MFP នឹងមិនបោះឆ្នោតឱ្យបេក្ខជននាយករដ្ឋមន្ត្រី របស់គណបក្សភឿថៃនោះទេ

កាលពីថ្ងៃទី 15 ខែ សីហា ឆ្នាំ 2023 លោក Chaithawat Tulaton អគ្គលេខាធិការនៃគណបក្សចលនាឆ្ពោះទៅមុខ (MFP) បាននិយាយថា គណបក្សចលនាឆ្ពោះទៅមុខ(MFP) ដែលឈ្នះការបោះឆ្នោតសកល នឹងមិនគាំទ្របេក្ខជនគណបក្សភឿថៃឲ្យឡើងធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់នោះទេ នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្ត។

ការសម្រេចចិត្តរបស់គណបក្សចលនាឆ្ពោះទៅមុខ(MFP)  បែបនេះ អាចធ្វើអោយមានស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់បក្សភឿថៃ ដើម្បី ទទួលបានការគាំទ្រ ព្រោះថាគណបក្សរបស់ខ្លួនកំពុងតែត្រូវការការគាំទ្របន្ថែមទៀត ដើម្បីបង្កើតរដ្ឋាភិបាល។ ប្រសិនបើ (MFP) ធ្វើបែបនេះ គឺមិនខុសអ្វីពីការអូសបន្លាយ ម្តងហើយម្តងទៀត នៃភាពជាប់គាំងនៃនយោបាយនោះទេ។

ថ្វីត្បិតតែគណបក្សចលនាឆ្ពោះទៅមុខ(MFP)  បានប្រកាសកាលពីដើមខែនេះ ថាខ្លួនផ្តល់ឳកាសឲ្យភឿថៃបង្កើតរដ្ឋាភិបាលចម្រុះក៏ដោយ ប៉ុន្តែគណបក្សភឿថៃ ដែលឈរនៅលំដាប់លេខ២ គឺកំពុងស្វែងរកការគាំទ្រពីអតីតសម្ព័ន្ធមិត្តរបស់ខ្លួនមួយនេះសម្រាប់ជួយដល់ឧកញ៉ាអចលនទ្រព្យ លោក ស្រេកថា ថាវីស៊ីន ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីដែរ។

លោក Chaithawat Tulaton បាននិយាយប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា សមាជិកសភារបស់គណបក្សចលនាឆ្ពោះទៅមុខ(MFP)  គឺបានឯកច្ឆ័ន្ទក្នុងការប្រឆាំងរួចទៅហើយ។

លោក​បាន​ថ្លែង​បន្ទាប់​ពី​ការ​ប្រជុំ​ប្រចាំ​សប្តាហ៍​របស់​សមាជិក​សភា​បក្ស​ថា​៖ «​ការ​បង្កើត​រដ្ឋាភិបាលនូវ​ពេល​នេះ គឺ​មិនបាន​ឆ្លុះ​បញ្ចាំង​ពី​សំឡេង​របស់ប្រជាជននោះ​ទេ។

“វាច្បាស់ណាស់ថាសមាជិកព្រឹទ្ធសភា និងគណបក្សផ្សេងទៀតចង់ធីប​ (បិទ) គណបក្សចលនាឆ្ពោះទៅមុខ”។

ការធ្វើអត្ថាធិប្បាយអំពីការសម្រេចចិត្តរបស់គណបក្សចលនាឆ្ពោះទៅមុខ បានធ្វើឲ្យមេដឹកនាំគណបក្សភឿថៃ លោកបណ្ឌិត Cholnan Srikaew បាននិយាយថា គណបក្សរបស់លោកមិនមានការភ្ញាក់ផ្អើលចំពោះការសម្រេចមួយនេះទេ ហើយរូបលោកក៏នៅតែគោរពតាមការសម្រេចចិត្តនេះដដែល។

