ប្រទេសឥណ្ឌា ​បានរឹតបន្តឹង​ការនាំចេញ​អង្ករ ​ដោយសារតែការ​គំរាមកំហែង​ដល់​តម្លៃ​ស្បៀងអាហារ​ពិភពលោក ដែលកំពុងតែមានការកើន​ឡើង

យោងតាមទីភ្នាក់ងារសារព័ត៌មាន Bloomberg កាលពីថ្ងៃទី 26 ខែ សីហា ឆ្នាំ 2023 បានឲ្យដឹងថា ប្រទេសឥណ្ឌាបានចេញវិធានការទប់ស្កាត់លើការនាំចេញអង្ករបន្ថែមទៀត ដើម្បីធានាបាននូវសន្តិសុខស្បៀងអាហារសម្រាប់ប្រទេសរបស់ខ្លួន។

បើយោងតាមការជូនដំណឹងរបស់ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌាកាលពីល្ងាចថ្ងៃសុក្របាននិយាយថា រដ្ឋាភិបាលខ្លួនបានយកពន្ធនាំចេញ 20 ភាគរយ លើអង្ករ parboiled ដោយទទួលបាននូវប្រសិទ្ធភាពភ្លាមៗ ហើយការរាយការខាងលើនេះ ក៏ត្រូវបានបញ្ជាក់ឡើងវិញដោយ Bloomberg News ផងដែរ។ 

តាមប្រភពខាងដដែលបានឲ្យដឹងទៀតថា ឥឡូវនេះ ប្រទេសឥណ្ឌាបានរឹតបន្តឹងការលក់ទៅក្រៅប្រទេស នូវពូជដែលមិនមែនជា parboiled ទាំងអស់ ដែលមានប្រហែល 80 ភាគរយនៃការនាំចេញអង្ករសរុបរបស់ខ្លួន។ ប្រភពមួយនេះបាននិយាយទៀតថា ខ្លួនគឺបានរួមចំនែកខាងផ្នែកពាណិជ្ជកម្មពិភពលោក សម្រាប់ការផ្គត់ផ្គង់អង្ករគឺមានចំនួនប្រហែល៤០ ភាគរយ។

បច្ចុប្បន្នតម្លៃអង្ករនៅក្នុងអាស៊ីបានកើនឡើងដល់កម្រិតខ្ពស់បំផុតកាលពីដើមខែនេះ ហើយវានឹងអាចកើនឡើងបន្ថែមទៀត ដោយសារតែការបង្កើនការចំណាយសម្រាប់អ្នកនាំចូលដូចជា ប្រទេសហ្វីលីពីន និងប្រទេសអាហ្វ្រិកមួយចំនួនជាដើម។

ចំពោះវិធានការនៃការពារនាពេលថ្មីៗនេះ ឥណ្ឌាបានបង្កើនកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់ខ្លួន ក្នុងការធ្វើឱ្យតម្លៃម្ហូបអាហារក្នុងស្រុកមានតុល្យភាព មុនពេលការបោះឆ្នោតសកលនៅដើមឆ្នាំក្រោយដែលនឹងខិតជិតមកដល់ ហើយវាគឺជាពេលដែល លោកនាយករដ្ឋមន្ត្រី Narendra Modi កំពុងតែស្វែងរកអាណត្តិទីបី។

លោក BV Krishna Rao ប្រធាន​សមាគម​អ្នក​នាំ​ចេញ​អង្ករ​បាន​ថ្លែង​ថា​៖ «​ជាមួយ​នឹង​វិធានការ​នេះ វាបានធ្វើឲ្យតម្លៃទីផ្សានៅ​ក្នុង​ស្រុក​នឹង​ធ្លាក់​ចុះ ហើយ​វា​នឹង​ជួយ​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់​គ្រង​អតិផរណា​ស្បៀងអាហារបានយ៉ាងល្អ​»។ “ប៉ុន្តែចំពោះតម្លៃសកលវិញ នឹងមានការកើនឡើង ហើយអ្នកទិញទាំងអស់នឹងរងផលប៉ះពាល់នៃការកើនឡើងមួយនេះ។ ស្ថានភាពមួយនេះផងដែរ វាក៏អាចនាំមកនូវការចរចាឡើងវិញរវាងអ្នកទិញ និងអ្នកលក់លើកិច្ចសន្យាមួយចំនួន។

