៃក្រុម KFOR របស់អ៊ីតាលី បាននិងហុងគ្រី បានចុះបង្ក្រាបការប្រឆាំងរបស់ជនជាតិស៊ែប៊ី ។

ក្រុម​បាតុករ​ជនជាតិ​ស៊ែប៊ី​នៅ​ក្រុង Zvecan បាន​គប់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​គ្រាប់បែក​ដៃ​ទៅ​លើ​ទាហ៊ាន​ណាតូ។ ជនជាតិស៊ែប៊ីក៏បានប៉ះទង្គិចជាមួយប៉ូលីសនៅ Zvecan  ហើយថែមទាំងបាញ់ថ្នាំលើរថយន្តរបស់អង្គការណាតូ ជាអក្សរ “Z” គឺចង់សំដៅលើសញ្ញារបស់រុស្ស៊ីដែលប្រើក្នុងសង្គ្រាមនៅអ៊ុយក្រែន។

            លោក Giorgia Meloni ជនជាតិអ៊ីតាលីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ្វីដែលកំពុងកើតឡើងនៅពេលនេះ ជនជាតិយើងពិតជាមិនអាចទទួលយកបាននោះទេ។ អាជ្ញាធរកូសូវ៉ូគួរតែជៀសវាងនៅសកម្មភាពឯកតោភាគី ហើយត្រូវចាត់វិធានការថយក្រោយភ្លាមៗ ដើម្បីបន្ធូបន្ថយភាពតានតឹងនៅពេលនោះ។

            ប្រធានាធិបតី​ស៊ែប៊ី លោក Aleksandar Vucic បាន​និយាយ​ថា ជនជាតិ​ស៊ែប៊ី​ចំនួន ៥២​នាក់​បាន​រង​របួស នៅក្នុង​នោះ​មានមនុស្ស ​៣ នាក់​របួសធ្ងន់។

ចំនែកប្រធានាធិបតីកូសូវ៉ូ លោក Vjosa Osmani បានចោទប្រកាន់ ទៅជនជាតិស៊ែប៊ី លោក Aleksandar Vucic ពីបទធ្វើឱ្យកូសូវ៉ូអស្ថិរភាព។

ប្រធានាធិបតីកូសូវ៉ូ បានសរសេរនៅក្នុង Twitter ថា “រចនាសម្ព័ន្ធខុសច្បាប់របស់ស៊ែប៊ី បានធ្វើឲ្យជនជាតិស៊ែប៊ីវាយប្រហារប៉ូលីសកូសូវ៉ូ មន្ត្រីរក្សាសន្តិភាព (KFOR) និងអ្នកកាសែតថែមទៀតផង។ សម្រាប់អ្នកដែលអនុវត្តបញ្ជារបស់ លោក Aleksandar ដើម្បីធ្វើឱ្យអស្ថិរភាពនៅភាគខាងជើងនៃកូសូវ៉ូ ត្រូវតែប្រឈមមុខនឹងច្បាប់។

ប្រធានាធិបតីស៊ែប៊ីលោក Aleksandar បានចោទប្រកាន់រដ្ឋមន្ត្រីកូសូវ៉ូ លោក Albin Kurti ថាជាអ្នកបង្កើតភាពតានតឹងនៅពេលនោះ។ ហើយក្នុងកំឡុងពេលនៃការប៉ះទង្គិចគ្នានៅកូសូវ៉ូ លោក Aleksandar  បានធ្វើការអំពាវនាវដល់ជនជាតិស៊ែប៊ីទាំងអស់សូមជៀសវាងការប៉ះពាល់ដល់ក្រុមទាហ៊ាន NATO ថែមទៀតផង។

ស្ថានការណ៍ចាប់ផ្តើមវិវត្តន៍ទៅរកភាពតានតឹង នៅពេលដែលអភិបាលក្រុងជនជាតិអាល់បានីចូលកាន់តំណែងនៅតំបន់ភាគខាងជើងនៃកូសូវ៉ូ ហើយភាគច្រើននៃតំបន់នោះគឺជាជនជាតិស៊ែប៊ី។

