លោកឧត្តមសេនីយ៍ឯក Sergei Surovikin ត្រូវបានឃុំខ្លួន ជុំវិញការសង្ស័យថា មានទំនាក់ទំនងទៅនឹងការបះបោរ Wagner

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថា អាជ្ញាធររុស្ស៊ីហាក់ដូចជាបានឃុំខ្លួនលោកឧត្តមសេនីយ៍ Sergei Surovikin ជុំវិញការសង្ស័យថារូបលោកមានទំនាក់ទំនងទៅនឹងការបះបោររបស់ក្រុមទាហ៊ានស៊ីឈ្នួល Wagner កាលពីសប្តាហ៍មុន។

សម្រាប់ព័ត៌មានលម្អិតជាក់លាក់ជុំវិញស្ថានភាពរបស់លោក Sergei Surovikin នៅតែមានលក្ខណៈមិនច្បាស់លាស់ ប៉ុន្តែមន្ត្រីជាន់ខ្ពស់របស់រុស្ស៊ី និងសហរដ្ឋអាមេរិកបាននិយាយថា ឧត្តមសេនីយឯករូបនេះត្រូវបានគេឃុំខ្លួន នេះបើយោងតាមកាសែត Financial Times និង The New York Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍។

មានសំណួរដែលទាក់ទងអំពីកន្លែងលាក់ខ្លួនរបស់លោក Sergei Surovikin បានផ្ទុះឡើងជាច្រើនថ្ងៃ ដោយសារតែឧត្តមសេនីយ៍ មិនត្រូវបានគេឃើញជាសាធារណៈចាប់តាំងពីថ្ងៃទី 24 ខែមិថុនា នៅពេលដែលក្រុមយោធា Wagner បានដើរក្បួននៅលើទីក្រុងម៉ូស្គូ។ លោក Sergei Surovikin ត្រូវបានគេដឹងថាមានទំនាក់ទំនងល្អជាមួយមេដឹកនាំ Wagner គឺ លោក Yevgeny Prigozhin ។

ប៉ុន្តែក៏វាមិនច្បាស់លាស់ទេថា តើលោក Sergei Surovikin ដែលជាមេបញ្ជាការរងនៃកងកម្លាំងឈ្លានពានរបស់រុស្ស៊ី នៅអ៊ុយក្រែនត្រូវបានចោទប្រកាន់ជាផ្លូវការពីបទដើរតួក្នុងការបះបោរ ឬគ្រាន់តែត្រូវបានឃុំខ្លួនដើម្បីសាកសួរ។

ទោះជាយ៉ាងណាក៏ដោយ ​ទីក្រុង​ម៉ូស្គូនូវ​មិន​ទាន់​បាន​បញ្ជាក់​ជា​សាធារណៈ ​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ឧត្តមសេនីយឯករូបនេះ​នោះ​ទេ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា លោកមិនអាចបញ្ជាក់ពីស្ថានភាពរបស់លោក Sergei  Surovikin បានទេ អ្នកនាំពាក្យបាននិយាយទៀតថា អ្នកសារព័ត៌មានគួរតែទាក់ទងទៅក្រសួងការពារជាតិ។

លោក Sergei Surovikin ដេលធ្លាប់បានបង្ហាញខ្លួននៅក្នុងវីដេអូមួយកាលពីថ្ងៃសៅរ៍ដោយជំរុញឱ្យក្រុម Wagner បញ្ឈប់សកម្មភាពណាមួ​យប្រឆាំងនឹងកងទ័ព ហើយត្រឡប់ទៅមូលដ្ឋានរបស់ពួកគេវិញ។

កូនស្រីរបស់ឧត្តមសេនីយ៍ ដែលមានឈ្មោះថា Veronika បាននិយាយថា “អ្វីគ្រប់យ៉ាងគឺល្អ” ជាមួយឪពុករបស់នាង។ នាង​បាន​ប្រាប់​សារព័ត៌មាន​រុស្ស៊ី Baza ថា “និយាយ​តាម​ត្រង់ អត់​មាន​អ្វី​កើត​ឡើង​ចំឪពុករបស់នាងនោះ​ទេ ហើយនៅពេលនេះគាត់ក៏​កំពុង​ធ្វើ​ការធម្មតាផងដែរ” ។

