ព្យុះ Hurricane Hilary អាចគំរាមកំហែងអាយុជីវិតប្រជាជន ដែលរស់នៅភាគនិរតីនៃសហរដ្ឋអាមេរិក

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ BBC កាលពីថ្ងៃទី 20 ខែ សីហា ឆ្នាំ 2023 បានឲ្យដឹងថា អ្នកឧតុនិយមរបស់សហរដ្ឋអាមេរិកបានព្រមានថា ខ្យល់ព្យុះ Hurricane Hilary ដែលធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ម៉ិកស៊ិកូ បានចុះខ្សោយ ប៉ុន្តែវានៅតែអាចបង្កជាទឹកជំនន់ ដែល”គំរាមកំហែងដល់អាយុជីវិត” ។

មជ្ឈមណ្ឌលឩតុនិយមជាតិបាននិយាយថា ខ្យល់ព្យុះហ៊ីឡារី បានបក់បោករហូតដល់ 100 ម៉ាយក្នុងមួយម៉ោង (175 គីឡូម៉ែត្រក្នុងមួយម៉ោង) ហើយវានឹងត្រូវចុះចតនៅថ្ងៃសៅរ៍។

មជ្ឈមណ្ឌល NHC កំពុងរាយការណ៍ថាមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងផ្នែកខ្លះនៃឧបទ្វីប Baja California របស់ប្រទេសម៉ិកស៊ិកូ និងភាគនិរតីនៃសហរដ្ឋអាមេរិក។

ព្យុះ Hilary នឹងចុះខ្សោយទៅជាព្យុះត្រូពិច មុនពេលវាទៅដល់ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា។

នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតរបស់ខ្លួននៅម៉ោង 21:00 GMT នៅថ្ងៃសៅរ៍ NHC និយាយថា ខ្យល់ព្យុះនេះគឺមានចម្ងាយប្រហែល 285 ម៉ាយល៍ (459 គីឡូម៉ែត្រ) ពីភាគអាគ្នេយ៍នៃ Baja California ភាគខាងលិចបំផុតនៃ Punta Eugenia ។

លោក John Cangialosi អ្នកឯកទេសខាងព្យុះសង្ឃរាជាន់ខ្ពស់នៅ NHC ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Associated Press កាលពីថ្ងៃសៅរ៍ថា ព្យុះ “Hilary ហាក់ដូចជាបានចុះខ្សោយយ៉ាងឆាប់រហ័ស” ។ ដោយលោកបានបន្ថែមថា ពីមុនព្យុះ Hilary គឺជាព្យុះប្រភេទទី 3 ដែលមានកម្លាំងខ្យល់បក់រហូតដល់ 130 ម៉ាយក្នុងមួយម៉ោង។

NHC បាននិយាយទៀតថា ទឹកភ្លៀងអាចឡើងដល់ 10in (25cm) នៅក្នុងតំបន់មួយចំនួននៃភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា និងភាគខាងត្បូងនៃរដ្ឋណេវ៉ាដា។ ដោយមជ្ឈមណ្ឌលមួយនេះបានបន្ថែមថា “គ្រោះថ្នាក់ដែលបង្កឡើងដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងអាចនឹងត្រូវកើតឡើងថែមទៀតផង” ។

នៅក្នុងទីក្រុង San Diego សេវាអាកាសធាតុជាតិ (NWS) មុននេះ បានចេញការព្រមានសម្រាប់ “សក្តានុពលខ្ពស់” នៃទឹកជំនន់ភ្លាមៗ ហើយមនុស្សជិត 26 លាននាក់ នៅភាគនិរតីនៃសហរដ្ឋអាមេរិកស្ថិតនៅក្រោមការឃ្លាំមើលនៃស្ថានភាពទឹកជំនន់។

កាលពីថ្ងៃសុក្រ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ (Fema) មាន “បុគ្គលិក និងការផ្គត់ផ្គង់ជាមុននៅក្នុងតំបន់។