នៅពេលដែលជនជាតិស៊ែប៊ីបានបដិសេធន៍មិនចូលរួមក្នុងការបោះឆ្នោតក្នុងស្រុកនៅក្នុងខែមេសា ប៉ុន្តែបេក្ខជនជនជាតិអាល់បានីបានឈ្នះជាអភិបាលក្រុងនៅក្នុងក្រុងចំនួន 4 ដោយមានអ្នកចូលរួមត្រឹមតែ 3.5% ប៉ុណ្ណោះ ។

ជនជាតិស៊ែប៊ីទាមទារឱ្យរដ្ឋាភិបាលកូសូវ៉ូដកអភិបាលក្រុងជនជាតិអាល់បានីចេញពីសាលាក្រុង និងអនុញ្ញាតឱ្យរដ្ឋ បាលមូលដ្ឋានដែលផ្តល់ហិរញ្ញប្បទានដោយ Belgrade នៅតែអាចធ្វើការងាររបស់ពួកគេបន្តរទៅមុខទៀត។

កាលពីថ្ងៃសុក្រ អភិបាលក្រុងជនជាតិអាល់បានីបីនាក់ក្នុងចំណោមបួននាក់ត្រូវ បានប៉ូលីសឲ្យចូលទៅក្នុងការិយាល័យរបស់ពួកគេ ខណៈដែលក្រុមបាតុករបានគប់ដុំថ្មសំដៅទៅអ្នកទាំង៣នាក់នោះ ប៉ុន្តែត្រូវប៉ូលីសកូសូវ៉ូបានឆ្លើយតបដោយឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកដើម្បីបំបែកអ្នកបាតុកម្ម។

រដ្ឋមន្ត្រីការបរទេសស៊ែប៊ី លោក Ivica Dacic បានប្រាប់ RTS ថា “មិនអាចមានអភិបាលក្រុងដោយគ្មានការយល់ស្របពីជនជាតិស៊ែប៊ីនោះទ  ហើយក៏មិនអាចមានការកាន់តំណែងដោយជនជាតិផ្សេង នៅក្នុងក្រុងណាមួយដែលភាគច្រើនជាជនជាតិស៊ែប៊ីជាដាច់ខាត”។

លោក Jeffrey Hovenier ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកូសូវ៉ូ បានប្រាប់អ្នកយកព័ត៌មានថា “យើងមានការព្រួយបារម្ភអំពីរ អំពើហិង្សាដែលប្រឆាំងនៅក្នុងថ្ងៃនេះណាស់” ។

“យើងបានឃើញរូបភាពនៃគំនូរលើរថយន្ត KFOR និងរថយន្តប៉ូលីស យើងបានឃើញអំពី ការវាយប្រហារមកលើអ្នកសារព័ត៌មាន យើងសូមនិយាយថាសកម្មភាពទាំងអស់នោះមិនមែនជាទង្វើរល្អក្នុងការឆ្លើយតបសមស្របទេ”។

រុស្ស៊ី បើកការវាយប្រហារផ្លូវអាកាស លើកទី១៦លើទីក្រុង​ គៀវ ក្នុងខែនេះ

នៅថ្ងៃទី 29 ខែឧសភានេះ មានការផ្ទុះឡើងទូទាំងទីក្រុង Kyiv នៅប៉ុន្មានម៉ោងបន្ទាប់ពីការបាញ់បង្ហោះកាំជ្រួច និងយន្តហោះគ្មានមនុស្សបើករាប់សិបគ្រឿងអស់រយៈពេលពេញមួយយប់ ខណៈដែលប្រទេសរុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសលើកទី 16 របស់ខ្លួនលើរដ្ឋធានីអ៊ុយក្រែនក្នុងខែនេះ។

អ្នកស្រុកមានការភ័យស្លន់ស្លោ ពេលដំបូងឡើយពួកគេមិនអើពើនឹងស៊ីរ៉ែននៃវាយប្រហារតាមអាកាស កំឡុងពេលពួកគេញ៉ាំអាហារពេលព្រឹក។ ប៉ុន្តែបន្ទាប់មកអ្នកស្រុកទាំងអស់បានប្រញាប់ប្រញាល់រត់គេច នៅពេលដែលមេឃពោរពេញទៅដោយផ្សែងខ្មៅ និងមានដុំពពកបក់បោក។

