ស្ថាបនិករបស់ Binance ត្រូវបានគេកាត់ទោសឱ្យជាប់គុក 4 ខែ

លោក Changpeng Zhao ដែលជាស្ថាបនិកនៃដោះដូររូបិយប័ណ្ណគ្រីបតូ ដ៏ឈានមុខនៅក្នុងពិភពលោក តែត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 4 ខែកាលពីថ្ងៃអង្គារ៍ គឺបន្ទាប់ពីលោក បានសារភាពកំហុសកាលពីឆ្នាំមុនថា លោកបានបរាជ័យក្នុងការទប់ស្កាត់ការលាងលុយនៅប្រព័ន្ធជួញដូរប្រាក់អេឡិចត្រូនិចរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៤។

ប្រសិនបើអ្នកគឺជាមនុស្សម្នាក់ដែលស្គាល់នូវនិយមន័យនៃប្រាក់អេឡិចត្រូនិច នោះលោកអ្នកប្រាកដជាស្គាល់ថា Binance នោះគឺជាអ្វី?

Binance គឺជាក្រុមហ៊ុនសកលមួយ ដែលធ្វើដំណើរការ ក្នុងការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតនៅក្នុងពិភពលោក។ Binance ដំបូងឡើយវាមានមូលដ្ឋានស្ថិតនៅក្នុងប្រទេសចិន បន្ទាប់មកវាក៏បានផ្លាស់ទីទៅកាន់ប្រទេសជប៉ុនភ្លាមៗ មុនពេលដែលរដ្ឋាភិបាលចិនបានដាក់កម្រិតលើក្រុមហ៊ុនរូបិយប័ណ្ណគ្រីបតូ។ Binance ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2017 ដោយ លោក Changpeng Zhao ។

គួររំលឹកថា មុនពេលសវនា ធ្វើការកាត់ទោសកាលពីថ្ងៃអង្គារ លោក Zhao ក៏ធ្លាប់បានសុំទោសចំពោះកំហុសដែលគាត់បានធ្វើខុសផងដែរ គឺក្នុងនាមជានាយកប្រតិបត្តិនៃ Binance ដោយលោកបាននិយាយថា វាគឺជាការធ្វេសប្រហែសរបស់លោកថែមទៀតផង។

លោក Zhao ​បាន​និយាយ​ក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​ចៅក្រម​ថា៖ «ពាក្យដែលលោក​ចង់និយាយគឹលោកមិន​អាច​ពន្យល់ឲ្យអស់សេចក្តី ព្រោះ​ថារូបលោកផ្ទាល់គឺពិតជាមានភាព​សោកស្ដាយ​ខ្លាំងណាស់​ចំពោះ​ជម្រើស​របស់​ខ្ញុំ​ ហើយទីបំផុតវាក៏នាំ​ឲ្យរូប​ខ្ញុំឈានទៅដល់ការកាត់ក្តី​នៅ​ចំពោះ​មុខ​តុលាការ» លោកបាននិយាយទៀតថា  “ខ្ញុំសូមធានាថា ខ្ញុំនឹងមិនធ្វើឲ្យមានរឿងបែបនេះកើតឡើងម្តងទៀតនោះឡើយ។

បើទោះបីជានាយកប្រតិបត្តិបានទទួលនូវកំហុស ដោយជាប់គុកចំនួន ៤ ខែក៏ពិតមែន តែសម្រាប់ក្រុមហ៊ុន Binance ក៏នៅតែបង់ប្រាក់ពិន័យជាង 4 ពាន់លានដុល្លារ និងការពិន័យផ្សេងៗជាទៀត ដែលជាផ្នែកមួយនៃ ដំណោះស្រាយសម្របសម្រួល ជាមួយរដ្ឋាភិបាលសហព័ន្ធដដែល។

