វិបត្តិនយោបាយ ក្នុងប្រទេស បង់ក្លាដែស វាបានធ្វើឲ្យវិស័យសេដ្ឋកិច្ច កាន់តែមានភាពផុយស្រួយ

ការបិទផ្លូវថ្នល់-ផ្លូវដែក-ផ្លូវទឹកទូទាំងប្រទេសបង់ក្លាដែស គឺបានកើតឡើង ដោយសារតែរដ្ឋាភិបាលនៃប្រទេសមួយនេះកំពុងតែរងនូវសម្ពាធពីគណបក្សជាតិនិយមបង់ក្លាដែស (BNP) និងសម្ព័ន្ធមិត្តរបស់ខ្លួន ហើយវាក៏បានរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ តាមរយៈថ្លៃដឹកជញ្ជូនចេះតែកើនឡើងយ៉ាងខ្លាំង ដោយសារតែរថយន្តដឹកទំនិញ និងរថយន្តទាំងនោះបានធ្វើដំណើរលើដងផ្លូវក្នុងអំឡុងពេលបិទ នេះបើយោងតាមការចុះផ្សាយរបស់ newsweek កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

“កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកដឹកជញ្ជូនត្រូវបង់ប្រាក់ 15,000 តាកា (136 ដុល្លារ) សម្រាប់ឡានដឹកបន្លែពីជនបទមកហាងនៅក្នុងទីក្រុងដាកា។ ឥឡូវនេះវាបានឡើងដល់ 22,000 takas ($200) នេះ​គឺជាអត្រា​អតិផរណា​ដ៏ធ្ងន់ធ្ងរមួយនៅក្នុង​ប្រទេសដែលមិនធ្លាប់មានពីមុនមក។

ភាពចលាចលនយោបាយនៅក្នុងប្រទេសបង់ក្លាដេស វាបានធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានភាពរង្គោះរង្គើរ ជាពិសេសគឺប៉ះពាល់ដល់ពាណិជ្ជករតូចៗមុនគេ ខណៈដែលគណបក្សប្រឆាំងព្យាយាមជំរុញឱ្យនាយករដ្ឋមន្ត្រី Sheikh Hasina លាលែងពីមុខតំណែងមុនការបោះឆ្នោតសកលដែលគ្រោងធ្វើនៅខែមករា ឆ្នាំ២០២៤។

BNP និងសម្ព័ន្ធមិត្តរបស់ខ្លួនបាននឹងកំពុងទាមទារឱ្យមានការស្ដារឡើងវិញ នូវប្រព័ន្ធរដ្ឋាភិបាលដែលកំពុងតែកាន់អំណាច ដើម្បីឲ្យមានការត្រួតពិនិត្យលើការបោះឆ្នោតជាតិឲ្យបានត្រឹមត្រូវ ខណៈដែលពួកគេជឿថា គ្មានការបោះឆ្នោតដោយសេរី និងយុត្តិធម៌អាចកើតឡើងក្រោមរបបរបស់លោកស្រី Hasina ។

សូមរំលឹកបន្តិចថា គណបក្សរបស់នាយករដ្ឋមន្ត្រី Sheikh Hasina បានចូលកាន់អំណាចតាំងពីឆ្នាំ 2009 មកម្ល៉េះ ហើយការបោះឆ្នោតសកលចំនួនពីរលើកចុងក្រោយនៃឆ្នាំ 2014 និង 2018 តែងតែងរងនូវការចោទប្រកាន់ដោយ គណបក្សប្រឆាំងជានិច្ច ព្រោះពួកគេបានអះអាងថារដ្ឋាភិបាលចាំផ្ទះរូបនេះបានក្លែងបន្លំសន្លឹកឆ្នោត។

