មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីទីក្រុង Tianjin នៃប្រទេសចិន បន្ទាប់ពីមានស្នាមប្រេះលេចឡើងនៅជិតអគារខ្ពស់ៗ

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងរដ្ឋាភិបាលក្នុងតំបន់បានឱ្យដឹងថា មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីអគារផ្ទះល្វែងខ្ពស់ៗជាច្រើននៅក្នុងទីក្រុង Tianjin ភាគខាងជើងប្រទេសចិនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីមានការបាក់ដីបង្កើតជាស្នាមប្រេះធំនៅតាមដងផ្លូវក្បែរនោះ។

រដ្ឋាភិបាលក្រុង Tianjin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការប្រេះដីបានលេចឡើងនៅលើផ្លូវក្បែរអគារលំមួយនៅក្នុងស្រុក Jinnan នៃទីក្រុង Tianjin ហើយអ្នកជំនាញភូមិសាស្ត្របាននិយាយថា បញ្ហានេះគឺទំនងជាបណ្តាលមកពី មានប្រហោងដីខាងក្រោមជម្រៅ 1,300 ម៉ែត្រ (4,270 ហ្វីត) ។

បើគិតត្រឹមថ្ងៃទី 3 ខែមិថុនា អ្នកស្រុកសរុបចំនួន 3,899 នាក់មកពីអគារខ្ពស់ 25 ជាន់ចំនួនបីត្រូវបានជម្លៀសទៅកាន់សណ្ឋាគារក្បែរនោះ នេះបើតាមសារព័ត៌មាន Global Times ដែលត្រូវបានគាំទ្រដោយរដ្ឋ​ និងការដកស្រង់សម្តីរបស់រដ្ឋាភិបាលក្នុងតំបន់នោះ។

រដ្ឋាភិបាលក្រុង Tianjin បានហៅឧបទ្ទវហេតុនេះថាជា “គ្រោះមហន្តរាយភូមិសាស្ត្រ” បន្ទាប់ពីព័ត៌មានបឋមពីអ្នកជំនាញភូមិសាស្ត្រ និងនាយកដ្ឋានរដ្ឋាភិបាលមួយចំនួន នៅពេលដេលពួកគេបានធ្វើការស្ទង់មតិ និងគូសផែនទី ដើម្បីត្រួតពិនិត្យនៅកន្លែងនោះ។

បើយោងតាមអ្នកជំនាញម្នាក់បានសួរអំពីឧប្បត្តិហេតុនៅឯទីស្នាក់ការកណ្តាលរដ្ឋាភិបាលក្រុង Tianjin បានឲ្យដឹងថា “ស្ថានភាពបែបនេះគឺពិតជាកម្រខ្លាំងណាស់” ។

រដ្ឋាភិបាលក្រុង Tianjin បាននិយាយថា វាមិនអាចត្រូវបានបដិសេធដោយសារការខួងអណ្តូង ទើបបណ្តាលឱ្យបាត់បង់ដី និងការដួលរលំដីនៅក្នុងតំបន់តែមួយមុខនោះទេ។

អ្នក​ជំនាញ​បាន​និយាយ​ថា អគារ​ខ្ពស់ៗ ដែលនៅជិត​ផ្លូវ​ត្រូវ​ប្រឈមមុខនិងផល​ប៉ះពាល់​ក្នុង​កម្រិត​ខុសៗ​គ្នា។

នៅក្នុងរូបថតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយបានបង្ហាញថា នៅលើដងផ្លូវនានាមួយចំនួនអាចត្រូវបានគេមើលឃើញថាត្រូវបានជាប់គាំង ខណៈដែលមានការបង្ហាញផ្នែកមួយផ្សេងទៀត មានអគារមួយបានដួលរលំ។

ឧបទ្ទវហេតុនេះ បានបន្ថែមការព្រួយបារម្ភចំពោះសុវត្ថិភាពអគារនៅក្នុងប្រទេសចិន ដែលរដ្ឋាភិបាលបានអនុវត្តច្បាប់ និងគោលនយោបាយដ៏តឹងរ៉ឹង ហើយបានចេញការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះការគ្រប់គ្រងលើអចលនទ្រព្យ។

លើសពីនេះ រដ្ឋាភិបាលចិននាពេលថ្មីៗនេះ មានកិច្ចប្រជុំកម្រិតខ្ពស់ជាច្រើនស្តីពីការរៀបចំភូមិសាស្ត្រ និងគ្រោះមហន្តរាយដោយអាថ៌កំបាំងថែមទៀតផង។

