ចិញ្ចៀនពេជ្រពណ៌ខៀវមួយវង់ មានតម្លៃរហូតដល់ 50 លានដុល្លារ នៅក្នុងការដេញថ្លៃ

ត្បូងពេជ្រពណ៌ខៀវមួយដ៏រស់រវើកព្រមទាំងជាត្បូងពេជ្រដែលធំបំផុត វាត្រូវបានគេរចនាឡើងជាមួយម៉ូដយ៉ាងសាមញ្ញ តែមានភាពទាក់ទាញ  វាត្រូវបានគេដាក់លក់ដោយការដេញថ្លៃរហូតដល់ 50 លានដុល្លារនៅឯការលក់គ្រឿងអលង្ការដ៏កម្ររបស់ Christie ក្នុងទីក្រុងហ្សឺណែវនៅថ្ងៃទី 7 ខែវិច្ឆិកា ឆ្នាំ២០២៣។

ចិញ្ចៀនពេជ្រត្បូងខៀវមួយវង់ ត្រូវបានគេស្គាល់ថាជា “Bleu Royal វាគឺជាចិញ្ចៀនមួយដែលស្ថិតក្នុងចំណោមត្បូងដ៏កម្របំផុតដែលអ្នកមិនធ្លាប់ឃើញពីមុនមក។

“អ្វីដែលធ្វើឱ្យត្បូងពេជ្រកម្រ (Bleu Royal) វាមានលក្ខណៈពិសេសត្រង់ទំហំដ៏ធំរបស់វាតែម្តង។ ព្រោះបើយោងតាមលោក Rahul Kadakia ដែលជាប្រធានផ្នែកគ្រឿងអលង្ការអន្តរជាតិរបស់ Christie បាននិយាយថា វាមានទម្ងន់រហូតដល់ទៅ 17.6 ការ៉ាត់ ដែលជាប្រភេទដ៏ធំបំផុត។ ម្យ៉ាងវិញទៀតបើយើងនិយាយអំពី”ពណ៌របស់វាវិញ ​គឺជាពណ៌បែប​ធម្មជាតិសុទ្ធសាត ដែលជាហេតុធ្វើឲ្យវាទទួលបាននូវ​លក្ខណៈ​ល្អ​ឥត​ខ្ចោះខុសពីត្បូងដទៃទៀត។”

ខាងអ្នកយកព័ត៌មានរបស់ CNN បានឲ្យដឹងទៀតថា នៅក្នុងការដេញថ្លៃតាមអ៊ីនធឺណិតមួយទដាច់ដោយឡែកផ្សេងទៀត កាលពីថ្ងៃទី 3 ដល់ថ្ងៃទី 16 ខែវិច្ឆិកា Christie’s នឹងផ្តល់ជូនខ្សែកគុជខ្យងដែលបំពាក់ដោយតារាភាពយន្ត និងតារាបង្ហាញម៉ូត Audrey Hepburn ក្នុងឈុតចុងក្រោយនៃរឿង “Roman Holiday។ Audrey Hepburn នាងគឺជា តារា សម្តែងភាពយន្តជនជាតិអង់គ្លេសដ៏ល្បីឈ្មោះម្នាក់ ហើយក៏ជាតារាបង្ហាញម៉ូដមួយរូប ដែលត្រូវបានចាត់ថ្នាក់ដោយ វិទ្យាស្ថានភាពយន្តអាមេរិក ថាជា តារាស្រីឆ្នើមលំដាប់ទី 3 ពី រោងកុនហូលីវូដបុរាណ ហើយត្រូវបានបញ្ចូលទៅក្នុង បញ្ជីឈ្មោះសាលកិត្តិនាមល្អបំផុតអន្តរជាតិ ។

ការដេញថ្លៃក្នុងកំឡុងពេលនោះផងដែរ “គឺត្រូវបានគេដាក់តម្លៃវាចាប់ពី 20,000 ទៅ 30,000 ដុល្លារ។ដោយក្នុងនោះគឺបន្ថែមការដាក់ដេញនូវនាឡិកាដៃម៉ាក Rolex ដែលពាក់ដោយ Marlon Brando គឺជាតួរឯកនៅក្នុងរឿង “Apocalypse Now” ឆ្នាំ 1979 នៅខាងក្រោយដែលតួសម្តែងបានឆ្លាក់ហត្ថលេខារបស់គាត់ ដើម្បីកុំឱ្យវាផ្លាស់ប្តូរដោយចៃដន្យអំឡុងពេលថត។