បើយើងរំលឹកឡើងវិញ នៅបញ្ហារបស់មេដឹកនាំ MFP លោក Pita Limjaroenrat បានបរាជ័យក្នុងការទទួលបានសំឡេងភាគច្រើនសម្រាប់នាយករដ្ឋមន្ត្រីនៅឯការប្រជុំរួមគ្នានៃសភា និងព្រឹទ្ធសភាកាលពីថ្ងៃទី 13 ខែកក្កដា។ សមាជិកសភាភាគច្រើន បានបោះឆ្នោតជាបន្តបន្ទាប់នៅថ្ងៃទី 19 ខែកក្កដា ដោយមិនអនុញ្ញាតឱ្យ លោក Pita ត្រូវបានតែងតាំងជាលើកទីពីរនោះទេ។

សេចក្តីសម្រេចចុងក្រោយនេះ ត្រូវបានជំទាស់នៅក្នុងតុលាការធម្មនុញ្ញ ដែលគ្រោងនឹងប្រកាសនៅថ្ងៃពុធ ថាតើពួកគេនឹងលើកយកសំណុំរឿងនេះដែរឬទេ។

ប្រសិន​បើ​តុលាការ​បដិសេធ​មិន​ទទួល​យក​រឿង​ក្តី​នេះ ការ​បោះ​ឆ្នោត​បន្ទាប់​សម្រាប់​នាយក​រដ្ឋមន្ត្រី​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ ឬ​ថ្ងៃ​អង្គារ​ទី 22 ខែ​សីហា។

លោកបណ្ឌិត Cholnan Srikaew បាននិយាយថា សមាជិកសភាគណបក្សភឿថៃទាំង ១៤១ រូប បានសម្រេចចិត្តកាលពីថ្ងៃអង្គារ ដើម្បីតែងតាំងលោក ស្រេត ថា ជានាយករដ្ឋមន្ត្រី ហើយបានបង្ហាញទំនុកចិត្តថា លោកនឹងទទួលបានសំឡេងយ៉ាងតិច ៣៧៥ ឬច្រើនជាងនេះនៅក្នុងសភាទាំងពីរ បើទោះបីជាគ្មាន MFP ក៏ដោយ។

គណបក្សចលនាឆ្ពោះទៅមុខ(MFP)  បានបោះបង់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបង្កើតសម្ព័ន្ធបន្ទាប់ពីការតែងតាំងរបស់លោក Pita ត្រូវបានច្រានចោល ដែលបង្កើតផ្លូវសម្រាប់គណបក្សភឿថៃ ដែលកំពុងបង្កើតសម្ព័ន្ធភាពថ្មីមួយទៀត។

សម្ព័ន្ធថ្មីរួមមានគណបក្ស Bhumjaithai ដែលឈរនៅលំដាប់ទី 3 ដែលជាតួអង្គសំខាន់នៅក្នុងរដ្ឋាភិបាលដែលកំពុងបន្ត។ របាយការណ៍ជាច្រើនបាននិយាយថា ភឿថៃក៏កំពុងស្វែងរកការគាំទ្រពីគណបក្ស “ពូ” ទាំងពីរ ហើយវាជាមុខសញ្ញាដែលគណបក្សចលនាឆ្ពោះទៅមុខត្រូវតែបដិសេធជាគោលការណ៍។

គណបក្ស “ពូ” គឺ Palang Pracharath (PPRP) ដឹកនាំដោយឧត្តមសេនីយ៍ Prawit Wongsuwon និង United Thai Nation (UTN) ដែលជាគណបក្សបង្កើតជាយានជំនិះសម្រាប់នាយករដ្ឋមន្ត្រី Prayut Chan-o-cha ដែលបានដឹកនាំរដ្ឋប្រហារឆ្នាំ 2014 ហើយឥឡូវនេះ ពួកគេទាំងពីរ កំពុងតែបោះជំហ៊ានទៅមុខជាមួយនឹងភឿថៃ​ ដែលជាហេតុនាំឲ្យ(MFP)  យល់ថា វាមិនមែនជាប្រជាធិបតេយ្យ ។

