អ៊ីស្រាអែល ​បានបើកការ​វាយប្រហារតាមផ្លូវអាកាសលើ ​ប្រទេស​លីបង់

ក្រុមហេសបូឡាហ៍ របស់ប្រទេសលីបង់បាននិយាយថា ខ្លួនបានបើកការវាយប្រហារដំណាលគ្នាតែម្តង ទៅលើទីតាំងអ៊ីស្រាអែលក្បែរតំបន់ព្រំដែនជាមួយលីបង់កាលពីថ្ងៃសៅរ៍ ខណៈដែលអ្នកស្រុកនៅលីបង់ភាគខាងត្បូងបានរាយការណ៍ថា អ៊ីស្រាអែលបានវាយប្រហារដ៏ខ្លាំងក្លាបំផុតនៅលើប្រទេសលីបង់ក្បែរព្រុំដែនប្រទេសរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ រ៉យទ័រកាលពីថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣។

ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍នៃការប៉ះទង្គិចគ្នានៃតំបន់ព្រំដែន បានឲ្យដឹងថា អ៊ីស្រាអែលបានបើកការវាយប្រហាដោយយន្តហោះចម្បាំងរបស់ខ្លួន ក្នុងគោលដៅតម្រុងទៅក្រុមហេសបូឡាស អ៊ីស្រាអែលបាននិយាយទៀតថា វាគ្រាន់តែជាឆ្លើយតបទៅនឹងការវាយប្រហារមុននេះបន្តិចពីសំណាក់លីបង់តែប៉ុណ្ណោះ តែការឆ្លើយតបនៅមានច្រើនទៀត ដែលកងទ័ពអ៊ីស្រាអែលកំពុងតែត្រៀម ដូចជារការវាយប្រហារតាមអាកាសជាមួយនឹងកាំភ្លើងធំ និងការបាញ់ផ្លោងរថក្រោះជាដើម។

បើយោងតាមប្រភពលីបង់ដែលដឹងពីការវាយប្រហាររបស់ Hezbollah បាននិយាយថា ក្រុមនេះបានបាញ់មីស៊ីលដ៏មានអានុភាពដែលមិនទាន់ប្រើក្នុងការប្រយុទ្ធ ដោយនិយាយថាវាបានវាយប្រហារទៅលើទីតាំងរបស់ប្រទេសអ៊ីស្រាអែលវិញ ដោយធ្វើការឆ្លងកាត់ព្រំដែនពីភូមិ Ayta al-Shaab និង Rmeich ។

ប្រភពដដែលបាននិយាយទៀតថា ក្រុមហេសបូឡាហ៍កំពុងតែត្រៀមបាញ់ប្រហារទៅលើកងកម្លាំងអ៊ីស្រាអែល ដែលស្ថិតនៅទូទាំងតំបន់ព្រំដែនលីបង់-អ៊ីស្រាអែលតែម្តង។ បើយើងរំលឹកឡើងមកវិញខ្លះៗពីមានតានតឹងរវាង អ៊ីស្រាអែលនិង​ លីបង់ វាបានលេចចេញជារូបរាងតាំងពីសង្គ្រាមនៅក្នុងឆ្នាំ ២០០៦ មកម្ល៉េះ ប៉ុន្តែវាត្រូវបានរារាំងដោយសារពិបាកឆ្លងកាត់ព្រុំប្រទល់ ក៏ដូចជាប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល។

មេដឹកនាំក្រុម Hezbollah លោក Sayyed Hassan Nasrallah នៅក្នុងសុន្ទរកថាដំបូងរបស់លោក ចាប់តាំងពីសង្គ្រាមហាម៉ាស-អ៊ីស្រាអែល បានចាប់ផ្តើម លោកបាន និយាយកាលពីថ្ងៃសុក្រថា ការកើនឡើងនៅជួរមុខលីបង់ នឹងអាស្រ័យលើព្រឹត្តិការណ៍នៅតំបន់ហ្គាហ្សា និងសកម្មភាពរបស់អ៊ីស្រាអែលថាតើប្រទេសមួយនេះនឹង ឆ្ពោះទៅរកប្រទេសលីបង់ដែរឬក៏អត់។ 

