ដំណើរទស្សនៈកិច្ចរបស់លោក ពូទីន នៅប្រទេសចិន គឺអមដោយមន្ត្រី ដែលមានកាបូបយួរដៃនុយក្លេអ៊ែរ

រូបភាពដ៏កម្រត្រូវបានបង្ហាញកាលពីថ្ងៃពុធ ខណៈដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានមកដល់ទីក្រុងប៉េកាំង គឺអមទៅដោយរដ្ឋមន្ត្រីជាន់ខ្ពស់ជាមួយនឹងកាបូបយួរដៃនុយក្លេអ៊ែរ បើយោងតាមអ្នកជំនាញបាននិយាយថា កាបូបនោះវាមានសមត្ថភាពក្នុងការបញ្ជាឱ្យមានការវាយប្រហារនុយក្លេអ៊ែរភ្លាមៗផងដែរ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣។

រូបភាពរបស់លោក ពូទីន បន្ទាប់ពីកិច្ចប្រជុំជាមួយ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង ត្រូវបានបញ្ចប់ គឺត្រូវបានគេថតបាន នូវពេលដែលលោកដើរទៅកាន់កិច្ចប្រជុំមួយផ្សេងទៀតដោយមានការហ៊ុំព័ទ្ធទៅដោយក្រុមអង្គរៈសន្តិសុខដើរហែរហមពីក្រោយ ក្នុងនោះគេបានសង្កេតឃើញថាមានមន្ត្រីកងទ័ពជើងទឹករុស្ស៊ីចំនួនពីរនាក់ ហើយម្នាក់ៗគឺមានកាន់កាបូបយួរដៃនុយក្លេអ៊ែ នេះបើយោងតាមកាមេរ៉ាពង្រីកនៅលើកាបូបយួរទាំងនោះ។

គួរបញ្ជាក់ថា កាបូបយួរដៃនុយក្លេអែររបស់រុស្សី តែងតែនៅជាមួយនឹងមន្ត្រីកងនាវាចរ ហើយវាក៏បានគេធ្វើកំណត់សម្គាល់ថាជា “Cheget” (ដាក់ឈ្មោះតាមភ្នំ Cheget នៅភ្នំ Caucasus) វាគឺជាកាបូបយួដៃមួយប្រភេទ ដែលតែងតែប្រើប្រាស់ក្នុងការអមដំណើរប្រធានាធិបតីរុស្ស៊ីគ្រប់ពេលវេលា ប៉ុន្តែរាល់រូបភាពទាំងនោះ វាពិតជាកម្រថតបានខ្លាំងណាស់។

បើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់វិមានក្រឹមឡាំងតាមរយៈទីភ្នាក់ងារព័ត៌មានរដ្ឋ RIA បាននិយាយនៅក្នុងការបង្ហោះនៅលើ Telegram ក្រោមវីដេអូថា “មានវ៉ាលីមួយចំនួនមិនបានធ្វើដំណើរជាមួយនឹងលោកពូទីននោះទេ” ។

តែនៅក្នុងឃ្លីបមួយទៀត លោកពូទីនដើរចេញពីការប្រជុំនៅទីក្រុងប៉េកាំងជាមួយមន្ត្រីកងទ័ពជើងទឹកម្តងទៀត គឺត្រូវបានគេថតបានប៉ុន្មានជំហ៊ានពីលោកពូទីនដែលញញឹមនៅពេលគាត់ដើរទៅជណ្តើរ។

បើយោងតាមអ្នកជំនាញរបស់រ៉យទ័រ បានឲ្យដឹងថា ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកក៏មានឧបករណ៍បែបនេះដែរ តែវាត្រូវបានគេដាក់ឈ្មោះថា  “nuclear football”។  ប្រភពមួយបាននិយាយថា កាបូបនោះគឺមានលេខកូដដែលប្រធានាធិបតីនឹងប្រើដើម្បីផ្ទៀងផ្ទាត់ការបញ្ជាឱ្យបាញ់បង្ហោះកាំជ្រួចនុយក្លេអ៊ែរ ប្រសិនបើគាត់មិននៅក្នុងសេតវិមាន។

