ភ្លៀង​ធ្លាក់​ពី​ព្យុះ​ទីហ្វុង​វាយ​ប្រហារ​ប្រទេស​ចិន​ជា​ថ្ងៃ​ទី​ប្រាំពីរ

ទីក្រុងប៉េកាំង នៅថ្ងៃទី 11 ខែកញ្ញា ឆ្នាំ២០២៣ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងដែលបណ្តាលមកពីព្យុះទីហ្វុងមួយបានធ្វើឱ្យលិចតំបន់មួយចំនួននៅភាគខាងត្បូងនៃប្រទេសប្រទេសចិន អស់រយៈពេលប្រាំពីរថ្ងៃមកហើយ ខណៈដែលពពកព្យុះកំពុងរំកិលពីខេត្តក្វាងទុងតាមឆ្នេរសមុទ្រទៅកាន់ខេត្តក្វាងស៊ី ហើយបានជន់លិចតំបន់តាមវាលទំនាប។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃច័ន្ទថា នៅតំបន់ជនបទ Bobai ក្នុងតំបន់ Guangxi ក្រុមអ្នកជួយសង្គ្រោះគឺនៅលើទូក ដើម្បីព្យាយាមជួយមនុស្សទៅកាន់កន្លែងសុវត្ថិភាពចាប់តាំងពីយប់ថ្ងៃអាទិត្យ ខណៈដែលទឹកភ្លៀងលិចគឺជ្រៅជាង 2 ម៉ែត្រ (6.6 ហ្វីត) ទៅទៀត។

ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថា នឹងបន្តកើតមាននៅក្នុងខេត្តក្វាងស៊ី ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះថែមទៀតផង។

បច្ចុប្បន្នបើទោះជាព្យុះ ទីហ្វុងHaikui បានចុះខ្សោយទៅជាព្យុះត្រូពិចក៏ពិតមែន តែបើគិតចាប់តាំងពីវាបានបោកបក់ក្នុងខេត្ត Fujian កាលពីថ្ងៃទី 5 ខែកញ្ញាមក ចរន្តដែលនៅសេសសល់របស់វាបានបន្តធ្វើឱ្យមានការបំផ្លិចបំផ្លាញនៅភាគខាងត្បូងនៃប្រទេសចិនជាច្រើន ដោយក្នុងនោះរួមមានទីក្រុង Shenzhen ដែលមានប្រជាជនច្រើនបានលិចលង់ដោយភ្លៀងធ្លាក់ខ្លាំងបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ 1952 ។ ចំនែកឯទីក្រុងហុងកុង ដែលនៅជិតខាង ត្រូវបានរុញច្រានដោយព្យុះដ៏អាក្រក់បំផុតក្នុងរយៈពេល 140 ឆ្នាំចុងក្រោយនេះផងដែរ។

ខាងអ្នកវិទ្យាសាស្ត្រព្រមានថា ព្យុះទីហ្វុងដែលកំពុងវាយលុកប្រទេសចិនកាន់តែខ្លាំង វានឹងបង្កើនហានិភ័យនៃគ្រោះមហន្តរាយ សូម្បីតែនៅក្នុងទីក្រុងឆ្នេរសមុទ្រដូចជា Shenzhen ដែលមានព្យុះស៊ីក្លូនត្រូពិចជាទៀងទាត់ក៏ដោយ។

លោក Shao Sun អ្នកជំនាញអាកាសធាតុនៅសកលវិទ្យាល័យ California, Irvine បាននិយាយថា “ព្យុះទីហ្វុង ដែលផ្លាស់ទីទៅឆ្ងាយក្នុងដីប៉ះពាល់ដល់តំបន់ដែលមិនសូវមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ដែលជារឿយៗមានភាពធន់នឹងគ្រោះមហន្តរាយទាប ដែលនាំឱ្យមានការខាតបង់កាន់តែធ្ងន់ធ្ងរ” ។

“នៅក្នុងករណីនៃទីក្រុង Shenzhen នេះ គ្រោះមហន្តរាយកើតឡើងជាចម្បងដោយសារតែចលនាយឺតទៅទិសខាងលិចនៃចរាចរសំណល់របស់ Haikui ដែលស្ទើរតែជាប់គាំងនៅក្នុងទីតាំងលំហរបស់វា ចាប់ពីរសៀលថ្ងៃទី 7 ខែកញ្ញា ដល់ព្រឹកព្រលឹមថ្ងៃទី 8 ខែកញ្ញា និង “ឥទ្ធិពលនៃបណ្តុំនៃពពកខ្មៅជាច្រើន” ទើបបង្ករឲ្យមាន “ភ្លៀងធ្លាក់ខ្លាំងបានកើតឡើង ហើយវាគឺជាព្រឹត្តិការណ៍ដែលលើសពីកម្រិតដែលរំពឹងទុករបស់អ្នកជំនាញទៅទៀត”។

