​ទាហ៊ាន​ឥណ្ឌា ២៣ នាក់​បាន​បាត់​ខ្លួន​បន្ទាប់​ពី​គ្រោះ​ទឹក​ជំនន់ភ្លាមៗបានកើតឡើង

ក្រុមមន្ត្រីរបស់ប្រទេសឥណ្ឌាបាននិយាយថា យ៉ាងហោចណាស់ បុគ្គលិកកងទ័ពឥណ្ឌា 23 នាក់បានបាត់ខ្លួននៅក្នុងរដ្ឋ Sikkim ភាគឦសាន បន្ទាប់ពីមានការផ្ទុះឡើងនៃទឹកជំនន់ភ្លាមៗ នេះបើយោងតាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃទី ០៤​ ខែតុលា ឆ្នាំ២០២៣។

ទឹកជំនន់ភ្លាមៗនេះបានកើតឡើងនៅផ្នែកភាគខាងលើនៃបឹងមួយនៅរដ្ឋ Sikkim ដែលបណ្តាលឱ្យអាជ្ញាធរមានការព្រួយបារម្ភកាន់តែខ្លាំង ព្រោះទីនោះគឺនៅជិតទន្លេ Teesta ក្នុងជ្រលង Lachen ។

បើយោងតាមការរាយការរបស់ទីភ្នាក់ងារ BBC បាននិយាយថា ស្ថានភាពនៅទីនោះនាពេលនេះ គឺកាន់តែអាក្រក់ទៅៗ បន្ទាប់ពីទឹកកាន់តែកើនឡើង ដោយវាបានបញ្ចេញទឹកចេញពីទំនប់ក្បែរនោះចូលទៅក្នុងទន្លេ។

ចំនែកឯខាងក្រុមមន្ត្រី​បាន​និយាយ​ថា រថយន្ត​របស់​កងទ័ព​មួយ​ចំនួន​ត្រូវ​បាន​លិច​ក្រោម​ជម្រាល​ភ្នំ។

ដោយក្នុងនោះក្រសួងការពារជាតិឥណ្ឌាបានប្រាប់ BBC ថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះត្រូវបានចាប់ផ្តើម ហើយយើងក៏កំពុងរង់ចាំព័ត៌មានបន្ថែម។

កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះក៏កំពុងដំណើរការផងដែរនៅក្នុងផ្នែកផ្សេងទៀតនៃរដ្ឋ ខណៈដែលសង្កាត់ទាំងមូលត្រូវបានជន់លិចបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដើម្បីជាសុវត្តិភាពអាជ្ញាធរបានជម្លៀសប្រជាជនចេញពីទីនោះជាបណ្តោះអាសន្ន។

បច្ចុប្បន្នខាងអាជ្ញាធរបានចាប់ផ្តើមជម្លៀសប្រជាជនចេញពីតំបន់ទំនាបមុនគេ។ ព្រោះនៅក្នុងតំបន់ទំនាបត្រូវបានគេរាយការណ៍ថា ស្ពានចំនួនពីរដែលតភ្ជាប់តំបន់ភាគខាងជើងជាមួយរដ្ឋផ្សេងទៀតត្រូវបានទឹកហូរនាំទៅ ដែលជាហេតុធ្វើឲ្យមានផលប៉ះពាល់ដល់សេវាកម្មដឹកជញ្ជូនយ៉ាងធ្ងន់ធ្ងរ។

នៅក្នុងរដ្ឋហិម៉ាឡៃយ៉ាន ត្រូវបានអ្នកជំនាញព្យាករណ៍ថា វាជាកន្លែងដែលងាយនឹងគ្រោះដោយទឹកជំនន់ និងគ្រោះធម្មជាតិជាងគេ។ ព្រោះកាល​ពី​ឆ្នាំ​មុន ទឹក​ជំនន់​ដ៏​ធ្ងន់ធ្ងរ​ក្នុង​រដ្ឋ​មួយនេះបាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​ផ្លាស់​ទីលំនៅ ហើយវាក៏​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ២៤​នាក់។

