ព្យុះ Idalia នឹង​វាយលុក​ទៅ​ជា​ខ្យល់ព្យុះ​ដ៏​ធំ​មួយ​ នៅ​មុន​ការរអិលបាក់​ដីនៅក្នុង​រដ្ឋ Florida

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃទី 29 ខែសីហា ឆ្នាំ2023 បានឲ្យដឹងថា ខ្យល់ព្យុះត្រូពិច Idalia បានបោកបក់ភាគខាងលិចប្រទេសគុយបា ព្យុះមួយនេះត្រូវបានគេទស្សន៍ទាយថា វានឹងក្លាយទៅជាព្យុះសង្ឃរាដ៏ធំមួយនៅថ្ងៃច័ន្ទនេះ ខណៈដែលវាបានបោកបក់ឆ្ពោះទៅកាន់ឆ្នេរសមុទ្រ​ និងឈូងសមុទ្រ Florida នៅក្នុងតំបន់នោះផងដែរ ក្រុមមន្ត្រីក៏បានបញ្ជាឱ្យមានការជម្លៀសប្រជាជន ដើម្បីការពារការរអិលបាក់ដីនៅថ្ងៃពុធ។

មជ្ឈមណ្ឌលអាកាសធាតុជាតិដែលមានមូលដ្ឋាននៅទីក្រុងម៉ៃអាមីបាននិយាយនៅក្នុងសេចក្តីណែនាំចុងក្រោយរបស់ខ្លួនថា ព្យុះ Idalia កំពុងវាយលុកនៅចម្ងាយប្រហែល 80 ម៉ាយល៍ (130 គីឡូម៉ែត្រ) ពីចុងភាគខាងលិចនៃប្រទេសគុយបា ខណៈដែលវាបានបក់មកភាគខាងជើង ដោយមានកម្លាំងខ្យល់អតិបរមា 70 ម៉ាយក្នុងមួយម៉ោង (112 គីឡូម៉ែត្រក្នុងមួយម៉ោង) ។

កម្លាំងខ្យល់ព្យុះដែលកំពុងតែកើនឡើង នៅភាគខាងជើង វាបានធ្វើឱ្យប្រជាជន Floridians ប្រហែល 14 លាននាក់ ស្ថិតនៅក្រោមការព្រមានអំពីព្យុះសង្ឃរា និងព្យុះត្រូពិចនៅតាមឈូងសមុទ្រម៉ិកស៊ិកូផងដែរ។

អាជ្ញាធរ​បាន​ព្រមាន​ថា ចំពោះគ្រោះថ្នាក់​ចម្បង​ដែលអាចគំរាមកំហែងដល់​អាយុជីវិត​មនុស្ស ​ដែល​បង្ក​ដោយ​ ​ទឹក​សមុទ្រ​ ដែល​ជំរុញ​ដោយ​ខ្យល់​បក់​ខ្លាំង ទើបជាហេតុនាំឲ្យជន់​លិចក្នុង​តំបន់​ឆ្នេរ​ទាបៗ។

ការព្រមានអំពីការកើនឡើងនៃព្យុះត្រូវបានបង្ហោះសម្រាប់រាប់រយម៉ាយនៃឆ្នេរសមុទ្រឈូងសមុទ្រ ពីតំបន់ Sarasota ភាគខាងជើងឆ្លងកាត់តាម Tampa និងលាតសន្ធឹងទៅកន្លែងនេសាទនៃ Indian Pass នៅចុងខាងលិចនៃឈូងសមុទ្រ Apalachicola ។

ក្នុងនោះផងដែរ អភិបាលរដ្ឋផ្លរីដា លោក Ron DeSantis បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃច័ន្ទ ដោយបន្ថែមថា លោកបាននិយាយជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយកទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ (FEMA) លោក Deanne Criswell ។