បើយោងតាមប្រភពសន្តិសុខ និងសាក្សីនៅក្នុងប្រទេសលីបង់ បានរាយការណ៍ពីការថា ឥឡូវនេះប្រទេសលីបង់កំពុងតែរងនូវការវាយប្រហារដ៏ធ្ងន់បំផុតពីសំណាក់អ៊ីស្រាអែល។ លីបង់នាពេលនេះ គឺហ៊ុំព័ទ្ធទៅដោយផ្សែង​យ៉ាងក្រាស់ក្រាល សាក្សីបាននិយាយទៀតថា ពួកគាត់បាន​ឃើញផ្សែងខ្មៅងងឹតបាន​ហក់​ឡើងដល់អាកាសដែលនៅ​ក្បែរ​ទីប្រជុំជន Khiyam ក្នុងលីបង់។ ដោយក្នុងនោះខាងសារព័ត៌មានរ៉យទ័រ ក៏ទទួលបាននៅវីដេអូមួយ ដែលត្រូវបានគេចែករំលែកដោយក្រុមអ្នកសុ្រក  Khiyam Soheil Salami នោះផងដែរ ហើយវីដេអូបានបង្ហាញយ៉ាងច្បាស់ថា វាគឺជាការវាយប្រហារតាមផ្លូវអាកាសរបស់អីស្រាអែល។

​ជនជាតិលីបង់ម្នាក់ លោក Fouad Khreis បាននិយាយទៅកាន់ Reuters ថា នៅក្នុងតំបន់ Khiyam ឥឡូវនេះបានរង”នូវការបាញ់ផ្លោងគ្រាប់បែកពីអ៊ីស្រាអែលកាន់តែខ្លាំងឡើង ពោលគឺ «​គ្រាប់​បែក​ចំនួន ៤ គ្រាប់​បាន​ធ្លាក់​នៅ​ជាយ​ក្រុង​ឃីយ៉ាម ផ្ទួនៗ តែនៅក្នុងនោះ​មិន​មាន​អ្នក​រងរបួសនោះ​ទេ។

គួរបញ្ជាក់ថា កងទ័ព​អ៊ីស្រាអែល​បាន​និយាយ​ថា ក្នុង​ចំណោម​គោលដៅ​ដែល​ពួកគេបាន​វាយ​ប្រហារ​នោះ​គឺមាន “ហេដ្ឋារចនាសម្ព័ន្ធ​ភេរវជន ឃ្លាំង​ផ្ទុក​គ្រាប់​រ៉ុក្កែត និង​ជាបរិវេណ​របស់​ក្រុម Hezbollah”។

ខាងអ៊ីស្រាអែល​បាន​និយាយទៀត​ថា ខ្លួន​មិន​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ជម្លោះ​នៅ​ព្រំដែន​ភាគ​ខាង​ជើង​របស់​ខ្លួនឡើយ។ ព្រោះថាសកម្មរបស់យើងនាពេលនេះ វាគឺក្រែនរំលឹករបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីខែមុន លោកបានព្រមានក្រុម Hezbollah ថា អ៊ីស្រាអែលនឹងបើការប្រឆាំងនៅតាមសមរភូមិជាសង្គ្រាមលើកទីពីរ ប្រសិនបើមានការគាំទ្រ លើក្រុមហាម៉ាសតាមតំបន់ណាមួយ ដោយលោកបាននិយាយថា បើក្រុមមួយនេះនៅតែធ្វើដូច្នេះទៀត អ៊ីស្រាអែលនឹងបើកការតបតទ្រង់ទ្រាយធំជាមិនខាន “មិនអាចនឹកស្មានដល់” ដែលនឹងធ្វើឱ្យមាន “ការបំផ្លិចបំផ្លាញ” លើប្រទេសលីបង់។

មន្ទីរបញ្ចកោណ ទទួលស្គាល់ចំពោះយន្តហោះគ្មានមនុស្សបើករបស់ខ្លួន ដែលបានហោះកាត់តំបន់ហ្គាហ្សា

