ក្រុមហ៊ុន TOYOTA បានបោះទុនជិត 45 លានដុល្លារ នៅក្នុងវិស័យអាវកាស

ប្រធានផ្នែកអភិវឌ្ឍរបស់  Toyota Motor លោក Akio Toyoda បាននិយាយកាលពីថ្ងៃចន្ទថា បច្ចុប្បន្នក្រុមការងាររបស់លោកកំពុងស្វែងរកការអភិវឌ្ឍន៍ និងការផលិតគ្រាប់រ៉ុក្កែតដើម្បីទៅដល់គន្លងគោចរ។

បើយោងតាមការចុះផ្សាយពី CNBC កាលពីថ្ងៃទី ០៦ ខែមករា បានឲ្យដឹងបន្ថែមថា ក្រុមហ៊ុនផលិតរថយន្តខាងលើបានវិនិយោគទៅលើវិស័យអាវកាស បន្ទាប់ពីមានការសហការជាមួយក្រុមហ៊ុន Interstellar Technologies Inc ដែលជាក្រុមហ៊ុនអាកាសចរណ៍ឯកជនរបស់ជប៉ុន។ ប្រភពដដែលបាននិយាយទៀតថា ការចំណាយទៅលើវិស័យមួយនេះ ក្រុមហ៊ុនToyota Motor បានធ្វើការប៉ានប្រមាណថា វានឹងចំណាយយ៉ាងតិចប្រហែល 45 លានដុល្លារ។

បើយោងតាមការដកស្រង់សម្តីពីលោក Toyoda ដែលជាអតីតនាយកប្រតិបត្តិ និងជាអ្នកជំនាញនៃក្រុមហ៊ុនផលិតរថយន្តបាននិយាយថា ក្រុមហ៊ុន Toyota មិនគួរមាន ក្រុមហ៊ុនរថយន្តតែមួយមុខនោះទេ មានន័យថាលោកចង់ឲ្យក្រុមហ៊ុនរបស់លោក ដូចជាក្រុមហ៊ុនរបស់លោក Elon Musk ដែរ ដោយមានទាំងក្រុមហ៊ុន SpaceX ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាខាងផ្នែកអាវកាសនោះ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Toyota នាពេលនេះគឺកំពុងផ្តោតទៅលើការរុករករ៉ុក្កែត ដើម្បីដាក់ពង្រាយផ្កាយរណបនៅក្នុងគន្លងតារាវិថី មិនត្រឹមតែប៉ុណ្ណោះពួកគេក៏មានផែនការអភិវឌ្ឍរ៉ុក្កែត ZERO និង DECA សម្រាប់ការបញ្ជូនយានអវកាសជាដើម។

តែបើទោះជាយ៉ាងណាក៏ដោយ នៅក្នុងទីផ្សារនៃការបាញ់បង្ហោះរបស់ប្រទេសជប៉ុន ក្រុមហ៊ុន Toyota ក៏មិនមែនមានតែមានក្រុមហ៊ុនជាដៃគូរតែមួយនោះទេ។ យ៉ាងណាមិញ បើយោងតាមប្រភពខាងលើ ការសហការមួយដែលធ្វើឲ្យក្រុមហ៊ុនមួយនេះកាន់តែឆាប់ទទួលបាននូវជោគជ័យ ក្នុងនោះគេមើលឃើញថា ក្រុមហ៊ុន Toyota កំពុងតែព្យាយាមចាប់យកក្រុមហ៊ុន Mitsubishi សម្រាប់ការត្រៀមបាញ់បង្ហោះគ្រាប់រ៉ុក្កែតស៊េរី H3 ថែមទៀតផង។

គួររំលឹកថា ចំពោះការផលិតរ៉ុក្កែត H3 វាក៏ត្រូវបានគេមើលឃើញថា ពួកគេមានបំណងតែមួយមុខគាត់គឺចង់ប្រកួតប្រជែងតម្លៃជាមួយនឹងគ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX ។

ក្រុមហ៊ុន Microsoft គ្រោងនឹងចំណាយជាទឹកប្រាក់ប្រហែល 80 ពាន់លានដុល្លារលើការសាងសង់មជ្ឈមណ្ឌលទិន្នន័យដែលដំណើរការដោយ AI

ក្រុមហ៊ុន Microsoft បានប្រកាសកាលពីថ្ងៃសុក្រថា ក្រុមហ៊ុនរបស់ខ្លួនគ្រោងចំណាយជាទឹកប្រាក់ប្រមាណ 80 ពាន់លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យមួយ ដែលដំណើរការដោយ AI នេះបើយោងតាមការចុះផ្សាយពី CNBC កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥។

