ការ​វាយ​ប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​សម្លាប់​មនុស្ស​៥១​នាក់​ក្នុង​ពិធី​បុណ្យ​សព​ក្នុង​ប្រទេស​អ៊ុយក្រែន

រុស្ស៊ីបានបើកការវាយប្រហារកលើភូមិ Hroza ភាគអាគ្នេយ៍នៃទីក្រុង Kharkov ហើយវាបានសម្លាប់មនុស្សយ៉ាងហោចណាស់ 51 នាក់ រួមទាំងក្មេងប្រុសអាយុ 8 ឆ្នាំម្នាក់ផងដែរ ។ បើយោងតាមការរៀបរាប់របស់អ្នក​ភូមិ​បាន​ឲ្យដឹងថា ​កាំជ្រួច​មួយ​បាន​វាយប្រហារ​នៅ​ម៉ោង ១៥ និង ១៥ នាទី (ម៉ោង​ក្នុង​តំបន់) នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២៣។

ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា ការវាយប្រហារលើកនេះគឺមិនមានគោលដៅយោធានៅក្នុងតំបន់នោះទេ គឺមានតែជនស៊ីវិលតែប៉ុណ្ណោះ។ លោក​បានមានប្រសាសន៍ទៀត​ថា អ្នក​រាល់​គ្នា​ដែល​បាន​ស្លាប់​នៅក្នុងការវាយប្រហារនោះគឺសុទ្ធតែ​ជា​អ្នក​ភូមិ ហើយ​ការស្លាប់នោះផងដែរ វាស្មើរនឹង ២០% នៃប្រជាជនក្នុងភូមិសរុប។

បើយោងតាម Interfax Ukraine បានរាយការណ៍ថាកាលពីល្ងាចថ្ងៃព្រហ្បតិ៍ថា អ្នកភូមិខាងលើនេះ បានទៅចូលរួមពិធីបុណ្យសព របស់ទាហ៊ានអ៊ុយក្រែនម្នាក់។ សារព័ត៌មានបាននិយាយទៀតថា ការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ី មកលើភូមិនេះគឺសុទ្ធសឹងតែជាក្រុមគ្រួសារ សាច់ញារបស់សពដែលស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ទង្វើនេះ “គឺមិនស្មើរនឹងសត្វតិរិច្ឆានផង” ព្រោះអ្នកស្លាប់គឺសុទ្ធតែជាជនស៊ីវិលធម្មតាគ្មានអាវុធនៅក្នុងដៃនោះទេ។

លោក​បាន​ចោទ​រុស្ស៊ី​ថា​បាន​កំណត់​គោលដៅ​ភូមិ​ដោយ​ចេតនា ខណៈ​មនុស្ស​ប្រមូល​ផ្តុំ​គ្នា​សម្រាប់​ពិធីបុណ្យ ។

លោក​បាន​មាន​ប្រសាសន៍​ថា “តើ​អ្នក​ណា​អាច​បាញ់​កាំជ្រួច​ទៅ​លើ​ពួក​គេ? នរណា? មាន​តែ​អំពើពួកដែលប្រព្រឹតអំពើ​អាក្រក់តែប៉ុណ្ណោះ”។

បើយោងតាមរយៈអ្នកជំនាញភូមិសាស្ត្រ បាននិយាយថា ស្រុក Kupyansk ដែលមានរងគ្រោះមួយភូមិនេះវាជាផ្នែកមួយនៃតំបន់ជួរមុខក្នុងការប៉ះទង្គិចគ្នារវាងកងទ័ពរុស្ស៊ី និងអ៊ុយក្រែន ចាប់តាំងពីលោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមការលុកលុយទ្រង់ទ្រាយធំរបស់គាត់កាលពីខែកុម្ភៈឆ្នាំមុន។

ខាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាននិយាយថា រុស្ស៊ីបានប្រើប្រាស់កាំជ្រួច Iskander យកមកប្រើប្រាស់ក្នុងការវាយប្រហារ ប៉ុន្តែ BBC មិនអាចផ្ទៀងផ្ទាត់ការអះអាងនេះដោយឯករាជ្យបានទេ។