ពួគាត់បាននិយាយថា យើងខ្ញុំសូមជំរុញឱ្យ ប្រជាជនដែលនៅក្នុងរដ្ឋ Floridians ទាំងអស់ត្រៀមខ្លួនសម្រាប់លក្ខខណ្ឌដែលអាចមានគ្រោះថ្នាក់។

យ៉ាងណាមិញព្យុះមួយនេះវាបានកើតឡើងលើប្រទេសគុយបាតាំងពីថ្ងៃច័ន្ទមកម្ល៉េះ ហើយប្រជាជនគុយបាបានប្រញាប់ប្រញាល់ចាកចេញពីតំបន់តាមឆ្នេរសមុទ្រ ខណៈដែល ព្យុះ Idalia បានខិតទៅជិតចុងភាគខាងលិចនៃប្រទេស ។

ព្យុះ Idalia បានបង្ករឲ្យមានទឹក​ជំនន់​ពណ៌ល្អក់ ​បាន​ជន់​លិច​ភូមិ​នេសាទ​តូច​នៃ​ទីក្រុង Guanimar ភាគ​ខាង​ត្បូង​នៃ​ទីក្រុង Havana នៅ​ពាក់​កណ្តាល​រសៀល។

បើគិតត្រឹមថ្ងៃអង្គារនេះ ឆ្នេរសមុទ្រ និងឈូងសមុទ្រ Florida ភាគអាគ្នេយ៍នៃហ្សកហ្ស៊ី និងផ្នែកភាគខាងកើតនៃ North និង South Carolina អាចប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំងចន្លោះពី 4 ទៅ 8 អ៊ីញ (10 ទៅ 20 សង់ទីម៉ែត្រ) ដែលអាចបង្ករជាទឹកជំនន់ភ្លាមៗផងដែរ។ មជ្ឈមណ្ឌលអាកាសធាតុបានព្រមានថា ទន្ទឹមនឹងភ្លៀងធ្លាក់ខ្លាំង វាក៏អាចមានខ្យល់បក់បោកលើសពី 110 ម៉ាយក្នុងមួយម៉ោង (177 គីឡូម៉ែត្រក្នុងមួយម៉ោង) ដែលបណ្តាលឱ្យមានខ្យល់ព្យុះដ៏កំណាចអាចគំរាមកំហែងដល់អាយុជីវិត។

បច្ចុប្បន្នសាលារៀននៅទូទាំងតំបន់បានលុបចោលថ្នាក់រៀន ដែលចាប់ផ្តើមនៅរសៀលថ្ងៃច័ន្ទ ចំនែកឯអាកាសយានដ្ឋានអន្តរជាតិ Tampa គ្រោងនឹងផ្អាកប្រតិបត្តិការពាណិជ្ជកម្មចាប់ពីម៉ោង 12:01 ព្រឹកថ្ងៃអង្គារ។

ចំពោះភាគខាងកើតនៃ  Hurricane Franklin ព្យុះ Idalia ដែលយើងស្គាល់ថាជាខ្យល់ព្យុះដ៏ធំដំបូងគេនៃរដូវកាលនេះ វានឹងបក់បោកនៅមហាសមុទ្រអាត្លង់ទិក ហើយបន្តរទៅទិសឦសានក្នុងរយៈពេលពីរថ្ងៃបន្ទាប់។ បន្ទាប់មកវានឹងក្លាយទៅជាខ្យល់ព្យុះប្រភេទទី 3 ដែលបណ្តាលឲ្យមានការគំរាមកំហែងខ្លាំងទៅកាន់ប្រទេស Bermuda និងឆ្នេរសមុទ្រភាគខាងកើតសហរដ្ឋអាមេរិកពេញមួយសប្តាហ៍ថែមទៀតផង។