តម្លៃពេជ្រធ្លាក់ចុះ ដោយសារមនុស្សចំណាយកាន់តែច្រើនលើការធ្វើដំណើរ និងអាហារ

តម្លៃសម្រាប់ពេជ្រដែលមិនទាន់បានកែច្នៃ គឺបានធ្លាក់ចុះនៅឆ្នាំ 2023 ខណៈដែលអ្នកប្រើប្រាស់ជាច្រើនបានកាត់បន្ថយការទិញទំនិញប្រណីតដែលមានតម្លៃថ្លៃ។

យោង​តាម Zimnisky Global Rough Diamond Index បានឲ្យដឹងថា ពេជ្របានធ្លាក់ថ្លៃគួរឲ្យកត់សម្គាល់ ដែលអាចនិយាយបានថា វាមិនធ្លាប់កើតមានពីមុនមក។ បើយោងតាមក្រុមអ្នក​វិភាគ​ឧស្សាហកម្ម​ បាននិយាយថា ​ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​គឺផ្តើមចេញពី​បញ្ជរ​គ្រឿងអលង្ការ។

លោក Paul Zimnisky អ្នកវិភាគត្បូងពេជ្រសកលបានកត់សម្គាល់ថា នៅពេលដែលអ្នកប្រើប្រាស់ចំណាយប្រាក់តិចជាងមុនលើការទទួលទានអាហារ និងការធ្វើដំណើរក្នុងអំឡុងពេលរាតត្បាតរាតត្បាត Covid-19″ មនុស្សភាគច្រើនគឺកាត់បន្ថយការចំណាយរបស់ខ្លួន” ។

 បើយោងតាមអ្នកវិភាគបានឱ្យដឹងថា បច្ចុប្បន្នមនុស្សមួយចំនួនធំ បានចំណាយលើការញ៉ាំអាហារ លើការធ្វើដំណើរ និងចំណាយប្រាក់លើបទពិសោធន៍ជាជាងទិញទំនិញប្រណីត។

លោក Edahn Golan អ្នកវិភាគពេជ្រឯករាជ្យបាននិយាយថា “ពេជ្រគឺជាទីផ្សារដែលជំរុញដោយអ្នកប្រើប្រាស់ទាំងស្រុង”។ តែបើតម្រូវការរបស់អ្នកទិញសម្រាប់គ្រឿងអលង្ការពេជ្របានធ្លាក់ចុះ វាក៏ជះឥទ្ធិពលទៅលើតម្លៃនៃពេជ្រផងដែរ។

លោកបាននិយាយទៀតថា ក្នុងឆ្នាំ២០២៣នេះ មានអ្នក​លក់​រាយជាច្រើន ​បានព្យាយាម​បញ្ឆេះនូវ​តម្រូវ​ការ​របស់អតិថិជន​ដោយចំណាយ​ប្រាក់​រាប់​រយ​លាន​ដុល្លារ​ទៅ​ក្នុង​ការ​ផ្សាយ​ពាណិជ្ជកម្ម ប៉ុន្តែការបញ្ជាទិញគឺនូវតែមានកម្រឹត។

តម្លៃគ្រឿងពេជ្របានធ្លាក់ចុះបន្ទាប់ពីរយៈពេលពីរឆ្នាំ វាក៏បានបំបែកកំណត់ត្រានៃការលក់ពេជ្រដ៏លំបាក។ ការលក់ចេញយ៉ាងលំបាកនគ គឺបានចាប់ផ្តើមពីឆ្នាំ 2021 និង 2022 តម្រូវការគ្រឿងអលង្ការពេជ្រធម្មជាតិគឺមានកម្រិត ហើយវាក៏បន្តរហូតមកដល់ថ្ងៃនេះ។

មានមនុស្ស ២១នាក់បានស្លាប់ បន្ទាប់ពីរថយន្តក្រុងអ៊ីតាលី ដឹកភ្ញៀវទេសចរធ្លាក់ពីលើស្ពានអាកាស