ក្រុមអ្នក​ជួយ​សង្គ្រោះកំពុង​តាម​រក​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​ម៉ារ៉ុក

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី 10 ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះបានស្វែងរកកាលពីថ្ងៃអាទិត្យសម្រាប់អ្នកនៅរស់រានមានជីវិត បន្ទាប់ពីការរញ្ជួយដីដ៏សាហាវបំផុតរបស់ប្រទេសម៉ារ៉ុក ក្នុងរយៈពេលជាង 6 ទសវត្សរ៍ចុងក្រោយ។ ដោយក្នុងនោះមានមនុស្សជាង 2,000 នាក់បានស្លាប់ដោយសារគ្រោះមហន្តរាយនៃការរញ្ជួយដី។

បច្ចុប្បន្នមានមនុស្សជាច្រើននាក់ បានចំណាយពេលមួយ យប់ នៅក្នុងទីវាល បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត 6.8 រិចទ័របានវាយប្រហារកាលពីល្ងាចថ្ងៃសុក្រ។ ចំនែកឯបុគ្គលិកផ្នែកជួយសង្គ្រោះ បានប្រឈមមុខនឹងបញ្ហាប្រឈមក្នុងការទៅដល់ភូមិដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុង High Atlas ដែលជាជួរភ្នំដែលមានផ្លូវរដេបរដុប នឹងដាច់ស្រយាល ហើយវាជាជាកន្លែងដែលមាន ផ្ទះជាច្រើនបានដួលរលំ ។

កំណាត់ច្រាំងថ្មចោទធំៗបានបាក់ និងធ្លាក់មកលើផ្លូវក្បែរ Moulay Brahim ដែលជាភូមិមួយនៅចម្ងាយ 40 គីឡូម៉ែត្រ (25 ម៉ាយ) ភាគខាងត្បូងនៃទីក្រុង Marrakech ដែលមួយផ្នែកបានបិទផ្លូវខ្យល់ដែលតភ្ជាប់ទីក្រុងទៅកាន់ភ្នំ Atlas ។

 អ្នកស្រុកម្នាក់មកពីតំបន់ Asni បាននិយាយប្រាប់រ៉យទ័រថា “មានមនុស្សជាច្រើននៅតែនៅក្រោមគំនរបាក់បែក ហើយមនុស្សជាច្រើនទៀតនៅតែស្វែងរកឪពុកម្តាយរបស់ពួកគេ” ។

បើយោងតាមតួលេខចុងក្រោយរបស់ក្រសួងមហាផ្ទៃបានដាក់ចំនួនអ្នកស្លាប់ចំនួន 2,012 នាក់ ដោយមនុស្សចំនួន 2,059 នាក់បានរងរបួស ក្នុងនោះមាន 1,404 នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ប្រទេសម៉ារ៉ុកបានប្រកាសកាន់ទុក្ខរយៈពេលបីថ្ងៃ ហើយព្រះមហាលក្សត្រ Mohammed VI បានអំពាវនាវឱ្យមានការអធិស្ឋានសម្រាប់អ្នកស្លាប់ ដែលនឹងត្រូវធ្វើឡើងនៅវិហារអ៊ីស្លាមនៅទូទាំងប្រទេសកាលពីថ្ងៃអាទិត្យ។

អង្គការសុខភាពពិភពលោកបាននិយាយថា មនុស្សជាង 300,000 នាក់ បានទទួលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ។

លោកស្រី Caroline Holt នាយកប្រតិបត្តិសកលសម្រាប់សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងសង្គមអឌ្ឍចន្ទក្រហម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រយៈពេល 24 ទៅ 48 ម៉ោងបន្ទាប់នឹងមានសារៈសំខាន់ក្នុងការជួយសង្គ្រោះជីវិត” ។

ភូមិ Tansghart ក្នុងតំបន់ Ansi នៅម្ខាងនៃជ្រលងភ្នំ ដែលផ្លូវពី Marrakech ឡើងទៅកាន់ High Atlas គឺជាតំបន់រងគ្រោះដ៏អាក្រក់បំផុតក្នុងចំណោមអ្នកកាសែត Reuters ជាច្រើននាក់ ដែលបានទៅទស្សនាកាលពីថ្ងៃសៅរ៍។