អង្ករគឺជាអាហារចម្បងសម្រាប់ប្រជាជន ប្រហែលជាពាក់កណ្តាលនៃចំនួនប្រជាជននៅក្នុងពិភពលោក។ គួរបញ្ជាក់ផងដែរថា ការទប់ស្កាត់របស់ប្រទេសឥណ្ឌា បានកើតឡើង ស្របពេលដែលតម្លៃស្បៀងអាហារនៅលើពិភពកាន់តែមានការកើនឡើង ដោយសារតែសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងដោយសារការប្រែប្រួលនៃអាកាសធាតុនៅទូទាំងពិភពលោក វាបានគំរាមកំហែងដល់ការផ្គត់ផ្គង់ដល់ផ្នែកស្បៀងអាហារ និងគ្រាប់ធញ្ញជាតិថែមទៀតផង។

បច្ចុប្បន្នពិភពលោកមានការព្រួយបារម្ភថា ចំណាត់ការរបស់ប្រទេសឥណ្ឌាក្នុងការធានាសន្តិសុខស្បៀងក្នុងស្រុក នឹងប៉ះពាល់ដល់ប្រទេសក្រីក្រមួយចំនួន ដែលពួកគេនៅតែតស៊ូដើម្បីងើបឡើងវិញពីការធ្លាក់ចុះសេដ្ឋកិច្ច ដែលកើតឡើងដោយសារ Covid។

យ៉ាងណាមិញ ចំពោះអង្ករសំរូប មានប្រហែលមួយភាគបីនៃការនាំចេញអង្ករ សរុបរបស់ប្រទេសឥណ្ឌា គឺបានហាមឃាត់ការនាំអង្ករសធម្មតា ដែលមិនមែនជាអង្ករបាម៉ាទី។ ក្នុងនោះផងដែរឥណ្ឌា ក៏ងមានការទប់ស្កាត់ការនាំចេញស្រូវសាលី និងស្ករ ជាពិសេសគឺការដាក់កម្រិត លើការស្តុកទុកដំណាំមួយចំនួនថែមទៀតផង។ ប្រទេសឥណ្ឌាក៏កំពុងពិចារណាលុបចោលពន្ធនាំចូល 40 ភាគរយលើស្រូវសាលី ប៉េងប៉ោះ ខ្ទឹមបារាំង និងគ្រាប់ធញ្ញជាតិពីទុនបំរុងរបស់រដ្ឋ ដើម្បីកែលម្អការផ្គត់ផ្គង់ក្នុងស្រុកបន្ថែមទៀត។

 សម្រាប់ប្រភេទអង្ករ Parboiling គឺជាដំណើរការមួយដែលពាក់ព័ន្ធនឹងដំណើរការនៃស្រូវមុនពេលកិន ដើម្បីបង្កើនតម្លៃអាហារូបត្ថម្ភរបស់វា និងផ្លាស់ប្តូរវាយនភាពនៃអង្ករឆ្អិន។ ភោជនីយដ្ឋាន​ខ្លះបាន​ប្រើ​បាយចំហុយ ព្រោះ​វា​ស្អាត​ហើយ​ងាយ​ចម្អិន។

ខណៈពេលដែលការបង់ពន្ធលើអង្ករ parboiled គឺកាន់តែទទួលបាននូវប្រសិទ្ធភាពកាលពីថ្ងៃសុក្រ។ ចំពោះអ្នកនាំចេញ ដែលមានលិខិតឥណទានត្រឹមត្រូវវិញ នឹងត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូន គឺក្នុងករណីដែលពាណិជ្ជករបានបញ្ជាទិញមុន ពេលដែលរដ្ឋាភិបាលបានចេញសេចក្តីប្រកាសតែប៉ុណ្ណោះ នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងហិរញ្ញវត្ថុ។

រុស្ស៊ី និយាយថា អ៊ុយក្រែន បានបាញ់មីស៊ីលឆ្ពោះទៅទីក្រុងមូស្គូ វាយប្រហារតំបន់គ្រីមៀ ដោយយន្តហោះគ្មានមនុស្សបើក