លោក​បាន​បន្ត​ថា​៖ «​ខ្ញុំ​សូម​ដាស់តឿន​អ្នក​នៅ​តាម​ផ្លូវ​ព្យុះ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​និង​ស្តាប់​ការណែនាំ​ពី​មន្ត្រី​រដ្ឋ​និង​មូលដ្ឋាន​។ ព្រោះថាផ្នែកខ្លះនៃប្រទេសម៉ិកស៊ិកូស្ថិតនៅក្រោមការឃ្លាំមើលព្យុះត្រូពិច ហើយរដ្ឋាភិបាលរបស់ខ្លួនបានដាក់ទាហ៊ាមចំនួន 18,000 នាក់ឱ្យរង់ចាំមើល ដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

នៅពេលដែលព្យុះបានធ្លាក់ចុះនោះ Major League Baseball បានកំណត់ពេលការប្រកួតចំនួនបីនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ខណៈដែល SpaceX បានពន្យារពេលការបាញ់បង្ហោះរ៉ុក្កែតចេញពីមូលដ្ឋានរបស់ខ្លួននៅលើឆ្នេរកណ្តាលនៃរដ្ឋកាលីហ្វ័រញ៉ារហូតដល់យ៉ាងហោចណាស់ត្រឹមថ្ងៃច័ន្ទ។

សេវាឧទ្យានជាតិក៏បានបិទឧទ្យានជាតិ Joshua Tree និងអភិរក្សជាតិ Mojave ទាំងនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដើម្បីការពារភ្ញៀវទេសចរពីការជាប់គាំងក្នុងករណីទឹកជំនន់។

មន្ត្រីមូលដ្ឋាននៅតាមទីក្រុងនានាទូទាំងតំបន់ រួមទាំងក្នុងរដ្ឋ Arizona កំពុងផ្តល់បាវខ្សាច់ដល់ប្រជាពលរដ្ឋដែលស្វែងរកការការពារទ្រព្យសម្បត្តិរបស់ពួកគេប្រឆាំងនឹងទឹកជំនន់ដែលអាចកើតមាន។

ខ្យល់ព្យុះសង្ឃរា និងព្យុះត្រូពិចគឺជារឿងធម្មតានៅម៉ិកស៊ិកូ ប៉ុន្តែពេលវេលាចុងក្រោយដែលព្យុះត្រូពិចបានបោកបក់នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាគឺនៅឡុងប៊ិចក្នុងឆ្នាំ 1939 ។

អ្នកជំនាញនិយាយថា ព្រឹត្តិការណ៍អាកាសធាតុមិនប្រក្រតី ដែលកំពុងញាំញីសហរដ្ឋអាមេរិក និងតំបន់ជាច្រើននៅទូទាំងពិភពលោក កំពុងត្រូវបានជះឥទ្ធិពលដោយការប្រែប្រួលអាកាសធាតុ ដែលបណ្តាលមកពីមនុស្ស។

បើយោងតាមអង្គការណាសា ដែលជាខែក្តៅបំផុតក្នុងកំណត់ត្រា ខែកក្កដា ឆ្នាំ២០២៣ ភ្លើងឆេះព្រៃដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិកសម័យទំនើបបានរីករាលដាលពាសពេញកោះហាវ៉ៃ កាលពីថ្ងៃទី ៨ ខែសីហា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១១ នាក់ ។

ការ​ខូច​ខាត​ត្រូវ​បាន​កើន​ឡើង​ដោយសារតែ​ខ្យល់​ព្យុះ​សង្ឃរាបាន​ឆ្លង​កាត់​តំបន់​នោះ។

ចិន​ កំពុងបើក​សមយុទ្ធ​ ទាំងផ្លូវទឹក និង ផ្លូវអាកាសជុំវិញ ​កោះ​តៃវ៉ាន់ ឆ្លើយតបនឹងភាព​ខឹង​សម្បារ​របស់ខ្លួន

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃទី 19​ ខែ សីហា ឆ្នាំ 2023 បានឲ្យដឹងថា យោធាចិនបានចាប់ផ្តើមធ្វើសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់កាលពីថ្ងៃសៅរ៍ ដោយប្រទេសមួយនេះបាននិយាយថា វាគឺជា “ការព្រមានដ៏ធ្ងន់ធ្ងរ” ដល់កងកម្លាំងដែលចង់បំបែកខ្លួន ជាពិសេសគឺនៅពេលដែលអនុប្រធានាធិបតីកោះតៃវ៉ាន់ លោក William Lai បានធ្វើដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិច ហើយវាគឺជាមូលហេតុចម្បងដែលនាំឲ្យរដ្ឋាភិបាលចិនមានភាពខឹងសម្បារ។