បច្ចុប្បន្នលោក Prigozhin បានមកដល់ប្រទេសបេឡារុស្សកាលពីដើមសប្តាហ៍នេះ គឺតបតាមការអញ្ជើញរបស់ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបះបោរ។

បើទោះជាយ៉ាងណាក៏ដោយ វានៅតែមិនច្បាស់ថា លោក Prigozhin នៅឯណា នៃប្រទេសបេឡារុស្ស តើអ្នកប្រយុទ្ធប៉ុន្មាននាក់បានអមដំណើរគាត់ ឬរយៈពេលដែលគាត់គ្រោងនឹងស្នាក់នៅទីនោះ។

លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា គាត់មិនមានព័ត៌មានអំពីទីតាំងរបស់ Prigozhin ទេ។

ចំនែកប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃពុធថា លោកជឿជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះខ្សោយនៅក្នុងប្រទេសរុស្ស៊ី គឺដោយសារការខិតខំប្រឹងប្រែងនៃការបះបោររបស់លោក Prigozhin ។

ប៉ុន្តែលោក Biden បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានបាននិយាយថា វាពិបាកនឹងប្រាប់ពីទំហំដែលលោកពូទីនធ្លាក់ចុះខ្លាំងណាស់។

លោក Michael McFaul អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសរុស្ស៊ី បានបន្ទរការអត្ថាធិប្បាយរបស់លោក Biden នៅពេលនិយាយជាមួយសេវាកម្មរុស្ស៊ីរបស់ VOA កាលពីថ្ងៃពុធថា៖ “នៅលើសមតុល្យ លោកពូទីនមានសភាពទន់ខ្សោយជាងគាត់កាលពីបួនឬប្រាំថ្ងៃមុនទៅទៀត។ ឥស្សរជននៅក្នុងប្រទេសរុស្ស៊ី និងទាហ៊ាននៅក្នុងប្រទេសរុស្ស៊ី ទាំងអស់គ្នាកំពុងតែសម្លឹងមើលរឿងមួយនេះ ហើយពួកគេក៏មានចម្ងល់ថា ‘តើមានអ្វីកើតឡើងចំពោះមេដឹកនាំរបស់ខ្លួនរូបនេះ?’

លោក McFaul បាននិយាយថា “ខ្ញុំគិតថា វាជារឿងល្អ ពីព្រោះរុស្ស៊ីដែលទន់ខ្សោយ អាចនឹងធ្វើឱ្យខូចខាតតិចជាងមុន ជាពិសេសនៅអ៊ុយក្រែន”។

ខណៈពេលដែលមានការសន្យាមួយថាលោក Prigozhin នឹងមានសុវត្ថិភាពនៅក្នុងប្រទេសបេឡារុស្ស ពីព្រោះ លោក Putin បានបង្ហាញពីទស្សនៈចម្រុះអំពីក្រុម Wagner ចាប់តាំងពីការបះបោរ។ គាត់បានកំណត់លក្ខណៈមេដឹកនាំរបស់ Wagner ថាជាជនក្បត់។ ប៉ុន្តែប្រធានាធិបតីបេឡារុស្ស បាននិយាយថា ទាហ៊ានស៊ីឈ្នួលលំដាប់ថ្នាក់មួយនេះ “ពិតជាបានបង្ហាញពីភាពក្លាហាន និងវីរភាព” នៅក្នុងការប្រយុទ្ធរបស់ពួកគេដើម្បីប្រឆាំងនឹងកងកម្លាំងរបស់ទីក្រុង Kyiv ។

