ពូទីននិយាយថា៖ ការបញ្ជូនរថក្រោះ ចូលទៅក្នុងប្រទេសហុងគ្រី និងឆេកូស្លូវ៉ាគី នៅក្នុងសម័យសង្គ្រាមត្រជាក់សូវៀត វាគឺជាកំហុសមួយ។

នៅក្នុងទីក្រុង VLADIVOSTOK នៃប្រទេសរុស្ស៊ីកាលពីថ្ងៃទី 12 ខែកញ្ញា ឆ្នាំ ២០២៣ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានReuters បានរាយការណ៍ថា  ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយកាលពីថ្ងៃអង្គារថា ការសម្រេចចិត្តរបស់សហភាពសូវៀតក្នុងការបញ្ជូនរថក្រោះចូលទៅក្នុងប្រទេសហុងគ្រីនិងឆេកូស្លូវ៉ាគី គឺដើម្បីកំទេចការតវ៉ាទ្រង់ទ្រាយធំក្នុងអំឡុងពេលសង្រ្គាមត្រជាក់គឺជាកំហុសមួយ។

លោកពូទីនបាននិយាយនៅពេលដែលមានការសាកសួរអំពីការយល់ឃើញរបស់រុស្ស៊ី ដែលធ្លាប់តែជាមហាអំណាចអាណានិគម តែដោយសារតែការសម្រេចចិត្តរបស់ទីក្រុងម៉ូស្គូក្នុងការបញ្ជូនរថក្រោះចូលទៅក្នុងទីក្រុង Budapest ក្នុងឆ្នាំ 1956 និងចូលទៅក្នុងទីក្រុង Prague ក្នុងឆ្នាំ 1968 ។

លោក ពូទីន ដែលមេដឹកនាំម្នាក់ ដែលកាលពីឆ្នាំ 2022 គាត់ក៏បានបញ្ជូនទាហ៊ានរាប់ម៉ឺននាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែន ដែលនាំឲ្យមានការបង្កជាសង្គ្រាមដីគោកដ៏ធំបំផុតនៅក្នុងទ្វីអឺរ៉ុប។ បើយើងគិតចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក លោកបាននិយាយថា “វាមិនត្រឹមត្រូវទេក្នុងការធ្វើអ្វីមួយនៅក្នុងគោលនយោបាយការបរទេសដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាជនផ្សេងទៀត”។

លោកពូទីនបាននិយាយទៀតថា សហរដ្ឋអាមេរិកកំពុងធ្វើកំហុសដូចគ្នានឹងសហភាពសូវៀតដែរ។ លោក​បាន​និយាយ​ថា រដ្ឋាភិបាល​របស់ទីក្រុង​វ៉ាស៊ីនតោន​គ្មាន​មិត្តភ័ក្តិ​ទេ គឺមាន​តែ​ផលប្រយោជន៍តែប៉ុណ្ណោះ។

ចូលរំលឹកថា ការបះបោរនៅក្នុងប្រទេសហុងគ្រីកាលពីឆ្នាំ 1956 ត្រូវបានកំទេចដោយសារតែរថក្រោះ និងកងទ័ពសូវៀត។ ដោយកាលនោះយ៉ាងហោចណាស់មានជនជាតិហុងគ្រីចំនួន 2,600នាក់ និងទាហ៊ានសូវៀតចំនួន 600 នាក់ត្រូវបានបាត់បង់ជីវិតនៅក្នុងការប្រយុទ្ធគ្នា។

នៅក្នុងរដូវផ្ការីកកាលពីឆ្នាំ 1968 ត្រូវបានបញ្ចប់នៅពេល ដែលកងកម្លាំងកតិកាសញ្ញាវ៉ារស្សាវ៉ាដឹកនាំដោយសូវៀតបានលុកលុយសាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគី។ ជនជាតិឆេក និងស្លូវ៉ាគីប្រហែល ១៣៧ នាក់បានស្លាប់ដោយសារការលុកលុយមួយនេះ នេះបើយោងតាមអ្នកប្រវត្តិសាស្ត្រឆេក។

ទឹកជំនន់ នៅលីប៊ី បានលេបត្របាក់ទីក្រុង DERNA បានធ្វើឲ្យមានមនុស្សបាត់ខ្លួនប្រមាណ 10,000 នាក់

បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី ១២​ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា នៅក្នុងទីក្រុង DERNA នៃប្រទេសលីប៊ី មានមនុស្សយ៉ាងតិច ១០,០០០នាក់ ត្រូវបានគេភ័យខ្លាចថា អាចត្រូវបានបាត់ខ្លួននៅក្នុងប្រទេសលីប៊ី កាលពីថ្ងៃអង្គារ ខណៈដែលគ្រោះទឹកជំនន់ដែលបង្កឡើងដោយព្យុះដ៏ធំមួយ បានបំផ្ទុះទំនប់វារីអគ្គិសនី ហើយវាបានបោកបក់បំផ្លាញអគារជាច្រើន ការបាត់បង់នេះទៀតសោតត្រូវបានអាជ្ញាធារនិយាយថា វាអាចស្មើនឹងមួយភាគបួននៃទីក្រុងភាគខាងកើតនៃប្រទេស។

បើយោងតាមប្រភពមួយបានឲ្យដឹងថា សាកសពមនុស្សជាង 1,000 នាក់ត្រូវបានគេរកឃើញរួចហើយនៅក្នុងទីក្រុង Derna។ ហើយក្រុមមន្ត្រីបានរំពឹងទុកថា ចំនួនអ្នកស្លាប់នឹងកើនឡើងច្រើនជាងនេះ គឺបន្ទាប់ពីព្យុះ Daniel បានបក់កាត់សមុទ្រមេឌីទែរ៉ាណេចូលទៅក្នុងប្រទេសកំសត់មួយនេះ ដែលធ្លាប់ដួលរលំបន្ទាប់ពីជម្លោះជាងមួយទសវត្សរ៍កន្លងមក។

នៅក្នុងហេតុការណ៍នោះផងដែរ មានអ្នកកាសែតរបស់រ៉យទ័រម្នាក់ កំពុងតែនៅតាមផ្លូវដើម្បីធ្វើដំណើរទៅកាន់ទីក្រុង Derna ដែលជាទីក្រុងឆ្នេរសមុទ្រមួយ ដែលមានប្រជាជនរស់នៅប្រហែល 125,000 នាក់ ហើយបន្ទាប់ពីព្យុះនោះបានបក់បោក អ្នកយកព័ត៌មានបានឃើញថា មានរថយន្តជាច្រើនបានក្រឡាប់នៅតាមដងផ្លូវ ព្រមទាំងមានដើមឈើដួលរលំ ហើយផ្ទះដែលប្រជាជនរស់នៅត្រូវបានជន់លិចទឹក។

លោក Hichem Abu Chkiouat រដ្ឋមន្ត្រីក្រសួងអាកាសចរណ៍ស៊ីវិល និងជាសមាជិកនៃគណៈកម្មាធិការសង្គ្រោះបន្ទាន់នៅក្នុងរដ្ឋបាល ដែលគ្រប់គ្រងភាគខាងកើតបាននិយាយប្រាប់រ៉យទ័របានទូរស័ព្ទថា  “ខ្ញុំបានត្រលប់មកពីទីក្រុង Derna វិញហើយ វាពិតជាគ្រោះមហន្តរាយដែលគួរឲ្យភ័យខ្លាចខ្លាំងណាស់។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​ចំនួន​សាកសព​ដែល​បាន​រក​ឃើញ​នៅ​ទីក្រុង Derna គឺ​មាន​ច្រើន​ជាង 1,000 នាក់ទៅទៀត។ “ខ្ញុំមិននិយាយបំផ្លើសទេ នៅពេលនេះ ខ្ញុំនិយាយអាចនិយាយបានថា 25% នៃប្រជាជនដែលរស់នៅក្នុងទីក្រុងគឺបានបាត់ខ្លួន គឺដោយសារតែមានអគារជាច្រើនបានដួលរលំ” ។

