តុលាការរបស់ប្រទេសអូស្ត្រាលី ពិន័យក្រុមហ៊ុន Dell ចំនួន 6.5 លានដុល្លារ

កាលពីថ្ងៃទី 14 ខែសីហា ឆ្នាំ 2023 យោងតាមទីភ្នាក់ងារសារព័ត៌មានReuters បានឲ្យដឹងថា តុលាការសហព័ន្ធរបស់ប្រទេសអូស្ត្រាលីកាលពីថ្ងៃច័ន្ទ បានបញ្ជាឱ្យអង្គភាពក្នុងស្រុកមួយ ដែលមានឈ្មោះថា  Dell Technologies Inc (DELL.N) ត្រូវបង់ប្រាក់ពិន័យចំនួន 10 លានដុល្លារអូស្ត្រាលី (6.46 លានដុល្លារ) សម្រាប់ការធ្វើឱ្យមានការយល់ច្រឡំនៅលើគេហទំព័ររបស់ខ្លួន អំពីការបញ្ចុះតម្លៃសម្រាប់ម៉ូនីទ័ររបស់កុំព្យូទ័រ។

ចំពោះសកម្មភាពផ្លូវច្បាប់ ដែលនាំមកដោយនិយ័តកររបស់ ក្រុមហ៊ុន Dell Australia ត្រូវ បានតុលាការសហព័ន្ធ របស់ប្រទេសអូស្ត្រាលីបានរកឃើញថា ក្រុមហ៊ុនផលិតកំព្យូទ័រមួយនេះ មានពិរុទ្ធភាពកាលពីខែមិថុនា គឺការបំភាន់អតិថិជនអំពីតម្លៃ ឬការបញ្ចុះតម្លៃលើម៉ូនីទ័របន្ថែម នៅលើគេហទំព័ររបស់ខ្លួន។

លោក Liza Carver ស្នងការនៃគណៈកម្មការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្ត្រាលីបាននិយាយថា “លទ្ធផលនេះ គឺជាការផ្ញើសារដ៏រឹងមាំមួយទៅកាន់ក្រុមហ៊ុនអាជីវកម្មថា ការធ្វើអ្វីក៏ដោយឱ្យតែមានចេតនាតំណាងភាពមិនពិតអំពីតម្លៃ ឬការកើនឡើងនៃការបញ្ចុះតម្លៃគឺ ជាការបំពានយ៉ាងធ្ងន់ធ្ងរនៃច្បាប់អ្នកប្រើប្រាស់ ហើយនឹងទទួលបាននូវការផាកពិន័យយ៉ាងធ្ងន់ធ្ងរ” ។

Dell Australia ដែលបានលក់ម៉ូនីទ័របន្ថែមលើសពី 5,300 ជាមួយនឹងការបញ្ចុះតម្លៃហួសកម្រិតនៅចន្លោះខែសីហា ឆ្នាំ 2019 ដល់ថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2021 នឹងធ្វើការ “ជាមួយអតិថិជនដែលរងផលប៉ះពាល់ ដើម្បីផ្តល់ការសងប្រាក់វិញឲ្យបានសមស្រប ព្រមទាំងបូកបញ្ចូលនឹងការប្រាក់ថែមទៀតផង។ នៅពេលនេះអង្គភាពរបស់ប្រទេសអូស្ត្រាលីយកំពុងចាត់វិធានការ ដើម្បីកែលម្អដំណើរការកំណត់តម្លៃ ដើម្បីធានាជូនអ្នកប្រើប្រាស់។

នេះបើយោងតាម អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន Dell Australia បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ទៅ​កាន់ ក្រុមសារព័ត៌មាន Reuters។ ($1 = 1.5480 ដុល្លារអូស្ត្រាលី)