ការមកដល់របស់ Prigozhin នៅក្នុងប្រទេសបេឡារុស្សបានកើតឡើងនៅពេលដែលលោក Putin បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងម៉ូស្គូបានបង់ប្រាក់ចំនួន 1 ពាន់លានដុល្លារ នៅចន្លោះខែឧសភាឆ្នាំ 2022 និងខែឧសភាឆ្នាំ 2023 ដើម្បីផ្តល់មូលនិធិពេញលេញដល់យុទ្ធជនស៊ីឈ្នួល Wagner តែវាបានផ្ទុយពីការអះអាងរបស់ Prigozhin ដែលនិយាយថា លោកពូទីនបានផ្តល់ជាហិរញ្ញប្បទានដល់ទាហ៊ានស៊ីឈ្នួលរបស់លោក។

ប្រទេសរុស្ស៊ីធ្លាប់បានបដិសេធអត្ថិភាពនៃក្រុម Wagner ប៉ុន្តែវាបានបង្កើនផលប្រយោជន៍របស់រុស្ស៊ីនៅក្នុងបណ្តាប្រទេសមួយចំនួននៅអាហ្វ្រិក និងមជ្ឈិមបូព៌ា។

អ្នកប្រយុទ្ធ Wagner ជាច្រើននាក់ក្នុងប្រទេសអ៊ុយក្រែនត្រូវបានកាត់ទោស ហើយក៏ត្រូវបានគេដោះលែងពីពន្ធធនាគាររុស្សីតាមការសន្យាថាប្រសិនបើពួកគេប្រយុទ្ធនៅប្រទេសជិតខាងអ៊ុយក្រែនរយៈពេលប្រាំមួយខែនោះផ្នែកដែលនៅសល់នៃទោសរបស់ពួកគេនឹងត្រូវលុបចោលវិញ។

លោក Prigozhin បាននិយាយកាលពីដើមឆ្នាំនេះបាននិយាយថា គាត់តែងតែផ្តល់ហិរញ្ញប្បទានដល់ Wagner ប៉ុន្តែបានស្វែងរកមូលនិធិបន្ថែមបន្ទាប់ពីលោកពូទីនបានចាប់ផ្តើមការឈ្លានពានអ៊ុយក្រែន។

លោក Prigozhin បាននិយាយកាលពីថ្ងៃច័ន្ទថា ការរុលទៅមុខរបស់កងទ័ពរបស់លោកលើទីក្រុងមូស្គូ មិនមែនជាការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរុស្ស៊ីទេ ហើយថាលោកនៅតែជាអ្នកស្នេហាជាតិដដែល។

អាជ្ញធរបានបង្កើនឲ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលទីក្រុងសេអ៊ូល និងតំបន់ជាច្រើនទៀត បានរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង

ខេត្ត Gyeonggi និងតំបន់ផ្សេងទៀតនៅភាគកណ្តាលនៃប្រទេសកូរ៉េខាងត្បូង ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍។ រដ្ឋបាលឧតុនិយមកូរ៉េ (KMA) បានចេញសេចក្តីប្រកាសមួយ​ ដែលជាការឃ្លាំមើលនៃកម្រឹតទឹកភ្លៀងនៅក្នុងទីក្រុង Seoul, Incheon និងខេត្ត Gyeonggi ក៏ដូចជាខេត្ត Chungcheong ខាងជើង និងខាងត្បូង និង North Jeolla ដោយក្នុងតំបន់ទាំងនេះគឺមានភ្លៀងធ្លាក់ចន្លោះពី 30 ទៅ 50 មិល្លីម៉ែត្រក្នុងមួយម៉ោង ពេញរយៈមួយថ្ងៃ។ 

ការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង ត្រូវបានប្រកាសចេញសម្រាប់ទីក្រុង Chuncheon ក្នុងខេត្ត Gangwon    ខណៈដែលទីក្រុងនេះបានជួបប្រទះនឹងភ្លៀងធ្លាក់រហូតដល់ទៅ 60 មីលីម៉ែត្រក្នុងមួយម៉ោង។