(MFP)  បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើ X (អតីត Twitter) ថា “ស្ទើរតែគ្រប់គណបក្សកា​ន់អំណាចបែបប្រពៃណី” ត្រូវបានប្រមូលផ្តុំគ្នាដើម្បីបង្កើតរដ្ឋាភិបាល។ «​នេះ​ជា​ការ​ផ្ទុយ​ពី​ឆន្ទៈ​របស់​ប្រជាជន​ដែល​បាន​បង្ហាញ​យ៉ាង​ច្បាស់​នៅ​ថ្ងៃ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ១៤ ខែ​ឧសភា​» បើទោះជា(MFP) ជាអ្នកដែលឈ្នះក្នុងការបោះឆ្នោតក៏ដោយ។

សេចក្តី​ថ្លែងការណ៍​បាន​បន្ត​ថា​៖ «​ទោះ​បី​ជា​នៅ​ពេល​នេះ​នៅ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​អំពី​សមាសភាព​គណៈរដ្ឋមន្ត្រី​ក៏​ដោយ វា​ច្បាស់​ណាស់​ថា​រូបរាង​របស់​គណៈរដ្ឋមន្ត្រីថ្មី ​នឹង​មិន​ខុស​ពី​រដ្ឋាភិបាល​មុន​នោះ​ទេ»។

គណបក្ស​ចលនាឆ្ពោះទៅមុខ(MFP) ​មិន​ចូលរួមចំពោះ​ការ​បង្កើត​រដ្ឋាភិបាលមួយនេះទេ តែក៏​មិនមែនមិន​គោរព​អ្នក​កាន់​អំណាចដែរ ប៉ុន្តែកិច្ចការមួយនេះ ​មិនមែនជាកិច្ចការដែលធ្វើឡើង​ដើម្បី​ប្រជាជន»។

ប្រទេស​ចិន និងង​ឥណ្ឌា កំពុងបើក​កិច្ច​ចរចារ​កម្រឹតយោធា ឲ្យបានមុនថ្ងៃចាប់ផ្តើមប្រជុំ G 20

យោងតាមរយៈការចុះផ្សាយរបស់កាសែតចិននៅពេលព្រឹក កាលពីថ្ងៃទី 14​ ខែ សីហា​ ឆ្នាំ 2023 បានឲ្យដឹងថា ប្រទេសចិន និងឥណ្ឌាបានចាប់ផ្តើមកិច្ចចរចាព្រុំដែនកម្រិតយោធាថ្មីនៅថ្ងៃច័ន្ទ។ ត្រឹមតែរយៈមួយសប្តាហ៍មុនពេលដែលប្រធានាធិបតីចិនលោក Xi Jinping និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi មកជួបទល់មុខគ្នានៅអាហ្រ្វិកខាងត្បូង សម្រាប់កិច្ចប្រជុំកំពូល Brics ប្រចាំឆ្នាំ ហើយក៏ជាដំណើរទស្សនកិច្ចមួយ ដែលមានការរំពឹងទុកថា និងមានកិច្ចពិភាក្សាបន្តទៅកាន់ទីក្រុង New Delhi គឺស្របពេលដែលលោក Xi Jinping នឹងទៅចូលរួមសម្រាប់កិច្ចប្រជុំកំពូលG 20 នៅខែក្រោយ។

កិច្ចចរចាយោធាលើកទី 19 របស់ចិន និង​ ឥណ្ឌា គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីបន្ធូរបន្ថយការឈរជើងក្នុងរយៈពេល 3 ឆ្នាំ គឺនៅតាមបណ្តោយ “បន្ទាត់ នៃការគ្រប់គ្រងជាក់ស្តែង ” (LAC) ដែលជាព្រំដែនដ៏មានប្រសិទ្ធភាពរវាងប្រទេសទាំងពីរ បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរកាលពីខែឧសភា ឆ្នាំ 2020។