បើយោងតាមអ្នកជំនាញរបស់ BBC បានិយាយថា រុស្ស៊ី​បាន​ទម្លាក់​គ្រាប់បែក​លើ​ភូមិ​នេះ ខណៈ​លោក Zelensky ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ​អឺរ៉ុប​ក្នុង​ទីក្រុង Granada ក្នុងប្រទេស​អេស្ប៉ាញ។

ដោយនៅទីនោះ ប្រធានកិច្ចការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានព្រមានថា ជម្លោះនយោបាយកំពុងគំរាមកំហែងដល់សមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងការផ្តល់មូលនិធិដល់យោធាអ៊ុយក្រែន។

ហើយកាលពីថ្ងៃព្រហស្បតិ៍នោះ លោក Zelensky បានស្នើសុំមេដឹកនាំអឺរ៉ុបសម្រាប់កាំជ្រួចការពារដែនអាកាសបន្ថែមទៀត ហើយបាននិយាយថា ប្រទេសផ្សេងទៀតអាចអរគុណអ៊ុយក្រែនសម្រាប់ការការពារពួកគេពីការឈ្លានពានរបស់រុស្ស៊ី។

ព្យុះទីហ្វុង Koinu បោកបក់កាត់តៃវ៉ាន់ វាបានបង្ករឲ្យមនុស្ស 190 នាក់រងរបួស

ព្យុះទីហ្វុង Koinu បានបោកបក់កាត់ភាគខាងត្បូងនៃកោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍ ដោយបានបណ្តាលឲ្យមនុស្ស ១៩០នាក់បានរងរបួស ព្រមទាំងបង្ករឲ្យមានការខូចខាតមួយចំនួនបានកើតឡើងផងដែរ ប៉ុន្តែវាក៏មិនមានអ្នកស្លាប់ណាមួយនោះទេ។ ព្យុះទីហ្វុង Koinu បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំង ទើបអាជ្ញាធរបង្ខំចិត្តត្រូវជម្លៀសប្រជាជនរាប់លាននាក់ចេញជាបណ្តោះអាសន្ន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២៣។.

Koinu ដែលមានន័យថា “កូនឆ្កែ” វាជាភាសាជប៉ុន វាគឺពាក្យដែលគេកំណត់ប្រភេទនៃព្យុះ បច្ចុប្បន្នព្យុះនេះវាបានបោកបក់លើឧបទ្វីប Hengchun របស់តៃវ៉ាន់។ គួរបញ្ជាក់ថានេះជាព្យុះទីហ្វុងប្រភេទទី 4 ដែលបង្ហាញពីខ្យល់បក់រហូតដល់ 252 គីឡូម៉ែត្រក្នុងមួយម៉ោង (156 ម៉ាយក្នុងមួយម៉ោង) ប៉ុន្តែវាបានចុះខ្សោយនៅពេលដែលវាបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ហើយឆ្ពោះទៅខេត្តក្វាងទុងរបស់ប្រទេសចិន។

ភ្លៀងធ្លាក់ខ្លាំងបំផុតបានធ្លាក់នៅតំបន់ភ្នំ និងមានប្រជាជនតិចតួចដែលរស់នៅក្នុងស្រុក Pingtung នៅភាគខាងត្បូង និងតំបន់ឆ្នេរសមុទ្រភាគខាងកើតនៃ Taitung និង Hualien ម្យ៉ាងវិញទៀតព្យុះទីហ្វុងមួយនេះ ក៏បានប៉ះពាល់ដល់ទីក្រុងកំពង់ផែដ៏សំខាន់មួយ Kaohsiung ភាគខាងត្បូងផងដែរ។

ចំនែកឯនៅទីក្រុង និងស្រុកភាគច្រើនបានប្រកាសឈប់សម្រាកពីការងារ និងសាលារៀន តែចំពោះរដ្ឋធានីតៃប៉ិវិញ ដែលជាកន្លែងទីផ្សារហិរញ្ញវត្ថុដ៏ធំ គឺមិនរងផលប៉ះពាល់នោះ និងបើកដំណើរការជាធម្មតា។