អាមេរិក​ទទួលស្គាល់ជា​លើក​ដំបូង​ថា ​ខ្លួន​បានប្រើប្រាស់​ដ្រូន​ដើម្បីស៊ើបការណ៍ដោយសំង៉ាត់​នៅ​លើ​តំបន់​ហ្គាហ្សា ដោយក្នុងនោះអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Brig Gen Pat Ryder បាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកកំពុងតែធ្វើប្រតិបត្តិការនៅក្នុង “ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះចំណាប់ខ្មាំងតែប៉ុណ្ណោះ” នេះបើយោងតាមការចុះផ្សាយរបស់BBC កាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ការ​ទទួល​ស្គាល់មួយ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​យក​ព័ត៌មាន​បាន​ប្រទះ​ឃើញ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក MQ-9 Reapers (UAV)បានកើតឡើងនៅ​លើ​គេហទំព័រ​តាមដាន​ការ​ហោះហើរ Flightradar24  ។ ម្យ៉ាងទៀតបើយោងតាមសេចក្តីថ្លែងការណ៍របស់មន្ទីរប៉ង់តាហ្គោនបាននិយាយកាលពីថ្ងៃសុក្រថា “សហរដ្ឋអាមេរិកកំពុងធ្វើការបើកការហោះហើរ UAV ដែលមិនមានការបំពាក់អាវុធនោះ ឲ្យធ្វើការឆ្លងកាត់តំបន់ហ្គាហ្សា ក៏ដូចជាការតំបន់ផ្តល់ជំនួយដើម្បីគាំទ្រដល់ដៃគូអ៊ីស្រាអែល និងដើម្បីជួយសង្គ្រោះដល់ចំណាប់ខ្មាំងរបស់ប្រទេសមួយនេះ” ។

បើយោងតាមការរាយការណ៍បាននិយាយទៀតថា យន្តហោះគ្មានមនុស្សបើក Reaper ពីមុនត្រូវបានគេដាក់ពង្រាយដើម្បីធ្វើការវាយប្រហារតាមអាកាសក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែមួយរយៈចុងក្រោយនេះ វាក៏ត្រូវបានគេយកមកប្រើជាចម្បងដោយធ្វើជាយន្តហោះឈ្លបយកការណ៍វិញ បើយោងតាមរបាយការណ៍បានបញ្ជាក់ថា ការធ្វើបែបនេះគឺដោយសារតែវាមានសមត្ថភាពខ្ពស់ “loiter” វាអាចប្រចាំការនៅលើតំបន់បានរហូតដល់ជាង 20 ម៉ោង។

មន្ត្រីយោធាអាមេរិកដែលមិនបញ្ចេញឈ្មោះបានប្រាប់កាសែត New York Times ថា យន្តហោះគ្មានមនុស្សបើកមិនបានជួយសម្របសម្រួលសកម្មភាពយោធាអ៊ីស្រាអែលនៅក្នុង និងជុំវិញតំបន់ហ្គាហ្សានោះទេ។ ដោយក្រុមមន្ត្រីអាមេរិកគ្រាន់តែប្រាប់កាសែតថា ដោយសារតែសហរដ្ឋអាមេរិកចង់បានព័ត៌មានដែលទាក់ទងនឹងការសង្គ្រោះចំណាប់ខ្មាំង ក្នុងកំឡុងពេលបញ្ជូនទៅកាន់អ៊ីស្រាអែលតែប៉ុណ្ណោះ។

មន្ត្រីរូបនេះបានបញ្ជាក់ទៀតថា អ្វីដែលយើងធ្វើនាពេល​នេះ ​មិន​មែន​ជាផ្នែក​យោធា​អាមេរិកដូច​ដែលអ្នកគិតថា វាគឺការ​បញ្ជា​ពី​ចម្ងាយ​ដើម្បី​ប្រតិបត្តិការ​ក្នុង​តំបន់​នោះ​ទេ។

បើទោះជាយ៉ាងណាក៏ដោយកាលពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ កងទ័ពជើងទឹកអាមេរិកបានប្រកាសថា ខ្លួនបានបាញ់គ្រាប់មីន ចេញពីយានលើផ្ទៃគ្មានមនុស្សបើក (USV) ដែលជាទូកលឿនមួយ នៅក្នុងដែនទឹកអន្តរជាតិនៃសមុទ្រអារ៉ាប់។

បើយោងតាមសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា កងទ័ពជើងទឹកអាមេរិកត្រូវបានកត់សម្គាល់ថា វាគឺជាការសាកល្បងលើកទីមួយហើយ ដែលគ្រាប់បែកប្រយុទ្ធត្រូវបានបាញ់ចេញពី USV នៅមជ្ឈិមបូព៌ា។