ផ្សែង​ហុយ​​ពេញ​រដ្ឋធានីវ៉ាស៊ីនតោន ខណៈដែលប្រទេសកាណាដាមានភ្លើងឆេះព្រៃ

ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ បាននិយាយថាមានការបង្ហាញពីស្រទាប់ខ្យល់កខ្វក់ដែលចេញមកពីភ្លើងឆេះព្រៃរបស់ប្រទេសកាណាដា វាក៏បានរុញច្រានបន្ថែមពីលើមហាសមុទ្រអាត្លង់ទិក ដែលត្រូវបានគ្របដណ្តប់លើទីក្រុងវ៉ាស៊ីនតោន  ក្នុងអ័ព្ទផ្សែងពណ៌ខ្មៅ ហើយវាបានជំរុញឱ្យអ្នកស្រុកជាច្រើននៃរដ្ឋធានីរបស់សហរដ្ឋអាមេរិកត្រូវស្នាក់នៅក្នុងផ្ទះជាបណ្តោះអាសន្ន។

ចរាចរណ៍នៃរថភ្លើងមានមនុស្សតិចជាងធម្មតា ខណៈដែលក្រុមហ៊ុនជាច្រើននៅក្នុងទីក្រុងបានប្រាប់បុគ្គលិកឱ្យធ្វើការពីផ្ទះ។ ចំនែកសេវាមួយចំនួនដែលមិនសូវសំខាន់ត្រូវបានផ្អាកដំណើរការ រួមទាំងសួនកម្សាន្ត  ការសាងសង់ផ្លូវ និងការប្រមូលសំរាមជាដើម។

ក្រុមកីឡា Baseball របស់ Washington Nationals បានផ្អាកការប្រកួត ខណៈដែលសួនសត្វជាតិក៏ត្រូវបានបិទរយៈមួយថ្ងៃ។ ក្រុមរដ្ឋបាលរបស់លោក  Joe Biden បានពន្យារពេលព្រឹត្តិការណ៍ Pride Month របស់ខ្លួន ដែលត្រូវបានគេរំពឹងថាជាការប្រារព្ធពិធីដ៏ធំបំផុតសម្រាប់មនុស្ស LGBTQ+ នៅក្នុងប្រវត្តិសាស្ត្ររបស់សេតវិមាន។

ចំពោះករណីដែលកំពុងតែកើតឡើងនៅពេលនេះ គឺបណ្តាលមកពីផ្សែងភ្លើងនៃការឆេះព្រៃនៅក្នុងប្រទេសកាណាដា ហើយវាបានជះឥទ្ធិលមកលើតំបន់ភាគឦសានរបស់សហរដ្ឋអាមេរិក នេះបើយោងតាមសេវាកម្មព្យាករណ៍ឯកជន AccuWeather ។

សម្រាប់ទីភ្នាក់ងារអាកាសធាតុជាតិរបស់សហរដ្ឋអាមេរិក បានពង្រីកការជូនដំណឹងស្តីអំពីស្ថានភាពខ្យល់ដែលមានលាយឡំនិងផ្សែងភ្លើង គឺបក់ពីរដ្ឋ New England ទៅកាន់រដ្ឋ South Carolina ក៏ដូចជាផ្នែកខ្លះនៃតំបន់ Midwest រួមទាំងរដ្ឋ Ohio រដ្ឋ Indiana និងរដ្ឋ Michigan ផងដែរ។ បើយោងតាមក្រុមអ្នកវិទ្យាសាស្ត្រដែលតាមដានកម្រិតនៃភាគល្អិតនៅ Scandinavia បានឱ្យដឹងថា ផ្សែងប្រភេទនេះអាចបក់បានឆ្ងាយ និងអាចទៅដល់ប្រទេសន័រវេសក្នុងថ្ងៃព្រហស្បតិ៍។

ប្រជាជនជាតិអាមេរិករាប់លាននាក់ ត្រូវបានគេណែនាំឱ្យស្នាក់នៅក្នុងផ្ទះប្រសិនបើអាចធ្វើទៅបានដើម្បីជៀសវាងបញ្ហាផ្លូវដង្ហើម និងបញ្ហាសុខភាពផ្សេងទៀត ដែលអាចកើតឡើងដោយសារតែកម្រិតនៃភាគល្អិតមិនល្អនៅក្នុងបរិយាកាស។

ចំពោះទីក្រុងវ៉ាស៊ីនតោនកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញពីកម្រឹតនៃខ្យល់គឺលើសពី “គ្រោះថ្នាក់” ទៅទៀត។