អាជ្ញាធរខេត្ត Gyeonggi ទទួលបន្ទុករដ្ឋបាល អូរ ភ្នំ និងកសិកម្ម បានផ្តួចផ្តើមការងារសង្គ្រោះបន្ទាន់ ដោយចាប់ផ្តើមពីម៉ោង 7:30 ព្រឹក ដើម្បីតាមដានស្ថានភាពអាកាសធាតុ ដើម្បីជាប្រយោជន៍ដល់សុវត្ថិភាពជាសាធារណៈ។
          អភិបាលខេត្ត Gyeonggi លោក Kim Dong-yeon បាននិយាយថា “ការគ្រប់គ្រងទុកជាមុនមានសារៈសំខាន់ណាស់ ក្នុងការទប់ស្កាត់នៃការបាត់បង់អាយុជីវិត” ។ ជាពិសេស មន្ត្រីគួរតែយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីត្រួតពិនិត្យលំនៅឋានក្រោមដី ឬចំណតរថយន្ត ហើយមន្ត្រីត្រូវបន្ថែមការយកចិត្តទុកដាក់សម្រាប់ជនពិការ និងជនចាស់ជរា ដែលរស់នៅម្នាក់ឯង។ ព្រោះការព្រមានអំពីអាកាសធាតុ ត្រូវបានគេព្យាករណ៍ថា នឹងពង្រីកទៅកាន់តំបន់ផ្សេងទៀត ដោយសារកម្រឹតទឹកភ្លៀង ហើយនឹងប៉ះពាល់ដល់តំបន់ភាគខាងត្បូងរហូតដល់ថ្ងៃសុក្រថែមទៀតផង។

KMA បាននិយាយថា ភ្លៀងធ្លាក់ខ្លាំង គឺមានកម្រិតអតិបរមា 250 មីលីម៉ែត្រ ត្រូវបានរំពឹងទុកពេញមួយថ្ងៃសុក្រ សម្រាប់ខេត្ត Gwangju ភាគខាងត្បូង និងខាងជើង Jeolla ក៏ដូចជាកោះ Jeju ។
ផ្នែកខាងជើងនៃខេត្ត Gyeonggi ក៏ត្រូវបានគេរំពឹងថានឹងឃើញអតិបរមា 200 មីលីម៉ែត្រផងដែរ។ ក្តីបារម្ភកាន់តែខ្លាំងឡើងថា តំបន់ភាគខាងត្បូងដែលរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងដែលបណ្តាលឱ្យមានទឹកជំនន់ និងការដាច់ចរន្តអគ្គិសនីនៅដើមសប្តាហ៍នេះ អាចទទួលរងការខូចខាតបន្ថែម។ ចាប់ពីម៉ោង 4 រសៀលថ្ងៃអង្គារដល់ម៉ោង 5 ព្រឹកថ្ងៃព្រហស្បតិ៍ ទីក្រុង Gwangju ទទួលបានទឹកភ្លៀង 274.6 មីលីម៉ែត្រ ខណៈដែល Damyang និង Hwasun ក្នុងខេត្ត South Jeolla ទទួលបានទឹកភ្លៀង 217.5 មីលីម៉ែត្រ និង 207.5 មីលីម៉ែត្ររៀងគ្នា។ Hampyeong ក្នុងខេត្តដូចគ្នា ដែលទទួលទឹកភ្លៀងក្នុងកម្រឹត 196 មិល្លីម៉ែត្រក្នុងអំឡុងពេលដែលបានរៀបរាប់ខាងលើបានរាយការណ៍ពីការស្លាប់ដំបូង។

បើយោងតាមអាជ្ញាធរពន្លត់អគ្គីភ័យក្នុងតំបន់នោះ ស្ត្រីម្នាក់ដែលមានអាយុ 60 ឆ្នាំដែលបានបាត់ខ្លួនបន្ទាប់ពីនាងបានចេញពីផ្ទះកាលពីយប់ថ្ងៃអង្គារ គឺត្រូវបានគេរកឃើញថាបានស្លាប់នៅម៉ោង 10 និង 37 នាទីព្រឹកថ្ងៃព្រហស្បតិ៍ ស្ត្រី​រូប​នេះមានមុខរបរ ​ជា​អ្នក​ថែទាំ​កន្លែងហែល​ទឹក​។
          នៅខេត្ត Jeolla ខាងត្បូង និងខាងជើង មានផ្ទះយ៉ាងតិចប្រាំបីខ្នង និងអគារពាណិជ្ជកម្មចំនួនបីត្រូវបានជន់លិច ខណៈដីស្រែជាង 4,000 ហិកតាត្រូវបានខូចខាតនៅក្នុងខេត្តទាំងនោះ គឺខេត្ត Gwangju និងខេត្ត Gyeongsang ខាងត្បូង។

