រណសិរ្ស​លីបង់​ ជាមួយ​នឹង​អ៊ីស្រាអែល​កាន់តែឡើង​កម្ដៅ ខណៈដែលអាមេរិក​ភ័យ​ខ្លាច​​សង្គ្រាម​កាន់​តែ​ធំ

ការផ្ទុះអាវុធអស់ជាច្រើនសប្តាហ៍នៅទូទាំងព្រុំដែនប្រទេសលីបង់ និងអ៊ីស្រាអែល វាកាន់តែរីករាលដាលឡើង ហើយវាក៏បង្ករឲ្យមានការកើនឡើងនៃចំនួនអ្នកស្លាប់ និងរបួសទាំងសងខាងដូចគ្នា បើសង្គ្រាមនៅតែបន្តរមិនឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ក៏ព្រោះតែគ្មាននរណាម្នាក់អាចហាមឃាត់ជម្លោះ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍លីបង់ ដែលគាំទ្រដោយ អ៊ីរ៉ង់ បាននៅឡើយ។

មានប្រភពមួយបាននិយាយប្រាប់រ៉យទ័រកាលពីថ្ងៃទី ១៣ ខែវិច្ឆិកាថា  ខាងអ៊ីស្រាអែលបានបើកការវាយប្រហារដោយកាំជ្រួចទៅលើក្រុមសកម្មប្រយុទ្ធ Hezbollah កាលពីថ្ងៃអាទិត្យ ហើយវាបានធ្វើឱ្យកម្មករជាច្រើននាក់ដែលមកពីក្រុមហ៊ុន Israel Electric Company បានរងបួសអស់ជាច្រើននាក់ និងមានការស្លាប់ម្នាក់។

ក្រុមអ្នកយកការណ៍របស់រ៉យទ័របានរាយការណ៍ទៀតថា នៅក្នុងតំបន់ព្រុំប្រទល់នៃប្រទេសទាំងពីរនាពេលឥឡូវនេះ វាបានផ្ទុះឡើងនូវអំពើហឹង្សាដ៏សាហាវបំផុត បើយើងគិតចាប់តាំងពីអ៊ីស្រាអែល និងហេសបូឡាបានប្រយុទ្ធគ្នាក្នុងសង្គ្រាមរយៈជាច្រើនសប្តាហ៍កន្លងមកនេះ។ ដោយក្នុងនោះមានយុទ្ធជនហេសបូឡាជាង 70 នាក់ និងជនស៊ីវិល ប្រមាណជាង 10 នាក់ត្រូវបានគេសម្លាប់នៅក្នុងប្រទេសលីបង់ ហើយមានមនុស្ស 10 នាក់ផ្សេងទៀត រួមទាំងទាហ៊ានលីបង់ចំនួន 7 នាក់ គឺត្រូវបានគេសម្លាប់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈដែលមនុស្សរាប់ពាន់នាក់នៅតាមតំបន់ព្រុំដែនទាំងសងខាងកំពុងតែព្យាយាមរត់គេចពីគ្រាប់បែក។

បើទោះជាយ៉ាងណាក៏ដោយ ក៏ទាហ៊ានរបស់អ៊ីស្រាអែលនៅតែនិយាយថា ខ្លួនមិនចង់ធ្វើសង្រ្គាមនៅផ្នែកខាងមុខភាគខាងជើងនោះទេ ការដែលយោធារបស់ខ្លួនបើកការបាញ់ប្រហារបែបនេះ ក៏ព្រោះតែពួកយើងចង់ស្វែងរកក្រុមហាម៉ាស់ដែលស្ថិតនៅតំបន់ហ្គាហ្សាស្ទ្រីបតែប៉ុណ្ណោះ ប៉ុន្តែវាដោយតែមានការចូលរួមពីក្រុមហេសបូឡា ដែលពួកគេមានចេតនាឲ្យកងកម្លាំងអ៊ីស្រាអែលជាប់រវល់នឹងពួកគេនៅមួយផ្សេងទៀត តែយើងនៅតែអាចធ្វើសង្គ្រាមបានទាំងអស់។