បើយោងតាមការរៀបរាប់របស់លោក Tamer Ramadan ប្រធានគណៈប្រតិភូនៃសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ តាមរយៈតំណភ្ជាប់វីដេអូពីទុយនីស៊ី ថា “យើងអាចបញ្ជាក់បានពីប្រភពឯករាជ្យរបស់យើងនៃព័ត៌មានថាចំនួនអ្នកបាត់ខ្លួនគឺ រហូត​មក​ដល់​ពេល​នេះ​មាន​ដល់​ទៅ ១០ ម៉ឺន​នាក់»។

បើយោងតាមវីដេអូមួយបានបង្ហាញថា ទឹកជំនន់ដោយសារទឹកភ្លៀវបន្ទាប់ពីព្យុះ Daniel បានហូរកាត់ទីក្រុង Derna បន្ទាប់​ពី​ទំនប់​បាន​ផ្ទុះ ហើយក្រោយមកវាក៏បង្ករឲ្យអាគារជាច្រើនបានបាក់បែក។

គួរបញ្ជាក់ថា ទីក្រុង Derna គឺជាទីក្រុងមួយដែលប្រសព្វដោយទន្លេ ហើយតាមរដូវដែលទឹកហូរ គឺហូរពីតំបន់ខ្ពង់រាបទៅកាន់ភាគខាងត្បូង បើជាធម្មតាប្រជាជនក្នុងតំបន់ត្រូវបានការពារពីការជន់លិចដោយសារតែទំនប់។ ប្រភពខាងលើបានឲ្យដឹងទៀតថា សំណល់នៃទំនប់ដែលបាក់នៅចម្ងាយប្រហែល 11.5 គីឡូម៉ែត្រ (7 ម៉ាយល៍) ខាងលើនៃទីក្រុង ដែលជាជ្រលងទន្លេចំនួនពីរបានហូរមកបញ្ចូលគ្នា ដែលឥឡូវនេះគឺបានហ៊ុំព័ទ្ធទៅដោយទឹកជំនន់ប្រៀបបានដូចជាអាងស្តុកទឹកល្អក់ដ៏ធំមួយទៅវិញ។

គួររំលឹកថា ប្រទេសលីប៊ីគឺជាប្រទេសមួយដែលត្រូវបានគេបែងចែកផ្នែកនយោបាយរវាងភាគខាងកើត និងខាងលិច ហើយសេវាសាធារណៈបានដួលរលំចាប់តាំងពីមានការបះបោរគាំទ្រដោយអង្គការណាតូកាលពីឆ្នាំ 2011 ដែលបានជំរុញឱ្យមានជម្លោះជាច្រើនឆ្នាំ។

បច្ចុប្បន្នរដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅទីក្រុងទ្រីប៉ូលី មិនបានគ្រប់គ្រងតំបន់ភាគខាងកើតនោះទេ ប៉ុន្តែបានបញ្ជូនជំនួយទៅកាន់ទីក្រុង Derna ដោយមានជើងហោះហើរសង្គ្រោះយ៉ាងហោចណាស់មួយបានចាកចេញពីទីក្រុង Misrata ភាគខាងលិចកាលពីថ្ងៃអង្គារ នេះបើយោងតាមអ្នកកាសែតរបស់រ៉យទ័រដែលស្ថិតនៅលើយន្តហោះបានរាយការណ៍។

នៅពេលនេះផងដែរ មានប្រទេសផ្សេងទៀតជាច្រើនរួមទាំងសហរដ្ឋអាមេរិកបាននិយាយថាពួកគេនឹងជួយឩបត្ថមដល់គ្រោះមហន្តរាយមួយនេះ។

ទីក្រុងវ៉ាស៊ីនតោន បញ្ជូនប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្ររបស់កងទ័ពទៅកាន់ ប្រទេសអ៊ុយក្រែន

រដ្ឋបាលលោក Joe Biden ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការផ្គត់ផ្គង់អ៊ុយក្រែននូវមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលផ្ទុកដោយគ្រាប់បែកចង្កោម ការធ្វើដូច្នេះ វាអាចបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងទឹកដីដែលកាន់កាប់ដោយរុស្ស៊ី នេះបើយោងតាមមន្ត្រីអាមេរិកបួននាក់ ដែលបានចុះផ្សាយតាមរយៈសារព័ត៌មាន VOA កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៣។