មានប្រភពជាច្រើនបាននិយាយប្រាប់ newsweek ថា លោកស្រី Sheikh Hasina គាត់គឺជាប្រមុខរដ្ឋាភិបាលស្ត្រីដែលបានកាន់អំណាចយូរជាងគេបំផុតរបស់ពិភពលោក តែលោកស្រីក៏ត្រូវបានគេចោទប្រកាន់ថា ក្នុងរយៈនៃការកាន់អំនាចរបស់គាត់ គឺមានតែការគាបសង្កត់យ៉ាងឃោរឃៅទៅលើក្រុមប្រឆាំង និងសំឡេងប្រឆាំងក្នុងអំឡុងពេលជិត 15 ឆ្នាំចុងក្រោយនេះ។

បើទោះជាមានកិច្ចខិតខំប្រឹងប្រែងពីសំណាក់ BNP ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះយ៉ាងណាក៏ដោយ តែការស្ថាបនារបស់រដ្ឋាភិបាលចាំផ្ទះរូបនេះវាហាក់ដូចជាមិនមានភាពល្អប្រសើរណាមួយទាល់តែសោះ។

ឥឡូវនេះផងដែរ គណបក្សប្រឆាំង និងសម្ព័ន្ធមិត្តបានប្តេជ្ញាបង្កើនព្រឹត្តិការណ៍រំខាននៅមុនការបោះឆ្នោតជាតិ ហើយបានប្រកាសបិទផ្លូវទូទាំងប្រទេសចាប់តាំងពីដើមខែវិច្ឆិកានេះតទៅ។ ប៉ុន្តែការអនុវត្តន៍សកម្មភាពបែបនេះ វាកាន់តែធ្វើឲ្យមាន​ការ​ជាប់គាំង​នយោបាយ​យ៉ាងកាន់​ខ្លាំងទៅវិញទេ ហើយ​នៅ​ទី​បំផុតនោះអ្នកដែលរងទុក្ខជាងគេនោះគឺ​ជាប្រជាជន​បង់ក្លាដេស។

អ្នកជំនាញបាននិយាយថា ការប្រឈមមុខដាក់គ្នាខាងផ្នែកនយោបាយកាន់តែកើនឡើង វាបានធ្វើឲ្យប្រជាជនក្នុងអាស៊ីខាងត្បូងមានការព្រួយថា សេដ្ឋកិច្ចដែលត្រូវបានញាំញីដោយសារការរាតត្បាតជាជាសកលនៃជំងឺរាតត្បាត COVID-19 និងសង្គ្រាមនៅអ៊ុយក្រែន មិនទាន់បានដោះស្រាយផង តែយើងក៏ត្រូវប្រឈមនឹងវបត្តិថ្មីៗជាបន្តបន្ទាប់មកទៀត។ ហើយចំណែកឯការបង្រួញទុនបម្រុងរូបិយប័ណ្ណបរទេស និងសម្ពាធអតិផរណាខ្លាំងពេកនោះ វាបានជំរុញឱ្យរដ្ឋបាលចាំផ្ទះ Sheikh Hasina បានស្វែងរកប្រាក់កម្ចីបន្ថែមទៀត ដែលមានតម្លៃប្រហែល $4.7bn ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីដើមឆ្នាំនេះ។