អាជ្ញាធរអាកាសធាតុបានណែនាំប្រជាពលរដ្ឋ កុំឱ្យទៅជិតអូរ ជ្រលងភ្នំ និងកន្លែងក្រោមដី ព្រោះភ្លៀងធ្លាក់ខ្លាំងអាចបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗ។
          ព្រោះរដូវកាលនេះគឺពេលដែលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ សម្រាប់សេវាព្រៃឈើរបស់ប្រទេសកូរ៉េបានបង្កើនការជូនដំណឹងអំពីការរអិលបាក់ដីដល់កម្រិត “ការប្រុងប្រយ័ត្ន” កម្រឹតទីពីរ  “ការយកចិត្តទុកដាក់” ទាបបំផុតនៅក្នុងមាត្រដ្ឋានព្រមានបួនកម្រិតរបស់វា។ មន្ត្រីម្នាក់មកពីសេវាព្រៃឈើកូរ៉េបាននិយាយថា “មានគ្រោះថ្នាក់ខ្លាំងនៃការរអិលបាក់ដីដោយសារតែភ្លៀងធ្លាក់ដែលត្រូវបានគេព្យាករណ៍ទុកមុន” ។ យើងសូម​ណែនាំ​ប្រជាជន​ឱ្យ​ចេញ​ពី​ភ្នំ ហើយ​ចៀសវាង​សកម្មភាព​នៅខាងក្រៅ​។

 បើយោងតាម ​​KMA ភ្លៀងទំនងជានឹងធ្លាក់ចុះនៅចុងសប្តាហ៍ ប៉ុន្តែចាប់ផ្តើមឡើងវិញនៅដើមសប្តាហ៍ក្រោយ។

​ភាព​ចលាចល​មួយបានកើតឡើងនៅក្នុងប្រទេសបារាំង បន្ទាប់ពីប៉ូលីសបានបាញ់សម្លាប់ក្មេងជំទង់ម្នាក់

ការដង្ហែរក្បួនរំលឹកវិញ្ញាណក្ខន្ធដែលដឹកនាំដោយម្តាយរបស់ Nahel  នៅជាយក្រុង Nanterre បានចាប់ផ្តើមដោយសន្តិភាព ប៉ុន្តែបានបញ្ចប់ដោយភាពចលាចលទៅវិញ នេះក៏ព្រោះតែ មានមនុស្សមួយក្រុមបានគប់ និងដុតរថយន្ត ទើបបណ្តាលឲ្យក្រុមប៉ូលិសមានការឆ្លើយតបដោយ​​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​។

មន្រ្តីប្រមាណ 40,000 នាក់ កំពុងត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសបារាំង ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងភាពចលាចលបន្ថែមទៀត បន្ទាប់ពីឧប្បត្តិហេតុមួយដែលបានធ្វើឱ្យមានការព្រួយបារម្ភជាយូរយារមកហើយលើយុទ្ធសាស្ត្រនៃការអនុវត្តន៍របស់ក្រុមប៉ូលីស។

ក្មេង​ជំទង់ម្នាក់​ត្រូវ​បាន​គេ​បាញ់​ចំ​ដើម​ទ្រូង​​ក្នុង​ទីក្រុង Nanterre កាល​ពី​ថ្ងៃ​អង្គារ។ ប៉ូលិស​បាន​រាយការណ៍​ដំបូង​ថា មន្ត្រី​ម្នាក់​បាន​បាញ់​សម្លាប់​ក្មេង​ប្រុស​រូប​នេះ ដោយសារ​តែ​គាត់​បើក​បរ​មកបុក​គាត់ ប៉ុន្តែរឿង​នេះត្រូវបានគេនិយាយថា វា​ផ្ទុយ​ពី​វីដេអូ​ដែល​បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម។