មេដឹកនាំកូរ៉េខាងជើង បានបញ្ជាឱ្យផលិតកាំជ្រួចបន្ថែមទៀត មុនពេលសមយុទ្ធរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចាប់ផ្តើមធ្វើសមយុទ្ធក្នុងរដូវក្តៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃច័ន្ទ ទី 14 ខែសីហា នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការបង្កើនការផលិតមីស៊ីល ដើម្បីជួយធានាដល់ “អំណាចយោធាឲ្យបានច្រើនលើសលប់” ដើម្បីត្រៀមខ្លួនសម្រាប់ធ្វើសង្គ្រាម។ គឺស្របពេលដែលប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងតែត្រៀមលក្ខណៈសម្រាប់សមយុទ្ធយោធាប្រចាំឆ្នាំ។

លោក គីម បានផ្តល់ការបញ្ជាទិញនេះ ខណៈដែលលោកបានទៅទស្សនា រោងចក្រគ្រាប់រំសេវសំខាន់ៗ ដែលមានការផលិតកាំជ្រួចយុទ្ធសាស្ត្រ វេទិកាបាញ់មីស៊ីល រថពាសដែក និងគ្រាប់កាំភ្លើងធំកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍។

ការត្រួតពិនិត្យរបស់មេកដឹកនាំ គីម គឺជាការធ្វើដំណើរចុងក្រោយបង្អស់ក្នុងដំណើរទស្សនកិច្ចទៅកាន់ រោងចក្រផលិតសព្វាវុធ ជាកន្លែងដែលគាត់បានបញ្ជាឱ្យផលិតសព្វាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយរឿងនេះវាបានកើតឡើងនូវប៉ុន្មានថ្ងៃមុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចាប់ផ្តើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ដែលជាហេតុនាំឲ្យទីក្រុងព្យុងយ៉ាងមើលឃើញថា វាជាការហាត់សមសម្រាប់ការធ្វើសង្គ្រាម។

KCNA បាននិយាយថា លោក គីម បានកត់សម្គាល់ពី “គោលដៅសំខាន់មួយ ដើម្បីបង្កើនសមត្ថភាពផលិតកាំជ្រួច” នឹងសម្រាប់បំពេញនូវតម្រូវការរបស់អង្គភាពយោធាជួរមុខដែលត្រូវបានពង្រីក និងពង្រឹង។

លោក គីម ត្រូវបានគេដកស្រង់សម្តីថា “កម្រិតគុណភាពនៃការរៀបចំសង្រ្គាម គឺអាស្រ័យលើការអភិវឌ្ឍន៍នៃឧស្សាហកម្មអាវុធ ហើយរោងចក្រនឹងមានទំនួលខុសត្រូវយ៉ាងខ្លាំងក្លា ក្នុងការពន្លឿនការរៀបចំសង្រ្គាមរបស់យោធារបស់យើង”។

KCNA បាននិយាយទៀតថា នៅរោងចក្រផ្សេងទៀត លោក គីម បានត្រួតពិនិត្យ និងបើករថយន្តពាសដែកប្រយុទ្ធឧបករណ៍ប្រើប្រាស់ថ្មី ហើយលោកក៏បានសរសើរពីវឌ្ឍនភាពថ្មីៗក្នុងការធ្វើទំនើបកម្មខ្សែសង្វាក់ផលិតកម្មសម្រាប់គ្រាប់រ៉ុក្កែតជាច្រើនដែលមានសមត្ថភាពដ៏អស្ចារ្យ។

លោកបាននិយាយថា មាន “តម្រូវការបន្ទាន់” ដើម្បី “បង្កើនជានិទស្សន្ត” ការផលិតគ្រាប់រ៉ុក្កែតបែបនេះ គឺដើម្បីពង្រឹងអង្គភាពកាំភ្លើងធំនៅជួរមុខ។

លោក Kim បាននិយាយទៀតថា “កងទ័ពរបស់យើងត្រូវតែធានាឱ្យបានហ្មត់ចត់នូវអំណាចយោធា និងការត្រៀមខ្លួនយ៉ាងរឹងមាំដើម្បីដោះស្រាយសង្រ្គាមនៅពេលណាមួយដែលអាចកើតឡើងគ្រប់ពេល ដើម្បីកុំឱ្យសត្រូវហ៊ានប្រើកម្លាំងផ្តេសផ្តាស ពួកគេនឹងត្រូវវិនាស (ប្រសិនបើវាកើតឡើង)”។

ចំនែកកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកវិញបាននិយាយកាលពីថ្ងៃច័ន្ទថា ពួកគេនឹងធ្វើសមយុទ្ធរដូវក្តៅ Ulchi Freedom Guardian នៅថ្ងៃទី 21-31 ខែសីហា ដើម្បីបង្កើនសមត្ថភាពរបស់ពួកគេក្នុងការឆ្លើយតបទៅនឹងការវិវត្តនៃការគំរាមកំហែងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។

កូរ៉េខាងជើង​បាន​បរិហារ​សមយុទ្ធ​យោធា​របស់​សម្ព័ន្ធមិត្ត​ថា​ជាការ​ហាត់សម​សម្រាប់​សង្គ្រាម​នុយក្លេអ៊ែរ។

សមយុទ្ធនៅឆ្នាំនេះនឹងធ្វើឡើងក្នុង “ទ្រង់ទ្រាយធំបំផុតដែលមិនធ្លាប់មានពីមុនមក” វាជាការប្រមូលផ្តុំកងទ័ពរាប់ម៉ឺននាក់ ពីភាគីទាំងសងខាង ក៏ដូចជារដ្ឋសមាជិកមួយចំនួននៃបញ្ជាការអង្គការសហប្រជាជាតិ សម្រាប់កម្មវិធីហ្វឹកហ្វឺនប្រមាណ 30 កន្លែង នេះបើយោងតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) ។

អ្នកនាំពាក្យរបស់ JCS លោក Col. Lee Sung-jun បានប្រាប់សន្និសីទសារព័ត៌មានមួយថា “សមយុទ្ធគឺជាធាតុសំខាន់មួយក្នុងការរក្សាជំហរការពាររួមបញ្ចូលគ្នាដ៏រឹងមាំ ក្នុងករណីដែលមានភាពអាសន្ន – ហើយវាពិតជាចាំបាច់ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកយោធាដែលកំពុងកើនឡើងពីកូរ៉េខាងជើង” ។

សហរដ្ឋអាមេរិកបានចោទប្រកាន់កូរ៉េខាងជើងថាបានផ្តល់អាវុធដល់រុស្ស៊ី សម្រាប់ការធ្វើសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន រួមមានទាំងកាំភ្លើងធំ គ្រាប់រ៉ុក្កែតបាញ់ស្មា និងកាំជ្រួចជាដើម។

ប៉ុន្តែការចោទប្រកាន់នេះត្រូវបាន កូរ៉េ​ខាង​ជើង និង​រុស្ស៊ី ​បាន​បដិសេធ​ ។

មេដឹកនាំកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនក៏គ្រោងនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខលើកូរ៉េខាងជើង អ៊ុយក្រែន និងបញ្ហាផ្សេងទៀតនៅពេលពួកគេប្រមូលផ្តុំសម្រាប់កិច្ចប្រជុំកំពូល ជាត្រីភាគី នៅថ្ងៃទី 18 ខែសីហានៅ Camp David ។

តែខាង KCNA បាននិយាយដោយឡែកពីគ្នាកាលពីថ្ងៃច័ន្ទថា លោក Kim គឺគ្រាន់តែទៅទស្សនា “តំបន់ដែលរងគ្រោះដោយព្យុះទីហ្វុង” បន្ទាប់ពី ព្យុះត្រូពិច Khanun បានបោកបក់លើឧបទ្វីបកូរ៉េកាលពីសប្តាហ៍មុន ដោយវាបានធ្វើឲ្យជន់លិចដីស្រែចម្ការតែប៉ុណ្ណោះ។

