មនុស្ស​ពីរ​ពាន់​លាន​នាក់​ ត្រៀម​ខ្លួនបោះ​បង់​ផ្ទះសម្បែង

បើយោងតាមការសិក្សាថ្មីមួយពីក្រុមអ្នកវិទ្យាសាស្ត្របានឱ្យដឹងថា មានមនុស្សប្រហែលរាប់ពាន់លាននាក់ ត្រូវបានគេរំពឹងថានឹងត្រូវផ្លាស់ទីលំនៅក្នុងរយៈពេល 25 ឆ្នាំខាងមុខ ដោយសារតែផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ។

បើយោងតាមរៀបរាប់ពីក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញខាងព្យាករណ៍ផ្នែកអាកាសធាតុបានលើកឡើងដូចគ្នាថា ផលប៉ះពាល់នៃការឡើងកំដៅផែនដី វាបានបង្ករឲ្យមានការប្រែប្រួលអាកាសធាតុមុនគេ ហើយបន្ទាប់មកវាក៏បង្កើតឡើងជា គ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរ តួរយ៉ាងដូចជា គ្រោះទឹកជំនន់ភ្លាមៗ ភ្លើងឆេះព្រៃ មានខ្យល់ព្យុះជាញឹកញាប់ និងគ្រោះរាំងស្ងួតជាដើម។

បើយោងតាមប្រភពដដែលបាននិយាយទៀតថា តំបន់មួយចំនួននៃពិភពលោកកំពុងតែប្រឈម នឹងហានិភ័យ នៃការទទួលរងពីអាកាសធាតុក្តៅខុសប្រក្រតី (ក្តៅជាងតំបន់ផ្សេងទៀត) ហើយបើយោងតាមការសិក្សារបស់ Ipsos បានបង្ហាញផងដែរថា មានមនុស្សប្រហែល 4 នាក់ក្នុងចំណោម 10 នាក់ អ្នកវិទ្យាសាស្ត្រជឿថាពួកគេនឹងបាត់បង់ផ្ទះរបស់ពួកគេ ខណៈដែលមនុស្សទាំងនោះបានប្រឈមនឹងផលប៉ះពាល់នៃការផ្លាស់ប្តូរអាកាសធាតុ។

តាមការសិក្សារបស់ Ipsos ដែលត្រូវបានបោះពុម្ពផ្សាយកាលពីថ្ងៃច័ន្ទ ប៉ុន្មានថ្ងៃមុនបានសរសេរថា សន្និសីទ COP28 របស់អង្គការសហប្រជាជាតិគឺស្តីអំពីការប្រែប្រួលអាកាសធាតុជាចម្បង ។ ការសិក្សាដែលបានស្ទង់មតិលើមនុស្សពេញវ័យប្រមាណ 24,220 នៅទូទាំង 31 ប្រទេសចាប់ពីថ្ងៃទី 22 ខែកញ្ញា ដល់ថ្ងៃទី 6 ខែតុលា ដើម្បីផ្តល់នូវការពិនិត្យថា តើមនុស្សទូទាំងពិភពលោកមានអារម្មណ៍បែបណាខ្លះចំពោះការប្រែប្រួលអាកាសធាតុ។

ក្នុងចំណោមអ្នកដែលបានទទួលការស្ទង់មតិភាគច្រើនគឺមានអាយុចន្លោះពី 16 ទៅ 74 ឆ្នាំ ក្នុងនោះមាន ៣៨% បាននិយាយថា ពួកគេទំនងជានឹងត្រូវផ្លាស់ទីលំនៅក្នុងរយៈពេល 25 ឆ្នាំខាងមុខ ព្រោះតែផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

បើយោងតាមការតាមដានយ៉ាងជិតស្និតពីអ្នកជំនាញនៅក្នុងអង្គការសហប្រជាជាតិបានឲ្យដឹងថា ការកើនឡើងកំដៅនៃផែនដី គឺបានប៉ះពាល់ដល់តំបន់ដូចជា៖ ប្រទេសទួរគី ៦៨% ប្រេស៊ីល ៦១% និងឥណ្ឌា៥៧% ហើយយើងយោងតាមរយៈការស្ទង់មតិដដែលបាននិយាយថា ពួកគេទាំងនោះត្រូវបានគេជឿជាក់ថា នឹងផ្លាស់ប្តូរទីលំនៅ។