លោក Lai ដែលជាអ្នកនាំមុខគេក្នុងការក្លាយជាប្រធានាធិបតីតៃវ៉ាន់ ក្នុងការបោះឆ្នោតកាលនៅខែមករា បានធ្វើដំណើរត្រឡប់មកពីសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ហើយវាគឺជាកន្លែងសម្រាប់លោក Lai បានឈប់សម្រាកជាផ្លូវការបន្ទាប់ពីចាកចេញពីប្រទេសប៉ារ៉ាហ្គាយ។

ចិនតែងតែ​ចាត់ទុក​តៃវ៉ាន់​ជាទឹកដីរបស់ខ្លួន បើទោះបី​មានការ​ជំទាស់​យ៉ាងខ្លាំង​ពី​រដ្ឋាភិបាល​កោះ​នេះ​យ៉ាងណាក៏ដោយ​។

សម្រាប់ទីបញ្ជាការភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន ដែលមានទំនួលខុសត្រូវលើតំបន់ជុំវិញកោះតៃវ៉ាន់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ខ្លួនកំពុងអនុវត្តរួមគ្នាជាមួយកងទ័ពជើងទឹក និងផ្លូវអាកាស ដើម្បីល្បាតជុំវិញកោះមួយនេះ។

ខាងប្រទេសចិនបាននិយាយទៀតថា ខ្លួនក៏កំពុងតែធ្វើសមយុទ្ធរួមគ្នា ក្នុងការហ្វឹកហ្វឺនកងកម្លាំងជើងទឹក និងអាកាស ដោយផ្តោតលើ ការសម្របសម្រួលនាវា និងយន្តហោះ និងការដណ្តើមការគ្រប់គ្រង ដើម្បីសាកល្បង “សមត្ថភាពប្រយុទ្ធពិតប្រាកដ” របស់កងកម្លាំង។

ចិនបាននិយាយបន្ថែមទៀតថា “នេះគឺជាការព្រមានដ៏ធ្ងន់ធ្ងរមួយ ចំពោះកោះតៃវ៉ាន់ ដែលមានចិត្តចង់ប្រឆាំងនឹងប្រទេសចិន ជាពិសេសគឺការផ្តើមគំនិតនៃការចង់បំបែកខ្លួនដោយឯករាជ្យ ដោយចាប់ផ្តើមឃុបឃិតជាមួយកងកម្លាំងខាងក្រៅដើម្បីបង្ករឿង”។

ចំនែកឯក្រសួងការពារជាតិរបស់តៃវ៉ាន់បានថ្កោលទោសយ៉ាងខ្លាំងចំពោះសមយុទ្ធនេះ ដោយនិយាយថា ខ្លួននឹងបញ្ជូនកងកម្លាំងសមស្របដើម្បីឆ្លើយតប អមជាមួយនឹងកងទ័ពដែលមានសមត្ថភាព ការប្តេជ្ញាចិត្ត និងទំនុកចិត្តក្នុងការធានាបានសន្តិសុខជាតិ ចំពោះប្រជាជនលើកោះតៃវ៉ាន់។

ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការចាប់ផ្តើមសមយុទ្ធយោធាលើកនេះ គឺមិនត្រឹមតែមិនជួយដល់សុខសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីចិត្តគំនិតយោធានិយមរបស់ចិនផងដែរ”។

បើយោងតាមវិនិច្ឆ័យរបស់អ្នកជំនាញរ៉យទ័រ បាននិយាយថា វិសាលភាពនៃការធ្វើសមយុទ្ធកាលពីថ្ងៃសៅរ៍ គឺមិនមានភាពច្បាស់លាស់នោះទេ។

អ្នកភ្ជាប់និងអ្នកវិភាគផ្នែកការពារជាតិក្នុងតំបន់កំពុងពិនិត្យពិច័យលើមាត្រដ្ឋាន និងអាំងតង់ស៊ីតេនៃប្រតិបត្តិការរបស់កោះតៃវ៉ាន់ ដោយស្វែងរកការវាស់វែងនៃលទ្ធភាពរបស់ពួកគេ ដែលកំពុងប្រឆាំងនឹងល្បែងសង្គ្រាមរបស់ចិន។