បន្ទាប់ពីបានឃើញភាពជោគជ័យនៃគ្រាប់បែកចង្កោម ដែលបានចែកចាយក្នុងគ្រាប់កាំភ្លើងធំដែលមានទំហំ 155 មីលីម៉ែត្រក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សហរដ្ឋអាមេរិកក៏កំពុងតែពិចារណាលើការដឹកជញ្ជូនប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រកងទ័ព (ATACMS) ដែលអាចហោះបានចម្ងាយដល់ទៅ 306 គីឡូម៉ែត្រ និងប្រព័ន្ធកាំជ្រួច Guided Multiple Launch Rocket System (GMLRS) ដែលមានចំនួន 72 គ្រាប់ថែមទៀតផង។

តែបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងទៀតថា ប្រព័ន្ធរ៉ុក្កែត រយៈចម្ងាយឆ្ងាយ GMLRS អាចផ្ទុកគ្រាប់បែកចង្កោមរហូតដល់ 404 គ្រាប់។  ឥឡូវនេះផងដែរខាងរដ្ឋបាល លោក Joe Biden កំពុងពិចារណាបន្ថែមទៀតលើការផ្គត់ផ្គង់ ATACMS ដោយខ្លួនមានការបារម្ភថា ការដឹកជញ្ជូនរបស់ពួកគេទៅកាន់អ៊ុយក្រែននឹងត្រូវបានក្រុមអ្នករិៈគន់ចាត់ទុកថា វាជាសកម្មភាពឈ្លានពានហួសហេតុក្នុងការប្រឆាំងនឹងរុស្ស៊ី។

បើយោងតាមប្រភពចំនួនពីរបានប្រាប់រ៉យទ័រថា ជាមួយនឹងការវាយលុករបស់អ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី បើទោះជាមានការបង្ហាញសញ្ញានៃវឌ្ឍនភាពក៏ដោយនោះ តែខាងទីក្រុងវ៉ាស៊ីនតោនចង់ជំរុញយោធាអ៊ុយក្រែនប្រើវានៅពេលដែលសំខាន់តែប៉ុណ្ណោះ។

យោធារបស់ប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃច័ន្ទថា កងកម្លាំងអ៊ុយក្រែនបានគ្រប់គ្រងឡើងវិញនូវកន្លែងខួងយកឧស្ម័ន និងប្រេងនៅឈូងសមុទ្រជាច្រើននៅជិតតំបន់គ្រីមៀ។

ដោយពួកគេបាននិយាយនៅលើ Telegram ថា ប្រតិបត្តិការនេះរួមមានកងកម្លាំងពិសេសរបស់អ៊ុយក្រែន បានបំផ្លាញយន្តហោះចម្បាំងរុស្ស៊ី Su-30 ថែមទាំងបានចាប់បានគ្រាប់រំសេវ ឧទ្ធម្ភាគចក្រ និងឧបករណ៍រ៉ាដាជាដើម។

ប្រទេសអ៊ុយក្រែន​ក៏​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា កងទ័ព​របស់​ខ្លួន​បាន​ដណ្តើម​យក​ទឹកដី​បន្ថែម​ទៀត​នៅ​សមរភូមិ​ភាគ​ខាង​កើត និង​ខាង​ត្បូង​ក្នុង​សប្តាហ៍​មុន​នៃ​ការ​វាយលុក​របស់​ខ្លួន​ប្រឆាំង​នឹង​កម្លាំង​រុស្ស៊ី។

ដោយក្នុងនោះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller  បានកត់សម្គាល់ថាជនជាតិអ៊ុយក្រែនបានយកមកវិញប្រហែល 50% ទឹកដីដែលរុស្ស៊ីធ្លាប់បានកាន់កាប់ បើគិតចាប់តាំងពីមានការឈ្លានពានពេញលេញរបស់រុស្ស៊ីកន្លងមក។