ក្រុមហ៊ុនផលិតបន្ទះឈីប TSMC (2330.TW) បាននិយាយថា រោងចក្ររបស់ខ្លួនក៏ដំណើរការជាធម្មតាដែរ។

ព្យុះទីហ្វុងបានចូលមកច្រកសមុទ្រតៃវ៉ាន់នារសៀលថ្ងៃព្រហស្បតិ៍ ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងត្រូវបានគេព្យាករណ៍ថានឹងបន្តដល់ថ្ងៃសុក្រ ដែលភាគច្រើននៅភាគខាងត្បូង និងខាងកើតរបស់កោះនេះ។

នាយកដ្ឋានពន្លត់អគ្គីភ័យរបស់តៃវ៉ាន់បានរាយការណ៍ថា នាពេលឥឡូវនេះគឺមានអ្នករងរបួសចំនួន 190 នាក់ ប៉ុន្តែមិនមានករណីស្លាប់នោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ ការខូចខាតកាន់តែច្រើនត្រូវបានគេរាយការណ៍នៅលើកោះអ័រគីដ នៃឆ្នេរសមុទ្រ Taitung ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងជាជម្រករបស់មនុស្សប្រហែល 5,000 នាក់ ត្រូវបានបង្ហាញដោយរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា  រថយន្តបានខ្ទៀតចេញពីផ្លូវ និងទូកនេសាទបានលិចនៅក្នុងកំពង់ផែមួយកន្លែង។

ខាងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកសំខាន់ពីររបស់តៃវ៉ាន់គឺ UNI Air និង Mandarin Airlines បានលុបចោលជើងហោះហើរភាគច្រើនរបស់ពួកគេសម្រាប់ថ្ងៃព្រហស្បតិ៍ ខណៈដែលសាឡាងទៅកាន់កោះឆ្ងាយៗក៏ត្រូវបានបញ្ឈប់ផងដែរ។

ដឹកជញ្ជូនបាននិយាយថា ជើងហោះហើរអន្តរជាតិសរុបចំនួន 46 ជើងត្រូវបានលុបចោល ប៉ុន្តែរថភ្លើងល្បឿនលឿនដែលតភ្ជាប់ភាគខាងជើង និងភាគខាងត្បូងតៃវ៉ាន់មិនរងផលប៉ះពាល់នោះទេ។

រុស្ស៊ី បានចាប់ផ្តើមដឹកជញ្ជូនប្រេងកាន់តែច្រើន ទៅកាន់កំពង់ផែចិន តាមផ្លូវអាកទិក

សហរដ្ឋអាមេរិក កំពុងឃ្លាំមើលយ៉ាងដិតដល់នូវការកើនឡើងនៃការដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ី ទៅកាន់កំពង់ផែចិនតាមរយៈផ្លូវសមុទ្រខាងជើង (តំបន់ប៉ូលអាកទិក) វាគឺជាសញ្ញានៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ខណៈដែលរុស្ស៊ីកំពុងតែប្រឈមមុខនឹងទណ្ឌកម្មរបស់លោកខាងលិច ជុំវិញការលុកលុយទៅលើប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២៣។

លោក John Kirby អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិសម្រាប់ការទំនាក់ទំនងជាយុទ្ធសាស្ត្រ កាលពីថ្ងៃអង្គារ៍ លោកបានធ្វើសន្និសិតមួយ ដើម្បីជាការឆ្លើយតបទៅនឹងសំណួររបស់ VOA ក្នុងអំឡុងពេលមានប្រជុំនៅសេតវិមាន។