លោក Marvin Binnick ដែលបានផ្លាស់ទៅ Washington ពីរដ្ឋ Nebraska កាលពីមួយខែមុន បាននិយាយថា ការមើលផ្សែងភ្លើងឆេះព្រៃចូលទៅក្នុងរដ្ឋធានីរបស់ប្រទេស ដោយមើលពីផ្ទះល្វែងជាន់ទី 12 របស់គាត់គឺពិតជាខ្លាំងក្លាណាស់។

លោក Marvin Binnick ដែលត្រូវបានគេឲ្យបញ្ជូនទៅផ្ទះ បន្ទាប់ពីការងារបម្រើអតិថិជនរបស់គាត់នៅព្រឹកថ្ងៃព្រហស្បតិ៍បាននិយាយថា “នេះត្រូវបានគេសន្មត់ថាជាថ្ងៃដែលមានពន្លឺថ្ងៃធម្មតា ប៉ុន្តែខ្ញុំមិនអាចមើលឃើញមេឃ ឬព្រះអាទិត្យ ឬអ្វីនោះទេ” ។ “ជាធម្មតា DC មានភាពលេចធ្លោណាស់ ប៉ុន្តែនៅពេលខ្ញុំទៅធ្វើការ និងតាមផ្លូវទៅផ្ទះថ្ងៃនេះ វាមើលទៅដូចជាទីក្រុងខ្មោចទៅវិញ”។

នៅក្នុងពេលនេះមានមនុស្ស​ជា​ច្រើន​បានពាក់​ម៉ាស់ពេល​នៅ​ខាង​ក្រៅ ខណៈ​ដែលមានផ្សែង​ខ្មៅក្រាស់​បាន​បាំង​រាជធានី។ ផ្សែង​អ័ព្ទ​ក្រាស់​ដែល​ហុយ​ចេញ​ពី​ផេះ​បាន​លុបទិដ្ឋភាព​ពីលើ​វិមានរបស់ Washington ផងដែរ។

អភិបាលក្រុង Washington លោក Muriel Bowser បាននិយាយថា “បញ្ហានេះទំនងជានឹងបន្ត ឬកាន់តែអាក្រក់ឡើងរហូតដល់ថ្ងៃសុក្រ” ។ «យើង​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ទាំងអស់ឲ្យ​អនុវត្ត​ការ​ប្រុង​ប្រយ័ត្នកាន់តែខ្ពស់»។

ភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារភាគនិរតីនៃប្រទេសចិន ទីក្រុងមួយចំនួនត្រូវបានជន់លិច

ភ្លៀងធ្លាក់ខ្លាំងមិនឈប់ឈរបានបោកបក់ផ្នែកខ្លះនៃភាគនិរតីនៃប្រទេសចិនកាលពីថ្ងៃសុក្រ ដោយវាបានបង្ករឲ្យមានទឹកជំនន់នៅក្នុងទីក្រុងមួយចំនួន ហើយធ្វើឲ្យផ្លូវថ្នល់ និងអគារមួយចំនួនត្រូវបានទឹកលិច។

ការធ្លាក់ភ្លៀងនូវរដូវក្តៅដំបូងដែលគេបានស្គាល់ នៅក្នុងទីក្រុង Beihai ក្នុងខេត្ត Guangxi បានកំណត់ថាទឹកភ្លៀងមានកម្រឹត 453 មីលីម៉ែត្រ ហើយវាជាកំណត់ត្រាប្រចាំថ្ងៃក្នុងតំបន់សម្រាប់ខែមិថុនា នេះបើយោងតាមរដ្ឋបាលឧតុនិយមចិនកាលពីថ្ងៃព្រហស្បតិ៍ ។

មានវីដេអូផ្សព្វផ្សាយមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា ទឹកបានលិចរថយន្តអស់ពាក់កណ្តាល នៅលើផ្លូវដែលត្រូវបានជន់លិច ហើយអគារពហុជាន់ទីមួយ គឺមានទឹកហូរតាមជណ្តើរថែមទៀតផង។

ទូរទស្សន៍ CCTV បានរាយការណ៍ថា ទីក្រុង Yulin ក្បែរនោះមានភ្លៀងធ្លាក់ 35 ម៉ោង បើគិតត្រឹមម៉ោង 7 ព្រឹក ម៉ោងក្នុងស្រុក នៅថ្ងៃសុក្រ (2300 GMT ថ្ងៃព្រហស្បតិ៍) ។

ការិយាល័យអាកាសធាតុបានរាយការណ៍ថា ភ្លៀងត្រូវបានគេព្យាករណ៍ថានឹងបន្តនៅតំបន់ភាគខាងត្បូងនៃប្រទេសចិន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈដែលភាគឦសានក៏ត្រូវបានគេរំពឹងថានឹងរងការវាយប្រហារដោយព្យុះផ្គររន្ទះភ្លាមៗផងដែរ។

