ពលករ​ថៃ​ដែល​ស្លាប់​ក្នុង​ការ​វាយ​ប្រហារនៅក្នុងប្រទេស​អ៊ីស្រាអែល​ ត្រូវ​បាន​គេ​ធ្វើ​មាតុភូមិ​និវត្តន៍

សាកសព​កម្មករ​ថៃ​ប្រមាណ ៨ នាក់ ដំបូង ​ដែល​បាន​ស្លាប់​ក្នុង​ប្រទេស​អ៊ីស្រាអែល បើគិត​ចាប់​តាំង​ពី​ការ​វាយ​ប្រហារដោយពួក​ក្រុម​ហាម៉ាស​កាល​ពី​ថ្ងៃ​ទី​៧ តុលាមក ត្រូវ​បាន​គេ​បញ្ជូន​មក​ប្រទេស​វិញ​តាម​ជើង​ហោះ​ហើរ​ពាណិជ្ជកម្ម​មួយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ហើយសាកសពរបស់ពួកគេទាំងនោះក៏​ត្រូវ​បាន​គេ​ដឹក​បន្ត​ទៅស្រុក​កំណើត​រៀង​ៗ​ខ្លួនផងដែរ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣។

ជើងហោះហើរ El Al Flight LY083 បានហោះចេញពីប្រទេសអ៊ីស្រាអែល ដោយដឹកសាកសពបុរសជនជាតិថៃទាំងប្រាំបីនាក់នោះ និងបានចុះចតនៅអាកាសយានដ្ឋានសុវណ្ណភូមិ ក្នុងខេត្ត Samut Prakan នៅម៉ោង 9:33 នាទីព្រឹក។

ចំពោះមឈូស​ដែល​ផ្ទុក​អ្នក​ស្លាប់​ត្រូវ​បាន​គេ​យក​ទៅ​តម្កល់​នៅ​មុខ​ Free Zone នៃ​ការិយាល័យ​គយ​ខាង​ក្នុង​អាកាសយានដ្ឋាន​ដើម្បី​ធ្វើ​ពិធី​កាន់​ទុក្ខថែមទៀតផង។

លោក Pairote Chotikasathien លេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកការងារបាននិយាយកាលពីថ្ងៃសុក្រថាមន្ត្រីការងារនៅក្នុងខេត្តនៃអ្នកស្លាប់ទាំងនោះ ពួកគេនឹងទៅសួរសុខទុក្ខក្រុមគ្រួសាររបស់កម្មករដែលបានស្លាប់ហើយប្រាប់ពួកគេអំពីការផ្តល់ជូនរបស់រដ្ឋាភិបាលសម្រាប់ក្រុមគ្រួសារនៃជនរងគ្រោះនោះផងដែរ។

លោក​បាន​បន្ត​ថា​ដំបូង​ក្រសួង​ការងារ​នឹង​ផ្តល់​ប្រាក់​ចំនួន ៤០,០០០ បាត​ដល់​គ្រួសារ​នីមួយៗ​សម្រាប់​ថ្លៃ​ធ្វើ​បុណ្យ​សព។ ហើយក្រសួងនឹងសហការបន្ថែមទៀត ជាមួយអាជ្ញាធរអ៊ីស្រាអែលដើម្បីទទួលបានអត្ថប្រយោជន៍មរណភាពសម្រាប់គ្រួសារនីមួយៗ។ ចំពោះប្រពន្ធរបស់អ្នកស្លាប់ក៏នឹងទទួលបានប្រាក់ឈ្នួលប្រចាំខែចំនួន 40,000 បាតរហូតដល់រៀបការម្តងទៀត ហើយកូនរបស់ពួកគេម្នាក់ៗនឹងទទួលបានប្រាក់ខែពី 8,000 ទៅ 12,000 បាតក្នុងមួយខែរហូតដល់ពួកគេមានអាយុ 18 ឆ្នាំ។

លោក Pairote បាននិយាយថា ក្រសួងការងារបានបញ្ជូនទឹកផឹក និងអាហារស្ងួតប្រមាណ ៤,០០០ឈុត ដល់ពលករថៃដែលជាប់គាំងនៅក្នុងប្រទេសអ៊ីស្រាអែល។ លោកបានបន្ថែមថា ក្រសួងនឹងព្យាយាមធ្វើមាតុភូមិនិវត្តន៍ទាំងស្របច្បាប់ និងខុសច្បាប់ពលករថៃពីអ៊ីស្រាអែលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