បើយោងតាមលោក Remi Guillemin ប្រធានផ្នែកនាឡិកានៅអឺរ៉ុបនៅ Christie’s បាននិយាយថា “អ្វីដែលធ្វើឱ្យវាប្លែកសម្រាប់កម្មវិធីនោះគឺថាវាពិតជាគួរឱ្យចងចាំបំផុតមួយក្នុងចំនោមវត្ថុអនុស្សាវរីយ៍ Rolex ដែលអ្នកបានឃើញនាលពេលនេះ គឺវាមិនធ្លាប់មាននៅក្នុងការដេញថ្លៃពីមុនមកឡើយ” ។

កាល​ពី​ពីរ​ឆ្នាំ​មុន នាឡិកា​នេះ​ឥឡូវ​មាន​តម្លៃ​ចន្លោះ​ពី ១ លាន​ទៅ ២ លាន​ហ្វ្រង់​ស្វីស ត្រូវ​បាន​លក់​ដេញ​ថ្លៃ​ក្នុង​តម្លៃ ២ លាន​ហ្វ្រង់​ស្វីស (២,២ លាន​ដុល្លារ)។

លោក Guillemin បាននិយាយថា “វាពិតជាពិសេសណាស់ដែលមានតារាទាំងពីរខាងលើនេះ ព្រោះពួកគេគឺជាតួអង្គដែលសក្តិសមនិងការបង្ហាញ- Rolex ពី Marlon Brando និងខ្សែកពី Audrey Hepburn” ។

ប្រធានសភារបស់អាមេរិក បានអនុម័តជំនួយយោធាចំនួន 14.5 ពាន់លានដុល្លារ សម្រាប់អ៊ីស្រាអែល ក្នុងការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស 

តាមរយៈទីក្រុងវ៉ាស៊ីនតោន នាថ្ងៃទី ០២ ខែវិច្ឆិកា បានឲ្យដឹងថា សភាតំណាងរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានអនុម័តជំនួយយោធាដែលមានតម្លៃប្រមាណ14.5 ពាន់លានដុល្លារសហរដ្ឋអាមេរិកសម្រាប់អ៊ីស្រាអែលក្នុងការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស នេះបើយោងតាមការចុះផ្សាយរបស់ VOA ។

ប្រធានសភាថ្មីលោក Mike Johnson បានជ្រើសរើសវិធីសាស្រ្តមិនធម្មតាមួយយកប្រើប្រាស់ ចំពោះកញ្ចប់ជំនួយថ្មីមួយនេះ ដោយតម្រូវឱ្យរដ្ឋាភិបាលរបស់ខ្លួនត្រូវតែកាត់បន្ថយការចំណាយនៅកន្លែងផ្សេងទៀត ដែលជាយុទ្ធសាស្ត្រមួយ បង្ហាញឲ្យសមាជិកសភាជាច្រើនដឹងថា វាគឺជាការបែងចែកសភាភាគច្រើនតាមជួរគណបក្សទាំងពីររបស់អាមេរិកទៅវិញ។

វិក័យប័ត្រដែលបានអនុម័តពី 226 មកនៅត្រឹម 196 វាគឺជាសកម្មភាពនីតិប្បញ្ញត្តិដ៏សំខាន់ដំបូងបង្អស់របស់គណបក្សសាធារណរដ្ឋ បើគិតចាប់តាំងពីគាត់បានក្លាយជាប្រធានសភាកាលពីសប្តាហ៍មុន។ លោក Johnson ដែលមកពីរដ្ឋ Louisiana ភាគខាងត្បូងនៃសហរដ្ឋអាមេរិក បាននិយាយថា ច្បាប់នេះនឹងជួយដល់ប្រទេសអ៊ីស្រាអែល “ខណៈពេលដែលយើងក៏ធ្វើការដើម្បីធានាថា រាល់ការចំណាយគឺប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសជាងនេះទៅទៀតនោះគឺដើម្បីកាត់បន្ថយទំហំនៃការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធផងដែរ” ។