លោកបានមានប្រសាសន៍ថា នៅឆ្នាំនេះ មានការដឹកជញ្ជូនប្រេងពីរុស្សី ប្រហែលរាប់សិបគ្រឿង ដោយប្រើកប៉ាល់រុស្ស៊ី ទៅកាន់ប្រទេសចិន តាមរយៈ នាវាមួយដែលមានឈ្មោះថា NSR វាបានធ្វើដំណើរតាមឆ្នេរសមុទ្ររុស្ស៊ី ពីសមុទ្រ Barents ទៅច្រកសមុទ្រ Bering។ ការដឹកជញ្ជូននេះបានចាប់ផ្តើមកាលពីឆ្នាំមុនមកម្ល៉េះ ដោយពួកគេបានធ្វើការដឹកជញ្ជូនប្រេងតាមរយៈតំបន់អាកទិក ដែលយើងដឹងថាវាជាតំបន់ប៉ូលខាងជើងនៃផែនដី ដើម្បីទៅប្រទេសចិន។

បើទោះជាដឹងថា រាល់ប្រទេសដែលមានទំនាក់ទំនងខាងផ្នែកពាណិជ្ជកម្មជាមួយនឹងរុស្ស៊ី ពួកគេនឹងទទួលនូវទណ្ឌកម្មសេដ្ឋកិច្ចពីពួកលោកខាងលិចក៏ដោយ។ ប៉ុន្តែចិននៅតែមានឆន្ទៈក្នុងការទិញប្រេងឆៅពីរុស្ស៊ី ដោយទីក្រុងម៉ូស្គូកំពុងបើកទ្វារតំបន់អាក់ទិករបស់ខ្លួនសម្រាប់ទីក្រុងប៉េកាំងតែមួយគត់។

លោក John Kirby ​បាន​ប្រាប់ VOA ថា​៖ «​ធនធាន​ដែល​ពី​មុន​បាន​ហូរ​ទៅ​អឺរ៉ុប ឥឡូវ​ត្រូវ​បាន​បង្វែរ​ទៅ​អាស៊ីវិញម្តង ជាពិសេសនោះគឺ​ប្រទេស​ចិន»។

ការដែលរុស្ស៊ីធ្វើបែបនេះ វាគឺជាជម្រើសតែមួយគត់សម្រាប់ទីក្រុងម៉ូស្គូ ក្នុងការដឹកជញ្ជូនប្រេង តាមរយៈនាវា NSR ព្រោះជាជានាវាដែលធ្វើដំណើរបានលឿន ជា 30% បើធៀបនឹងនាវាធម្មតា។ ម្យ៉ាងវិញទៀត វាមានសមត្ថភាពឆ្លងកាត់ព្រែកជីកស៊ុយអេ កាន់តែងាយស្រួល បើទោះជាមានការប្រែប្រួលអាកាសធាតុ ពោលបើទោះជាវាត្រូវធ្វើដំណើរឆ្លងកាត់តំបន់ដែលមានដុំទឹកកតិចតួច។

ជាក់ស្តែងការកើនឡើងនៃចរាចរណ៍មួយនេះគឺវាធ្វើឲ្យមានហានិភ័យដល់បរិស្ថានខ្ពស់ ជាពិសេសនៅពេលដែលទីក្រុងម៉ូស្គូបានប្រកាសថា ខ្លួននឹងចាប់ផ្តើមប្រើប្រាស់នាវាដឹកប្រេងដែលមិនមែនជាប្រភេទសម្រាប់ទប់ទល់ដុំទឹកកក។  ចំពោះកប៉ាល់ដែលមានសំបកខាងក្រៅ ដែលមិនត្រូវបានពង្រឹងដើម្បីប្រឆាំងនឹងទឹកកក តែបែរជាយកទៅដឹកជញ្ជូនប្រេងឆ្លងកាត់តំបន់អាក់ទិកវាប្រាកដណាស់នឹងបង្ករឲ្យមានបញ្ហា។

លោកស្រី Rebecca Pincus នាយកវិទ្យាស្ថាន Polar នៅមជ្ឈមណ្ឌល Wilson បានប្រាប់ VOA ថា “ប្រសិនបើមានការកំពប់ណាមួយបានកើតឡើងនៅតំបន់អាកទិកខាងកើតរបស់រុស្ស៊ី នោះវាហូរឆ្ពោះទៅសហរដ្ឋអាមេរិកភ្លាមៗ”។ ហើយ”ប្រេងនឹងអណ្តែតឆ្លងកាត់ព្រំដែនអន្តរជាតិ ដែលជាហេតុនាំឲ្យមានការគម្រាមកំហែងដល់ស្ថាន ដូច្នេះហើយរឿងនេះវាពិតជាគួរឱ្យព្រួយបារម្ភបំផុត”។