 ក្រុមហ៊ុនបានទទួលស្គាល់ទៀតថា ខ្លួនគឺមានកតាព្វកិច្ចចូលរួមក្នុងធ្វើសកម្មភាពប្រឆាំងការលាងលុយកខ្វក់ ឬការបញ្ជូនលុយដែលគ្មានអាជ្ញាប័ណ្ណ និងការបំពានទណ្ឌកម្មជាដើម។

យ៉ាងណាមិញ សម្រាប់លោក Zhao ដែលមានសញ្ជាតិដើមជាជនជាតិចិនរូបនេះ គឺបានប្រមូលប្រាក់ពីការធ្វើអាជីវកម្មលើជួញដូរប្រាក់អេឡិចត្រូនិច គឺបានរហូតដល់ទៅជិត 40 ពាន់លានដុល្លារឯណោះ នេះបើយោងតាមការរាយការណ៍ពី ​​Bloomberg។

 បន្ទាប់ពីការស៊ើបអង្កេតរយៈពេលជាច្រើនឆ្នាំ អាជ្ញាធរសហរដ្ឋអាមេរិកនៅក្នុងខែវិច្ឆិកាបាននិយាយថា Binance ដែលជាការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោកបានអនុញ្ញាតឱ្យមានជនសង្គមងងឹតមិនតិចនោះទេ ដោយពួកគេបានបើកដំណើរការប្រតិបត្តិការផ្ទេរប្រាក់ ឬចាយប្រាក់តាមប្រព័ន្ធមួយនេះជាហូរហែរ ហើយជាពិសេសជាងនេះទៅទៀតនោះ ភាគច្រើននៃពួកគេទាំងនោះគឺបានចំណូលមកពី ការរំលោភបំពានផ្លូវភេទលើកុមារ ការលក់គ្រឿងញៀន និងការធ្វើហិរញ្ញប្បទានភេរវកម្មថែមទៀតផង។

ជាសរុបការវិនិយោគិន និងការធ្វើអាជីវកម្មលើ Crypto វាមិនមែនជារឿងមួយដែលល្អនោះទេ។ ព្រោះថាឧស្សាហកម្មបែបនេះ វាត្រូវបានគេចាត់ទុកថា វាគឺជាប្រព័ន្ធហិរញ្ញវត្ថុសម្រាប់ឧក្រិដ្ឋជន និងឈានទៅរកការដំណើរការនៃភេរវកម្មផងដែរ។

ដូច្នេះរាល់ការជួញដូរ តាមប្រព័ន្ធប្តូរប្រាក់ ឬផ្ទេរប្រាក់អ្នកត្រូវប្រាកដថា វាគឺជាប្រាក់ដែលស្អាតស្អំ ហើយអ្នកក៏ត្រូវតែហ៊ានបង្ហាញពីភាពត្រឹមត្រូវរបស់អ្នកតាមរយៈការធ្វើសកម្មភាពនៅក្នុងធនាគារ។

ក្រុមហ៊ុន Apple  បានត្រៀមចំណាយប្រមាណ110 ពាន់លានដុល្លារ ដើម្បីទិញយកភាគហ៊ុនរបស់ខ្លួនត្រឡប់មកវិញ

នៅក្នុងទម្រង់នៃការផ្លាស់ប្តូរ ដែលគេជឿជាក់ថា វាគឺជាទង្វេលដែលសក្តិសមបំផុតក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក។

បើយោងតាមការចុះផ្សាយពី Bloomberg កាលពីថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៤ បានឲ្យដឹងថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនApple Inc. បានអនុម័តលើការទិញយកភាគហ៊ុនត្រឡប់មកវិញក្នុងចំនួនជាទឹកប្រាក់ប្រមាណ 110 ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះ។