កាលពីថ្ងៃអង្គារ៍មានរថយន្តក្រុងមួយគ្រឿងបានដឹកអ្នកទេសចរណ៍ទៅកាន់កន្លែងបោះជំរុំ ហើយវាក៏បានធ្លាក់ពីលើស្ពានអាកាសនៅជិតទីក្រុង Venice ភាគខាងជើងប្រទេសអ៊ីតាលី បន្ទាប់មករថយន្តនោះបានឆាបឆេះភ្លាមៗ។ ព័ត៌មានបឋមបានឲ្យដឹងថា ឩប្បតិវហេតុនោះបានបណ្តាលឲ្យមានមនុស្ស ២១ នាក់បាត់បង់ជីវិត និង ១៨ នាក់ផ្សេងទៀតបានរងរបួស ដោយក្នុងនោះគឺមានកុមារ២នាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៣។

ចំពោះមូលហេតុ​នៃ​គ្រោះថ្នាក់​មួយនេះ​ ខាងអាជ្ញាធររបស់អ៊ីតាលីនៅមិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​។ ប៉ុន្តែខាងសមាជិកក្រុមប្រឹក្សាក្រុង Venice លោក Renato Boraso បាននិយាយថា ការស៊ើបអង្កេតមួយបានបង្ហាញថា អ្នកបើកបរដែលជាជនជាតិអ៊ីតាលី មានអាយុ 40 ឆ្នាំ ដែលស្ថិតក្នុងចំណោមអ្នកស្លាប់នោះ បានធ្លាក់ខ្លួនឈឺមុនថ្ងៃដែលបើកបរនោះទៅទៀត។

លោក Boraso បានប្រាប់ទូរទស្សន៍ Sky Italia ថា “វាជាសោកនាដកម្មដ៏គួរឱ្យភ័យខ្លាច សម្រាប់ទីក្រុងគឺកំពុងតែកាន់ទុក្ខ” ។

លោក​បាន​បន្ត​ថា ​រថយន្ត​ដឹក​អ្នក​ដំណើរ​ចំនួន ៤០​នាក់ ក្នុង​នោះ ២១​នាក់​បាន​ស្លាប់ និង ១៨​នាក់​រង​របួស។ លោកបានបន្ថែមថា ចំនួនអ្នកស្លាប់អាចនិងកើនឡើង ដោយសារតែអ្នករបួសជាច្រើននាក់ កំពុងស្ថិតក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរ។ 

បើយោងតាមក្រុមមន្ត្រីវិញបាននិយាយថា រថយន្តនេះបានធ្លាក់នៅកំពស់ប្រហែល 15 ម៉ែត្រ (50 ហ្វីត) ហើយទៅប៉ះលើខ្សែភ្លើង ទើបបង្ករឲ្យមានការឆាបឆេះបានកើតឡើង។ គ្រោះថ្នាក់នេះវាបានកើតឡើងនៅវេលាម៉ោងប្រហែល 7:45 នាទីយប់ ម៉ោងក្នុងស្រុក (1745 GMT) ។

អភិបាលក្រុង Venice បានបង្ហោះនៅលើ X ដែលពីមុនគេស្គាល់ថា ក្នុងចំណោមអ្នកដំណើរគឺមានជនរងគ្រោះ ៥ នាក់​ជា​ជន​ជាតិ​អ៊ុយក្រែន និង​ម្នាក់​ជា​ជនជាតិ​អាល្លឺម៉ង់។

ចំនែកខាងទីភ្នាក់ងារព័ត៌មានអ៊ីតាលី ANSA បានរាយការណ៍ថា រថយន្តក្រុងនេះគឺដឹកអ្នកដំណើរមកពីប្រទេសបារាំង និងក្រូអាត។

          នៅយប់ថ្ងៃកើតហេតុ ទូរទស្សន៍ក្នុងស្រុកបានផ្សាយថា៖ រថយន្តក្រុងត្រូវបានខ្ទេចទាំងស្រុង ជាហេតុនាំឲ្យអ្នកពន្លត់អគ្គីភ័យមានការពិបាកក្នុងការយកសាកសពចេញពីទីនោះ។ ការដែលក្រុមអ្នកពន្លត់អគ្គីភ័យខំប្រឹងរើបំណែកនៃរថយន្ត គឺដើម្បីប្រាកដថា វាមិនមានអ្នកដំណើរជាប់នៅខាងក្នុងទៀតទេ។

