តុលាការអាមេរិកបង្គាប់ឱ្យក្រុមហ៊ុន Meta បង់ប្រាក់ ៥៦៧ លានដុល្លារ ជុំវិញការធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តវ័យជំទង់

សានតា ហ្វេ (Santa Fe)៖ តុលាការរដ្ឋ New Mexico សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានបង្គាប់ឱ្យក្រុមហ៊ុន Meta បង់ប្រាក់ចំនួន ៥៦៧ លានដុល្លារអាមេរិក ចូលទៅក្នុងមូលនិធិសុខភាពផ្លូវចិត្តវ័យជំទង់ និងត្រូវផ្លាស់ប្តូររបៀបដំណើរការបណ្តាញសង្គមរបស់ខ្លួនសម្រាប់អ្នកប្រើប្រាស់វ័យក្មេង បន្ទាប់ពីតុលាការរកឃើញថា ក្រុមហ៊ុនមួយនេះមានកំហុសក្នុងការធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពរបស់កុមារ។

ចៅក្រម Bryan Biedscheid នៅទីក្រុង Santa Fe បានសម្រេចថា ក្រុមហ៊ុន Meta បានបង្កើតផលប៉ះពាល់ជាសាធារណៈនៅក្នុងរដ្ឋ New Mexico ដោយបានយល់ស្របតាមការចោទប្រកាន់របស់អគ្គរដ្ឋអាជ្ញារដ្ឋ លោក Raúl Torrez។ លោក Torrez បានចោទប្រកាន់ក្រុមហ៊ុនបណ្តាញសង្គមយក្សមួយនេះថា បានរចនាផលិតផលដែលធ្វើឱ្យអ្នកប្រើប្រាស់វ័យក្មេង “ញៀន” និងបានបរាជ័យក្នុងការការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទនៅលើផ្លែតហ្វម (Platform) របស់ខ្លួន។

ក្រោមសេចក្តីសម្រេចដែលមានរយៈពេល ៥ ឆ្នាំ ចៅក្រមបានបង្គាប់ឱ្យ Meta អនុវត្តវិធានការសុវត្ថិភាពសម្រាប់យុវជនជាច្រើន រួមមាន៖

  • កំណត់កម្រិតនៃការប្រើប្រាស់ Facebook និង Instagram របស់វ័យជំទង់ប្រចាំខែ
  • រឹតបន្តឹងការជូនដំណឹង (Notifications)
  • គ្រប់គ្រងយ៉ាងម៉ឺងម៉ាត់លើការទំនាក់ទំនងរវាងមនុស្សពេញវ័យ និងអនីតិជន
  • ការពារលើប្រព័ន្ធ AI Chatbots ដើម្បីបង្ការកុំឱ្យកុមារសន្ទនាក្នុងរូបភាពស្នេហា ឬផ្លូវភេទជាមួយ AI
  • បង្កើនការពិនិត្យមើលរបាយការណ៍ស្តីពីការរំលោភបំពានផ្លូវភេទលើកុមារ

សេចក្តីសម្រេចនេះកើតឡើង ៥ ខែ បន្ទាប់ពីគណៈវិនិច្ឆ័យក្នុងរដ្ឋ New Mexico បានបង្គាប់ឱ្យ Meta បង់ប្រាក់ចំនួន ៣៧៥ លានដុល្លាររួចមកហើយ ក្នុងករណីរំលោភច្បាប់ការពារអ្នកប្រើប្រាស់។ បច្ចុប្បន្ន រដ្ឋជាង ៤០ និងមណ្ឌលសិក្សាជាង ១.៣០០ នៅក្នុងសហរដ្ឋអាមេរិក ក៏បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនបណ្តាញសង្គម ដើម្បីទាមទារសំណង និងទាមទារឱ្យមានការផ្លាស់ប្តូរផលិតផល ព្រមទាំងប្រតិបត្តិការដូចគ្នាផងដែរ។

