តើមានមូលហេតុអ្វីខ្លះ ទើបធ្វើឲ្យសេតវិមាន មិនអាចផ្តល់ជំនួយដល់អ៊ុយក្រែន ដូចកាលពីឆ្នាំមុន

ខាងសេតវិមានកំពុងតែដាក់សម្ពាធទៅសភា កាន់តែខ្លាំងឡើងដើម្បីឱ្យអនុម័តច្បាប់ដែលជាប់គាំង គឺក្នុងគោលបំណងដើម្បីគាំទ្រដល់សង្គ្រាមអ៊ុយក្រែនដើម្បីប្រឆាំងនឹងរុស្ស៊ី ដោយលោក Joe Biden បាននិយាយថា ថវិកាដែលជួយអ៊ុយក្រែនោះបានអស់ទៅហើយ។

បើទោះបីជាមានការជំទាស់ពីសភាដែលមកពីគណបក្សសាធារណៈរដ្ឋយ៉ាង​ណា​ក៏​ដោយ តែកាល​ពី​ថ្ងៃ​អង្គារ សប្តាហ៍មុនប្រធានាធិបតីអាមេរិកលោក Joe Biden បាន​បង្ហាញ​កញ្ចប់​ជំនួយ​យោធា​ថ្មីមួយទៀត ​ដែល​មាន​តម្លៃ ប្រមាណ ២០០ លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន។

មានសំនួរជាច្រើនបានលើកឡើងថា៖ ប្រាក់ជំនួយ​កំពុង​ធ្លាក់ចុះ ប៉ុន្តែ​ការ​ប្រកាស​អំពី​អាវុធ​បន្ថែម​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​ក្រុង​កៀវ​ដដែល តើរឿងនេះវាគ្រាន់តែជាការ​បញ្ជាក់​អំពី​ភាព​ស្មុគស្មាញ​នៃ​ការ​ផ្តល់​មូលនិធិឬ? តើ​លុយពិតជា​អស់​ហើយ ឬក៏​នៅ​មាន​លុយ​ប៉ុន្មាន​ពាន់​លាន​ដុល្លារទៀតដែលមិនទាន់បញ្ចេញ? រឿងទាំងអស់នេះហើយវាគឺជាភាពស្មុគស្មាញសម្រាប់ក្រុមអ្នកសារព័ត៌មាន?

នៅក្នុងលិខិតមួយកាលពីថ្ងៃទី 4 ខែវិច្ឆិកា ដែលសរសេរទៅកាន់សភា ព្រមទាំងនាយកផ្នែកថវិកាសេតវិមានលោកស្រី Shalanda Young ដោយក្នុងនោះលោកស្រីបាននិយាយដោយបើកចំហរថា “យើងអស់លុយដើម្បីគាំទ្រអ៊ុយក្រែនក្នុងការប្រយុទ្ធមួយនេះហើយ ប៉ុន្តែវាក៏មិនមែនជាបញ្ហានៅឆ្នាំក្រោយដែរ។ លោកស្រីបាននិយាយបន្តទៀតថា អ្វីដែលជាកង្វល់គឺនៅពេលវេលានេះ ដើម្បីជួយអ៊ុយក្រែនតាមបែបប្រជាធិបតេយ្យ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។”

ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិកបានប្រកាសកញ្ចប់ជំនួយចំនួន 3 បន្ថែមទៀត ដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ 475 លានដុល្លារ។ ចំពោះរឿងមួយនេះផងដែរ វាក៏បង្កើតជាចម្ងល់ឲ្យយើងគិតថា វា​គឺជារបៀបនៃការអនុវត្តន៍ដ៏ស្មុគស្មាញមួយ ដែលពួកគេបានអនុវត្តន៍មុននឹង​បញ្ជូន​ជំនួយ​ទៅកាន់​អ៊ុយក្រែននោះ។