ការប្រឈមមុខដាក់គ្នានៅជ្រលងភ្នំ Galwan ក្នុងតំបន់ Ladakh ភាគខាងកើតតាមបណ្តោយ LAC បានឆក់យកជីវិតជនជាតិឥណ្ឌាចំនួន 20 នាក់ និងចិនចំនួន 4 នាក់ នៅក្នុងការប៉ះទង្គិចគ្នានៅតាមព្រំដែនដ៏សាហាវបំផុតរបស់ពួកគេក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។

សូមបញ្ជាក់ផងដែរថា តំបន់ Ladakh  គឺជាតំបន់មួយដែលគ្រប់គ្រងដោយប្រទេសឥណ្ឌា ហើយវាជា ទឹកដីសហភាពមួយ ដែលបង្កើតបានជាផ្នែកខាងកើតនៃ តំបន់ កាស្មៀរ ដែលធំជាងគែ ហើយវាក៏ជាប្រធានបទមួយនៃ ជម្លោះ រវាងឥណ្ឌា និង ចិន ចាប់តាំងពីឆ្នាំ 1959 មក។

ទោះបីជាមានការចរចាចំនួន១៨ជុំ និងការផ្តាច់ខ្លួនចំនួន៤ជុំរួចហើយយ៉ាងណាក៏ដោយ ទាំងឥណ្ឌា និងចិនគឺនូវតែរក្សាបានចំនួនទាហ៊ាន និងអាវុធទំនើបៗជាច្រើននៅភាគខាងកើត Ladakh។

ការចរចាជុំមុនដែលបានធ្វើឡើងនៅក្នុងខែមេសា បានបរាជ័យក្នុងការទទួលបានលទ្ធផលណាមួយនោះទេ ហើយវាក៏ត្រូវបានបញ្ចប់ដោយគ្មានសេចក្តីថ្លែងការណ៍ជារួមនោះដែរ។

ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌា ក្រោយមកបានសាទរចំពោះ “ការពិភាក្សាដោយស្មោះត្រង់ និងស៊ីជម្រៅ” ដោយស្តីអំពីការស្ដារឡើងវិញនូវ “សន្តិភាព និងភាពស្ងប់ស្ងាត់នៅក្នុងតំបន់ព្រុំដែន ដែលនឹងធ្វើឱ្យមានការរីកចម្រើនក្នុងទំនាក់ទំនងជាទ្វេភាគី” ។

ជំនួបទ្វេភាគីរវាងប្រធានាធិបតីចិន និង នាយករដ្ឋមន្ត្រីឥណ្ឌា នឹងជួបប្រជុំកំពូលនៅសប្តាហ៍ក្រោយ គឺវាមិនមានការច្រានចោលនោះទេ។ ចំពោះមេដឹកនាំចិនក៏ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទស្សនកិច្ចទៅទីក្រុង New Delhi សម្រាប់កិច្ចប្រជុំកំពូល G20 នៅថ្ងៃទី 9-10 ខែកញ្ញា ថែមទៀតផង។

មេដឹកនាំរបស់ប្រទេសពីរ បានចាប់ដៃគ្នា និងផ្លាស់ប្តូរភាពសប្បាយរីករាយនៅពេលដែលពួកគេបានជួបគ្នានៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅកោះបាលីក្នុងខែវិច្ឆិកា។ ក្រសួងការបរទេសឥណ្ឌាបានលាតត្រដាងកាលពីសប្តាហ៍មុនថា មេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាផងដែរអំពីតម្រូវការក្នុងការ “ធ្វើឱ្យមានស្ថិរភាព” ទំនាក់ទំនងទ្វេភាគី។

ទោះជាយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងមិនទាន់បានបញ្ជូនឯកអគ្គរដ្ឋទូតទៅកាន់ទីក្រុងដេលីនៅឡើយទេ បន្ទាប់ពីអាណត្តិរយៈពេលបីឆ្នាំ របស់លោក Sun Weidong ត្រូវបានបញ្ចប់នៅក្នុងខែតុលា។