បើយោងតាមទិន្នន័យកន្លងមក ជាមធ្យមភាគឆ្នាំ 2022 ការនាំចូលប្រេងរបស់ចិនពីរុស្ស៊ីបានកើនឡើងដល់ 23% ឬស្មើនឹង 400,000 បារ៉ែលក្នុងមួយថ្ងៃ។

លោក John Kirby  ក៏ធ្វើការជំរុញឱ្យទីក្រុងប៉េកាំងគោរពតាមការកំណត់នៃតម្លៃប្រេង $60/barrel លើប្រេងរុស្ស៊ីដែលដាក់ដោយសម្ព័ន្ធមិត្តលោកខាងលិច បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យជួញដូរបានបង្ហាញថា ប្រេងឆៅរុស្ស៊ីបច្ចុប្បន្នកំពុងលក់ក្នុងតម្លៃប្រហែល 80 ដុល្លារក្នុងមួយបារ៉ែល ដែលជំរុញឱ្យរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen ទទួលស្គាល់កាលពីសប្តាហ៍មុនថាប្រសិទ្ធភាពនៃតម្លៃប្រេងអាចនឹងត្រូវធ្លាក់ចុះ។

សហរដ្ឋអាមេរិក នឹងផ្ទេរអាវុធ ដែលរឹបអូសពីអ៊ីរ៉ង់ យកទៅឲ្យអ៊ុយក្រែន

មន្ត្រីអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកនឹងផ្ទេរ អាវុធ និងគ្រាប់រំសេវរាប់ពាន់គ្រាប់ ដែលខ្លួនបានរឹបអូសពីអ៊ីរ៉ង់ ប្រគល់ទៅឲ្យប្រទេសអ៊ុយក្រែន ដើម្បីជួយសម្រាលភាពខ្វះខាតដ៏សំខាន់មួយចំនួន ខណៈដែលទាហ៊ានអ៊ុយក្រែនកំពុងតែរង់ជំនួយជាថវិកា និងសម្ភារៈជាច្រើនទៀត ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តពួកលោកខាងលិច នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ២០២៣។
ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបានផ្ទេរគ្រាប់រំសេវរបស់អ៊ីរ៉ង់ ដែលបានមកពីការរឹបអូស គឺមានប្រហែលជាងមួយលានគ្រាប់ ត្រូវបានបញ្ជូនទៅឱ្យកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនរួចរាល់។ បើយោងតាមCENTCOM(ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការផ្ទេរនេះត្រូវបានធ្វើឡើងកាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ។
បើយោងតាមសេចក្តីថ្លែងការណ៍របស់មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា “រដ្ឋាភិបាលខ្លួនបានទទួលសិទ្ធិនៃការកាន់កាប់គ្រាប់បែកទាំងនេះនៅថ្ងៃទី 20 ខែកក្កដាឆ្នាំ 2023 គឺតាមរយៈពាក្យបណ្តឹងទាមទារសំណងរដ្ឋប្បវេណីរបស់នាយកដ្ឋានយុត្តិធម៌ប្រឆាំងនឹងកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC)” ។