លោកស្រី Paetongtarn ទៅសួរសុខទុក្ខឳពុក នៅមន្ទីរពេទ្យជាលើកដំបូង

លោកស្រី Paetongtarn Shinawatra “អ៊ុង អ៊ីង” មេដឹកនាំគ្រួសារភឿថៃ បានទៅសួរសុខទុក្ខឪពុក គឺ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅមន្ទីរពេទ្យប៉ូលីសទូទៅកាលពីថ្ងៃច័ន្ទ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តកាលពីថ្ងៃទី 28 ខែសីហា ឆ្នាំ 2023។

លោក ថាក់ស៊ីន ដែលមានអាយុ៧៤ឆ្នាំ ត្រូវបានបញ្ជូនទៅពន្ធនាគារបាងកក កាលពីថ្ងៃទី២២ ខែសីហា បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានដុនមឿង តាមយន្តហោះឯកជនមួយ គឺបន្ទាប់ពីលោកបានបញ្ចប់ការនិរទេសខ្លួនឯងអស់រយៈពេល ១៥ឆ្នាំកន្លងមកនេះ ហើយលោកក៏ត្រូវបានគេបញ្ជូនភ្លាមៗទៅកាន់តុលាការកំពូល លោកថាក់ស៊ីន ត្រូវតុលាការកាត់ទោសដាក់ពន្ធនាគាររយៈពេល ៨ឆ្នាំ។

យោងតាមនាយកដ្ឋានកែតម្រូវ (DoC) បានឱ្យដឹងថា គាត់ត្រូវបានផ្ទេរពីពន្ធនាគារបាងកក ទៅកាន់មន្ទីរពេទ្យប៉ូលីសទូទៅ នៅម៉ោង 12:20 ព្រឹកថ្ងៃពុធ ដោយមានការឈឺទ្រូង លើសឈាម និងអុកស៊ីសែនក្នុងឈាមមានកម្រឹតទាប។

DoC បាននិយាយថា លោកថាក់ស៊ីន មានជំងឺធ្ងន់ធ្ងរចំនួនបួនគឺ ជំងឺបេះដូង ជំងឺសួត ជំងឺលើសឈាម និងherniated disc ។

បន្ទាប់ពីបន្ទីបានដាក់ឱ្យរូបលោកនៅដាច់ពីគេរយៈពេល 5 ថ្ងៃ មន្ទីរពេទ្យនឹងអនុញ្ញាតឱ្យមានជួបសួរសុខទុក្ខចាប់ពីម៉ោង 9 ព្រឹកដល់ម៉ោង 3 រសៀល។ ក្នុងនោះផងដែរគេសង្កេតឃើញថា មានមនុស្ស១០នាក់បានចុះឈ្មោះចូលជួបលោកថាក់ស៊ីននៅថ្ងៃដំបូង ហើយអ្នក​ស្រី Paetongtarn ជា​មនុស្ស​ដំបូងគេ​ដែល​បាន​ជួប​គាត់។

យ៉ាងណាមិញលោកស្រី Paetongtarn ត្រូវបានគេចាប់ថា លោកស្រី បានទៅជួបឳពុក អមជាមួយនឹង​មេធាវីម្នាក់ដែលមានឈ្មោះថា Winyat Chartmontree។ ​នៅពេល​ដែល​លោកស្រីបាន​មក​ដល់​មន្ទីរពេទ្យ​នៅ​ម៉ោង​ប្រហែល ១២ និង ៣០ នាទី​ក្នុង​រថយន្ត Mercedes ពីជាន់ក្រោមដីនៃអគារចំណតរថយន្ត លោកស្រីងបានឡើងជណ្តើរយន្តទៅកាន់ជាន់ទី 14 នៃអគារ Maha Bhumibol Rachanusorn គឺជាកន្លែងដែលលោក ថាក់ស៊ីន កំពុងមើលថែ។

លោកស្រី Paetongtarn ​បាន​ចាប់​ផ្តើម​ចូល​សួរ​សុខ​ទុក្ខ​នៅ​ម៉ោង​១​រសៀល ហើយ​បាន​ចាក​ចេញ​នៅ​ម៉ោង​១​និង​៤៥​នាទី​រសៀល ដោយ​មិន​បាន​និយាយ​ជាមួយ​អ្នក​យក​ព័ត៌មាន​ឡើយ។