រុស្សី បោសសម្អាត បន្ទាប់ពីព្យុះទីហ្វុង ខាន់ណុន ជន់លិចផ្ទះរាប់ពាន់ខ្នង

ក្រុមសង្គ្រោះបន្ទាន់នៅទីក្រុងមូស្គូបាននិយាយថា កាលពីថ្ងៃទី 13 ខែសីហា ប្រទេសរុស្ស៊ីបានបញ្ជូនក្រុមការងារមួយចំនួន ដើម្បីទៅត្រួតពិនិត្យការបោសសម្អាតផ្នែកខ្លះនៃតំបន់ Far East របស់ប្រទេសកាលពីថ្ងៃអាទិត្យ គឺបន្ទាប់ពីព្យុះទីហ្វុង Khanun បានឆ្លងកាត់តំបន់ Primorye នេះបើយោងតាមការចេញផ្សាយរបស់ទីសារព័ត៌មានរ៉យទ័រ។

ចំនែកទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីវិញ បានដកស្រង់សម្តីក្រសួងដែលបាននិយាយថា ចំនួនផ្ទះដែលត្រូវបានជន់លិចគឺមានរហូតដល់ទៅ ៤.៣៦៨ ខ្នង ហើយអគារផ្ទះល្វែងចំនួន ៧ ក៏ត្រូវបានជន់លិចផងដែរ។ 

ទីភ្នាក់ងារនេះបាននិយាយទៀតថា ផ្ទះដែលរងផលប៉ះពាល់ភាគច្រើន គឺនៅក្នុងទីក្រុង Ussuriysk  Spassk-Dalny និងនៅក្នុងសង្កាត់ Oktyabrsky ដែលស្ថិតនៅក្នុងតំបន់ Primorye គឺជាកន្លែងកំពង់ផែ Vladivostok និងមជ្ឈមណ្ឌលរដ្ឋបាល។

ក្រសួងបាននិយាយនៅក្នុងបណ្តាញ Telegram របស់ខ្លួនថា ក្រុមការងារនឹង “សម្របសម្រួលការងារដើម្បីលុបបំបាត់ផលវិបាកនៃទឹកជំនន់” ។ ខាងក្រសួងបាននិយាយថា យន្តហោះរបស់ខ្លួនបានផ្តល់ជំនួយមនុស្សធម៌ ហើយឧទ្ធម្ភាគចក្រ Mi-8 បានជួយផ្ទេរអ្នកជួយសង្គ្រោះទៅកាន់កន្លែងនោះ។

ប៉ុន្តែក្រសួងមិនមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសនោះទេ ហើយថាវាបានជៀសវាងការខូចខាតធ្ងន់ធ្ងរបន្ថែមទៀតដោយការបញ្ជូនអង្គភាពនៅដើមដំបូង។ TASS បាននិយាយថា ទឹកជំនន់នៅ Ussuriysk ដែលជាទីក្រុងធំទីពីរនៅ Primorye គឺអាក្រក់បំផុត និងធំបំផុតក្នុងរយៈពេលមួយទសវត្សរ៍ ហើយវាបានប៉ះពាល់នៅចន្លោះពី 35 ទៅ 40 ភាគរយនៃទឹកដីរបស់ខ្លួន។

ទូក​ទេសចរណ៍នៅប្រទេសថៃ បាន​លិច​នៅ​ខេត្ត Phetchaburi បានធ្វើឲ្យមនុស្សម្នាក់បាត់បង់ជីវិត និងម្នាក់ទៀតបានបាត់ខ្លួន

យោងតាមកាសែតបាងកកប៉ុស្ត បានចុះផ្សាយនៅថ្ងៃទី 13 ខែ សីហា ឆ្នាំ 2023 បានឲ្យដឹងថា អ្នក​ទេសចរ​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​នៅ​បន្ត​បាត់​ខ្លួន បន្ទាប់​ពី​ទូក​ទេសចរណ៍​មួយ​គ្រឿង​បានលិច ហើយទូកនោះផងដែរបាន​លិច​នៅ​កណ្តាល​ឈូង​សមុទ្រ Bang Ta Boon ស្រុក​បាន​ឡឹ​ម កាលពី​រសៀល​ថ្ងៃ​សៅរ៍ ។