បើយោងតាមការរៀបរាប់ពីអនុប្រធានក្រុមហ៊ុនគឺលោក Smith បាននិយាយថា ”សព្វថ្ងៃនេះ សហរដ្ឋអាមេរិកគឺជាប្រទេសមួយដែលកំពុងនាំមុខខ្លាំងជាងគេលើការប្រកួតប្រជែងនូវបច្ចេកវិទ្យាAI អាស្រ័យហេតុនេះហើយទើបលោក Smith បានអំពាវនាវដល់រដ្ឋបាលដែលទើបចូលកាន់តំណែង Donald Trump ឲ្យជួយការពារភាពជាអ្នកដឹកនាំរបស់ប្រទេសមួយនេះ ជាពិសេសគឺក្នុងវិស័យ AI ។

លោក Smith បានលើកឡើងទៀតថា បច្ចុប្បន្នប្រទេសចិនកំពុងចាប់ផ្តើមផ្តល់ជូនដល់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនដោយជាការឧបត្ថម្ភធននូវបន្ទះឈីប ស្របពេលដែលពួកគេកំពុងតែខ្វះខាត។ មិនត្រឹមតែប៉ុណ្ណោះប្រទេសចិនថែមទាំងបានសន្យាជាមួយប្រទេសទាំងនោះទៀតថា ខ្លួននឹងសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI សម្រាប់ជាជំនួយដល់បណ្តាលប្រទេសទាំងនោះផងដែរ។

គួររំលឹកថា ការលើកឡើងរបស់លោក Smith  គឺមិនមែនជាការត្អួញត្អែរអំពីគូរប្រកួតប្រជែងដូចជាចិននោះទេ ផ្ទុយទៅវិញតំណាងក្រុមហ៊ុនបច្ចេកវិទ្យារូបនេះ គឺចង់ប្រកាសអំពីការការពាររបស់ខ្លួនសម្រាប់សហរដ្ឋអាមេរិក ដើម្បីធានាថា ប្រទេសមហាលអំណាចរបស់ខ្លួននឹងឈ្នះការប្រណាំងនាពេលខាងមុខ។ ហេតុដូច្នេះហើយ ប្រសិនបើយើងចង់បន្តខ្លួនក្នុងនាមជាប្រទេសដែលឈានមុខលើបច្ចេកវិទ្យា យើងត្រូវតែមានការអនុវត្តន៍មួយដែលប្រកបដោយប្រសិទ្ធភាព ជាងនេះទៅទៀតគឺដើម្បីលើកកម្ពស់ AI របស់អាមេរិកថា ចំពោះជម្រើសដ៏ល្អបំផុតសម្រាប់ពិភពលោក គឺបង្កើតឡើងដោយសហរដ្ឋអាមេរិក។

លោក ពូទីន៖ ខ្ញុំគួរតែឈ្លានពានអ៊ុយក្រែនឲ្យបានលឿនជាងនេះបន្តិច

ថ្លែងប្រាប់ជនរួមជាតិ នៅក្មុងកម្មវិធីរត់ម៉ារ៉ាតុង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីគួរតែចាប់ផ្តើមការលុកលុយពេញលេញលើអ៊ុយក្រែនឲ្យបានមុននេះ ម្ល៉េះអ្វីៗគ្រប់យ៉ាងវានឹងមិនអូសបន្លាយដូចជាពេលនេះនោះទេ។

នៅក្នុងសន្និសិទសារព័ត៌មានចុងឆ្នាំរបស់លោកពូទីនកាលពីថ្ងៃព្រហស្បតិ៍ វាត្រូវបានក្រុមការងាររបស់ BBC បានដកស្រង់សម្តីទៀតថា លោក ពូទីន បាននិយាយថា ជាមួយនឹងភាពមិនច្បាស់លាស់មួយចំនួនដែលបានកើតឡើងកន្លងមក ជាពិសេសគឺកំហុសឆ្គងរបស់លោក ដែលមិនគួរណាទុកឪកាសឲ្យលុកអ៊ុយក្រែនបែបនេះ។ លោកបាននិយាយបន្តថា  ថ្វីត្បិតតែរុស្ស៊ី​បាន​ដណ្តើម​យកឧបទ្វីប​គ្រីមេ​ពី​អ៊ុយក្រែន​ក្នុង​ឆ្នាំ ២០១៤ ដោយជោគជ័យក៏ដោយ តែកំហុសឆ្គងមួយទៀត លោកគួរតែដណ្តើម​យកទី​ក្រុង​គីវភ្លាមៗនោះដូចគ្នា។