ដោយកាលណោះ ក្រសួងយុត្តិធម៌បានប្រកាសកាលពីខែមីនាថា ខ្លួនកំពុងស្វែងរកការរឹបអូសគ្រាប់រំសេវរបស់អ៊ីរ៉ង់ចំនួនមួយលានគ្រាប់ ហ្វុយហ្ស៊ីបជិតរាប់ពាន់សម្រាប់គ្រាប់បែកដៃបាញ់រ៉ុក្កែត និងអាវុធបាញ់រាប់ពាន់ផោនសម្រាប់គ្រាប់បែកដៃរ៉ុក្កែត ដែលកងទ័ពជើងទឹករឹបអូសបានពីប្រទេសអ៊ីរ៉ង់ ក្នុងដំណើរឆ្លងកាត់មួយដើម្បីបញ្ជូនទៅកាន់ប្រទេសយេម៉ែន។
ខាងរដ្ឋបាលរបស់លោក Joe Biden បានធ្វើការថ្លឹងថ្លែងជាច្រើនខែកន្លងមកនេះ ដើម្បីសិក្សាអំពីរបៀបបញ្ជូនអាវុធដែលរឹបអូសទាំនោះដោយស្របច្បាប់ ដែលអាចរក្សាទុកក្នុងបរិក្ខារ CENTCOM នៅទូទាំងមជ្ឈិមបូព៌ា បន្ទាប់មកទើបប្រគល់ទៅឲ្យអ៊ុយក្រែន។
សូមរំលឹកថានៅពីពាក់កណ្តាលខែមករា សហរដ្ឋអាមេរិកក៏ធ្លាប់បានជួយកងកម្លាំងបារាំងក្នុងការរឹបអូសកាំចំនួន 3,000 ដើម កាំជ្រួចប្រឆាំងរថក្រោះចំនួន 23 ដើមផងដែរ។ ដោយនាពេលនោះ កប៉ាលដឹកអាវុធរបស់ប្រទេសអ៊ីរ៉ង់ គឺបានធ្វើដំណើរទៅកាន់ប្រទេសយេម៉ែនដូចគ្នា។
បើយោងតាមការរៀបរាប់របស់មេបញ្ជាការកណ្តាលបានឱ្យដឹងថា ការហាមឃាត់អាវុធខុសច្បាប់នោះបានបិទក្នុងរយៈពេលពីរខែ ដែលសហរដ្ឋអាមេរិក និងដៃគូបានធ្វើការរឹបអូសអាវុធជាសរុបប្រមាណ 5,000 គ្រឿង និងគ្រាប់កាំភ្លើងចំនួន 1,6 លានគ្រាប់។
ចំនែកឯក្រុមមន្ត្រីបាននិយាយថា ក្រសួងយុត្តិធម៌ និងមន្ត្រីការពារជាតិបានធ្វើការរួមគ្នាដើម្បីស្វែងរកផ្លូវច្បាប់ក្នុងការបញ្ជូនអាវុធទាំងនោះទៅកាន់ប្រទេសអ៊ុយក្រែនទាំងអស់ ហើយចំពោះមធ្យោបាយមួយដែលអាចធ្វើទៅបានគឺធ្វើតាមរយៈអាជ្ញាធររឹបអូសស៊ីវិលរបស់សហរដ្ឋអាមេរិកតែម្តង។
គួរបញ្ជាក់ថាក្រសួងយុត្តិធម៌ បានដាក់ពាក្យបណ្តឹងរឹបអូសយ៉ាងហោចណាស់ចំនួនពីរករណី ដើម្បីប្រឆាំងនឹងការដឹកជញ្ជូនគ្រាប់រំសេវ និងអាវុធរបស់អ៊ីរ៉ង់នៅឆ្នាំនេះ។ ម្យ៉ាងវិញទៀត ក្រៅពីការប្រកាសកាលពីខែមីនា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DOJ) ក៏បានប្រកាសកាលពីខែកក្កដាថា ខ្លួនកំពុងតែស្វែងរកការរឹបអូសបន្ថែមទៀតទៅលើការដឹកអញ្ជូនអាវុធដោយខុសច្បាប់ ដោយក្នុងនោះរួមមាន “កាំភ្លើងជាង 9,000 ដើម កាំភ្លើងធំ284 ដើម គ្រាប់រ៉ុក្កែតប្រហែល 194 គ្រាប់ កាំជ្រួចប្រឆាំងរថក្រោះជាង 70 គ្រាប់ និងគ្រាប់រំសេវជាង 700,000 គ្រាប់” ដែលត្រូវរឹបអូសពី អ៊ីរ៉ង់ យកមករក្សាទុកផងដែរ។

scroll to top