ប្រសិនបើយើងក្រឡែកទៅមើល ការដឹកនាំរបស់នាយកប្រតិបត្តិរបស់ Apple វាហាក់ដូចជាស្រដៀងទៅនឹងកំណែទម្រង់របស់ស្ថាបនិក Alibaba លោក Jack Ma​ ដូច្នោះដែរ។ ដូចដែលសារព័ត៌មានរបស់យើងខ្ញុំចុះផ្សាយកាលពីថ្ងៃទី ០៤ ខែមេសា បាននិយាយថា លោក  Jack Ma​ បានប្រកាសទិញភាគហ៊ុនរបស់ខ្លួនដែលនៅសហរដ្ឋអាមេរិកទាំងអស់ត្រឡប់មកវិញ ដើម្បីឲ្យភាគហ៊ុនរបស់ខ្លួនមានតម្លៃឡើងវិញ។

បើទោះជាយ៉ាងណាក៏ដោយ វាគ្រាន់តែជាការអារម្មណ៍ពីក្រុមអ្នកសារព័ត៌មានតែប៉ុណ្ណោះ ផ្ទុយទៅវិញបើយោងតាមការរៀបរាប់ពីលោក Steve Sosnick ដែលប្រធានអ្នកយុទ្ធសាស្រ្តនៅ Interactive Brokers LLC លោកបានលើកឡើងថា ការប្រកាសទិញរបស់ Apple វាគឺជាចំនួនមួយដែលច្រើនលើសលប់ យើងអាចនិយាយបានថា វាគឺជាចំនួនដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតសម្រាប់ប្រវត្តិសាស្ត្ររបស់អាមេរិក។

លោកបាននិយាយបន្តទៀតថា  “ក្រុមហ៊ុន Apple ប្រហែលជាកំពុងទទួលស្គាល់ថា ពួកគេកំពុងក្លាយជាម្ចាស់ភាគហ៊ុនដែលមានទំនួលខុសត្រូវខ្ពស់ ដោយពួកគេចង់ឲ្យម្ចាស់ភាគហ៊ុនទាំងអស់បានដឹងថា ភាគហ៊ុនរបស់ Apple គឺពិតជាមានតម្លៃខ្ពស់ ហើយក៏ជាក្រុមហ៊ុនដែលមានសមត្ថភាពខ្ពស់ ដោយសារតែពួកគេអាចពង្រីកទីផ្សារបស់ខ្លួនបានយ៉ាងល្អប្រសើ គឺមិនចាំបាច់ពឹងផ្អែកលើការបណ្តាក់ទុនរបស់នរណាម្នាក់ឡើយ។

ក្រុមហ៊ុន Apple ត្រូវបានអ្នកជំនាញរបស់ Bloomberg បានធ្វើការវាយតម្លៃទៀតថា ក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិកមួយនេះ គឺ​ជាក្រុមហ៊ុនដែលមានការ​ទទួល​ខុស​ត្រូវខ្ពស់ ជាពិសេសគឺ​លើ​ការ​ប្រកាស​ទិញយក​ភាគត្រឡប់មកវិញ ដោយក្នុងនោះអ្នកជំនាញបានមើលឃើញទៀតថា Apple គឺជាអ្នកដែលហ៊ានទិញ​ហ៊ុនមកវិញ​ធំ​ជាង​គេបំផុតក្នុងចំណោមក្រុមហ៊ុន​ធំៗទាំង 10 របស់​អាមេរិកថែមទៀតផង។

ក្រុមហ៊ុន Apple ក៏ត្រូវបានគេរាយការណ៍ពីលទ្ធផលប្រចាំត្រីមាសក្រោយទីផ្សារកាលពីថ្ងៃព្រហស្បតិ៍នេះទៀតថា អ្វីៗគ្រប់យ៉ាងគឺសុទ្ធតែលើសពីការរំពឹងទុករបស់វិនិយោគិន។ ក្រុមហ៊ុនបានបង្ហោះពីការលក់របស់ខ្លួន ដែលបង្ហាញថា វាគឺជាសញ្ញាវិជ្ជមាន ជារួមគឺវាមានលក្ខណៈល្អប្រសើរជាងការប៉ាន់ប្រមាណ។

