លោក Zelenskyy បានប្តេជ្ញាថា និងធ្វើឲ្យ អ៊ុយក្រែន ក្លាយទៅជាផ្នែកមួយនៃសហភាពអឺរ៉ុប

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្តេជ្ញាកាលពីថ្ងៃអង្គារនេះថា ប្រទេសរបស់លោកនឹងក្លាយជាសមាជិកនៃសហភាពអឺរ៉ុបឲ្យទាល់តែបាន។ ហើយការអះអាងមួយនេះ គឺកើតឡើងមុនមួយថ្ងៃ នៃការចេញផ្សាយមួយដែលគេគ្រោងប្រកាសជាផ្លូវការនាថ្ងៃពុធ ដោយស្តីពីវឌ្ឍនភាពនៃបេក្ខភាពរបស់ប្រទេសទៅកាន់សហភាពអឺរ៉ុប នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

គួររំលឹកថា សហភាពអឺរ៉ុបក៏ធ្លាប់បានផ្តល់ឋានៈបេក្ខជនអ៊ុយក្រែននៅក្នុងខែមិថុនា កាលពីក្នុងឆ្នាំ 2022 ដោយពួកគេបានគូសបញ្ជាក់លក្ខខណ្ឌមួយចំនួន សម្រាប់ការទទួលយកប្រទេសអ៊ុយក្រែនឲ្យក្លាយជាសមាជិកភាព  របស់ពួកគេ លុះត្រាប្រទេសមួយនេះអាចការដោះស្រាយអំពើពុករលួយដែលកំពុងរីករាលដាល និងកំណែទម្រង់ប្រព័ន្ធតុលាការក្នុងប្រទេសឲ្យបានល្អជាមុនសិន។

លោក Volodymyr Zelenskyy គឺជាប្រធានាធិបតីទីប្រាំមួយនៃអ៊ុយក្រែន ចាប់តាំងពីឆ្នាំ 2019។ លោកអាចក្លាយជាប្រធានាធិបតីបាន ដោយមុននោះបន្តិច លោក Zelenskyy គឺជាបេក្ខជនប្រធានាធិបតីម្នាក់ដែលមានគោលជំហរ​ប្រឆាំង​នឹង​អំពើ​ពុករលួយ។ នៅពេលដែលលោក Zelenskyy បានចូលទៅកាន់មុខតំណែងកំពូលមួយនេះក្នុងអំឡុងពេលពីរឆ្នាំដំបូង លោក Zelenskyy ពិតជាយកចិត្តទុកដាក់ក្នុងការមើលខុសត្រូវលើការលើកអភ័យឯកសិទ្ធិផ្លូវច្បាប់សម្រាប់សមាជិកសភា។តែជាអកុសលល អ្វីដែលជាវិបត្តិដ៏ធំសម្រាប់គាត់ បន្ទាប់ពីលោកចូលកាន់តំណែងមិនទាន់បានប៉ុន្មានផង ក៏មានការរាតត្បាតនៃជំងឺកូវីដ១៩ បូករួមទាំងវិបត្តិសេដ្ឋកិច្ចដែលចេះតែកើតឡើងជាបន្តបន្ទាប់។ បើទោះជាយ៉ាងនេះក្តីលោកក៏បន្តដោះស្រាយ អំពើពុករលួយនៅក្នុងប្រទេសតាមការសន្យា បើទោះបីជាវឌ្ឍនភាពលើរឿងមួយនេះនៅមានកម្រឹតក៏ដោយ។ នៅចុងឆ្នាំ២០២១ ថ្វីបើជំងឺរាត្បាតវាមានភាពធូស្បើយក៏ពិតមែន ប៉ុន្តែចំពោះខាងផ្នែកសេដ្ឋកិច្ចវាមិនទាន់មានភាពនឹងនរនោះទេ យ៉ាងណាមិញនៅក្នុងអណត្តិរបស់លោក   Volodymyr Zelenskyy វាមិនមែនជារឿងធម្មតានោះទេរាល់បញ្ហាដែលលោកបានជួបប្រទះ ជាពិសេសនៅពេលដែលរដ្ឋបាលរបស់គាត់បានប្រឈមមុខនឹង ការកើនឡើងនៃភាពតានតឹងជាមួយប្រទេសរុស្ស៊ី នៅឆ្នាំ 2021 ហើយវាក៏ឈានដល់ការចាប់ផ្តើមនៃ ការលុកលុយរបស់រុស្ស៊ីពេញលក្ខណៈជាបន្តនៅក្នុងខែកុម្ភៈ ឆ្នាំ 2022 ។ 