គួរកត់សម្គាល់ទៀតថាចំពោះសមយុទ្ធរបស់ចិនកាលពីខែមេសា គឺកើតឡើងបន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានជួបជាមួយប្រធានសភា Kevin McCarthy ពេលឈប់សម្រាកនៅរដ្ឋកាលីហ្វ័រញ៉ា ដោយចិនធ្វើសមយុទ្ធប្រយុទ្ធពេញលេញមួយ ដោយផ្តើមចេញពីនាវាផ្ទុកយន្តហោះពីរ ដោយបានធ្វើឡើងនៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់កោះ។ មន្ត្រីតៃវ៉ាន់បាននិយាយថា លើកនេះប្រទេសចិនទំនងជាធ្វើសមយុទ្ធយោធានៅសប្តាហ៍នេះ គឺនៅជិតកោះតៃវ៉ាន់តែម្តង ក្រោមហេតុផលមួយថា ដោយសារតែលោក Lai បានធ្វើដំណើរទស្សនៈកិច្ចទៅកាន់សហរដ្ឋអាមេរិច នេះគឺជាលេសមួយដែលល្អបំផុតរបស់ចិន ដើម្បីបំភិតបំភ័យប្រជាជនលើកោះតៃវ៉ាន់ ឲ្យបានមុនការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ ។ ជាការពិតណាស់ចិនគឺមានបំណងធ្វើឱ្យប្រជាជនមានការ “ភ័យខ្លាចនឹងសង្គ្រាម”។

អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន នឹងត្រលប់មកប្រទេសថៃវិញនៅថ្ងៃអង្គារ ជាមួយនឹងកូនស្រីពៅ

អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រឡប់ទៅប្រទេសថៃវិញនៅថ្ងៃអង្គារសប្តាហ៍ក្រោយ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តកាលពីថ្ងៃ ទី 19 ខែ សីហា​ ឆ្នាំ 2023។ ដោយកូនស្រីពៅរបស់លោក ថាក់ស៊ីន ដែលមានឈ្មោះថា Paetongtarn Shinawatra “អ៊ុង អ៊ីង” បានសប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសៅរ៍។

លោកស្រី Paetongtarn ដែលជាបេក្ខជននាយករដ្ឋមន្ត្រីម្នាក់ ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីទាំងបីរបស់គណបក្សភឿថៃ បានសរសេរនៅលើ Instagram និង X របស់លោកស្រីថា “នៅព្រឹកថ្ងៃអង្គារ ទី 22 ខែសីហា វេលាម៉ោង 9 ព្រឹក ខ្ញុំនឹងទៅ Don Muang (ព្រលានយន្តហោះ) ដើម្បីស្វាគមន៍ឪពុកខ្ញុំ (ថាក់ស៊ីន)”។

លោកស្រីក៏បានបង្ហោះរៀបរាប់ទៀតថា គម្រោងត្រឡប់ទៅប្រទេសកំណើតរបស់ឪពុកខ្ញុំនឹងមិនត្រូវបានលុបចោលទៀតនោះទេ ប៉ុន្តែគឺគ្រាន់តែត្រូវបានពន្យារពេលជាច្រើនលើក ដោយលោកស្រីបានរៀបរាប់បន្ថែមថា នេះមិនមែនជាការនិយាយដែលមិនសមហេតុសមផលនោះទេ តែគឺជាទំនួលខុសត្រូវរបស់ឳពុកខ្ញុំ។

កាលពីថ្ងៃខួបកំណើតគម្រប់ ៧៤ ឆ្នាំរបស់លោក ថាក់ស៊ីន គឺត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា លោកស្រី Paetongtarn បានប្រកាសថា ឪពុករបស់គាត់នឹងមកដល់អាកាសយានដ្ឋានដុនមឿងនៅថ្ងៃទី ១០ ខែសីហា ប៉ុន្តែអ្នកសង្កេតការណ៍នយោបាយរួមមានលោក Chuvit Kamolvisit និង លោក Jatuporn Prompan បានទទូចថាពួកគេមានហេតុផលជឿថា ផែនការវិលត្រឡប់របស់គាត់គឺគ្មានអ្វីក្រៅពីការជ្រកក្តៅ និងខ្យល់ ពីភឿថៃនោះទេ។ ហើយរឿងនេះ​បាន​ជំរុញ​ឱ្យ​ ​លោកស្រី Paetongtarn មាន​ប្រតិកម្ម​ ដោយលោកស្រី​បាន​និយាយ​ថា ​ការ​អត្ថាធិប្បាយ​របស់​លោក Chuvit គឺ​មិន​សមហេតុសមផល។