Apple មិនត្រឹមតែធ្វើឲ្យម្ចាស់ភាគហ៊ុនទាំងអស់សប្បាយចិត្តជាមួយនឹងកំណើននៃប្រាក់ចំណូលនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ តែ Apple ក៏​បាន​ដំឡើង​ភាគលាភ​ប្រចាំ​ត្រីមាស​របស់​ខ្លួន​សម្រាប់​ឆ្នាំ​ទី​ដប់ពីរថែមទៀតផង។

គួរបញ្ជាក់ថា នៅក្នុងការជួញដូរចុងក្រោយនៃទីផ្សាភាគហ៊ុន Bloomberg បានរាយការណ៍បន្តថា ភាគហ៊ុនរបស់Appleបានកើនឡើងរហូតដល់ទៅ 7.9% ហើយការកើនឡើងនេះ វាក៏ជាសញ្ញាដែលបង្ហាញឲ្យយើងដឹងថា វាគឺជាការត្រលប់មកវិញដើម្បីជាការស្វាគមន៍សម្រាប់វិនិយោគិន Apple ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានពន្យារពេលក្នុងការបង្ហាញនូវអ្វីដែលជាភាពអស្ចារ្យរបស់ខ្លួននៅក្នុងឆ្នាំនេះផងដែរ។

មហាសេដ្ឋីជនជាតិអូស្ត្រាលីបាននិយាយថា​ លោកមានគម្រោងចង់សាងសង់ កប៉ាល់ Titanic II

អស់រយៈពេលជាងមួយទសវត្សរ៍កន្លងមកហើយ ដែលមហាសេដ្ឋីជនជាតិអូស្ត្រាលី Clive Palmer ចង់រៀបចំផែនការក្នុងការសាងសង់ Titanic II ដោយលោកបានបញ្ជាក់ថា កប៉ាល់ Titanic II វាគឺជាការចម្លងឡើងមកវិញនៃកប៉ាល់អកុសលមួយគ្រឿងដែលបានលិចលង់កាលពីឆ្នាំ 1912 ដែលកាលនោះគឺមានមនុស្សប្រមាណជាង 2,200 នាក់បានបាត់បង់ជីវិត។

ច្រើនជាង​មួយ​សតវត្សទៅហើយ គឺ​បន្ទាប់​ពី​កប៉ាល់​ទីតានិក​បានលិចក្នុងបាតសមុទ្រ តែក្នុងនោះមនុស្សជាច្រើននៅក្នុងពិភពលោកក៏មិនបានបំភ្លេចនៅហេតុការដែលបានកើតនាពេលនោះដែរ។ សោកនាដកម្មដ៏គួរឲ្យសង្វែក វាបានធ្វើឲ្យខ្សែភាពយន្តដែលមានចំណងជើងថា  “Titanic” បានឈ្នះនូវពានរង្វាន់អូស្ការកាលពីឆ្នាំ 1997 ថែមទៀតផង។ ការដឹកនាំសម្តែងដោយលោក James Cameron និងសម្តែងដោយ Leonardo DiCaprio និង Kate Winslet ត្រូវបានគេសង្កេតឃើញទៀតថា រឿង “Titanic” វានៅតែជាខ្សែភាពយន្តមួយ ដែលមានមនុស្សតែងតែទស្សនាមិនចេះជិនណាយ ទាំងការច្រៀងតាមបទចម្រៀងនៅក្នុងរឿង ឬក៏ជាការថតរូបបែបគូរស្នេហ៍នៅលើកប៉ាល់ ដែលយើងស្គាល់យ៉ាងច្បាស់ថា គឺជាការត្រាបតាមតួរឯកស្រី Rose និង លោកJack។