 ប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃសុក្រថា អ៊ុយក្រែនបានបាញ់មីស៊ីលមួយគ្រាប់ឆ្ពោះទៅកាន់ទីក្រុងមូស្គូ និងបានវាយប្រហារនៅក្នុងតំបន់គ្រីមៀ ជាមួយនឹងយន្តហោះគ្មានមនុស្សបើកចំនួន ៤២ គ្រឿង ដែលជាការវាយប្រហារតាមអាកាសដ៏ធំបំផុតមួយរបស់អ៊ុយក្រែន មកលើទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី 25 ខែសីហា ឆ្នាំ 2023។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កាំជ្រួច S-200 ដែលបានកែប្រែត្រូវបានបាញ់ទម្លាក់ពីលើតំបន់ Kaluga ដែលមានព្រំប្រទល់ជាប់នឹងទីក្រុងមូស្គូ។ តំបន់ Kaluga មានចម្ងាយតិចជាង 200 គីឡូម៉ែត្រ (124 ម៉ាយ) ពីទីក្រុងម៉ូស្គូ។

ក្រសួងការពារជាតិបាននិយាយថា “មីស៊ីលត្រូវបានរកឃើញ និងបំផ្លាញដោយប្រព័ន្ធការពារដែនអាកាសលើទឹកដីនៃ​តំបន់ Kaluga” ។

អភិបាលក្រុង Kaluga លោក Vladislav Shapsha បាននិយាយថា ការវាយប្រហានេះ មិនបង្ករឲ្យមានអ្នករងរបួសនោះទេ។

ចំនែកឯខាងអ៊ុយក្រែនវិញ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​លើ​របាយការណ៍​នោះ​ទេ ហើយ​ស្ទើរតែ​មិន​ដែល​អះអាង​ជា​សាធារណៈ​ចំពោះ​ការ​ទទួល​ខុស​ត្រូវលើការ​វាយ​ប្រហារ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ឬ​លើ​ទឹកដី​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី ដែលនៅ​ក្នុង​ប្រទេស​អ៊ុយក្រែននោះដែរ។

ក្រសួងការពារជាតិរុស្ស៊ីក៏បាននិយាយផងដែរថា គ្រីមៀ ដែលរុស្ស៊ីបានដណ្តើមយក និងបញ្ចូលក្នុងឆ្នាំ ២០១៤ ត្រូវបានវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើកចំនួន 9 គ្រឿងត្រូវបានបំផ្លាញដោយកងកម្លាំងការពារដែនអាកាស ខណៈដែល 33 គ្រឿងទៀត ត្រូវបានធ្លាក់មកលើតំបន់គ្រីមៀ តែក៏មិនបានទៅដល់គោលដៅរបស់ពួកគេដែរ។

លោក Mikhail Razvozhayev អភិបាលក្រុងកំពង់ផែ Sevastopol ក្នុងតំបន់ Crimea ដែលដំឡើងដោយទីក្រុងម៉ូស្គូ បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា យន្តហោះគ្មានមនុស្សបើកមួយចំនួនត្រូវបានបំផ្លាញនៅជាយក្រុង Sevastopol ។

ការរាយការណ៍នោះ មិន​មាន​របាយការណ៍​អំពី​អ្នក​ស្លាប់ ឬ​ការ​ខូចខាត​ពី​ការ​វាយ​ប្រហារ​ដែរ។ ក្នុងនោះផងដែរខាងអាកាសយានដ្ឋានរុស្ស៊ីដែលនៅជិតទីក្រុងមូស្គូបានផ្អាកជើងហោះហើរពីរទៅបីម៉ោង។

ការវាយប្រហារនេះ គឺជាការវាយប្រហារចុងក្រោយបង្អស់ក្នុង ការកើនឡើងនៃ ឧប្បត្តិហេតុស្រដៀងគ្នានេះ ចាប់តាំងពីយន្តហោះគ្មានមនុស្សបើកពីរគ្រឿង ត្រូវបានបំផ្លាញពីលើវិមានក្រឹមឡាំងកាលពីដើមខែឧសភា។

អ៊ុយក្រែនបាននិយាយថា ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធារបស់រុស្ស៊ីជួយដល់ការវាយលុកជាងទីក្រុង Kyiv ដែលបានចាប់ផ្តើមកាលពីខែមិថុនា។ ប្រធានាធិបតីអ៊ុយក្រែន លោក  Volodymyr Zelenskiy បានប្រាប់ សន្និសីទអន្តរជាតិមួយនៅសប្តាហ៍នេះថាទីក្រុង Kyiv នឹង “ដកហូត” Crimea យកមកវិញ ។ តែរុស្ស៊ី​បង្ហាញ​សញ្ញា​មិន​ចាកចេញ​ពី​គ្រីមៀនោះទេ។