ជាការពិតណាស់ សង្រ្គាមអ៊ុយក្រែនបានបង្កើនភាពតានតឹងរវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោនដល់កម្រិតមួយដែលខ្ពស់បំផុត ចាប់តាំងពីវិបត្តិមីស៊ីលគុយបាក្នុងឆ្នាំ 1962 ខណៈដែលចិនព្យាយាមពង្រឹងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនឱ្យស្របតាមឋានៈជាមហាអំណាចដែលកំពុងរីកចម្រើនផងដែរ។

សភារុស្ស៊ី បានបោះជំហ៊ានដំបូង កាលពីថ្ងៃអង្គារ ឆ្ពោះទៅរកការលុបចោលការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែរដ៏ទូលំទូលាយ ហើយសមាជិកសភាកំពូលរបស់ខ្លួនបានព្រមានសហរដ្ឋអាមេរិកថា ទីក្រុងមូស្គូអាចនឹងបោះបង់កិច្ចព្រមព្រៀងនេះទាំងស្រុង។

បើទោះជាយ៉ាងណាក៏ដោយកាបូបយួរដៃ វាគ្រាន់តែជាឧបករណ៍ទំនាក់ទំនងដែលមានសុវត្ថិភាពមួយប៉ុណ្ណោះ គេប្រើវាជាមួយនឹងប្រធានាធិបតី ដើម្បីតភ្ជាប់ទៅនឹងលង្ហិនកំពូលយោធារបស់គាត់(ក្នុងករណីចុចបញ្ជា) ហើយបន្ទាប់មកវានឹងផ្តល់សញ្ញាទៅកាន់កងកម្លាំងរ៉ុក្កែត តាមរយៈបណ្តាញបញ្ជា និងការគ្រប់គ្រងអេឡិចត្រូនិច “Kazbek”  Kazbek គឺជាពាក្យសម្ងាត់របស់ប្រព័ន្ធមួយផ្សេងទៀតដែលគេស្គាល់ថា “Kavkaz” ។

បច្ចុប្បន្នៅក្នុងប្រទេសរុស្ស៊ី មានរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីម្នាក់គឺ លោក Sergei Shoigu គាត់ក៏មានកាបូបយួរដៃនុយក្លេអ៊ែរផងដែរ ហើយចំនែកឯប្រធានបុគ្គលិកទូទៅបច្ចុប្បន្នលោក Valery Gerasimov ក៏មានវាផងដែរ។

បើយើងរំលឹកមកវិញនូវវីដេអូមួយ ដែលធ្លាប់បង្ហាញដោយ ប៉ុស្តិ៍ទូរទស្សន៍ Zvezda របស់រុស្ស៊ី ក្នុងឆ្នាំ 2019 បានបង្ហាញនូវអ្វីដែលខ្លួនបាននិយាយថា វាជាកាបូបយួរដៃមួយដែលមានប៊ូតុងអារេ។

តែបើនៅក្នុងផ្នែកមួយផ្សេងទៀតត្រូវបានគេហៅថា “ពាក្យបញ្ជា” ដោយមានប៊ូតុងចំនួនពីរគឺ ប៊ូតុង “ចាប់ផ្តើម” ពណ៌ស និងប៊ូតុង “បោះបង់” ពណ៌ក្រហម។ តែបើយោងតាម ​​Zvezda វិញបាននិយាយថា កាបូបយួរដៃត្រូវបានធ្វើឱ្យសកម្មដោយកាតពន្លឺពិសេសតែប៉ុណ្ណោះ ដែលយើងអាចនិយាយបានថា​ វាគឺជាខែលការពារ។

បើយើងតាមរបាយការមួយបានបង្ហាញថា ការបូបយួដៃនុយក្លេអ៊ែរមួយក្នុងចំណោមកាបូបយួរដៃនុយក្លេអ៊ែរដែលប្រើដោយអតីតប្រធានាធិបតីរុស្ស៊ីលោក Boris Yeltsin ត្រូវបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរ Yeltsin ក្នុងទីក្រុង Yekaterinburg ។