ការអនុម័តដោយបែងចែកជាពីរប្រភេទ គឺសម្រាប់អាវុធ និងសន្តិសុខដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់សង្គ្រាម។ ទីមួយ​គឺ​ PDA ដែល​អាមេរិក​ផ្តល់​អាវុធ​រួច​ហើយ​នៅ​ក្នុង​ឃ្លាំង​របស់​ខ្លួនដែលមានស្រាប់។ មួយ​ទៀត​គឺ​គំនិត​ផ្តួច​ផ្តើម​ជំនួយ​សន្តិសុខ​អ៊ុយក្រែន​ ដែល​ផ្តល់​មូលនិធិ​ដល់​កិច្ច​សន្យា​អាវុធ​រយៈ​ពេល​វែង។

មានអ្នកជំនាញជាច្រើនបានលើកឡើងថា មន្ទីរបញ្ចកោណបានបំប៉ោងតម្លៃអាវុធ ដែលខ្លួនបានបញ្ជូនមកអ៊ុយក្រែន ទើបធ្វើឲ្យតួរលេខជាស្តែង និងនៅក្នុងគណនីមានភាពលំអៀង។

ជុំវិញជំនួយដែលប្រទេសមហាលអំណាចមួយនេះបានជួយអ៊ុយក្រែន មានប្រភពមួយបានឲ្យដឹងថា ថវិការបស់សភាដើម្បីទិញសព្វាវុធដើម្បីជំនួសអាវុធដែលសហរដ្ឋអាមេរិកផ្ញើទៅអ៊ុយក្រែនឥឡូវនេះបានធ្លាក់ចុះប្រហែល 1 ពាន់លានដុល្លារ។ ប្រាក់ធ្លាក់ចុះនោះមានន័យថា សេវាយោធាមានការព្រួយបារម្ភថា ពួកគេនឹងមិនអាចទិញសព្វាវុធទាំងអស់ដែលពួកគេត្រូវការ ដើម្បីធានាថាយោធាអាមេរិកត្រៀមខ្លួនជាស្រេចដើម្បីការពារមាតុភូមិរបស់ខ្លួនផងដែរ។

អ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីចំនួន ៥ គ្រឿង ខណៈដែល ហុងគ្រី បានជំទាស់ អ៊ុយក្រែន នឹងការចូល EU

យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកទាំង ៥ គ្រឿងដែលរុស្ស៊ីបានប្រើក្នុងការប៉ុនប៉ងវាយប្រហារពេញមួយយប់ នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៣។

កងទ័ពអាកាសអ៊ុយក្រែនបាននិយាយបន្ថែមទៀតថា ក្នុងយប់ដដែលវាក៏មានយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងផ្សេងទៀត ត្រូវបានពួកយើងបាញ់ទម្លាក់នៅក្នុងតំបន់បួនផ្សេងគ្នានៃប្រទេស រួមមានតំបន់ Mykolaiv, Dnipropetrovsk, Vinnytsia និងតំបន់ Khmelnytskyi តែក្នុងហេតុការណ៍នោះ គឺមិន​មានការ​ស្លាប់ ឬ​ខូច​ខាត​នៅ​លើ​ដី​ពី​ការ​ធ្លាក់​បាក់​បែក​នោះ​ទេ។

គួរឲ្យកត់សម្គាល់ថា នៅក្នុងយប់ថ្ងៃអាទិត្យ មុនការវាយប្រហាររបស់រុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូរបស់គាត់ទៅកាន់ជនរួមជាតិថា អ៊ុយក្រែន និងគណៈកម្មការអឺរ៉ុបនឹងធ្វើការវាយតម្លៃអំពីវឌ្ឍនភាពរបស់ពួកយើងក្នុងពេលឆាប់ៗនេះ គឺបន្ទាប់ពីទីក្រុង Kyiv បានកែលម្អនៅកង្វះខាតរបស់ខ្លួន គឺធ្វើយ៉ាងណាដើម្បីឲ្យទៅតាមច្បាប់របស់ខ្លួនជាមួយនឹងសហភាពអឺរ៉ុប គឺសម្រាប់ការបង្កើតក្របខ័ណ្ឌមួយនៃកិច្ចចរចា ក្នុងការចូលជាសមាជិកសហភាពអឺរ៉ុបដែលយើងរំពឹងទុកនៅឆ្នាំក្រោយ។