ផ្ទះ​ដ៏​ស្រស់​ស្អាត​របស់​វា ដែល​តោង​ជាប់​នឹង​ភ្នំ​ដ៏ចោត ត្រូវ​បាន​បាក់​របើក​ដោយ​ដី​ញ័រ ចំនែកផ្ទះខ្លះទៀតដែល​នៅ​ឈរ​នោះ​បាន​បាត់​បំណែក​ជញ្ជាំង ឬ​ម្នាងសិលាអស់ទៅហើយ ដោយក្នុងនោះមានវិហារឥស្លាមចំនួនពីរបានដួលរលំ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នឹងទៅបំពេញទស្សនកិច្ច នៅប្រទេសវៀតណាម ដើម្បីស្វែងរកការការពារពីប្រទេសចិន

បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី 10 ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា សហរដ្ឋអាមេរិក និងវៀតណាម គ្រោងនឹងបង្កើនទំនាក់ទំនងរបស់ពួកគេ ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានបំពេញទស្សនកិច្ចនៅប្រទេសនេះចាប់ពីថ្ងៃអាទិត្យ ដោយក្រុមមន្ត្រីបាននិយាយថា ការផ្តោតសំខាន់នៃកិច្ចពិភាក្សានឹងនិងនិយាយពីសារធាតុ semiconductors និងសារធាតុរ៉ែសំខាន់ៗផ្សេងៗជាច្រើនទៀត។

សហរដ្ឋអាមេរិកបានជំរុញឱ្យមានការធ្វើឱ្យប្រសើរឡើងអស់រយៈពេលជាច្រើនខែ ខណៈដែលខ្លួនបានមើលឃើញថា ឌីណាម៉ូផលិតកម្មអាស៊ីអាគ្នេយ៍ជាប្រទេសសំខាន់ក្នុងយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការធានាខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងពិភពលោកឲ្យនៅឆ្ងាយពីហានិភ័យដែលទាក់ទងនឹងប្រទេសចិន។

ទោះជាយ៉ាងណាក្តី ការផ្លាស់ប្តូរនេះអាចនឹងត្រូវបានស្រមោលដោយរបាយការណ៍របស់កាសែត New York Times កាលពីថ្ងៃសៅរ៍បាននិយាយថា វៀតណាមកំពុងពិភាក្សាជាមួយរុស្ស៊ីអំពីកិច្ចព្រមព្រៀងផ្គត់ផ្គង់អាវុធថ្មី ដែលអាចបង្កឱ្យមានការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា របាយការណ៍នេះបានដកស្រង់ចេញពីឯកសាររបស់ក្រសួងហិរញ្ញវត្ថុវៀតណាមក្នុងខែមីនាដែលដាក់ចេញនូវផែនការសម្រាប់ទីក្រុងហាណូយក្នុងការចំណាយដើម្បីធ្វើទំនើបកម្មកងកម្លាំងរបស់ខ្លួនតាមរយៈការបណ្តាក់ទុនប្រេងវៀតណាម-រុស្ស៊ីនៅស៊ីបេរី។

ចំពោះទីភ្នាក់ងារសារព័ត៌មានរ៉យទ័រវិញបានឃើញ តែក៏មិនអាចផ្ទៀងផ្ទាត់បានឡើយ ព្រោះឯកសារដែលពិពណ៌នាអំពីកិច្ចពិភាក្សាសម្រាប់កន្លែងផ្តល់ឥណទាន ដែលបញ្ជាក់ថារុស្ស៊ីនឹងពង្រីកទៅកាន់ប្រទេសវៀតណាម ដើម្បីទិញសព្វាវុធធុនធ្ងន់ រួមទាំងមីស៊ីលប្រឆាំងនាវា យន្តហោះប្រឆាំងនាវាមុជទឹក និងឧទ្ធម្ភាគចក្រ ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ និងយន្តហោះចម្បាំង ជាដើម។

ហើយក្នុងនោះផងដែរ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមមិនបានឆ្លើយតបទៅនឹងសំណើជាច្រើនសម្រាប់ការធ្វើអត្ថាធិប្បាយលើឯកសារ ដែលបង្ហាញថាទីក្រុងម៉ូស្គូបានជំរុញជាច្រើនខែ សម្រាប់កិច្ចព្រមព្រៀងប្រាក់កម្ចីរវៀងប្រទេសទាំងពីរនេះទេ។

បច្ចុប្បន្នទីក្រុង​ហាណូយ​កំពុង​ស្ថិត​ក្នុង ​ការកិច្ច​ពិភាក្សា ​ស្រដៀង​គ្នា​នេះ ​ជាមួយ​នឹង​ក្រុមហ៊ុន​ផ្គត់ផ្គង់​សព្វាវុធ​ជា​ច្រើន​រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ។​ វា​មិន​ច្បាស់​ថា​ការ​ចរចា​ទាំង​នោះ​បាន​វិវត្ត​ទៅ​ដល់​កម្រិត​ណា​មួយនោះទេ។