តែខាងកងទ័ពជើងទឹកអាមេរិកបាននិយាយថា វាគឺជាការអភិវឌ្ឍន៍សមត្ថភាពយោធាអាមេរិកនៅក្នុងតំបន់ត្រឹម “កម្រិតទាបតែប៉ុណ្ណោះ”។ គួររំលឹកថា កាលដែលសហរដ្ឋអាមេរិកធ្វើបែបនេះ គឺដោយសារតែពីខែមុន កងទ័ពជើងទឹកអាមេរិកបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក និងគ្រាប់រ៉ុក្កែតជាច្រើន ដែលបាញ់ចេញពីប្រទេសយេម៉ែន ដែលហាក់ដូចជាកំពុងឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល។ ដូច្នេះហើយអាមេរិកយល់ សមុទ្រក្រហមវាជាកក្តាចម្បងនៃប្រតិបត្តិការរបស់ភេសរវករ។

យ៉ាងណាមិញសហរដ្ឋអាមេរិកក៏បានបញ្ជូននាវាចម្បាំងពីរគ្រឿងទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើតផងដែរ ដោយពួកគេបាននិយាយថា ការពង្រឹងការការពារនៅទីនោះ គឺដើម្បីការពារសង្គ្រាមរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលកុំឱ្យរីករាលដាល។

នៅក្នុងសុន្ទរកថាដ៏ក្ដៅគគុកមួយកាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានព្រមានថា ពួកគេនឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធទាំងឡាយណាដែលមានគំនិតចង់ប្រើប្រាស់នាវាមកវាប្រហារលើអ៊ីស្រាអែល។

បើទោះជាយ៉ាងនេះក្តី មេដឹកនាំក្រុមហេសបូឡាហ៍របស់ប្រទេសលីបង់បានព្រមានសហរដ្ឋអាមេរិកវិញថា “កងនាវារបស់អ្នកនៅសមុទ្រមេឌីទែរ៉ាណេមិនមានលទ្ធភាពបំភ័យយើងទេ ហើយអាមេរិកក៏គ្មានសមត្ថភាពនឹងធ្វើឱ្យយើងភ័យខ្លាចនោះដែរ” ។

គ្រោះរញ្ជួយដីនៅនេប៉ាល់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២៨នាក់

តាមរយៈទីក្រុងកាតាម៉ាន់ឌូៈ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្សយ៉ាងហោចណាស់ ១២៨ នាក់ ត្រូវបានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងប្រទេសនេប៉ាល់ គឺបន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយបានកើតឡើងនៅក្នុងតំបន់ភាគខាងលិចនៃទីក្រុង Jajarkot ខណៈដែលផ្ទះ និងអគារជាច្រើននៅក្នុងតំបន់បានដួលរលំ។ បើតាមការរាយការណ៍បានឲ្យដឹងទៀតថា ការរញ្ជួយដីមួយនេះ វាក៏បានញ័ររហូតដល់ទីក្រុងញូវដែលីនៃប្រទេសឥណ្ឌាថែមទៀតផង នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រនៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

មជ្ឈមណ្ឌលជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសនេប៉ាល់បាននិយាយថា គ្រោះរញ្ជួយដីបានកើតឡើងនៅវេលាម៉ោង 11:47 យប់ (1802 GMT) កាលពីថ្ងៃសុក្រ ជាមួយនឹងកម្រិត 6.4 រ៉ិចទ័រ។ 

បើយោងតាមអ្នកជំនាញបានឲ្យដឹងថា គ្រោះរញ្ជួយដីនៅក្នុងប្រទេសមួយនេះ វាគឺជាគ្រោះរញ្ជួយដីដ៏ធំបំផុត បើយើងគិតចាប់តាំងពីឆ្នាំ 2015 នៅពេលដែលមនុស្សប្រហែល 9,000 នាក់បានស្លាប់នៅក្នុងការរញ្ជួយដីចំនួនពីរលើកនៅក្នុងតំបន់ហិម៉ាឡៃយ៉ាន។ ដោយកាលនោះ ទីក្រុងទាំងមូល ព្រមទាំងប្រាសាទដែលមានអាយុកាលរាប់សតវត្សន៍ ព្រមទាំងទីតាំងប្រវត្តិសាស្ត្រជាច្រើនកន្លែងបានបន្សល់ទុកត្រឹមម្ទេចថ្មនៅពេលនោះ ហើយផ្ទះជាងមួយលានខ្នងត្រូវបានបំផ្លាញស្ទើរទាំងស្រុង បើយើងគិតជាចំនួនទឹកប្រាក់វិញ គឺមានតម្លៃប្រមាណ 6 ពាន់លានដុល្លារសហរដ្ឋអាមេរិក។