បើទោះជាយ៉ាងណាក៏ដោយ រាល់លទ្ធផលដែលក្រុមការងាររបស់អង្គការសហប្រជាជាតិទទួលបានពីប្រទេសនីមួយៗក្នុងចំណោម 31 ប្រទេស គឺស្មើនឹងមនុស្សជាង 2 ពាន់លាននាក់ ដែលភ័យខ្លាចថាពួកគេនឹងត្រូវផ្លាស់ទីលំនៅ ប្រសិនបើការស្ទង់មតិនេះតំណាងឱ្យចំនួនប្រជាជនពិភពលោក។

ចំពោះប្រទេសមហាលអំណាចសហរដ្ឋអាមេរិកវិញ បានជាប់ចំណាត់ថ្នាក់ទាបជាងមធ្យមសម្រាប់ការព្រួយបារម្ភអំពីការផ្លាស់ទីលំនៅ ដោយជនជាតិអាមេរិកចំនួន 35 ភាគរយជឿថាពួកគេនឹងបាត់បង់ផ្ទះសម្បែងរបស់ពួកគេដោយសារតែការប្រែប្រួលអាកាសធាតុ។ ប៉ុន្តែចំពោះការស្ទង់មតិ ពីប្រជាជនដែលរស់នៅក្នុងប្រទេសហូឡង់ គឺមានការព្រួយបារម្ភតិចតួចបំផុតអំពីការបាត់បង់ផ្ទះសម្បែងរបស់ពួកគេ ដោយក្នុងនោះគឺមានតែ ១៩% ប៉ុណ្ណោះ ដែលមានអ្នកឆ្លើយតបថា ពួកគេនឹងផ្លាស់ទីលំនៅក្នុងរយៈពេល 25 ឆ្នាំខាងមុខប្រសិនបើមានការប្រែប្រួលអាកាសធាតុកាន់តែខ្លាំងនោះ។

យ៉ាងណាមិញ ចំពោះ”ផលប៉ះពាល់ធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុក្នុងចំណោមអ្នកដែលបានស្ទង់មតិ

 ក្នុងចំណោមអ្នកដែលបានស្ទង់មតិនោះ 57 ភាគរយបានអះអាងថាបានមើលឃើញ “ផលប៉ះពាល់ធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុដែលពួកគេរស់នៅ” ជាមួយនឹងចំនួនខ្ពស់ជាងនេះរាយការណ៍ពីផលប៉ះពាល់ធ្ងន់ធ្ងរនៅក្នុងតំបន់ដូចជាម៉ិកស៊ិក ប្រេស៊ីល និងតួកគី។ នៅឆ្នាំនេះ ប្រទេសប្រេស៊ីលបានប្រឈមមុខនឹងគ្រោះរាំងស្ងួតដែលមិនធ្លាប់មានពីមុនមក ម៉ិកស៊ិកត្រូវបានវាយប្រហារដោយព្យុះសង្ឃរាដ៏សាហាវជាច្រើន ដែលមួយក្នុងចំនោមនោះកាន់តែខ្លាំងឡើងក្នុងកំណត់ត្រា ហើយប្រទេសទួរគីត្រូវបានវាយប្រហារដោយការរញ្ជួយដីដ៏រន្ធត់ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។

មនុស្សជិត 60 ភាគរយនៃអ្នកធ្វើការស្ទង់មតិមានអារម្មណ៍ថា អាជីវកម្មនៅក្នុងប្រទេសរបស់ពួកគេមិនដំណើរការគ្រប់គ្រាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនោះទេ ចំពោះតួលេខស្រដៀងគ្នានេះដែរ បានរាយការណ៍ទៀតថា ពួកគេមានអារម្មណ៍ថារដ្ឋាភិបាលរបស់ពួកគេមិនផ្តល់ព័ត៌មានគ្រប់គ្រាន់អំពីរបៀបប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុទាល់តែសោះ។

បើទោះយ៉ាងណាក៏ដោយទាំងរដ្ឋាភិបាល និងធុរកិច្ចមិនត្រូវគ្នានឹងកង្វល់របស់សាធារណជនជាមួយនឹងកម្រិតសកម្មភាព និងតម្លាភាពសមមូលជាដើម។

លោក Jack Ma បានងាកទៅរកអាជីវកម្មម្ហូបអាហារវិញម្តង បន្ទាប់ពីភាគហ៊ុនរបស់ Alibaba បានធ្លាក់ចុះ