ក្នុងរយៈពេល 4 ម៉ោងនៃការសំណេះសំណាល មេដឹកនាំវិមានក្រឹមឡាំងរូបនេះ បានបន្ថែមទៀតថា ចំពោះការជាប់ឆ្នោតរបស់​លោក Donald Trump វាជារឿងនយោបាយរបស់សហរដ្ឋអាមេរិក ហើយប្រសិនបើអ្នកទាំងអស់គ្នាចង់ដឹងពីជំនួបការទូតដែលនឹងកើតឡើងនាពេលខាងមុខ លោកក៏មិនដឹងថា តើវាកើតឡើងនៅពេលណានោះដែរ។ លោកបានបញ្ជាក់ទៀតថា សម្រាប់លោកផ្ទាល់ លោកមិនដែលបាននិយាយគ្នាជាមួយលោក Trump អស់រយៈពេល 4​ ឆ្នាំមកហើយ។

គួរបញ្ជាក់ថា លោកពូទីន បាននិយាយ ដើម្បីជាការសារទរដល់កងទ័ពជួរមុខរបស់ប្រទេសរុស្ស៊ី ឆ្លៀតក្នុងឪកាសនេះ​លោកសូមលើកទឹកចិត្តការនាំមុខរបសកងទ័ពរបស់លោកថា ពួកគេគឺជា “វីរបុរស”របស់រុស្ស៊ី ។

ប្រទេសសូ​ម៉ា​លី នឹងក្លាយជាម្ចាស់នៃការបាញ់បង្ហោះគ្រាប់រ៉ុក្កែតល្បឿន​លឿន​របស់ទួរគី

ការប្រកួតប្រជែងទៅកាន់លំហរអាកាស វាគឺជាការប្រកួតមួយដែលរាល់បណ្តាលប្រទេសអភិវឌ្ឍទាំងអស់នៅក្នុងពិភពលោក កំពុងតែចង់បង្ហាញពីសមត្ថភាពរបស់ពួកគេ ឲ្យពិភពលោកបានដឹងថា បច្ចេកវិទ្យានៅក្នុងប្រទេសខ្លួនគឺកំពុងតែឈានមុខ។

បើយោងតាមការចុះផ្សាយពី Bloomberg កាលពីថ្ងៃទី ១៩ ខែធ្នូនេះបានឲ្យដឹងថា ប្រទេសសូម៉ាលីនឹងផ្តល់ជាទីតាំងដល់ប្រទេសទួរគីដើម្បីបាញ់បង្ហោះ គ្រាប់រ៉ុក្កែតសាកល្បងមុនពេលចូលប្រកួត។

បើយោងតាមការ​លើក​ឡើង​ពី​ប្រធានាធិបតី​ប្រទេស​សូម៉ាលី លោក Hassan Sheikh Mohamud លោកបានមានប្រសាសន៍ថា ឥឡូវនេះប្រទេសទួរគីកំពុងសាងសង់កន្លែងបាញ់គ្រាប់រ៉ុក្កែតនៅក្នុងប្រទេសខ្លួន ដើម្បីសម្រេចបាននូវមហិច្ឆិតារបស់ពួកគេក្នុងការចូលរួមបង្ហាញពីការអភិវឌ្ឍវិស័យអវកាសដែលពួកគេបានត្រៀមតាំងពីឆ្នាំ2021 មក។

គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះ វាគឺជាផែនការរបស់ទួរគី ដែលចាប់ផ្តើមដំបូងដោយជា ការសាងសង់កំពង់ផែអវកាស និងបច្ចេកវិទ្យាផ្កាយរណប ហើយបន្ទាប់មកក៏សាកល្បងទៅបាញ់ទៅកាន់ឋានព្រះច័ន្ទ។

យើងខ្ញុំសូមបញ្ជាក់សារជាថ្មីថា ទួរគីបានចំណាយ លើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (R&D) លើការរុករក និងការប្រើប្រាស់លំហអាកាសច្រើនជាង 146 ដងទៅទៀតក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ហើយប្រសិនបើយើងបូកការចំណាយទាំងអស់នោះវិញគឺវាមានតម្លៃជាង 4.7 លានដុល្លារកាលពីឆ្នាំ 2013 និង ប្រហែលជា 63 លានដុល្លារក្នុងឆ្នាំ 2023 ។

តែបើទោះជាយ៉ាងណាក៏ដោយ ប្រភពខាងលើបាននិយាយថា ចំពោះផលប្រយោជន៍ដែលប្រទេសសូម៉ាលីទទួលបានពីទួរគីក្នុងការធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ វាអាចមិនមែនជាផលតបស្នងភ្លាមៗនោះទេ វាអាចជាភាគលាភមួយចំនួនប្រសិនបើទួរគីឈ្នះការប្រកួត។

scroll to top