អ្នកនាំពាក្យក្រសួងការបរទេសរូបនេះបាននិយាយទៀតថា ការបង្ហាញមួយនៃផលលំបាករបស់រុស្ស៊ីក្នុងការទ្រទ្រង់កិច្ចខិតខំប្រឹងប្រែងយោធារបស់ខ្លួនគឺបានបង្ហាញតាមរយៈ ទង្វេលរបស់លោក [ប្រធានាធិបតីរុស្ស៊ី]  វ្ល៉ាឌីមៀ ពូទីន ដោយបាន”ធ្វើដំណើរឆ្លងកាត់ប្រទេសរបស់គាត់ ដោយពាក់មួកក្នុងដៃ ដើម្បីអង្វរ [មេដឹកនាំកូរ៉េខាងជើង] គីម ជុងអ៊ុន សម្រាប់ជំនួយយោធា” ។

ជំនួប​រវាង​មេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីរុស្ស៊ី ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នៅ​ទីក្រុង Vladivostok នៃប្រទេស​រុស្ស៊ី។

លោក Miller បាននិយាយថា “យើងនឹងតាមដានយ៉ាងដិតដល់នូវលទ្ធផលនៃកិច្ចប្រជុំនេះ” ។ “ខ្ញុំនឹងរំលឹកប្រទេសទាំងពីរថា ការផ្ទេរអាវុធពីកូរ៉េខាងជើងទៅរុស្ស៊ីនឹងបំពានលើដំណោះស្រាយជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយជាការពិតណាស់ ពួកយើងបានអនុវត្តទណ្ឌកម្មរបស់យើងយ៉ាងចាស់ដៃ ដើម្បីប្រឆាំងនឹងអង្គភាពដែលផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ី។ យើងនឹងបន្តការ​អនុវត្ត​ទណ្ឌកម្ម​ទាំង​នោះ ហើយ​នឹង​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​អនុវត្ត​ទណ្ឌកម្ម​ថ្មី​ប្រសិនបើវាកើតឡើងពិតមែននោះ»។

កូរ៉េខាងជើងលោក គីម ជុងអ៊ុន ទៅដល់រុស្ស៊ី ស្របពេលដែលអាមេរិកព្រមានមិនឲ្យលក់អាវុធ

ប្រទេសរុស្ស៊ី នៅថ្ងៃទី 12 ខែកញ្ញា ឆ្នាំ ២០២៣ បើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍នៅថ្ងៃអង្គារនេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានទៅដល់ប្រទេសរុស្ស៊ីហើយ សម្រាប់អ្វីដែលវិមានក្រឹមឡាំងបាននិយាយថា នឹងក្លាយជាការពិភាក្សាដ៏ទូលំទូលាយជាមួយប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ស្របពេលដែលមានការព្រមានពីទីក្រុងវ៉ាស៊ីនតោនថា កូរ៉េខាងជើងរ មិនគួរយល់ព្រមលើកិច្ចព្រមព្រៀងអាវុធជាមួយនឹងរុស្ស៊ីនោះទេ។

លោក គីម បានចាកចេញពីទីក្រុងព្យុងយ៉ាងទៅកាន់ប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យតាមរថភ្លើងឯកជនរបស់គាត់ ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃអង្គារ អមដោយមន្ត្រីឧស្សាហកម្មអាវុធកំពូល និងមន្ត្រីយោធា និងរដ្ឋមន្ត្រីការបរទេស។

ខាងទីភ្នាក់ងារសារព័ត៌មានតូក្យូរបស់ប្រទេសជប៉ុនបានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់ប្រភពផ្លូវការរបស់រុស្ស៊ី ដែលមិនបញ្ចេញឈ្មោះថា រថភ្លើងបានដឹកលោកគីម បានទៅដល់ស្ថានីយ៍ Khasan ដែលជាច្រកផ្លូវដែកសំខាន់ទៅកាន់ចុងបូព៌ារបស់រុស្ស៊ីពីកូរ៉េខាងជើង។

អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា ពួកគេជឿជាក់ថា លោក គីម បានចូលប្រទេសរុស្ស៊ីកាលពីព្រឹកថ្ងៃអង្គារ។