យ៉ាងណាមិញ លោកពូទីន កំពុងធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ក្នុងដំណើរដែលគេស្គាល់ជាលើកទីពីរនៅខាងក្រៅអតីតសហភាពសូវៀតចាប់តាំងពីសង្គ្រាមអ៊ុយក្រែនបានចាប់ផ្តើមក្នុងខែកុម្ភៈឆ្នាំ 2022។

នាយករដ្ឋមន្ត្រីថៃ  និយាយថា៖ ប្រជាជនថៃអាចចាកចេញពីប្រទេសអ៊ីស្រាអែល ប្រសិនបើពួកគេចង់វិលត្រឡប់

នាយករដ្ឋមន្ត្រីថៃ លោក ស្រេថា ថាវីស៊ីន បានផ្តល់ដំបូន្មានដល់ប្រជាជនថៃទាំងអស់ដែលរស់នៅក្នុងប្រទេសអ៊ីស្រាអែល ឱ្យសម្រេចចិត្តឥឡូវនេះ ប្រសិនបើពួកគេចង់ចាកចេញពីប្រទេសមួយនេះជាបណ្តោះអាសន្ន។ រដ្ឋាភិបាលថៃរូបនេះកំពុងតែមានការព្រួយបារម្ភថា ចំនួនអ្នកស្លាប់នៃប្រជាជនរបស់ខ្លួនអាចនឹងកើនឡើង ព្រោះថាបើយោងតាមតួរលេខនៅព្រឹកថ្ងៃពុធនេះ ជនជាតិបានបាត់ជីវិតរហូតដល់ ៣០ នាក់ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣។

បើយោងតាមការលើកឡើងរបស់លោកស្រេតថា​ ថាវីស៊ីន ដែលបាននិយាយកាលពីថ្ងៃពុធ នៅក្នុងទីក្រុងប៉េកាំងថា«ខ្ញុំចង់ឲ្យអ្នកដែលមិនទាន់សម្រេចចិត្ត ឆាប់សម្រេចចិត្ត ព្រោះហានិភ័យស្ថិតនៅលើដៃរបស់អ្នក ហើយប្រសិនបើអ្នកចង់វិលវិញ វាជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ដែលត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជម្លៀសប្រជាជនឱ្យបានលឿន និងសុវត្ថិភាពតាមដែលអាចធ្វើទៅបាន»។

លោកបានមានប្រសាសន៍ទៀតថា គាត់មានការសោកស្ដាយជាខ្លាំងចំពោះរបាយការណ៍ចុងក្រោយនៃការស្លាប់របស់ជនជាតិថៃម្នាក់ទៀតនៅក្នុងប្រទេសអ៊ីស្រាអែល ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ 30 នាក់ និង ចំនួនអ្នករបួសនៅតែមិនផ្លាស់ប្តូរនៅត្រឹម 16 នាក់ ហើយការចាប់ពង្រត់នៅមាន 17 នាក់។

លោក ស្រេត ថា បានមានប្រសាសន៍បន្តទៀតថា លោកបានជួបអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ដែលបាននិយាយថា លោកមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះការបាត់បង់ជីវិតរបស់ជនជាតិថៃក្នុងប្រទេសអ៊ីស្រាអែលផងដែរ។

នាយករដ្ឋមន្រ្តីថៃបានថ្លែងទៅកាន់ជនរួមជាតិថា “ប្រទេសថៃមិនមែនជាភាគីជម្លោះទេ ប៉ុន្តែការខាតបង់របស់យើង គឺស្ថិតក្នុងកម្រឹតខ្ពស់បំផុតទីពីរបន្ទាប់ពីសហរដ្ឋអាមេរិក” ហើយបច្ចុប្បន្នគាត់កំពុងតែនៅទីក្រុងប៉េកាំង ដើម្បីចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។