ចំពោះចម្លោះដ៏ធំមួយនេះផងដែរ បើយើងក្រឡែកទៅមើលសហរដ្ឋអាមេរិកវិញ មន្ត្រីនៃប្រទេសមហាអំណាចមួយនេះបាននិយាយថា ខ្លួនមិនចង់ឱ្យជម្លោះរីករាលដាលនៅជុំវិញតំបន់នោះទេ ព្រោះថាបច្ចុប្បន្នក្រសួងការពារជាតិរបស់អាមេរិក បានចាប់ផ្តើមបញ្ជូននាវាផ្ទុកយន្តហោះចំនួនពីរគ្រឿងទៅកាន់តំបន់មជ្ឈឹមបូព៌ា ដើម្បីរារាំងការលូកដៃពីសំណាក់ប្រទេសអ៊ីរ៉ង់ ប៉ុន្តែផ្ទុយទៅវិញអាមេរិកគ្មានលទ្ធភាពក្នុងការ​បញ្ឈប់​ការ​កើនឡើង​នូវ​វោហារសាស្ត្រ​ពី​ក្រុម​ហេសបូឡា និង​អ៊ីស្រាអែល​បាននោះទេ។

ព្រោះបើយោងតាមមេដឹកនាំក្រុម Hezbollah លោក Sayyed Hassan Nasrallah បាននិយាយកាលពីថ្ងៃសៅរ៍ថា រណសិរ្សលីបង់នឹង “នៅតែបន្តសកម្មភាព” តែមិនមែនជាការប្រយុទ្ធធម្មតានោះទេ មានន័យថា ក្រុមរបស់លោកនឹង “កែលម្អបរិមាណ” ដើម្បីបន្ថែមល្បឿននៃប្រតិបត្តិការឲ្យកាន់តែខ្លាំងក្លាជាងនេះទៅទៀត។

រីឯនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែលវិញ លោក Benjamin Netanyahu បាន​ព្រមាន​ក្រុម Hezbollah កាលពី​ថ្ងៃ​ច័ន្ទ​ថា កុំ​ឱ្យ​ពង្រីក​ការ​វាយប្រហារមកលើអ៊ីស្រាអែលឲ្យសោះ ប្រសិនបើអ្នកមិនចង់រលាក។ គាត់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុម Hezbollah នៅពេលនេះកំពុងតែលេងជាមួយភ្លើង។ ហើយភ្លើងមួយនេះនឹងត្រូវបានឆ្លើយតបដោយអណ្តាតភ្លើងកាន់តែខ្លាំងជាងមុនទៅទៀត។ លោកបានបន្តទៀតថា អ្វីដែលយើងធ្លាប់បានបង្ហាញពីមុនមក វាគ្រាន់តែជាការសាកល្បងនោះទេ ព្រោះកំលាំងទាំងនោះវាមានលក្ខណៈតិចតួចតែប៉ុណ្ណោះ” ។

នៅពេលដែលក្រុមអ្នកសារព័ត៌មានសួរនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ អំពីអ្វីដែលជាបន្ទាត់ក្រហមរបស់អ៊ីស្រាអែល? ពេលនោះរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant បានឆ្លើយថា “ប្រសិនបើអ្នកឮពាក្យមួយឃ្លាថា អ៊ីស្រាអែលបានវាយប្រហារទីក្រុង Beirut តើអ្នកនឹងយល់ថាលោក Hassan Nasrallah អាចឆ្លងកាត់បន្ទាត់នោះបានដែរឬមួយក៏អត់” ។

ក្រុមសកម្មប្រយុទ្ធរបស់អ៊ីរ៉ុង បានបើកការវាយប្រហារបន្ថែមទៀត ដើម្បីជាការឆ្លើយតប លើកងកម្លាំងអាមេរិកដែលស្ថិតនៅក្នុងប្រទេសស៊ីរី

តាមរយៈមន្ទីរបញ្ចកោណមានមន្ត្រីការពារជាតិអាមេរិកម្នាក់បាននិយាយប្រាប់ VOA ថា ក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ បានបើកការវាយប្រហារទៅលើកងកម្លាំងអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី យ៉ាងហោចណាស់ចំនួន 4 ដងក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។ បើយោងតាមការរៀបរាប់ពីមន្ត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះរូបនេះក៏បាននិយាយប្រាប់ទៀតថា ក្រុមសកម្មប្រយុទ្ធទាំងនោះបង្កើនការវាយប្រហាររហូតដល់ 52 លើកក្នុងរយៈពេលតិចជាងមួយខែ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ VOA កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា​ឆ្នាំ២០២៣។

បើយោងតាមរយៈរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃចន្ទថា “ការវាយប្រហារទាំងនេះត្រូវតែបញ្ឈប់ ហើយប្រសិនបើពួកគេមិនបញ្ឈប់ទេ នោះយើងនឹងមិនស្ទាក់ស្ទើរក្នុងការអនុវត្តន៍សកម្មភាពណាមួយ ដើម្បីការពារកងទ័ពរបស់ពួកយើង” ។

គួរបញ្ជាក់ថារាល់ការវាយប្រហារទាំងបួនលើកចុងក្រោយនេះ វាបានកើតឡើងបន្ទាប់ពីកងកម្លាំងអាមេរិកបានធ្វើការវាយប្រហារប្រឆាំងនឹងទីតាំងចំនួនពីរ ដែលជាកន្លែងមានទំនាក់ទំនងរវាងអ៊ីរ៉ង់ ជាមួយនឹងប្រទេសស៊ីរីដូច្នេះហើយទើបក្រុមសកម្មប្រយុទ្ធទាំងនោះ បានធ្វើការឆ្លើយតបទៅលើបុគ្គលិកអាមេរិកវិញនៅល្ងាចថ្ងៃអាទិត្យ។

បើយើងគិតត្រឹម​ការ​វាយ​ប្រហារ​ជុំ​ទី​បី​របស់​អាមេរិក ដើម្បី​ប្រឆាំង​នឹង​គោល​ដៅ​​កង​ឆ្មាំ​បដិវត្តន៍​អ៊ិស្លាម​របស់​អ៊ីរ៉ង់​ក្នុង​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍កន្លងមកនេះ ក្រុមអ្នកយកការណ៍របស់ VOA បានរាយការណ៍ថា សហរដ្ឋអាមេរិកបានប្រើប្រាស់យន្តហោះចម្បាំងរបស់ខ្លួនជាច្រើនគ្រឿង ដើម្បីកំណត់គោលដៅលើទីតាំងស្តុកអាវុធក្នុងប្រទេសស៊ីរីកាលពីសប្តាហ៍មុន ហើយក្នុងនោះយន្តហោះចម្បាំងអាមេរិកក៏បានវាយប្រហារទីតាំងចំនួនពីរបន្ថែមទៀតទាំងព្រឹកព្រលឹម នាថ្ងៃទី 27 ខែតុលា។ ហើយការបាញ់ប្រហានោះវាត្រូវបានមន្ត្រីសហរដ្ឋអាមេរិកពិពណ៌នាថា ខ្លួនកំណត់គោលដៅតែលើកងកម្លាំងប្រូកស៊ីអ៊ីរ៉ង់ និងយោធាអ៊ីរ៉ង់តែប៉ុណ្ណោះ។

បើទោះជាយ៉ាងណាក៏ដោយ ចំពោះការ​វាយ​ប្រហារ​ចុង​ក្រោយ​បំផុតដែលបានកើតឡើងមុននេះ វាគឺជាការឆ្លើយតបរបស់អ៊ីរ៉ុងក្នុងការ​ប្រឆាំង​នឹង​កង​កម្លាំង​អាមេរិកវិញដូចគ្នា ព្រោះបើយោងតាមសាក្សីដែលនៅទីនោះផ្ទាល់ បាននិយាយថា ​កាល​ពី​ថ្ងៃ​ចន្ទ យន្តហោះ​គ្មាន​មនុស្ស​បើក​ជា​ច្រើន​គ្រឿង​ត្រូវ​បានគេ​បាញ់​បង្ហោះ​នៅ​តំបន់ Rumalyn Landing Zone ក្នុង​ប្រទេស​ស៊ីរី។ ដោយក្នុងនោះមានយន្តហោះគ្មានមនុស្សបើកមួយគ្រឿង ត្រូវបានបាញ់ទម្លាក់ ខណៈដ្រុនផ្សេងទៀត បានប៉ះពាលដល់ជំរុំរបស់យោធា តែវាមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ។