នៅ​ពេល​សួរ​អំពី​ជំងឺ​របស់​ឪពុកលោកស្រី និង​ស្ថានភាព​ផ្លូវ​ចិត្ត​នោះ អ្នកស្រី Paetongtarn មិន​បាន​ឆ្លើយ​តប​នោះទេ។ លោកស្រីគ្រាន់តែ​បាន​និយាយ​ថា ខ្ញុំ​នឹង​ឆ្លើយ​សំណួរជុំវិញរឿងថ្ងៃនេះ នាង​នៅ​ទីស្នាក់ការ​គណបក្ស​ភឿថៃ​នៅ​ថ្ងៃ​អង្គារ។

ចំនែកអ្នកផ្សេងទៀតដែលបានចុះឈ្មោះជាមួយមន្ទីរពេទ្យ ដើម្បីទៅសួរសុខទុក្ខលោកថាក់ស៊ីនកាលពីថ្ងៃច័ន្ទរួមមានកូនស្រីម្នាក់ទៀតឈ្មោះ Pintongta និងស្វាមី Nathapong Kunakornwong និងកូនប្រុសច្បងរបស់គាត់ Panthongtae និងប្រពន្ធរបស់គាត់ Natthiya Puangkham អមជាមួយនឹងមេធាវី​បី​នាក់​ទៀត ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​ចូល​សួរសុខទុក្ខផង​ដែរ។
          គួរបញ្ជាក់ថា បើយោងតាម​លោក Santhana Prayoonrat អតីតមន្ត្រីនគរបាលសាខាពិសេស ដែលមានឳពុកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបាននិយាយថា បន្ទប់នៅជាន់ទី 14 ត្រូវបានបម្រុងទុកសម្រាប់មន្ត្រីនគរបាលជាន់ខ្ពស់។ លោក​បាន​បន្ត​ថា ឪពុក​របស់​លោក​បាន​ចូល​ទៅ​ព្យាបាល​ជំងឺ​រលាក​សួត​នៅ​ថ្ងៃ​ទី ២៨ ខែ​កក្កដា ហើយ​នៅ​ជាន់​ទី ១០ នៃ​អគារ​ដដែល។

គាត់ជឿថាលោក ថាក់ស៊ីន នៅក្នុងបន្ទប់លេខ ១៤០១ ព្រោះគាត់បានឃើញគ្រូពេទ្យ និងគិលានុបដ្ឋាយិកានៅមុខបន្ទប់នោះនៅថ្ងៃទី ២៣ ខែសីហា នៅពេលដែលគាត់ឡើងទៅលើជាន់ទី ១៤ ដើម្បីមើល។

លោក Santhana បាននិយាយថា បន្ទប់នេះទើបតែត្រូវបានជួសជុលឡើងវិញ ហើយត្រូវបានបំពាក់យ៉ាងពេញលេញជាមួយនឹងគ្រឿងបរិក្ខារជាមូលដ្ឋានដូចជា គ្រែ បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ និងបន្ទប់ទឹក។ រាល់បន្ទប់នៅជាន់ទី 14 មានទិដ្ឋភាពពេញលេញនៃទីលានវាយកូនហ្គោល និងទីលានប្រណាំងសេះ ដូចដែលបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់ដូច្នោះដែរ។

ប្រទេសកូរ៉េខាងត្បូង ​នឹង​ធ្វើ​អធិការកិច្ច​រយៈពេល​១០០​ថ្ងៃ​ លើ​ការ​នាំ​ចូល​អាហារ​សមុទ្រ​ ពី Fukushima