ប៉ុន្តែចារកម្មយោធាអ៊ុយក្រែន បាននិយាយថា ខ្លួនបានជួយកងទ័ពជើងទឹកក្នុងសប្តាហ៍នេះនៅក្នុង “ប្រតិបត្តិការពិសេស” ដែលក្នុងនោះពួកគេបានចុះចតអង្គភាពនៅភាគខាងលិចនៃគ្រីមៀ ដោយមានការបាញ់ប្រហារជាមួយកងកម្លាំងរុស្ស៊ី ជាមួយនឹងការលើកទង់ជាតិរបស់អ៊ុយក្រែន។

បេសកកម្មនេះ មិនត្រូវបានបញ្ជាក់ដោយរុស្ស៊ី បានធ្វើឡើងស្របគ្នានឹងថ្ងៃបុណ្យឯករាជ្យរបស់អ៊ុយក្រែន ហើយមានគោលបំណងបង្ហាញថា កងកម្លាំងអ៊ុយក្រែនអាចធ្វើប្រតិបត្តិការជើងគោកនៅគ្រីមៀ ហើយឧបទ្វីបនេះមិនងាយរងគ្រោះឡើយ។ ចារកម្មយោធារបស់ប្រទេសអ៊ុយក្រែនក្នុងសប្តាហ៍នេះក៏បាន រាយការណ៍ថា មានចេតនាទាក់ទាញអ្នកបើកយន្តហោះយោធារុស្ស៊ីម្នាក់ឱ្យចុះចតឧទ្ធម្ភាគចក្រ Mi-8 របស់គាត់នៅឯអាកាសយានដ្ឋានអ៊ុយក្រែន។ រុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយទេ។ ប៉ុស្តិ៍ Telegram ដ៏ពេញនិយមរបស់រុស្ស៊ី ឈ្មោះ Fighterbomber បាននិយាយថា ឧទ្ធម្ភាគចក្រមួយគ្រឿងបានបាត់ និងចុះចតដោយចៃដន្យទៅវិញ។

ការបែងចែកមុខតំណែង របស់គណៈរដ្ឋមន្ត្រីកំពុងតែដំណើរការនៅប្រទេសថៃ

យោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ត នៅថ្ងៃទី25 ខែសីហា ឆ្នាំ2023 បានឱ្យដឹងថា ការរំពឹងទុកកំពុងកាន់តែខ្លាំងឡើងអំពីជួរនៃគណៈរដ្ឋមន្ត្រីបន្ទាប់ ជាមួយមេដឹកនាំចម្រុះ  ភឿថៃ និងសម្ព័ន្ធមិត្តរបស់ខ្លួនគឺ គណបក្ស Bhumjaithai គឺកំពុងតែមានការឈ្លោះប្រកែកគ្នាលើផលប័ត្រផ្ទៃក្នុង។

នាយករដ្ឋមន្ត្រីទើបនឹងតែងតាំង លោក Srettha Thavisin ត្រូវបានគេរំពឹងថា នឹងមានការតែងតាំងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុក្នុងពេលដំណាលគ្នា ខណៈដែលសហការីជិតស្និទ្ធរបស់នាយករដ្ឋមន្ត្រីផុតអាណត្តិ លោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានគេរំពឹងថានឹងឡើងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ។

យោងតាមប្រភពពីគណបក្សភឿថៃ បាននិយាយថា សម្ព័ន្ធមិត្តចម្រុះនៅតែចរចាសម្រាប់ចំណែកនៃកៅអីគណៈរដ្ឋមន្ត្រីរបស់ពួកគេ ខណៈដែលគណបក្សភឿថៃចង់កាន់តំណែងនៅក្រសួងមហាផ្ទៃ និងក្រសួងដឹកជញ្ជូន។ ជាពិសេស ភឿថៃ ព្យាយាមប្រើប្រាស់ក្រសួងមហាផ្ទៃជាវេទិកាមួយ ដើម្បីពង្រឹងមូលដ្ឋានគាំទ្ររបស់ខ្លួន និងយកឈ្នះអ្នកគាំទ្រដែលបានខកចិត្ត បន្ទាប់ពីគណបក្សខ្លួនមួយនេះ បានសម្រេចចិត្តរួមដៃជាមួយអតីតសត្រូវរបស់ខ្លួន គឺគណបក្ស Palang Pracharath (PPRP) និង គណបក្ស United Thai Nation (UTN)។