យើងខ្ញុំសូមរំលឹកថា គណៈកម្មការអឺរ៉ុបបានរាយការណ៍កាលពីខែមុនថា អ៊ុយក្រែនបានបំពេញអនុសាសន៍ចំនួន 4 ក្នុងចំណោមអនុសាសន៍ចំនួន 7 សម្រាប់ការចរចាចូលជាសមាជិករបស់សហភាពអឺរ៉ុប រួមទាំងការជួលមន្ត្រីប្រឆាំងអំពើពុករលួយ ការរៀបចំប្រព័ន្ធតុលាការសម្រាប់ការផ្លាស់ប្តូរដ៏ធំមួយ និងការកែតម្រូវប្រព័ន្ធច្បាប់ និងប្រព័ន្ធផ្សព្វផ្សាយ ឲ្យស្របទៅតាមស្តង់ដាររបស់សហភាពអឺរ៉ុប។

យ៉ាងណាមិញ ចំពោះគណៈកម្មាការ EU បាននិយាយថា ខ្លួននឹងវាយតម្លៃរាល់ភាពរីកចម្រើនរបស់អ៊ុយក្រែនម្តងទៀតនៅក្នុងខែមីនា ហើយវាក៏ជាផ្នែកមួយនៃផ្លូវដ៏វែងឆ្ងាយ ព្រមទាំងមានភាពស្មុគស្មាញជាច្រើន មុននឹងឈានទៅដល់ ការជ្រើសរើសឲ្យក្លាយជាសមាជិកភាពរបស់ EU នេះបើយោងតាមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅអ៊ុយក្រែន លោកស្រី Katarina Mathernova ។

គួររំលឹកសារជាថ្មីថា កាលពីសប្តាហ៍មុន មេដឹកនាំសហភាពអឺរ៉ុបបានយល់ព្រមបើកកិច្ចចរចាសមាជិកភាពជាមួយអ៊ុយក្រែននៅក្នុងការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយកន្លងមក ខណៈដែលប្រទេសសមាជិកទាំង 27 របស់ប្លុកនេះ បានរៀបចំកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ។ តែក្នុងនោះគឺមាននាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានបដិសេធមិនបោះឆ្នោតឲ្យអ៊ុយក្រែននោះទេ ដោយលោកបាននិយាយថា គាត់មិនចង់ចូលរួមក្នុងអ្វីដែលគាត់ហៅថា “ការសម្រេចចិត្តមិនត្រឹមត្រូវ” នោះទេ ដោយលោកបាននិយាយទៀតថា អ៊ុយក្រែនមិនបានបំពេញលក្ខខណ្ឌទាំងបីនៅឡើយ។

លោក Viktor Orban  បាននិយាយទៀតថា លោកនឹងរារាំងការឆ្ពោះទៅមុខជាមួយនឹងការចរចា។

បើទោះជាយ៉ាងណាក៏ដោយ ចំពោះសមាជិក 26 នាក់ផ្សេងទៀតគឺបានបោះឆ្នោតគាំទ្រការចរចាចូលជាសមាជិកបន្ទាប់ពីលោកលោក Viktor Orban មិនយល់ព្រម។ មានមនុស្សជាច្រើនបានដឹងថា រុស្ស៊ីតែងតែ​សរសើរ​ហុងគ្រី ដោយយើងអាចនិយាយបានថា ពួកគេទាំងពីរគឺ​ជា​សម្ព័ន្ធមិត្តដ៏​ជិត​ស្និទ្ធ​បំផុត ដូច្នេះហើយដើម្បីបំពេញបំណង​របស់​ក្រុង​មូស្គូ ហុងគ្រីត្រូវតែជំទាស់ទៅលើការចូលរួមរបស់អ៊ុយក្រែន។

​ប្រទេសហុងគ្រីមិនមែនគ្រាន់តែជំទាស់លើការចូលរួមនៃប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ ហុងគ្រីថែមទាំងបានរារាំងកញ្ចប់ជំនួយរបស់សហភាពអឺរ៉ុបចំនួន 54 ពាន់លានដុល្លារសហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែននៅក្នុងសង្គ្រាមការពាររបស់ Kyiv ប្រឆាំងនឹងរុស្ស៊ីថែមទៀតផង។