បើទោះជាយ៉ាងណាក៏ដោយ សម្រាប់លោក Zelenskyy បានកំណត់គោលដៅលើជំហ៊ានបន្ទាប់ដែលអ៊ុយក្រែន ធ្វើយ៉ាងណាដើម្បីឲ្យប្រទេសរបស់ “សម្របតាមស្តង់ដាររបស់សហភាពអឺរ៉ុប” ជាមុនសិន ។

ប្រសិនបើយើងនិយាយពីទំនាក់ទំនងការទូត រវាអ៊ុយក្រែន និង សហភាពអ៊ឺរ៉ុបនាពេលនេះ គឺមានភាពល្អប្រសើរច្រើន តួរយ៉ាងដូចជានៅដើមសប្តាហ៍នេះ ប្រទេសហូឡង់ដែលជាសមាជិក EU បានបញ្ជូនយន្តហោះចម្បាំង F-16 ចំនួនប្រាំគ្រឿង ទៅកាន់មូលដ្ឋានទ័ពអាកាសក្នុងប្រទេសរ៉ូម៉ានី ដែលជាកន្លែងសម្រាប់ការហ្វឹកហាត់ អ្នកបើកយន្តហោះអ៊ុយក្រែន និងរ៉ូម៉ានី។ ក្នុងនោះផងដែរខាងក្រុមហ៊ុនផលិតយន្តហោះចម្បាំងដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកគឺក្រុមហ៊ុន Lockheed Martin នឹងទទួលខុសត្រូវក្នុងការថែរក្សាយន្តហោះ ហើយនឹងផ្តល់ការបណ្តុះបណ្តាលដូចគ្នាដែរ។

ថ្លែងទៅកាន់ប្រទេសហូឡង់ លោក Zelenskyy បាននិយាយកាលពីថ្ងៃអង្គារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ខ្ញុំដឹងគុណដល់ប្រទេសហូឡង់ និងនាយករដ្ឋមន្ត្រី Mark Rutte ដែលបានគាំទ្រដល់អ៊ុយក្រែន” ។

គួរបញ្ជាក់ថា បើទោះជាសហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិកបានប្រកាសការគាំទ្ររបស់ខ្លួនចំពោះប្រទេសអ៊ុយក្រែនក៏ពិតមែន តែក្នុងនោះក៏មានការអំពាវនាវមួយចំនួនពីEU  រួមទាំងពីសមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក ដែលមកពីគណបក្សសាធារណរដ្ឋ គឺ លោក Lindsey Graham បានតម្រូវឲ្យអ៊ុយក្រែនបង្ហាញនូវភស្តុតាងដែលជាកំណែទម្រង់ថ្មីនៅក្នុងលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសថែមទៀតផង។

បើយោងតាមបទសម្ភាសន៍មួយដែលឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Olha Stefanishyna បានប្រាប់រ៉យទ័រកាលពីថ្ងៃចន្ទថា អ៊ុយក្រែនកំពុងសង្ឃឹមថានឹងទទួលបានការវាយតម្លៃជាវិជ្ជមានពីសហភាពអឺរ៉ុបអំពីវឌ្ឍនភាពរបស់ខ្លួនក្នុងការឆ្ពោះទៅរកសមាជិកភាពក្នុងសហភាពអឺរ៉ុប។