ក្នុងអំឡុងត្រីមាសខែកក្កដាដល់ខែកញ្ញា ឱនភាពតុល្យភាពនៃការទូទាត់របស់ប្រទេសបង់ក្លាដែស ដែលការនាំចូលទំនិញ ដើមទុន និងសេវាកម្មរបស់ខ្លួនខ្ពស់ជាងការនាំចេញរបស់ខ្លួនទៅទៀត ឱនភាពខាងផ្នែកពាណិជ្ជកម្មនេះគឺមានតម្លៃស្មើរនឹង 2.8 ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងពេលជាមួយគ្នានេះដែរ ចំពោះឱនភាពគណនីចរន្តរបស់ខ្លួន ដែលកើតឡើងនៅពេលដែលប្រទេសមួយនេះផ្ញើប្រាក់ទៅក្រៅប្រទេសច្រើនជាងខ្លួនទទួលបានមកវិញនោះ បានកើនឡើងដល់ 3.93 ពាន់លានដុល្លារ នេះបើយោងតាមទិន្នន័យរបស់ធនាគារកណ្តាលនៃប្រទេសមួយនេះ។ ប្រភពមួយនេះបានឲ្យដឹងទៀតថា ទុនបម្រុងរូបិយប័ណ្ណបរទេសរបស់បង់ក្លាដេសបានធ្លាក់ចុះដល់កម្រិតទាបថ្មីមួយទៀតគឺមានតម្លៃស្មើរនឹង 20.66 ពាន់លានដុល្លារ។ បើយើងនិយាយពីកាលពីខែមុនវិញ ប្រាក់ចំណូលតាមរយៈការនាំចេញ ដែលជាចំណែករបស់សត្វតោ និងបានមកពីឧស្សាហកម្មកាត់ដេរ(RMG) វាបានធ្លាក់ចុះ 13.64 ភាគរយ មកនៅត្រឹម 3.76 ពាន់លានដុល្លារតែប៉ុណ្ណោះ វាជារបាយការណ៍មួយដែលបង្ហាញថា បង់ក្លាដេសបានធ្លាក់ចំណូល ឬទទួលបានទាបបំផុតក្នុងរយៈពេល 26 ខែចុងក្រោយនេះ។

យ៉ាងណាមិញសម្រាប់ការបិទផ្លូវឥឡូវនេះផងដែរ វាបានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសបង់ក្លាបានបាត់បង់ប្រមាណ 65 ពាន់លានតាកា (588 លានដុល្លារ) ក្នុងមួយថ្ងៃ នេះបើយោងតាមសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មបង់ក្លាដែស (FBCCI) ដែលជាស្ថាប័នពាណិជ្ជកម្មកំពូលរបស់ប្រទេស។

បើយោងតាមរយៈ លោក Zahid Hussain អតីតប្រធានសេដ្ឋវិទូនៃការិយាល័យ Dhaka របស់ធនាគារពិភពលោកបាននិយាយថា គោលនយោបាយរបស់រដ្ឋាភិបាលក្នុងការរក្សាតម្លៃនៃរូបិយប័ណ្ណតាកា របស់ប្រទេសឲ្យថេរ តែក៏បានធ្វើឱ្យអតិផរណាកាន់តែធ្ងន់ធ្ងរផងដែរ។ លោក បាននិយាយទៀតថា ភាពជាប់គាំងខាងផ្នែកនយោបាយកាន់តែជ្រៅ វិបត្តិសេដ្ឋកិច្ចបានវិវត្តន៍ទៅសភាពធ្ងន់ធ្ងរដូចគ្នា។

ព្រោះទន្ទឹមនឹងការនាំចូលទំនិញដែលមានតម្លៃ 90 ពាន់លានដុល្លារ តែបើធៀបនឹងការនាំចេញរបស់ខ្លួនមានចំនួនត្រឹមតែ 55 ពាន់លានដុល្លារ តើបង់ក្លាដេសអាចទប់ទល់នឹងស្ថានភាពមួយនេះបានដល់ពេលណា?

 មូលដ្ឋាននាំចេញតូចចង្អៀតរបស់ប្រទេសបង់ក្លាដែស ដែលពឹងផ្អែកទាំងស្រុងលើផលិតផលកាត់ដេរ វាបានធ្វើឲ្យប្រទេសកាន់តែងាយរងគ្រោះ ដោយសារការប៉ះទង្គិចពីខាងក្រៅកាន់តែងាយស្រួល ហើយថែមទាំងរយៈពេលវេងទៀតផង។