សហភាពអឺរ៉ុបត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីបញ្ហានេះនៅក្នុងសម័យប្រជុំបន្ទាន់មួយនៅដើមឆ្នាំក្រោយ។

លោក ពូទីន បានព្យាយាមកែប្រែប្រវត្តិសាស្ត្រនៃប្រទេសរបស់ខ្លួន សូម្បីតែរូបគំនូរនៅក្នុងក្រសួងវប្បធម៌

មានប្រជាជនរុស្ស៊ីជាច្រើនបានចែករំលែកផ្ទាំងរូបភាពមួយ ដែលបង្ហាញពីរូបគំនូររបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន ដែលពណ៌នាថា ជាវិរៈបុរសស្នេហាជាតិ និងសាសនា។

កាលពីដំបូងគឺនៅថ្ងៃទី 11 ខែធ្នូ ផ្ទាំងរូបភាពនោះ វាត្រូវបានគេចែករំលែកក្នុងគោលបំណងបង្ហាញពីស្នាដៃដ៏ពិតប្រាកដ​​​​​​​​ដោយក្រសួងវប្បធម៌តែប៉ុណ្ណោះ។

តែបើយោងតាមប្រភពមួយបាននិយាយថា ផ្ទាំងរូបភាពមួយនោះគឺចង់បង្ហាញពីព្រះអង្គម្ចាស់នាសតវត្សទី 16 និងមេដឹកនាំយោធាDmitry Pozharsky ដែលត្រូវបានគេចាត់ទុកថាជាការឈ្នះសង្គ្រាមប៉ូឡូញ-មូសកូវីត និងការបញ្ចប់ការកាន់កាប់របស់ប៉ូឡូញនៅទីក្រុងមូស្គូ ប៉ុន្តែរឿងនេះវាក៏ត្រូវបានគេលាបពណ៌ថា ជាលោក វ្ល៉ាឌីមៀ ពូទីន ទៅវិញ។

នៅពេលនេះផងដែរ គឺមានមហាលជនជាច្រើនបានសម្តែងការងឿងឆ្ងល់អំពីភាពត្រឹមត្រូវនៃផ្ទាំងរូបភាពមួយនោះ ហើយបន្ទាប់មករូបនោះក៏មានមនុស្សរាប់រយនាក់បានចែករំលែក និងបញ្ចេញមតិលើការបង្ហោះរបស់ពួកគេ ដោយសរសេរថា តើរូបគំនូរនោះពិតឬដែរឬទេ?



          បើយោងតាម Polygraph.info បានអះអាងថា ផ្ទាំង​រូបភានៅក្នុង​គំនូរមួយនោះ ​វា​ត្រូវ​បាន​កែ​ប្រែ​។ យ៉ាងណាមិញ ការ​តាំង​ពិព័រណ៍​បាន​ធ្វើ​ឡើង​នៅ Mordovia ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់ ដោយផ្សាយពីពិធីបើករបស់ខ្លួនតាមរយៈគេហទំព័ររបស់ក្រសួងវប្បធម៌រុស្ស៊ី។ តែក្នុងនោះគឺមានរូបគំនូរមួយផ្ទាំងដែលជារបស់ លោក Pozharsky វាគឺជារូបតំណាងរបស់វឺដ្យីន វាត្រូវបានគេហទំព័រខាងលើនេះ អះអាងទៀតថាក្នុងរូបភាពដើម គឺមិនមានមុខរបស់លោក ពូទីន នោះទេ។