លោក Stefanishyna បាននិយាយថា ទីក្រុង Kyiv បានអនុវត្តកំណែទម្រង់ទាំងអស់ដែលជាតម្រូវការរបស់ពួកគេ។ ចំពោះលោកផ្ទាល់ លោកបានរំពឹងទុកយ៉ាងមុតមាំថា របាយការណ៍ដែលចេញនៅថ្ងៃពុធនេះ នឹងបង្ហាញពីការចាប់ផ្តើមនៃកិច្ចចរចាដោយស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន ដែលចាប់ផ្តើមនៅក្នុងខែធ្នូ។

លោក Stefanishyna បាននិយាយថា “ខ្ញុំចង់និយាយថាការវាយតម្លៃនេះពិតជាមានភាពវិជ្ជមាន ពីព្រោះយើងបានទំនាក់ទំនងជាអចិន្ត្រៃយ៍ជាមួយគណៈកម្មការអឺរ៉ុប ដោយពិភាក្សាអំពីជំហាន និងការចរចាអំពីជំហានដែលយើងបានគ្រប់គ្រងដើម្បីអនុវត្ត” ។

គួររំលឹកថា ការពិភាក្សាអំពីសមាជិកភាពសហភាពអឺរ៉ុបត្រូវចំណាយពេលជាច្រើនឆ្នាំ ដោយសារបេក្ខជនត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យផ្នែកច្បាប់ និងសេដ្ឋកិច្ចយ៉ាងទូលំទូលាយ មុនពេលចូលរួម។ យើងខ្ញុំសូមបញ្ជាក់ថា បច្ចុប្បន្នសហភាព​អឺរ៉ុបគឺ​មាន​សមាជិក​ចំនួន ២៧ ប្រទេស តែពួកគេ​ក៏​មិន​ចង់ទទួលយករាល់​ប្រទេស​ណាដែល​កំពុង​មាន​សង្រ្គាម​ដែរ។

ជាឩទាហរណ៍ នៅប្រទេសប៉ូឡូញ ដែលជាប្រទេសសហភាពអឺរ៉ុប អ្នកដឹកទំនិញប៉ូឡូញបានបិទផ្លូវកាលពីថ្ងៃច័ន្ទទៅកាន់ច្រកព្រំដែនចំនួនបីជាមួយអ៊ុយក្រែន ដោយតវ៉ាចំពោះអ្វីដែលពួកគេមើលឃើញថា វាជាភាពអសកម្មរបស់រដ្ឋាភិបាលជុំវិញការបាត់បង់អាជីវកម្មដល់ដៃគូប្រកួតប្រជែងបរទេសចាប់តាំងពីសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន។

គណបក្សចលនាឆ្ពោះទៅមុខ បានបណ្តេញសមាជិកសភាម្នាក់ទៀតចេញពីគណបក្ស

កាលពីព្រឹកថ្ងៃអង្គារបានឲ្យដឹងថា ប្រធានគណបក្សគណបក្សចលនាឆ្ពោះទៅមុខ និងជាសមាជិកសភា បានបោះឆ្នោតជាឯកច្ឆ័ន្ទ ក្នុងការបណ្តេញសមាជិកសភារបស់ទីក្រុងបាងកក គឺលោក Chaiyamphawan Manpianjit ជុំវិញការចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ។ គួរបញ្ជាក់ថា នេះគឺជាជាសមាជិកសភាទីពីរហើយ ដែលត្រូវបានបណ្តេញចេញនាពេលថ្មីៗនេះ ជុំវិញការអះអាងពីការប្រព្រឹត្តិខុសផ្លូវច្បាប់ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ២០២៣។

ព្រោះបើយោងតាមរយៈមេដឹកនាំថ្មីរបស់គណបក្សចលនាឆ្ពោះមុខ (MFP) លោក Chaithawat Tulaton បាននិយាយថា ការសម្រេចចិត្តរបស់គណបក្សលោកគឺបានសម្រេចជាឯកច្ឆ័ន្ទ បន្ទាប់ពីសមាជិកគណបក្ស និង​សមាជិក​សភា​សរុប​ចំនួន ១២៨ នាក់​នៃ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេនៅក្នុងប្រទេសថៃ ​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ក្រុង Rayong។