បើទោះជាយ៉ាងណាក៏ដោយគណបក្ស Bhumjaithai ក៏មានចំនែកនៅក្នុងនេះដែរ ប្រភពបាននិយាយថា ភឿថៃអាចអនុញ្ញាតឱ្យខ្លួនយកតំណែងរដ្ឋមន្ត្រីការងារជំនួសវិញជារង្វាន់លួងចិត្ត ដល់គណបក្សមួយនេះ។

ប្រភពបានបន្តទៀតថា លោក Srettha Thavisin  ត្រូវបានគេរំពឹងថានឹងធ្វើជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុក្នុងពេលដំណាលគ្នា ខណៈដែលលោកឧត្តមសេនីយ៍ Nattapon Nakpanich អតីតអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ និងជាសហការីជិតស្និទ្ធរបស់លោកឧត្តមសេនីយ៍ Prayut ត្រូវបានគេមើលឃើញថាកំពុងកាន់កាប់មុខតំណែងក្នុងក្រសួងការពារជាតិ។

យោងតាមប្រភពបានឲ្យដឹងថា លោក Capt Thamanat Prompow អគ្គលេខាធិការគណបក្ស PPRP នឹងឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ ខណៈដែលលោក Pol Gen Patcharawat Wongsuwon ដែលជាប្រធានទីប្រឹក្សាគណបក្ស និងជាប្អូនប្រុសរបស់មេដឹកនាំគណបក្ស គឺលោក  Prawit Wongsuwon ត្រូវបានគេរំពឹងថានឹងកាន់តំណែងជាអនុប្រធាននាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន។

ប្រភពបាននិយាយថា មេដឹកនាំ Bhumjaithai លោក  Anutin Charnvirakul ត្រូវបានគេរំពឹងថានឹងក្លាយជាឧបនាយករដ្ឋមន្ត្រី ខណៈដែល Pol Gen Permpoon Chidchob ប្អូនប្រុសរបស់សហស្ថាបនិកគណបក្សគឺ លោកNewin Chidchob ទំនងជាធ្វើជារដ្ឋមន្ត្រីក្រសួងការងារ ហើយប្រភពបន្ថែមថាគណបក្សនេះក៏នឹងត្រូវបានបែងចែកផលប័ត្រអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្សផងដែរ ។

ចំនែកលោក Pirapan Salirathavibhaga ដែលជាអ្នកដឹកនាំ UTN ត្រូវបានគេរំពឹងថានឹងក្លាយជារដ្ឋមន្ត្រីថាមពល ហើយ Supattanapong Panmeechaow ដែលជាសមាជិកសភាក្នុងបញ្ជី UTN ត្រូវបានគេរំពឹងថាសម្រាប់តំណែងជារដ្ឋមន្ត្រីឧស្សាហកម្ម។

បច្ចុប្បន្ន លោក ស្រេត ថា ត្រូវបានមើលឃើញថា លោកបានចូលជួបសម្តែងការគួរសមជាមួយលោកឧត្តមសេនីយ៍ ប្រាយុទ្ធ នៅវិមានរដ្ឋាភិបាលកាលពីថ្ងៃព្រហស្បតិ៍។ លោក​បាន​និយាយ​ថា​៖ «​លោក​ឧត្តមសេនីយ៍ ប្រា​យុទ្ធ គឺជាមនុស្សល្អម្នាក់ ​ហើយថែមទាំង​បង្ហាញ អ្វីដែលនូវ​ជុំវិញ​ខ្ញុំ។

លោក ស្រេត ថា បាន​មាន​ប្រសាសន៍​ថា “គាត់​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មក​ពី​វិស័យ​ជំនួញ ហើយ​ខ្ញុំ​អាច​មាន​វិធី​ធ្វើ​ការ​ផ្សេង​ពី​នេះ”។ “គាត់បាននិយាយថា មានវិស័យជាច្រើនទៀតដែលចាំបាច់ត្រូវយកមកពិចារណានោះទេ។ គាត់សុំឱ្យខ្ញុំបន្តនូវគោលនយោបាយសមរម្យដែលគាត់បានផ្តួចផ្តើមតែប៉ុណ្ណោះ”។