គួររំលឹកថា វិចិត្រករជនរុស្ស៊ី លោក Vasili Nesterenko គឺជាវិចិត្រករសហសម័យ ដែលមានភាពល្បីល្បាញស្របគ្នានឹងការមកដល់របស់ពូទីន ទៅវិមានក្រឹមឡាំង។ ចំពោះថ្ងៃនេះស្នាដៃសិល្បៈរបស់ Nesterenko តុបតែងជញ្ជាំងនៃសារមន្ទីរដ៏មានកិត្យានុភាពបំផុតរបស់រុស្ស៊ី និងការិយាល័យរបស់លោកពូទីននៅវិមានក្រឹមឡាំង និងលំនៅដ្ឋានជាច្រើនរបស់គាត់នៅកន្លែងផ្សេងទៀតក្នុងប្រទេសរុស្ស៊ី។

ពួកគេបង្ហាញអំពីលោកពូទីន មន្ត្រីរដ្ឋាភិបាលកំពូលរបស់រុស្ស៊ីផ្សេងទៀត និងយោធារុស្ស៊ីដែលមានរូបចម្លាក់អ្នកចម្បាំងដ៏វិសុទ្ធ។

ជាឧទាហរណ៍ ផ្ទាំងគំនូរបែបនេះបង្ហាញពីអ្នកចម្បាំងដ៏វិសុទ្ធរបស់រុស្ស៊ីដែលជួយសង្គ្រោះជនស៊ីវិលស៊ីរីក្នុងអំឡុងពេលអន្តរាគមន៍យោធារុស្ស៊ីនៅក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេស។ តែនៅក្នុងស៊េរីមួយទៀត អ្នកចម្បាំងដ៏បរិសុទ្ធរបស់រុស្ស៊ីទាំងនោះគឺមានភាពក្លាហានការពារមាតារុស្ស៊ី ពី “ណាស៊ីស” (អ៊ុយក្រែន)។



          ប៉ុន្តែចំពោះអ្វីដែលជាការពិតគឺថា កងទ័ពរុស្សីបានចោទប្រកាន់អ៊ុយក្រែនថា ជាពួកណាស៊ី ទាំងដែលខ្លួនជាអ្នកដឹកនាំវិមានក្រឹមឡាំងឲ្យវាយប្រហារអ៊ុយក្រែនមុនសោះ។ មេដឹកនាំផ្តាច់ការ ពូទីន បានបង្រៀនឲ្យកុមារស្អប់ខ្ពើមជនជាតិអ៊ុយក្រែន គឺបន្ទាប់ពីលោកបានកែប្រែប្រវត្តិសាស្ត្ររុស្ស៊ី។

ក្នុងចំនោមស្នាដៃសិល្បៈរបស់ Nesterenko គឺជាផ្ទាំងគំនូរនៃរូបចម្លាក់ដ៏អស្ចារ្យវិហារយោធារុស្ស៊ីសាងសង់ឡើងតាមបទបញ្ជា និងក្រោមការឧបត្ថម្ភរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu គឺដើម្បីការលើកតម្កើងកម្លាំងយោធា និងជ័យជម្នះជាប្រវត្តិសាស្ត្ររបស់រុស្ស៊ី រួមទាំងការបញ្ចូលឧបទ្វីប Crimean អ៊ុយក្រែនក្នុងឆ្នាំ 2014 ដោយសរសេរថា វាគឺជាជ័យជំនះដែលស្ថិតនៅក្រោមការដឹកនាំរបស់ លោក Vladimir Putin ។

ជុំវិញការផ្សព្វផ្សាយផ្ទាំងគំនូរ ដែលធ្វើឡើងដោយលោក Nesterenko វាបានធ្វើឱ្យគាត់ទទួលបានលំដាប់កិត្តិយស និងលំដាប់នៃមិត្តភាពពីវិមានក្រឹមឡាំង វាគឺជាពានរង្វាន់សេវាកម្មកិត្តិយសពីសេវាសន្តិសុខសហព័ន្ធរុស្ស៊ី FSB ក៏ដូចជា កិត្តិយសពីខាងក្រសួងការពារជាតិរុស្ស៊ី និងវិហារគ្រិស្តអូស្សូដក់របស់រុស្ស៊ីសម្រាប់ “ការលើកកម្ពស់នូវកិត្យានុភាពរបស់លោក ពូទីន។