លោក Pairote បាននិយាយថា ចំពោះកម្មករដែលត្រូវបានគេរាយការណ៍ថាបង្ខំឱ្យបន្តធ្វើការដោយនិយោជករបស់ពួកគេ បើទោះបីជាសង្រ្គាមកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសក៏ដោយ អនុព័ន្ធការងារនៅអ៊ីស្រាអែលត្រូវបានណែនាំឱ្យធ្វើអន្តរាគមន៍ ព្រោះទង្វើនេះគឺផ្ទុយនឹងច្បាប់។

តំណាង​ភាគី​ថៃ​ក្នុង​ពិធី​នោះ​មាន​លោក Pannabha Chandraramya ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ប្រទេស​អ៊ីស្រាអែល លោក Naruchai Ninnart អគ្គនាយករង​នៃ​នាយកដ្ឋាន​កិច្ចការ​កុងស៊ុល និង​អនុព័ន្ធ​ការងារ​នៅ​ស្ថានទូត​ថៃ​ប្រចាំ​ប្រទេស​អ៊ីស្រាអែល។

មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលដែលចូលរួមក្នុងពិធីនេះរួមមានលោក Michael Ronen អគ្គនាយកនៃនាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិក និងលោក Inbal Masashh ប្រធានរដ្ឋបាលពលករបរទេស។

អង់គ្លេសនិយាយថា៖ ប្រព័ន្ធការពារដែនអាកាស និងឧទ្ធម្ភាគចក្ររបស់រុស្ស៊ី ប្រហែលជាខ្ទេចដោយសារតែ ATACMS របស់អ៊ុយក្រែន

ក្រសួងការពារជាតិអង់គ្លេសបាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងអ៊ុយក្រែន “ទំនងជា” បានវាយប្រហារទៅលើឧបករណ៍ការពារដែនអាកាស និងឧទ្ធម្ភាគចក្ររបស់រុស្ស៊ី កាលពីដើមសប្តាហ៍នេះ នៅឯអាកាសយានដ្ឋាន Berdyansk និង Luhansk នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣។

បើយោងតាមរបាយការណ៍របស់ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបាននិយាយថា ឧទ្ធម្ភាគចក្រចំនួនប្រាំបួននៅ Berdyansk និង 5 គ្រឿងនៅ Luhansk “ទំនងជា” ត្រូវបានបំផ្លាញដោយសារតែកងទ័ពរបស់អ៊ុយក្រែន។

ចំណែកឯខាងប្រទេសអ៊ុយក្រែនវិញនិយាយថា ខ្លួនបានប្រើប្រាស់កាំជ្រួច ATACMS រយៈចម្ងាយឆ្ងាយ ដែលផ្តល់ដោយសហរដ្ឋអាមេរិក ជាលើកដំបូងក្នុងការវាយប្រហារខាងលើនេះ។

របាយការណ៍របស់ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបាននិយាយទៀតថា ប្រសិនរុស្ស៊ីហ៊ានបញ្ចេញនូវរបាយការណ៍នៃការខូចខាតលើកនេះវិញ  “ប្រាកដណាស់ទីក្រុងមូស្គូទំនងជាមានការខាតបង់ខ្លាំង ព្រោះថាវាពិតជាផលប៉ះពាល់ដល់សមត្ថភាពការពាជាតិររបស់ខ្លួន ម្យ៉ាងទៀតយើងអាចនិយាយបានថា ប្រទេសរុស្ស៊ីអាចនឹងមានការពិបាកក្នុងការស្វែងរកឧបករណ៍ការពារដែនអាកាសថ្មី ក៏ដូចជាឧទ្ធម្ភាគចក្រថ្មីមកជំនួសផងដែរ។

ប្រភពដដែលបាននិយាយថា ការបាត់បង់គ្រឿងបរិក្ខាររបស់រុស្ស៊ីលើកនេះ ទីក្រុងមូស្គូទំនងជាដាក់សម្ពាធកាន់តែខ្លាំងលើអាកាសយានិករុស្ស៊ីដែល “កំពុងតែរហត់នឿយក្នុងសមរភូមិ ក៏ដូចជាបញ្ហាថែទាំជាដើម ព្រោះយុទ្ធនាការរបស់លោក ពូទីន មួយនេះ ត្រូវបានអូសបន្លាយលើសពីការរំពឹងទុក”។

ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោកថា លោកបានពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍រួចរាល់ ដោយក្នុងនោះយើងបានសង្កត់ធ្ងន់ទៅលើរបៀបដែលមីស៊ីលអាចជួយ “បង្កើនល្បឿន” គឺមានន័យថា ការជួយរំដោះអ៊ុយក្រែនពីចេញពីការបង្កសង្គ្រាមរបស់រុស្ស៊ី។ តែទោះជាយ៉ាងណាក្តី ពួកយើងទាំងពីរក៏បាននិយាយអំពីស្ថានភាពនៅមជ្ឈិមបូព៌ាផងដែរ។