លោក ស្រេត ថា បាននិយាយថា លោកបានជួបមេដឹកនាំជាតិផ្សេងទៀតនៅទីក្រុងប៉េកាំង ហើយអ្នកទាំងអស់មានការព្រួយបារម្ភអំពីស្ថានភាពនៅក្នុងប្រទេសអ៊ីស្រាអែល។

លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលថៃអាចជម្លៀសពលករថៃចំនួន ៦០០ នាក់ចេញពីប្រទេសអ៊ីស្រាអែលជារៀងរាល់ថ្ងៃ ប៉ុន្តែក្នុងកាលៈទេសៈបច្ចុប្បន្ន វាពិតជាលំបាកណាស់ក្នុងការប្រមូលផ្តុំគ្នាក្នុងចំនួនច្រើននាពេលតែមួយ។

បើយោងតាមប្រភពសារព័ត៌ក្នុងស្រុកបានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ យន្តហោះ Airbus បានចាកចេញពីទីក្រុងបាងកក តាមជើងហោះហើរទីពីររបស់ខ្លួន ដើម្បីទៅទទួលយកជនជាតិថៃនៅប្រទេសអ៊ីស្រាអែល។ គួរបញ្ជាក់ថាយន្តហោះនោះគឺអាចផ្ទុកមនុស្សប្រមាណ 340-500នាក់ ដោយគ្រោងនឹងត្រលប់មកវិញនៅរសៀលថ្ងៃព្រហស្បតិ៍ ខណៈដែលព័តឥមានបឋមនិយាយថាជនជាតិថៃត្រូវបានគេជម្លៀសចេញចំនួន 145 នាក់។

ខាងក្រសួងការងារបាននិយាយថា ពលករថៃចំនួន ៨.១៦០នាក់ ដែលធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែលបានចុះឈ្មោះ ក្នុងគោលបំណងដើម្បីវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ប៉ុន្តែពលករណប្រមាណ ១១១ នាក់ផ្សេងទៀតបាននិយាយថា ពួកគេចង់បន្តនៅទីនោះ។

បើយោងតាមប្រភពដដែលបានឲ្យដឹងថា សម្រាប់​ពលករ​ថៃ​ប្រមាណ​ជា​៣​ម៉ឺន​នាក់ ដែលរស់​នៅក្នុងប្រទេស​អ៊ីស្រាអែល​ គឺបន្ទាប់ពីមានសង្គ្រាមបានផ្ទុះឡើងកាលពី​ថ្ងៃ​ទី​៧​ ខែតុលា គឺមានជានជាតិថៃប្រមាណ​ជាង​មួយ​ពាន់​នាក់​ត្រូវ​បានរដ្ឋាភិបាលថៃធ្វើអន្តរាគមន៍ឲ្យពួក​គេបានវិល​ត្រឡប់​មក​ផ្ទះ​វិញ​រួចរាល់។

សហរដ្ឋអាមេរិក បានផ្តល់ ATACMS រយៈចម្ងាយឆ្ងាយ ដល់អ៊ុយក្រែនដោយសម្ងាត់

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា អ៊ុយក្រែនបានបាញ់បង្ហោះ ATACMS ទៅកាន់កងកម្លាំងរុស្ស៊ីកាលពីថ្ងៃអង្គារ បន្ទាប់ពីសហរដ្ឋអាមេរិកបានផ្តល់ជូនប្រទេសរបស់ខ្លួនជាសម្ងាត់នូវមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយមួយចំនួនតូចដល់ទីក្រុង Kyiv ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣។

លោក Zelenskyy បាននិយាយកាលពីថ្ងៃអង្គារថា “កិច្ចព្រមព្រៀងរបស់យើងជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden កំពុងត្រូវបានអនុវត្ត ហើយយើងក៏កំពុងតែអនុវត្តយ៉ាងត្រឹមត្រូវតាមលក្ខខណ្ឌនៃការប្រើប្រាស់ ATACMS” ។