កាល​ពី​ថ្ងៃ​អង្គារ សភា និង​ព្រឹទ្ធ​សភា​រួម​គ្នា​បាន​បោះ​ឆ្នោត​ជ្រើស​តាំង​លោក ស្រេត ថា ជា​នាយក​រដ្ឋ​មន្ត្រី​ថ្មី ដោយ​មាន​សំឡេង​គាំទ្រ ៤៨២ សំឡេង ១៦៥ ប្រឆាំង និង ៨១ អនុប្បវាទ។

អតីត​មហាសេដ្ឋី​អចលនទ្រព្យ​រូប​នេះ​បាន​ទទួល​ការ​យល់ព្រម​ពី​ព្រះមហាក្សត្រ​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ទី ៣០ របស់​ប្រទេស​កាលពី​ថ្ងៃ​ពុធ។

Heineken បានចាកចេញពីប្រទេសរុស្ស៊ី

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅទី 25 ខែសីហា ឆ្នាំ 2023 បានឲ្យដឹងថា ក្រុមហ៊ុនផលិតស្រាបៀរ របស់ប្រទេសហូឡង់ ដែលមានឈ្មោះថា  Heineken (HEIN.AS) បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានបញ្ចប់កុងត្រា នឹងការចាកចេញពីប្រទេសរុស្ស៊ី ដោយលក់ប្រតិបត្តិការរបស់ខ្លួននៅទីនោះទៅឱ្យក្រុមហ៊ុន Arnest Group របស់រុស្ស៊ីក្នុងតម្លៃមួយនិមិត្តសញ្ញា គឺមួយអឺរ៉ូ។

ក្រុមហ៊ុនផលិតស្រាបៀរដ៏ធំបំផុតទីពីររបស់ពិភពលោកបាននិយាយថា កិច្ចព្រមព្រៀងនេះបានទទួលការយល់ព្រមតាមតម្រូវការទាំងអស់ ហើយក្រុមហ៊ុន Heineken ផ្ទាល់ក៏ទំនងជានឹងមានការខាតបង់ពិសេសចំនួន 300 លានអឺរ៉ូ (324,8 លានដុល្លារ) ។

Heineken បានប្រកាសពីចេតនារបស់ខ្លួនក្នុងការចាកចេញពីប្រទេសរុស្ស៊ីនៅខែមីនាឆ្នាំ 2022 បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយទទួលស្គាល់ថាដំណើរការនេះបានចំណាយពេលយូរជាងការរំពឹងទុក។

នាយកប្រតិបត្តិលោក Dolf van den Brink បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការអភិវឌ្ឍន៍ថ្មីៗបង្ហាញពីបញ្ហាប្រឈមសំខាន់ៗ ដែលក្រុមហ៊ុនផលិតកម្មធំៗប្រឈមមុខក្នុងការចាកចេញពីប្រទេសរុស្ស៊ី” ។

ក្រុមហ៊ុនពហុជាតិសាសន៍ជាច្រើនបានសម្រុកចាកចេញពីប្រទេសរុស្ស៊ី បន្ទាប់ពីលោកខាងលិចបានដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកលើទីក្រុងម៉ូស្គូ។

ក្រុមហ៊ុនបរទេសមួយចំនួនដែលព្យាយាមចាកចេញពីប្រទេសរុស្ស៊ី ព្រោះពួកគេទាំងនោះកំពុងប្រឈមមុខនឹងការកើនឡើងនៃថ្លៃដើម ខណៈដែលទីក្រុងម៉ូស្គូកំពុងទាមទារឱ្យ មានការបញ្ចុះតម្លៃកាន់តែច្រើន លើស្លាកតម្លៃនៃទ្រព្យសកម្មដែលពួកគេចង់លក់។ មនុស្សបីនាក់ដែលមានចំណេះដឹងអំពីបញ្ហានេះបាននិយាយថា​ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើ ឯកសារមួយកាលពីខែ កក្កដា ដើម្បីគ្រប់គ្រងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់រុស្ស៊ី Danone’s (DANO.PA) រួមជាមួយក្រុមហ៊ុនស្រាបៀរ Carlsberg’s (CARLb.CO) ។