ចិន និងកូរ៉េខាងជើង បានបើកកិច្ចប្រជុំកម្រិតខ្ពស់ ចំពេលមានការបាញ់មីស៊ីល

តាមរយៈទីក្រុងប៉េកាំង រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានជួបពិភាក្សាកម្រិតខ្ពស់ជាមួយអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងនៅទីក្រុងប៉េកាំងកាលពីថ្ងៃច័ន្ទ ទី១៨ ខែធ្នូ​ ឆ្នាំ២០២៣ គឺស្របពេលដែលទីក្រុងព្យុងយ៉ាងចាប់ផ្តើមដំណើរបាញ់មីស៊ីល span ដែលមានសមត្ថភាពហោះទៅដល់គ្រប់ទីកន្លែងក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ជំនួបរវាងលោក Wang Yi និងអនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង លោក Pak Myong Ho ត្រូវបានទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររាយការថា៖ លោក Wang បាននិយាយថា ទីក្រុងប៉េកាំងមានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនង និងការសម្របសម្រួលទ្វេភាគី ជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅគ្រប់វិស័យ ប៉ុន្តែលោកក៏មិនបានរៀបរាប់ឲ្យល្អិតល្អន់គោលដៅរបស់លោកនោះដែរ។

គួរបញ្ជាក់ថា កូរ៉េខាងជើងគឺ​ជា​សម្ព័ន្ធមិត្ត​ផ្លូវការ​តែ​មួយ​គត់​របស់​ចិន គឺបន្ទាប់ពីមានការចុះហត្ថលេខាលើសន្ធិសញ្ញាមួយកាលពីឆ្នាំ 1961 មកម្ល៉េះ។ គឺនៅក្នុងកិច្ចព្រមព្រៀងមួយដោយស្តីអំពី ជំនួយផ្នែកយោធា ដើម្បីជួយគ្នាទៅវិញទៅមកក្នុងករណីមានការវាយប្រហារឬការប៉ុនប៉ងវាយប្រហារដោយប្រទេសទីបី។ ជាមួយគ្នានោះផងដែរ ការមកដល់របស់លោក Pak Myong Hok នៅទីក្រុងប៉េកាំងកាលពីសប្តាហ៍មុន គឺក្នុងដំណើរទស្សនកិច្ចផ្លូវការដ៏កម្រមួយនៅមុនខួបលើកទី 75 នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។

យ៉ាងណាមិញចំពោះការបាញ់មីស៊ីលកាលពីថ្ងៃច័ន្ទរបស់កូរ៉េខាងជើង គឺបានកើតឡើងបន្ទាប់ពីការបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយនៅលើយប់ថ្ងៃអាទិត្យ។ ដោយក្នុងនោះខាងក្រុង​ព្យុងយ៉ាង​បានពិពណ៌នាថា វាគឺជាការ​ថ្កោលទោស​ទៅលើសហរដ្ឋ​អាមេរិក​ចំពោះ​ការ​រៀបចំនូវ​អ្វី​ដែល​ខ្លួន​ហៅថា​ “​សង្រ្គាម​នុយក្លេអ៊ែរ”។

គួររំលឹកថា ការបាញ់បង្ហោះនេះ គឺកើតឡើងបន្ទាប់ពីការមកដល់នៃនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនៅកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យ។

សូមបញ្ជាក់ថា រាល់សកម្មភាពមីស៊ីលផ្លោងរបស់កូរ៉េខាងជើង គឺត្រូវបានហាមឃាត់ដោយដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិយ៉ាងណាក៏ដោយ តែខាងទីក្រុងព្យុងយ៉ាងបានអះអាងថា ពួកគេគ្រាន់តែប្រើសិទ្ធក្នុងការការពារសិទ្ធិអធិបតេយ្យភាពរបស់ខ្លួនតែប៉ុណ្ណោះ។

ប្រទេសកូរ៉េខាងជើងបានអះអាងទៀតថា ពួកគេនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយចិន ដើម្បី “ការពារផលប្រយោជន៍រួម” និង “រក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ នេះបើយោងតាមការរាយការណ៍​របស់ទីភ្នាក់ងារសារព័ត៌មាន​ចិន។

scroll to top