សម្រាប់អាជ្ញាធរPodil កណ្តាលបាននិយាយថា កាំជ្រួចរបស់រុស្ស៊ីទាំងអស់ដែលបានបាញ់មកលើអ៊ុយក្រែន គឺគ្មាន​ការ​ខូចខាតច្រើននោះទេ។ ហើយនៅក្នុង​សង្កាត់របស់លោក គឺមានមនុស្សម្នាក់បានរងរបួស តែត្រូវបានបញ្ជូនទៅមន្ទីពេទ្យទាន់ពេលវេលា។

អភិបាលក្រុង Kyiv លោក Vitali Klitschko បាននិយាយលើកម្មវិធីផ្ញើសារ Telegram ថា ការផ្ទុះបានបន្លឺឡើងនៅក្នុងសង្កាត់កណ្តាលនៃរដ្ឋធានី ហើយសេវាសង្គ្រោះបន្ទាន់ក៏បានត្រៀមលក្ខណៈរួចរាល់ហើយផងដែរ។ “ការវាយប្រហារលើ Kyiv នៅតែបន្ត សូមប្រជាពលរដ្ឋទាំងអស់មេត្តាកុំចាកចេញពីជម្រក។

លោក Valeriy Zaluzhnyi អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធបាននិយាយថា អ៊ុយក្រែនបានបាញ់ទម្លាក់កាំជ្រួចមីស៊ីលដែលផ្លោងមកចំនួន 11 គ្រាប់ ហើយនេះជាលើកទីពីរ នៃការវាយប្រហារនៅក្នុងថ្ងៃច័ន្ទមកលើទីក្រុង Kyiv ។

ការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លា គឺកើតឡើងប្រហែលប្រាំមួយម៉ោងមុននេះ ពួកគេបានតម្រង់គោលដៅទៅលើរដ្ឋធានី ព្រមទាំងធ្វើឲ្យយន្តហោះអ៊ុយក្រែនចំនួន 5 គ្រឿង ដែលធ្វើសកម្មភាពនៅភាគខាងលិចនៃប្រទេស នៅក្បែរកំពង់ផែសមុទ្រខ្មៅ Odesa ត្រូវបានឆាបឆេះថែមទៀតផង។

អ្នកនាំពាក្យកងទ័ពអាកាស Yuriy Ihnat បាននិយាយថា សកម្មភាពដែលរុស្ស៊ីធ្វើនៅពេលនេះ គឺជាសកម្មភាពមួយដ៏ធ្ងន់ធ្ងរ  គឺមានកាំជ្រួចតិចជាងមុន ប៉ុន្តែភាពទៀងទាត់នៃការវាយប្រហារបានកើនឡើងច្រើនជាងមុន” ។ លោកបាននិយាយទៀតថា គោលដៅសំខាន់ៗរបស់រុស្ស៊ី ជាធម្មតាគឺកន្លែងស្តុកទុកអាវុធរបស់លោកខាងលិច កន្លែងថាមពល និងអគាររដ្ឋាភិបាល។ ប៉ុន្តែនៅថ្ងៃច័ន្ទនេះ យើងពិតជាមានផលលំបាកខ្លាំងណាស់ ក្នុងការកំណត់គោលដៅរបស់ពួកគេ។ រុស្ស៊ី​បាន​បង្កើន​​ការ​វាយប្រហារ​តាម​អាកាសកាន់តែញឹកញាប់ ខណៈ​ដែលអ៊ុយក្រែនកំពុង​ត្រៀម​បើក​ការ​វាយលុក។ ស្ថានីយ៍រថភ្លើងក្រោមដីក្រុង Kyiv ពេលនេះគឺពោរពេញដោយមនុស្សកំពុងជ្រកកោន អ្នកស្រុកជាច្រើនមិនអើពើនឹងការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសនោះទេ បើទោះជាពួកគេឮសំឡេងផ្ទុះខ្លាំងនៅកណ្តាលទីក្រុងយ៉ាងណាក៏ដោយ។

scroll to top