បន្ទាប់ពីកប៉ាល់ Titanic បានកប់យ៉ាងជ្រៅនៅបាតសមុទ្រអស់រយៈច្រើនជាង ១០០ ឆ្នាំ។ តើអ្នកមានចាំទេថា  បេសកកម្មមួយដែលការចុះទៅទស្សនា កប៉ាល់ Titanic ពីខែមិថុនាឆ្នាំមុន គឺមានអ្នកដំណើរចំនួន 5 នាក់បានបាត់បង់ជីវិតទាំងអស់ គឺនៅក្នុង នាវាមុជទឹក Titan ។ សោកនាដកម្ម នៅពេលនោះ វាក៏បង្កើតជាការចងចាំដ៏ក្រក់មួយម្តងទៀតហើយ ដែលធ្វើឲ្យមានមនុស្សជាច្រើនមានភាពភ័យខ្លាចចំពោះដំណើរកំសាន្ត ដែលមានលក្ខណៈប្រថុយប្រថានបែបនេះណាស់។

 យ៉ាងចំពោះទស្សនៈក្នុងការបង្កើតឲ្យមានកប៉ាល់ Titanic សារជាថ្មីម្តងទៀត វាក៏បានធ្វើឲ្យក្រុមការរបស់ CNN មានការងឿយឆ្ងល់ដូចគ្នាដែរ។ តើលោក Clive Palmer មានគោលបំណងអ្វី?

បើយោងទៅតាមការរៀបរាប់ពីលោក Clive Palmer បាននិយាយ​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងមួយ​ស្រុក​ថា “ការបង្កើតឲ្យមាន​កប៉ាល់ Titanic ទី២ វាគឺជារឿងមួយដែលលោកពេញចិត្តជាយូមកហើយ ហើយវាក៏ជាក្តីសុខរបស់លោកផងដែរ បើធៀបនិង​ការ​អង្គុយ​មួយកន្លែង ដោយរង់ចាំ​រាប់តែ​លុយនោះ”។

គួរបញ្ជាក់ថា លោក Clive Palmer គាត់គឺជាមហាលសេដ្ឋរបស់អូស្ត្រាលីមួយរូប ដែលមានមុខរបរជាច្រើននៅក្នុងដៃ តែអ្វីដែលធ្វើឲ្យលោកបានក្លាយទៅជាមហាលសេដ្ឋីនោះ ក៏ព្រោះតែលោកជាម្ចាស់អាជីវកម្មរុករករ៉ែមួយដែលធំជាងគេបំផុតនៅក្នុងអូស្ត្រាលី។

លោក Clive Palmer​ បាននិយាយបន្តថា លោកតែងតែមាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ចងចាំនៃរឿងរ៉ាវដែលបានកើតឡើងចំពោះកប៉ាល់​ទីតានិច។ លោកបាននិយាយបន្តទៀតថា លោកបានចាប់ផ្តើមផែនការដំបូងសម្រាប់ការសាងសង់កប៉ាល់ Titanic II តាំងពីក្នុងឆ្នាំ 2012 តែក៏ត្រូវពន្យាពេលរហូតដល់ 2018 ប៉ុន្តែផែនការត្រូវជាប់គាំងសារជាថ្មី ក៏ព្រោះតែការរីករាលដាលនៃ Covid 19 ។

នៅពេលនេះ អ្វីដែលជាក្តីស្រម៉ៃរបស់លោកយ៉ាងពិតប្រាកដ គឺលោកចង់ឲ្យសុបិនរបស់លោកបានក្លាយជាការពិត គឺជាមួយនឹងការបង្កើតកប៉ាល់ទីតានិកដែលមានភាពទាក់ទាញជាងគេបំផុត ហើយវាក៏ជាទស្សនៈវិស័យរបស់លោកផងដែរ ដោយលោកចង់ចាយប្រាក់ដែលលោកបានរកមកធ្វើអ្វីដែលខ្លួនពេញចិត្ត ការដែលមានកប៉ាល់ផ្ទាល់ខ្លួនដ៏ស្រស់ស្អាត និងមានភាពចម្លែកនោះ វាគឺជារឿងធម្មតាទៅហើយសម្រាប់អ្នកមានលុយ។