នៅថ្ងៃទី 5 ខែសីហា អតីតនាយករដ្ឋមន្ត្រីដែលកំពុងរត់គេចខ្លួនរូបនេះ បានបង្ហោះនៅលើ X ដោយនិយាយថា គាត់កំពុងពន្យារពេលការវិលត្រឡប់របស់គាត់ ពីការនិរទេសដោយខ្លួនឯងពីរបីសប្តាហ៍ ដោយសារគ្រូពេទ្យចង់ឱ្យគាត់ពិនិត្យសុខភាពជាមុនសិន។

គឺវាដូចនឹងដែលបាងកកប៉ុស្តបានសរសេរ កាលពីថ្ងៃទី 16 ខែ សីហា ថា លោកស្រី Paetongtarn Shinawatra ‘Ung Ing’ ប្រធាន​គ្រួសារ​ភឿថៃ បាន​ហោះ​ទៅ​ទីក្រុង​ឌូបៃ ដើម្បី​យក​ឪពុក​របស់​ខ្លួន​ដែល​ជា​អតីត​នាយករដ្ឋមន្ត្រី លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទៅ​ជួប​គ្រូពេទ្យ​គ្រូពេទ្យ មុនពេលត្រឡប់មកប្រទេសថៃវិញ។

នៅពេលនេះអ្វីដែលជាចម្ងល់ របស់ប្រជាជន ចំពោះលោក លោកថាក់ស៊ីន ដែលជាអតីតមហាសេដ្ឋីទូរគមនាគមន៍ បានរស់នៅក្នុងនិរទេសខ្លួនឯង ចាប់តាំងពីត្រូវបានផ្តួលរំលំដោយរដ្ឋប្រហារយោធានៅថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2006។ តើលើកនេះនឹង ត្រឡប់មកប្រទេសថៃ ដូចអ្វីដែលកូនស្រីពៅរបស់លោកបានប្រកាសដែរ ឬអត់?

ប្រទេសបេឡារុស្សនិយាយថា នឹងមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងករណីមានការឈ្លានពាន ខណៈកំពុងមានភាពតាមតឹងជាមួយប្រទេសដែលជាសមាជិកណាតូ

យោងតាមទីភ្នាក់ងាររបស់សារព័ត៌មាន CNN កាលពីថ្ងៃទី 18 ខែសីហា​ ឆ្នាំ 2023 បានឲ្យដឹងថា ប្រធានាធិបតី បេឡារុស លោក Alexander Lukashenko បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បេឡារុស្ស មានឆន្ទៈក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលផ្តល់ដោយសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួនគឺប្រទេសរុស្ស៊ី ដើម្បីប្រើប្រាស់នៅពេលមានការឈ្លានពានពីបរទេស។ លោកប្រធានាធិបតី Alexander Lukashenko បាននិយាយបែបនេះកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលប្រទេសរបស់លោកកំពុងតែមានភាពតានតឹងកាន់តែខ្លាំងឡើង នៅជុំវិញតំបន់ព្រុំដែនរបស់ប្រទេសជាមួយប្រទេសដែលជាសមាជិករបស់អង្គការណាតូ។

ទីក្រុង Minsk បានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយទីក្រុងមូស្គូបានប្រើប្រាស់ប្រទេសបេឡារុស្សជាកន្លែងឈរជើងរបស់ខ្លួនសម្រាប់ការលុកលុយនៅដើមឆ្នាំ 2022 ខណៈដែលសមយុទ្ធយោធារួមគ្នារវាងរុស្សី និងបេឡារុស្សកាលពីឆ្នាំមុនបានជំរុញឱ្យមានការព្រួយបារម្ភថា កងទ័ពបេឡារុស្សអាចចូលរួមជាមួយកងកម្លាំងរុស្ស៊ីនៅក្នុង ជម្លោះលើប្រទេសអ៊ុយក្រែន។