ប៉ុន្តែបើយោងតាមរយៈលេខាធិការ​ព័ត៌មាន​មន្ទីរ​ប៉ង់តាហ្គោន លោក​ឧត្តមសេនីយ Pat Ryder បាននិយាយថា ភាគច្រើននៃការវាយប្រហារទាំងនេះគឺទទួលបរាជ័យក្នុងការឈានដល់គោលដៅរបស់ពួកគេ ព្រោះវាមិនបណ្តាលឱ្យមានអ្នកស្លាប់ ឬខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធនោះទេ។ តែអ្វីដែលជាការសោកស្តាយសម្រាប់អាមេរិកនោះគឺមានបុគ្គលិកយោធារបស់យើងប្រមាណ 56 នាក់បានរងរបួស ម្យ៉ាងវិញទៀតរបួសរបស់បុគ្គលិកយើង គឺរងការឈឺចាប់ ចាប់ពីខួរក្បាលរហូតដល់ស្នាមប្រេះឆ្អឹង និងដាច់ក្រដាសត្រចៀក។ ឥឡូវនេះផងដែរ រាល់បុគ្គលិកដែលរងរបួសទាំងអស់នោះពួកយើងបានបញ្ជូនទៅការព្យាបាលនៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Landstuhl ក្នុងប្រទេសអាឡឺម៉ង់។

បច្ចប្បន្នសហរដ្ឋអាមេរិក​បាន​បង្កើន​វត្តមាន​របស់ខ្លួន​ក្នុង​តំបន់​ដើម្បី​ការពារ​កងកម្លាំង​របស់ខ្លួន និង​ដើម្បី​រារាំងកង​ឆ្មាំ​បដិវត្តន៍​អ៊ិស្លាម​របស់​អ៊ីរ៉ង់ ព្រមទាំងទីភ្នាក់ងារ​របស់ពួកគេដូចជា ក្រុម Houthi  និងក្រុមHezbollah ជាដើម ព្រោះតែពួកគេទាំងនោះគឺកំពុងតែមានចេតនាក្នុងការ​ពង្រីក​ជម្លោះ​នៅក្នុងតំបន់មជ្ឈិមបូព៌ា គឺរវាងប្រទេសអ៊ីស្រាអែល និង​ក្រុម​ហាម៉ាសអ៊ីស្លាម។

អាមេរិក ​បានបើកការ​វាយ​ប្រហារចំនួន​ពីរបន្ថែម​ទៀត ដោយសំដៅទៅ​លើ​ក្រុម​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅ​ក្នុងប្រទេសស៊ីរី

សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមផ្លូវអាកាសចំនួនពីរបន្ថែមទៀត នៅក្នុងប្រទេសស៊ីរី ដើម្បីប្រឆាំងនឹងកន្លែងមួយចំនួនដែលកំពុងតែប្រើប្រាស់ដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ និងក្រុមដែលជាប់ពាក់ព័ន្ធដទៃទៀត នេះបើយោងតាមការចុះផ្សាយរបស់ Aljazeera កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា “ការវាយប្រហារដោយភាពជាក់លាក់” គឺសំដៅលើតែកន្លែងហ្វឹកហាត់មួយដែលមានទីតាំងនៅជិតទីក្រុង Albu Kamal តែប៉ុណ្ណោះ ហើយវាក៏ជាសកម្មភាពមួយដើម្បីជាការឆ្លើយតបទៅនឹង ក្រុមដែលបន្តប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ផងដែរ។

លោក Austin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា “ប្រធានាធិបតីរបស់លោកមិនមានអាទិភាពខ្ពស់ជាងសុវត្ថិភាពរបស់បុគ្គលិកអាមេរិកនោះទេ ម្យ៉ាងទៀតសម្រាប់ការដឹកនាំសកម្មភាពរបស់លោកនៅថ្ងៃនេះ គឺដើម្បីបញ្ជាក់ឱ្យច្បាស់ថាសហរដ្ឋអាមេរិកនឹងចេញមុខការពាររាល់បុគ្គលិក និងផលប្រយោជន៍របស់ជាតិជានិច្ច” ។

បើយោងតាមប្រភពមួយដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកបានកំណត់គោលដៅយ៉ាងជាក់លាក់លើជំរុំដែលគ្រប់គ្រងដោយក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់ គឺវាមានទីតាំងស្ថិតនៅភាគខាងលិចនៃ Albu Kamal ក្នុងខេត្ត Deir al Zor ។ ហើយចំនែកឯការវាយប្រហារមួយផ្សេងទៀតនោះ គឺមានទីតាំងនៅជិតស្ពានមួយនៅក្បែរទីក្រុង Mayadeen ដែលនៅជិតព្រំដែនអ៊ីរ៉ាក់ ហើយវាក៏ជាបន្ទាយធំរបស់ក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់ថែមទៀតផង។