លោក Joe Biden បានដក​ទណ្ឌកម្ម​ ​វិទ្យាស្ថាន​មួយរបស់ចិន ចេញពីបញ្ជីខ្មៅ

តាមរយៈទីក្រុងវ៉ាស៊ីនតោន៖ បន្ទាប់ពីមានជំនួបរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និង មេដឹកនាំរបស់សាធារដ្ឋប្រជាមានិតចិន លោក Xi Jinping នៅក្នុងកិច្ចប្រជុំ (APEC) បានឲ្យដឹងថា រដ្ឋបាលរបស់ លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍នោះដដែលបានសម្រេចចិត្តដកវិទ្យាស្ថានកោសល្យវិច្ច័យវិទ្យាសាស្ត្រ នៃក្រសួងសន្តិសុខសាធារណៈចិន ចេញពីបញ្ជីទណ្ឌកម្មពាណិជ្ជកម្ម ដែលជាផ្នែកមួយនៃការដេញថ្លៃ ដើម្បីបញ្ចុះបញ្ចូល ឱ្យទីក្រុងប៉េកាំង បញ្ឈប់លំហូរនៃសារធាតុ Fentanyl អាភៀនសំយោគចូលទៅ ក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

គួររំលឹកថា ទីក្រុងវ៉ាស៊ីនតោនធ្លាប់បានដាក់វិទ្យាស្ថាននេះក្នុងបញ្ជីទណ្ឌកម្មកាលពីក្នុងឆ្នាំ 2020 គឺនៅពេលដែលអាជ្ញាធារអាមេរិកបានរកឃើញថា ចិនបានរំលោភបំពានលើជនជាតិ Uyghurs និងក្រុមជនជាតិភាគតិចផ្សេងទៀត ដោយរារាំងមិនឱ្យពួកគេទាំងនោះអាចទទួលបានទំនិញភាគច្រើនដែលជាការផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក។

ទន្ទឹមនឹងនោះអតីតឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក Qin Gang កាលពីឆ្នាំមុនបានពណ៌នាថា វាពិតជារឿងមួយដ៏ “គួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់” ដែលសហរដ្ឋអាមេរិកបែរជាខកចិត្តចំពោះកង្វះខាតនៃកិច្ចសហប្រតិបត្តិការជាមួយនឹងទីក្រុងប៉េកាំង គឺព្រោះតែសារធាតុ fentanyl ហើយក៏ទៅដាក់ទណ្ឌកម្មលើវិទ្យាស្ថានដែលមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងគ្រឿងញៀនទៅវិញ។

យ៉ាងណាមិញ ខាងក្រុមអ្នកជំនាញរបស់រ៉យទ័រ ធ្លាប់បានរាយការណ៍ថា វិទ្យាស្ថាននេះនឹងត្រូវដកចេញទីបញ្ជីទណ្ឌកម្ម ខណៈដែល លោក Joe Biden បានស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ពីទីក្រុងប៉េកាំង ដោយស្តីពីសារធាតុ fentanyl នៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីចិន Xi Jinping កាលពីថ្ងៃពុធនៅទីក្រុង San Francisco គឺក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។

នៅក្នុង​ផ្នែក​មួយ​នៃ​ជំនួប​នោះ មេដឹកនាំទាំងពីរ​បាន​ឯកភាពគ្នា ក្នុងការ​បង្កើត​ក្រុម​ការងារដែល​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​គ្រឿងញៀន ខណៈដែលប្រទេសចិនបានសន្យាថា ខ្លួននឹងធ្វើការទប់ស្កាត់បន្ថែមទៀតរាល់ការនាំចេញនូវគ្រឿងញៀនដ៏សាហាវនេះ។

គួរបញ្ជាក់ថា សម្រាប់ចំណាត់មួយការនេះផងដែរ វាត្រូវបានរងនូវការរិះគន់ដោយសកម្មជនសិទ្ធិមនុស្ស និងគណបក្សសាធារណរដ្ឋថែមទៀតផង ពួកគេទាំងនោះបានចោទប្រកាន់រដ្ឋបាលលោក Biden ថា អាមេរិកមិនគួរបន្ទន់ឥរិយាបទទៅលើទីក្រុងប៉េកាំងនោះទេ ទាំងដែលចិនមានចេតនាបង្ករវិបត្តិទៅលើជនជាតិ Uyghurs នោះ។

បើយោងតាមរយៈ លោកស្រី Rayhan Asat មេធាវីសិទ្ធិមនុស្សនៃមរតក Uyghur បាននិយាយថា នាងទទួលស្គាល់ថាវាមានបញ្ហាជាច្រើនដែលបង្កឡើងដោយ fentanyl ប៉ុន្តែការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកគឺវាពាក់ព័ន្ធនឹងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយការរំលោភសិទ្ធិរបស់ប្រទេសចិន។