ក្នុងនោះ លោក Anheuser-Busch InBev ក៏បាននិយាយផងដែរថា ខ្លួន គ្រោងនឹងចាកចេញពីការបណ្តាក់ទុនរួមគ្នារបស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ីជាមួយ Efes របស់ប្រទេសទួរគី (AEFES.IS) ។

នៅពេលសួរថា តើបទពិសោធន៍របស់ Danone និង Carlsberg បានបង្កើនភាពបន្ទាន់សម្រាប់ Heineken ក្នុងការធ្វើកិច្ចព្រមព្រៀងមួយឬអត់ លោក van den Brink បានប្រាប់អ្នកយកព័ត៌មានថា “ការព្រួយបារម្ភរបស់យើងបានកើនឡើង ប៉ុន្តែមិនមែនជាភាពបន្ទាន់នោះទេ។ វាបង្ហាញថាមានហានិភ័យនៃការធ្វើតូបនីយកម្មពិតប្រាកដ ហើយអ្វីដែលអ្នកអាចធ្វើបានគឺ ព្យាយាមធ្វើជាម្ចាស់នៃជោគវាសនារបស់អ្នក” ។

ហើយលោកនឹងមិនចូលទៅក្នុងព័ត៌មានលម្អិតអំពីមូលហេតុ ដែលការស្វែងរកអ្នកទិញចំណាយពេលយូរជាងការរំពឹងទុក ដោយហៅដំណើរការនេះថា “ជាការស្មុគស្មាញខ្លាំង”។

លោកបានបន្ថែមថា “យើងរីករាយដែលយើងបានរកឃើញអ្នកទិញសមរម្យ។ យើងជឿថា ពួកគេ គឺជាភាគី ដែលអាចទុកចិត្តបាន យើងសប្បាយចិត្តដែលដំណើរការនេះឈានដល់ទីបញ្ចប់ ហើយដើម្បីអាចចាកចេញពីប្រទេសរុស្ស៊ីបាន” ។

ក្រុមហ៊ុន Heineken មានរោងចក្រផលិតស្រាបៀរចំនួនប្រាំពីរនៅក្នុងប្រទេសរុស្ស៊ី និងបុគ្គលិកចំនួន 1,800 ដែលនឹងទទួលបានការធានាការងារសម្រាប់រយៈពេលបីឆ្នាំខាងមុខ។

ក្រុមហ៊ុនផលិតស្រាបៀរហូឡង់បានដកម៉ាក Heineken របស់ខ្លួនចេញពីប្រទេសរុស្ស៊ីកាលពីឆ្នាំមុន ហើយការផលិត Amstel នឹងត្រូវលុបចោលក្នុងរយៈពេលប្រាំមួយខែ។

ក្រុមហ៊ុន Heineken បាននិយាយថា កិច្ចព្រមព្រៀងនេះ គឺគ្មានជម្រើសក្នុងការទិញអាជីវកម្មត្រឡប់មកវិញទេ រួមមានអាជ្ញាប័ណ្ណរយៈពេល 3 ឆ្នាំសម្រាប់ម៉ាកយីហោក្នុងតំបន់តូចៗមួយចំនួន ដែល Heineken នឹងមិនផ្តល់ការគាំទ្រម៉ាកយីហោ ឬទទួលបានប្រាក់ចំណូលណាមួយឡើយ។

ក្រុមហ៊ុន Arnest Group ជាម្ចាស់អាជីវកម្មវេចខ្ចប់កំប៉ុងធំមួយ និងជាក្រុមហ៊ុនផលិតថ្នាំអាសេរ៉ូលធំបំផុតរបស់រុស្ស៊ី ក៏ដូចជាការលក់គ្រឿងសំអាង និងទំនិញប្រើប្រាស់ក្នុងផ្ទះផងដែរ។

Heineken បាន​និយាយ​ថា​ប្រតិបត្តិការ​នេះ​នឹង​មាន​ផល​ប៉ះ​ពាល់​តិច​តួច​ចំពោះ ​ទស្សនវិស័យ​ពេញ​មួយ​ឆ្នាំ ​របស់​ខ្លួន ។

scroll to top