គួរបញ្ជាក់ថា វិក័យប័ត្រ GOP មិនរួមបញ្ចូលជំនួយមនុស្សធម៌ណាមួយសម្រាប់ Gaza នោះទេ។

ចំនែកឯ លោក Biden បាននិយាយថា លោកនឹងវេតូ(បដិសេធការសម្រេចចិត្ត)លើច្បាប់មួយនេះ ដោយក្នុងនោះ ក្រុមសមាជិកគណបក្សប្រជាធិបតេយ្យបានគាំទ្រលោក Bidenថា ច្បាប់នេះមិនមានឱកាសនៅក្នុងព្រឹទ្ធសភាជាដាច់ខាត។

ខាងសេតវិមានបាននិយាយថា វិធីសាស្រ្តរបស់លោក ចនសុន នឹងកំណត់នូវគំរូដ៏ប្រថុយប្រថានមួយ ហើយ វាក៏ជាការ”បរាជ័យចំពោះស្ថានភាពនៅពេលនេះ”។ ម្យ៉ាងវិញទៀតខាងសេតវិមាន​ក៏បាននិយាយរិៈគន់ប្រធានសភាថ្មីថា ភាពខ្វះខាត​ជំនួយ​មនុស្សធម៌​សម្រាប់​តំបន់​ហ្គាហ្សា​នៅក្នុងការអនុម័តថ្មីមួយ​នេះ វាក៏ជាហេតុដែលនាំមកនូវការ​បរាជ័យ​ក្នុង​ការ​ផ្តល់​ជំនួយ​យោធា​ដល់​អ៊ុយក្រែន និង​តៃវ៉ាន់ដូចគ្នាដែរ។

ខាងសេតវិមានបាននិយាយថា “ចំពោះច្បាប់ថ្មីមួយនេះនឹងបំបែកជាមួយនឹងវិធីសាស្រ្តធម្មតា និងទ្វេភាគីក្នុងការផ្តល់ជំនួយសន្តិសុខជាតិសង្គ្រោះបន្ទាន់” ។ សមាជិកក្រុមគណបក្សប្រជាធិបតេយ្យបាននិយាយទៀតថា វិធីសាស្រ្តរបស់គណបក្សសាធារណរដ្ឋ “នឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសុវត្ថិភាព និងសម្ព័ន្ធភាពរបស់យើងនាពេលប៉ុន្មានឆ្នាំខាងមុខថែមទៀតផង”។

យ៉ាងណាមិញចំពោះផែនការចំណាយសម្រាប់ជំនួយមនុស្សធម៌ វានឹងពាក់ព័ន្ធទៅលើការកាត់ប្រាក់រាប់ពាន់លានដុល្លាពីសេវាកម្មចំណូលផ្ទៃក្នុង ដែលគណបក្សប្រជាធិបតេយ្យបានអនុម័តកាលពីឆ្នាំមុន ហើយលោក Biden បានចុះហត្ថលេខាលើច្បាប់នោះរួចរាល់ហើយផងដែរ។ ហើយចំនែកឯខាងការិយាល័យថវិកាសភាដែលប្រកាន់អាព្យាក្រឹត្យបាននិយាយថា វិធីសាស្រ្តចុងក្រោយនឹងធ្វើឱ្យរដ្ឋាភិបាលសហព័ន្ធខាតបង់ទឹកប្រាក់ចំនួន 12 ពាន់លានដុល្លារដោយសារតែការបាត់បង់ប្រាក់ចំណូលពីសារពើពន្ធ។

បើយោងតាមការរៀបរាប់របស់មេដឹកនាំភាគច្រើននៃព្រឹទ្ធសភារបស់គណបក្សប្រជាធិបតេយ្យ លោក Chuck Schumer បាននិយាយថា សេចក្តីព្រាងច្បាប់ដែលមានភាព “មិនប្រាកដប្រជា” នឹងមិនឆ្លងកាត់ព្រឹទ្ធសភានោះទេ។