មូលហេតុតែមួយគាត់ដែលអាចនាំឲ្យលោក Chaiyamphawan មិនអាចបន្តការងារនៅក្នុងគណបក្សបាន ហេតុដូច្នេះហើយទើបលោក Chaithawat ដែលជាប្រធានបក្សសម្រចចិត្ត​បណ្តេញ​ សមាជិករូបនេះ ​ចេញ​ពី​គណបក្ស​និង​ចូល​ជា​ធរមាន​ភ្លាមៗ។

គួរបញ្ជាក់ថា លោក Chaiyamphawan Manpianjit ហៅ Puaut អាយុ 34 ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទស្ត្រីជំនួយការស្រីចំនួនបីនាក់។ មេដឹកនាំ MFP លោក Chaithawat បាននិយាយថា លោកបានទទួលព័ត៌មានច្បាស់ណាស់ថា លោក Chaiyamphawan បានយាយីជំនួយការម្នាក់ ខណៈដែលនាងស្រវឹងស្រា ទើបរូបនាងមិនអាចទប់ស្មារតីបាន ហើយក្រោយមកលោក Chaiyamphawan បាននាំនាងត្រឡប់ទៅខុនដូរបស់គាត់។

ប្រធានគណបក្សរូបនេះបានមានប្រសាសន៍ថា លោក Chaiyamphawan បានអញ្ជើញជំនួយការទី ២ ចំនួនពីរដង ឲ្យទៅជាមួយលោកតែម្នាក់ឯង ក្នុងដំណើរកម្សាន្តនៅតាមខេត្ត។ តែនាង​បាន​បដិសេធនិង​ការ​អញ្ជើញ​នេះ ​ព្រោះ​ការ​ធ្វើ​ដំណើរមួយ​នេះ​វាមិន​ពាក់ព័ន្ធ​នឹង​ការងារនោះ​ទេ។

ចំនែកឯជំនួយការទី 3 វិញ បានចោទប្រកាន់ថាសមាជិកសភាខាងលើនេះ មានចេតនាមិនល្អមកលើរូបនាង ដែលជាហេតុនាំឱ្យនាងលាលែងពីតំណែងបន្ទាប់ពីធ្វើការបានមួយខែ។

បើតាមច្បាប់​ គឺតម្រូវ​ឱ្យ​សមាជិក​សភារូបនេះដើរ​ចេញ​ពី​គណបក្ស និងចូលជាធរមាន​ក្នុងរយៈ​ពេល​៣០​ថ្ងៃ ឬ​បាត់បង់​អាសនៈនៅក្នុងសភា។

ប្រព័ន្ធការពារដែនអាកាសរុស្សី​ បានកម្ទេច​យន្តបានកំទេចយន្តហោះ​គ្មាន​មនុស្ស​បើក​ ចំនួន ១៧ គ្រឿង

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបំផ្លាញ និងស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកដែលបាញ់បង្ហោះដោយប្រទេសអ៊ុយក្រែនចំនួន ១៧ គ្រឿង កាលពីព្រឹកថ្ងៃអង្គារ គឺនៅលើសមុទ្រខ្មៅ ដែលនៅក្បែរតំបន់ឧបទ្វីបគ្រីមៀ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅប៉ុន្មានម៉ោងមុននេះ អភិបាលនៃកំពង់ផែសមុទ្រខ្មៅនៃទីក្រុង Sevastopol ដែលត្រូវបានដំឡើងដោយរុស្ស៊ី លោក Mikhail Razvozhayev បាននិយាយថា មានកំទេចកំទីជាច្រើនបានធ្លាក់លើដំបូលផ្ទះរបស់ប្រជាពលរដ្ឋមួយកន្លែងដែលស្ថិតនៅក្នុងភូមិ Andriivka គឺនៅជាយក្រុង Sevastopol តែអភិបាលកំពុងផែរូបនេះមិនបានបញ្ជាក់អំពីគ្រោះថ្នាក់ណាមួយដែលអាចកើតឡើងនោះទេ។