នៅក្នុងសន្ទកថាដដែលនោះ លោក Zelenskyy បានលើកយកប្រធានបទ អំពីជម្លោះក្នុងប្រទេសអ៊ីស្រាអែលយកមកនិយាយថា “មិនថាមានរឿងអ្វីកើតឡើងនោះទេ ភាគីទាំងអស់ត្រូវតែធានាថា ជនស៊ីវិលធម្មតាគឺអាចទទួលបានជំនួយជានិច្ច ។

នាវាចម្បាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានចតនៅក្បែរប្រទេសយេម៉ែន បានស្ទាក់ចាប់មីស៊ីលជាច្រើនគ្រាប់

មន្ត្រីអាមេរិកពីររូបបានប្រាប់ CNN ថា នាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិកមួយគ្រឿង ដែលប្រតិបត្តិការនៅតំបន់មជ្ឈិមបូព៌ា គឺចតនៅក្បែរឆ្នេរសមុទ្រមួយនៃប្រទេសយេម៉ែន កាលពីថ្ងៃព្រហស្បតិ៍ ហើយវាបានស្ទាក់ចាប់គ្រាប់មីស៊ីលជាច្រើនគ្រាប់ នេះបើយោងតាមការរាយកាណ៍របស់ CNN កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៣។

បើយោងតាមមន្ត្រីរបស់សហរដ្ឋអាមេរិកម្នាក់បាននិយាយថា កាំជ្រួចត្រូវបានបាញ់ដោយក្រុមសកម្មប្រយុទ្ធ Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ ខណៈដែលពួកកំពុងតែព្យាយាមចង់ចូលរួមក្នុងជម្លោះដែលកំពុងតែបន្តនៅក្នុងប្រទេសយេម៉ែន។ បើយោងតាមមន្ត្រីដែលសុំមិនបញ្ចេញឈ្មោះទាំងទី 2 នាក់នោះបានឱ្យដឹងទៀតថា កាំជ្រួចប្រហែល 2-3 គ្រាប់ត្រូវបានកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកស្ទាក់ចាប់បាន។

បើយោងតាមអ្នកយកការណ៍របស់ CNN បាននិយាយថា នាវា USS Carney បានឆ្លងកាត់ព្រែកជីក Suez ចូលទៅក្នុងសមុទ្រក្រហមកាលពីថ្ងៃពុធ។ ហើយមេបញ្ជាការកងនាវាចរអាមេរិកបាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា វានឹង “ជួយធានាសន្តិសុខ និងស្ថិរភាពដែនសមុទ្រនៅមជ្ឈិមបូព៌ាតែមួយគត់”។

កាលពីថ្ងៃព្រហស្បតិ៍នេះផងដែរ បើយោងតាម លោកឧត្តមសេនីយ Pat Ryder ដែលធ្វើការនៅទីស្តីការ​មន្ទីរ​បញ្ចកោណវិញ បានបញ្ជាក់ថា USS Carney បានបាញ់ទម្លាក់កាំជ្រួចវាយប្រហារដីចំនួនបីគ្រាប់ ក៏ដូចជាយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ដែលបានបាញ់ប្រហារដោយកងកម្លាំង Houthi វាគឺជាក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ដែលស្ថិតនៅក្នុងប្រទេសយេម៉ែន។

គួរបញ្ជាក់ថា ហ៊ូទីស គឺជាអង្គការនយោបាយផង និងជាក្រុមប្រដាប់អាវុធអ៊ីស្លាមនិយមផង ក្រុមនេះវាបានកើតចេញពីអភិបាលខេត្ត Saada ក្នុងប្រទេសយេម៉ែន កាលពីក្នុងទសវត្សរ៍ឆ្នាំ 1990 ។ បច្ចុប្បន្ន Houthi ក៏ត្រូវបានគេហៅឈ្មោះថាជាកម្លាំង Zaidi Shia ដែលជាការដឹកនាំដោយកុលសម្ព័ន្ធ Houthi ។

បើយោងតាមការរៀបរាប់របស់លោក Pat Ryder បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “សកម្មភាពបាញ់ប្រហាររបស់ពួក Houthi គឺជាការបង្ហាញមួយឲ្យយើងដឹងថា ស្ថាបត្យកម្មការពារដែនអាកាស និងកាំជ្រួចរួមបញ្ចូលគ្នាដែលយើងបានសាងសង់នៅមជ្ឈិមបូព៌ានាពេលនេះ យើងត្រូវតែត្រៀមខ្លួនប្រើប្រាស់វានៅពេលណាមួយដែលចាំបាច់ ដើម្បីការពារដៃគូរបស់យើង ក៏ដូចជាពិភពលោកទាំងមូល។ យើងត្រូវតែការពារជីវិតមនុស្ស តែក៏”មិនត្រូវឲ្យមានការស្លាប់ និងរបួសដល់កងកម្លាំងអាមេរិកនោះដែរ”។