ការទប់ស្កាត់សារធាតុគីមី “មុនគេ” fentanyl គឺជាអាទិភាពមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោន ខណៈដែលអត្រានៃការស្លាប់ដោយប្រើថ្នាំជ្រុល គឺដោយសារតែមានការពាក់ព័ន្ធច្រើនទៅនឹងថ្នាំប្រភេទនេះដែលចេះតែកើនឡើងរហូតដល់ទៅ  ជាងបីដង ពីឆ្នាំ 2016 ដល់ឆ្នាំ 2021 នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC)។

ការដកយកចេញនេះបើយោងតាមការជូនដំណឹងដែលបានបង្ហោះក្នុងបញ្ជីសហព័ន្ធបានធ្វើឡើងបន្ទាប់ពី “សំណើដកយកចេញ” ត្រូវបានទទួល និងពិនិត្យ នាយកដ្ឋានបាននិយាយនៅក្នុងការបង្ហោះនេះ ដោយគណៈកម្មាធិការដែលមានតំណាងនៃនាយកដ្ឋានពាណិជ្ជកម្ម រដ្ឋ ការពារជាតិ ថាមពល។

អ៊ីស្រាអែល បានទុកពេលឲ្យជនស៊ីវិល ៦ ម៉ោង ដើម្បីចាកចេញពីតំបន់ចំនួន ៤ ទីតាំង

 អ៊ីស្រាអែលបានបញ្ជាឱ្យជនស៊ីវិលទាំងអស់ចាកចេញពីទីក្រុងចំនួនបួន ដែលស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃព្រហស្បតិ៍ ដោយសារតែពួកគេមានការភ័យខ្លាចថា សង្គ្រាមដែលខ្លួនកំពុងប្រឆាំងនឹងក្រុមហាម៉ាស់អាចរីករាលដាលទៅដល់តំបន់ទាំងនោះ នេះបើយោងតាមការចុះផ្សាយរបស់  (Reuters) កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅភាគខាងជើងនៃតំបន់ប៉ាឡេស្ទីនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាស អ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ខ្លួននៅតែមានវត្តមាននៅមន្ទីរពេទ្យដ៏ធំបំផុតរបស់ហ្គាហ្សា Al Shifa ប៉ុន្តែអ៊ីស្រាអែលមិនបានផ្តល់ព័ត៌មានលម្អិតអំពីប្រតិបត្តិការរបស់ពួកគេនោះទេ។

ចំណែកឯក្រុមអ្នកសង្កេតការណ៍របស់ Reuters ក៏មិនអាចផ្ទៀងផ្ទាត់ស្ថានភាពនៅ Shifa នៅព្រឹកថ្ងៃព្រហស្បតិ៍បានដែរ។ ប៉ុន្តែក្រុមអ្នកយកការណ៍បាននិយាយថា មានខិត្តប័ណ្ណជាច្រើនបានធ្លាក់ចុះពេញមួយយប់ គឺពីយន្តហោះរបស់យោធាអ៊ីស្រាអែល ដោយពួកគេមានចេតនាប្រាប់ដល់ជនស៊ីវិលថា សូមចាកចេញពីទីក្រុង Bani Shuhaila, Khuzaa, Abassan និង Qarara ព្រោះអាចនឹងមានគ្រោះថា្នក់។

ក្នុងខិត្តប័ណ្ណនោះបាននិយាយទៀតថា “សកម្មភាពរបស់ក្រុមភេរវករ Hamas បានទាមទារឱ្យកងកម្លាំងការពារយើងធ្វើសកម្មភាពប្រឆាំងនឹងពួកគេនៅក្នុងតំបន់នៃលំនៅដ្ឋានរបស់អ្នក” ។ ដូច្នេះហើយ”ដើម្បីជាសុវត្ថិភាពរបស់អ្នក អ្នកត្រូវទៅទីកន្លែងរស់នៅថ្មីជាបណ្តោះអាសន្ន”។