ចំនែកឯខាងសារព័ត៌មានក្នុងស្រុកមួយ (Shot) គឺជាអ្នកតែងតែរាយការណ៍ព័ត៌មានសន្តិសុខដ៏គួរឱ្យទុកចិត្ត បាននិយាយថា នៅម៉ោងប្រហែល 4:10 ព្រឹក (0110 GMT) មានសម្លេងផ្ទុះយ៉ាងខ្លាំងក្លាមួយបានកើតឡើង ហើយក្នុងនោះមានមនុស្សជាច្រើនបានឮសម្លេងផ្ទុះនោះចេញពីទីប្រជុំជន Novofedorivka និង Saky ។ ប្រភពមួយនេះបានឲ្យដឹងទៀតថា Saky គឺជាមូលដ្ឋានទ័ពអាកាសរបស់ប្រទេសរុស្ស៊ី។ បើទោះជាយ៉ាងណាក៏ដោយ ខាងអ្នកយកព័ត៌មានរ៉យទ័រមិនអាចផ្ទៀងផ្ទាត់របាយការណ៍ដោយឯករាជ្យបានទេ។

ម្យ៉ាងទៀតជុំវិញហេតុការណ៍នេះ ខាងរ៉យទ័រក៏មិនទាន់ទទួលបានការអត្ថាធិប្បាយភ្លាមៗណាមួយ ពីភាគីប្រទេសអ៊ុយក្រែននោះដែរ។ ប៉ុន្តែបើយោងតាមការចុះផ្សាយរបស់ទីក្រុង Kyiv បានឲ្យដឹងថា ទាហ៊ានរបស់អ៊ុយក្រែនបានបង្កើនការវាយប្រហាររបស់ខ្លួនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធយោធារុស្ស៊ីដែលស្ថិតនៅក្នុងតំបន់ Crimea តែម្តង ព្រោះវាគឺជាឧបទ្វីបដែលទីក្រុងម៉ូស្គូបានបញ្ចូលពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤។

ចំនួនអ្នកស្លាប់នៅក្នុង តំបន់ហ្គាហ្សា បានកើនឡើងជាង 10,000 នាក់

ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅក្នុងរង្វង់ប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃច័ន្ទថា ជនស៊ីវិលជាង 10,000 នាក់ត្រូវបានគេសម្លាប់នៅក្នុង  តំបន់ហ្គាហ្សា  បើយើងគិតចាប់តាំងពី  អ៊ីស្រាអែលបានចាប់ផ្តើមការវាយលុកកាលពីជិតមួយខែមកនេះ នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣។

អ៊ីស្រាអែលបានប្រកាសសង្រ្គាម  លើក្រុមហាម៉ាស់ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាមបានបើកការវាយប្រហារយ៉ាងឃោរឃៅកាលពីថ្ងៃទី 7 ខែតុលា ដោយកាលនោះក្រុមហាម៉ាសបានសម្លាប់មនុស្ស 1,400 នាក់នៅក្នុងប្រទេសអ៊ីស្រាអែល និងចាប់ជំរិតជាង 240 នាក់។      អ៊ីស្រាអែលបានសងសឹកវិញ ដោយបើកការវាយលុកតាមផ្លូវអាកាស និងដីលើតំបន់ហ្គាហ្សា ដោយប្រទេសមួយនេះបានប្តេជ្ញាថា ពួកគេនឹងលុបបំបាត់ក្រុមសកម្មប្រយុទ្ធទាំងអស់។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនបានវាយប្រហារគោលដៅរាប់រយនាក់ដែលជាក្រុមសកម្មប្រយុទ្ធរបស់ហាម៉ាស ដោយ (IDF) បានប្រកាសទៀតថា អ៊ីស្រាអែលបានគ្រប់គ្រងបរិវេណយោធានៅតំបន់ហ្គាហ្សាក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។