មន្ត្រី​ប៉ូលិស​ដែល​ពាក់ព័ន្ធ​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ពី​បទ​មនុស្ស​ឃាត​មួយនេះ ហើយប៉ូលីសរូបនេះ​និង​ត្រូវ​ឃុំ​ខ្លួន​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ព្រះរាជអាជ្ញាកាលពីរសៀល​ថ្ងៃ​ព្រហស្បតិ៍។

បើយោងតាមការរាប់របស់ប៉ូលីសបានឱ្យដឹងថា មនុស្សជាង 6,000 នាក់បានមកដើរដង្ហែរក្នុងការចងចាំសម្រាប់ជនរងគ្រោះវ័យជំទង់រូបនេះ។

ហើយមានសកម្មជន Assa Traoré ដែលត្រូវជាបងប្រុសរបស់អ្នកដែលត្រូវបានប៉ូលីសបាញ់សម្លាប់ បាននិយាយប្រាប់ការប្រមូលផ្តុំនេះថា “ពិភពលោកទាំងមូលត្រូវតែមើលឃើញថា នៅពេលដែលយើងដើរក្បួនសម្រាប់ Nahel យើងដើរក្បួនសម្រាប់អ្នកដែលមិនត្រូវបានគេចាប់អារម្មណ៍។

ម្តាយរបស់ Nahel Mounia បានគ្រវីទង់ ទៅកាន់ហ្វូងមនុស្សពីឡានដឹកទំនិញដោយពាក់អាវយឺតពណ៌សជាមួយនឹងពាក្យស្លោកថា  “Justice for Nahel 27/06/23” ។ ការ​តវ៉ា​បាន​ចេញ​ពី​ផ្ទុះចេញពីក្រុម​គ្រួសារជនរងគ្រោះ ​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស​ក្នុង​តំបន់ ខណៈដែល​ការ​ប៉ះ​ទង្គិច​គ្នា​បាន​កើត​ឡើង។

ពួកគេទាំងនោះបានបង្កើតភាពចលាចល អស់រយៈពេលពីរយប់ ដែលរថយន្តត្រូវបានដុតបំផ្លាញ ព្រមទាំងអគារ និងមនុស្សជិត 200 នាក់ត្រូវបានចាប់ខ្លួន។

ប្រធានតំបន់ជុំវិញ Ile de France លោក Valerie Pecresse បាននិយាយថា ជាមួយនឹងការតវ៉ាដ៏ធំនេះ ត្រូវបានគេទស្សទាយថា នឹងបន្តដល់យប់ថ្ងៃព្រហស្បតិ៍។  សម្រាប់សេវារថយន្តក្រុង និងរថភ្លើងក្នុង និងជុំវិញទីក្រុងប៉ារីស នឹងត្រូវកាត់បន្ថយនៅពេលល្ងាច ហើយត្រូវផ្អាកទាំងស្រុងចាប់ពីម៉ោង 9:00 យប់។

សេវារថភ្លើងក្រោមដី និងរថភ្លើងក្រោមដីត្រូវបានគេរំពឹងថានឹងដំណើរការជាធម្មតា នេះបើយោងតាមប្រតិបត្តិករដឹកជញ្ជូនសាធារណៈ RATP ។

នៅពេលនេះជាយក្រុងនៃទីក្រុងប៉ារីស ឈ្មោះថា Clamart នៅភាគនិរតីបានប្រកាសបម្រាមគោចរ នៅចុងសប្តាហ៍ ដើម្បីឆ្លើយតបទៅនឹងភាពចលាចលកាលពីថ្ងៃពុធ។ ការិយាល័យអភិបាលក្រុងបាននិយាយថា អ្នកស្រុកចំនួន 50,000 នាក់នឹងត្រូវស្នាក់នៅក្នុងផ្ទះចន្លោះម៉ោង 9:00 យប់ដល់ម៉ោង 6:00 ព្រឹក ដោយគិតចាប់ពីថ្ងៃព្រហស្បតិ៍រហូតដល់ថ្ងៃច័ន្ទ។