នាយករដ្ឋមន្រ្តី Giorgia Meloni បានសម្តែងការរំលែកទុក្ខរបស់លោកស្រីដោយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងខួរក្បាលរបស់របស់រដ្ឋាភិបាលនាពេលនេះគឺកំពុងតែនៅជាមួយ “ជនរងគ្រោះ គ្រួសារ និងមិត្តភក្តិរបស់ពួកគេ” ។

គួរបញ្ជាក់ថាប្រទេស​អ៊ីតាលី​បាន​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​រថយន្តក្រុង​ គឺធ្លាប់បានសម្លាប់មនុស្ស​ជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

ព្រោះកាលពីឆ្នាំ 2017 មនុស្ស 16 នាក់នៅលើឡានក្រុងដែលដឹកនិស្សិតហុងគ្រីបានស្លាប់នៅក្នុងឧបទ្ទវហេតុមួយនៅជិតទីក្រុង Verona ភាគខាងជើង ខណៈមនុស្ស 40 នាក់បានស្លាប់ក្នុងឆ្នាំ 2013 នៅពេលដែលរថយន្តក្រុងបានធ្លាក់ពីលើផ្លូវនៅភាគខាងត្បូងនៃប្រទេសអ៊ីតាលី។

សមាជិកព្រឹទ្ធសភាអាមេរិកសង្ឃឹមថា ខ្លួននឹងជួបជាមួយលោក Xi Jinping

ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដែល​នឹងធ្វើ​ដំណើរទស្សនកិច្ចទៅកាន់​ប្រទេស​ចិន​​សប្តាហ៍​ក្រោយ បាននិយាយថា ពួកយើងនៅតែមាន​សង្ឃឹម​ថា ​​យើងនឹងមានឳកាសជួប​ជាមួយ​នឹងប្រធានាធិបតី​ចិនលោក Xi Jinping នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៣។

មេដឹកនាំដែលមានសំឡេងគាំទ្រភាគច្រើននៃព្រឹទ្ធសភា លោក Chuck Schumer និងសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក Mike Crapo គឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានកំណត់ដើម្បីធ្វើដំណើរទស្សនកិច្ចលើកនេះ។

ខាងការិយាល័យរបស់លោក Schumer បាននិយាយកាលពីខែមុនថា ការធ្វើដំណើរនេះក៏នឹងរួមបញ្ចូលការឈប់សម្រាកនៅក្នុងប្រទេសជប៉ុន និងកូរ៉េខាងត្បូងផងដែរ។

ចំពោះដំណើរទស្សនកិច្ចនេះទៀតសោត គឺធ្វើឡើងនៅពេលមន្ត្រីអាមេរិកបានជំរុញឱ្យមានការចូលរួមជាមួយមន្ត្រីចិន រួមទាំងការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់រដ្ឋមន្ត្រីការបរទេស Antony Blinken ជាមួយនឹងរដ្ឋមន្ត្រីក្រសួងរតនាគារជាតិ លោកស្រី Janet Yellen និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកស្រី Gina Raimondo ។

បន្ថែមពីលើការបង្ហាញពីតម្រូវការក្នុងការមានទំនាក់ទំនងបើកចំហ មន្ត្រីសហរដ្ឋអាមេរិកក៏បានលើកឡើងពីតម្រូវការក្នុងការដោះស្រាយបញ្ហាមួយចំនួនដូចជា ខាងផ្នែកពាណិជ្ជកម្ម និងបញ្ហាប្រឈមនានាដែលអាជីវកម្មអាមេរិកកំពុងប្រឈមមុខនឹងប្រតិបត្តិការនៅក្នុងប្រទេសចិនជាដើម។ល។

scroll to top