លោក Clive Palmer​ ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Blue Star Line សូមប្រកាសថា លោកនិងធ្វើឲ្យកប៉ាល់Titanic ឲ្យរស់ឡើងមកវិញ។

យើងខ្ញុំសូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន Blue Star Line កំពុងតែដាក់សំណើ និងផែនការដើម្បីបញ្ជាក់ពីការសាងសង់កប៉ាល់នៅចុងឆ្នាំនេះ ហើយចំពោះការសាងសង់វិញនឹងចាប់ផ្តើមយ៉ាងយូបំផុតគឺនៅត្រីមាសទីមួយនៃឆ្នាំ 2025។

ក្រុមការងាររបស់ CNN បានរាយការណ៍បន្តថា កប៉ាល់ Titanic II ដែលលោក Clive Palmer ចង់បានគឺវាត្រូវតែមានប្រវែងយ៉ាងតិច 269 ម៉ែត្រ (833 ហ្វីត) និងទទឹង 32.2 ម៉ែត្រ (105 ហ្វីត) និងមានសមត្ថភាពផ្ទុកអ្នកដំណើរបានរហូតដល់ 2,345 ជាមួយនឹងកាប៊ីនយ៉ាងតិច 835 ។ ប្រភពដដែលបានរាយការណ៍ទៀតថា ក្នុងចំណោមសរុបនៃចំនួនអ្នកធ្វើដំណើរ ឥឡូវនេះគឺមានមនុស្សស្ទើរតែពាក់កណ្តាលទៅហើយ ដែលត្រូវបានគេដឹងថា មនុស្សទាំងអស់នោះបានប្រុងប្រៀបដើម្បីធ្វើដំណើរលើកដំបូងជាមួយនិងមហាលសេដ្ឋីរូបនេះ។

មហាសេដ្ឋីឥណ្ឌា ៖ កំពុងសាងសង់រោងចក្រថាមពលបៃតងដែលធំជាងគេបំផុតនៅក្នុងពិភពលោក

មហាសេដ្ឋីជនជាតិឥណ្ឌាម្នាក់ ដែលមានឈ្មោះថា Sagar Adani បាននិយាយប្រាប់អ្នកយកព័ត៌មានរបស់ CNN កាលពីសប្តាហ៍មុនថា ក្រុមហ៊ុនរបស់លោកកំពុងតែរៀបចំក្នុងការបំប្លែងវាលខ្សាច់អំបិលដែលស្ងួតហួតហែងមួយកន្លែង ដែលមានទីតាំងស្ថិតភាគខាងលិចប្រទេសឥណ្ឌា។ លោកបានបន្តថា  ដើម្បីឲ្យវាលខ្សាច់មួយនេះទទួលបាននូវការអភិវឌ្ឍ លោកក៏សម្រេចចិត្តថា លោកនឹងកែច្នៃតំបន់មួយនេះឲ្យក្លាយទៅជារោងចក្រថាមពលដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ លោកបានមានប្រសាសន៍ទៀតថា ប្រសិនបើយើងនិយាយពីទំហំនៃរោងចក្រមួយនេះវិញ គឺលោកពិបាកនឹងនិយាយប្រាប់ពីចំនួនផ្ទៃសរុបឲ្យបានក្បោះក្បាយខ្លាំងណាស់ ប៉ុន្តែអ្នកអាចក្រឡេកទៅមើលទីក្រុងប៉ារីសរបស់ប្រទេសបារាំងថា តើវាមានទំហំធំប៉ុណ្ណា នោះអ្នកប្រាកដជាអាចសន្មត់បានថា ចុះបើវាស្មើរនឹងទីក្រុងប៉ារីស ៥ដង វិញនោះ តើផ្ទៃសរុបស្មើនឹងប៉ុណ្ណា?   