ទោះយ៉ាង​ណា​ក៏​ដោយ ខណៈ​ដែល​សហរដ្ឋ​អាមេរិក​កាត់ទោស​ឥណ្ឌា​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​ដែល​កំពុង​កើនឡើង​របស់​ចិន​ក្នុង​តំបន់ ទីក្រុង​ញូវដែលី​មាន​អារម្មណ៍​ថា​ក្រុង​ប៉េកាំង​បាន​បង្ហាញ​ពី​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​សន្តិភាព​នៅ​តាមច្រក​ព្រុំដែន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា News18 បានដកស្រង់ “ប្រភពរដ្ឋាភិបាលកំពូល” នៅទីក្រុងញូវដេលី បាននិយាយថា ប្រទេសចិនកំពុង “ប្រឈមមុខនឹងស្ថានភាពជាមួយតៃវ៉ាន់ ហើយវាប្រហែលជាមិនចង់មានបញ្ហានៅលើមុខទីពីរនោះទេ” ។

របាយការណ៍នេះបានដកស្រង់សម្តីមួយក្នុងចំនោមពួកគេថា “សក្ដានុពលនៃភាពស្និទ្ធស្នាលកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងឥណ្ឌាក៏កំពុងដើរតួនាទីមួយផងដែរ” «គឺមានន័យថា ​សញ្ញា​មួយ​ចំនួន​ទៀត​ ដែល​ភាគី​ចិន​ចង់​បានគឺការដោះស្រាយ​បញ្ហាជាមួយឥណ្ឌា»។

ប្រទេសរុស្ស៊ី កំពុង​ប្រឈមមុខ ​នឹង​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​តម្លៃ​រូបិយ​ប័ណ្ណរបស់ខ្លួន បើ​ធៀប​នឹង​តម្លៃ​គោល​ជាសកល

យោងតាមរយៈការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី 14 ខែ សីហា ឆ្នាំ 2023 បានឲ្យដឹងថា ក្នុងរយៈពេលជិត 18 ខែ បន្ទាប់ពីការចាប់ផ្តើមការលុកលុយយ៉ាងពេញលេញរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន រដ្ឋាភិបាលរុស្ស៊ីកំពុងតែ ប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដ៏សំខាន់មួយ ដោយរូបិយប័ណ្ណរបស់ប្រទេសនេះ Ruble បានធ្លាក់ចុះតម្លៃនៅលើទីផ្សារពិភពលោក។

កាល​ពី​ថ្ងៃ​ច័ន្ទ តម្លៃ​រូបិយ​ប័ណ្ណ​បាន​ពន្លឿន​ការ​ធ្លាក់​ចុះ​ ក្នុងរយៈ​ពេល​រាប់​ខែ​បើធៀប​នឹង​រូបិយប័ណ្ណ​គោល​ដូច​ជា​ប្រាក់​ដុល្លាររបស់សហរដ្ឋ​អាមេរិក។  ធនាគារកណ្តាលរុស្ស៊ីបានធ្វើកិច្ចប្រជុំបន្ទាន់មួយ សម្រាប់ថ្ងៃអង្គារថា អត្រាប្តូរប្រាក់គឺលើសពី 100 ruble ទើបទទួលបាន 1 ដុល្លារ ដែលជាការធ្លាក់ចុះប្រហែល 30% នៃតម្លៃ បើគិតចាប់តាំងពីដើមឆ្នាំ។

រុស្សីក៏បានបង្ហាញផងដែរថាសមតុល្យគណនីចរន្តរបស់ប្រទេស ដែលតាមដានតម្លៃទាក់ទងនឹងទំនិញ និងសេវាកម្មដែលបាននាំចេញ និងនាំចូលមកប្រទេសនេះ គឺបានធ្លាក់ចុះមកនៅត្រឹម 5.4 ពាន់លានដុល្លារ ក្នុងត្រីមាសទីពីរនៃឆ្នាំនេះ ដែលស្មើនឹង 93% នៃការធ្លាក់ចុះ ពីមួយឆ្នាំទៅមួយឆ្នាំ។ តួលេខនៃការធ្លាក់ចុះនេះ បានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃការនាំចេញ ហើយវាជាសញ្ញាដ៏អាក្រក់បំផុតសម្រាប់សេដ្ឋកិច្ច ដែលប្រទេសមួយនេះមានការពឹងផ្អែកភាគច្រើនលើការនាំចេញទំនិញដូចជា ឥន្ធនៈហ្វូស៊ីល និងគ្រាប់ធញ្ញជាតិជាដើម។

បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមធ្វើការលុកលុយទៅលើប្រទេសអ៊ុយក្រែនទាំងស្រុងក្នុងខែកុម្ភៈ ឆ្នាំ 2022។ ភ្លាមៗនោះ ប្រទេសរុស្ស៊ី ត្រូវបានរងនូវការដាក់ទណ្ឌកម្មយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីសម្ព័ន្ធភាពដ៏ទូលំទូលាយនៃបណ្តាលប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក។

ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ីបានកើនឡើងជាបន្តបន្ទាប់ ជាពិសេសជាមួយនឹងការដាក់កម្រិតតម្លៃលើប្រេង និងឧស្ម័នរបស់រុស្ស៊ីនាពេលថ្មីៗនេះ។ ហើយរាល់ទណ្ឌកម្មដែលឲ្យមានផលលំបាកសម្រាប់ទីក្រុងម៉ូស្គូ ក្នុងការនាំចេញ គឺសុទ្ធសឹងតែជាទំនិញ ដែលរកចំណូលបានច្រើនបំផុតរបស់ខ្លួន។

ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្មអន្តរជាតិ និងតម្រូវការរបស់វិមានក្រឹមឡាំង រុស្ស៊ីកាន់តែព្យាយាមបន្តការឈ្លានពានរបស់ខ្លួនឲ្យកាន់តែខ្លាំងជាងមុនទៅទៀត។

 បច្ចុប្បន្នរុស្ស៊ីបានចាត់វិធានការដើម្បីរៀបចំសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ដោយឆ្ពោះទៅរកការគាំទ្រនៃកិច្ចខិតខំប្រឹងប្រែងនៃការបង្ករសង្រ្គាម។ ចំពោះលទ្ធផលនេះ គឺជាការផ្លាស់ប្តូរនៃសមត្ថភាពផលិតភាពដ៏សំខាន់ ដែលនៅឆ្ងាយពីផលិតកម្មដែលរកកម្រៃបានដោយពាណិជ្ជកម្ម និងឆ្ពោះទៅរកផ្នែករឹង និងសម្ភារៈយោធា។

នៅក្នុងអត្ថបទមួយ ដែលត្រូវបានសរសេរសម្រាប់អង្គការប្រព័ន្ធផ្សព្វផ្សាយ ដែលគ្រប់គ្រងដោយរដ្ឋាភិបាល Tass កាលពីថ្ងៃច័ន្ទបានឲ្យដឹងថា ជំនួយការប្រធានាធិបតីវិមានក្រឹមឡាំង លោក Maxim Oreshkin បានទទួលស្គាល់ថាការធ្លាក់ចុះនៃតម្លៃប្រាក់ ruble គឺជាបញ្ហាប្រឈមមួយ ប៉ុន្តែលោកនូវតែបានទទូចថាតម្លៃរូបិយប័ណ្ណនឹងងើបឡើងវិញយ៉ាងឆាប់រហ័ស។

លោក Maxim Oreshkin  បានសរសេរថា “អត្រាប្តូរប្រាក់បច្ចុប្បន្នបានផ្លាស់ប្តូរយ៉ាងទូលំទូលាយពីកម្រិតមូលដ្ឋាន បើទោះបីជា វាត្រូវបានគេរំពឹងថានឹងធ្វើឱ្យមានលក្ខណៈធម្មតាពេលអនាគតដ៏ខ្លីក៏ដោយ”។ “ប្រាក់ ruble បានធ្លាក់តម្លៃ វាបានធ្វើឱ្យមានភាពស្មុគស្មាញដល់ការផ្លាស់ប្តូររចនាសម្ព័ន្ធរបស់សេដ្ឋកិច្ច និងជះឥទ្ធិពលអវិជ្ជមានដល់ប្រាក់ចំណូលប្រចាំគ្រួសារយ៉ាងពិតប្រាកដ។ លោក​បាន​បន្ត​ថា តម្លៃ​រូបិយ​ប័ណ្ណ​ដ៏​រឹង​មាំ ​គឺ​ជា​ផល​ប្រយោជន៍​នៃ​សេដ្ឋកិច្ច​រុស្ស៊ី។