រដ្ឋមន្ត្រីមហាផ្ទៃលោក Gérald Darmanin បានបញ្ជាឱ្យមានវត្តមានប៉ូលិសដ៏ធំនៅទូទាំងប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍។ លោក​បាន​និយាយ​ថា បុគ្គលិក​សន្តិសុខចំនួន ១៧០ នាក់​បាន​រង​របួស​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​បាតុករ​ពេញ​មួយ​យប់​ថ្ងៃ​ពុធ ដែល​បណ្តាល​ឲ្យ​មាន​ការ​ចាប់​ខ្លួន ១៨០ នាក់។

អ្នកជំនាញបាននិយាយថា “នេះមិនមែនជាការតវ៉ាតូចតាចទេ ព្រោះថាមនុស្សមួយក្រុមតូចដែលសម្រេចចិត្តវាយប្រហារនិមិត្តសញ្ញានៃសាធារណរដ្ឋ” ដោយសារការបំផ្លិចបំផ្លាញ គឺសំដៅទៅលើអគារសាធារណៈ រួមទាំងការិយាល័យទីក្រុង និងសាលារៀនថែមទៀតផង។

អំពើហឹង្សាបានផ្ទុះឡើងយ៉ាងខ្លាំង បន្ទាប់ពីពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃពុធ នៅក្នុងតំបន់ប៉ារីស ដែលជាកន្លែងមានប៉ូលិសកុបកម្មប្រមាណ ២.០០០នាក់ត្រូវបានដាក់ពង្រាយ។ ប៉ុន្តែភាពចលាចល​ត្រូវបាន​រាយការណ៍ថា វាបានរីករាលដាល ក្នុង​ទីក្រុង​ផ្សេងទៀត​របស់​បារាំង រួមទាំង​ទីក្រុង Toulouse, Dijon និង Lyon ។

បច្ចុប្បន្នព្រះរាជអាជ្ញា Pascal Prache នៃប្រទេសបារាំងបាននិយាយថា មន្ត្រីកំពុងត្រូវបានស៊ើបអង្កេតពីបទមនុស្សឃាតដោយចេតនានេះផងដែរ។ 

គួររំលឹកផងដែរថានេះជាករណីទីពីរហើយនៃការបាញ់សម្លាប់របស់ប៉ូលីសទៅលើក្មេងជំទង់ដែលមានអាយុ១៩ឆ្នាំ ព្រោះបើតាមការរៀបរាប់នៅប្រទេសបារាំងក៏មាន ប៉ូលីសម្នាក់ទៀតត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតដោយស្ម័គ្រចិត្តកាលពីថ្ងៃពុធនៅទីក្រុង Angouleme នៃភាគនិរតី បន្ទាប់ពីគាត់បានបាញ់សម្លាប់បុគ្គលិកផ្សារទំនើបស្បែកខ្មៅម្នាក់ ដែលមានអាយុ 19 ឆ្នាំ ខណៈដែលគាត់បើកឡានទៅធ្វើការកាលពីដើមខែនេះ។

កប៉ាល់យោធារបស់កូរ៉េខាងត្បូង បានចាកចេញពីប្រទេស ដើម្បីចូលរួមសមយុទ្ធពហុជាតិនៅប្រទេសអូស្ត្រាលី