ស្ថាបនិក Alibaba លោក Jack Ma ទើបតែទទួលបាននៅមុខងារថ្មីមួយទៀតគឺជាម្ចាស់ “Ma’s Kitchen”។

បើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា មហាសេដ្ឋីបច្ចេកវិទ្យាដ៏ល្បីបំផុតរបស់ប្រទេសចិន បានងាកមករកគោលដៅថ្មីមួយទៀតសម្រាប់គាត់ ដោយជាការចាប់ផ្តើមអាជីវកម្មមួយដែលមានឈ្មោះភាសាអង់គ្លេសថា “Hangzhou Ma’s Kitchen Food” ។

បើយោងតាមកំណត់ត្រាសាធារណៈរបស់ចិន ក្រុមហ៊ុននេះត្រូវបានដាក់គេដាក់ឲ្យដំណើរការកាលពីថ្ងៃពុធសប្តាហ៍មុននៅទីក្រុង Hangzhou ដែលជាស្រុកកំណើតរបស់លោក Ma តែម្តង។ Hangzhou គឺមានទីតាំងនៅភាគខាងកើតនៃប្រទេសចិន ដែលគ្រប់គ្នាបានដឹងថាទីក្រុងមួយនេះគឺជាទីតាំងសម្រាប់បម្រើសេវាកម្មជាមូលដ្ឋាននៃក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក និងបច្ចេកវិទ្យាយក្ស Alibaba ( BABA )។

យ៉ាងណាមិញចំពោះការបណ្តាក់ទុនថ្មីមួយនេះ លោក Ma នឹងផ្តោតទៅលើការលក់អាហារបែបបញ្ជារទិញទុកមុន  នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឥណទានសហគ្រាសជាតិរបស់ប្រទេសចិន ដែលជាការចុះបញ្ជីសាជីវកម្មដែលគ្រប់គ្រងដោយរដ្ឋាភិបាល។

ប្រព័ន្ធ​ខាងលើនេះ​បាន​បង្ហាញទៀត​ថា “Ma’s Kitchen” គឺមាន​ដើម​ទុន​ចុះ​បញ្ជី​ចំនួន ១០ លាន​យន់ (១,៤ លាន​ដុល្លារ)។ ហើយចំនែកឯការគ្រប់គ្រងអាជីវកម្មវិញ គឺស្ថិតក្រោយការត្រួតពិនិត្យពីក្រុហ៊ុនមួយដែលមានឈ្មោះថា Hangzhou Dajingtou No. 22 Arts and Culture ដែល Jack Ma មានកម្មសិទ្ធិ 99.9% នេះបើយោងតាម ​​Qichacha ដែលជាក្រុមហ៊ុនផ្តល់ទិន្នន័យសាជីវកម្មនៅក្នុងប្រទេសចិន។

បើទោះជាយ៉ាងណាក៏ដោយសម្រាប់ក្រុមហ៊ុនថ្មីមួយនេះ ក៏មិនបានផ្តល់ព័ត៌មានលម្អិតជាសាធារណៈអំពីគំរូអាជីវកម្មរបស់ខ្លួន ឬប្រភេទអាហារណាមួយដែលខ្លួននឹងលក់នោះទេ។ តែចំពោះព័ត៌មានថ្មីដែលស្តីអំពីប្រភេទអាជីវកម្មបែបភោជនីយអាហារនេះ វាត្រូវបានគេរំពឹងទុកថា លោក Ma ប្រហែលជាកំពុងស្វែងរកការពង្រីកនៃចំនីអាហារដែលលោកបានត្រៀមរួចជាស្រេចនៅក្នុងប្រទេសចិន។

ព្រោះបើយោងតាម Euromonitor Internationalបានឲ្យដឹងថា ទីផ្សារចិនសម្រាប់អាហារដែលត្រៀមរួចជាស្រេចនោះ វាគឺជាអាហារដែលគេយកមកដោយគ្រាន់តែកំដៅអ្នកនឹងអាចទទួលទានបានតែម្តង។ ចំពោះចំនីអាហារបែបនេះ ពួកគេអាចស្វែងរកប្រាក់ចំណូលបានប្រហែល 71.1 ពាន់លានយន់ (9.9 ពាន់លានដុល្លារ) កាលពីឆ្នាំមុន តួរលេខនេះផងដែរវាក៏បានកើនឡើងប្រហែល 28% បើធៀបនឹងឆ្នាំ 2018។