បើយោងតាមក្រុមមន្ត្រីរបស់នេប៉ាល់ បានសម្តែងការភ័យខ្លាចថា ចំនួនអ្នកស្លាប់នៅក្នុងការរញ្ជួយដីនៅថ្ងៃសុក្រអាចមានការកើនឡើង ព្រោះមានសាកសពជាច្រើនដែលពួកយើងនៅតែមិនទាន់បានរកឃើញ។ ម្យ៉ាងទៀតវាក៏ដោយសារតេពួកគេមិនអាចបង្កើតទំនាក់ទំនងនៅក្នុងតំបន់ភ្នំក្បែរចំណុចកណ្តាល ដែលមានចម្ងាយប្រហែល 500 គីឡូម៉ែត្រ (300 ម៉ាយ) ភាគខាងលិចនៃរដ្ឋធានី Kathmandu ដែលជាកន្លែងមានការរញ្ជួយដែរនោះបាន ទើបធ្វើឲ្យពួកយើងមិនទាន់អាចនិយាយបានថាចំនួនអ្នកស្លាប់សរុបមានប៉ុន្មាននាក់។ 

 ឥឡូវនេះផងដែរ ខាងការិយាល័យរបស់យើងបានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី Pushpa Kamal Dahal បានហោះហើរទៅកាន់តំបន់នោះដោយផ្ទាល់កាលពីព្រឹកថ្ងៃសៅរ៍ ជាមួយនឹងក្រុមគ្រូពេទ្យយោធាដែលមានសមាជិក 16 នាក់ ដើម្បីត្រួតពិនិត្យការស្វែងរក ការជួយសង្គ្រោះដោយប្រសិទ្ធភាព។

កងទ័ព​អ៊ុយក្រែន បាន​ប្រយុទ្ធទាំង​ភាព​នឿយហត់ ​ព្រោះសង្រ្គាមកាន់តែ​អូសបន្លាយ

យោងតាមការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីទី 3 ខែវិច្ឆិកា បានឲ្យដឹងថា មានទាហ៊ានរបស់អ៊ុយក្រែនមួយចំនួនដែលកំពុងស្ថិតនៅភាគខាងកើតអ៊ុយក្រែន ទីបំផុតបានដេកលក់នៅព្រឹកមួយដោយភាពអស់កម្លាំងពីការប្រយុទ្ធឥតឈប់ឈរក្នុងការប្រឆាំងនឹងកងកម្លាំងរុស្ស៊ីនៅក្នុងព្រៃស្រល់ក្បែរ Kreminna ។

ហើយការសម្រាករបស់គាត់ទាំងនោះមិនទាន់បានប៉ុន្មានផង ស្រាប់តែមួយម៉ោងក្រោយមក ពួកគាត់ក៏បានក្រោកឡើងដើម្បីទប់ទល់នៅការបាញ់ប្រហារថ្មីដែលបានផ្ទុះឡើងជាបន្តទៀត។

បើយោងតាមការសម្ភាសមួយទៅលើយោធាអ៊ុយក្រែនម្នាក់ លោក Istoryk ដែលត្រូវបានសម្គាល់ដោយសញ្ញាហៅទូរស័ព្ទរបស់គាត់ លោកបាននិយាយថា “យើងមានការប្រយុទ្ធគ្នាអស់រយៈពេលជាង 20 ម៉ោង” ។ គាត់បានប្រាប់អ្នកយកព័ត៌មាន Reuters ថា កាលពីថ្ងៃព្រហស្បតិ៍នេះយើងបាន “ប្រយុទ្ធមិនឈប់ឈរ ជាមួយនឹងការវាយប្រហាររបស់រុស្ស៊ីឥតស្រាកស្រាន តែពួកយើងនៅតែទប់ទល់ដល់ទីបញ្ចប់”។ សម្រាប់ពួកយើងដែលជាទាហ៊ានជួរមុខពិតជាត្រូវកាសម្រាកដើម្បីមានកំលាំងប្រយុទ្ធតទៅទៀត”។