បើយោងតាមអ្នក​ស្រុកវិញ ពួកគេ​បាន​និយាយ​ថា តំបន់ទាំង ៤​ ខាង​នេះ​ បាន​រង​ការ​បំផ្ទុះ​យ៉ាង​ខ្លាំងពេញ​មួយ​យប់។

ក្បួនដង្ហែដ៏វែងរបស់មនុស្សដែលកាន់តែទ្រព្យសម្បត្តិមួយចំនួន បានធ្វើដំណើរទៅភាគខាងត្បូងជារៀងរាល់ថ្ងៃ គឺក្រោមក្រសែភ្នែករបស់ទាហ៊ានអ៊ីស្រាអែល គឺក្នុងអំឡុងពេលដែលអ៊ីស្រាអែលប្រកាស “ផ្អាកយុទ្ធសាស្ត្រ” រយៈពេលប្រាំមួយម៉ោងដើម្បីអនុញ្ញាតឱ្យអ្នកស្រុកចាកចេញ។

អង្គការសហប្រជាជាតិនិយាយថាប្រហែល 2 ភាគ 3 នៃប្រជាជន 2.3 លាននាក់នៅតំបន់ហ្គាហ្សាត្រូវបានធ្វើឱ្យគ្មានផ្ទះសម្បែង ដែលភាគច្រើនពួកគេស្នាក់នៅក្នុងទីក្រុងនានានៅភាគខាងត្បូង ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមការសងសឹកប្រឆាំងនឹងក្រុមហាម៉ាស។

បើគិតចាប់​តាំង​ពីមានការបាញ់ប្រហារដោយពួកក្រុមហាម៉ាស កាលពី ថ្ងៃទី ៧ តុលា​នោះ​មក អ៊ីស្រាអែល​បាន​វាយ​លុក​តំបន់​ហ្គាហ្សា​ដោយ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស និងបាន​កាត់​ផ្តាច់​អាហារ ព្រមទាំង​ប្រេងឥន្ធនៈថែមទៀតផង។ អាជ្ញាធរសុខាភិបាល Gaza បាននិយាយប្រាប់អង្គការសហប្រជាជាតិបាននិយាយថា មានមនុស្សច្រើនជាង 11,000 នាក់ត្រូវបានបញ្ជាក់ថាត្រូវគេបានសម្លាប់ គឺច្រើនជាង 40% ទៅទៀត ហើយវាបានធ្វើឲ្យកុមារជាច្រើនបានរស់នៅជាមួយនឹងការភ័យខ្លាច ខណៈដែលពួកគេបានជាប់នៅក្រោមគំនរបាក់បែក ក្រោយការទម្លាក់គ្រាប់បែកលើផ្ទះរបស់ពួកគេ។

ហើយចំនែកឯតំបន់ Shifa វិញ វាត្រូវបានអ៊ីស្រាអែលអះអាងថា វាជាទីស្នាក់ការកណ្តាលរបស់ក្រុមហាម៉ាសដ៏ធំនៅក្នុងផ្លូវរូងក្រោមដីនៅក្រោមកន្លែងនោះ ពួកគេបាននិយាយទៀតថា ទីនេះគឺវាជាគោលដៅចម្បងរបស់យោធា។

ចំនែកឯប្រធានាធិបតីអាមេរិកវិញ លោក Joe Biden បានព្រមានកាលពីថ្ងៃពុធថា ការកាន់កាប់តំបន់ហ្គាហ្សានឹងក្លាយជា “កំហុសដ៏ធំមួយ” សម្រាប់អ៊ីស្រាអែល។