រីឯលោក Joe Biden ក៏បានស្នើឱ្យសភាអនុម័តកញ្ចប់ចំណាយបន្ទាន់ចំនួន 106 ពាន់លានដុល្លារបន្ថែមទៀត ដែលនឹងរួមបញ្ចូលការផ្តល់មូលនិធិសម្រាប់អ៊ីស្រាអែល តៃវ៉ាន់ អ៊ុយក្រែន និងជំនួយមនុស្សធម៌ថែមទៀតផង។ ដោយក្នុងនោះលោក Schumer បានឆ្លើយតបវិញថា ព្រឹទ្ធសភានឹងពិចារណាលើវិក័យប័ត្រទ្វេភាគី ដែលមានគោលបំណងដោះស្រាយកង្វល់ទាំងនោះ។

កូរ៉េខាងជើង កំពុងតែព្យាយាមស្វែងរកប្រាក់ចំណេញពីសង្រ្គាម អ៊ីស្រាអែល-Hamas ខណៈដែលកូរ៉េខាងត្បូង កំពុងតែស្វែងរកការទប់ស្កាត់ 

សង្គ្រាមអ៊ីស្រាអែល-ហាម៉ាសបានក្លាយជាប្រធានបទដ៏ក្តៅគគុករបស់ក្រុមអ្នកវិភាគនយោបាយស្ទើតែគ្រប់បណ្តាលប្រទេសនៅក្នុងពិភពលោក ជាពិសេសគឺប្រទេសទាំងឡាយណាដែលប្រឈមមុខនឹងការគំរាមកំហែងផ្នែកសន្តិសុខពីប្រទេសជិតខាង។ បើយោងតាមការសិក្សាស្រាវជ្រាវអំពីជម្លោះរវាងប្រទេសជិតខាងវិញ បានបង្ហាញថា ចំពោះប្រទេសដែលតែងតេចង់បង្កជម្លោះ គឺតែងតែព្យាយាមពង្រឹងសមត្ថភាពក្នុងការធ្វើសង្គ្រាមរបស់ខ្លួនជានិច ក៏ដូចជាការបង្ហាញជាយុទ្ធសាស្ត្រដើម្បីកម្ចាត់សត្រូវរបស់ពួកគេជាដើម នេះបើយោងតាមទីភ្នាក់សារព័ត៌មានយ៉ុនហាប់ នៅថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

បច្ចុប្បន្នខាងប្រទេសកូរ៉េខាងត្បូងកំពុងតែខិតខំរៀនសូត្រពីមេរៀននៃការបរាជ័យនៃផ្នែកស៊ើបការណ៍ដោយសម្ងាត់របស់អ៊ីស្រាអែល និងដើម្បីជួសជុលនូវចំណុចខ្វះខាតរបស់ខ្លួនទាំងខាងវិស័យការពារតាមបណ្តាញសង្គមអ៊ីនធឺណេត និងនុយក្លេអ៊ែរ ព្រោះថាអ្វីៗទាំងអស់នាពេលនេះ សុទ្ធតែអាចកើតឡើងបានគ្រប់ពេល ប្រសិនបើយើងមានចន្លោះប្រហោងណាមួយពិត នោះកូរ៉េខាងជើងពិតជាឆ្លៀតឳកាស។

បើយោងតាមរយៈសេវាស៊ើបការណ៍សម្ងាត់ជាតិ (NIS)បានឲ្យដឹងថា ទន្ទឹមនឹងការប្រយុទ្ធគ្នានៅមជ្ឈឹមបូព៌ាកំពុងតែកើតឡើងនោះ កូរ៉េខាងជើងបែរជាព្យាយាមស្វែងរកប្រាក់ចំណេញពីសង្គ្រាម ខណៈដែលខ្លួនមើលឃើញថាជម្លោះនេះជាឱកាសមួយដើម្បីលក់អាវុធទៅឱ្យរដ្ឋទាំងឡាយណាដែលគាំទ្រក្រុមភេរវករ ដើម្បីជាការប្រឆាំងនឹងទណ្ឌកម្មដែលដាក់ដោយពួកលោកខាងលិច។ ប្រទេសកូរ៉េខាងជើងក៏បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការប្រើប្រាស់ជម្លោះរបស់អ៊ីស្រាអែល និងក្រុមហាម៉ាធ្វើជាកន្លែងសម្រាប់សាកល្បងអាវុធយុទ្ធសាស្ត្ររបស់ខ្លួនថែមទៀតផង។