បើយោងតាមរយៈទីភ្នាក់ងារសារព័ត៌មាន Associated Press វិញក៏បាននិយាយថា កន្លែងមួយក្នុងចំនោមទីតាំងទាំងពីរខាងលើគឺមានការរួមបញ្ចូលទាំងកន្លែងផ្ទុកសព្វាវុធផងដែរ។

គួរបញ្ជាក់ថាសម្រាប់ការវាយប្រហាររបស់អាមេរិក វាគឺជាលើកទីបីហើយបើគិតត្រឹមរយៈពេល តែពីរសប្តាហ៍ ស្របពេលទីក្រុងវ៉ាស៊ីនតោនកំពុងតែព្យាយាមបញ្ចប់ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងរ៉ុក្កែតប្រឆាំងនឹងក្រុមបះបោរនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ខណៈដែលសង្រ្គាមរវាង អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចាប់ផ្តើម។

បើយោងតាមមន្ទីរបញ្ចកោណបានឱ្យដឹងថា សហរដ្ឋអាមេរិកមានកងទ័ពសរុបប្រមាណ ៩០០ នាក់ ដែលនៅបំរើការក្នុងប្រទេសស៊ីរី និង ២.៥០០ នាក់ទៀតនៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយពួកគេទាំងនោះគឺកំពុងតែបំពេញបេសកកម្មផ្តល់យោបល់ និងជួយដល់កងកម្លាំងក្នុងតំបន់ ដើម្បីទប់ស្កាត់ការកើតឡើងវិញនៃក្រុម ISIL (ISIS ) ។ .

តែទន្ទឹមនឹងនោះប្រទេសមហាលអំណាចមួយនេះតែងតែព្រួយបារម្ភថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់វានឹងអាចរីករាលដាលពាសពេញមជ្ឈិមបូព៌ា ហើយសហរដ្ឋអាមេរិកក៏ត្រូវតែចែករំលែកការទទួលខុសត្រូវរបស់ខ្លួនជានិច្ចចំពោះការប្រកាសសង្រ្គាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមប្រដាប់អាវុធប៉ាឡេស្ទីន Hamas ដែលត្រូវបានគាំទ្រដោយអ៊ីរ៉ង់។

ក្រុមទាហ៊ានស៊ីឈ្នួល Wagner បានក្លាយជាផ្នែកមួយនៃឆ្មាំជាតិរបស់រុស្ស៊ី

ក្រសួងការពារជាតិអង់គ្លេសបាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមទាហ៊ានស៊ីឈ្នួល Wagner “ទំនងជា” ត្រូវបានគេរាប់បញ្ចូលទៅក្នុងរចនាសម្ព័ន្ធបញ្ជាការនៃឆ្មាំជាតិរបស់រុស្ស៊ី (Rosgvardiya) នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣។

បក្សពួកថ្មីដែលស្ថិតនៅក្រោមការដឹកនាំដោយលោក Pavel Prigozhin  គឺកូនប្រុសរបស់លោក Yevgeny Prigozin ត្រូវបានគេរាយការណ៍ថា ក្រុមអ្នកប្រយុទ្ធ Wagner និងក្រុមបុគ្គលិកពេទ្យ នាពេលឥឡូវនេះ ត្រូវបានរដ្ឋាភិបាលនៃប្រទេសរុស្ស៊ីអនុញ្ញាតឲ្យចូលរួមជាមួយកងកម្លាំងពិសេស Chechen ។

ក្រសួងការពារជាតិអង់គ្លេសបានឲ្យដឹងទៀតថា ប្រទេសរុស្ស៊ីនាពេលនេះកំពុងតែ “អនុវត្តនូវការគ្រប់គ្រងថ្មីដោយផ្ទាល់បន្ថែមទៀត” លើសកម្មភាពរបស់ Wagner Group ។