បើយោងតាមការសម្ភាសន៍ដោយផ្ទាល់ ពីលោក Jak Ma គាត់បានប្រាប់ CNN ថា ” Ready Meal កំពុងតែពេញនិយមកាន់តែខ្លាំងឡើងសម្រាប់បរិបថមនុស្សនាពេលបច្ចុប្បន្ន” ។ 

“មានអតិថិជនជាច្រើនកំពុងតែស្វែងរកអាហារប្រភេទនេះ ដោយសារតែពួកគេទាំងនោះមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការចំណាយពេលទៅផ្សានិងចំអ៊ិនម្ហូប ឬក៏មានពេលវេលាដើម្បីបរិភោគច្រើននោះទេ ប៉ុន្តែពួកគេទាំងនោះក៏អាចជ្រើសរើសជំរើសផ្សេងមួយទៀត ទាំងសន្សំសំចៃថវិកា និងពេលវេលាថែមទៀតផង។”

លោកបានបង្ហើបប្រាប់ទៀតថា ចាប់តាំងពីមានជំងឺរាតត្បាត – មនុស្សច្រើនណាស់បានសម្រេចចិត្តមកញាំប្រភេទអាហារបែបងាយស្រួល  ហើយវាពិសេសជាងនេះទៅទៀត គឺដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ច ដូច្នេះហើយ ប្រជាជនយើង ប្រាកដជាមានចំណូលចិត្តទៅលើអាហារដែលមានតម្លៃថោកជាងម្ហូបអាហារដែលកម្មង់។

គួរបញ្ជាក់ថា លោក Jak Ma បានបង្កើតក្រុមហ៊ុន Alibaba ក្នុងឆ្នាំ 1999 តែ បន្ទាប់មកលោក  បានសម្រេចចិត្តលាលែងពីតំណែង  ជាប្រធានប្រតិបត្តិក្រុមហ៊ុននៅឆ្នាំ 2019 គឺប្រហែល  មួយឆ្នាំមុនពេល ដែលលោកបានរងនូវការរិះគន់ពីនិយតករហិរញ្ញវត្ថុ និងធនាគាររបស់ចិន។ ចាប់​តាំង​ពី​ពេល​នោះ​មក សហគ្រិន​រូប​នេះ​បាន​រក្សា​ទម្រង់​ដ៏សាមញ្ញាបំផុត ​ខណៈ​ដែលលោកបានបន្សល់ទុកនៅកេរ្តិ៍ឈ្មោះដ៏ល្បីគឺក្រុមហ៊ុន Alibaba។

បើទោះជាយ៉ាងណាក៏ដោយ ចំពោះដំណឹងចុងក្រោយបង្អស់របស់លោក Ma កាលពីសប្តាហ៍មុន គឺបានធ្វើឲ្យក្រុមអ្នកវិនិយោគធំៗកំពុងតែព្រួយបារម្មណ៍ជាខ្លាំង គឺបន្ទាប់ពីលោក Jak Ma និយាយថា លោកនឹងលុបចោលរាល់ផែនការលក់ភាគហ៊ុន Alibaba ទាំងអស់ដែលមានតម្លៃរាប់រយលានដុល្លារ គឺបន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះ។

ស្ត្រីជនជាតិអេហ្ស៊ីបម្នាក់ បានក្លាយជានារីដំបូងគេ ដែលបានទៅដល់លំហអាកាស

កាលពីឆ្នាំមុនមាននារីម្នាក់ Sara Sabry បានបង្កើតប្រវត្តិសាស្ត្រមួយដ៏អស្ចារ្យ ដោយរូបនាងនាពេលនោះបានក្លាយជាជនជាតិអេហ្ស៊ីបដំបូងគេ ហើយក៏ជាស្ត្រីអារ៉ាប់ និងស្ត្រីអាហ្វ្រិកដំបូងគេបង្អស់ដែលបានទៅដល់លំហអាកាស។

ជាមួយនឹងបទពិសោធន៍ បូករួមទាំងសាវតាផ្នែកអវកាស នាងត្រូវបានគេជ្រើសរើសឲ្យចូលរួមនៅក្នុងអង្គភាពមួយដែលមិនស្វែងរកប្រាក់ចំណេញ Space for Humanity។ អង្គការមួយនេះ បានផ្តល់ឳកាសឲ្យនាងបានចូលរួមជាមួយអ្នកទេសចរអវកាសចំនួនប្រាំនាក់ផ្សេងទៀតនៅលើ យានអវកាស  Blue Origin NS-22 កាលពីខែសីហា ឆ្នាំ 2022។