ព្រោះថាក្នុងរយៈប៉ុន្មានសប្តាហ៍ថ្មីៗនេះ វៀតណាមបានចូលរួមក្នុងកិច្ចប្រជុំការពារជាតិកម្រិតខ្ពស់ជាច្រើនជាមួយមន្ត្រីកំពូលរបស់រុស្ស៊ីដូចគ្នា។

ទន្ទឹមនឹងនោះ លោក Joe Biden និងមន្ត្រីអាមេរិកផ្សេងទៀតបាននិយាយថា ជាងកន្លះសតវត្សបន្ទាប់ពីសង្គ្រាមដ៏រ៉ាំរ៉ៃ និងឃោរឃៅ របស់សហរដ្ឋអាមេរិកត្រូវបានបញ្ចប់ ក្នុងនោះត្រូវបានគេរំពឹងទុកថា សហរដ្ឋអាមេរិកនឹងលើកយកប្រទេសវៀតណាមឱ្យឡើងឋានៈជាអ្នកការទូតដូចគ្នានឹងប្រទេសចិន និងរុស្ស៊ី។ 

ជាក់ស្តែងមន្ត្រីវៀតណាមបានបង្ហាញពីសុទិដ្ឋិនិយមអំពីការធ្វើឱ្យប្រសើរឡើងដែលប្រទេសខ្លួនបានរំពឹងទុក តែបើទោះបីជាយ៉ាងណាក៏ដោយ ក៏វៀតណាមនៅតែមានការព្រួយបារម្ភជាបឋមលើរបៀប ដែលប្រទេសជិតខាងដ៏ធំរបស់ខ្លួន គឺប្រទេសចិននឹងមានប្រតិកម្មយ៉ាងណាចំពោះខ្លួន។

បន្ទាប់ពីកិច្ចប្រជុំកំពូលក្រុមចំនួន 20 នៅក្នុងប្រទេសឥណ្ឌា លោក Biden នឹងមកដល់វិមានប្រធានាធិបតីវៀតណាមនៅរសៀលថ្ងៃអាទិត្យសម្រាប់ការទទួលស្វាគមន៍ជាផ្លូវការពីអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong មេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់វៀតណាម ហើយពួកគេទាំងពីរនឹងជួបគ្នានៅទីស្នាក់ការបក្ស។

គួរបញ្ជាក់ថា ដំណើរ​ទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលើក​នេះ ធ្វើឡើង​ស្រប​ពេលដែល​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទ្វេភាគី​កំពុង​កើនឡើង ហើយ​វាជាជម្លោះនៅតាមផ្ទៃ​ទឹកដី​ដ៏​រ៉ាំរ៉ៃ​រវាង​វៀតណាម និង​ចិន​បាន​ឡើង​កម្តៅ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។

ដោយលើកឡើងពីសារៈសំខាន់ដែលកំពុងកើនឡើងរបស់វៀតណាមក្នុងនាមជាទិសដៅ “មិត្តភាព” សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក នាយកប្រតិបត្តិមកពី Google (GOOGL.O) , Intel (INTC.O) , Amkor (AMKR.O) , Marvell (MRVL.O) , GlobalFoundries (GFS.O) ) និង Boeing (BA.N) ត្រូវបានគេរំពឹងថានឹង ជួប នៅថ្ងៃចន្ទជាមួយនាយកប្រតិបត្តិបច្ចេកវិទ្យាវៀតណាម និងរដ្ឋលេខាធិការលោក Antony Blinken នៅទីក្រុងហាណូយ។

យ៉ាង​ណា​មិញ​ព័ត៌មាន​លម្អិតបានលេចលឺថា  ថាការប៉ុនប៉ងកន្លងមករបស់ក្រុមហ៊ុនអាមេរិកក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនរ៉ែកម្ររបស់វៀតណាមមិនបានជោគជ័យទេ នេះបើយោងតាមបុគ្គលម្នាក់ដែលពាក់ព័ន្ធនៅក្នុងផែនការថ្មីៗនេះ។

ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកនៅតែគិតគូរលើសិទ្ធិមនុស្ស ដោយសារតែមន្ត្រីអាមេរិកតែងតែរិះគន់ទីក្រុងហាណូយចំពោះការចាប់ដាក់គុកសកម្មជន និងកំណត់សេរីភាពនៃការបញ្ចេញមតិ។ អ្វីៗអាចមានមានភាពល្អប្រសើរប្រសិនបើវៀតណាម​អាច​នឹង​បង្ហាញ​សុច្ឆន្ទៈ ដោយ​អ្នក​ការទូត​ស្នើ​ថា សកម្មជន​អាច​ត្រូវ​បាន​ដោះលែង។

ប្រទេសមីយ៉ាន់ម៉ា ទទួលបានយន្តហោះចម្បាំង Su-30 ពីរុស្ស៊ីជាលើកដំបូង

លោក Charlie Than រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ា បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ី ក្នុងសុន្ទរកថាមួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យទី 10 ខែកញ្ញាថា ប្រទេសមីយ៉ាន់ម៉ាបានទទួលការដឹកជញ្ជូនយន្តហោះចម្បាំង Su-30 ចំនួនពីរគ្រឿងដំបូងពីប្រទេសរុស្ស៊ី។

បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានឲ្យដឹងទៀតថា លោក Than បាននិយាយប្រាប់ RIA នៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ាមួយផ្សេងទៀត ដែលជាវេទិកាប្រចាំឆ្នាំរបស់រុស្ស៊ី ក្នុងមានគោលបំណងដើម្បីអភិវឌ្ឍ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ និងលើកទឹកចិត្តដល់ការវិនិយោគបរទេសដែលចាប់ផ្តើមនៅថ្ងៃអាទិត្យនៅកំពង់ផែ Vladivostok ថា “យន្តហោះចម្បាំងពីរគ្រឿងនោះត្រូវបបានចែកចាយរួចហើយផងដែរ” ។

ចំនែកខាងអ្នកយកសារព័ត៌មាន RIA បាននិយាយថា ប្រទេសរុស្ស៊ី និងមីយ៉ាន់ម៉ាបានចុះហត្ថលេខាលើកិច្ចសន្យាមួយនៅក្នុងខែកញ្ញា ឆ្នាំ 2022 សម្រាប់ការចែកចាយយន្តហោះចម្បាំង Su-30SME រហូតដល់ចំនួន 6 គ្រឿង។

បើយោងតាមក្រុមហ៊ុន Rosoboronexport ដែលជាក្រុមហ៊ុននាំចេញសព្វាវុធនឹងគ្រប់គ្រងដោយរដ្ឋរបស់រុស្ស៊ី បានឱ្យដឹងថា យន្តហោះចម្បាំងពហុតួនាទី Sukhoi Su-30SME ត្រូវបានរចនាឡើងសម្រាប់ការវាយប្រហារតាមអាកាសរបស់សត្រូវ ក្នុងការឈ្លបយកការណ៍តាមអាកាស ការងារប្រយុទ្ធ និងការបណ្តុះបណ្តាលពីឡុតជាដើម។

ដោយឡែកលោក Charlie Than បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ីថា កិច្ចព្រមព្រៀងទ្វេភាគីមួយចំនួននឹងត្រូវបានចុះហត្ថលេខានៅវេទិកាសេដ្ឋកិច្ចបូព៌ា រួមទាំងការអភិវឌ្ឍន៍វិស័យទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។

បើទោះជាយ៉ាងណាក៏ដោយ ខាងក្រសួងការពារជាតិរុស្ស៊ីមិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters ដើម្បីសុំការអត្ថាធិប្បាយនោះទេ។

គូសបញ្ជាក់ថា ប្រទេសសហរដ្ឋអាមេរិក បានព្រមាន ថា ការគាំទ្ររបស់រុស្ស៊ីសម្រាប់មេដឹកនាំយោធាមីយ៉ាន់ម៉ាគឺមិនអាចទទួលយកបាន ព្រោះវាជាទង្វើលដែលធ្វើឱ្យមានអស្ថិរភាព ដោយសារតែការផ្គត់ផ្គង់អាវុធ វាប្រៀបបានដូចជារងើកភ្លើងក្នុងការជួយបញ្ឆេះជម្លោះដែលក្លាយជាមហន្តរាយសម្រាប់ប្រទេស។

រដ្ឋមន្ត្រីក្រសួងការពារជាតិ និងអ្នកការទូតកំពូលរបស់រុស្ស៊ី បានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ខណៈដែលប្រមុខរបបយោធាលោក Min Aung Hlaing ធ្លាប់បានទៅប្រទេសរុស្ស៊ី ជាច្រើនដងចាប់តាំងពីឆ្នាំ 2021 ថែមទាំងត្រូវបានផ្តល់សញ្ញាប័ត្របណ្ឌិតកិត្តិយសថែមទៀតផង។

scroll to top