គួរបញ្ជាក់ថា លោក Sagar Adani គាត់គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន Adani Green Energy Limited (AGEL) ដែលជាទូទៅគេតែងហៅក្រុមហ៊ុននេះថា ជាក្រុមហ៊ុនថាមពលបៃតង។ Adani Green Energy គឺជាក្រុមហ៊ុនកកើតឡើងវិញដ៏ធំបំផុតនៅក្នុងប្រទេសឥណ្ឌា ដែលជាមធម្យរោងចក្រមួយនេះអាចផលិតថាមពលបានរហូតដល់ 20,434 MW ។

 នៅក្នុងទស្សនៈវិស័យរបស់លោក Sagar Adani លោកគឺជាអ្នកជំនួញម្នាក់ ដែលតែងតែគិតគូរលើប្រទេសជាតិរបស់លោកជាចម្បង។ លោក Adani បានបង្កើតរោងចក្រថាមពលបៃតងឡើង ក្នុងគោលបំណងធំៗចំនួនពីរជាពិសេស ទី១ គឺដើម្បីស្វែងរកប្រាក់ចំណូល ហើយជំនួញមួយនេះ វាក៏បានជួយអភិវឌ្ឍទៅលើដីដែលមិនអំណោយផលលើផលកសិកម្មផងដែរ ជាពិសេសគឺលោកអាចជួយប្រជាជនរបស់លោកឲ្យមានការងារធ្វើ។ ទីពីរ គឺលោក បានយកធនធានធម្មជាតិដែលមានស្រាប់យកទៅប្រើប្រាស់ឲ្យអស់ពីលទ្ធភាព។ តួយ៉ាងដូចជាការធ្វើប្រតិបត្តិការ និងថែរក្សាគម្រោងថាមពលអគ្គិសនីដោយយកពីថាមពលពន្លឺព្រះអាទិត្យ និងកសិដ្ឋានខ្យល់យកមកធ្វើជាវត្ថុធាតុដើម។ ម្យ៉ាងទៀតចំពោះអគ្គិសនីមួយនេះផងដែរ លោកក៏បានយកវាទៅផ្គត់ផ្គង់ដល់អង្គភាពរដ្ឋាភិបាលកណ្តាល និងរដ្ឋ ក៏ដូចជាសាជីវកម្មផ្សេងៗជាច្រើនទៀតក្នុងតម្លៃមួយដែលទាបបំផុត គឺដើម្បីជាការឆ្លើយតប និងការគាំទ្រដល់រាជរដ្ឋាភិបាល។

លោក Sagar Adani គាត់ត្រូវបានក្រុមការងាររបស់ CNN រាយករណ៍ទៀតថា គាត់គឺជាក្មួយប្រុសបង្កើតរបស់លោក Gautam Adani ដែលជាមហាសេដ្ឋីលំដាប់ទីពីរនៅក្នុងអាស៊ី ដោយលោកមានទ្រព្យសម្បត្តិសុទ្ធប្រមាណ 100 ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ប្រភពមួយនេះបានឲ្យដឹងទៀតថា ដោយសារតែលោក Gautam Adani គាត់គឺជាមនុស្សម្នាក់ដែលមានភាពស្និទ្ធស្នាលជាមួយនិង នាយករដ្ឋមន្ត្រីឥណ្ឌាខ្លាំងជាងគេ ហេតុដូច្នេះហើយ ទើបគេសង្កេតឃើញថា រាល់ជំនួញធំៗជាច្រើនដូចជា ការនាំចេញនិងចូលនូវធ្យូងថ្មដ៏ធំបំផុតរបស់ឥណ្ឌា ក៏ដូចជាអ្នករុករករ៉ែដែលនាំមុខគេ ទាំងរោងចក្រថាមពលកំដៅ សូម្បីតែក្រុមហ៊ុនដែលជាប្រព័ន្ធផ្សព្វផ្សាយ និងក្រុមហ៊ុនផលិតស៊ីម៉ងត៍ វាសុទ្ធសឹងតែជាក្រុមហ៊ុនរបស់រង្សត្រកូល Adani ស្ទើរទាំងស្រុង។