លោក Raúl Torrez អគ្គរដ្ឋអាជ្ញារដ្ឋ New Mexico បានថ្លែងថា Meta បានជ្រើសរើសយកប្រាក់ចំណេញជាជាងសុវត្ថិភាពកុមារ ហើយសេចក្តីសម្រេចនេះគឺជា “ផែនទីចង្អុលផ្លូវ” សម្រាប់រដ្ឋ និងប្រទេសផ្សេងទៀតដែលកំពុងប្រឈមមុខនឹងវិបត្តិដូចគ្នា។

ដោយឡែក ក្រុមហ៊ុន Meta បានបញ្ជាក់ថានឹងប្តឹងតវ៉ាទាស់ទៅនឹងសេចក្តីសម្រេចនេះ ដោយអះអាងថាខ្លួនតែងតែខិតខំលុបបំបាត់មាតិកាគ្រោះថ្នាក់ និងការពារសុវត្ថិភាពវ័យជំទង់នៅលើអ៊ីនធឺណិតជានិច្ច។

ករណីបាញ់ប្រហារយ៉ាងរន្ធត់នៅសាលារៀនក្នុងប្រទេសថៃ៖ មនុស្សយ៉ាងហោចណាស់ ៧ នាក់បានបាត់បង់ជីវិត

ទីក្រុងបាងកក៖ អាជ្ញាធរមូលដ្ឋានប្រទេសថៃបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៧ នាក់បានស្លាប់ និងជាង ១២ នាក់ផ្សេងទៀតបានរងរបួស ក្នុងករណីបាញ់ប្រហារដ៏រន្ធត់មួយ កាលពីព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីសិស្សសាលាម្នាក់បានបាញ់សម្លាប់ជីដូនជីតារបស់ខ្លួននៅឯផ្ទះ រួចបានបន្តទៅបើកការបាញ់ប្រហារនៅក្នុងវិទ្យាល័យមួយ ក្បែររាជធានីបាងកក។

ហេតុការណ៍នេះបានកើតឡើងនៅវិទ្យាល័យ Debsirin Nonthaburi ដែលស្ថិតនៅភាគពាយព្យនៃទីក្រុងបាងកក ហើយបានបញ្ចប់ទៅវិញនៅពេលដែលខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯង។ លោក Polapee Suwunchwee អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានបញ្ជាក់តាមកញ្ចក់ទូរទស្សន៍ថា អ្នកស្លាប់នៅក្នុងបរិវេណសាលាមានចំនួន ៦ នាក់ រួមមានគ្រូបង្រៀន ៥ នាក់ និងខ្លួនខ្មាន់កាំភ្លើងផ្ទាល់ ខណៈដែលជីដូនជីតារបស់គេត្រូវបានបាញ់សម្លាប់នៅឯផ្ទះមុនពេលកើតហេតុ។

វីដេអូដែលត្រូវបានបង្ហោះលើបណ្តាញសង្គមបានបង្ហាញឱ្យឃើញសិស្សសាលាជាច្រើននាក់កំពុងក្រាបពួនក្រោមក្តារខៀន និងតុក្នុងថ្នាក់រៀន ខណៈពេលដែលមានសំឡេងកាំភ្លើងផ្ទុះឡើងយ៉ាងហោចណាស់ ៨ គ្រាប់ក្នុងរយៈពេលត្រឹមតែមួយនាទី។ របាយការណ៍ខ្លះបានឱ្យដឹងថា ខ្មាន់កាំភ្លើងរូបនេះបានបាញ់ប្រហារអស់ប្រមាណ ២៦ គ្រាប់ ដោយប្រើប្រាស់កាំភ្លើងខ្លីស្របច្បាប់របស់ជីតារបស់គេ ដែលជាអតីតគ្រូបង្រៀនរដ្ឋ។