លោក Ryder បាននិយាយថា មន្ទីរបញ្ចកោណមិនអាចនិយាយឱ្យប្រាកដបានទេនៅចំណុចនេះថា តើមីស៊ីល និងយន្តហោះគ្មានមនុស្សបើក កំពុងតម្រង់ទៅគោលដៅអ្វីនោះ ប៉ុន្តែខ្ញុំសូមអះអាងថា ការបាញ់ប្រហារទាំងនោះ គឺត្រូវបានគេបាញ់ចេញពីប្រទេសយេម៉ែន ហើយកំពុងធ្វើដំណើរឆ្ពោះទៅភាគខាងជើងតាមបណ្តោយសមុទ្រក្រហម បើយោងតាមអ្នកជំនាញបានព្យាករណ៍ថា “វាមានសក្តានុពលឆ្ពោះទៅរកគោលដៅក្នុងប្រទេសអ៊ីស្រាអែល”។

លោក Ryder បាននិយាយថា ខាងមន្ទីបញ្ចកោណក៏ធ្លាប់បានធ្វើការហៅទូរស័ព្ទជាបន្តបន្ទាប់ជាមួយមេដឹកនាំអារ៉ាប់ រួមទាំង Sheikh Mohamed bin Zayed ដែលមកពីប្រទេសអារ៉ាប់រួម និង លោក Emir Sheikh Tamim មកពីប្រទេសកាតា ព្រមទាំងព្រះអង្គម្ចាស់ Khalid bin Salman ដែលមកពីប្រទេសអារ៉ាប៊ីសាអូឌីត ផងដែរ។ លោក Pat Ryder បាននិយាបន្តទៀតថា ការហៅទូរស័ព្ទនេះ ពួកយើងមានគោលដៅតែមួយគត់ គឺដើម្បីបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះប្រទេសអ៊ីស្រាអែល និងដើម្បីបញ្ជាក់ពីសារៈសំខាន់នៃការការពារជនស៊ីវិល។

លោក Ryder បាននិយាយទៀតថា “គាត់បានសង្កត់ធ្ងន់ម្តងទៀតថា ប្រសិនបើប្រទេសណាមួយ ឬក្រុមណាមួយដែលគិតចង់ទាញយកប្រយោជន៍ពីស្ថានភាពនៅក្នុងប្រទេសអ៊ីស្រាអែល គឺដើម្បីព្យាយាមពង្រីកជម្លោះនោះ អ្នកគួរតែគិតឲ្យបានពីរដងជាមុនសិន ហើយក៏សូមឲ្យអ្នកដែលបានប្រព្រឹតនោះមានការសង្ស័យណាមួយឲ្យសោះ ប្រសិនមានការដោះស្រាយដោយសហរដ្ឋអាមេរិក” ។

សហរដ្ឋ​អាមេរិក​ តាម​ដាន​ជំហ៊ាន​បន្ទាប់​របស់​ប្រទេស​ឥណ្ឌា ​បន្ទាប់​ពី​តុលាការ​បដិសេធ​មិន​ព្រម​ធ្វើ​ឱ្យ​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា​ស្រប​ច្បាប់

សហរដ្ឋអាមេរិកបានលើកទឹកចិត្តប្រទេសឥណ្ឌា ឱ្យធ្វើការឆ្ពោះទៅរកការផ្តល់ការការពារផ្លូវច្បាប់ស្មើៗគ្នាដល់គូស្នេហ៍ភេទដូចគ្នា និងកំពុង “តាមដានយ៉ាងដិតដល់នូវជំហ៊ានបន្ទាប់” របស់រដ្ឋាភិបាលឥណ្ឌា គឺបន្ទាប់ពីតុលាការកំពូលរបស់ប្រទេសមួយនេះបានបដិសេធ ភាពស្របច្បាប់ចំពោះអ្នកស្រឡាញ់ភេទដូចគ្នា នេះ​បើ​តាម​ក្រសួង​ការ​បរទេស​អាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១៩ ខែតុលា ឆ្នាំ ២០២៣។