កាលពីនៅក្នុងខែមិថុនា ក្បាលគ្រាប់នុយក្លេអ៊ែររបស់រុស្ស៊ីត្រូវ បានគេរាយការណ៍ថាបានប្រគល់ទៅឱ្យប្រទេសបេឡារុស្ស សម្រាប់ “ការការពារខ្លួន” នេះបើយោងតាមការថ្លែងសន្ទរកថារបស់ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។

នៅក្នុងបទសម្ភាសន៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Belta បានឲ្យដឹងថា លោក Alexander Lukashenko បានអះអាងថា ប្រទេសបេឡារុស្សនឹង “មិនចូលរួមក្នុងសង្គ្រាមនេះទេ” លុះត្រាតែជនជាតិអ៊ុយក្រែនឆ្លងកាត់ព្រំដែនរបស់ខ្លួន។ ប៉ុន្តែលោកបានបន្ថែមថា “យើងនឹងបន្តជួយរុស្ស៊ី ព្រោះពួកគេគឺជាសម្ព័ន្ធមិត្តដ៏ល្អរបស់យើង”។

លោក Alexander Lukashenko ក៏បានព្រមានផងដែរថា ប្រសិនបើមានការបង្ករហេតុណាមួយកើតឡើង ជាពិសេសប្រទេសជិតខាងដែលជាសមាជិកណាតូ ដូចជាប៉ូឡូញ លីទុយអានី និងឡាតវី នោះបេឡារុស្សនឹង “ឆ្លើយតបភ្លាមៗជាមួយនឹងអ្វីៗទាំងអស់ដែលយើងមាន” រួមទាំងអាវុធនុយក្លេអ៊ែរថែមទៀតផង។

បើគិតមកទល់នឹងពេលនេះវាមិនច្បាស់ទេថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីមានចំនួនប៉ុន្មាន ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសបេឡារុស្សនានោះទេ ហើយមន្ត្រីអាមេរិក និងលោកខាងលិចមិនបានបញ្ជាក់ជាសាធារណៈថា តើមានអាវុធណាមួយត្រូវបានផ្ទេរ បើទោះបីជាមន្ត្រីជាន់ខ្ពស់មកពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអាមេរិក (DIA) បាននិយាយថា ពួកគេគ្មានហេតុផលដើម្បី សង្ស័យ” លើការអះអាងរបស់លោកពូទីន។

បើយោងតាមការរៀបរាប់ក្នុងអំឡុងពេលសម្ភាសន៍វិញ លោក Alexander  Lukashenko បាននិយាយថា ប្រសិនបើបេឡារុស្សត្រូវរងការវាយប្រហារនោះ “យើងនឹងមិនរង់នោះទេ។ យើង​នឹង​ប្រើ​ឃ្លាំង​អាវុធ​ទាំង​មូល​សម្រាប់​ការ​រារាំង»។

ហើយកាលនោះលោក​បាន​បន្ថែម​ថា៖ «យើង​មិន​បាន​នាំ​អាវុធ​នុយក្លេអ៊ែរ​មក​ទី​នេះ ​ដើម្បី​បន្លាច​នរណា​ម្នាក់​នោះ​ទេ “ព្រោះថា អាវុធនុយក្លេអ៊ែរតំណាងឱ្យកត្តារារាំងដ៏ខ្លាំងក្លាមួយ។ ប៉ុន្តែទាំងនេះគឺជាអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ មិនមែនជាអាវុធយុទ្ធសាស្ត្រទេ។ នេះ​ជា​មូល​ហេតុ​ដែល​យើង​នឹង​ប្រើ​វា​ភ្លាមៗ​នៅ​ពេល​ការ​ឈ្លានពាន​ ត្រូវ​បាន​ចាប់​ផ្តើម​ប្រឆាំង​នឹង​យើង»។

បើតាមការវិភាគ​ របស់មន្ត្រីជាន់ខ្ពស់ DIA បាននិយាយកាលពីខែកក្កដាថា ពួកគេមិនជឿថា លោក Alexander Lukashenko  នឹងមានសិទ្ធិក្នុងការគ្រប់គ្រងណាមួយលើឃ្លាំងអាវុធ ដែលជារបស់រុស្ស៊ីនោះទេ។

scroll to top