បើយោងតាមកងទ័ពជើងទឹករបស់កូរ៉េខាងត្បូងបានឲ្យដឹងថា នាវាចម្បាំងកូរ៉េ ដែលផ្ទុកបុគ្គលិកប្រហែល 500 នាក់បានចេញដំណើរទៅកាន់ប្រទេសអូស្ត្រាលីកាលពីថ្ងៃពុធ ដើម្បីចូលរួមក្នុងសមយុទ្ធដែនសមុទ្រពហុជាតិរួមគ្នាមួយ ដែលគ្រោងនឹងចាប់ផ្តើមនៅខែក្រោយ។
          កប៉ាល់ ROKS Marado ទម្ងន់ 14,500 តោន បានចាកចេញពីកំពង់ផែយោធានៅទីក្រុងប៊ូសាន ដែលមានចម្ងាយ ៣២០ គីឡូម៉ែត្រនៃភាគអាគ្នេយ៍ពីទីក្រុងសេអ៊ូល ដើម្បីចូលរួមសមយុទ្ធ Talisman Saber ដែលគ្រោងនឹងធ្វើឡើងនៅក្នុងតំបន់ភាគឦសាននៃប្រទេសអូស្ត្រាលី ដែលនិងចាប់ផ្តើមនៅថ្ងៃទី ២២ ខែកក្កដា ដល់ ខែសីហា។

ប្រទេសសហរដ្ឋអាមេរិក និងអូស្ត្រាលី គឺធ្វើជាម្ចាស់ផ្ទះ សម្រាប់សមយុទ្ធនៅក្នុងឆ្នាំនេះ គឺមានកងទ័ពសរុបប្រមាណ 30,000 នាក់ នាវាយោធាប្រហែល 20 គ្រឿង និងយន្តហោះ 60 គ្រឿងមកពីប្រទេសចំនួន 15 រួមទាំងចក្រភពអង់គ្លេស ឥណ្ឌា ឥណ្ឌូនេស៊ី និងជប៉ុន។ល។

ចំពោះសមយុទ្ធដ៏ធំមួយនេះ ប្រទេសកូរ៉េខាងត្បូក៏មានគម្រោងដាក់ពង្រាយកប៉ាល់ ROKS Marado, នាវាពិឃាត ROKS Munmu the Great ទម្ងន់ 4,400 តោន, ឧទ្ធម្ភាគចក្រ Marineon, រថពាសដែក K9, គ្រាប់រ៉ុក្កែត Chunmoo និងរថយន្ត Assault Amphibious របស់កូរ៉េ ព្រមទាំងបុគ្គលិកប្រហែល 720 នាក់មកពីកងនាវាចរ និងកងម៉ារីន។
          នាវាពិឃាត ROKS Munmu the Great និងបុគ្គលិកក៏មានគម្រោងចូលរួមក្នុងសមយុទ្ធនេះផងដែរ បន្ទាប់ពីការចូលរួមរបស់ពួកគេនៅក្នុងសមយុទ្ធប៉ាស៊ីហ្វិក Vanguard ដែលជាកម្មវិធីពហុភាគី ដែលដឹកនាំដោយសហរដ្ឋអាមេរិក គ្រោងនឹងធ្វើឡើងនៅក្នុងដែនទឹកនៃកោះ Guam ចាប់ពីថ្ងៃទី 1-12 ខែកក្កដា។ អ្នកចូលរួមនៅក្នុងសមយុទ្ធនេះនឹងចូលរួមក្នុងសមយុទ្ធផ្សេងៗជាច្រើនទៀត រួមទាំងសមយុទ្ធការពារដែនអាកាស និងប្រតិបត្តិការនាវាមុជទឹក ព្រមទាំងសមយុទ្ធបាញ់គ្រាប់ពិតថែមទៀតផង។

សមយុទ្ធ Talisman Saber ត្រូវបានចាប់ផ្តើមក្នុងឆ្នាំ 2005 ក្នុងគោលបំណងបង្កើនសមត្ថភាពប្រតិបត្តិការរួមគ្នានៃអ្នកចូលរួម និងដើម្បីពង្រឹងរួមផ្នែកយោធាក្នុងចំណោមប្រទេសរបស់ពួកគេ។
          ចំពោះកងទ័ពជើងទឹកកូរ៉េខាងត្បូង បានចូលរួមសមយុទ្ធមួយនេះ ជាលើកដំបូងក្នុងនាមជាអ្នកសង្កេតការណ៍ក្នុងឆ្នាំ 2019 ហើយខ្លួនក៏បានចូលរួមក្នុងនាមជាសមាជិកពេញសិទ្ធិនូវពីរឆ្នាំក្រោយមក។

scroll to top