យ៉ាងណាមិញ ប្រសិនបើយើងនិយាយតែលើគម្រោងនៃការសាងសង់រោងចក្រថាមពលបៃតងដែលធំជាងគេនៅក្នុងពិភពលោកនាពេលខាងមុខ ក្រុមការងាររបស់ CNN បាននិយាយថា គម្រោងវិនិយោគមួយនេះ និងត្រូវការចំណាយប្រហែលជា 100 ពាន់លានដុល្លារ។ ហើយប្រសិនបើយើងនិយាយពីចំណុចស្នូលនៃថាមពលស្អាតរបស់ Adani Group វិញ គឺវាបានកើតឡើងនៅពេលដែល ពិភពលោកបានទទួលរងនូវអាកាសធាតុក្តៅខុសពីធម្មតា។  ហេតុដូច្នេះហើយទើបលោក នាយករដ្ឋមន្ត្រី Narendra Modi បានសន្យាថា នៅថ្ងៃខាងមុខ ពួកយើងនឹងមានប្រភពដែលអាចកើតឡើងវិញ។ ហើយនៅពេលនោះថាមពលព្រះអាទិត្យ និងថាមពលខ្យល់ គឺវានលទ្ធភាពក្នុងការជួយបំពេញតម្រូវការថាមពលឲ្យយើងយ៉ាងតិចក៏ 50% បន្ថែមទៀត ខណៈដែលប្រជាជនរបស់យើងប្រមាណ1.4 ពាន់លាននាក់កំពុងតែត្រូវការវាជាចាំបាច់។

រដ្ឋាភិបាលប្រទេសឥណ្ឌាបានកំណត់ទៀតថា រោងចក្រថាមពលបៃតងមួយនេះ ត្រូវតែបំពេញឲ្យបាននូវគោលដៅយ៉ាងតិច 500 gigawatts (GW) នៃសមត្ថភាពផលិតថាមពលអគ្គីសនី នៅក្នុងឆ្នាំ 2030 ដោយមិនរាប់បញ្ចូលនូវឥន្ធនៈហ្វូស៊ីលជាដាច់ខាត។

យើងខ្ញុំសូមបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសមួយដែលប្រើប្រាស់ថាមពលអគ្គីនីធំជាងគេទីបីនៅក្នុងពិភពលោក  បើទោះបីជាការប្រើប្រាស់ថាមពល និង  ការបំភាយឧស្ម័នសម្រាប់មនុស្សម្នាក់ៗ  មានតិចជាងពាក់កណ្តាលនៃមធ្យមភាគនៅក្នុងពិភពលោកក៏ដោយ នេះបើយើងយោងតាមទិន្នន័យពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA)។

IEA បាននិយាយទៀតថា នៅក្នុងឆ្នាំ 2050 ចំពោះតម្រូវការអគ្គិសនីសរុបរបស់ប្រទេសឥណ្ឌា ដោយយើងគិតតែលើការប្រើម៉ាស៊ីនត្រជាក់តាមលំនៅដ្ឋានតែមួយមុខ  ឥណ្ឌាបានប្រើថាមពលលើសពីការប្រើប្រាស់ថាមពលជាសរុបនៅក្នុងទ្វីបអាហ្រ្វិកទាំងមូលនាពេលបច្ចុប្បន្នទៅទៀត។

ប្រទេសឥណ្ឌាមិនអាចពឹងផ្អែកតែលើឥន្ធនៈហ្វូស៊ីល សម្រាប់តម្រូវការដែលកំពុងកើនឡើងមិនឈប់ឈរនេះបានទេ ហេតុដូច្នេះហើយ រដ្ឋាភិបាលឥណ្ឌាត្រូវតែប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាប្រឈមនេះ តែឥណ្ឌាក៏មិនអាចមិនខ្វាយខ្វល់ពីផលប៉ះពាល់ ដោយសារវិបត្តិអាកាសធាតុបាននោះដែរ។

scroll to top