ដោយក្នុងនោះក្រសួងការពារជាតិអង់គ្លេសបានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងអតីតប្រធានាធិបតី ឌីមីទ្រី មេដវេដេវ បានចេញឯកសារមួយដោយពិពណ៌នាដោយក្រសួងអង់គ្លេសថាជា “ការបំផ្ទុះអាវុធប្រវត្តិសាស្ត្រ មានន័យថាពួកគេទាំងពីរនេះចង់សំដៅទៅលើការបំផុសគំនិតដើម្បីប្រឆាំងនឹងពួកលោកខាងលិចឲ្យដឹតដាមក្នុងចិត្តរបស់ប្រជាជនរុស្ស៊ីជានិច ម្យ៉ាងទៀតពួកគេទាំងពីរនេះក៏ចង់បំភិតបំភ័យប្រទេសជិតខាងដែលជាពួកលោកខាងលិចឲ្យកែប្រែឥរិយាបទចំពោះខ្លួនថែមទៀតផង។ “

បើយោងតាមរយៈអត្ថបទមួយដែលត្រូវបានគេដកស្រង់ចេញពីព័ត៌មានសម្ងាត់មួយកាលពីថ្ងៃសៅរ៍ គឺវាស្តីអំពីអ៊ុយក្រែន ដោយខាងក្រសួងការពារជាតិអង់គ្លេសបាននិយាយថា លោក ពូទីន បានបញ្ជាឲ្យមានការបោះពុម្ពផ្សាយជាឯកសារចំនួន 242 ច្បាប់ ក្រោមចំណងជើងថា “ការរួបរួមជាប្រវត្តិសាស្ត្ររបស់រុស្ស៊ី និងអ៊ុយក្រែន”។ នៅក្នុងឯកសារទាំងនោះ វាត្រូវបានគេធ្វើការសាររើលើប្រវត្តិសាស្ត្រមួយចំនួនបើគិតចាប់ពីសតវត្សទី 11 ដល់សតវត្សទី 20 ហើយអ្វីដែលជាការប៉ុនប៉ងរបស់លោក ពូទីន គឺត្រូវបានចក្រភពអង់គ្លេសដឹងថា វាគឺជាការក្លែងបន្លំការពិតនៃប្រវត្តិសាស្ត្រ ដោយមេដឹកនាំរូបនេះកំពុងតែព្យាយាមបង្ហាញពីភាពមិនត្រឹមត្រូវនៃគោលនយោបាយអ៊ុយក្រែននាពេលបច្ចុប្បន្នចំពោះវិមានក្រឹមឡាំង ។

ហើយចំនែកឯនៅក្នុងការបោះពុម្ភផ្សាយរបស់លោក Medvedev “វិញ វាត្រូវបានគេសរសេរយ៉ាងច្បាស់” អំពីប្រវត្តិសាស្រ្តនៃទំនាក់ទំនងរុស្ស៊ី-ប៉ូឡូញ។ ហើយនៅក្នុងការបោះពុម្ភនោះ អតីតប្រធានាធិបតីរូបនេះបានធ្វើការចោទប្រកាន់ទៅលើប្រទេសប៉ូឡូញថាបានចូលរួមក្នុង “គោលនយោបាយកែប្រែ Russophobic ឈ្លានពាន” នេះបើយោងតាមក្រសួងការពារជាតិអង់គ្លេស។

បើទោះបីជារុស្ស៊ីមានវិធានការវាយលុកអ៊ុយក្រែនយ៉ាងណាក៏ដោយ តែសម្រាប់បណ្តាប្រទេសរបស់សហភាពអឺរ៉ុបនៅតែប្តេជ្ញាថា ពួកគេនិងបន្តផ្តល់មូលនិធិរយៈពេលវែងចំនួន 21.4 ពាន់លានដុល្លារសហរដ្ឋអាមេរិកដើម្បីផ្គត់ផ្គង់យោធារបស់អ៊ុយក្រែន ខណៈដែលយុទ្ធនាការយោធារបស់ទីក្រុងគីវកំពុងតែបន្តប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ បន្ថែមពីលើនេះ សហភាពអឺរ៉ុបក៏មានគោលដៅផ្គត់ផ្គង់ទីក្រុង Kyiv នូវគ្រាប់កាំភ្លើងធំ និងមីស៊ីលចំនួន ១លានដើម នៅត្រឹមខែមីនា ឆ្នាំក្រោយថែមទៀតផង។

scroll to top