ក្រសួងត្រួតពិនិត្យចំណីអាហាររបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួននឹងបានចាប់ផ្តើមការត្រួតពិនិត្យពិសេសមួយទៅលើការសម្គាល់ប្រទេសដើម សម្រាប់ផលិតផលអាហារសមុទ្រ ដែលបាននាំចូល ដើម្បីបំបាត់ការព្រួយបារម្ភអំពីសុវត្ថិភាពសាធារណៈ បន្ទាប់ពីប្រទេសជប៉ុនបានបញ្ចេញទឹកកខ្វក់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែររបស់ខ្លួន នេះបើយោងតាមការចេញផ្សាយរបស់កាសែតកូរ៉េខាងពីថ្ងៃទី 28 ខែសីហា ឆ្នាំ2023។
          គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្ម “ព្យាបាល” ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រ ដែលជាហេតុនាំឲ្យពិភពលោកកំពុងតែមានការព្រួយបារម្ភ និងមានការប្រឆាំងជាច្រើន ដែលលើកឡើងដោយប្រជាជននេសាទរបស់ខ្លួន និងប្រទេសជិតខាង។ ចំពោះការធ្វើអធិការកិច្ចរយៈពេល 100 ថ្ងៃ គឺសំដៅទៅលើការត្រួតពិនិត្យមើលរាល់អ្នកនាំចូល អ្នកចែកចាយ និងអ្នកលក់រាយ ត្រូវតែមានការកត់សម្គាល់ឲ្យបានត្រឹមត្រូវពីប្រភពដើមនៃមុខទំនិញគ្រឿងសមុទ្រសំខាន់ៗ ដែលមកពីក្រៅប្រទេសដូចជា ខ្យង ប្រហិតសមុទ្រ និងប្រម៉ោយសមុទ្រជាដើម ដើម្បីធានាបានថាតើគ្រឿងសមុទ្រទាំងអស់នោះមានប្រភពមកពីតំបន់ដែលមានបញ្ហាហ្វូគូស៊ីម៉ាដែរឬទេ?

          បច្ចុប្បន្ន “រដ្ឋាភិបាលគ្រប់ប្រទេស ដែលជាប្រទេសជិតខាងជប៉ុន បាននឹងកំពុងតាមដានរឿងនេះយ៉ាងយកចិត្តទុកដាក់។ យ៉ាងណាមិញ រដ្ឋាភិបាលរបស់កូរ៉េខាងត្បូង នឹងធ្វើការស៊ើបអង្កេតជាពិសេសមួយក្នុងករណីគ្រឿងសមុទ្រដែលនាំចូល វាគឺជារឿងដែលមិនធ្លាប់មានពីមុនមក ខណៈដែលការព្រួយបារម្ភកំពុងកើនឡើងលើប្រព័ន្ធចែកចាយរបស់ជប៉ុន និងអាហារសមុទ្រដែលនាំចូលផ្សេងៗជាច្រើនទៀត។
          ប្រទេសកូរ៉េបានហាមឃាត់ការនាំចូលអាហារសមុទ្រទាំងអស់ ពីខេត្តចំនួនប្រាំបីរបស់ប្រទេសជប៉ុននៅជិត Fukushima ក្នុងឆ្នាំ 2013 ព្រោះថ្នាក់ដឹកនាំមានការព្រួយបារម្ភអំពីកម្រិតវិទ្យុសកម្មរបស់ពួកគេ បន្ទាប់ពីឧប្បត្តិហេតុ ក្នុងឆ្នាំ 2011 ។