ប្រទេសថៃគឺជាប្រទេសមួយដែលមានអត្រាប្រជាជនកាន់កាប់អាវុធស៊ីវិលខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ករណីបាញ់ប្រហារដ៏រន្ធត់ចុងក្រោយនេះ បានធ្វើឱ្យមានការទាមទារកាន់តែខ្លាំងឡើងពីសាធារណជន ឱ្យមានការរឹតបន្តឹងច្បាប់គ្រប់គ្រងអាវុធកាំភ្លើងនៅក្នុងប្រទេស បន្ទាប់ពីធ្លាប់មានករណីបាញ់ប្រហារជាបន្តបន្ទាប់នាពេលកន្លងមក ដូចជាករណីអតីតប៉ូលីសបាញ់ប្រហារនៅមណ្ឌលកុមារតូចក្នុងឆ្នាំ ២០២២, ករណីក្មេងវ័យ ១៤ ឆ្នាំបាញ់ប្រហារនៅផ្សារទំនើបក្នុងឆ្នាំ ២០២៣ និងករណីបាញ់ប្រហារនៅទីផ្សារក្នុងទីក្រុងបាងកកកាលពីឆ្នាំមុន។

ជើងហោះហើរប្រហែល ៥០០ ជើងត្រូវបានផ្អាក និងលុបចោល ខណៈព្យុះទីហ្វុងដូហ្វីនខិតជិតមកដល់

មនុស្សរាប់សែននាក់នៅភាគនិរតីនៃប្រទេសជប៉ុនត្រូវបានអាជ្ញាធរជំរុញ និងបញ្ជាឱ្យជម្លៀសខ្លួនជាបន្ទាន់ ហើយជើងហោះហើរជាង ៥០០ ត្រូវបានលុបចោលកាលពីថ្ងៃសុក្រ ខណៈដែលព្យុះទីហ្វុង Dolphin (ដូហ្វ៊ីន) កំពុងរំកិលខ្លួនយ៉ាងយឺតៗចូលមកជិតតំបន់នេះ ដោយនាំមកជាមួយនូវខ្យល់បក់បោកយ៉ាងខ្លាំង មេឃភ្លៀងធ្លាក់រហូតដល់កម្រិតធ្ងន់ធ្ងរ និងរលកសមុទ្រធំៗ។

នាយកដ្ឋានឧតុនិយមជប៉ុន (JMA) បានឱ្យដឹងថា ព្យុះទីហ្វុងកម្រិតទី ១ នេះ មានល្បឿនខ្យល់បក់អតិបរមា ១៤៤ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានខ្យល់កន្ត្រាក់ខ្លាំងរហូតដល់ ១៩៨ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបាន និងកំពុងខិតជិតប្រជុំកោះចន្លោះតំបន់ Kyushu និងខេត្ត Okinawa។ អាជ្ញាធរបានចេញបញ្ជាឱ្យជម្លៀសប្រជាជនជិត ២៦០,០០០ នាក់នៅក្នុងខេត្ត Kagoshima និងខេត្ត Okinawa។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនផលិតរថយន្ត Toyota បានសម្រេចផ្អាកសង្វាក់ផលិតកម្មនៅរោងចក្រចំនួន ៩ ក្នុងប្រទេសជប៉ុន ដោយសារការព្រួយបារម្ភពីការរំខានដល់ការដឹកជញ្ជូនរថយន្តតាមផ្លូវសមុទ្រ។

អាជ្ញាធរបានព្រមានថា ព្យុះទីហ្វុង Dolphin ត្រូវបានរំពឹងថានឹងរក្សាកម្លាំងដដែលនៅពេលវារំកិលចូលជិតខេត្ត Okinawa ដែលបង្កឱ្យមានហានិភ័យនៃខ្យល់បក់ខ្លាំង អាចបំផ្លាញ ឬរលំផ្ទះសម្បែង និងសំណង់ផ្សេងៗ។ នាយកដ្ឋានឧតុនិយមក៏បានបន្ថែមថា បាតុភូត “ខ្សែបន្ទាត់ភ្លៀង” (Linear rain band) ឬតំបន់ចង្អៀតនៃភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះ អាចនឹងកើតមានឡើង ដែលអាចបង្កឱ្យមានគ្រោះទឹកជំនន់ភ្លាមៗផងដែរ។