គួរបញ្ជាក់ថា ការពិពណ៌នារបស់គាត់អំពីការប៉ះទង្គិចគ្នានាពេលថ្មីៗនេះ និងភាពអស់កម្លាំងដែលគាត់ និងអង្គភាពរបស់គាត់ វាគឺជាបញ្ហាប្រឈមដែលអ៊ុយក្រែនកំពុងតែជួបប្រទះ ហើយវាក៏ជាភាពតានតឹងដ៏ធំមួយនៃសង្រ្គាមខណៈដែលអ៊ុយក្រែនកំពុងស្វែងរកធនធានមានបន្ថែមទៀតដើម្បីយកឈ្នះ។

ជាការពិតណាស់ទាហ៊ានរបស់អ៊ុយក្រែនបានដឹងហើយថា រុស្ស៊ីមានកងទ័ពធំជាង និងមានសព្វាវុធ និងគ្រាប់រំសេច្រើនជាងខ្លួនយ៉ាងណានោះ។ ហើយអ្វីទាំងអស់នេះក៏បានលេចឡើងជាសំណួរដែលមនុស្សជាច្រើនតែងតែសួរថា តើអ៊ុយក្រែនអាចវាយលុកពួកឈ្លានពានតែម្នាក់ឯង ប៉ុន្តែប្រយុទ្ធសម្រាប់មនុស្សទាំងអស់គ្នា បើទោះបីវាជាជម្លោះបង្ហូរឈាមដ៏បំផុតមួយនេះបានកើតឡើងនៅអឺរ៉ុបក៏ដោយនោះ?

បើយោងតាមរយៈមេបញ្ជាការអ៊ុយក្រែន លោក Valery Zaluzhnyi បានពិពណ៌នាអំពី “ភាពជាប់គាំង” នៅលើសមរភូមិនៅក្នុងបទសម្ភាសន៍មួយដែលបាន ចេញផ្សាយ នៅសប្តាហ៍នេះ ដោយលោកបាននិយាយថា សង្រ្គាមដែលអូសបន្លាយនឹងបង្កបានជាភាពរីករាយសម្រាប់រុស្ស៊ី។

លោក Zaluzhnyi បាននិយាយថា នៅពេលនេះយើងមានតែសមត្ថភាពថ្មីប៉ុណ្ណោះ រួមទាំងការផ្គត់ផ្គង់បន្ថែមទៀតពីសម្ព័ន្ធមិត្តលោកខាងលិច ក៏ដូចជាយន្តហោះគ្មានមនុស្សបើកដែលផលិតក្នុងស្រុក ដែលអាចផ្តល់តុល្យភាពមកវិញនៅក្នុងការបន្តប្រយុទ្ធ។

តែលោកក៏បាននិយាយរៀបរាប់ទៀតថា ស្របពេលជាមួយនឹងការមកដល់នៃភ្លៀងធ្លាក់តាមរដូវ ដែលធ្វើឱ្យយើងកាន់តែពិបាកក្នុងការឈានទៅមុខដោយដើរលើភក់ជ្រាំ ព្រោះកាលពីរដូវក្តៅនោះយើងបានរំដោះទឹកដីបានតិចតួចបំផុត គឺតិចជាងការរំពឹងទុករបស់ទីក្រុង Kyiv ។

យ៉ាងណាមិញ ខាងអ្នកយកព័ត៌មានរ៉យទ័រ បានទទួលនូវព័ត៌មានជាច្រើនពីក្រុមយោធាជួរមុខរបស់ទីក្រុងគីវ ដោយពួកគេទាំងនោះបាននិយាយរៀបរាប់ពីបទពិសោធន៍ដ៏ក្រៀមក្រំ របស់គាត់ជាមួយនឹងស្នាមញញឹមឈ្នះៗ។