បើយោងតាមការរាយការណ៍របស់ CNN ឥឡូវនេះបានឲ្យដឹងថា មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានក្នុងការយានទៅលំហរអាកាសនោះទេ។ យ៉ាងណាមិញចំពោះករណីមួយនេះ គឺយើងមាន“ឱកាសតិចតួចណាស់ ប្រសិនបើអ្នកមិនមែនមកពីលោកខាងលិច”។

ជុំវិញការត្រឡប់មកភពផែនដីវិញរបស់ អ្នកស្រី Sara Sabry ប៉ុស្តទូរទស្សន៍ CNN បាននិយាយជាមួយ គាត់ដោយផ្ទាល់នៅក្នុងកម្មវិធី Dubai Airshow កាលពីសប្តាហ៍មុន ហើយបទសម្ភាសនោះ ពួកគេមានគោលបំណងស្វែងយល់បន្ថែមអំពីបទពិសោធន៍របស់គាត់នៅពេលបានទៅដល់វាលលំហ។

ខាងស៊ីអិនអិន៖ តើអ្នកស្រីមានអារម្មណ៍យ៉ាងណាដែរ ពេលដែលអ្នកស្រីដឹងថាខ្លួនត្រូវបានជ្រើសរើសឱ្យទៅលំហ?

អ្នកស្រី Sabry៖ ខ្ញុំបានទទួលការអំពាវនាវនៅថ្ងៃខួបនៃបេសកកម្ម Apollo 1150 ឆ្នាំចាប់តាំងពីមនុស្សដំបូងបានចុះចតនៅលើព្រះច័ន្ទ ដូច្នេះវាជាថ្ងៃពិសេសសម្រាប់ខ្ញុំ។ ហើយម្យ៉ាងវិញទៀតខ្ញុំតែងតែគិតថា វាជាកន្លែងដែលយើងមិនអាចទៅដល់ ហើយក៏ជារឿងដែលមិនអាចទៅរួច ម្យ៉ាងទៀតវាមិនមែនជាការធ្វើដំណើរដែលងាយស្រួលនោះទេ ប៉ុន្តែវាជាអ្វីដែលខ្ញុំប្រាថ្នា ហើយខ្ញុំគឺជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវច្រើនជាងគេក្នុងកំឡុងចុះបេសកកម្មនោះ។

ស៊ីអិនអិន៖ តើអ្នកមានអារម្មណ៍យ៉ាងណាពេលអ្នកអង្គុយនៅក្នុងយាន្ត?

Sabry៖ វា​ជា​រឿង​ដ៏​រំភើប​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​មាន ជាពិសេសនៅពេលដែលខ្ញុំត្រូវបានវាលើកចេញ ខ្ញុំមានអារម្មណ៍ថាម៉ាស៊ីនរវាកំពុងតែឆេះនៅពីក្រោមខ្ញុំ បន្ទាប់មកវាក៏បានហោះឡើងយ៉ាងលឿន អ្នកដែលនៅក្នុងយាន្តបានឃើញផ្ទៃមេឃប្រែពីពណ៌ខៀវស្រាលទៅពណ៌ខៀវងងឹតហើយក៏ទៅជាពណ៌ស្វាយ ប៉ុន្តែបន្តិចក្រោយមកវាក៏ក្លាយទៅជាពណ៌ខ្មៅវិញ អ្វីទាំងអស់នោះហើយវាគឺជារឿងតែមួយគត់ ដែលខ្ញុំចង់ប្រាប់អ្នកថា ខ្ញុំកំពុងតែស្ថិតនៅក្នុងលំហ។ ទេសភាពនៅទីនោះ វាពិតជាស្រស់​ស្អាត ​ហើយចំពោះរូបនាង​ខ្ញុំផ្ទាល់ពិតជា​មាន​ការ​ភ្ញាក់​ផ្អើលណាស់ ព្រោះវាជាអារម្មណ៍ដែលអាចជួយឲ្យយើង បំបាត់រាល់កង្វល ជាមួយនឹងការទទួលបាននៅបទពិសោធន៍ថ្មី នៃភាពកម្ររបស់មនុស្សដែលបានទៅដល់ទីនោះ។

CNN៖ តើអ្នកមានអារម្មណ៍យ៉ាងណា ពេលអ្នកស្រីបានមើលឃើញភពផែនដីពីលំហ?