ប្រទេស​ចិន ដែល​ងាយ​នឹង​មាន​ទឹក​ជំនន់ ​កំពុង​រងការព្រមាន​អំពី​អាកាសធាតុកាន់តែ​ខ្លាំង​ជាង​មុនទៅទៀត ដោយសារតែ​ការ​ប្រែប្រួល​អាកាសធាតុ។ ខេត្ត Guangxi ជាខេត្តមួយដែលជួបប្រទះគ្រោះរាំងស្ងួតដ៏កម្រមួយបើគិតត្រឹមខែឧសភានេះ ដោយទឹកភ្លៀងបានធ្លាក់ចុះក្នុងកម្រិតទាបបំផុតក្នុងរយៈពេល 60 ឆ្នាំកន្លងមកនេះ។

ខេត្តហឺណាន ភាគកណ្តាលនៃប្រទេសចិន ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឱ្យដំណាំដែលដុះពន្លក ត្រូវរងនូវការខូចខាតស្ទើរទាំងស្រុង ហើយវាបានបង្ករឱ្យមានការព្រួយបារម្ភអំពីសន្តិសុខស្បៀងនាពេលបច្ចុប្បន្ន និងអនាគត។

ទីក្រុង Kyiv និយាយថា មនុស្សម្នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសចុងក្រោយរបស់រុស្ស៊ីលើអ៊ុយក្រែន

អាជ្ញាធរអ៊ុយក្រែនបាននិយាយថា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសថ្មីមួយ ទៅលើអ៊ុយក្រែនពេញមួយយប់ ហើយវាបានសម្លាប់មនុស្សម្នាក់នៅក្នុងការវាយលុករួមគ្នានៃកាំជ្រួច Cruise និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។

យោធាអ៊ុយក្រែនបានរាយការណ៍ថាបានបាញ់ទម្លាក់មីស៊ីលចំនួន 4 គ្រាប់ក្នុងចំណោម 6 គ្រាប់ដែលត្រូវបានបាញ់ក្នុងអំឡុងពេលការវាយប្រហារ ដោយកងកម្លាំងអាកាសរបស់អ៊ុយក្រែនបាននិយាយថា ក្នុងរយៈពេលប្រហែល 6 ម៉ោង ពួកគេបានបាញ់ទម្លាក់ 10 ក្នុងចំណោម 16 នៃយន្តហោះគ្មានមនុស្សបើក។

ក្រសួង​មហាផ្ទៃ​បាន​និយាយ​ថា មនុស្ស​ម្នាក់​ត្រូវ​បាន​សម្លាប់ បី​នាក់​ទៀតបាន​រង​របួស ហើយ​អគារ​ចំនួន​បួន​ត្រូវ​បាន​បំផ្លាញ​ដោយការដួលរលំនៃកំទេចកំទី។

មានរូបភាពជាច្រើនបានបង្ហោះនៅលើកម្មវិធីផ្ញើសារ Telegram ដោយបង្ហាញពីសកម្មភាពរបស់អ្នកពន្លត់អគ្គីភ័យដែលចូលរួមក្នុងការពន្លត់ភ្លើងដែលបានឆេះយ៉ាងសន្ធោសន្ធៅ ដោយភាគច្រើនគេប៉ានស្មានថាគឺជាតំបន់លំនៅឋាន។

កងកម្លាំងការពារដែនអាកាសក៏បាននិយាយផងដែរថា ក្នុងអំឡុងពេលនៃការវាយប្រហារកាលពីល្ងាចថ្ងៃព្រហស្បតិ៍ កាំជ្រួច cruise ពីរគ្រាប់បានវាយប្រហារ ជាគោលដៅជាចម្បងរបស់គេនោះគឺ ក្នុងតំបន់ Cherkasy ភាគកណ្តាលអ៊ុយក្រែនដែលជាតំបន់មានជនស៊ីវិលរស់នៅច្រើន។

ចំនែកឯទីក្រុងមូស្គូក្នុងរយៈប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានបង្កើនការវាយប្រហារតាមអាកាសជាទៀងទាត់ប្រឆាំងនឹងអ៊ុយក្រែន ខណៈដែលទីក្រុង Kyiv បានរៀបចំសម្រាប់ការវាយលុកដើម្បីព្យាយាមដណ្តើមយកទឹកដីដែលកាន់កាប់ដោយរុស្ស៊ីមកវិញ។

scroll to top