ប្រភពខាងលើនេះបានឲ្យដឹងទៀតថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កំពុងព្យាយាមទាញយកផលប្រយោជន៍ពីសង្គ្រាមអ៊ីស្រាអែល និងហាម៉ាស់សម្រាប់គោលបំណងបង្ហាញពីសក្តានុពលរបស់ខ្លួន។ ដោយក្នុងនោះខាង NIS បានប្រមូលភ័ស្តុតាជាច្រើនដែលអាចបដញ្ជាក់ថា លោក គីម ជុងអ៊ុន បានដឹកនាំសមាជិកសភារបស់គាត់ឱ្យស្វែងរកមធ្យោបាយដើម្បីជួយដល់ប្រទេសប៉ាឡេស្ទីនជាមួយនឹងកញ្ចប់ជំនួយ ដោយមិនទាន់ដឹងពីលក្ខខណ្ឌនៃការដោះដូរ ។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ត្រូវបានដកស្រង់សម្តីដោយនិយាយថា “ការពិសោធន៍យោធា” របស់លោក គីម បានបង្ហាញឲ្យយើងដឹងថា វាគឺជាការពង្រឹងសមត្ថភាពខាងផ្នែកយោធា និងជាការដាក់បង្ហាញឲ្យពិភពលោកបានដឹងថាសមត្ថភាពនៃកាំភ្លើងធំរបស់ខ្លួនគឺពិតជាមានរយៈចម្ងាយឆ្ងាយ ហើយថែមទាំងមានប្រសិទ្ធភាពខ្ពស់ក្នុងការវាយប្រហារគោលដៅ ហើយវាគឺពិតជំនួយដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតសម្រាប់ក្រុមពួកហាម៉ាស។

NIS ក៏បានឲ្យដឹងទៀតថា កូរ៉េខាងជើងអាចនឹងព្យាយាមលក់អាវុធទៅឱ្យប្រទេសទីបី ខណៈប្រទេសនេះធ្លាប់បានលក់អាវុធប្រឆាំងរថក្រោះ និងគ្រាប់រ៉ុក្កែតទៅឱ្យក្រុមហាម៉ាស់ និងហេសបូឡាកន្លងមក នេះបើយោងតាមសមាជិកសភារបស់កូរ៉េខាងជើង។

មានទិន្នន័យជាច្រើនធ្លាប់បានបង្ហាញថា កូរ៉េខាងជើងបានលក់សព្វាវុធទៅឱ្យក្រុមហាម៉ាស់ និងហេសបូឡា ព្រោះកូរ៉េខាងជើងចង់ពួកបន្លាចកូរ៉េខាងត្បូងជាដើម។

ការលក់អាវុធរបស់កូរ៉េខាងជើងទៅឱ្យក្រុមសកម្មប្រយុទ្ធរ៉ាឌីកាល់ និងរដ្ឋដែលគាំទ្រក្រុមហាម៉ាសទាំងអស់ គឺមិនមែនចង់បង្កការគម្រាមកំហែងដល់កូរ៉េខាងត្បូងតែមុខនោះទេ តែក៏ជាការសម្ញែងដល់ដល់សហរដ្ឋអាមេរិកផងដែឬ ខណៈដែលកូរ៉េខាងជើងត្រូវបានគេរំពឹងថានឹងប្រើប្រាស់ពីកិច្ចព្រមព្រៀងសព្វាវុធ ដើម្បីអភិវឌ្ឍអាវុធប្រល័យលោកបន្ថែមទៀត ដែលនាំឱ្យមានការគំរាមកំហែងដល់ផ្នែកសន្តិសុខពិភពលោកកាន់តែខ្លាំងឡើង។

លោក ពូទីន បានលុបចោលការផ្តល់សច្ចាប័នរបស់រុស្ស៊ីលើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ

តាមរយៈទីក្រុងម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍នេះ បានចុះហត្ថលេខាលើឯកសារមួយច្បាប់ដែលបញ្ជាក់ពីការលុបចោលនូវការផ្តល់សច្ចាប័នរបស់រុស្ស៊ី ចំពោះសន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែរ ដោយលោកបាននិយាយថា យើងនឹងបានរៀបចំឡើងវិញ នូវកំណែទម្រង់ថ្មី ដើម្បីឲ្យទីក្រុងម៉ូស្គូ ស្របទៅតាមគោលនយោបាយរបស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២៣។