ATACMS វាជាប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រ ដែលផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin នឹងអនុញ្ញាតឱ្យកងកម្លាំងអ៊ុយក្រែនអាចចូលទៅកាន់តែជ្រៅទៅក្នុងទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ី។ ម្យ៉ាងវិញទៀតសហរដ្ឋអាមេរិកក៏នឹងអនុញ្ញាតឱ្យអ៊ុយក្រែនបាញ់ទៅលើគោលដៅលើផ្ទៃពីចម្ងាយដែលមានសុវត្ថិភាពជាជាងការទៅជួរមុខដើម្បីវាយប្រហារគោលដៅឆ្ងាយជាងនេះ។

ATACMS អាចត្រូវបានប្រើនៅក្នុងប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ ឬ HIMARS ដែលមាននៅក្នុងឃ្លាំងអាវុធរបស់ប្រទេសអ៊ុយក្រែនរួចហើយ។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានផ្តល់តែ GMLRS – ខ្លីសម្រាប់ប្រព័ន្ធរ៉ុក្កែត Guided Multiple Launch Rocket -តែប៉ុណ្ណោះ ហើយចំនែកឯ MLRS ដែលអាចបាញ់ឆ្ងាយជាងគេវិញ គឺអាចមានចម្ងាយប្រហែល 90 គីឡូម៉ែត្រ (60 ម៉ាយ) នោះទេ។

មន្ត្រីអាមេរិកម្នាក់ដែលនិយាយទៅកាន់ VOA ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា សហរដ្ឋអាមេរិកបានផ្តល់ជាសម្ងាត់ដល់អ៊ុយក្រែននូវប្រភេទ ATACMS ចាស់មួយចំនួនតូចដែលមានចម្ងាយអតិបរមាប្រហែល 170 គីឡូម៉ែត្រ ឬ (១០៦ ម៉ាយ) ។

ហើយកំណែថ្មីនៃ ATACMS គឺមានចម្ងាយអតិបរមាលើសពី 300 គីឡូម៉ែត្រ ឬ(186 ម៉ាយ) ។

គួរបញ្ជាក់ថា ATACMS គឺជាអាវុធចុងក្រោយបង្អស់ដែលរដ្ឋបាលលោក Biden កាលពីដំបូងឡើយបានបដិសេធមិនផ្តល់ឲ្យអ៊ុយក្រែននោះទេ ប៉ុន្តែបន្ទាប់មកពួកក៏បានផ្លាស់ប្តូរចិត្តរបស់ខ្លួន។

គួររំលឹកថា  កាលពីមុនខាងសេតវិមានបានបដិសេធការយល់ព្រមចំពោះសំណើសម្រាប់កាំជ្រួចប្រឆាំងយន្តហោះ Stinger ដែលផលិតដោយអាមេរិក ប្រព័ន្ធគ្រាប់រ៉ុក្កែតចល័តខ្ពស់ និងយន្តហោះចម្បាំង F-16 ដើម្បីអនុម័តលទ្ធភាពរបស់អ៊ុយក្រែនក្នុងការទទួលបានទ្រព្យសម្បត្តិយោធាទាំងនោះនៅពេលក្រោយ។

ប៉ុន្តែកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lloyd Austin បាននិយាយថា សហរដ្ឋអាមេរិកនឹងដឹកនាំក្រុមចម្រុះ ដែលធ្វើការដើម្បីផ្តល់យន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែន បន្ទាប់ពីភ្លើងខៀវកាលពីខែឧសភា គឺបន្ទាប់ពីការបណ្តុះបណ្តាលអ្នកបើកយន្តហោះចម្បាំងរបស់អ៊ុយក្រែន និងការផ្ទេរយន្តហោះទៅអ៊ុយក្រែនពីសម្ព័ន្ធមិត្តលោកខាងលិច។ បើទោះជាងនេះក្តី លោក Austin បាន​ព្រមាន​ថា ខ្លួន​នឹង​ត្រូវ​ចំណាយ​ពេលជាមួយ​អ៊ុយក្រែន​ជាច្រើនទៀត ​ខែ​មុន​ពេល​ពួកគេ​នឹង​ត្រៀម​ខ្លួន​ប្រើ​យន្តហោះ F-16 ក្នុង​សមរភូមិ។