          ខាងប្រទេសកូរ៉េ​បាន​និយាយ​ថា ខ្លួន​នឹង​មិន​ដក​ការ​ទប់ស្កាត់​ការ​នាំ​ចូល​ឡើយ ព្រោះ​សុវត្ថិភាព និង​សុខភាព​របស់​ប្រជាជន​មិន​អាច​ត្រូវ​បាន​គេ​ធ្វើ​ឱ្យ​ខូច​ខាត។
          តែវាគឺជាការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើកទីពីរចំពោះគ្រឿងសមុទ្រ ដែលនាំចូលបន្ទាប់ពីជុំទីមួយដែលបានធ្វើឡើងនៅក្នុងខែឧសភា និងខែមិថុនា ហើយរដ្ឋាភិបាលនឹងកៀរគរបុគ្គលិកទាំងអស់ រួមជាមួយស្ថាប័នឯកជនពាក់ព័ន្ធ សកម្មជនពលរដ្ឋ និងអ្នកជំនាញ។ យោងតាមក្រសួងបានឱ្យដឹងថា ហាង និងមជ្ឈមណ្ឌលចែកចាយប្រហែល 20,000 នឹងស្ថិតនៅក្រោមការស៊ើបអង្កេត ហើយរដ្ឋាភិបាលនឹងបង្កើនចំនួននៃការត្រួតពិនិត្យ ដោយក្រុមអធិការកិច្ច នឹងទៅកាន់ហាងដោយផ្ទាល់។ សម្រាប់អ្នកលក់ ដែលខកខានមិនបានសម្គាល់ប្រទេសដើមអាចប្រឈមនឹងការផាកពិន័យរហូតដល់ 10 លានវ៉ុន (7,600 ដុល្លារ) ហើយអ្នកដែលក្លែងបន្លំអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ 7 ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ 100 លានវ៉ុន។

          បើយោងតាមប្រភពមួយបាននិយាយថា “ការត្រួតពិនិត្យរយៈពេល 100 ថ្ងៃនឹងធ្វើឡើងតាមរបៀប ដែលមិនធ្លាប់មានពីមុនមក ដើម្បីឱ្យប្រជាជនអាចទិញនិងបរិភោគអាហារសមុទ្រ ដែលមានសុវត្ថិភាពដោយគ្មានការព្រួយបារម្ភ” ។

ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំនេះ ប្រទេសកូរ៉េបាននាំចូលអាហារសមុទ្រពីប្រទេសជប៉ុនចំនួន 10,710 តោន ដែលស្មើនឹង 2 ភាគរយនៃការនាំចូលអាហារសមុទ្រសរុបរបស់ប្រទេស។ កាលពីខែឧសភា និងមិថុនា រដ្ឋាភិបាលបានត្រួតពិនិត្យបណ្តាញចែកចាយក្នុងស្រុកនៃអាហារសមុទ្រជប៉ុន និងចាប់បានអ្នកលក់រាយចំនួន 158 នាក់ ពីបទមិនអនុវត្តត្រឹមត្រូវ ឬគ្មានប្រភពដើម។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលបាននិយាយថា កម្រិតវិទ្យុសកម្មនៅក្នុងទឹកនៅជិតប្រទេសកូរ៉េ នៅតែទាបជាងស្តង់ដារសម្រាប់ទឹកដែលអាចផឹកបានកំណត់ដោយអង្គការសុខភាពពិភពលោក (WHO)។

អ្វីដែលរដ្ឋាភិបាលកូរ៉េកំពុងអនុវត្តន៍នៅពេលនេះ វាគឺជាការសាកល្បងលើកដំបូងដែលធ្វើឡើងនៅលើទីតាំងចំនួន 15 នៅក្នុងតំបន់ចំនួន 3 នៃដែនទឹករបស់ប្រទេសកូរ៉េ បន្ទាប់ពីការបញ្ចេញទឹករបស់ប្រទេសជប៉ុន។

លោក Xi Jinping ប្រធានាធិបតីរបស់ប្រទេសចិន បានសង្កត់ធ្ងន់លើ “ស្ថិរភាពសង្គម ” នៅក្នុងដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ Xinjiang