តម្លៃអចលនទ្រព្យចិន បានធ្លាក់ចុះដល់ត្រីមាសទី៤ ហើយវាអាចនឹងបន្តធ្លាក់ចុះបន្ថែមទៀត

យោងតាមរយៈទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២៣ ថា តម្លៃផ្ទះថ្មីរបស់ប្រទេសចិន បានធ្លាក់ចុះក្នុងរយៈពេល៤ខែជាប់ៗគ្នា ជាមួយនឹងផ្ទះនៅក្នុងទីក្រុងរាប់សិបខ្នង ហើយការធ្លាក់ចុះឥតឈប់ឈរនេះផងដែរ គឺបានកើតឡើងចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ មកម្ល៉េះ។ ប្រភពដដែលបានឲ្យដឹងទៀតថា ការបង្ហាញពីភាពចុះខ្សោយយ៉ាងទូលំទូលាយនៅក្នុងវិស័យនេះ វាបានធ្លាក់ចុះដល់កម្រឹតធ្ងន់បំផុតកាលពីឆ្នាំមុន ហើយវាក៏បានអូបន្លាយដល់បច្ចុប្បន្ន។

តម្លៃផ្ទះថ្មីក្នុងខែតុលាវាបានធ្លាក់ចុះ 0.3% ពីមួយខែទៅមួយខែ បន្ទាប់ពីការធ្លាក់ចុះ 0.2% នៅក្នុងខែកញ្ញា នេះបើយោងតាមការគណនារបស់ Reuters ដោយផ្អែកលើទិន្នន័យរបស់ការិយាល័យស្ថិតិជាតិ (NBS)។

នៅពេលដែលក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចដែលស្មើនឹងមួយភាគបួននៃសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសចិន បានរងនូវការចុះបង្រ្កាបដោយបទប្បញ្ញត្តិចាប់តាំងពីឆ្នាំ 2020 ដើម្បីទប់ស្កាត់បំណុល វាក៏បានរឹតបន្តឹងខាងផ្នែកសាច់ប្រាក់ និងបង្កើនហានិភ័យសម្រាប់អ្នកអភិវឌ្ឍន៍ ដោយជាការពន្យារពេលរបស់គម្រោងជាច្រើនលើក។

អាជ្ញាធរចិនបានដាក់ចេញនូវវិធានការណ៍ដ៏ច្របូកច្របល់ ដើម្បីលើកកម្ពស់វិស័យសំខាន់ៗក្នុងស្រុង រួមទាំងការបន្ធូរបន្ថយការទប់ស្កាត់លើការទិញផ្ទះ និងការកាត់ថ្លៃខ្ចីប្រាក់ ប៉ុន្តែអ្នកទិញផ្ទះនៅតែមានការប្រុងប្រយ័ត្នខ្ពស់មុននឹងចំនាយ។

បើយោងតាម លោក Ma Hong អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Zhixin Investment Research បាននិយាយថា “ហេតុផលដ៏សំខាន់បំផុតសម្រាប់តម្លៃផ្ទះដែលចេះតែធ្លាក់ចុះនោះ គឺមកពីតម្រូវការបានធ្លាក់ចុះរួចទៅហើយ។

បើយោងតាមរយៈ Nomura បានប៉ាន់ប្រមាណថា ផ្ទះប្រហែល 20 លានខ្នង ដែលបានលក់មុនចេញ ប៉ុន្តែនូវមិនទាន់បានសាងសង់នោះទេ បន្ទាប់មកពួកគេក៏ពន្យារពេល។ ហើយទិន្នន័យនេះ គឺវាមានប្រហែល 20 ដង នៃចំនួនគម្រោងដែលមិនទាន់បានបញ្ចប់ដោយក្រុមអ្នកអភិវឌ្ឍន៍ ហើយការពន្យាលពេលនោះហើយវាបានកើតឡើងដោយសារក្រុមហ៊ុនសាងសង់ទាំងនោះកំពុងតែជំពាក់បំណុល Country Garden (2007.HK) គិតត្រឹមចុងឆ្នាំ 2022។