Sabry៖ វាពិតជាច្របូកច្របល់ណាស់ ពីព្រោះយើងមិនបានវិវត្តន៍តាមបែបជីវសាស្រ្ត ដើម្បីមើលឃើញផែនដីពីលំហ។ ខ្ញុំមានអារម្មណ៍ថា វាហាក់ដូចជានៅឆ្ងាយពីផែនដី ខ្ញុំ​គិត​ថា​វាប្រហែលជាទាក់ទងនឹងមាត្រដ្ឋាន។

CNN៖ តើ​អ្នកស្រីគឺ​ជា​ស្ត្រី​អេហ្ស៊ីប អាហ្វ្រិក និង​ស្ត្រី​អារ៉ាប់​ដំបូង​គេមែនទេ ​ដែល​បាន​ទៅ​កាន់​លំហ​អាកាស​ តើវាមានន័យ​ដូចម្តេច?

Sabry៖ នៅពេលដែលខ្ញុំអង្គុយនៅក្នុងរ៉ុក្កែតនោះ ខ្ញុំមិនបានហោះហើរទៅកាន់ទីអវកាសតែម្នាក់ឯងទេ គឺខ្ញុំកំពុងយកប្រទេស និងទ្វីបរបស់ខ្ញុំទៅជាមួយ។ វា​ពិត​ជា​មាន​អារម្មណ៍​ដូច​ជា​ការ​បោះ​ជំហ៊ាន​ទៅ​មុខ​មិន​មែន​សម្រាប់​តែ​ខ្ញុំ​ម្នាក់​ទេ ប៉ុន្តែ​សម្រាប់​មនុស្ស​ជា​ច្រើន​ផ្សេង​ទៀត។ គឺដើម្បីឱ្យពួកគេអាចមានតំណាងមួយនេះ ក្នុងការចូលទៅមើលឃើញអ្វីៗដែលខ្ញុំបានទៅដល់។ បេសកកម្មដែលខ្ញុំបានបំពេញ ខ្ញុំនឹងធ្វើឲ្យវាក្លាយទៅការសម្រេចមួយដើម្បីបម្រើគោលបំណងដូចជារូបខ្ញុំ។

ជាចុងក្រោយខ្ញុំមានពាក្យមួយឃ្លាថា ខ្ញុំបានលះបង់ជីវិតរបស់ខ្ញុំសម្រាប់បេសកកម្មមួយនេះ។

សង្គ្រាមនៅហ្គាហ្សា នៅតែបន្តខណៈដែបទឈប់បាញ់ត្រូវបានពន្យារពេលរហូតដល់ថ្ងៃសុក្រ

សង្គ្រាមនូវតែបន្តកើតឡើងនៅក្នុងតំបន់ហ្គាហ្សាកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលបទឈប់បាញ់និងការដោះលែងចំណាប់ខ្មាំងត្រូវបានពន្យារពេលយ៉ាងយូបំផុតគឺមួយថ្ងៃទៀត នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រ កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ផ្សែងខ្មៅជាច្រើន ត្រូវបានគេមើលឃើញនៅលើតំបន់សង្រ្គាមភាគខាងជើងនៃតំបន់ហ្គាហ្សា ដោយទាហ៊ានខាងអ៊ីស្រាអែលបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសចំនួន 300 លើកក្នុងមួយថ្ងៃ ព្រមទាំងបាញ់រ៉ុក្កែតឆ្លងព្រំដែនដើម្បីវាយលុកក្រុមប្រដាប់អាវុធប៉ាឡេស្ទីន។ យោធាអ៊ីស្រាអែលបានអះអាងទៀតថា យើងនៅតែអាចវាយប្រហារ ព្រោះបើយោងតាមលក្ខខណ្ឌការដោះលែងចំណាប់ខ្មាំង និងប្រព្រឹត្តទៅជាមួយនឹងបទឈប់បាញ់ តែរឿងនេះវាត្រូវបានគេពន្យារពេលរហូតដល់ថ្ងៃសុក្រឯណោះ។