លោក Lloyd Austin បាននិយាយថា “ដូច្នេះដំបូងបំផុតគឺនិទាឃរដូវក្រោយនៅពេលដែលយើងអាចចាប់ផ្តើមមើលឃើញសមត្ថភាពដំបូង” ។

ឥឡូវនេះផងដែរខាងចក្រភពអង់គ្លេសបានផ្តល់ឲ្យអ៊ុយក្រែននូវប្រភេទមីស៊ីលស្រដៀងគ្នាកាលពីដើមឆ្នាំនេះ គឺមីស៊ីល Storm Shadow ដែលមានរយៈចម្ងាយអតិបរមាប្រហែល 250 គីឡូម៉ែត្រ ប៉ុន្តែ Storm Shadow ត្រូវបានបាញ់ចេញពីយន្តហោះលើផ្ទៃមេឃរបស់អ៊ុយក្រែន ហើយវាក៏ជាអាវុធដែលមានការប្រកួតប្រជែងខ្លាំងជាមួយនឹង ATACMS ដែលបានផ្តល់ឱ្យអ៊ុយក្រែននោះដែរ តែចំពោះការវាយប្រហារវាអាស្រ័យទៅលើការបត់បែនរបស់កងទ័ពអ៊ុយក្រែន។

សម្រាប់កំណែថ្មីបំផុតរបស់ ATACMS វាអាចធ្វើចលនាលឿនជាងកាំជ្រួចផ្សេងទៀតដែលយើងឃើញនៅលើសមរភូមិ ពី 3 ទៅ 4 ដង បើរាប់ទាំង Storm Shadow និង KH-101 ដែលផលិតដោយរុស្ស៊ី។

ប៉ូលីសកំពូលរបស់ថៃ បានទាមទារឲ្យមានរបាយការណ៍សុខភាពរបស់ លោក ថាក់ស៊ីន ពីមន្ទីរពេទ្យ

អគ្គស្នងការនគរបាលជាតិនៃប្រទេសថៃ លោក តូសាក់ ស៊ុកវិម៉ុល កាលពីថ្ងៃអង្គារ បានអំពាវនាវដល់មន្ទីរពេទ្យទូទៅប៉ូលីស (PGH) ឱ្យដាក់របាយការណ៍សុខភាពដោយស្តីពីការព្យាបាលដែលខ្លួនកំពុងផ្តល់ជូនសម្រាប់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងតែជាប់ពន្ធនាគារនោះឲ្យបានច្បាស់លាស់ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣។

ការអំពាវនាវរបស់អគ្គស្នងការនគរបាលជាតិមួយនេះបានកើតឡើងបន្ទាប់ពីមានរូបថតមួយសន្លឹកត្រូវបានផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គមដែលបង្ហាញថា លោកថាក់ស៊ីន គឺនៅក្នុងឈុតសម្លៀកបំពាក់អ្នកជំងឺ ហើយធ្វើដំណើរឆ្ពោះទៅរកការស្កេនកុំព្យូទ័រ (CT)។

តាមរយៈរូបភាពមួយសន្លឹកដែលត្រូវបានផ្សព្វផ្សាយ វាបានធ្វើឲ្យក្រុមអ្នករិះគន់បាននិយាយថា វាអាចជារូបភាពដែលមានបំណងទាក់ទាញចំណាប់អារម្មណ៍ពីមហាលជន ដោយអ្នកបង្ហាញនោះចង់និយាយថា លោក ថាក់ស៊ីន នៅតែឈឺធ្ងន់ ហើយត្រូវការការព្យាបាលបន្ថែមទៀតនៅមន្ទីរពេទ្យនៅខាងក្រៅពន្ធនាគារ។

គួរបញ្ជាក់ថារូបថតមួយសន្លឹកនោះ​បាន​កើត​ឡើង​ ខណៈ​ពេលលោក ថាក់ស៊ីន កំពុងតែ​សម្រាក​ព្យាបាល​នៅ​ក្រៅ​ពន្ធនាគារ ម្យ៉ាងទៀតការសម្រាកព្យាបាលនោះវាបាន​ផុត​កំណត់ចំពោះ​រយៈពេល ៩០ ថ្ងៃ​ បើគិតត្រឹម​ថ្ងៃ​សុក្រ។