លោក គីម មិនធ្វើដំណើរទៅក្រៅប្រទេសញឹកញាប់ទេ ដោយបានធ្វើដំណើរតែប្រាំពីរដងពីប្រទេសរបស់គាត់ និងបានបោះជំហ៊ានពីរដងឆ្លងកាត់ព្រំដែនអន្តរកូរ៉េក្នុងរយៈពេល 12 ឆ្នាំរបស់គាត់ក្នុងរយៈពេលនៃការកាន់អំណាចរបស់គាត់តែប៉ុណ្ណោះ។ ដំណើរទស្សនៈកិច្ចរបស់អ្នក​ទាំង​បួនលើកនេះ ត្រូវបានគេដឹងថា ​គឺធ្វើឡើងដើម្បីទៅជួប​សម្ព័ន្ធមិត្ត​នយោបាយ​សំខាន់​របស់​កូរ៉េខាងជើងផងដែរនោះ គឺ​ប្រទេស​ចិន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា “វានឹងក្លាយជាដំណើរទស្សនកិច្ចដ៏ពេញលេញមួយ” ។ ព្រោះវា”នឹងមានការចរចាររវាងគណៈប្រតិភូទាំងពីរ ហើយបន្ទាប់ពីនោះ ប្រសិនបើចាំបាច់ មេដឹកនាំនឹងបន្តទំនាក់ទំនងរបស់ពួកគេក្នុងទម្រង់មួយទល់មួយ”ផងដែរ។

បើទោះជាយ៉ាងនេះក្តី ក៏មន្ត្រីម្នាក់នៅរដ្ឋបាល Khasan បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នៃការមកដល់របស់លោក Kim នោះទេ។

ប៉ុន្តែចំពោះមន្ត្រីអាមេរិក បាននិយាយថា ដំណើរទស្សនកិច្ចនេះគឺ ដើម្បីការចរចាអាវុធរវាងរុស្ស៊ី និងកូរ៉េខាងជើងតែប៉ុណ្ណោះ។ ព្រោះនៅពេលនេះ លោក ពូទីន ពិតជាត្រូវការលោក គីម ដោយទំនងជានឹងពិភាក្សាអំពីការផ្តល់អាវុធដល់រុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។

ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ីបាននិយាយថា លោកពូទីនបានទៅដល់ទីក្រុង Vladivostok កាលពីថ្ងៃច័ន្ទ។ ហើយលោកគ្រោងនឹងចូលរួមសម័យប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចបូព៌ា ដែលដំណើរការរហូតដល់ថ្ងៃពុធ។

ក្នុងនោះ លោក Peskov បាននិយាយថា កិច្ចប្រជុំរបស់គាត់ជាមួយលោក Kim នឹងធ្វើឡើងបន្ទាប់ពីវេទិកា ហើយលោកបាននិយាយថា វាគ្មានសន្និសីទសារព័ត៌មានណាមួយត្រូវបានគ្រោងទុកនោះទេ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី។

បើគិតមកទល់នឹងពេលនេះ វានូវតែមិន​ទាន់​មាន​ការ​បញ្ជាក់​ពី​ទីតាំង​នៃ​ជំនួប​ រវាង​លោក Kim នឹង លោក ពូទីន នៅឡើយទេ។

ហើយម្យ៉ាងវិញទៀត ទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូក៏បានបដិសេធថា កូរ៉េខាងជើងនឹងមិនផ្គត់ផ្គង់អាវុធដល់ប្រទេសរុស្ស៊ី ដែលបានចំណាយស្តុកអាវុធយ៉ាងច្រើននៅក្នុងសង្គ្រាមជាង 18 ខែនោះដែរ។

យ៉ាងណាមិញខាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តបានសម្តែងការព្រួយបារម្ភចំពោះសញ្ញាថ្មីៗនៃកិច្ចសហប្រតិបត្តិការយោធាកាន់តែជិតស្និទ្ធរវាងរុស្ស៊ី និងកូរ៉េខាងជើង ដោយសារតែពួកគេសុទ្ធសឹងតែជាប្រទេសដែលមានអាវុធនុយក្លេអ៊ែរ។ សហរដ្ឋអាមេរិកតែងតែព្រួយបារម្មណ៍ថា វានឹងក្លាយជាជំនួបកំពូលលើកទីពីររបស់លោកគីមជាមួយលោកពូទីន បន្ទាប់ពីពួកគេបានជួបគ្នានៅឆ្នាំ 2019 ក្នុងដំណើរចុងក្រោយរបស់គាត់នៅបរទេស។

scroll to top