បើទោះជាយ៉ាងណាក៏ដោយនៅក្នុងតំបន់ខាងលើនេះឥឡូវនេះ អ៊ីស្រាអែលបានអនុញ្ញាតឲ្យមានសេវាកម្មទំនាក់ទំនងមួយចំនួនកំពុងត្រូវបានគេស្ដារឡើងវិញបន្តិចម្តងៗទៅកាន់ផ្នែកខ្លះនៃតំបន់ហ្គាហ្សា បន្ទាប់ពីវាត្រូវបានកាត់ផ្តាច់កាលពីចុងសប្តាហ៍មុន។ ចំនែកឯសមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីននៅទីក្រុង Ramallah បាននិយាយថា ជាមធ្យម រថយន្តប្រហែល 30 គ្រឿងដែលដឹកជំនួយមនុស្សធម៌ កំពុងឆ្លងកាត់ព្រំដែនជារៀងរាល់ថ្ងៃ បើទោះជាយ៉ាងនេះក្តី នៅក្នុងសកម្មភាពទាំងនេះគឺមិនបានរាប់បញ្ចូលការផ្គត់ផ្គង់ប្រេងឥន្ធនៈឡើយ។

តែបើយោងតាមប្រភពអ្នកយកការណ៍របស់ CNN បានឲ្យដឹងថា យោធាអ៊ីស្រាអែល (IDF) បានបើកការវាយប្រហារទៅលើ គោលដៅរបស់ក្រុមហាម៉ាស់ ជាង 450 កន្លែង ហើយក៏បានដណ្តើមយកទឹកដីបន្ថែមនៅខាងក្នុងហ្គាហ្សានាថ្ងៃចុងក្រោយ រួមទាំងបរិវេណយោធាថែមទៀតផង។ អ្នក​នាំ​ពាក្យ IDF លោក​វរសេនីយ៍ទោ Peter Lerner បាន​និយាយ​ថា កង​កម្លាំងរបស់ខ្លួនឥឡូវនេះ​កំពុងតែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង Gaza ។ ទន្ទឹមគ្នានោះ ក៏មានអ្នកនាំពាក្យម្នាក់ទៀតគឺ ឧត្តមនាវីទោ Daniel Hagari បាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានអ៊ីស្រាអែលបានបំបែកទឹកដីហ្គាហ្សាចេញជាពីរតំបន់ គឺហ្គាហ្សាខាងជើង និងខាងត្បូង។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាង នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ABC សាជាថ្មីម្តងទៀតថា៖ អ៊ីស្រាអែលនឹងមិនអនុញ្ញាតឱ្យមានបទឈប់បាញ់ជាទូទៅជាដាច់ខាត លុះត្រាតែក្រុមហាម៉ាសយល់ព្រមដោះលែងចំណាប់ខ្មាំងទាំងអស់ជាមុនសិន។ ហើយប្រសិនបើមានកិច្ចព្រមព្រៀងកើតឡើងពិតមែននោះ លោកនឹងយល់ព្រម​បើក​ចំហ​សម្រាប់​ការ​ផ្អាក​ក្នុងរយៈពេល​ខ្លី។

ចំពោះការធ្វើបច្ចុប្បន្ននាពេលចុងក្រោយបង្អស់ បើយោងតាមលោក Ashraf Al Qudra អ្នកនាំពាក្យក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា បាននិយាយថា ការកើនឡើងនៃចំនួនអ្នកស្លាប់នៅក្នុងប្រទេសប៉ាឡេស្ទីន បានឈានដល់  ១០,០២២ នាក់ ដោយក្នុងនោះរួមមានកុមារចំនួន ចំនួន ៤,១០៤នាក់ ស្ត្រី ២,៦៤១នាក់ និងមនុស្សចាស់ចំនួន ៦១១នាក់។ ចំពោះតួលេខ​ទាំង​នោះ​បានបង្ហាញ​ទៀតថា វាជាចំនួន​ប្រហែល​បី​ភាគ​បួន​នៃចំនួន​អ្នក​ស្លាប់។ ដោយក្នុងនោះលោក Martin Griffiths ប្រធានផ្នែកជំនួយរបស់អង្គការសហប្រជាជាតិ បាននិយាយថា មនុស្សជាង 10,000 នាក់ ដែលត្រូវបានសម្លាប់ក្នុងរយៈពេលមួយខែ យើងសូមចាត់ទុកថា វាគឺជាឩក្រិដ្ឋកម្ម “ប្រឆាំងនឹងមនុស្សជាតិ” ។

scroll to top