តែចំនែកឯប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនបានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងជើង ក៏ដូចជានៅក្នុងទីក្រុងភាគខាងត្បូង Khan Younis វាពិតជាមិនត្រឹមត្រូវនោះទេ ព្រោះទីកន្លែងនោះ វាជាកន្លែងដែលអ៊ីស្រាអែលបានប្រាប់ឲ្យអ្នកស្រុកនៅភាគខាងជើងទៅជ្រកនៅទីនោះ។

តែបើទោះជាយ៉ាងណាក៏ដោយ ខាងអ៊ីស្រាអែលមិនធ្វើការឆ្លើយតបទៅនឹងការចោទប្រកាន់ខាងនោះទេ។ ហើយទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល Tzachi Hanegbi គ្រាន់តែនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយយប់ថា “ការចរចាស្តីពីការដោះលែងចំណាប់ខ្មាំងរបស់យើងកំពុងដំណើរការទៅមុខ ដែលជាការចាប់ផ្តើមដោយកិច្ចព្រមព្រៀងនៃភាគីទាំងពីរ តែក៏មិនមែនមុនថ្ងៃសុក្រនោះដែរ ហេតុដូច្នេះហើយបើមិនទាន់មានកិច្ចចរចារកើតឡើងនោះទេទាហ៊ានអ៊ីស្រាអែលនៅតែមានសិទ្ធវាយប្រហារក្រុមហាម៉ាស។

យ៉ាងណាមិញបើយោងតាមការប្រកាសរបស់អ៊ីស្រាអែលបាននិយាយយ៉ាងច្បាស់ថា បទឈប់បាញ់អាចមានរយៈពេលលើសពីបួនថ្ងៃដំបូង ដរាបណាពួកសកម្មប្រយុទ្ធហាម៉ាសព្រមដោះលែងចំណាប់ខ្មាំងយ៉ាងហោចណាស់ 10 នាក់ក្នុងមួយថ្ងៃ។ តែបើយោងតាមប្រភពប៉ាឡេស្ទីនវិញបាននិយាយថា ការដោះលែងចំណាប់ខ្មាំងអាចដល់ 100 នាក់ឯណោះ។ ហើយបន្ទាប់មកភាគី​ទាំង​ពីរ​បាន​និយាយ​ថា ពួកគេ​នឹង​វិល​ទៅ​រក​ការ​ប្រយុទ្ធ​វិញ​នៅ​ពេល​បទ​ឈប់​បាញ់​ត្រូវ​បាន​បញ្ចប់។

ក្នុងនោះផងដែរលោកឧត្តមសេនីយ៍ឯក Herzi Halevi ប្រធានអគ្គសេនាធិការអ៊ីស្រាអែល បានប្រកាសតាមរយៈវីដេអូមួយកាលថ្ងៃព្រហស្បតិ៍ថា “យើងមិនបញ្ចប់សង្រ្គាមនេះទេ លុះត្រាតែយើងទទួលបានជ័យជំនះ” ។

បើទោះជាយ៉ាងណាក៏ដោយអ្នកនាំពាក្យសេតវិមាន លោក Adrienne Watson បាននិយាយថា ព័ត៌មានលម្អិតចុងក្រោយយើងនឹងប្រកាសដ៏រាបណាបញ្ហាត្រូវបានដោះស្រាយរួចរាល់ជាមុនសិន។ លោក Watson បាននិយាយទៀតថា “អ្វីៗនាពេលនេះកំពុងតែស្ថិតក្នុងការរង់ចាំ លោកគ្រាន់តែសង្ឈឹមថាការអនុវត្តនៅព្រឹកថ្ងៃសុក្រនឹងប្រព្រឹត្តទៅដោយរលូតទៅចុះ” ។

គួរបញ្ជាក់ថានៅក្នុងការចេញផ្សាយរបស់ទូរទស្សន៍សាធារណៈអ៊ីស្រាអែល បានឲ្យដឹងថា គ្មានការដោះលែងណាមួយត្រូវបានគ្រោងទុកមុនថ្ងៃសុក្រនោះទេ ដោយសារតែមានជាច្រើននៅតែមានភាពមិនច្បាស់លាស់ ជាពិសេសជាងនេះទៅទៀតនោះ បើគិតមកទល់នឹងពេលនេះ អ៊ីស្រាអែលនៅតែមិនទាន់ទទួលបានបញ្ជីឈ្មោះនៃចំណាប់ខ្មាំងដែលក្រុមហាម៉ាសគ្រោងនឹងដោះលែងនៅឡើយ។

scroll to top