ទន្ទឹមនឹងការធ្លាក់ចុះនៃតម្លៃផ្ទះកាលពីថ្ងៃពុធ តែចិនក៏បានបង្ហាញភាពល្អប្រសើរឡើងមួយចំនួននៃទិន្នផលឧស្សាហកម្ម និងការលក់រាយផងដែរ។ ហើយចំពោះការកើនឡើងនៃសមត្ថផលទាំងពីរនេះ ចិនក៏បានរំពឹងទុកថាខ្លួនអាចនឹងស្តាសេដ្ឋកិច្ចឡើងមកវិញបាន។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី អ្វីៗគឺវានៅតែមានភាពយឺតយ៉ាវ គឺព្រោះតែការលក់អចលនទ្រព្យ និងការវិនិយោគ វាបានធ្លាក់ចុះខ្លាំងពេក  ។

លោក Ma បានបន្ថែមថា “ប្រជាជនរបស់ចិននៅតែមានភាពមិនច្បាស់លាស់អំពីប្រាក់ចំណូល ហើយមនុស្សមួយចំនួនទៀតក៏មានប្រាក់ចំណូលមិនសូវល្អ។ ដូច្នេះហើយពួកគេពិតជាស្ទាក់ស្ទើរក្នុងការទិញទំនិញដែលមានតម្លៃថ្លៃ តួរយ៉ាងដូចជាផ្ទះជាដើម។

ប្រភពដដែលបាននិយាយទៀតថា តម្លៃ​ផ្ទះ​នៅ​ក្នុង​ទីក្រុង​ធំៗ​ចំនួន​បី​ រួមមាន​ប៉េកាំង Shenzhen និង Guangzhou ទាំងអស់វា​បាន​ធ្លាក់​ចុះ​ពី​មួយ​ខែ​ទៅ​មួយ​ខែ។

ប្រសិនបើយើងធៀបនឹងឆ្នាំមុនវិញ តម្លៃទូទាំងប្រទេសចិនគឺបានធ្លាក់ចុះ 0.1% ។ ហើយចំពោះផ្ទះដែលមានស្រាប់វិញ ទិន្នន័យរបស់ NBS បានបង្ហាញថា ទីក្រុងចំនួន 67 បានបង្ហោះតម្លៃធ្លាក់ចុះពីមួយខែទៅមួយខែនៅក្នុងខែតុលា ហើយទិន្ន័យនេះគឺកើនឡើងពីចំនួន 65 កាលពីក្នុងខែកញ្ញា។

បើយោងតាម លោក Liu Aihua អ្នកនាំពាក្យការិយាល័យស្ថិតិជាតិបាននិយាយកាលពីថ្ងៃពុធថា ទីផ្សារអចលនទ្រព្យនៅតែស្ថិតក្នុងការកែតម្រូវ និងការផ្លាស់ប្តូរ ហើយវានឹងមាន “ការវិលវល់ និងផ្លាស់ប្តូរ” នៅក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ច។

លោកបាននិយាយបន្តទៀតថា បើទោះបីជាមានការដកចេញនូវវិធានការណ៍កូវីដដ៏តឹងរ៉ឹងកាលពីចុងឆ្នាំមុន ក៏ដោយ តែចំពោះប្រទេសដែលជាសេដ្ឋកិច្ចធំទីពីររបស់ពិភពមួយនេះ នៅតែជួបការលំបាកក្នុងការវិលមករកភាពរឹងមាំឡើងវិញខ្លាំងណាស់ ក្នុងនោះក៏ព្រោះតែអ្នកប្រើប្រាស់បានបាត់បង់ទំនុកចិត្តអស់ទៅហើយ ទាំងនេះក៏ព្រោះតែវិបត្តិនៃអចលនទ្រព្យកាន់តែស៊ីជម្រៅ។

បើទោះជាយ៉ាងនេះក្តី ក៏ធនាគារកណ្តាលរបស់ប្រទេសចិន គ្រោងនឹងផ្តល់ហិរញ្ញប្បទានដែលមានតម្លៃទាបយ៉ាងហោចណាស់ 137 ពាន់លានដុល្លារសហរដ្ឋអាមេរិក ដល់កម្មវិធីជួសជុលលំនៅដ្ឋាន និងការទិញលំនៅដ្ឋានក្នុងតម្លៃមួយយ៉ាងសមរម្យផងដែរ។

scroll to top