ហេតុការណ៍​នេះ​ត្រូវ​បាន​រាយការណ៍​ មក​កាន់មជ្ឈមណ្ឌល​សង្គ្រោះ​បន្ទាន់​របស់​ប៉ូលិស​១៩១ នៅ​ម៉ោង​ប្រហែល​ ម៉ោង៥ ​ល្ងាច ។
          សូមបញ្ជាក់ថា ទូកទេសចរណ៍​នោះបាន​លិចចូលទៅក្នុងទឹក​ភ្លាមៗ ខណៈ​ដែល​វា​កំពុង​ដឹក​អ្នក​ដំណើរចំនួន ​៧ ​នាក់ ហើយអ្នកទេសចរណ៍ទាំងនោះគឺ​ជា​ជនជាតិ​ថៃ​ទាំងអស់​ ដោយពួកគេកំពុងធ្វើដំណើរ​កម្សាន្ត​ជុំវិញ​ឈូង​សមុទ្រ Ban Ta Boon ។
          បន្ទាប់ពីទូកបានលិច គឺមានអ្នកបានមើលឃើញមនុស្សទាំងនោះ ពីលើច្រាំងដែលនៅក្បែរនោះ អង្គភាពសង្គ្រោះពីមូលនិធិ Sawang Sanphet Thammasatan ត្រូវបានបញ្ជូន ដើម្បីស្វែងរកអ្នកដែលបានជិៈទូកនោះ ។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ស្រង់​ស្ត្រី​បួន​នាក់​ និង​បុរស​ម្នាក់​ចេញពី​ទឹក​ទៅ​កាន់​ទី​សុវត្ថិភាព​ ដោយ​មាន​របួស​ស្រាល​តែ​ពីរ​នាក់​ទៀតគឺគេនៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។
          នៅខ្ទង់ប្រហែលម៉ោង 10 ព្រឹកថ្ងៃអាទិត្យ សាកសពបុរសម្នាក់ ដែលមានអាយុ 20 ឆ្នាំត្រូវបានគេរកឃើញថាបានលិច ជិតច្រាំងហើយក្រោយមកត្រូវបានគេកំណត់អត្តសញ្ញាណថាឈ្មោះ Chanin Chompinthong ដែលជាអ្នកដំណើរម្នាក់ក្នុងចំណោមអ្នកដំណើរតាមទូកដែលបានបាត់ខ្លួន។

មុនពេលរកឃើញសាកសព លោក Sampan Jinping អាយុ 63 ឆ្នាំ ជាប្រតិបត្តិករទូកបាននិយាយថា អ្នកទេសចរដែលបាត់ខ្លួនពីរនាក់នោះ គឺជាបុរស ម្នាក់ពាក់អាវហាវ៉ៃ និងម្នាក់ទៀតពាក់អាវយឺតពណ៌ខ្មៅ និងខោខូវប៊យ។
          សម្រាប់វីដេអូឃ្លីប ដែលបង្ហាញពីទូកទេសចរណ៍ដែលកំពុងលិចទឹកត្រូវបានថតដោយបុរសម្នាក់ដែលកំពុងទទួលទានអាហារជាមួយគ្រួសារនៅភោជនីយដ្ឋានមួយនៅមាត់ច្រាំង។
          ការ​ស្វែងរក​បុរស​បាត់​ខ្លួន​ដែល​គេ​ជឿ​ថា​មាន​អាយុ​ខ្ទង់​ ២០ ​ឆ្នាំគឺ​កំពុងតែ​បន្តស្វែងរក​។

ប្រទេសថៃមានកំណត់ត្រាសុខភាព និងសុវត្ថិភាពមិនសូវជាល្អប៉ុន្មានទេនៅលើទឹក។ ក្នុងចំណុចដែលកំពុងតែមានការចាប់អារម្មណ៍នៃអ្នកទេសចរណ៍ដែលមានការផ័យខ្លាច បានបង្ហាញឲ្យឃើញថា គ្រោះថ្នាក់ធ្ងន់ធ្ងរដែលតែងកើតឡើងដូចជា ការស្លាប់របស់អ្នកទេសចរណ៍ចិនជិត 50 នាក់  ក្នុងឆ្នាំ 2018 បន្ទាប់ពីទូករបស់ពួកគេបានលិចនៅក្បែរកោះភូកេត។

scroll to top