រុស្ស៊ីបាននិយាយថា ខ្លួននឹងមិនបន្តការសាកល្បងឡើយ លុះត្រាតែទីក្រុងវ៉ាស៊ីនតោនបង្ខំឲ្យមានការដកសច្ចាប័នរបស់ខ្លួន ម្យ៉ាងវិញទៀតរុស្ស៊ីក៏មិនផ្លាស់ប្តូរឥរិយាបថនុយក្លេអ៊ែរបស់ខ្លួននោះដែរ សូម្បីតែការចែករំលែកព័ត៌មានអំពីសកម្មភាពនុយក្លេអ៊ែររបស់យើងនោះ។

តាមពិតទៅខាងទីក្រុងវ៉ាស៊ីនតោនបានចុះហត្ថលេខាលើសន្ធិសញ្ញាក៏ពិតមែន ប៉ុន្តែក៏មិនដែលផ្តល់សច្ចាប័នលើសន្ធិសញ្ញាក្នុងឆ្នាំ 1996 ដែរ។ តែសម្រាប់លោក ពូទីន ផ្ទាល់គ្រាន់តែចង់និយាយថា គាត់ចង់ឱ្យប្រទេសរុស្ស៊ីអាចទទួលយកជំហរដូចទៅនឹងសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ 

 អ្នកជំនាញគ្រប់គ្រងអាវុធលោកខាងលិចមួយចំនួនមានការព្រួយបារម្ភថា រុស្ស៊ីអាចនឹងឈានទៅរកការសាកល្បងដើម្បីបំភិតបំភ័យ និងបង្កការភ័យខ្លាចចំពេលមានសង្រ្គាមអ៊ុយក្រែន ប៉ុន្តែការទស្សទាយនេះ ត្រូវបានមន្ត្រីរបស់រុស្ស៊ីបានបដិសេធ។

គួរបញ្ជាក់ថា លោកពូទីនបាននិយាយកាលពីថ្ងៃទី 5 ខែតុលាថា លោកមិនទាន់ត្រៀមខ្លួនរួចរាល់ សម្រាប់ការទស្សទាយជាច្រើនដែលបាននិយាយថា តើរុស្ស៊ីគួរតែបន្តការសាកល្បងនុយក្លេអ៊ែរឬអត់ បន្ទាប់ពីការអំពាវនាវពីអ្នកជំនាញសន្តិសុខរុស្ស៊ីមួយចំនួន និងសមាជិកសភាឱ្យសាកល្បងគ្រាប់បែកនុយក្លេអ៊ែរជាការព្រមានដល់លោកខាងលិចនោះ។

យ៉ាងណាមិញចំពោះចំណាត់ការបែបនេះ វាអាចកើតឡើង លុះត្រាតែអ្វីៗបានឈានទៅរកយុគសម័យថ្មីនៃការសាកល្បងនុយក្លេអ៊ែរថាមពលដ៏ធំបានកើតឡើងជាមុនសិន ហើយវាក៏ជាអ្វីដែលពួកលោកខាងលិចភ័យខ្លាចផងដែរ។

ការយល់ព្រមរបស់លោកពូទីនលើច្បាប់ដកសច្ចាប័ន ត្រូវបានបង្ហោះនៅលើគេហទំព័ររបស់រដ្ឋាភិបាលដែលបាននិយាយថាការសម្រេចចិត្តបានចូលជាធរមានភ្លាមៗ ហើយសភាទាំងពីរ នៃសភារុស្ស៊ីបានអនុម័តជំហាននេះរួចហើយផងដែរ។

គួរបញ្ជាក់ថា ក្រោយ​សម័យ​សូវៀត រុស្ស៊ី​មិន​ដែលធ្លាប់​ធ្វើ​តេស្ត​នុយក្លេអ៊ែរនោះ​ទេ បើយើងគិតចាប់តាំងពីក្នុងសម័យសហភាពសូវៀតដែលបានសាកល្បងចុងក្រោយនៅឆ្នាំ 1990 និងសហរដ្ឋអាមេរិកនៅឆ្នាំ 1992 ។

scroll to top