លោក Maxim Oreshkin ក៏បានស្តីបន្ទោសចំពោះ ធនាគារកណ្តាលរុស្ស៊ីថែមទៀតផង។

ចុងបូព៌ារបស់រុស្សី រងការជន់លិចដោយសារទឹកជំនន់ របស់ព្យុះទីហ្វុង ខាន់ណុន ហើយមនុស្សជាង ២.៥០០នាក់ ត្រូវបានជម្លៀសចេញ

កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៣ បើយោងតាមសារព័ត៌មានរ៉យទ័របានឲ្យដឹងថា ទឹកជំនន់នៅតំបន់ចុងបូព៌ារបស់ប្រទេសរុស្ស៊ី បានបង្ខំឱ្យមានការជម្លៀសមនុស្សជាង 2,500 នាក់ ចេញពីតំបន់ដែលរងគ្រោះ បើគិតត្រឹមថ្ងៃច័ន្ទនេះ។ បន្ទាប់ពីប្រទេសរុស្ស៊ីក៏ជា ប្រទេសមួយបានចូលទៅក្នុងបញ្ជីប្រទេស ដែលរងគ្រោះដោយការវាយប្រហារនៃព្យុះភ្លៀងរបស់ព្យុះទីហ្វុងខាន់ណុនផងដែរ។

បន្ទាប់ពីការវាយលុកភាគខាងត្បូងប្រទេសជប៉ុនកាលពីសប្តាហ៍មុន Khanun បានចុះខ្សោយទៅជាព្យុះត្រូពិច ខណៈដែលវាបានបោកបក់ពាសពេញឧបទ្វីបកូរ៉េ ហើយវាបានបង្ករឱ្យមានការរអិលបាក់ដីនៅភាគឦសានប្រទេសចិនកាលពីយប់ថ្ងៃសុក្រ។ ព្យុះទីហ្វុង Khanun មិនត្រឹមតែបង្ករឲ្យមានខ្យល់ ភ្លៀងខ្លាំងតែប៉ុណ្ណោះទេ តែវាក៏បានបង្ករឱ្យមានការរអិលបាក់ដីនៅក្នុងខេត្ត Liaoning ថែមទៀតផង ជាក់ស្តែងវាបានសម្លាប់មនុស្សយ៉ាងហោចណាស់ប្រហែល 21 នាក់។

នៅតំបន់ចុងបូព៌ារបស់រុស្ស៊ី ការតាំងទីលំនៅចំនួន 28 ត្រូវបានកាត់ផ្តាច់ត្រឹមថ្ងៃច័ន្ទ ក្រសួងបាននិយាយនៅលើប៉ុស្តិ៍ Telegram ថា ផ្លូវធំ ៗ និងផ្ទះចំនួន 4,620 ត្រូវបានជន់លិចនៅក្នុងក្រុងចំនួន 15 ។

កំពង់ផែឆ្នេរប៉ាស៊ីហ្វិកនៃទីក្រុង Vladivostok គឺជាមជ្ឈមណ្ឌលរដ្ឋបាលនៃតំបន់ Primorye ។ ហើយក្រសួងបាននិយាយទៀតថា ទឹកជំនន់បានចាប់ផ្តើមស្រកនៅផ្នែកភាគច្រើននៃ Primorye ហើយទឹកជំនន់ដ៏អាក្រក់បំផុតគឺនៅលើទន្លេ Malinovka ក្បែរភូមិ Rakitnoye ។

scroll to top