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រធានាធិបតីចិនលោក Xi Jinping បានធ្វើទស្សនកិច្ចដ៏កម្រមួយទៅកាន់ Xinjiang កាលពីថ្ងៃសៅរ៍ ហើយលោកបានអំពាវនាវដល់មន្ត្រីឱ្យរក្សា “ស្ថិរភាពសង្គមដែលយើងកំពុងតែពិបាកយកឈ្នះ” ជាពិសេសនៅក្នុងតំបន់ដែលមានបញ្ហា ជាឩទាហរណ៍ដូជជាទីក្រុងប៉េកាំងត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយរបស់(AFP) កាលពីថ្ងៃទី 27 ខែសីហា​ ឆ្នាំ2023 ។
          រដ្ឋាភិបាលចិនបានបន្តយុទ្ធនាការរយៈពេលវែងជាច្រើនឆ្នាំ ដើម្បីប្រឆាំងនឹងអ្វីដែលខ្លួនបានពណ៌នាថា ជាអំពើភេរវកម្ម និងអ៊ីស្លាមជ្រុលនិយមនៅក្នុងតំបន់ភាគពាយ័ព្យ ដោយមានការឃាត់ខ្លួនជនជាតិ Uyghurs មួយចំនួនធំ និងជនមូស្លីមដទៃទៀតថែមទៀតផង។ 

នៅក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិកាលពីឆ្នាំមុនបានរកឃើញថា សកម្មភាពរបស់ចិននៅក្នុង Xinjiang អាចបង្កើតជា “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” ហើយសហរដ្ឋអាមេរិក និងស្ថាប័ននីតិប្បញ្ញត្តិនៅក្នុងប្រទេសផ្សេងទៀត បានចាត់ទុកគោលនយោបាយនេះថាជា “អំពើប្រល័យពូជសាសន៍” ប៉ុន្តែការអះអាងខាងលើនេះ គឺត្រូវបានទីក្រុងប៉េកាំងបដិសេធ។
          ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា លោក Xi Jinping បានធ្វើដំណើរទៅកាន់រដ្ឋធានីក្នុងតំបន់ Urumqi កាលពីថ្ងៃសៅរ៍ ដោយបានស្តាប់របាយការណ៍ការងាររបស់រដ្ឋាភិបាល និងការថ្លែងសុន្ទរកថា “បញ្ជាក់ពីសមិទ្ធិផលដែលបានធ្វើនៅក្នុងកិច្ចការផ្សេងៗនៅក្នុង Xinjiang” ។
          គួរបញ្ជាក់ផងដែរថា វាគឺជាដំណើរទស្សនកិច្ចដំបូងគេ ដែលសាធារណៈជនដឹងថា មេដឹកនាំរបស់ខ្លួនបានធ្វើដំណើរទៅកាន់ Xinjiang ចាប់តាំងពីខែកក្កដាឆ្នាំមុន បើគិតចាប់តាំងពីមានការបង្ក្រាបបទល្មើសនៅក្នុងតំបន់នេះត្រូវបានកើនឡើង។ CCTV បានរាយការណ៍ទៀតថា លោក Xi Jinping “បានសង្កត់ធ្ងន់ថា អាទិភាពកំពូលត្រូវតែត្រូវបានផ្តល់នូវការរក្សាស្ថិរភាពសង្គម… ហើយយើងត្រូវតែប្រើប្រាស់ស្ថិរភាពដើម្បីធានាការអភិវឌ្ឍន៍”។ 