លើសពីនេះ ព្យុះដ៏ធំមួយនេះបានគ្របដណ្តប់ភាគច្រើននៃកោះ Kyushu ដែលជាកោះធំនៅភាគខាងត្បូង រួមទាំងខេត្ត Kumamoto ផងដែរ។ តំបន់ Kumamoto នេះទើបតែរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រ កាលពីសប្តាហ៍មុន ដោយបច្ចុប្បន្នមានប្រជាពលរដ្ឋប្រមាណ ៦,៧០០ នាក់កំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀសខ្លួន បន្ទាប់ពីផ្ទះសម្បែងជាច្រើនបានបាក់រលំ។ ក្រៅពីគំរាមកំហែងនៃព្យុះ ភ្នាក់ងារឧតុនិយមក៏បានព្រមានអំពីហានិភ័យនៃជំងឺស៊កកំដៅ (Heatstroke) ដោយសារសីតុណ្ហភាពអាចកើនឡើងរហូតដល់ ៣៦ អង្សាសេនៅតំបន់មួយចំនួន។

ពិធីស្វាគមន៍ប្រធានាធិបតីបារាំង Macron នៅទីក្រុងហាណូយ

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron និងភរិយា ទៅកាន់វៀតណាម កាលពីថ្ងៃទី 26 ខែមិថុនា វាគឺជាលើកដំបូងហើយ ប្រសិនបើយើងគិតចាប់តាំងពីលោកឡើងកាន់តំណែងក្នុងឆ្នាំ 2017 ហើយត្រូវបានជាប់ឆ្នោតឡើងវិញនៅឆ្នាំ 2022 កន្លងមក។

នៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិស័យពាណិជ្ជកម្ម វៀតណាមបានក្លាយទៅជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ទៅហើយនៅក្នុងអ៊ឺរ៉ុប។ យ៉ាងណាមិញ ប្រសិនបើយើងក្រឡែកទៅមើលទំហំពាណិជ្ជកម្មដែលវៀតណាមទទួលបានពីប្រទេសបារាំងវិញនោះ ខាងកាសែត VNS បានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរបានឈានដល់ 5.33 ពាន់លានដុល្លារកាលពីក្នុងឆ្នាំ 2022 ហើយបន្ទាប់មកក៏ឡើង 5.42 ពាន់លានក្នុងឆ្នាំ 2024 ហើយចុងក្រោយនេះ ប្រមាណ 1.79​ ពាន់លានដុល្លារដោយគិតត្រឹមរយៈពេល 4 ខែដំបូងនៃឆ្នាំ 2025។

យ៉ាងណាមិញ ចំពោះការមកដល់របស់លោក Macron  នៅក្នុងប្រទេសវៀតណាមលើកនេះផងដែរ វាត្រូវបានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Đinh Toàn Thắng បាននិយាយថា បារាំងមានគោលបំណងចង់ផ្លាស់ប្តូរគំនិត និងចំណេះដឹងលើប្រព័ន្ធឌីជីថលជាមួយវៀតណាម ហើយវាក៏ជាអាទិភាពយុទ្ធសាស្ត្រមួយសម្រាប់វៀតណាមផងដែរ ដើម្បីអាចជួយដល់សមត្ថភាពស្រាវជ្រាវវិទ្យាសាស្ត្រ ដែលជាគ្រឹៈមួយជួយឲ្យពួកគេអាចក្លាយជាប្រទេសមួយដែលនាំមុខក្នុងការច្នៃប្រឌិត។

scroll to top