តែពេលក្រុមការអងាររ៉យទ័រ​សួរពួកគាត់ថា ​តើ​គាត់​អាច​បន្ត​ប្រយុទ្ធ​បាន​មួយ​ឆ្នាំ​ទៀត​ឬ​ក៏​២​ឆ្នាំ​ទៀតដែរ? ពេលនោះពួកគាត់​បាន​ឆ្លើយ​ថា៖ «ខ្ញុំមិនដឹងថា តើពួកយើងអាចនៅមានកំលាំងតស៊ូបានដល់ពេលណានោះទេ។

បើយោងតាមអ្នកបម្រើការនៅក្នុងកងវរសេនាតូចកាំភ្លើងនៃកងពលតូចមេកានិចទី 67 នៅក្នុងព្រៃ Serebryanskyi ក្នុងតំបន់ Luhansk បាននិយាយថា នៅក្នុងខេត្តភាគច្រើនត្រូវបានកាន់កាប់ដោយជនជាតិរុស្ស៊ី។

ដីជុំវិញផ្លូវទៅកាន់ Luhansk គឺមានស្នាមរណ្ដៅចេញពីសំបកដែលចូលមក ហើយដើមឈើដែលឆេះបានខ្ទេចពាក់កណ្តាលពីការផ្ទុះ។

ការប្រយុទ្ធគ្នាប្រភេទនេះកំពុងផ្ទុះឡើងនៅតាមជួរជួរមុខ ដែលរត់ចេញពីព្រំដែននៅក្បែរតំបន់ Belgorod របស់រុស្ស៊ីនៅភាគឦសានរហូតដល់សមុទ្រខ្មៅនៅភាគខាងត្បូង។

តែក្នុងករណីមួយនេះ ខាងរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់ ដោយឯករាជ្យបានទេ ប៉ុន្តែទាហានរាប់ម៉ឺននាក់បានស្លាប់នៅក្នុងសមរភូមិជាង 20 ខែនៃជម្លោះដែលបង្ហាញថាគ្មានសញ្ញានៃការបញ្ចប់។

ក្រោយការវាយលុករបស់អ៊ុយក្រែនចំនួនប្រាំខែក្រោយមកនេះ គោលដៅរបស់ទីក្រុងគីវ គឺនៅតែជាសុបិនដ៏សែនឆ្ងាយ ព្រោះថាកងកម្លាំងអ៊ុយក្រែនឥឡូវនេះបានស្ថិតនៅចម្ងាយប្រហែល 80-90 គីឡូម៉ែត្រពីឆ្នេរសមុទ្រ ដោយអមជាមួយនឹងការការពារយ៉ាងតឹងរឹងពីសំណាក់ភាគីរុស្ស៊ី បើគិតរហូតមកដល់ពេលនេះ រុស្ស៊ីនៅតែអាចរក្សាជំហររបស់ខ្លួនបានយ៉ាងរឹងមាំ។

បើទោះបីជាការប្រយុទ្ធវាហាក់នៅឆ្ងាយពីសមរភូមិយ៉ាងណាក៏ដោយ តែអ៊ុយក្រែននៅតែខិតខំស្វះស្វែងកម្ចាត់ប្រព័ន្ធការពារដែនអាកាស យន្តហោះ និងទ្រព្យសម្បត្តិកងទ័ពជើងទឹករបស់រុស្ស៊ី ដោយប្រើមីស៊ីលរយៈចម្ងាយឆ្ងាយដែលជាការផ្គត់ផ្គង់ដោយលោកខាងលិច ព្រោះអ៊ុយក្រែននៅតែមានសង្ឃឹមថា ការវាយប្រហារបែបនេះនឹងធ្វើឱ្យសត្រូវពិបាកក្នុងការគាំទ្រកងទ័ពជួរមុខ។

ទន្ទឹមនឹងនោះ រុស្ស៊ីបានបន្តការទម្លាក់គ្រាប់បែករបស់ខ្លួនលើអ៊ុយក្រែនដោយប្រើយន្តហោះគ្មានមនុស្សបើក និងមីស៊ីល នៅក្នុងអ្វីដែលខ្លួននិយាយថា វាជាយុទ្ធនាការយោធាដែលមានគោលដៅ បើទោះបីជាវិធីស្រាស្ត្រមួយនេះបានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់យ៉ាងណាក៏ដោយ។

scroll to top