តុលាការកំពូលរបស់ប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារ បានបដិសេធមិន ធ្វើច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា ហើយថែមទាំងទុករឿងនេះឱ្យសភាជាអ្នកសម្រេចថែមទៀតផង យ៉ាងណាមិញវាត្រូវតែឆ្លងកាត់ការយល់ព្រមជាមួយរដ្ឋាភិបាលខ្លួន គឺលោកនាយករដ្ឋមន្ត្រី Narendra Modi ។

ដីកាជាឯកច្ឆ័ន្ទដោយកៅអីចៅក្រមចំនួនប្រាំនាក់បានកើតឡើង ហើយវាក៏ជាការខកចិត្តយ៉ាងខ្លាំងចំពោះសហគមន៍ LGBTQ ដ៏ធំនៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក។ នៅក្នុងករណីនេះវាបានកើតប្រាំឆ្នាំមកហើយ បន្ទាប់ពីតុលាការបានលុបចោលបម្រាមសម័យអាណានិគមលើការរួមភេទជាមួយមនុស្សស្រឡាញ់ភេទដូចគ្នា។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា៖ «សហរដ្ឋ​អាមេរិក​គាំទ្រ​សមភាព​អាពាហ៍ពិពាហ៍​ជា​សាកល»។ ម្យ៉ាងទៀត«យើងកំពុងតាមដានយ៉ាងដិតដល់នូវជំហ៊ានបន្ទាប់របស់រដ្ឋាភិបាលឥណ្ឌា ព្រមទាំងប្រតិកម្មពីសង្គមស៊ីវិលលើបញ្ហានេះ បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការត្រូវបានប្រកាស»។

បើយោងតាមការឆ្លើយតបពីខាង រដ្ឋបាលគណបក្ស Bharatiya Janata Party (BJP) ជាតិនិយមរបស់លោក Modi វិញ បានបកស្រាយថា ការរៀបការភេទដូចគ្នាគឺមិនអាចប្រៀបធៀបបានជាមួយនឹងគោលគំនិតគ្រួសារឥណ្ឌា ដែលមានប្តី ប្រពន្ធ និងកូន នោះទេ។

ចំនែកឯអ្នកនាំពាក្យក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបាននិយាយថា “យើងនឹងបន្តគាំទ្រចំពោះសមភាពអាពាហ៍ពិពាហ៍ និងការការពារសម្រាប់មនុស្ស LGBTQI+( Lesbian, Gay, Bisexual, Transgender, Queer, and Intersex ) ប្រឆាំងនឹងការរើសអើង និងលើកទឹកចិត្តឱ្យរដ្ឋាភិបាលឥណ្ឌាចាត់វិធានការចាំបាច់ដើម្បីផ្តល់ការការពារស្របច្បាប់ស្មើៗគ្នាដល់គូស្នេហ៍ភេទដូចគ្នា”។

យ៉ាងណាមិញចំពោះប្រធានចៅក្រមនៃប្រទេសឥណ្ឌា លោក DY Chandrachud បាននិយាយកាលពីថ្ងៃអង្គារថា តុលាការកំពូល “មិនអាចបង្កើតច្បាប់បានទេ ហើយវាគ្រាន់តែអាចបកស្រាយឲ្យសមស្របតែប៉ុណ្ណោះ។”

គួរបញ្ជាក់ថា អាស៊ី គឺជាទ្វីបដែលមានតម្លៃអភិរក្ស ដែលតែងតែគ្របដណ្ដប់លើសង្គមក្នុងប្រទេសជាច្រើន ហើយភាគច្រើនរូបភាពដែលកើតឡើងទាំងនោះ គឺវាកើតឡើងពីក្រោយពួកលោកខាងលិចក្នុងការទទួលយកអាពាហ៍ពិពាហ៍ភេទដូចគ្នា។

បើទោះជាយ៉ាងណាក្តី ខាងក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងចូលរួមជាទៀងទាត់ជាមួយរដ្ឋាភិបាលឥណ្ឌាលើការព្រួយបារម្ភអំពីសិទ្ធិមនុស្ស រួមទាំងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាផងដែរ។ ព្រោះថាបើយោងតាមរបាយការណ៍របស់ក្រសួងការបរទេសពីមុនបាន លើកឡើងពីការព្រួយបារម្ភ  នៃការប្រព្រឹត្តចំពោះជនជាតិភាគតិចសាសនា អ្នកកាសែត និងអ្នកប្រឆាំងនៅក្នុងប្រទេសឥណ្ឌា។ ប៉ុន្តែការលើកឡើងនេះ ត្រូវបាន ទីក្រុងញូវដែលី បដិសេធ ថាប្រទេសខ្លួនគ្មានការរើសអើងបែបនេះទេ។

scroll to top