បច្ចុប្បន្ន លោក ថាក់ស៊ីន មានអាយុ ៧៤ ឆ្នាំ បានត្រឡប់មកប្រទេសថៃវិញនៅថ្ងៃទី ២២ ខែសីហា បន្ទាប់ពីបាននិរទេសខ្លួនឯង ១៥ ឆ្នាំ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារសរុប ៨ ឆ្នាំក្នុងសំណុំរឿងចំនួន ៣ បន្ទាប់មកក៏ត្រូវបានព្រះមហាលក្សត្រព្រះរាជទានទោស ដោយឲ្យលោកថាក់ស៊ីន ជាប់ពន្ធធនាគារត្រឹម១ឆ្នាំវិញ ។

បើទោះយ៉ាងណាក៏ដោយ គាត់ត្រូវបានគេបញ្ជូនចេញពីពន្ធនាគារបាងកក ទៅកាន់ PGH នៅយប់នោះ ក្រោមហេតុផលមួយថា សុខភាពរបស់គាត់មិនអំណោយផល។

តែកាលពីព្រឹកថ្ងៃអង្គារដើមសប្តាហ៍នេះ មានសកម្មជននយោបាយម្នាក់លោក Srisuwan Janya បានដាក់ញត្តិទៅក្រសួងយុត្តិធម៌ទាមទារឱ្យមានការស៊ើបអង្កេតលើការព្យាបាលរបស់លោកថាក់ស៊ីននៅ PGH ដើម្បីមើលថា តើក្នុងករណីរបស់អតីតនាយករដ្ឋមន្ត្រីរូវនេះ មានការបំពានច្បាប់កែរតម្រូវដែរឬអត់។

យើងខ្ញុំសូមបញ្ជាក់ថា​ បើទោះបីជារូបភាពនោះថតពីចំងាយក៏ដោយ ក៏អ្នករិះគន់អះអាងថា វាត្រូវបានថតឡើង ដោយទឹកមុខរបស់ លោក ថាក់ស៊ីន ហើយវាក៏មិនបានបិទបាំងអ្វីនោះដែរ យើងអាចនិយាយបានថារូបមួយសន្លឹកនោះគឺចង់បង្ហាញថាជារូបគាត់ ដើម្បីឱ្យមើលទៅហាក់ដូចជាអតីតនាយករដ្ឋមន្ត្រី នៅតែត្រូវការការថែទាំសុខភាព។

លោក Srisuwan បានកត់សម្គាល់ថា ទោះបីជាមានជំងឺជាបន្តបន្ទាប់របស់លោកថាក់ស៊ីន រួមទាំងជំងឺបេះដូង ជំងឺសួត ជំងឺលើសឈាម និងជំងឺសរសៃពួរក៏ដោយ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់គាត់នៅ PGH គឺសុទ្ធសឹងតែអាចបំពានច្បាប់កែតម្រូវ ដោយច្បាប់មួយនោះបានចែងថា មានតែអ្នកទោសដែលទទួលរងការរិះគន់ ឬផ្លូវចិត្តប៉ុណ្ណោះ ទើបត្រូវបានអនុញ្ញាតឱ្យទទួលការព្យាបាលពិសេសនៅខាងក្រៅពន្ធនាគារ។

ចំពោះសំនួរចុងក្រោយដែល លោក Srisuwan Janya បានចោទសួរទៅកាន់ពន្ធធនាគារថា៖ ហេតុអ្វីបានជាលោក ថាក់ស៊ីន មិនត្រូវបានកាត់សក់ឱ្យខ្លី? ព្រោះវាគឺជាលក្ខខណ្ឌដែលតម្រូវតាមបទប្បញ្ញត្តិរបស់នាយកដ្ឋានកែតម្រូវ។

scroll to top