លោក​បាន​និយាយ​ថា វា​ជា​ការ​ចាំបាច់​ក្នុង​ការ​រួម​បញ្ចូល​ការ​អភិវឌ្ឍ​នៃ​ការ​ប្រឆាំង​អំពើ​ភេរវកម្ម និង​ការ​តស៊ូ​ប្រឆាំង​ការ​បំបែក​ខ្លួន​ជាមួយ​នឹង​ការ​ជំរុញ​ឲ្យ​មាន ​ការងារ​ធ្វើដែលប្រកបដោយ​ស្ថិរភាពក្នុង​សង្គម និង​នីតិរដ្ឋ​មាន​ប្រក្រតីភាព»។ លោក Xi Jinping ក៏បានជំរុញឱ្យមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវតែ”លើកកម្ពស់ និងសិក្សាឲ្យបានស៊ីជម្រៅទៅលើសាសនាអ៊ីស្លាម និងគ្រប់គ្រងសកម្មភាពសាសនាខុសច្បាប់ឱ្យមានប្រសិទ្ធភាព” ។
          យោងតាមទូរទស្សន៍ CCTV លោកបាននិយាយថា “យើងត្រូវតែបង្កើនការយល់ដឹងរបស់យើងអំពីភាពមិនអនុគ្រោះ និងពង្រឹងស្ថិរភាពសង្គមរបស់យើងដែលពិបាកនឹងទទួលយកបាន” ។ “នៅក្នុងដំណើរការនៃទំនើបកម្មតាមបែបចិន យើងនឹងរួបរួមគ្នាកសាង Xinjiang ដ៏ស្រស់ស្អាតមួយនេះ ប្រកបទៅដោយភាពចុះសម្រុងគ្នា មានទ្រព្យសម្បត្តិគ្រប់គ្រាន់ និងវិបុលភាព”។
          ក្នុងនោះផងដែរក្រុមអ្នកស្រាវជ្រាវនៅក្រៅប្រទេស ដែលធ្វើយុទ្ធនាការសិទ្ធិមនុស្ស និងជាសមាជិកនៃជនភៀសខ្លួន Uyghur បានចោទប្រកាន់ប្រទេសចិនថា បានប្រព្រឹត្តិការរំលោភបំពានជាច្រើននៅក្នុង Xinjiang ។ ពួកគេក៏បានរាប់បញ្ចូលទាំងការឃុំខ្លួនជនជាតិមូស្លីមជាងមួយលាននាក់នៅក្នុងបណ្តាញនៃកន្លែងក្រៅច្បាប់ ព្រមទាំងការលាតត្រដាងមួយដែលបង្ហាញថា ពួកគេទាំងនោះត្រូវបានបង្ខំឲ្យធ្វើពលកម្មលើសកម្រឹត ការក្រៀវដោយបង្ខំ និងការប្រកាន់យកនយោបាយ និងការបំផ្លាញទីកន្លែងវប្បធម៌ និងសាសនារបស់ពួកគេ។ 

ចំនែកឯទីក្រុងប៉េកាំងបានច្រានចោលការចោទប្រកាន់នេះយ៉ាងខ្លាំងក្លា ដោយនិយាយថា គ្រឿងបរិក្ខារជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ម័គ្រចិត្ត ដែលមនុស្ស “បានបញ្ចប់ការសិក្សា”។ ខាងចិនបាននិយាយថាការទាមទារនេះ គឺជាផ្នែកមួយនៃផែនការដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីលាបពណ៌ចិននិងទប់ស្កាត់ការរីកចម្រើនរបស់ប្រទេសចិន ដោយព្យាយាមរុញច្រានមកវិញនូវអ្វីដែលខ្លួនចាត់ទុកថាជាការផ្សាយព័ត៌មានអវិជ្ជមានរបស់លោកខាងលិចនៅក្នុង Xinjiang ។
          នៅក្នុងសុន្ទរកថាកាលពីថ្ងៃសៅរ៍ លោក Xi បាននិយាយថា ក្រុមមន្ត្រីត្រូវតែ “ពង្រឹងការផ្សព្វផ្សាយជាវិជ្ជមាន និងបង្ហាញពីបរិយាកាសថ្មីនៃ Xinjiang ដូចជាការបើកចំហ និងបង្ហាញពីទំនុកចិត្តលើខ្លួនឯង។ លោក Xi បាន​និយាយ​ថា តំបន់​នេះ​ក៏​គួរ​តែ​បើក​ចំហ​បន្ថែម​ទៀត​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ស្រុក និង​បរទេសផងដែរ។

 (AFP)

scroll to top